សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព

2025/06/26 11:28:14 pm        781
ភ្នំពេញ៖ ផ្ញើសារពីទឹកដីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ថ្លែងថា​សារព័ត៌មាន​ថៃ​​បន្ត​ផ្សាយ​ព័ត៌​មាន​បំភ្លៃ​ការ​ពិត​ថា សម្ដេចបានដកអគ្គបញ្ជាការកងទ័ព និង​តែង​តាំង​ខ្លួន​ឯង​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​ ដើម្បី​ត្រៀម​វាយ​ថៃ។ សម្ដេចផ្ដាំទៅវិញថា «បើឆ្កួតសូមឆ្កួតតែពួកឯងចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទីពីរ​បន្ទាប់​ពី​ព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ព មន្ត្រីរាជការ និង​ប្រជាជន​ភៀស​សឹក​នៅ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់​ខ្ញុំ​មិន​មក​ចេញ​បញ្ជា​ជំនួស​ឲ្យ​នាយក​រដ្ឋ​មន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការ​មក​សួរ​សុខ​ទុក្ខ​លើក​ទឹក​ចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារ​ទឹកដី​»។​សម្ដេចតេជោបានបញ្ជាក់ថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំ​ពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខ​នាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។សម្ដេច​តេជោបានសរសេរបញ្ជាក់ថា សារព័ត៌មានថៃ​មួយ​បាន​ចុះ​ផ្សាយ​ថា​ខ្ញុំ​ដក​អគ្គ​បញ្ជា​ការ​កង​ទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថា បើឆ្កួត​សូម​ឆ្កួតតែ​ពួក​អ្នក​ឯងចុះ។ ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ។ តើ​មាន​ការ​ចាំបាច់​ទេ​ដើម្បី​ទៅ​ធ្វើ​ជា​អគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏​ខ្ញុំ​មិន​បន្ត​ធ្វើ​ដែរ​នោះ?​។ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត៕

សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព

2025/06/26 09:16:43 pm        370
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ, ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ, កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ជាមួយគ្នានេះ, សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព, ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក, កងកម្លាំងនគរបាលជាតិរបស់យើង បានសម្រេចស្នាដៃជាច្រើន ក្នុងការរក្សាសន្តិសុខ ផ្ទៃក្នុង, ការបង្ការ, ការទប់ស្កាត់, ការបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម និងការបង្រ្កាបបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, សកម្មភាពវិច្ឆេទកម្ម, វិទ្ធង្សនា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន, ការជួញដូរមនុស្សគ្រប់ទម្រង់, ល្បែងស៊ីសងខុសច្បាប់, សកម្មភាពក្មេងទំនើង, ការដាក់ ចេញវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងស្ថិតនៅលើរបត់នៃការកែទម្រង់ដ៏ត្រឹមត្រូវ ប្រកប ដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដែលគួរឱ្យកោតសរសើរ និងលើកទឹកចិត្ត។ ជាមួយគ្នានេះដែរ, ការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ក៏ទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង, ទោះបីជាមានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួន ក៏ដោយ។ ចំពោះការលំបាក និង បញ្ហាប្រឈមទាំងនេះ, យើងនឹងបន្តរួមគ្នាដោះស្រាយជាបន្តបន្ទាប់ តាមដំណាក់កាល, តាមលំដាប់នៃអាទិភាព និងតាមលទ្ធភាពជាក់ស្ដែង។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីតួនាទីដ៏សំខាន់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាអង្គភាពបណ្តុះបណ្តាលធនធានមនុស្សបន្តវេន តាមរយៈការអប់រំបណ្ដុះបណ្ដាលប្រកបដោយគុណភាព, សមត្ថភាព និងងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់សង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន ណែនាំសមាជិកក្រុមប្រឹក្សាមានភាពជិតស្និទ្ធជាមួយ​អង្គបោះឆ្នោត និង​បម្រើ​ពលរដ្ឋ​ឲ្យបានល្អ

2025/06/26 06:29:13 pm        362
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដដែលនេះ បន្ទាប់ពីអញ្ជើញជួបប្រជុំជាមួយ​មេ​បញ្ជា​ការ​អង្គភាព​ចំណុះ​ទិស​ទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្ត​ឧត្តរ​មាន​ជ័យ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ ខេត្ត​ឧត្តរមានជ័យចំនួន ២៤៨នាក់ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​ឧត្តរ​មាន​ជ័យ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ស្រុក​ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ​បាន​លើក​ឡើង​ថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល​សម្តេច​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ​ឆ្នោត​អោយ​ទៀត​។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច​ចង់​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​អោយ​បា​ន​ល្អ។​សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល​ខំ​ប្រឹង​ដើម្បី​ប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុង​ឱកាស​នោះ​សម្តេច​ក៏​បាន​បញ្ជាក់​ជូន​បន្ថែម​ទៅ​ដល់​ក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព​នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ​យ៉ាង​ណាក៏​ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ​ជា​កាលា​នុវត្តភាព​។សម្តេចតេជោ បានណែនាំដល់ក្រុ​ម​ប្រឹក្សា​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង​ខេត្ត​ហើយ​កង​ទ័ព​ នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋអោយមានការដាំដុះ ដើម្បីផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធ​នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់​អាវុធ​អាច​តម្រូវ​ការយូរអង្វែង។សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។ សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេនដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស។ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោកលោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង​កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយ​ខ្លួន​ឯង​ ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស​ថៃ​បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ​ស៊ី​ជា​ដើម​ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទាក់ទងនឹង​ព្រំដែន​ជា​មួយ​ថៃយើងមិនទាន់បានបោះព្រំដែនជាមួយគ្នានោះទេ ខណៈជាមួយវៀតណាមបាន ៨៤ ភាគរយ និងឡាវ ៨៦ ភាគរយហើយ។ព្រំដែន​កម្ពុជា-ថៃមានប្រហែលជាង​៨០០​គីឡូម៉ែត្រ​ហើយ​យក​តែ​៥០​គីឡូម៉ែត្រ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ យើងមិនបានសុំគេដើម្បីមិនវ៉ៃគ្នាទេ តែសុំចរចាដោយសន្តិវិធី។ ធម្មតា​ចោរ​ខ្លាច​ច្បាប់។ កម្ពុជាមិនប្រើផែនទីចោរនោះទេ៕

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រកាសទទួលយកសំណើជាអគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

2025/06/26 05:04:25 pm        508
ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង។សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ។សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម ។គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ៕

សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់កងទ័ពទាំងឡាយថា កុំខ្លាចចំពោះការវាយប្រហារ​នឹង​សត្រូវ​ដែល​ឈ្លានពានយើងឲ្យសោះ

2025/06/26 04:33:36 pm        1256
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រាប់​ទៅ​កាន់​កង​ទ័ព​ទាំង​អស់​ថា កុំខ្លាចចំពោះការវាយប្រហារ ឬវាយបកទៅនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ ខណៈ​ការលើកឡើង​របស់សម្តេចតេជោនេះ គឺបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២៥នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាម​សំណើរ​របស់​មេបញ្ជាការទាំងឡាយរបស់កងទ័ពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ទទួល​បន្ទុក​ជា​អគ្គ​ភស្តុភា​ជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា ខណៈ​ការ​ទទួល​នេះ​គឺ​ស​បញ្ជាក់​ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​គ្រប់​រូប ជាពិសេស​គឺ​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​កងទ័ព​របស់​យើង​ដែល​កំពុង​ប្រឈម​មុខ​នឹង​សត្រូ​វ​។ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងទៀតថា «សម្តេចតេជោបានប្រាប់ទៅកងទ័ពទាំងឡាយថា កុំ​ខ្លាច​ក្នុង​ការវាយប្រហារ​ដល់សត្រូវដែលឈ្លានពានមកលើយើង»៕

សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងក្នុងវិស័យស្រូវអង្ករជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​

2025/06/25 10:48:01 pm        353
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។សូមជម្រាបថា វិស័យស្រូវអង្ករ ក៏ដូចជាវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីតែងតែជំរុញ និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ និងសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ៕

TOP STORY សម្ដេចតេជោផ្ដាំទៅចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខណៈសម្ដេចស្មានដឹងថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ

2025/06/25 12:35:39 am        461
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសារឆ្លើយតបទៅក្រុមចោរសៀម ដែលបានចូលមកអុកឡុងក្នុងហ្វេសប៊ុករបស់សម្ដេចនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៥នេះ ដោយសម្ដេចតេជោ បានផ្ដាំទៅចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខណៈសម្ដេចស្មានដឹងថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ។ សម្ដេចតជោ បានសរសេរឆ្លើយតបទៅកាន់ចោរសៀមវិញថា ចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងផែនទីនោះផង និងកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីលួចដីខ្មែរ។សម្ដេចតេជោ បានបញ្ជាក់ថា ការបង្ហោះរបស់សម្ដេចនៅថ្ងៃនេះ សម្ដេចចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ?សម្ដេចតេជោ បន្តថា តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។ សម្ដេចបន្តថា ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។សម្ដេចតេជោបញ្ជាក់ថា៖«តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕

សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ

2025/06/24 10:55:30 pm        492
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះរូបកូនៗប្រុសស្រីរបស់សម្ដេចដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។ក្នុងឱកាសនោះសម្ដេចតេជោ បានមានប្រសាសន៍បែបកំប្លែងភ្ជាប់ទៅកាន់រូបថតថា បងប្អូនប្រុស៣នាក់នេះម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាល ហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។សម្ដេចតេជោមានប្រសាសន៍ថា បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅស្លៀកស៊ីវិលក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។សម្ដេចតេជោបានរម្លឹកថា៖«កាលពីតូចសក់ច្រើនជាងគេ ពេលនេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ»។សម្ដេចតេជោបានបញ្ជាក់ថា៖«ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ»៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនៅខេត្តព្រះវិហារដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្ត

2025/06/24 01:31:27 am        326
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ចំនួន ១២៨២ គ្រួសារស្មើនឹង ៣៨៥០ នាក់។អំឡុងអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពល រដ្ឋ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។សម្ដេចធិបតីបន្ថែមថា នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពល រដ្ឋទាំងនោះ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេ យ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោ យនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់ជាស្ថាពរជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕ដោយ៖ គង់ ឌិន​

មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

2025/06/23 11:16:42 pm        262
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ជាការឆ្លើតយប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាដែនដីអាណាចក្រដ៏រុងរឿងមួយរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហេីយជប៉ុនក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និង ជប៉ុន ព្រមទាំងសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់កងទ័ពស័្វយការពារជេីងគោកជប៉ុន ដែលបានផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍, ជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ជាដើម។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM