សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

ក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ នឹងបន្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន

2025/05/30 03:40:57 am        154
ភ្នំពេញ ៖@ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមប្រឹក្សាក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពការងាររបស់ក្រុមប្រឹក្សា ដែលផ្តោតសំខាន់លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ លោកប្រធានក្រុមប្រឹក្សាមានជំនឿយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចបវរធិបតី មកកាន់ប្រទេសជប៉ុននាពេលនេះ, ទំនាក់ទំនងកម្ពុជា-ជប៉ុន​ នឹងកាន់តែត្រូវបានជំរុញបន្ថែមទៀត ហើយក្រុមប្រឹក្សាក៏នឹងចូលរួមចំណែកបន្ថែមដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនផងដែរ។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សា និងសហការី។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការទូតសេដ្ឋកិច្ច ដែលក្រៅពីទំនាក់ទំនងលើផ្នែកនយោបាយ និងសន្តិសុខ, ការទូតសេដ្ឋកិច្ច គឺជាកត្តាសំខាន់ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាមួយចំនួន នៅពេលដែលទំនាក់ទំនងនយោបាយជួបប្រទះបញ្ហា។ សម្តេចបវរធិបតីក៏បានរំឭកអំពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងនៅកម្ពុជា នៅចុងឆ្នាំ១៩៩៨។ សម្តេចបានបញ្ជាក់ថា មុំមួយនៃយុទ្ធសាស្ត្រត្រីកោណ គឺការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក​ ដូចជា​៖ ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ សមាជិកពេញសិទ្ធិអាស៊ាន ជាដើម។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពី គោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា​ គឺនយោបាយការទូតសេដ្ឋកិច្ច ដែលជាគោលនយោបាយបើកចំហ, ស្វាគមន៍ការវិនិយោគ និងធុរកិច្ច ពីគ្រប់បណ្តាប្រទេស ហើយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម ក្នុងខណៈដែលពិភពលោកកំពុងមានការប្រែប្រួលឥតឈប់ឈរ៕

​ក្នុងជំនួបជាមួយសម្ដេចធិបតីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រកាសបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា

2025/05/30 01:01:06 am        135
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization-JETRO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានចូលរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ នាថ្ងៃនេះ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុន-សហគ្រាសជប៉ុន និងកម្ពុជា​។ លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីគម្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការ JETRO ដែលនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប​ មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាពេលខាងមុខ​។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលបានចូលរួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ សម្ដេចបវរធិបតី ចាត់ទុកវេទិកានេះជាយន្តការដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងធុរជនកម្ពុជា-ជប៉ុន​ ក៏ដូចជាការផ្សព្វផ្សាយនូវឱកាសវិនិយោគ និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការបន្តយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងវិស័យឡូជីស្ទីក​ ដូចជា បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ ជាដើម។ សម្ដេចបវរធិបតី ក៏បានលើកឡើងអំពីការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកសម្រាប់វិនិយោគិនជប៉ុន ដែលនឹងជាគំរូថ្មីមួយនៃការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលមានឯកទេសកម្ម ទៅតាមប្រភេទឧស្សាហកម្ម ឬ ប្រទេសជាក់លាក់។សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគ​នៅកម្ពុជា។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យអង្គការ JETRO បន្តដើរតួនាទីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនជប៉ុន និងកម្ពុជា និងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ឱ្យកាន់តែកើនឡើងថែមមួយកម្រិតទៀត៕

ក្រុមហ៊ុន Shinto Holdings Inc., បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)

2025/05/30 12:32:59 am        136
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដេីម។ បច្ចុប្បន្ន, ក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារហ៊ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មជាច្រើនពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្នុងប្រទេសជប៉ុន។ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន (ការកែច្នៃសំណល់)​ និងបញ្ញាសិប្បនិម្មិត (AI)។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍ និងសម្តែងក្តីសោមនស្សរីករាយដែលបានជួបជាមួយលោកប្រធានក្រុមហ៊ុន និងសហការីក្នុងឱកាសនេះ។ សម្ដេចបវរធិបតីបានលើកឡើងថា កម្ពុជាមានគោលនយោបាយបើកចំហ និងស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពផងដែរ។ សម្ដេចបវរធិបតីបានបន្ថែមថា ស្របពេលដែលកំណើនប្រជាជនបន្តកើនឡើង និងការរីកលូតលាស់នៃនគរូបនីយកម្មនៅតាមទីក្រុង-ប្រជុំជន, រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតអាទិភាពលើការវិនិយោគដែលគាំទ្រដល់កិច្ចការពារបរិស្ថាន ដែលរួមមានការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយដៃគូវិនិយោគក្នុងស្រុក ដេីម្បី​ចាប់ឱកាសវិនិយោគជាក់ស្តែងលេីវិស័យខាងលេីនេះ។

ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ

2025/05/30 12:27:59 am        158
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី, ប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតនាពេលអនាគត។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធនឹងការកែច្នៃសំណល់។ លោកក៏បានគោរពជម្រាបពីគោលបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាមិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ពោលគឺនៅពេលដែលកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែរីកចម្រើន និងចំនួនប្រជាជនកាន់តែកើនឡើង តម្រូវការក្នុងការប្រើប្រាស់ទឹក និងការបញ្ចេញសំណល់ក៏កើនឡើងដូចគ្នាដែរ។ ក្នុងន័យនេះ, ការវិនិយោគលើការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់៕

សម្ដេចធិបតី អញ្ជើញវិនិយោគិនជប៉ុនមកបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ការផលជាច្រើនដល់ការវិនិយោគនៅកម្ពុជា

2025/05/30 12:23:59 am        145
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការ ធុរកិច្ចកម្ពុជា-ជប៉ុន នៅល្ងាចថ្ងៃ ទី២៩ ខែឧសភា ២០២៥នេះ ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញវិនិយោគិនជប៉ុនមកសិក្សាដោយផ្ទាល់ និងបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ការអនុគ្រោះជាច្រើនដល់វិនិយោគិន និងវិស័យឯកជនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ ​មានប្រសាសន៍ទៅកាន់វិនិយោគិនជប៉ុនដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-ជប៉ុន ដែលមានវិនិយោគិនចូលរួមជិត ៣០០ នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុននោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបង្ហាញបទពិសោធន៍ផ្ទាល់ដែលក្រុមហ៊ុនជប៉ុនបានទៅបណ្ដាក់ទុននៅកម្ពុជានឹងកំពុងទទួលបានផ្លែផ្ការជាច្រើនពីឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបានលើកឧទាហរណ៍ ក្រុមហ៊ុនតូយូតាដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្ដើមផ្ដល់សេវានៅឆ្នាំ ១៩៩៣ (មានរយៈពេល)ជាង៣១ឆ្នាំ្ហហើយ។ ខណៈក្រុមហ៊ុននេះបានចាប់ផ្ដើមពីក្រុមហ៊ុនដែលផ្ដល់ត្រឹមតែសេវាជួសជុល ដោយសារកាលនោះមានឡានតូយូតាច្រើនជា ត្រូវបាន អ៊ុនតាក់ប្រើប្រាស់។ ឥឡូវបានឈានដល់ការបង្កើតរោងចក្របង្គុំ និងផលិតរថយន្តថែមទៀត។ នេះគឺជានិមិត្តរូបដែលកម្ពុជាចង់បាន និងជាអ្វីដែលថារាជរដ្ឋាភិបាលខិតខំទាក់ម៉ូយវិនិយោគិនថ្មី។  ក្នុងឱកាសនោះសម្ដេចធិបតីបានបង្ហាញពីផលផ្សេងៗដែលវិនិយោគិនមកកាន់កម្ពុជាទទួលបានដូចជា ទី១. បរិយាកាសនយោបាយ ប្រកបដោយស្ថិរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបានសម្រាប់វិនិយោគរយៈពេលវែង។ ទី២.ការចូលរួមដោយផ្ទាល់ជាមួយវិនិយោគិននៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ទី៣. រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយដែលអំណោយផលដល់វិយោគិនដូចជា ច្បាប់ស្តីពីការវិនិយោគ ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ គឺអនុញ្ញាតឱ្យមានការរួចពន្ធដល់ ៥ឆ្នាំសម្រាប់វិស័យអទិភាព ក្នុងនោះការរៀបចំ និងការគ្រប់តំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ការកែសម្រួលនិតិវិធីរដ្ឋបាល។ ទី៤. កម្ពុជាមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារដ៏ទូលំទូលាយ និងទី៥. កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ប្រកបដោយចីរភាព និងមានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពខ្ពស់ សម្របខ្លួនទៅឧស្សាហកម្មទំនើប៕អត្ថបទ៖ វ៉ន ដារ៉ា

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបមេទ័ពថៃ បើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ

2025/05/29 11:04:22 pm        1161
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕

TOP STORY សម្តេចតេជោ មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ ប៉ុន្តែគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលបញ្ជូនកងទ័ពទៅកាន់ព្រំដែនកម្ពុជា-ថៃដើម្បីការពារខ្លួន

2025/05/29 04:29:44 am        294
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់ទុកសកម្មភាពរបស់ទាហានថៃ ដែលចូលមកវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ថាជាការឈ្លានពាន និងបានថ្កោលទោសចំពោះសកម្មភាពបែបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ ប៉ុន្តែសម្តេចគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន ក្នុងករណីមានការឈ្លានពាន បែបនេះបន្តទៀត។តាមរយៈបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពានថៃ។សម្តេចបានបញ្ជាក់ថា៖ «ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្ត ឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែល ជាមួយការឈ្លានពាន កាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ»។សម្តេចបានបន្តថា៖ «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើនៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ព ជើងគោកនៃប្រទេសទាំងពីរនិងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថា នឹងមិនមានភាពតានតឹង ទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់ កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍ នៃប្រទេសទាំងពីរនោះឡើយ»។សម្តេចតេជោប្រធានព្រឹទ្ធសភា បានអំពាវនាវបងប្អូនជនរួមជាតិមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។សម្តេចបានបញ្ជាក់ថា «យើងស្អប់សង្គ្រាមតែយើងបង្ខំចិត្តត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ៣គឺយោធា ការទូតនិងផ្លូវច្បាប់»៕

ធនាគារJBIC បង្ហាញចំណាប់អារម្មណ៍សហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

2025/05/29 04:23:14 am        105
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​ (Japan Bank for International Cooperation-JBIC) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ​ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ​ JBIC បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកប្រធានធនាគារ​ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគា​រ​ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោក។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ​ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ចំណាប់អារម្មណ៍របស់ធនាគារ​ JBICនឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យធនាគារ​ JBIC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនានា​នៅកម្ពុជា។

ក្រុមហ៊ុន Minebea ៖ កម្ពុជាគឺជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ

2025/05/29 03:44:11 am        134
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ​​ ពីថ្ងៃទី២៨-៣១​ ខែឧសភា​ ឆ្នាំ២០២៥​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារ ជាង ២,០០០កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងសេចក្តីសោមនស្សដែលបានជួបលោកប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដងទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។ សម្តេចបវរធិបតីបានមានប្រសាសន៍ថា ភាពជោគជ័យនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ​ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងសម្រាប់វិនិយោគិននៅកម្ពុជា៕

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បង្ហាញបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

2025/05/29 03:31:03 am        153
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., និងសហការីចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១​ ខែឧសភា​​ ឆ្នាំ២០២៥​ ​នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចបវរធិបតីបានបន្ថែមថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំងប្រទេស។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM