ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំរម្លឹកគរុនិស្សិតឱ្យខិតខំរៀនសូត្រ និងរក្សាឧត្តមភាពជាគ្រូបង្រៀន

2025/04/03 11:59:14 am        256
មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់គរុនិស្សិតដែលកំពុងសិក្សា ឱ្យ​បន្ត​ខិត​ខំ​ប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទំាងបច្ចេកទេសគរុកោសល្យថ្មីៗ ដើម្បី​ក្លាយ​ខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទ​នៃ​ការ​រីក​ចម្រើន​របស់​សង្គម ជាពិសេសចូលរួមរក្សាឱ្យបាននូវឧត្តមភាពជាគ្រូបង្រៀន។ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍អប់រំស្តីពី ស្នាដៃស្រាវជ្រាវ​របស់​គរុនិស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ​វិជ្ជាជីវៈ​គ្រូ​បង្រៀន​កម្រិត​ឧត្តម ជំនាន់ទី២ នៅព្រឹកថ្ងៃទី៣ ខែមេសានេះ បានមានប្រសាសន៍ថា ចំណុច​ស្នូល​ដែល​គ្រូបង្រៀនល្អមាន គឺគុណវុឌ្ឍិរឹងមាំ និងទូលំទូលាយ, សម្បទាគរុកោសល្យ, បទ​ពិសោធ​ការងារ, ភាសាបរទេស បច្ចេកវិទ្យា ស្រាវជ្រាវជាប្រចាំ ដោយបណ្តុះស្មារតី​ការ​សិក្សា​ពេញ​មួយ​ជីវិត និងសីលធម៌វិជ្ជាជីវៈវិជ្ជាជីវៈជាដើម។ ឯកឧត្តម បានជំរុញ​លើក​ទឹក​ចិត្ត​ដល់​គរុនិស្សិត​ទំាង​អស់​ត្រូវ​រក្សាឱ្យបាននូវកិត្តិនាម កិត្តិស័ព្ទ កិត្តិគុណ កិត្តិយស ដែលយើងជាគ្រូ​ត្រូវ​រក្សា​អោយ​បាន​នៅ​ឧត្តមភាពទាំងនេះ។ ហើយត្រូវប្រកបដោយគុណវុឌ្ឍ សប្បទាគរុកោសល្យ និងជា​គ្រូ​បង្រៀន​ត្រូវ មានសិល្បៈនៃការបង្រៀន និងបែបវិទ្យាសាស្រ្ត ដល់សិស្ស។ទាក់ទិនការរៀបចំពិព័រណ៍អប់រំស្តីពី ស្នាដៃ​ស្រាវជ្រាវ​របស់​គរុ​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ​វិជ្ជា​ជីវៈ​គ្រូ​បង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយក​វិទ្យាស្ថានជាតិអប់រំ បានមានប្រសាសន៍ឲ្យដឹងថា មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់​ទី​៥ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងបណ្តុះទម្លាប់ ស្មារតី និងបង្ហាញស្នាដៃស្រាវជ្រាវ ដែល​គរុនិស្សិត បានរកឃើញជូនដល់សាធារណៈជន និងភាគីពាក់ព័ន្ធ ក៏ដូចជា​បង្កើត​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព ក្នុងការស្រាវជ្រាវ ទៅលើការបង្រៀន និងអនុវត្តជាក់ស្តែង។ក្រុមគរុនិសិ្សត បានអំពាវនាវសាធានជនទូទៅទាំងអស់ សូមចូល​រួម​ពិព័រណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះ​ករ​ ដើម្បីទស្សនាការតាំងបង្ហាញស្នាដៃថ្មីៗរបស់សិស្ស និស្សិត និងដើម្បី​លើក​ទឹក​ចិត្តទៅ​ដល់​គរុ​សិស្ស​ដែល​បានខិតខំប្រឹងប្រែងរៀនសូត្រ ការអភិវឌ្ឍន៍សមត្ថភាព ក្នុងការស្រាវជ្រាវ​ទៅ​លើ​ការ​បង្រៀន និងអនុវត្តជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​បន្ថែម

2025/04/03 11:41:26 am        178
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយ​ផ្សព្វ​ផ្សាយ​អំពី​បច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅ​កាន់​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ​ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម​បាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះការត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជា ក្នុង​នាមជា ប្រធានសមាគមជប៉ុន-កម្ពុជា ដែលកាលពីមុន ឯកឧត្តម​ធ្លាប់​បាន​បំពេញ​តួនាទី​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែល​ជា​និច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​អំណរ​គុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ ​ក.អ.ក. ផ្សេងទៀត។ ក្នុងការត្រឡប់មកកម្ពុជា នាឱកាសនេះ ឯកឧត្តម ក៏បាន​កត់​សម្គាល់​ឃើញ​នូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខ​ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។ ក្នុងជំនួបនេះដែរ, តំណាង​ក្រុម​ហ៊ុន​ជប៉ុន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុនរបស់ខ្លួន ដោយ លើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និង​បច្ចេក​វិទ្យា​ថ្មី​ៗផងដែរ។តាមរយៈជំនួបពិភាក្សានេះ, ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថា សមាគម​នឹង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​​បច្ចុប្បន្នភាពវឌ្ឍនភាព ថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់​សហគមន៍​ធុរ​កិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើនការបោះ ទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅ​ក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

កងពលតូចលេខ៧០ត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេច​សម្រាប់ជួយ​សង្រ្គោះ​ពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​ដោយយថាហេតុ

2025/04/03 11:27:56 am        495
ភ្លាមៗក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ កង​ពល​តូច​លេខ៧០ បានប្រជុំជួរត្រៀមកម្លាំង និងត្រួតពិនិត្យមធ្យោបាយ សម្ភារៈ និងឧបករណ៍នា​សនា​សម្រាប់​ជួយ​សង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង​ជាយ​ថា​ហេតុ​ណាមួ​យ ទៅទីកន្លែងមានសុវត្តិភាព។សូមបញ្ជាក់ថា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គ​មេ​បញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញ​បទ​បញ្ជា​ស្តីពី​ការ​ប្រើ​ប្រាស់កម្លាំង អន្តរាគមន៍ ពេលមានគ្រោះមហន្តរាយឆ្នាំ២០២៥ ដោយណែនាំ​ឲ្យ​មេ​បញ្ជាការ​ទាំង​៦យោធភូមិភាគ និង២ កងពលធំ ដូចជាកងពលតូចលេខ៧០ និងបញ្ជាការដ្ឋាន​ទ័ព​ពិសេសចំណុះឲ្យកងទ័ពជើងគោក ត្រូវត្រៀម កម្លាំង ធម្យោបាយ សម្ភារៈ ឧបករណ៍ក្នុង​អង្គភាព​របស់ខ្លួន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសហការជា មួយគណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តររាយព្រមទាំងអាជ្ញាធរដែនដីនៅតំបន់ដែលមានគ្រោះធម្ម ជាតិកើតឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋទៅកន្លែងមានសុវត្ថិភាព បញ្ជៀសឲ្យខាងតែបាននូវផលប៉ះពាល់ ដល់​អាយុ​ជី​វិតប្រជាពលរដ្ឋ និងការខូចខាតផ្សេងៗ ដែលកើតមានឡើងជាយថាហេតុទាំងក្នុងតំបន់ និងជុំ វិញ​តំបន់ដែលកងឯកភាពរបស់ខ្លួនទទួលខុសត្រូវនោ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ហេង សួរ ផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/03 10:30:02 am        160
(កណ្តាល)÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសអញ្ជើញដល់ឯកឧត្តម ហេង សួរ និងសហការី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម នាយករងខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជា ការដ្ឋានអង្គរក្ស។   នៅក្នុងសុន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ទោ អ៊ិត ឋាន់រ័ត្ន អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់នាយឧត្តសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ គឺជាកម្លាំងអន្តរាគមន៍ពិសេសចល័តយ៉ាងឆាប់ រហ័សរបស់រាជដ្ឋាភិបាល ជាពិសេសបទបញ្ជាដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ដោយបានស ហការយ៉ាងស្អិតរមួត ជាមួយកងកម្លាំងអង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ កងនគរបាលជាតិ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះបំពេញបេសកកម្មជូនជាតិនៅទូទាំងប្រទេស ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំ ប្រកបដោយសុវត្ថិភាព សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្តេជ្ញាការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រម ទាំងក្រុមគ្រួសារ។បានចូលរួមចំណែកការពារបូរណ ភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារស្ថិរភាព សន្តិសុខសង្គម ការពារភ្ញៀវជាតិ អន្តរជាតិ ដែលបានមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងការពារប្រជាពលរដ្ឋ ប្រកបដោយសុខសន្តិភាព។ ក្រៅពីការងារស្នូល នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទ ក្រហមកម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធាន ទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការងារជួយសង្គ្រោះជូនដល់ប្រជា ពល រដ្ឋ ដូចជា ជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ។ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានប្រកាន់ខ្ជាប់នូវអភិក្រមទាំងបីរបស់បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ និងបម្រើសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% ហើយប្តេជ្ញាគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ បានត្រៀមកម្លាំងប្រមាណ២ពាន់នាក់ សម្រាប់អន្ត រាគមន៍ទប់ស្កាត់បាតុកម្ម និងកូដកម្មនៅគ្រប់មុខសញ្ញា និងគ្រប់ពេលទាំងអស់ ជូនឯកឧត្តមក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងឪកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានារបស់នាយទាហាន ពលទាហាន បញ្ជា ការដ្ឋានអង្គរក្ស ដែលជានិច្ចកាលតែងតែយកចិត្តទុក ដាក់ និងមានការលះបង់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ បម្រើការពារប្តូរ ផ្តាច់លើការការពារសុវត្ថិភាពសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកិច្ចការពារបូរណភាព ទឹកដី ព្រមទាំងកិច្ចការសង្គមកិច្ចជាច្រើនទៀត។ដោយសេចក្តីគោរពស្រឡាញ់ និងដឹងគុណ ឯកឧត្តម ហេង សួរ បានប្រកាសចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានអង្គរក្សជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទោះបីជាក្រសួងបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងកងពលតូចថ្មើរជើងលេខ៥៧ រួចហើយក៏ដោយនោះ ។ឯកឧត្តម រដ្ឋមន្ត្រី បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងស្នូលនៃ ខ.ភ.ម និងមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការការពារសុវត្ថិភាពសន្តិសុខរបស់ថ្នាក់នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជម្រុញនិងលើកទឹកចិត្តដល់បញ្ជាការដ្ឋានអង្គរក្ស បន្តអនុវត្តនូវតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្តទៅទៀត លើកិច្ចការពារសន្តិសុខ សុវត្ថិ ភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យទទួលបានជោគជ័យ១០០% ដើម្បីជាម្លប់ដ៏ត្រជាក់ និងដើម្បីដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើន ព្រមទាំងរក្សាបាននូវសុខសន្តិភាពរាប់រយ-ពាន់ឆ្នាំតទៅ មុខទៀត ។ ឯកឧត្តម ហេង សួរ ក៏បានផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានភេសជ្ជៈស្រាបៀរ ចំនួន ៨០០កេស. មីជាតិ ៨០០កេស. អង្ករ ៤០តោន. ទឹក ស៊ីអ៊ីវ ២០០០ យូរ. ទឹកត្រី ២០០០ យូរ.ត្រីខ ចំនួន ៤០០កេស និងថវិកាចំនួន ២០០ លានរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ១០០គ្រឿង ផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ថ្ងៃបញ្ចប់)

2025/04/03 10:16:38 am        153
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីទទួលមរណភាពកាល៧ថ្ងៃ កាលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពធ។ពិធីបុណ្យនេះ បានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានពិធីថ្វាយ និងប្រគេនយាគូសម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ពិធីបូជាគ្រឿងសក្ការៈ នមស្ការព្រះរតនត្រ័យ និងសមាទានសីល វេភត្តាហារ ថ្វាយប្រគេនសម្ដេចព្រះសង្ឃ និងព្រះរាជាគណៈ និងរាប់បាត្រព្រះសង្ឃ ៧៨ អង្គ ជាកិច្ចបង្ហើយបុណ្យ។សូមជម្រាបថា នៅព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ ការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឲ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ។សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះបានធ្វើឱ្យ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

មន្រ្តីច្រកទ្វារអន្តរជាតិប៉ុស្តិ៍ប៉ោយប៉ែត បន្តផ្តល់សម្ភារៈវត្ថុអនុស្សាវរីយ៍​ដល់អ្នកដំណើរ ដែលឆ្លងមកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

2025/04/03 09:57:38 am        129
បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់​លោក​ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍នៅតែបន្តសកម្មភាព​ទទួលស្វាគមន៍​ដល់អ្នកធ្វើដំណើរឆ្លងដែនតាមច្រកមួយនេះបានយ៉ាងកក់ក្តៅក្នុងការ ​បម្រើ​សេវា​រហ័ស​សាធារណៈនានា ​និងចែកវត្ថុអនុស្សាវរីយ៍ជូនដល់ពលរដ្ឋដែលជាអ្នកធ្វើដំណើររួមមានក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ​ប្រកប​ដោយ​ស្នាមញញឹម ​និងភាពទន់ភ្លន់ ​ឈរលើ​ស្មារតីទទួលខុស​ត្រូវខ្ពស់​ចំពោះការធ្វើដំណើរចូលប្រទេសរបស់ប្រជាពលរដ្ឋ និង​ពលករខ្មែរដើម្បី​មកលេង​ស្រុកកំណើត ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ដែលនិងខិតជិត​មកដល់​នៅថ្ងៃខាងមុខនេះ។សូមបញ្ជាក់ថា​ ការចែកក្រម៉ា ទឹកសុទ្ធ ​និងនំប៉័ង ​ជូនពលករខ្មែរចូលប្រទេសទាំងអស់​គឺ​ក្រុមការងារបានអនុវត្ត ចាប់ពីថ្ងៃទី០១​ រហូតដល់ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ២០២៥ ទើបត្រូវបានបញ្ចប់ផងដែរ៕ 

ឯកឧត្តម ហេង សួរ៖ ទីភ្នាក់ងារ AFD ជាដៃគូសំខាន់ក្នុងការបណ្តុះបណ្តាល​កម្លាំងជំនាញ​នៅ​កម្ពុជា

2025/04/03 09:28:05 am        141
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយ​លោក​ស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ប្រភព​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា នៅក្នុង​កិច្ច​ពិភាក្សា​នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់​ពី​សារ​សំខាន់​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដែលជាគោល​នយោបាយ​អភិវឌ្ឍន៍​មូល​ធន​មនុស្ស​នៅ​កម្ពុជា​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងយកចិត្តទុកដាកក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈ​ការ​ពង្រឹង​កម្លាំងជំនាញឱ្យកាន់តែច្រើននៅក្នុងស្រុកបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បាននិងកំពុងចូល​រួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បី​សម្រេច​គោល​ដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ​ឆ្នាំ​២០៣០​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​គឺ​មាន​សារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិនៃទីផ្សារការងារ និងកម្លាំងជំនាញ។ ឯកឧត្តម​រដ្ឋមន្រ្តី បានវាយតម្លៃខ្ព​ស់​ចំពោះ​ទីភ្នាក់ងា​រ​អភិវឌ្ឍន៍​បារាំង​ដែល​កំពុ​ង​ផ្តល់​នូវ​​កិច្ច​សហការ​បណ្តុះបណ្តាលជំនាញនៅកម្ពុជា ដោយសង្ឃឹមយ៉ាង​មុតមាំ​ថា​ភាគី​ទាំង​ពីរ​នឹង​ខិតខំស្វែ​ងរក​កិច្ច​សហការ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ពង្រីក​កម្លាំង​ជំនាញ​នៅ​កម្ពុជា​ឱ្យកាន់​តែប្រសើរ​ឡើ​ង​ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ។ ជាការឆ្លើយតប លោកស្រី Sandrine Boucher បានគូសបញ្ជាក់ថា ការផ្តល់ការគាំទ្រ​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏​ចម្បង​មួយ​របស់​ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្ត​កិច្ច​សហការ​ជាមួយ​បណ្តា​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​ឆ្នាំម​កហើយ។ លោកស្រីគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់​អភិវឌ្ឍន៍​នឹង​បន្ត​កិច្ច​សហការ​យ៉ាង​រឹងមាំ​ជាមួយ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ពេល​អនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បី​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

​ សពអ្នកប្រាជ្ញខ្មែរដែលរៀបចំបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ត្រូវបានយកទៅបញ្ចុះនៅទឹកដីកំណើត

2025/04/02 07:31:57 pm        423
ភ្នំពេញ ៖ អ្នកប្រាជ្ញខ្មែរមួយរូបគឺបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងបានរៀបចំចងក្រងបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ព្រមទាំងបានបោះពុម្ពផ្សាយឱ្យប្រើប្រាស់ជាផ្លូវការរួចហើយនោះ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩២ ឆ្នាំដោយជរាពាធ។ ភ្លាមៗក្រោយមរណភាពនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរួមទាំងឥស្សរជនជាច្រើនទៀតបានចេញសារជាបន្តបន្ទាប់ចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងបង្ហាញនូវការសោកស្ដាយអាល័យអាឡោះចំពោះការបាត់បង់អ្នកប្រាជ្ញខ្មែររូបនេះ ដែលអង្គុយធ្វើការរហូតដល់ថ្ងៃចុងក្រោយនៃជីវិត។នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សពរបស់លោកត្រូវបានដង្ហែយកទៅបញ្ចុះនៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាទឹកដីកំណើតរបស់លោក។ក.អំពីប្រវត្តិនៃការសិក្សារបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់៖-១៩៧៣-៧៦ និស្សិត ព្រុំ ម៉ល់ បានសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Rennes I ក្រុងRenne, ប្រទេសបារាំង-១៩៥៨-៦០ សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Rennes ក្រុង Rennes, ប្រទេសបារាំង-១៩៥៧-៥៨ សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅសាលាគរុកោសល្យ ក្រុង Rennes, ប្រទេសបារាំង-១៩៥៥-៥៧ សិក្សានៅសាលាគរុកោសល្យ ក្រុង Saint-Brieuc, ប្រទេសបារាំង-១៩៥១-៥៥ សិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ នៅសាលាគរុកោសល្យភ្នំពេញ-១៩៤៨-៥១ សិក្សាថ្នាក់បឋមសិក្សាទុតិយភូមិនៅសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ខេត្តស្វាយរៀង-១៩៤៥-៤៨ សិក្សាថ្នាក់បឋមសិក្សាបឋមភូមិ នៅសាលាបឋមសិក្សាស្វាយធំ ឃុំស្វាយធំ ខេត្តស្វាយរៀង។ខ.អំពីសញ្ញាបត្រដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទទួលបាន៖-សញ្ញាបត្របណ្ឌិត សង្គមភាសាវិទ្យានៅឆ្នាំ១៩៧៦-បរិញ្ញាបត្រអក្សរសាស្ត្របារាំងនៅឆ្នាំ១៩៦៥-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៥៨ ប្រទេសបារាំង-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំ១៩៥៥ ប្រទេសកម្ពុជា-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(BEPC) ពី Lycée Descartes ភ្នំពេញ ប្រទេសកម្ពុជា ឆ្នាំ១៩៥៥គ.ឋានៈដែលទទួលបាន-ទីប្រឹក្សារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានឋានៈស្មើទេសរដ្ឋមន្ត្រី។-ទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៥ នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី។-ទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកភាសាវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។-ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ និង ក្រោយមកដំឡើងឋានៈស្មើរដ្ឋលេខាធិការ។-បណ្ឌិតសភាចារ្យស្ថាបនិក តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៥/២៥២ (ពរល.០៥០៣.២៥៥) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។-សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា តាមអនុក្រឹត្យលេខ ២៤៥ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២។-សមាជិកគណបក្សប្រជាជនកម្ពុជា។ឃ.បទពិសោធការងារ-បង្រៀនអក្សរសាស្ត្របារាំង នៅវិទ្យាល័យព្រះយុគន្ធរ, ភ្នំពេញ(ឆ្នាំ១៩៦២-៦៣)។-នាយកសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យ, ភ្នំពេញ(ឆ្នាំ១៩៦៣-៦៤)។-អគ្គលេខាធិការ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ភ្នំពេញ(ឆ្នាំ១៩៦៤-៦៧)។-បេសកជនពិសេសនៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ, ភ្នំពេញ(ឆ្នាំ១៩៦៧)។-ព្រឹទ្ធបុរសនៃមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ភ្នំពេញ(ឆ្នាំ១៩៦៧-៧១)។-មន្ត្រីនៅការិយាល័យភាសាបារាំង នៃនាយកដ្ឋានកិច្ចការគរុកោសល្យ,ភ្នំពេញ(ឆ្នាំ១៩៧១-៧២)។-បង្រៀនភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើសារណា និងនិក្ខេបបទនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០០ ដល់ ២០១៣។-បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីឆ្នាំ២០០២ ដល់ ២០១៤។-បង្រៀនវចនវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីឆ្នាំ២០០៦ ដល់ ២០០៧។-បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យខេមរៈ, ភ្នំពេញ, ពីឆ្នាំ២០០៨-២០០៩។-បង្រៀនន័យកម្មវិទ្យា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យាស្វាយរៀង ពីឆ្នាំ២០០៩-២០ ១១។-ទទួលបន្ទុកដឹកនាំគណៈកម្មាធិការជាតិភាសាខ្មែរ(គ.ជ.ភ.ខ.)ក្នុងឋានៈជាអនុប្រធានអចិន្ត្រៃយ៍ ពីឆ្នាំ២០០៧-២០១១។-ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ពីឆ្នាំ២០១១-២០១៦។-បង្រៀនសូរវិទ្យា និងសទ្ទតាវិទ្យាខ្មែរ នៅសាកលវិទ្យាល័យរ៉ែនទី២ ក្រុងរ៉ែន ប្រទេសបារាំង ពីឆ្នាំ១៩ ៧៥-១៩៧៧។-នាយកវិទ្យាល័យអេស្សេឡេ និង បង្រៀនភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៅរដ្ឋធានីលីប្រឺវិល ប្រទេសហ្គាបុង ពីឆ្នាំ១៩៧៧-១៩៧៩។-បង្រៀនភាសាវិទ្យា នៅសាលាគរុកោសល្យជាន់ខ្ពស់ នៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ពីឆ្នាំ១៩៧៩ -១៩៨៦។-បង្រៀនភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យទូឡេអា ប្រទេសម៉ាដាហ្គាស្ការ ពីឆ្នាំ១៩៨៦-១៩៩២។-បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុ ស្សសាស្ត្រនៃសាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ពីឆ្នាំ១៩៩២-១៩៩៨។-កម្មសិក្សា BLACT (Bureau de Liaison des Agents de Coopération Technique) នៅសាកលវិទ្យាល័យ Marseille ប្រទេសបារាំង ឆ្នាំ១៩៨៣។-កម្មសិក្សា CRÉDIF(Centre de Recherche et d’Étude pour la Diffusion du Français) នៅសាកលវិទ្យាល័យ Rouen ប្រទេសបារាំង ឆ្នាំ១៩៨៥។ង.អំពីស្នាដៃ-វិភាគសង្ខេបអំពីទម្រង់ភាសាខ្មែរ ទស្សនាវដ្ដីសហគមន៍ខ្មែរ, ប្រទេសបារាំង, ឆ្នាំ១៩៦២។-សញ្ញាណលិង្គ និងសញ្ញាណវចនៈក្នុងភាសាខ្មែរ ទស្សនាវដ្ដីសហគមន៍ខ្មែរ, ប្រទេសបារាំង, ឆ្នាំ១៩ ៦៤។-អាទ្យាចរិយកម្ម(INITIATION)ខាងភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩០។-សង្គមភាសាវិទ្យា មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩០។-កម្រងអត្ថបទសិក្សា និងការណែនាំក្នុងវិធីស្រាវជ្រាវ មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩១។-ការវិភាគរកការឆ្លងគ្នារវាងភាសា និងភាសា, រវាងវប្បធម៌ និងវប្បធម៌(substrats linguistique et extralinguistique en didactique des langues) ប្រទេសម៉ាដាហ្គាស្ការ និង នៅសាកលវិទ្យាល័យគ្រឺណូបល៍ទី៣ ប្រទេសបារាំង ឆ្នាំ១៩៩២។-អភិក្រមសង្គមភាសាវិទ្យា(Processus sociolinguistique) សាកលវិទ្យាល័យរ៉ែនទី២ ប្រទេសបារាំង ឆ្នាំ១៩៩២។-ភាសាវិទ្យាអនុវត្តន៍ក្នុងការបង្រៀនភាសា មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិ ទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៥។-ផលវិភាគភាសា និងការសិក្សាអំពីកំហុសក្នុងការប្រើប្រាស់ភាសា, វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។-វិធីបង្រៀនភាសាដោយយកសមត្ថភាពទំនាក់ទំនងជាមូលដ្ឋាន (Approche communicative en didactique des langes), វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។-គ្រឹះទ្រឹស្ដី ដើម្បីសង្គមភាសាវិទ្យាជាប្រព័ន្ធ, វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។-ការរួមចំណែកដើម្បីឱ្យយល់កាន់តែច្បាស់អំពីភាសាល្បាយហៅថា«ពីតឈីន»(pidgin)» ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៨។-វិភាគសង្ខេបអំពីទម្រង់ភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០។-លទ្ធភាពបង្កើតពាក្យនិងការបង្កើតពាក្យក្នុងភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០។-អំពីលក្ខណៈវិនិច្ឆ័យរូបនិយម, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០២។-មូលដ្ឋាននៃសង្គមភាសាវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-មូលដ្ឋាន សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-ចំណុចគួរកត់សម្គាល់ក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-ពណ៌នាសង្ខេបអំពីភាសាស្អូច, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៥។-វេយ្យាកណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប(ភាគ ១, ភាគ ២) ឆ្នាំ២០០៦។-ការប្រើប្រាស់សញ្ញាប្រយោគមួយចំនួនក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យ សភាកម្ពុជា ឆ្នាំ២០០៥។-អំពីគុណនាមក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១១។-អំពីភាសាជនជាតិដើមភាគតិចចំនួនពីរនៅផ្នែកខាងលិចនៃប្រទេសកម្ពុជា៖ ភាសាស្អូច និងភាសាសួយ ឆ្នាំ២០១៣។-លក្ខណៈពិសេសរបស់គុណនាមខ្មែរ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៣។-ពាក្យ កន្សោមពាក្យ និងល្បះ ដែលបញ្ជាក់លក្ខណៈឱ្យនាមសព្ទ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៤។-ការសម្របសូរ និងទំនាញសូរ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៥។-គម្លាតរវាងចំនួនសូរស្រៈ និងសញ្ញាស្រៈ និងគម្លាតរវាងសូរព្យញ្ជនៈ និងសញ្ញាព្យញ្ជនៈ, រាជបណ្ឌិត្យ សភាកម្ពុជា ឆ្នាំ២០១៥។-វិធីកម្លាយក្នុងភាសាខ្មែរ : បញ្ហាកង្វះផ្នត់សម្រាប់ធ្វើវិធីកម្លាយឱ្យមានសម្បូរណ៍បែប, បញ្ហាវិសាលភាពតូចចង្អៀតនៃផ្នត់មួយចំនួន និង បញ្ហាសទិសសូរវេយ្យាករណ៍វិស័យ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧។ច.អំពីគ្រឿងឥស្សរិយយសដែលបានទទួល-មេដាយមាសស្ថាបនាជាតិ ឆ្នាំ២០០៥។-មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា ឆ្នាំ២០០៦។-មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ឆ្នាំ២០១១។-គ្រឿងឥស្សរិយយស ជាតូបការ ឆ្នាំ២០១៣៕ដោយ៖ គង់ ឌិន

សម្តេចតេជោ និងសម្តេចធិបតី អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/02 06:29:40 pm        151
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើឱ្យមានការជំរុញ​និន្នាការ​លេងល្បែង​ប្រជាប្រិយខ្មែរ​ឱ្យ​បាន​ផុសផុល ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ

2025/04/02 04:55:31 pm        185
អ្នកជំនាញ និងអ្នកស្រាវជ្រាវ បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយរបស់ខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ការបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ។លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា៖«ការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍»។លោកបណ្ឌិតបន្តថា៖«ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការថែរក្សា និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាព ថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ សាមគ្គីភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរយ៉ាងរឹងមាំ»។លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?សម្រាប់សំនួរនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គឺទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបានក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះ។អ្នកជំនាញរូបនេះ បានជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងគ្រប់កាលៈទេសៈតាមដែលអាចធ្វើទៅបាន។សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖«ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ»។លោកស្រីបណ្ឌិតបន្តថា ចាស់ៗជំនាន់ និងស្ថាប័នពាក់ព័ន្ធ គួរតែមានការឱ្យស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អ្នកជំនាញបានជំរុញឱ្យស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាព្រះសង្ឃ ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញនៅក្នុងការជំរុញ និងបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទចូលរួមឱ្យបានកុះករនៅក្នុងការលេងល្បែងប្រជាប្រិយនៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM