សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់

2022/05/13 02:56:31 pm        662
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានី វ៉ាស៊ីនតោនសហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ។ នៅក្នុងជំនួបនេះ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមការងាររបស់លោកបានធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិក នៅស្ថាប័នសភា ក៏ដូចជារដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យអាមេរិកយល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហររបស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។ លោក ស្កុត បានឲ្យដឹងទៀតថា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះ លោកបានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។នៅចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន បានឈានដល់កម្រិតល្អប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលអាមេរិកមិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ដូចជាការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ទំហំ ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើនគួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ភាគរយ។សម្តេចតេជោ បានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូចជាកន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគោលជំហរនយោបាយការបរទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ២០១៧ផងដែរ។ ការផ្អាកនោះ គឺដោយសារកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះឡើយ។ សម្តេចតេជោ ក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនងដោយបើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។ សម្តេចតេជោ បានលើកឡើងដែរថា សហរដ្ឋអាមេរិក បានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូដ១៩ជាដើម៕

ការ​តវ៉ា និង​ប្រតិកម្ម​ជា​ច្រើន​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ការ​ស្លាប់​អ្នក​សារព័ត៌មាន​ម្នាក់​នៅតំបន់ West Bank

2022/05/12 07:15:32 pm        1141
​អ៊ីស្រាអែល៖ មនុស្ស​រាប់​រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ជាច្រើន​របស់​អ៊ីស្រាអែល​ ដើម្បី​តវ៉ា​ការ​ស្លាប់​អ្នក​រាយការណ៍​ព័ត៌មាន Al Jazeera​។ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​ប្រជាជន​អ៊ីស្រាអែល​អារ៉ាប់​បាន​តវ៉ាចំពោះ​ការ​ស្លាប់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh កាលពី​ថ្ងៃ​ពុធ ដែល​ការ​ប្រមូល​ផ្តុំ​គ្នា​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​, Haifa និង Nazareth រួម​ទាំង​ការ​តវ៉ា​មួយ​ដែល​បាន​ប្រែក្លាយ​ទៅជា​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋធានី​។ នៅក្នុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត អ្នក​កាន់ទុក្ខបាន​ប្រមូល​ផ្តុំគ្នា​នៅ​លំនៅឋាន​លោកស្រី Abu Akleh ដើម្បី​បង្ហាញ​សេចក្តី​គោរព​។ នគរបាល​អ៊ីស្រាអែលបាន​មកដល់​កន្លែងកើតហេតុ​ ក្នុងការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​នៃ​ការបង្ក ហេតុ ដែល​ទំនងជា​យោង​ទៅរក​ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​ក្រវី​ដោយ​អ្នក​កាន់ទុក្ខ និង​ពាក្យ​ផ្សេងៗ​ដែលស្រែក​ដោយ​ហ្វូងមនុស្ស​។​ ​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​នលោក Mohammad Shtayyeh បាន​និយាយថា​ លោក​ឲ្យ​ប្រទេសអ៊ីស្រាអែលទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការសម្លាប់​អ្នកសារព័ត៌មាន Al Jazeera ជើងចាស់​ម្នាក់លោកស្រី Shireen Abu Akleh ដែល​ត្រូវបាន​បាញ់សម្លាប់​ ខណៈ​កំពុង​ធ្វើ​សេចក្តីរាយការណ៍លើ​ការ​វាយឆ្មក់​ របស់​យោធា​អ៊ីស្រាអែល​នៅក្នុង​ក្រុង​Jenin តំបន់ West Bank កាលពី​ថ្ងៃ​ពុធ​។ លោក Shtayyeh បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍​ប៉ា​ឡេ​ស្ទី​ន​ថា អ៊ីស្រាអែលមានបំណង​បិទ​សេរីភាព​នៃ​ការនិយាយស្តី​ និង​ចង់​បិទ​សំឡេង​សារព័ត៌មាន​។ កងទ័ព​អ៊ីស្រាអែលដំបូង​បានលើកឡើង​ពី​លទ្ធភាព​ថា ​លោកស្រី Abu Akleh ទំនងជា​ត្រូវបានសម្លាប់​ដោយ​ការបាញ់ប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ដោយ​និយាយថា ​ក្រុម​សកម្មប្រយុទ្ធ​ក៏មាន​វត្ត​មាននៅក្នុង​តំបន់​នេះដែរ​។ ទោះជា​យ៉ាងណា មេបញ្ជាកា​យោធាឧ​ត្ត​ម​សេនីយ៍​ឯក Aviv Kochavi ក្រោយមកបាន​ដកខ្លួន​ចេញពី​ការអះអាង​នេះ​។​​លោកស្រី Abu Akleh អាយុ ៥១ឆ្នាំមាន​ទឹកមុខ​រាក់ទាក់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​ត្រូវបាន​គេស្គាល់​ដោយសារ​ការរាយការណ៍​របស់លោក​ស្រី​អំពី​ការពិត​ដ៏​អាក្រក់ ​នៃ​ការកាន់កាប់​របស់​យោធា​អ៊ីស្រាអែល​អស់​រយៈពេល ៣​ទសវត្សរ៍កន្លងទៅនេះ​។ ការស្លាប់​របស់លោក​ស្រី​បានធ្វើ​ឲ្យ​រំជើបរំជួល​ពាសពេញ​តំបន់​ និង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​។ លោកស្រី​បាន​រាយការណ៍​ឲ្យ​ប៉ុស្តិ៍ទូរទស្សន៍ ​Al Jazeera ជា​ភាសា​អារ៉ាប់​ហើយក៏​ជា​ពលរដ្ឋ​អាមេរិក​។ ក្រសួងការបរទេស​បាន​ចាត់ទុក​ការស្លាប់​របស់លោក​ស្រី​ថា​ ជាការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន​។ លោកស្រី​ត្រូវបាន​គេ​បាញ់​ចំក្បាល​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ នៅក្បែរ​ជំរំ​ជនភៀសខ្លួន Jenin នៅ​ភាគ​ខាងជើង​តំបន់ West Bank​។ ផលិតករ​របស់​នាង​គឺជា​អ្នកសារព័ត៌មានជនជាតិ​ប៉ា​ឡេ​ស្ទី​ន លោក Ali Samoudi ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​មាន​ស្ថិរភាព ​បន្ទាប់ពី​ត្រូវបាន​បាញ់​ចំ​ខ្នង​។ សារព័ត៌មាន Al Jazeera បាន​ចោទប្រកាន់​អ៊ីស្រា​អែល​​ថា ​មាន​ចេតនា​កំណត់​គោលដៅ​ និង​សម្លាប់​សហសេវិក​របស់យើង​។ យោធា​អ៊ីស្រាអែល​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​រង​ការវាយប្រហារ​ដោយការបាញ់កាំភ្លើង​ និង​គ្រឿងផ្ទុះ​យ៉ាង​សន្ធឹកសន្ធាប់​ ខណៈ​ធ្វើ​ប្រតិបត្តិការនៅ​ក្រុង ​Jenin ហើយ​ពួកគេ​បាន​បាញ់តបវិញ៕អត្ថបទ៖ ប៊ុនថន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា

2022/05/12 07:00:33 pm        627
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប​គណៈប្រតិភូ​ក្រុមមិត្តភាព​ព្រឹទ្ធសភា​បារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិក​ព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ​គណៈប្រតិភូ​ មកបំពេញ​ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះបានឆ្លុះបញ្ចាំងនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អលើគ្រប់វិស័យដែលមានស្រាប់ និងរួមចំណែក​បន្ត​ពង្រឹង​ពង្រីក​ឱ្យ​កាន់​តែខ្លាំង​ក្លាថែម​ទៀត​រវាងកម្ពុជា-បារាំង និងរវាងព្រឹទ្ធសភាទាំងពីរ ដើម្បី​នាំ​មក​នូវ​គុណ​ប្រយោជន៍​ដ៏ធំធេង​ទាំង​ពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាម សរសើរតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ហ៊ុន សែន

2022/05/12 06:00:23 pm        466
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​​ ខែឧសភា ឆ្នាំ២០២២​ នាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការរីករាយដែលបានជួបនាយករដ្ឋមន្ត្រីវៀតណាម សារជាថ្មីម្តងទៀត និងបានថ្លែងអំណរគុណដែលកន្លងមកឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានទូរស័ព្ទចូលរួមចែករំលែកទុក្ខចំពោះសម្តេចដែលបានបាត់បង់បងប្រុសបង្កើតទី២របស់សម្តេចគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបានបញ្ជូនអនុរដ្ឋមន្ត្រីនាំលិខិតមកដោយផ្ទាល់។សម្តេចក៏អរគុណចំពោះថ្នាក់ដឹកនាំវៀតណាមផ្សេងទៀតចូលរួមរម្លែកទុក្ខ ហើយឯឧបនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណផងដែរដែលបានជួបជាមួយសម្ដេចតេជោសារជាថ្មីម្តងទៀតនៅថ្ងៃនេះនិងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានសភាវៀតណាមក៏ដូចជាលេខាបក្សវៀតណាម ជាពិសេសការចួលរួមរម្លែកទុក្ខចំពោះមរណភាពបងប្រុសទី២របស់សម្ដេច។នៅក្នុងជំនួបនេះ ឯឧនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណដល់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសពាក់ព័ន្ធបញ្ហាតំបន់និង អន្តរជាតិ ។មួយវិញទៀតក៏បានអរគុណដល់តួនាទីសម្តេចដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយក៏បានកោតសរសើរនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ាកន្លងទៅនេះ។ជាមួយនឹងការសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ជាពិសេសការគ្រប់គ្រងកូវីដ១៩ បានល្អនាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថាការគ្រប់គ្រងកូវីដ១៩បានល្អគឺល្អសម្រាប់ការលូតលាស់សេដ្ឋកិច្ចឡើងវិញ។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមដែលបានសរសើរពីតួនាទីរបស់កម្ពុជាជាពិសេសក្នុងការសម្របសម្រួល កិច្ចប្រជុំកំពូលកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ហើយបានរំលេចពីតួនាទីរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។សម្ដេចក៏បានសម្ដែងនូវការសង្ឃឹមថាយើងពិតជាមានឱកាសក្នុងការពិនិត្យមើលបញ្ហាមួយចំនួនក្នុងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាននិងសហរដ្ឋអាមេរិកហើយសង្ឃឹមថាដំណោះស្រាយនឹងមានការពិភាក្សាទាំងក្នុងឧត្តមមន្ត្រីអាស៊ានជាមួយឧត្តមមន្ត្រីសហរដ្ឋអាមេរិក។សម្ដេចបានអរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានគាំទ្រតួនាទីរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងបានជំរាបជូនពីលទ្ធផលនៃជំនួបរវាងសម្តេចនិងឯឧ មីន អោងឡាំង ដែលបានជួបកាលពីថ្ងៃទី២ឧសភាកន្លងទៅនេះ ជាពិសេសការពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា និងចំណុចឯកភាពជាឯកច្ឆ័ន្ទរបស់អាស៊ានទាំង៥ចំណុច៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនជ្រើសរើសចិនប្រឆាំងអាមេរិក ឬជ្រើសអាមេរិកប្រឆាំងចិននោះឡើយ

2022/05/12 05:55:34 pm        2405
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់កម្ពុជាមិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិន​នោះឡើយ ខណៈ គោលនយោបាយការបរទេសកម្ពុជា ចាត់ទុកប្រទេសនៅលើ​ពិភពលោក​ជាមិត្តដ៏ល្អទាំងអស់ ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូលនោះ។ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋាអាមេរិក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងក្របខណ្ឌគោលការណ៍​នយោបាយរបស់កម្ពុជា គឺធ្វើឡើងដើម្បីបំរើសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងប្រទេសដទៃ និងគោរពឯករាជ្យភាពរបស់អាស៊ាន ជាដើម។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់បងប្អូនខ្មែរ ដែលរស់នៅ​អាមេរិក និងកាណាដាផងដែរថា ទំនាក់ទំនងកម្ពុជា និងអាមេរិក បានឈាន​ដល់​កម្រិតខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈអាមេរិក​បានសាងសង់ស្ថាន​ទូតដ៏ធំ និងរឹងមាំ និងទំហំពាណិជ្ជដ៏សម្បើមរបស់អាមេរិកនៅប្រទេសកម្ពុជា ដោយទីតាំង​ស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ ហើយបើមិនមែនអាមេរិក សម្តេច​មិនផ្តល់​ឱ្យទីតាំងនៅទីនោះឡើយ។ សម្តេចក៏បានបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិក​ជាច្រើនកំពុងតែវិនិយោគ​នៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត៕ អត្ថបទ៖ បានចក់ 

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងការបរទេសធ្វើអត្តសញ្ញាណបណ្ណជូនដល់ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា

2022/05/12 05:52:10 pm        431
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទៀត សិក្សាធ្វើអត្តសញ្ញាណបណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអាមេរិក និងកាណាដា ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការទិញដីធ្លី និងចូលរួមបោះឆ្នោតនៅកម្ពុជាជាដើមនោះ។ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនខ្មែរនៅអាមេរិក និងកាណាដា ដែលចង់ទិញអចលនទ្រព្យ ឬធ្វើកិច្ចការងារផ្សេងៗនោះ គប្បីសម្រួល និងធ្វើអត្តសញ្ញាណ បណ្ណជូនដល់ពួកគាត់ ខណៈពលរដ្ឋខ្លះគាត់បាននៅ និងកើតនៅអាមេរិកតាំងពីតូចហើយគ្មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅពេលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរហើយនោះ ត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតនេះទៀតសោត ត្រូវទាមទារសិទ្ធិបោះឆ្នោតដោយផ្ទាល់ ខណៈកម្ពុជាមិនអាចបោះឆ្នោតតាមប្រៃសណីយនោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា គឺត្រូវបោះឆ្នោតផ្ទាល់៕

អង្គការសហប្រជាជាតិ​និយាយ​ថា​ ចំនួន​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ស្លាប់​ខ្ពស់​ជាង​ទិន្នន័យ​ផ្លូវការ

2022/05/12 05:42:44 pm        1695
​អ៊ុយក្រែន៖ ប្រធាន​បេសកកម្ម​តាមដាន​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ជន​ស៊ីវិល​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​នៅតែ​បន្ត​ជាង ​២​ខែ​មកនេះ ច្រើនជាង​ចំនួន​មនុស្ស​ស្លាប់​សរុប​ផ្លូវការ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ត្រឹម ៣​,៣៨១​នាក់។ ​លោកស្រី Matilda Bogner បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅ​សប្ដាហ៍​នេះ​ថា​ ជា​រួម​គិត​មក​ទល់​ពេល​នេះ យើង​បាន​សរុប​ជន​ស៊ីវិល​ដែល​រងគ្រោះ​ចំនួន ៧,០៦១​នាក់​ក្នុង​នោះ ៣​,៣៨១​នាក់​បាន​ស្លាប់ ​និង ៣,៦៨០​នាក់​រង​របួស​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​រុស្ស៊ី​ចាប់ផ្ដើម​បើក​ការវាយប្រហារ។ ទិន្នន័យ​ពិតប្រាកដ​ខ្ពស់​ជាង​នេះ ហើយ​យើង​កំពុង​ធ្វើការ​ដើម្បី​បញ្ជាក់​ពី​គ្រប់​ឧបទ្ទវហេតុ​ទាំងអស់​។​​លោកស្រី​ថា យើង​បាន​កំពុង​ធ្វើការ​ដើម្បី​ប៉ាន់ប្រមាណ​ពី​ចំនួន​ពិតប្រាកដ ប៉ុន្តែ​នៅ​ពេល​នេះ ខ្ញុំ​អាច​ត្រឹមតែ​និយាយ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ​ខ្ពស់​ជាង​ចំនួន​ដែល​យើង​បាន​ផ្ដល់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​នៅ​ពេល​នេះ​។​ ​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​រួម​ទាំង​ក្រុម​អ្នក​តាម​ដាន​ស្ថានភាព​សិទ្ធិមនុស្ស​ចំនួន ​៥៥​នាក់​បាន​និយាយ​ថា ភាគច្រើន​នៃ​អ្នក​ស្លាប់​បណ្ដាលមកពី​ការ​ប្រើ​គ្រឿង​ផ្ទុះ ដែល​មាន​វិសាលភាព​ប៉ះពាល់​ខ្លាំងដូចជា​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​តាម​អាកាស​ជាដើម​៕អត្ថបទ៖ សុខមាន

ទំហំទឹកចិត្តក្តីស្រលាញ់របស់ពលរដ្ឋខ្មែរអាមេរិក-កាណាដា ចំពោះសម្តេចតេជោ ហ៊ុន សែន

2022/05/12 05:20:45 pm        873
ភ្នំពេញ៖ ប្រជាពលរដ្ឋអាមេរិកាំង និងកាណាដា ជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរដោយមធ្យោបាយ និងថវិកាផ្ទាល់ខ្លួន មកស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងពេលដែលសម្តេចទៅរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។ ខាងក្រោមនេះ គឺរូបភាពដែលបង្កត់អត្ថន័យដ៏ជ្រៀលជ្រៅបំផុត៖

ប្រមុខ​អង្គការសហប្រជាជាតិ​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំង​ពី​ការ​ប្រឈម​ការអត់ឃ្លាន​សកល​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន

2022/05/12 05:08:02 pm        368
​UN៖ ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា លោក​មាន​ក្ដី​បារម្ភ​ខ្លាំង​ណាស់​អំពី​ភាព​អត់ឃ្លាន​កំពុង​រីក​រាលដាល ខណៈ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​ នៅ​ក្នុង​តំបន់​ផ្សេងៗ​ជាច្រើន​នៃ​ពិភពលោក​។​​អំឡុង​ថ្លែង​រួមគ្នា​ជាមួយ​អធិការបតី និង​រដ្ឋមន្ត្រីការបរទេស​អូទ្រីស​ក្នុង​ទីក្រុង​វី​យ៉ែ​ន​កាលពី​ថ្ងៃ​ពុធ លោក Guterres ក៏បាន​លើកឡើង​ផង​ដែរ​ថា ការចរចា​នានា​កំពុង​ប្រព្រឹត្តទៅ​ ដើម្បី​ជម្លៀស​ជន​ស៊ីវិល​បន្ថែម​ទៀតចេញពី​តំបន់​ជម្លោះ​ទាំងឡាយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​បង្ហាញ​ជំនឿ​ជាក់​ថា នឹង​មាន​ការ​ជម្លៀស​មនុស្ស​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​ជាមិនខាន។​ ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​បាន​និយាយ​សម្រាល​ ដោយ​លើក​ពី​លទ្ធភាព​នៃ​ការចរចា​សន្តិភាព​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ថា ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​រុញ​ដោល​ឲ្យ​តម្លៃ​ទំនិញ​សកល ដូច​គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ជាដើម​ហក់​ឡើង​ខ្ពស់ ខណៈ​ដែល​បណ្ដា​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កំពុង​ព្រមាន​ថា តម្លៃ​ទំនិញ​ហក់​ឡើង​ខ្ព​ស់​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិបត្តិ​ស្បៀងអាហារនៅ​ក្នុង​ទ្វីប​អាហ្វ្រិក​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ស្នើដល់លោកជំទាវTammy Duckworth សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកនៅកម្ពុជា

2022/05/12 04:41:40 pm        642
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។  នៅក្នុងជំនួបនេះ លោកជំទាវ សមាជិកព្រឹទ្ធសភាអាមេរិក បានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួលមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០ មានភាពរកាំរកូស រហូតដល់ការដុតស្ថានទូត កាត់ផ្តាច់ទំនាក់ទំនងការទូតមួយរយៈពេលខ្លី ហើយក៏ឈានដល់ការកាត់ផ្តាច់ទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។សម្តេចតេជោបានរំលឹកពីការស្វែងស្វែង និងជួយជ្រោមជ្រែងរបស់សម្តេច ដើម្បីឱ្យស្ថានទូតអាមេរិកមានទីតាំងស្ថានទូតមួយច្បាស់លាស់នៅក្បែវត្តភ្នំ ភ្នំពេញ។ ចំណុចនេះ ជាការបង្ហាញឱ្យឃើញនូវកិច្ចប្រឹងប្រែងមួយរបស់សម្តេចក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរ ពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងនៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនប្រមាណ ៣០ភាគរយ ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០ភាគរយ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីស្ថានបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ បានស្នើដល់លោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ជួយជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកទៅកាន់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក ក្នុងរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ដែលមកដល់ពេលនេះនៅសល់សពប្រមាណ ៤៩ករណីទៀតប៉ុណ្ណោះ។ក្រៅតែពីលើនូវការវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ពីការបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។ ការលើកឡើងនូវបញ្ហាខាងលើនេះ សម្តេចតេជោចង់លើកបង្ហាញនូវភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ បញ្ហាដែលសម្តេចចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជាកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសពេលបានប្រព្រឹត្តទោស, ការដាក់លក្ខខណ្ឌសម្រាប់ទិដ្ឋាការរបស់មន្ត្រីការទូតជាដើម។ សម្តេចតេជោ បានស្នើអោយលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួលលើបញ្ហានេះ។ជាការឆ្លើយតប លោកជំទាវ ស្រីសមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបើកបង្ហាញនូវសមានចិត្តក្នុងការធ្វើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ លោកជំទាវ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។លោកជំទាវ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។លោកជំទាវ ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា។ លោកជំទាវ បានមើលឃើញថា កម្ពុជា និងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកជំទាវ ក៏បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀតផងដែរ។នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកជំទាវនាពេលខាងមុខ។នៅក្នុងឱកាសនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតបញ្ជាក់ពីបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានទ័ពរាមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំពង់ផែរាម គឺជាអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យមានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។សម្តេចតេជោបានបញ្ជាក់ថាប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា នឹងរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃ២១ ខែឧសភា ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ដោយមានគណបក្សចំនួន ១៧ចូលរួមប្រកួតប្រជែង។ សម្តេចតេជោ បានអះអាងថា នេះជាដំណើរការដ៏ល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ ការបំផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្ត បានសម្លាប់ប្រធានចារកម្មយោធាលីប៊ីភាគខាងកើត
08/11/2026 05:08 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នា​ក់ក្នុងខេត្ត​ស្វាយរៀង មាន​ជំនាញ និង​ចំណូល​សមរម្យ ក្រោយ​ពីទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លាន​របស់​សម្ដេចធិបតី
08/11/2026 05:08 PM
ការវាយប្រហារដោយយាន​ដ្រូន​​របស់អ៊ុយក្រែនចូល​ជ្រៅក្នុង​ប្រទេសរុស្ស៊ី ជាការវាយប្រហារដ៏សាហាវ​បំផុត​ ក្នុងរយៈពេល ២ឆ្នាំ
08/11/2026 05:08 PM
លោកTrump ព្យាយាមបំបាត់ចោលសម្ពាធទីក្រុងតេអេរ៉ង់ដោយច្រានចោលការទាមទារសំណង
08/11/2026 05:08 PM
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
08/11/2026 05:08 PM
លោក Zelenskyy បញ្ជាក់​ថា រុស្ស៊ីកំពុងត្រៀមពង្រាយ​កងទ័ព និងមីស៊ីលកូរ៉េខាងជើងបន្ថែមទៀត
08/11/2026 05:08 PM
កូឡុំប៊ីបង្កើនកិច្ចខិតខំជួយសង្រ្គោះក្រោយការរញ្ជួយដី ខណៈចំនួនមនុស្សស្លាប់កើនឡើងដល់ ១៦៤នាក់
08/11/2026 05:08 PM
ក្រសួងអប់រំ៖ រការប្រឡងបាក់ឌុបពីថ្ងៃបានប្រព្រឹត្តទៅដោយរលូនល្អមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ
08/11/2026 05:08 PM
អូស្ត្រាលី និងវៀតណាម ធ្វើឱ្យ​ភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ​
08/11/2026 05:08 PM
ស៊ីរី៖ គណៈប្រតិភូ IAEA នឹងមកបំពេញទស្សនកិច្ចប្រទេសនេះ ដើម្បីប្រកាសពីវឌ្ឍនភាពដ៏សំខាន់
08/11/2026 05:08 PM