សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ប្រធានអាស៊ានតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ នៅមីយ៉ាន់ម៉ា

2022/07/26 03:30:09 pm        671
ភ្នំពេញ៖ ប្រធានអាស៊ាន មានក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ បើទោះបីមានការស្នើឲ្យមានការពិចារណាឡើងវិញក៏ដោយ។ប្រធានអាស៊ាន នៅតែប្រកាសបន្តរិះរកវិធីសាស្ត្រឲ្យមីយ៉ាន់ម៉ាត្រលប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី។

ចិននិយាយថា សមុទ្រ​ចិន​ខាងត្បូងមិនមែនជា​វាទិកា​ប្រយុទ្ធ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​ឡើយ

2022/07/25 10:06:29 pm        793
​ចិន៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក Wang Yi បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមុទ្រ​ចិន​ខាងត្បូង​មិន​មែន​ជា​សួនសត្វ​សម្រាប់​បណ្ដា​ប្រទេសក្រៅ​តំបន់ ឬ​ជា​វាទិកា​ប្រយុទ្ធ​សម្រាប់​មហាអំណាច​ដែល​ត្រូវ​មក​ប្រជែង​គ្នា​ដែរ។ ​លោក Wang បាន​និយាយ​នៅក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​តាម online រំលឹក​ពី​ខួប​ទី​២០ ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដីប្រកាស​ស្ដីពី​ក្រម​ប្រតិបត្តិ​នៃ​គូភាគី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ថា ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូងគួរ​ត្រូវ​បាន​ដោះស្រាយ​ដោយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដោយ​ខ្លួនឯង​។ ​សេចក្ដីប្រកាស​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​ប្រទេស​ចិន និង​បាន​បញ្ជាក់​ជាថ្មី​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ការហោះហើរ​លើ​ដែនសមុទ្រ ដំណោះស្រាយ​ជម្លោះ​ប្រកបដោយ​សន្តិវិធី និង​ការ​អត់ធ្មត់​ខ្លួនឯងក្នុង​ក្រម​ប្រតិបត្តិ​នៃ​សកម្មភាព​នានា​។ ការ​អត្ថាធិប្បាយ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រមុខ​ការទូត​ចិន​រូប​នេះ មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក្រុង​ប៉េកាំង​បាន​ចោទ​ទីក្រុង​កង់​បេ​រ៉ា​ ប្រទេស​អូស្ត្រាលី ពី​បទ​បង្ក​ហេតុ​ក្នុង​ដែនសមុទ្រ​នេះ​៕​អត្ថបទ៖ សុខមាន

ខ្មាន់កាំភ្លើង​បាញ់​ប្រហារ​នៅ​បរិវេណ​សកល​វិទ្យាល័យ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស ​៣​នាក់​ស្លាប់

2022/07/25 09:26:33 pm        745
​ហ្វីលីពីន៖ នគរបាល​​ហ្វីលីពីនបាន​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់ប្រហារ​នៅ​បរិវេណ​សកលវិទ្យា​ល័យ ​ក្នុងតំបន់​រដ្ឋធានី​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យបណ្តាល​ឲ្យ​អតីត​អភិបាលក្រុង​ម្នាក់ និង​មនុសុ្ស​ពីរ​នាក់​ផ្សេងទៀត​ស្លាប់នៅក្នុង​ការវាយប្រហារ​មួយ​នៅមុន​ពិធី​ប្រគល់​សញ្ញាប័ត្រ​។ ​នគរបាល​និយាយថា ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ពីរ​ដើម ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​រថយន្ត​ដែលព្យាយាម​រត់គេចខ្លួន​ពី​សកលវិទ្យាល័យ Ateneo de Manila ក្នុង​ទីក្រុង Quezon។ ខ្មាន់កាំភ្លើង​ត្រូវបាន​រារាំង​ដោយ​មនុស្ស​ជាច្រើន និង​អាជ្ញាធរ​នៅ​ខាងក្រៅ​ច្រកទ្វារ​ចូល​សកលវិទ្យាល័យ​។​ ​នគរបាល​និយាយថា សកលវិទ្យាល័យ​ដ៏​ធំ​ទូលាយ​ត្រូវ​បានដាក់​នៅក្រោម​វិធាន​ការបិទ​ខ្ទប់ ហើយ​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាលា​ច្បាប់​ក្នុង​បរិវេណ​សកលវិទ្យាល័យ​ត្រូវបាន​លុបចោល​។ ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ ប៉ុន្តែ​អធិការនគរបាល​ក្រុង Quezon បាន​និយាយថា ជនសង្ស័យ​ដែលជា​វេជ្ជបណ្ឌិត មាន​ជម្លោះ​ជា​យូរ​មកហើយ​ជាមួយ​លោកស្រី Rosita Furigay អតីត​អភិបាលក្រុង Lamitan នៅ​ខេត្ត Basilan ភាគខាងត្បូង​។​លោកស្រី​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រួមជាមួយ​ជំនួយការ​របស់លោក​ស្រី និង​អ្នកយាម​នៅ​សកលវិទ្យាល័យ​។ របាយការណ៍​របស់​ន​គ​របាល​បាន​និយាយថា កូនស្រី​របស់លោក​ស្រី Furigay ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា​នឹងចូលរួម​ពិធី​ប្រគល់​សញ្ញាប័ត្រ​នេះបាន​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​លោក Ferdinand Marcos Jr. បាន​សន្យាថា​នឹង​ស៊ើបអង្កេត​ឲ្យ​បានឆាប់រហ័ស ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​នឹងត្រូវបាន​នាំមក​កាត់ទោស៕អត្ថបទ៖ ប៊ុនថន

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន និង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​

2022/07/25 07:28:20 pm        862
​សហរដ្ឋអាមេរិក៖ មនុស្ស​ជាង 6,000នាក់​ដែល​រស់នៅ​ក្រៅ​ឧទ្យាន​ជាតិ Yosemite ក្នុង​រដ្ឋ California ត្រូវបាន​គេ​បញ្ជា​ឱ្យ​ជម្លៀសចេញ ស្របពេល​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆេះ​រាលដាល​ក្នុង​សន្ទុះ​យ៉ាង​លឿន ខណៈដែល​គ្រោះរាំងស្ងួត និង​សីតុណ្ហភាព​ខ្ពស់​នៅតែ​បន្ត​ ជំរុញ​ឲ្យ​អណ្តាតភ្លើង​ឆេះ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ឡើង​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។ ​អភិបាល​រដ្ឋ​លោក Gavin Newsom កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​តំបន់ Mariposa ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​មាន​ឈ្មោះថា Oak ដែល​បានចាប់ផ្តើម​មួយថ្ងៃ​មុននេះ​បាន​ឆេះ​រាលដាល​​លើ​ផ្ទៃដី​ទំហំ​ជាង 4,800ហិច​តា។ ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នេះ​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​អណ្ដាតភ្លើង​ដាច់ដោយឡែក​ពីគ្នា​មួយទៀត គឺភ្លើង​ឆេះ​ព្រៃ​ឈ្មោះ Washburn នៅ​ខាងក្នុង​ឧទ្យាន Yosemite ដែល​បាន​គំរាមកំហែង​ដល់​ព្រៃឈើ​បុរាណ​ធំ​ៗ​ដ៏​ប្រណិត​។​ភ្លើង​ឆេះ​ព្រៃ Oak គឺជា​ភ្លើង​ដ៏​ធំ​បំផុត​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​រដ្ឋ​នេះ ហើយ​កើតឡើង​ស្រប​ពេល​រដូវ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សកម្ម​មួយ ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ​បាន​ក្លាយទៅជា​ការ​បំផ្លិច​បំផ្លាញ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល 30ឆ្នាំ​ចុង​ក្រោយនេះដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។​ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង 400នាក់​កំពុង​ប្រយុទ្ធ​នឹង​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​ចុងក្រោយ​នៅក្នុង​រដ្ឋ California ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ យន្តហោះ​ផ្សេងទៀត និង​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​ដើម្បី​ពន្លត់​អណ្ដាត​ភ្លើង​៕អត្ថបទ៖ សុខមាន

ក្រុម​សិទ្ធិមនុស្ស​ស្វែងរក​ការ​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​ស្រី​លង្កា​នៅ​ប្រទេស​សិង្ហ​បុរី​

2022/07/25 07:01:00 pm        731
​ស្រី​លង្កា៖ ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បានដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ទៅ​រដ្ឋអាជ្ញា​របស់​ប្រទេស​សិង្ហ​បុរី ​ដើម្បី​ស្វែងរក​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​​ប្រទេស​ស្រីលង្កា​ ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល​របស់​ប្រទេស​របស់​លោក​។​ ​លោក Gotabaya Rajapaksa ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយសារ​ការ​ដួលរលំ​សេដ្ឋកិច្ច​របស់​ស្រីលង្កា ហើយ​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​សិង្ហ​បុរី​កាលពី​ដើមខែ​នេះ​។ លោក​គឺជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ស្រីលង្កា​ដែល​បាន​បញ្ចប់​កាលពី​ក្នុង​ឆ្នាំ២០០៩។​ ​គម្រោង​ការពិត និង​យុត្តិធម៌​អន្តរជាតិ ជា​អង្គការ​ប្រមូល​ភស្តុតាង​ដែល​គ្រប់គ្រង​ដោយ​មូលនិធិ​មិន​ស្វែងរក​ប្រាក់ចំណេញ​ មាន​មូលដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​ថា មេធាវី​របស់​ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​ឱ្យ​ចាប់ខ្លួន​លោក​ Rajapaksa ​ជាបន្ទាន់​។ ​ពាក្យ​បណ្តឹង​នេះ​បាន​ចោទ​ប្រកាន់​ថា ​អតីត​ប្រធានាធិបតី​ស្រីលង្កា​រូប​នេះ​បាន​ប្រព្រឹត្ត​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល "​ហើយ​ថា​ទាំងនេះ​គឺជា​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​នៅ​ក្រោម​ការ​កាត់ទោស​ក្នុងស្រុក ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ក្រោម​យុត្តាធិការ​សកល​"​។​​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា​បាន​ធ្វើឱ្យ​ប្រជាជន ២២​លាន​នាក់​របស់​ប្រទេស​នេះ​ជួប​ការ​លំបាក​ដោយ​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​សំខាន់ៗ រួម​ទាំង​ថ្នាំពេទ្យ ប្រេងឥន្ធនៈ និង​អាហារ​។ ការ​តវ៉ា​ជា​ច្រើន​ខែ​បាន​ផ្តោតលើ​ខ្សែស្រឡាយ​នយោបាយ​របស់​លោក Rajapaksa ដែល​បាន​គ្រប់គ្រង​ប្រទេស​ជិត​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​។ ​នាយក​ប្រតិបត្តិ​របស់​គម្រោងការ​ពិត និង​យុត្តិធម៌​អន្តរជាតិ​ហៅ​កាត់​ថា ITJP លោកស្រី Yasmin Sooka បាន​និយាយ​ថា "​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដួល​រលំ ប៉ុន្តែ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​គឺ​ពិតជា​ត្រូវ​បាន​ផ្សារភ្ជាប់ ​ទៅ​នឹង​និទ្ទណ្ឌភាព​ជា​រចនាសម្ព័ន្ធ​ចំពោះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ ​ដែល​នឹង​ត្រលប់​មកវិញ​ក្នុង​រយៈពេល ៣​ទសវត្សរ៍ ឬ​ច្រើនជាង​នេះ។​ យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ​អភិរក្សនិយម សង្គ្រាមស៊ីវិល​របស់​ប្រទេស​ស្រីលង្កា​បាន​សម្លាប់​មនុស្ស ១០០,០០០​នាក់។ គេ​ជឿ​ថា ​ចំនួន​ពិតប្រាកដ​មាន​ច្រើនជាង​នេះ​។ របាយការណ៍​ពី​ក្រុម​អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជន​ស៊ីវិល​ជនជាតិភាគតិច​តាមិល​យ៉ាង​ហោចណាស់ ៤០,០០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ខែ​ចុងក្រោយ​នៃ​ការ​ប្រយុទ្ធ​គ្នា​តែមួយគត់​៕​អត្ថបទ៖ សុខមាន

រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

2022/07/25 06:06:57 pm        660
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ ក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និង កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ចំណែករបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។ នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី២៨ កក្កដា ខាងមុខនេះ នឹងប្រកាសការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព ផងដែរ៕

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឈាន​ចូលដល់​ខែ​ទី​៦ ដោយ​មិនមាន​សញ្ញា​ធូរស្រាល​នៅឡើយ​

2022/07/25 06:05:29 pm        830
​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​វាយប្រហារ​លើ​នាវាចម្បាំង​អ៊ុយ​ក្រែ​ន និង​ឃ្លាំង​អាវុធ​មួយ​នៅ​ទីក្រុង Odesa ដោយ​ប្រើ​មី​ស៊ី​ល​ត្រង់​ស៊ី​ប​គោលដៅ ខណៈ​សង្គ្រាម​បាន​ឈានចូល​ដល់​ខែ​ទី​៦ ឬ​មាន​រយៈពេល ​១៥២​ថ្ងៃ ដោយ​មិនមាន​សញ្ញា​នៃ​ការធូរស្រាល​នៅឡើយ​។ ​​យោធា​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ភាគ​ខាងជើង ខាងត្បូង និង​ខាងកើត ហើយ​ការវាយប្រហារ​ជា​ថ្មី​ទៀត​បាន​សំដៅ​ទៅលើ​ប្រតិបត្តិការ​របស់​រុស្ស៊ី​ ដែល​បើកផ្លូវ​សម្រាប់​ការវាយលុក​លើ​ទីក្រុង Bakhmut ក្នុង​តំបន់ Donbas ភាគ​ខាងកើត​។ អ៊ុយ​ក្រែ​ន​បា​នព​ន្លឿ​ន​ការ​រុល​ទៅ​មុខ​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​ចាប់ផ្តើម​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ឡើងវិញ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់ខ្លួន ​ក្រោម​កិច្ចព្រមព្រៀង​ដែល​មាន​គោលបំណង​កាត់បន្ថយ​ការ​កង្វះ​ស្បៀង​អាហារ​សកល ប៉ុន្តែ​បាន​ព្រមាន​ថា ​ការ​ដឹក​ជញ្ជូន​នឹង​រង​ការ​ប៉ះពាល់​ប្រសិនបើ​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​ទីក្រុង Odesa គឺជា​សញ្ញា​នៃ​ការ​កើត​ឡើង​ភាព​តានតឹង​បន្ថែម​ទៀត​។​ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ថ្កោលទោស​ការវាយប្រហារ​កា​ល​ពី​ថ្ងៃ​សៅរ៍​ថា​ជា "​អំពើ​ព្រៃផ្សៃ​និយម​" ដែល​បង្ហាញ​ថា ​ទីក្រុង Moscow មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ ដែល​បាន​ធ្វើ​ឡើង​មុន​មួយថ្ងៃដោយមាន​ការ​សម្រប​សម្រួល​ពី​ភាគី​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ​។​ចំណែក​រុស្ស៊ី​វិញ​និយាយ​ថា ការវាយប្រហារ​ទៅលើ​កំពង់ផែ​អ៊ុយ​ក្រែ​ន ​ជា​ការ​ដាក់​គោលដៅ​ទៅលើ​តែ​យោធា​ប៉ុណ្ណោះ​។ ​យោធា​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទូរទស្សន៍​រដ្ឋ Suspilne បាន​និយាយថា មី​ស៊ី​ល​របស់​រុស្ស៊ី​មិនបាន​ប៉ះចំ​តំបន់​ស្តុក​គ្រាប់​ធញ្ញជាតិ​របស់​កំពង់​ផែ ឬ​បណ្តាល​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។ ក្រុង ​Kyiv បាន​និយាយ​ថា ការរៀបចំ​ដើម្បី​បន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​គឺ​កំពុង​បន្ត​។ ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុង Moscow និង​ក្រុង Kyiv កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ត្រូវ​បាន​សាទរ​ថា ​ជា​លទ្ធផល​ផ្លែផ្កា​ការទូត​ដែល​នឹង​ជួយ​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​តម្លៃ​ស្បៀងអាហារ​ពិភព​លោក​ ដោយ​ការស្ដារ​ឡើងវិញ​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ​ដល់​កម្រិត​មុន​សង្គ្រាម​ចំនួន ៥​លាន​តោន​ក្នុង​មួយ​ខែ​។​ ​យោង​តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ឱ្យដឹងថា ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​លើ​ប្រទេស​រុស្ស៊ី បាន​ធ្វើ​ឱ្យ​មាន​អតិផរណា​តម្លៃ​ស្បៀងអាហារ និង​ថាមពល ដែល​ជំរុញ​ឱ្យ​មនុស្ស​ប្រហែល ៤៧​លាន​នាក់​ធ្លាក់​ចូល​ក្នុង "​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​"៕អត្ថបទ៖ សុខមាន

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស

2022/07/25 05:50:50 pm        425
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស។យោងតាមព្រះរាជសារចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារអាមេរិក និងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះរាជទាន ព្រះរាជទ្រព្យ ១លានដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស៕

​ចិន​បាញ់​បង្ហោះ​ម៉ូឌុល​ទី​ពីរ​បាន​ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស Tiangong

2022/07/25 05:31:04 pm        612
​ចិន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​បាញ់​បង្ហោះ​ម៉ូឌុល​ទី​២ ​ក្នុងចំណោម ៣​ ដែល​ចាំបាច់​ដើម្បី​បញ្ចប់​ស្ថានីយ​អវកាស​ថ្មី​របស់​ខ្លួន​ ដែល​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​នៅក្នុង​មហិច្ឆតា​កម្មវិធី​អវកាស​របស់​ទីក្រុង​ប៉េកាំង​។ ​យាន​គ្មាន​មនុស្ស​បើក​មានឈ្មោះ Wentian ត្រូវបាន​បាញ់​បង្ហោះ​ដោយ​យាន​ចម្លង Long March 5B នៅ​ម៉ោង 2:22រសៀល​ម៉ោង​ក្នុងប្រទេស​ចិន​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ Wenchang នៅលើ​កោះ​ត្រូ​ពិច Hainan របស់​ប្រទេស​ចិន​។ ​ប្រមាណ​ ១៥​នាទី​ក្រោយមក មន្ត្រី​មកពី​ទីភ្នាក់ងារ​អវកាស​ចិន China Manned Space Agency (CMSA) បាន​បញ្ជាក់​ពី "​ជោគជ័យ​" នៃ​ការ​បាញ់​បង្ហោះ​នេះ។​ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​លើ​ឆ្នេរ​ក្បែរ​នោះ​ ដើម្បី​ថត​សកម្មភាព​របស់​កម្មវិធី​បាញ់​បង្ហោះ​នៅ​លើ​អាកាស ​ដែល​កំពុង​បញ្ចេញ​ផ្សែង​ពណ៌​ស​យ៉ាង​ខ្លាំង​។ CMSA បាន​និយាយថា បន្ទាប់ពី​ការហោះហើរ​ប្រហែល​ ៨​នាទី "​ម៉ូឌុល​ដែល​ជា​មន្ទីរពិសោធន៍ Wentian បាន​ផ្ដាច់​ខ្លួន​ចេញពី​យាន​ចម្លង​ដោយ​ជោគជ័យ ហើយ​បាន​ចូល​ទៅ​ក្នុង​គន្លង​ដែល​បាន​កំណត់ ដែល​ធ្វើ​ឱ្យ​ការ​បាញ់​បង្ហោះ​នេះ​ទទួល​បាន​ជោគ​ជ័យ​ពេញលេញ​។សូម​រម្លឹក​ថា ទីក្រុង​ប៉េកាំង​បាន​បាញ់​បង្ហោះ​ម៉ូឌុល​កណ្តាល​របស់​ស្ថានីយ​អវកាស Tiangong របស់ខ្លួន​ដែល​មាន​ន័យ​ថា "​ឋានសួគ៌​"​ កាលពី​ខែ​មេសា​ ឆ្នាំ២០២១​។ ​ដោយមាន​បណ្តោយ​ប្រវែង ១៨​ម៉ែត្រ ឬ (60ហ្វី​ត​) និង​មាន​ទម្ងន់ ២២​តោន​ឬ​ (48,500 ផោន​) ម៉ូឌុល​ថ្មី​នេះ​មាន​កន្លែង​សម្រាប់​ស្នាក់ និង​ជា​កន្លែង​សម្រាប់​ពិសោធន៍​វិទ្យាសាស្ត្រ​ផ្សេងៗ​។ ​ម៉ូឌុល​ទី​៣ និង​ចុងក្រោយបង្អស់​គ្រោង​នឹង​ចូល​ចត​នៅ​ខែ​តុលា ហើយ​ស្ថានីយ​អវកាស Tiangong ដែល​គួរ​តែ​មាន​អាយុកាល​យ៉ាងហោចណាស់ ១០​ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដំណើរការ​បាន​ពេញលេញ​នៅ​ចុងឆ្នាំ​នេះ​៕អត្ថបទ៖ សុខមាន

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកសំឡូត ខេត្តបាត់ដំបង

2022/07/24 11:08:37 pm        300
បាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា រួមទាំងក្រុមការងារ បានអញ្ជើញដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុប ចំនួន២៨៨៦នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ពិធីនេះបានធ្វើឡើងនៅបរិវេនបញ្ជាការកងការពារព្រំដែនលេខ ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរស្រុកសំឡូត មេបញ្ជាការកងការពារព្រំដែនលេខ៥០២ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកជំទាវមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងបងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកសំឡូត ខេត្តបាត់ដំបងដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរមុននឹងពិនិត្យព្យាបាល។ ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លទ្ធផលនៃការព្យាបាល រួមមាន: ការវះកាត់តូច ចំនួន៣៦នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៧១នាក់, ពិនិត្យជំងឺទូទៅចំនួន១១៥០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៨៦នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២១០នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ , អប់រំសុខភាពដល់ប្រជាជនចំនួន១៧០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្មេងស្រីអាយុ ១២ឆ្នាំស្លាប់ក្រោយ​ការបាញ់ប្រហារក្នុង​សាលារៀន នៅថៃ នាំ​ឱ្យអ្នកស្លាប់កើន​ឡើងដល់​​យ៉ាង​តិច ៩នាក់
08/10/2026 03:08 PM
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
08/10/2026 03:08 PM
ប្រធានាធិបតីកូឡុំប៊ីនិយាយថា សមាជិកក្រុមប្រដាប់អាវុធ ៦នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការបង្ក្រាមឧក្រិដ្ឋកម្ម
08/10/2026 03:08 PM
ទីប្រឹក្សា៖ អ៊ីស្រាអែលបន្តឈរជើងក្នុងតំបន់ទ្រនាប់នៅលីបង់ ខណៈបរាជ័យក្នុងការដកហូតអាវុធពីក្រុមហេសបូឡា
08/10/2026 03:08 PM
លោក TRUMP និយាយថា ស្ថានភាពសេដ្ឋកិច្ចនៅអ៊ីរ៉ង់ កំពុងធ្លាក់ចុះយ៉ាងខ្លាំង
08/10/2026 03:08 PM
ទាហានយ៉ាងតិច ១០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមូលដ្ឋានយោធា នៅភាគកណ្តាលប្រទេស ម៉ាលី
08/10/2026 03:08 PM
អ៊ុយក្រែននិងរុស្ស៊ីចោទគ្នាទៅវិញទៅមកជុំវិញការវាយប្រហារដ៏សាហាវ ខណៈកំពង់ផែ Odesa ត្រូវខូចខាតធ្ងន់ធ្ងរ
08/10/2026 03:08 PM
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន
08/10/2026 03:08 PM
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្ត​បន្តប្រឡង​ដោយមិនបោះបង់
08/10/2026 02:08 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ជម្រើសរបស់លោក TRUMP ក្នុងការដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ កាន់តែមានកម្រិត
08/10/2026 02:08 PM