សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ

2026/07/04 06:12:43 pm        293
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមា គម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្ដេចតេជោ (TYDA) បានដាក់តឿនទៅដល់វេជ្ជបណ្ឌិត និងក្រុមគ្រូ​ពេទ្យ​ទាំង​អស់ ត្រូវតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ ជាមួយ​នឹង​ការ​សង្គ្រោះអ្ន​ក​ជំងឺ​ដោយ​ក្តី​មេត្តា ​និងការទំនុកចិត្ត ។ ក្នុងឱកាសអញ្ជើញបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ របស់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជនសម្ដេតេជោក្រោមប្រធានបទ “ការលើកកម្ពស់ ការអនុវត្តបច្ចេក​ទេសទន្ត​សាស្ត្រ​ឈាន​មុខ” នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ ត្រូវ​ខិតខំអភិវឌ្ឍន៍សមត្ថភាព ស្របពេលមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាសកលលោក ជា​ពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយសិក្សាមានចំណេះដឹងឲ្យពិតប្រាកដ ច្បាស់​លាស់​ទាំង​ការ​ព្យាបាល ការបកស្រាយពន្យល់ទៅដល់អ្នកជំងឺ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាម​ជា​គ្រូពេទ្យ​ត្រូវ​ចាំ​ថា​រាល់​អ្នក​ជំងឺ​មករកសេវាសុខាភិបាលពីខ្លួន ដោយសារមានទុកចិត្ត ហើយគ្រូពេទ្យត្រូវ​តែ​មាន​ជំនាញ​អាច​ស្ដាប់ អាចពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺ ដែលហេតុផល​ទាំង​អស់​នេះ ជាតម្លៃដែលក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតគ្រប់រូបត្រូវរក្សាឲ្យបាន ទោះ បីជា​បច្ចេក​វិទ្យា​មាន​រីក​ចម្រើនដល់កម្រិតណាក៏ដោយ។ជាមួយនេះ លោកជំទាវបណ្ឌិត បានចែករំលែកជាគោលគំនិត សម្រាប់ក្រុម​គ្រូពេទ្យ​ចំនួន​៥​ចំណុច​សំខាន់​ៗ គឺទី១. ត្រូវចាត់ទុកសន្និសីទនេះ សម្រាប់ជាវេទិកាសិក្សារៀនសូត្រពិតប្រាកដ គឺ​អ្នកចូលរួមត្រូវកត់ត្រាចំណុចសំខាន់ៗ ចេះសួរនាំ និងជជែកពិភាក្សា, ទី២. បន្តចែក​រំលែក​បទ​ពិសោធន៍ និងចំណេះដឹង, ទី៣. ត្រូវអភិវឌ្ឍន៍ជំនាញ ឲ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែកុំឲ្យ​បាត់​បង់​សីលធម៌ និងក្រមវិជ្ជាជីវៈ, ទី៤. ត្រូវតម្កល់អ្នកជំងឺនៅចំណុចកណ្ដាលនៃវិជ្ជាជីវៈ គឺព្យាបាល​ដោយ​សុវត្ថិភាព ការពន្យល់មានភាពច្បាស់លាស់ ការគោរចំពោះអ្នកជំងឺ ការតាមដានលទ្ធផល និង​ទទួលខុសត្រូវខ្ពស់ និងទី៥. TYDA បន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងមនុស្សធម៌របស់សមាគម ដែល​មានស្មារតីជួយគ្នា ស្មារតីបម្រើប្រជាពលរដ្ឋ និងស្មារតីមិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ នៅ​ពេល​ជួប​ការពិបាក ។ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDA បានឲ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះ សមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រទូ​ទាំងប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុ​ង​នោះអ្ន​កជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និង​ជា​មួយ​ដៃ​គូ​សហការ​នានា ដែលក្នុងនោះមានអ្នកជំងឺបេះដូងធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុករបស់សមាគម ។ ជាមួយនោះ TYDA ក៏បានចូលរួមក្នុង​ការងារ​មនុស្ស​ធម៌​សង្គ្រោះ​អ្នក​ជំងឺ​ជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យ​ព្យាបាល​ពលរដ្ឋ​ភៀសសឹក ក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ។ គួរបញ្ជាក់ថា សន្និសីទនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើ​ង​ក្នុង​គោលបំណងចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ចែករំលែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ពីសមត្ថភាពអនុវត្តទន្តសាស្ត្រថ្មីៗ និងការរី​កច​ម្រើន​នៃ​បច្ចេក​វិទ្យា ក្នុងវិស័យសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

2026/07/03 10:41:53 pm        305
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។យាង និងអញ្ជើញទទួលព្រះរាជដំណើរមកដល់របស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង សមាជិកសមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូត ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ ប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង បានទូលព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទានក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ក្នុងឱកាសនោះព្រះអង្គទាំងទ្វេ ក៏បានថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងពេលបច្ចុប្បន្នបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេ បានឆាប់ជាសះស្បើយពីព្រះរោគាពាធ សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខ ក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ៕

សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

2026/07/03 06:43:22 pm        546
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦) ។តាមរយៈសារសម្ដេចតេជោ និងសម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជា បានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្បត្តិបេតិកភណ្ឌរូបី និងអរូបីទាំងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ - តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក - ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា - តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ - រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ - របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី - ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង - ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី - ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី - ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស - គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក - ក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។ ៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖ - បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស - ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន - រឿងអ៊ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ សម្ដេចតេជោ និងសម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

2026/07/03 03:29:09 am        145
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការឆ្លើយតបនឹងគ្រោះអាសន្ន និង ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ បន្ថែមលើនេះ, លោកប្រធានគណៈប្រតិភូក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែល ICRC បានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួលកិច្ចការនានា​ អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកប្រធានគណៈប្រតិភូប្រចាំតំបន់ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ប្រទេសកម្ពុជានាពេលនេះ រូបលោកបានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង និងកម្មវិធីសុខភាពក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចធិបតី​ ថា ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោក Jürg Montani ដែលត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូប្រចាំតំបន់ នៃ ICRC។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ICRC ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជា​ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។ ទន្ទឹមនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និង ICRC។ ក្នុងន័យនេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះ ICRC ដែលបានផ្ដល់ការគាំទ្រការអនុវត្តគម្រោងជាច្រើននៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ ICRC ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ។មុននឹងបញ្ចប់, សម្តេចធិបតីក៏បានជម្រាបជូនលោកប្រធានគណៈប្រតិភូប្រចាំតំបន់ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

2026/07/03 12:28:19 am        126
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d'Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣ ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅអនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ដោយកត់សម្គាល់អំពីនិរន្តរភាពនេះដំណើរការអង្គការ PSE បន្ទាប់ពីលោក Christian des Pallieres ដែល​ជាសហស្ថាបនិក​នៃ​អង្គការ​ PSE បានទទួលអនិច្ចកម្ម​ កាលពីឆ្នាំ​២០១៦, សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ។សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់អង្គការ PSE ដែលមិនត្រឹមតែផ្ដល់ជំនួយបន្ទាន់នោះទេ ប៉ុន្តែផ្ដោតលើការបង្កើនសមត្ថភាព និងឱកាសយូរអង្វែង តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពោលគឺ «ការផ្ដល់សន្ទូចជាជាងផ្ដល់ត្រី»។ សម្ដេចធិបតី ថ្លែងបន្តថា ការផ្ដល់សន្ទូច ប្រៀបបានទៅនឹងការបណ្ដុះផ្នត់គំនិតម្ចាស់ការលើខ្លួនឯង រៀនច្នៃប្រឌិត និងរៀនរស់បន្ត​ដោយមិនរំពឹង និង រង់ចាំតែការផ្តល់ជំនួយពីអ្នកដទៃ។ សម្ដេចធិបតីបានបញ្ជាក់ថា ប្រជាជនដែលមានសមត្ថភាព និងមានសុខភាពល្អ គឺជាទ្រព្យរបស់ប្រទេសជាតិ ដែលជាធនធានអាចជួយដល់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពកាន់តែច្រើនក្នុងការបន្តជួយទៅដល់អ្នកដែលមិនមានលទ្ធភាពផ្សេងទៀត ដើម្បីរួមគ្នាជួយសង្គមជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សកម្មភាពរបស់អង្គការ PSE ក្នុងការបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព តទៅមុខទៀត។ជាមួយគ្នានេះ, សម្ដេចធិបតី បានជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវមានក្ដីស្រមៃ និងក្ដីសង្ឃឹម ជានិច្ច។ យុវជនត្រូវចេះតស៊ូ ហើយការខិតខំប្រឹងប្រែងនាថ្ងៃនេះ គឺដើម្បីភាពជោគជ័យនាថ្ងៃអនាគតរបស់ខ្លួន ដោយត្រូវមានក្ដីស្រមៃសម្រាប់ដាក់ទិសដៅ និងមានក្ដីសង្ឃឹមជាកម្លាំងជំរុញទឹកចិត្ត។ លើសពីនេះ, យុវជនត្រូវខិតខំពង្រីកសមត្ថភាពខ្លួនឯងដោយសុចរិតភាព ដែលមានមូលដ្ឋានពីការរៀនសូត្រ រួចបន្តចេញទៅច្បាមយកសមត្ថភាពបន្ថែមនៅក្នុងសង្គមជាក់ស្ដែង ព្រោះថាឱកាសនឹងមិនផ្ដល់ឱ្យអ្នកដែលមិនមានសមត្ថភាព ឬគុណភាពនោះឡើយ។មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរឹតត្បិតលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពទាំងឡាយណា ដែលស្របទៅនឹងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងក្នុងន័យស្ថាបនាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង, អង្គការ PSE ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ដោយសារអង្គការនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារក្រីក្រកម្ពុជា ព្រមទាំងផ្ដល់ឱកាសអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសការងារសមរម្យដល់យុវជនកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦

2026/07/03 12:20:02 am        137
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍អបអរសាទរចំពោះជោគជ័យ របស់ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability)ល្អបំផុតប្រចាំឆ្នាំ២០២៦ ដោយផ្អែកតាមរបាយការណ៍ U.S. News & World Report។សូមបញ្ចាក់ថា ទិន្នន័យចំណាត់ថ្នាក់នេះ ត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ និងស្ថាប័នស្រាវជ្រាវ ( SEA Infographics) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និងមានការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បណ្តាប្រទេសនានា ដៃគូសហការជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី។ សម្រាប់ការវាយតម្លៃក្នុងឆ្នាំ២០២៦នេះ ប្រទេសចំនួន ១០០ ត្រូវបានជ្រើសរើស និងធ្វើការវាយតម្លៃ ហើយប្រទេសកម្ពុជាទទួលបានពិន្ទុជាភាគរយក្នុងការអនុវត្តល្អទៅលើសូចនាករចំនួន ៥ ពាក់ព័ន្ធនឹង និរន្តរភាពដី និងធនធាន រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងវិធានការឆ្លើយតបនឹងកង្វះខាតទឹក ដែលឈានដល់ប្រទសកម្ពុជាទទួលបានចំណាត់ថា្នក់លេខ១ លើនិរន្តរភាពដី និងធនធាន គឺបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក បានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

2026/07/02 05:22:16 pm        481
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​បន្ត​លើក​ឡើងអំ​ពីស្ថានភាពការលេងកីឡាបាល់ទាត់ពិភពលោកបន្តទៀត ក្នុងនោះ​សម្ដេច​បាន​មើល​ឃើញ​ថា បើយោង​តាម​ការ​ប្រែប្រួល​នៃ​ភូមិ​សាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយ​ប្រទេស​ក្រីក្រ​ប្រជាជនតិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ សម្ដេចតេជោបានថ្លែងថា ថ្ងៃមុនសម្ដេចបាននិយាយពី (បាល់មូល) ក្រោយ​ការ​ប្រកួត​កន្លង​មក​និង​យប់​កន្លង​ទៅ​នេះ​យើង​គួរ​តែ​ចាប់​ផ្តើម​និយាយ​ពី​(ភូមិសាស្ត្រ​បាល់​ទាត់)​ដែល​វា​ខុស​ពី​ភូមិ​សាស្ត្រ​នយោបាយ​ទាំង​ស្រុង។ ពេលមុនខ្ញុំតែងនិយាយថា​លើ​ពិភព​លោក​ស្តង់​ដា​អន្តរជាតិ​មាន​តែ​ក្នុងវិស័យ​កីឡា​មួយ​ប៉ុណ្ណោះ។​សម្ដេចតេជោមានប្រសាសន៍ថា «ឆ្លងកាត់ការ​ប្រកួតបាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦​នេះ​ខ្ញុំ​សង្កេត​ឃើញថា​ភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡា​មក​ពី​ប្រទេស​ដែល​មាន​ប្រជាជនតិច និង​ជាប្រទេសកំពុងអភិវឌ្ឍ។» សម្ដេចតេជោបញ្ជាក់ថា «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និង​ចំនួន​ប្រជាជន​តិច​បាន​បង្ហាញ​ថា​បាល់​ទាត់មិន​រើសអើងប្រទេសមាន ឬក្រ​ ប្រទេសមានប្រជាជនច្រើន ឬតិច​នោះ​ទេ​ដែល​នេះ​វា​ជា​(ភូមិសាស្ត្រ​បាល់​ទាត់) ដែល​នេះ​វា​ខុស​គ្នាទាំង​ស្រុង​ជាមួ​យ​ភូមិ​សាស្ត្រ​នយោបាយ​ដែល​ពិភព​លោក​កំពុង​ជ្រួល​ច្របល់​បាត់​សណ្តាប់ធ្នាប់»។សម្ដេចតេជោបញ្ជាក់ថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពី ប្រទេស​អ្នក​មានត្រឡប់​ទៅ​ប្រទេសវិញ​តាំង​ពី​ប្រកួត​សន្សំ​ពិន្ទុ​រហូត​ដល់​ការ​ប្រកួត​៣២​ក្រុម​ និង​ប្រសិន​មិន​អាច​យក​ឈ្នះក៏​ធ្វើ​ឲ្យ​ប្រទេស​អ្នក​មាន​មាន​ការ​ព្រួយ​បារម្មណ៍​ពេល​ក្រុម​បាល់​ទាត់​មក​ពី​ក្រីក្រ​ទាត់​បញ្ចូល​ទីឡើងប៉ោងសំណាញ់។សម្ដេចតេជោសង្គត់ធ្ងន់ថា «យោងតាមការប្រែប្រួល​នៃ​ភូមិសាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយប្រទេសក្រីក្រប្រជាជន​តិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»។សម្ដេចតេជោលើកឡើងថា សម្ដេចមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិ​សាស្ត្រ​បាល់​ទាត់​) ហើយឬនៅទេ ប៉ុន្តែសម្រាប់សម្ដេចឱកាសត្បូង ត្បូង​បាន​និង​កំពុង​មក​ដល់​ហើយ​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ

2026/07/02 01:02:55 am        199
នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុនម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន២ខ្នង មាន១០ បន្ទប់ ភ្ជាប់ដោយបន្ទប់ទឹក១ខ្នង មាន៤បន្ទប់ សាងសង់ទីធ្លាសាលា និងដងទង់ជាតិ នៃសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតនៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសការគិតគូរចំពោះការសាងសង់អាគារសិក្សាដល់ក្មួយៗសិស្សានុសិស្សនៅថ្ងៃនេះ។ វិធីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមាននិមន្តព្រះសង្ឃ៧អង្គ មានការចូលរួមពីយាយជី តាជី៥០នាក់ ប្រជាពលរដ្ឋអាណាព្យាបាលសិស្ស១០០ នាក់ និងសិស្សានុសិស្ស ចំនួន៦២២នាក់។ នាឱកាសនោះ លោកជំទាវក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា៥០០០០រៀល ចែកជូនលោកយាយ លោកតា ដែលបានចូលរួមនាឱកាសនេះ និងចែករទេះរុញសម្រាប់ពលរដ្ឋមានពិការភាពចំនួន២គ្រឿង។ ជាមួយគ្នានោះ លោកជំទាវ ក៏បានចែកនូវអាហារដល់ក្មួយៗ សិស្សានុសិស្សដែលបានចូលរួមទាំង៦២២នាក់ផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា

2026/07/01 04:55:44 pm        316
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំដោយផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តនានា អាចប្រារព្ធធ្វើបានធម្មតា។ សារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន ដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖ ១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ២- ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ៣- ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។ ៤- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។ ៥- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាល រាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាម មូលដ្ឋាននីមួយៗ។ ៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្មនិងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយ នូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និង វិនិយោគ។ ៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំង និង ត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។ ៨- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត

2026/07/01 01:11:55 am        191
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រ ការឱ្យ កម្ពុជា-វៀតណាម ចៀសវាងការប្រើប្រាស់កម្លាំងនៅប្រទេសមួយ ប្រឆាំងប្រទេសមួយ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានស្វាគមន៍ចំពោះឯកឧត្តម និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ដែលបញ្ចប់ទៅនៅថ្ងៃនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាងក្វាង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតអោយឯកឧត្តម និងប្រតិភូបានចូលជួបសម្តែងការគួរសមនៅឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំមហាផ្ទៃថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាពរវាងប្រទេសទាំង៣កម្ពុជា​ វៀតណាម ឡាវ ជាពិសេស មិត្តភាពរវាងកម្ពុជា និងវៀតណាម។ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង បញ្ជាក់ថា កម្ពុជា និង វៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នា ដូច្នេះបញ្ហាទាក់ទងនឹងសន្តិសុខ ប្រទេសទាំង២ ត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំង២។ បន្ថែមពីលើនោះ ឯកឧត្ដម ក៏បានបន្ថែមថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែល ប្រើប្រាស់ទឹកដីម្ខាងហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ដែលប្រទេសកម្ពុជា វៀតណាម ក៏ដូចជាឡាវ រួមសាមគ្គីគ្នាធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង ដែលសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលចៀសវាងឱ្យបាននោះគឺ ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត។ ឧទាហរណ៍ដូចជាការប្រើកម្លាំងនៅទឹកដីប្រទេសវៀតណាម ប្រឆាំងទៅនឹងកម្ពុជាហើយ ឬ ប្រើកម្លាំងនៅទឹកដីប្រទេសកម្ពុជា ប្រឆាំងទៅនឹងវៀតណាម ដែលនេះជាចំណុចសហការគ្នារវាងប្រទេសទាំង២ ធ្វើយ៉ាងណា កុំឱ្យមានករណីនេះកើតឡើង។ បន្ថែមលើនេះ សម្ដេចតេជោ បានជំរុញប្រទេសទាំង២ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាននៅតាមបណ្ដាព្រំដែនកម្ពុជា-វៀតណាម សហការគ្នាជាប្រចាំដើម្បីធានាឱ្យបានសន្តិសុខតាមព្រំដែន ពោលជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមគ្នា ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ ក៏សង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម៕ អត្ថបទ ៖ វីរះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM