សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ក្រុង​មូ​ស្គូ​ព្រមាន​ថា​ អ៊ុយ​ក្រែ​ន​អាច​នឹង​បំផ្លាញ​ខ្លួនឯង ខណៈ​រុស្ស៊ី​ និង​អាមេរិក​ប៉ះ​ពាក្យសម្ដី​នៅ ​UN

2022/02/01 05:46:53 pm        598
​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​មួយរូប​របស់​រុស្ស៊ីបាន​ព្រមាន​ នៅក្នុង​ការជជែក​ដេញដោល​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ទទួលខុសត្រូវចំពោះ​ការបំផ្លិចបំផ្លាញ​ខ្លួន បើសិន​បើ​ប្រទេស​នេះ​ធ្វើឱ្យ​ខូច​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដែលមាន​ស្រាប់​។​​ការព្រមាន​ចេញពី​មាត់​លោក Vasily Nebenzya តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ីប្រចាំ​នៅអង្គការសហប្រជាជាតិ អំឡុង​សម័យប្រជុំ​ក្រុមប្រឹក្សា​ដ៏​តានតឹងបានកើត​ឡើង​ នៅ​ថ្ងៃ​ដែល​ការពិភាក្សា​ខាង​ការទូត​កម្រិត​ខ្ពស់​នៅតែ​បន្ត ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​ថា ខ្លួន​បានទទួល​ការឆ្លើយតប​ពី​ទីក្រុង​មូ​ស្គូ ចំពោះឯកសារ​ដែល​សហរដ្ឋ​អាមេរិក​បានប្រគល់​ជូន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​សប្តាហ៍​មុន ដោយបានគូសបញ្ជាក់​ជា​ផ្លូវការ​នូវ​តំបន់​ដែល​រដ្ឋបាល​លោក Biden ជឿជាក់ថា ប្រទេស​ទាំងពីរ​អាច​ស្វែង រក​ចំណុចរួម​។ មន្ត្រី​អាមេរិក​នឹងមិន​បង្ហាញ​ខ្លឹមសារ​លិខិត​របស់​រុស្ស៊ី​ឡើយ ដោយ​និយាយថា​ ពួកគេ​នឹងមិនចរចា​ជា​សាធារណៈ​ទេ​។​​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Tony Blinken និង​សម​ភាគី​រុស្ស៊ី​របស់លោក​គឺ​លោក Sergei Lavrov គ្រោង​នឹង​ពិភាក្សាគ្នា​តាម​ទូរស័ព្ទនៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ទទួលបាន​លិខិត​ពី​រុស្ស៊ី និងសម័យប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។​ ទន្ទឹមនឹង​នេះដែរ​កាល​ពីថ្ងៃ​ចន្ទ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ពិភាក្សា​ជាមួយប្រធានាធិបតី​បារាំងលោក Emmanuel Macron ក្នុងការសន្ទនាតាម​ទូរស័ព្ទលើក​ទី​ពីរ​រវាង​មេដឹកនាំ​រុស្ស៊ី​ និង​បារាំង​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​៕អត្ថបទ៖ សុខមាន

ករណីឆ្លងវីរុស COVID-19 ប្រចាំថ្ងៃ​នៅ​រុស្ស៊ី​កើន​ឡើង​ជាង ១១​ម៉ឺន​នាក់​

2022/01/31 02:39:24 pm        667
​រុស្ស៊ី៖ ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​នៅ​ប្រទេស​រុស្សី​ប្រចាំថ្ងៃ​បាន​កើន​ឡើងដល់​ជាង ១២១,០០០​នាក់​កាលពី​ថ្ងៃអាទិត្យ ជា​កា​កើន​ឡើង​ប្រាំបី​ដង​ប្រៀបធៀប​ទៅនឹង​កាលពី​ដើមខែដោយសារតែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron ដែល​ឆ្លង​រីក​រាលដាល​ពេញ​ប្រទេស​។ ក្រុមការងារ​ទប់ស្កាត់​វីរុស​ឆ្លង​របស់​រដ្ឋបាន​រាយការណ៍​ពីករណី​ឆ្លង​ថ្មី​ចំនួន ១២១,២៨៨​ករណី​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​ទៅ​នេះជា​កម្រិត​ខ្ពស់ ខណៈ ៨,០០០​ករណី​ត្រូវ​បាន​កត់ត្រា​នៅ​មួយថ្ងៃ​មុន​នោះ​។​តួលេខ​នៃ​ករណី​ឆ្លង​របស់​ប្រទេសបាន​កើនឡើង​ចាប់តាំងពីដើម​ខែមករា នៅពេលដែលករណី​ថ្មីប្រមាណ ១៥,០០០នាក់ក្នុង​មួយថ្ងៃ​ត្រូវ​បាន​កត់ត្រា​។ ក្រុមការងារ​ប្រឆាំង​វីរុស​បាន​និយាយថា ​មនុស្ស ៦៦៨​នាក់​បាន​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ​ថ្ងៃ​ម្សិលមិញដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​នៅប្រទេស​រុស្សី​កើនឡើង​ដល់ ៣៣០,៧២៨​នាក់​ជា​ចំនួន​ច្រើន​បំផុត​នៅ​ទ្វីប​អឺរ៉ុប ហើយ​មាន​ករណី​ឆ្លងសរុប ១១,៧៣៧,០០៧​ករណី​។ ​ទោះបី​ជាមាន​ករណី​ឆ្លង​កើនឡើង​ក៏ដោយ អាជ្ញាធរ​បាន​ជៀសវាង​ការដាក់​វិធានការ​រឹតត្បិត​ធំៗណាមួយ ក្នុងការ​ទប់ស្កាត់​ការកើនឡើង​នេះ និង​បាននិយាយថា ប្រព័ន្ធ​សុខាភិបាល​កំពុង​ទប់ស្កាត់​លំហូរនៃ​អ្នកជំងឺ​។ កាលពី​ដើមខែ​នេះ សភា​បានបន្ថែម​ពេល​ដោយ​គ្មាន​កំណត់​ក្នុង​ការដាក់​វិធានការលើ​អ្នកមិន​ចាក់​វ៉ាក់សាំង ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​ដែល​ស្ទាក់ស្ទើរ​ក្នុងការ​ចាក់​វ៉ាក់សាំង​បង្ការ​។​​នៅក្នុង​សប្តាហ៍​នេះ មន្ត្រី​ក្រសួងសុខាភិបាល​បាន​កាត់បន្ថយ​រយៈពេលនៃ​ការដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ត្រូវការ​សម្រាប់​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ COVID-19 ពី ១៤ថ្ងៃ​មក​នៅត្រឹមតែ ៧ថ្ងៃដោយ​មិន​ផ្តល់​ការពន្យល់​ណាមួយសម្រាប់​ការផ្លាស់ប្តូរវិធានការ​នោះទេ​។ ប្រទេស​រុស្ស៊ី​មាន​វិធានការបិទ​ខ្ទប់​តែម្តង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០២០ ទោះបីជា​ប្រជាជន​រុស្សី​ជាច្រើន​ត្រូវបាន​បញ្ជា​ឱ្យ​សម្រាក ពី​រយៈពេល​មួយ​សប្តាហ៍កាលពី​ខែតុលា​ឆ្នាំមុនក្នុងពេល​មានការ​កើនឡើង​ករណី​ឆ្លង និង​ស្លាប់ត្រូវបាន​រាយការណ៍៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​និយាយ​ថា ទាហាន​ជា​កុមារ​របស់​ក្រុម​ឧទ្ទាម​ហួ​ទី​រាប់​រយ​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​យេ​មែន​

2022/01/31 08:54:42 pm        1104
​យេមែន៖ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កុមារ​ជិត ១,៥០០​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុម​ឧទ្ទាម​ហួ​ទី​របស់​ប្រទេស​យេ​មែន ​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​កាលពី​ក្នុង​ឆ្នាំ២០២០ និង​រាប់​រយ​នាក់​ទៀត​បាន​ស្លាប់​ក្នុង​ឆ្នាំ​បន្ទាប់​។ ​នៅ​ក្នុង​របាយការណ៍​មួយ​ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ​ក្រុម​ឧទ្ទាម​នៅតែ​បន្ត​ជ្រើសរើស​កុមារ​ធ្វើជា​កងទ័ពដោយ​ប្រើប្រាស់​ជំរំ​រដូវក្ដៅ និងព្រះវិហារ​ដើម្បី​ផ្សព្វផ្សាយ​មនោគមន៍​វិទ្យា​។ ​របាយការណ៍​ទាំង​នោះបាន​បន្ថែមថា ការវាយប្រហារ​តាម​អាកាស​ទៅលើ​ក្រុម​ឧទ្ទាម​ ពី​សំណាក់​កងកម្លាំង​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត នៅតែ​បង្ក​ឲ្យ​ជន​ស៊ីវិល​បាត់បង់​អាយុជីវិត​កាន់តែច្រើន​។ ​កុមារ​ជាង ១០​,០០០​នាក់​បាន​ស្លាប់នៅក្នុង​សង្គ្រាម​ដែល​បានចាប់ផ្ដើម​កាលពី​ឆ្នាំ​២០១៥។ មនុស្សពេញវ័យ​រាប់ម៉ឺន​នាក់ក៏បាន​ស្លាប់​ផងដែរដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយផ្ទាល់ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​រាប់លាន​នាក់បាន​ភៀសខ្លួន និង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃគ្រោះ​ទុ​រ្ភឹ​ក្ស​។​នៅ​ក្នុង​របាយការណ៍​កម្រាស់ ៣០០​ទំព័រ ក្រុមប្រឹក្សាសន្តិសុខ​នេះបាន​និយាយថា ​ខ្លួន​បានទទួលបញ្ជី​ឈ្មោះកុមារ​ចំនួន ១,៤០៦​នាក់​ដែល​ត្រូវបាន​ក្រុម​ឧទ្ទាម​ហួ​ទី​ជ្រើសរើស​ជា​ទាហាន​ដែល​បាន​ស្លាប់​នៅ​សមរភូមិ​ក្នុង​ឆ្នាំ២០២០​ និង​កុមារ​ចំនួន ៥៦២​នាក់​នៅ​ចន្លោះ​ខែមករា និង​ឧសភានៅ​ឆ្នាំ​បន្ទាប់​។ ទីភ្នាក់ងារសារព័ត៌មាន AP បាន​ដកស្រង់​សម្ដី​អ្នកជំនាញ​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន​ ៤​រូបដោយ​និយាយថា កុមារ​ទាំងនោះត្រូវបាន​បង្ហាត់បង្រៀន​ឲ្យ​ប្រកាន់​ភ្ជាប់​ នូវ​ពាក្យស្លោក​របស់​ក្រុម​ហួ​ទីមានដូចជា​៖ សងសឹក​សហរដ្ឋ​អាមេរិក ​សងសឹក​អ៊ីស្រាអែល ជេរ​ដៀល​ជនជាតិ​ជ្វី​ស និង​នាំ​ភាពជោគជ័យ​មក​ឲ្យ​អ៊ីស្លាម​ជាដើម៕អត្ថបទ៖ សុខមាន

របាយការណ៍​អង្គការសហប្រជាជាតិ​និយាយ​ថា ​ក្រុម​តា​លី​បង់​បាន​សម្លាប់​អតីតមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​នាក់​

2022/01/31 07:45:57 pm        541
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិដែល​សារព័ត៌មាន Reuters ទទួលបានបាន​និយាយថា ក្រុម​តា​លី​បង់ និង​សម្ព័ន្ធមិត្ត​របស់ខ្លួនត្រូវគេ​ជឿថា បាន​សម្លាប់​ក្រុម​អតីតមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​នាក់ រួមមាន​សមាជិក​កង​កម្លាំង​សន្តិសុខ និង​មនុស្ស​ផ្សេងទៀតដែល​ធ្លាប់​បានធ្វើការ​ជាមួយ​អង្គភាព​ជាប់​ពាក់ព័ន្ធ​ នឹង​យោធា​អន្តរជាតិ​ចាប់តាំងពី​សហរដ្ឋអាមេរិក​ដក​កងទ័ព​ចេញ​។​របាយការណ៍​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres ផ្ញើជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មានភ្ជាប់​ជាមួយ​នូវរូបភាព​នៃ​ស្ថានភាព​រស់នៅ​ដ៏​លំបាក​វេទនា សម្រាប់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​ ៣៩​លាន​នាក់ ទោះបី​ជាការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​តា​លី​បង់​ដែល​ដណ្ដើម​កាន់កាប់​ប្រទេស​នេះ បាន​បញ្ចប់ទៅ​កាលពី​ខែសីហា​ក៏ដោយ​។ ​លោក Guterres បាន​និយាយថា ​ប្រព័ន្ធ​សង្គម​ដ៏​ស្មុគស្មាញ និង​សេដ្ឋកិច្ច​កំពុង​ដួលរលំ​ទាំងស្រុង​។​របាយការណ៍​នេះបានបង្ហាញ​ពី​ការព្រួយបារម្ភ​ចុងក្រោយ​បំផុត ក្នុងការ​ព្រមាន​ជា​បន្តបន្ទាប់​ដែលប្រមុខ​អង្គការសហប្រជាជាតិ ធ្លាប់បាន​បញ្ចេញក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះអំពី​វិបត្តិ​សេដ្ឋកិច្ច និង​មនុស្សធម៌កាន់តែ​ធ្ងន់ធ្ងរ បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ដណ្ដើម​កាន់កាប់​រដ្ឋធានី​កា​ប៊ុល ខណៈដែល​កងទ័ព​បរទេស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ចាកចេញ​ ហើយ​ម្ចាស់ជំនួយ​អន្តរជាតិ​បាន​កាត់ផ្ដាច់ជំនួយ​ហិរញ្ញវត្ថុ​ ដល់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ជំនួយ​បរទេសមួយ​នេះ​។​ ខណៈដែល​វិបត្តិ​សេដ្ឋកិច្ច និង​មនុស្សធម៌​នៅ​ប្រទេស​អាង​ហ្វ​ហ្គា​នី​ស្ថាន​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង មនុស្ស​កំពុង​ត្រូវ​បង្ខំចិត្ត​លក់សរីរាង្គ និង​កូនៗ​របស់​ពួកគេ​ដើម្បី​រស់​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ​មក

2022/01/31 04:27:50 pm        476
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នូវ​អ្វីដែល​ត្រូវគេ​គិតថា ​ជាការ​បាញ់​ដ៏​ធំ​បំផុត​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ២០១៧​​។ ខ្លួន​បាននិយាយថា ​មី​ស៊ី​ល​បាលី​ស្ទីកនោះ​គឺជា​មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម​ប្រភេទ Hwasong-12​។​ ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូងបាន​និយាយថា​ មី​ស៊ី​ល​នោះ​រត់​បាន​ក្នុង​រយៈកម្ពស់ ២ពាន់គីឡូម៉ែត្រមុនពេល​ធ្លាក់​ចូលក្នុង​សមុទ្រ​ជប៉ុន។ ប្រទេស​ទាំង​២​ បាន​ថ្កោលទោស​ការបាញ់​នោះដែលជា​ការបាញ់​សាកល្បង​លើក​ទី​៧ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅក្នុង​ខែ​នេះ។​អង្គការសហប្រជាជាតិ​បាន​ហាមប្រាម​កូរ៉េខាងជើង​មិន​ឲ្យ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក និង​អាវុធ​នុយក្លេអ៊ែរឡើយ និង​បានដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ថែមទៀត​ផង​។ ​ប៉ុន្តែ​ប្រទេស​នៅ​អាស៊ី​ខាងកើត​មួយ​នេះ​តែង​ផ្គើនជាធម្មតា ហើយ​មេដឹកនាំ Kim Jong-un បាន​ប្ដេជ្ញា​ពង្រឹងវិស័យ​ការពារជាតិ​របស់លោក​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បាន​និយាយថា ​មី​ស៊ី​លនេះ​ត្រូវបាន​បាញ់​ចេញដើម្បី​ផ្ទៀងផ្ទាត់​ពី​សមត្ថភាព​ជាក់លាក់រ​ប​ស់វា ហើយ​មិនមាន​សេចក្ដីរាយការណ៍​ពី​វត្តមាន​របស់លោក Kim នៅ​ទីតាំង​បាញ់​នោះទេ​។ ​ទីភ្នាក់ងារសារព័ត៌មាន​ដដែល​នេះបាន​បន្ថែមថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ពី​តំបន់​ភាគ​ខាងពាយ័ព្យទៅកាន់​ភាគ​ខាងកើត​នៃ​សមុទ្រ​របស់​កូរ៉េ ដែល​ធ្វើ​ឲ្យប្រទេសជិតខាង​របស់ខ្លួន​ព្រួយបារម្ភ​ពី​សន្តិសុខ​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ព្យាយាម​បន្ថយ​ការ​ព្រួយបារម្ភ​ពី​សង្គ្រាម

2022/01/29 11:18:40 am        1135
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ព្យាយាម​កាត់បន្ថយ​ការ​ព្រួយ​បារម្ភ​នៃ​សង្គ្រាម​រវាង​ប្រទេស​របស់​លោក​ និង​ប្រទេស​រុស្ស៊ី ដោយ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា លោក​មិន​ជឿ​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​កាន់តែ​អាក្រក់​ជាង​កាល​ពីដើម​ឆ្នាំ​២០២១​ នោះ​ទេ នៅ​ពេលដែល​​រុស្ស៊ី​ចាប់ផ្តើម​ពង្រាយ​កងទ័ព​នៅលើព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​រុស្ស៊ី​និយាយថា ខ្លួន​នឹងមិន​ចាប់ផ្តើម​សង្គ្រាម​នៅប្រទេស​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​បាន​ព្រមាន​ថា ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូបានព្រងើយកន្តើយ​ទៅនឹង​ការទាមទារ​របស់ខ្លួន​។ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា លោកប្រធានាធិបតី Vladimir Putin បាន​និយាយ​ទៅកាន់​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ថា ប្រទេស​លោកខាងលិចមិនបាន​ពិចារណា​លើ​លក្ខខណ្ឌ​សំខាន់ៗ​របស់​រុស្ស៊ី​ ក្នុងការ​ឲ្យ​បញ្ឈប់​ការពង្រីក​ខ្លួន​បន្ថែម​របស់​អង្គការ​ណា​តូ និង​បញ្ឈប់​ការដាក់ពង្រាយ​អាវុធ​សម្ព័ន្ធមិត្ត​នៅ​ជិត​ព្រំដែន​​រុស្ស៊ី និង​ការ​រំកិល​កងកម្លាំងរបស់​ខ្លួនពីអឺរ៉ុប​ខាងកើត​។ សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូបាន​ច្រានចោល​ការទាមទារ​ទាំង​នោះជា​ផ្លូវការ​ក្នុង​សប្តាហ៍​នេះ ទោះបីជាទីក្រុង​វ៉ាស៊ីនតោន​បាន​គូសបញ្ជាក់​អំពី​តំបន់ដែល​ការពិភាក្សាអាចធ្វើ​ទៅបាន​ក៏ដោយ ដោយ​ផ្តល់​ក្តី​សង្ឃឹមថា​អាចមាន​មធ្យោបាយ​ដើម្បី បញ្ចៀស​សង្គ្រាម​។ទោះជា​យ៉ាងណា ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បានព្រមាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ថា​ មានលទ្ធភាពច្បាស់ដែល​​រុស្ស៊ី​អាច​ចាត់វិធានការ​យោធា ម​កលើ​អតីត​រដ្ឋ​សូ​វៀត​នៅក្នុង​ខែកុម្ភៈ​។ ប៉ុន្តែ​រុស្ស៊ីបាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា​ គ្មាន​ផែនការ​បែបនេះ​ទេ​។ លោក​ប្រធានាធិបតី Zelenskyy បាន​ព្យាយាម​កាត់បន្ថយ​ការព្រួយបារម្ភនៃ​សង្គ្រាមដោយបាន​និយាយថា ការប្រកាសអាសន្ន​រប​ស់​ប្រទេស​លោកខាងលិច​អំពី​ការឈ្លានពាន បាន​ជំរុញ​អ្នកវិនិយោគ​នៅក្នុង​ទីផ្សារហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​ឱ្យ​ដក​ប្រាក់​ចេញ៕អត្ថបទ៖ ប៊ុនថន

អាមេរិក និង​រុស្ស៊ី​ព្រមាន​គ្នា​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​ត្រៀម​ធ្វើសម​យុទ្ធ​ជាមួយ​បេឡា​រុស្ស​

2022/01/28 09:54:33 pm        651
​អ៊ុយក្រែន៖ ស្ថានភាព​នៅ​តំបន់​ព្រំដែន​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នពុំមាន​សញ្ញា​ថមថយ​ឡើយ ទោះ​មាន​ជំនួប​ជាច្រើនលើក​កាលពីពេល​ថ្មីៗនៅ​ខែ​នេះ​ក៏ដោយ។ សហរដ្ឋអាមេរិក និង​រុស្ស៊ី​នៅតែ​បន្ត​ការ​ព្រមាន​គ្នា​ទៅវិញ​ទៅមក និង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ផង​ដែរ ជាក់ស្ដែង​នៅ​សប្ដាហ៍​នេះ វិមាន​ក្រឹម​ឡាំង​បាន​ចង្អុល​មុន​ក្រុង​វ៉ា​ស៊ីន​តោ​ថា ​បាន​ដុត​បញ្ឆេះ​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​ពាក់ព័ន្ធ​វិបត្តិ​​អ៊ុយ​ក្រែ​ន​។​​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​តែង​គំរាម និង​ព្រមាន​រុស្ស៊ី​ដដែល​លើ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លើ​លោក Putin ផ្ទាល់​តែម្ដង ហើយ​ថា​បើ​រុស្ស៊ី​បើកភ្លើង​ខៀវ​ឲ្យ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មែន​នោះ រុស្ស៊ី​នឹង​ជួប​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត។​ ​កាលពី​ជំនួប​កន្លងទៅ​តាម​ទូរស័ព្ទ លោក​ប្រធានាធិបតី​រុស្ស៊ីក៏បាន​ព្រមាន​លោក​ប្រធានាធិបតី Joe Biden ផង​ដែរ​ថា ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២​ អាច​ដួល​រលំ ប្រសិនបើ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ព្រោះតែ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ ខណៈ​ភាព​តានតឹង​ជាមួយ​អ៊ុយ​ក្រែ​ន​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង ប្រទេស​រុស្ស៊ី​បានប្រកាសថា ខ្លួន​នឹងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​បេឡា​រុស​នៅ​ខែក្រោយ។​មុន​សមយុទ្ធ​ចូលមក​ដល់រុស្ស៊ី​បាន​បញ្ជូន​កងទ័ព និង​យោ​ទ្ធោ​បក​រណ៍​ជា​បណ្ដើរៗទៅកាន់​ប្រទេស​បេឡា​រុស្ស ដែល​ធ្វើ​ឲ្យលោកខាងលិច និង​​សហរដ្ឋអាមេរិកបារម្ភ​កាន់តែខ្លាំង​ថា​ សកម្មភាព​នោះនឹង​នាំទៅរក​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​យ៉ាងពិត​ប្រា​កដ ​ទោះបីជា​រុស្ស៊ី​បានបញ្ជាក់​ហើយ​បញ្ជា​ក់ទៀតថា ខ្លួន​គ្មាន​គម្រោង​វាយប្រហារ​ឬ​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​ទេ​យ៉ាងណាក៏ដោយ។ ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិកបាន​ដឹកជញ្ជូនជំនួយយោធា​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន។ មិនមែន​មានតែ​អាមេរិកទេ កាលពី​សប្ដាហ៍​មុន​ចក្រភព​អង់គ្លេស​ក៏បាន​ដឹកជញ្ជូន​ជំនួយ​យោធា​ ទៅកាន់ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ៕​អត្ថបទ៖ សុខមាន

ព្យុះ Ana សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង

2022/01/28 09:30:00 pm        425
​អាហ្វ្រិក​ខាងត្បូង៖ អាហ្វ្រិក​ខាងត្បូង​បាន​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់បណ្ដាល​ឲ្យ​មនុស្ស​ជាង ៧០​នាក់​ស្លាប់​នៅ​ទូទាំង​តំបន់​បង្ក​ដោយ​ព្យុះ​ត្រូពិច Ana​។ ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​បាន​ឃើញ​មនុស្ស​ស្លាប់​យ៉ាងតិច ៤៨​នាក់ និង​មនុស្ស ១៣០.០០០​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ចេញពី​លំនៅឋានរបស់​ពួកគេ​ទៅកាន់​ទីជម្រក​បណ្តោះ​អាសន្ន​។ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ចំនួន ១៨​នាក់​។ ប៉ុន្តែ​មន្ត្រី​នៅ​ទីនោះ​និយាយ​ថា ​ចំនួន​ពិត​នៅ​មិនទាន់​ដឹង​នៅឡើយ ខណៈ​មនុស្ស​ ២០.០០០​នាក់​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​។ ​ស្នងការ​ទទួលបន្ទុក​គ្រោះ​មហន្តរាយ​ម៉ាឡាវី​បាន​និយាយ​ថា អាហារ និង​ទីជម្រក​គឺ​ត្រូវការបន្ទាន់​បន្ទាប់ពី​ការបំផ្លាញ​បង្កឡើង​ដោយ​ព្យុះ​ត្រូ​ពិ​ក Ana​។ យ៉ាងហោចណាស់​មនុស្ស​ ១៩​នាក់​ស្លាប់ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​អាជ្ញាធរ ខណៈ​មនុស្ស​ជាង ១៩០​នាក់​ផ្សេងទៀត​ត្រូវ​បាន​រាយការណ៍​ថា​រង​របួស​ធ្ងន់​នៅ​ក្នុង​ស្រុក​ចំនួន​១៥ បន្ទាប់ពី​រយៈពេល​ជាង ​១​សប្តាហ៍​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​យោង​តាម​ក្រសួង​កិច្ចការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជាង ២០០​,០០០​នាក់មកពី​គ្រួសារ​ចំនួន​ ៤៨,០០០​គ្រួសារបាន​ទទួលរង​ផល​ប៉ះពាល់ ហើយ​ជាច្រើន​គ្រួសារ​ទៀត​ផ្លាស់​ទីលំនៅ​។ ស្នងការ​ទទួលបន្ទុក​កិច្ចការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និយាយ​ថា ​តាម​ការ​ព្យាករណ៍​ពីការិយាល័យ​សេវាកម្ម​ឧតុនិយមភ្លៀង​នឹង​នៅតែ​បន្ត​ធ្លាក់ ​ហើយ​ប្រជាជន​ត្រូវការ​ទីកន្លែង​ដើម្បីស្នាក់នៅ ប៉ុន្តែ​យើង​ត្រូវការ​អាហារដើម្បី​ផ្តល់​ឲ្យ​ប្រជាជន​ទាំងអស់​ដែល​កំពុង​នៅ​ក្នុង​ជំរំ​។ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​អាហារ​ ទៅកាន់​តំបន់​រងផល​ប៉ះពាល់​ត្រូវ​បាន​រារាំង​ដោយ​ទឹកជំនន់​៕អត្ថបទ៖ ប៊ុនថន

វិបត្តិ​អ៊ុយ​ក្រែ​ន​ទាញ​លោក Biden និង​លោក Putin ឲ្យ​ធ្លាក់​ចូល​ជម្លោះ​ផ្ទាល់ខ្លួន ខណៈ​អាមេរិក​ព្យាយាម​រារាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី

2022/01/27 06:33:13 pm        787
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​បំផុត​ថា វិស័យ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រុស្ស៊ី ព្រមទាំង​មេដឹកនាំ​រុស្ស៊ី​ខ្លួនឯង​ផង​គឺ​លោក Vladimir Putin អាច​ប្រឈម​នឹង​ទណ្ឌ​ក​កម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុតដែល​រុស្ស៊ី​មិន​ធ្លាប់​ជួប​ ប្រសិនបើ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​បញ្ជាក់​ថា សម​ភាគី​រុស្ស៊ីអាច​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ផ្ទាល់ខ្លួន បើ​ក្រុង​មូ​ស្គូ​បើកភ្លើង​ខៀវ​ឲ្យ​កងកម្លាំង​របស់​ខ្លួន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។រុស្ស៊ីមាន​កងទ័ព​ប្រមាណ ១០ម៉ឺននាក់ និង​យុទ្ធោបករណ៍ប្រចាំការ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន និង​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បារម្ភ​កាន់​តែខ្លាំង​ថា រុស្ស៊ី​កំពុង​រៀប​ផែនការ​ឈ្លានពាន បើទោះបីជា​ក្រុង​មូ​ស្គូច្រានចោល​ដដែលៗក៏ដោយ​។ ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​និយាយ​រួច​មក​ហើយ​ថា ប្រទេស​រុស្ស៊ី​នឹង​ទទួលរង​ទណ្ឌកម្ម​ថ្មី​ទៀតលើ​បុគ្គល និង​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខ្លួន បើ​ឈ្លានពានអ៊ុយ​ក្រែ​ន​មែន​នោះ​។ រុស្ស៊ី​ធ្លាប់​បាន​ទទួលរង​ការ​ដាក់ទណ្ឌកម្ម​រួច​ទៅ​ហើយទៅលើ​វិស័យ​ជាច្រើន​ដូចជា៖ ថាមពល ហិរញ្ញវត្ថុ និង​វិស័យ​ការពារ​ជាតិ​ដោយសារ​តែ​យក​តំបន់​គ្រី​មៀ (Crimea) របស់​អ៊ុយ​ក្រែ​ន​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ២០១៤៕អត្ថបទ៖ សុខមាន  

ប្រមុខ ​WHO និយាយ​ថា ពិភពលោក​អាច​បញ្ចប់​គ្រាអាសន្ន​នៃ​វីរុស COVID-19 នៅ​ឆ្នាំនេះ​

2022/01/26 07:02:25 pm        1796
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ភព​ផែនដី​នេះ​អាច​បញ្ចប់​គ្រាអាសន្ន​បង្ក​ឡើង​ដោយ​វីរុស​រាតត្បាត​សកល Covid-19 នៅ​ឆ្នាំនេះ ទោះបីជា​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​គ្រប់គ្នា​រៀងរាល់ ​១២​វិនាទី​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។ ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រាប់​គណៈកម្មការ​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ​ថា យើង​អាច​បញ្ចប់​វីរុស​រាតត្បាត​សកល Covid-19 ដែល​គ្រាអាសន្ន​សុខភាព​សាធារណៈ​សកល ហើយ​យើង​អាច​បញ្ចប់​បាន​នៅ​ឆ្នាំនេះ។​លោក​បាន​ព្រមាន​ថា ដើម្បី​បញ្ចប់​វា​បាន​ប្រទេស​នានាចាំបាច់​ត្រូវ​ធ្វើការ​ឲ្យ​កាន់តែ​សកម្មភាព​ថែមទៀត ដើម្បី​ធានា​ឲ្យ​បាន​នូវ​សមភាព​វ៉ាក់សាំង និង​ការ​ព្យាបាល ការ​តាមដាន​វីរុស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី និង​បន្ត​ការ​អនុវត្តន៍​វិធានការ​រឹតត្បិត។​ អង្គការ​សុខភាព​ពិភពលោក​បានទទូច​ដដែលៗ​ជាច្រើន​ខែ​មក​ហើយ​ថា សូម​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក​បង្កើន​ការ​បរិច្ចាគ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ ដោយ​អំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​យ៉ាងហោចណាស់​ ៧០% នៃ​ចំនួន​ប្រជាជន​របស់​ខ្លួននៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។​​លោក​ Tedros និយាយ​ថា ចំនួន​ពាក់កណ្ដាល​នៃ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក ពុំបាន​ឈាន​ដល់​គោលដៅ​ដែល​ធ្លាប់​បាន​សន្យា​នៃ​ការ​ចាក់​វ៉ាក់សាំង ៤០​% ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ដំណាច់ឆ្នាំ២០២២​ នេះ​ទេ ហើយ ៨៥% នៃ​ប្រជាជន​នៅ​ក្នុង​អាហ្វ្រិក​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​សូម្បី​មួយ​ដូ​ស​។ លោក​ថា យើង​មិន​អាច​បញ្ចប់​ដំណាក់កាល​គ្រាអាសន្ន​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​បានទេ លុះ​ត្រា​យើង​បាន​ឈាន​ដល់​ចំណុច​នេះ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ
08/12/2026 09:08 PM
ពលរដ្ឋព័រតូរីកូស្វែងរកទឹក ស្របពេលគ្រោះរាំងស្ងួត បង្កការរឹតត្បិតការបែងចែកទឹកប្រើប្រាស់ប្រចាំថ្ងៃ
08/12/2026 09:08 PM
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
08/12/2026 08:08 PM
ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
08/12/2026 08:08 PM
ផេះពីបន្ទុះភ្នំភ្លើង Etna នាំឲ្យបិទអាកាសយានដ្ឋានអ៊ីតាលី និងបង្អាក់រដូវកាលដើរកម្សាន្ត
08/12/2026 08:08 PM
មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ បំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់ ដើម្បីពិភាក្សាលើផែនការរំសាយអាវុធក្រុមប្រដាប់អាវុធ
08/12/2026 08:08 PM
IEA កាត់បន្ថយការព្យាករតម្រូវការប្រេងឆ្នាំ ២០២៦ម្តងទៀត ស្របពេលច្រកសមុទ្រ Hormuz នៅតែបិទ
08/12/2026 08:08 PM
យន្តហោះ C919 របស់ចិន ធ្វើការហោះហើរពាណិជ្ជកម្មអន្តរជាតិជាលើកដំបូង
08/12/2026 08:08 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនបាន​ពិភាក្សាអំពីការបន្តបទឈប់បាញ់ទេ​ ​
08/12/2026 08:08 PM
ការវាយប្រហារយានដ្រូនអ៊ុយក្រែន បង្កការខូចខាត ស្លាប់មនុស្សនៅទីក្រុង Novorossiysk របស់រុស្ស៊ី
08/12/2026 08:08 PM