ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ថ្ងៃបញ្ចប់)

2025/04/03 10:16:38 am        159
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីទទួលមរណភាពកាល៧ថ្ងៃ កាលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពធ។ពិធីបុណ្យនេះ បានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានពិធីថ្វាយ និងប្រគេនយាគូសម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ពិធីបូជាគ្រឿងសក្ការៈ នមស្ការព្រះរតនត្រ័យ និងសមាទានសីល វេភត្តាហារ ថ្វាយប្រគេនសម្ដេចព្រះសង្ឃ និងព្រះរាជាគណៈ និងរាប់បាត្រព្រះសង្ឃ ៧៨ អង្គ ជាកិច្ចបង្ហើយបុណ្យ។សូមជម្រាបថា នៅព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ ការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឲ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ។សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះបានធ្វើឱ្យ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

មន្រ្តីច្រកទ្វារអន្តរជាតិប៉ុស្តិ៍ប៉ោយប៉ែត បន្តផ្តល់សម្ភារៈវត្ថុអនុស្សាវរីយ៍​ដល់អ្នកដំណើរ ដែលឆ្លងមកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

2025/04/03 09:57:38 am        129
បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់​លោក​ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍នៅតែបន្តសកម្មភាព​ទទួលស្វាគមន៍​ដល់អ្នកធ្វើដំណើរឆ្លងដែនតាមច្រកមួយនេះបានយ៉ាងកក់ក្តៅក្នុងការ ​បម្រើ​សេវា​រហ័ស​សាធារណៈនានា ​និងចែកវត្ថុអនុស្សាវរីយ៍ជូនដល់ពលរដ្ឋដែលជាអ្នកធ្វើដំណើររួមមានក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ​ប្រកប​ដោយ​ស្នាមញញឹម ​និងភាពទន់ភ្លន់ ​ឈរលើ​ស្មារតីទទួលខុស​ត្រូវខ្ពស់​ចំពោះការធ្វើដំណើរចូលប្រទេសរបស់ប្រជាពលរដ្ឋ និង​ពលករខ្មែរដើម្បី​មកលេង​ស្រុកកំណើត ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ដែលនិងខិតជិត​មកដល់​នៅថ្ងៃខាងមុខនេះ។សូមបញ្ជាក់ថា​ ការចែកក្រម៉ា ទឹកសុទ្ធ ​និងនំប៉័ង ​ជូនពលករខ្មែរចូលប្រទេសទាំងអស់​គឺ​ក្រុមការងារបានអនុវត្ត ចាប់ពីថ្ងៃទី០១​ រហូតដល់ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ២០២៥ ទើបត្រូវបានបញ្ចប់ផងដែរ៕ 

ឯកឧត្តម ហេង សួរ៖ ទីភ្នាក់ងារ AFD ជាដៃគូសំខាន់ក្នុងការបណ្តុះបណ្តាល​កម្លាំងជំនាញ​នៅ​កម្ពុជា

2025/04/03 09:28:05 am        143
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយ​លោក​ស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ប្រភព​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា នៅក្នុង​កិច្ច​ពិភាក្សា​នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់​ពី​សារ​សំខាន់​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដែលជាគោល​នយោបាយ​អភិវឌ្ឍន៍​មូល​ធន​មនុស្ស​នៅ​កម្ពុជា​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងយកចិត្តទុកដាកក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈ​ការ​ពង្រឹង​កម្លាំងជំនាញឱ្យកាន់តែច្រើននៅក្នុងស្រុកបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បាននិងកំពុងចូល​រួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បី​សម្រេច​គោល​ដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ​ឆ្នាំ​២០៣០​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​គឺ​មាន​សារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិនៃទីផ្សារការងារ និងកម្លាំងជំនាញ។ ឯកឧត្តម​រដ្ឋមន្រ្តី បានវាយតម្លៃខ្ព​ស់​ចំពោះ​ទីភ្នាក់ងា​រ​អភិវឌ្ឍន៍​បារាំង​ដែល​កំពុ​ង​ផ្តល់​នូវ​​កិច្ច​សហការ​បណ្តុះបណ្តាលជំនាញនៅកម្ពុជា ដោយសង្ឃឹមយ៉ាង​មុតមាំ​ថា​ភាគី​ទាំង​ពីរ​នឹង​ខិតខំស្វែ​ងរក​កិច្ច​សហការ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ពង្រីក​កម្លាំង​ជំនាញ​នៅ​កម្ពុជា​ឱ្យកាន់​តែប្រសើរ​ឡើ​ង​ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ។ ជាការឆ្លើយតប លោកស្រី Sandrine Boucher បានគូសបញ្ជាក់ថា ការផ្តល់ការគាំទ្រ​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏​ចម្បង​មួយ​របស់​ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្ត​កិច្ច​សហការ​ជាមួយ​បណ្តា​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​ឆ្នាំម​កហើយ។ លោកស្រីគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់​អភិវឌ្ឍន៍​នឹង​បន្ត​កិច្ច​សហការ​យ៉ាង​រឹងមាំ​ជាមួយ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ពេល​អនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បី​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

​ សពអ្នកប្រាជ្ញខ្មែរដែលរៀបចំបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ត្រូវបានយកទៅបញ្ចុះនៅទឹកដីកំណើត

2025/04/02 07:31:57 pm        432
ភ្នំពេញ ៖ អ្នកប្រាជ្ញខ្មែរមួយរូបគឺបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងបានរៀបចំចងក្រងបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ព្រមទាំងបានបោះពុម្ពផ្សាយឱ្យប្រើប្រាស់ជាផ្លូវការរួចហើយនោះ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩២ ឆ្នាំដោយជរាពាធ។ ភ្លាមៗក្រោយមរណភាពនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរួមទាំងឥស្សរជនជាច្រើនទៀតបានចេញសារជាបន្តបន្ទាប់ចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងបង្ហាញនូវការសោកស្ដាយអាល័យអាឡោះចំពោះការបាត់បង់អ្នកប្រាជ្ញខ្មែររូបនេះ ដែលអង្គុយធ្វើការរហូតដល់ថ្ងៃចុងក្រោយនៃជីវិត។នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សពរបស់លោកត្រូវបានដង្ហែយកទៅបញ្ចុះនៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាទឹកដីកំណើតរបស់លោក។ក.អំពីប្រវត្តិនៃការសិក្សារបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់៖-១៩៧៣-៧៦ និស្សិត ព្រុំ ម៉ល់ បានសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Rennes I ក្រុងRenne, ប្រទេសបារាំង-១៩៥៨-៦០ សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Rennes ក្រុង Rennes, ប្រទេសបារាំង-១៩៥៧-៥៨ សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅសាលាគរុកោសល្យ ក្រុង Rennes, ប្រទេសបារាំង-១៩៥៥-៥៧ សិក្សានៅសាលាគរុកោសល្យ ក្រុង Saint-Brieuc, ប្រទេសបារាំង-១៩៥១-៥៥ សិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ នៅសាលាគរុកោសល្យភ្នំពេញ-១៩៤៨-៥១ សិក្សាថ្នាក់បឋមសិក្សាទុតិយភូមិនៅសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ខេត្តស្វាយរៀង-១៩៤៥-៤៨ សិក្សាថ្នាក់បឋមសិក្សាបឋមភូមិ នៅសាលាបឋមសិក្សាស្វាយធំ ឃុំស្វាយធំ ខេត្តស្វាយរៀង។ខ.អំពីសញ្ញាបត្រដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទទួលបាន៖-សញ្ញាបត្របណ្ឌិត សង្គមភាសាវិទ្យានៅឆ្នាំ១៩៧៦-បរិញ្ញាបត្រអក្សរសាស្ត្របារាំងនៅឆ្នាំ១៩៦៥-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៥៨ ប្រទេសបារាំង-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំ១៩៥៥ ប្រទេសកម្ពុជា-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(BEPC) ពី Lycée Descartes ភ្នំពេញ ប្រទេសកម្ពុជា ឆ្នាំ១៩៥៥គ.ឋានៈដែលទទួលបាន-ទីប្រឹក្សារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានឋានៈស្មើទេសរដ្ឋមន្ត្រី។-ទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៥ នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី។-ទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកភាសាវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។-ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ និង ក្រោយមកដំឡើងឋានៈស្មើរដ្ឋលេខាធិការ។-បណ្ឌិតសភាចារ្យស្ថាបនិក តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៥/២៥២ (ពរល.០៥០៣.២៥៥) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។-សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា តាមអនុក្រឹត្យលេខ ២៤៥ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២។-សមាជិកគណបក្សប្រជាជនកម្ពុជា។ឃ.បទពិសោធការងារ-បង្រៀនអក្សរសាស្ត្របារាំង នៅវិទ្យាល័យព្រះយុគន្ធរ, ភ្នំពេញ(ឆ្នាំ១៩៦២-៦៣)។-នាយកសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យ, ភ្នំពេញ(ឆ្នាំ១៩៦៣-៦៤)។-អគ្គលេខាធិការ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ភ្នំពេញ(ឆ្នាំ១៩៦៤-៦៧)។-បេសកជនពិសេសនៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ, ភ្នំពេញ(ឆ្នាំ១៩៦៧)។-ព្រឹទ្ធបុរសនៃមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ភ្នំពេញ(ឆ្នាំ១៩៦៧-៧១)។-មន្ត្រីនៅការិយាល័យភាសាបារាំង នៃនាយកដ្ឋានកិច្ចការគរុកោសល្យ,ភ្នំពេញ(ឆ្នាំ១៩៧១-៧២)។-បង្រៀនភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើសារណា និងនិក្ខេបបទនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០០ ដល់ ២០១៣។-បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីឆ្នាំ២០០២ ដល់ ២០១៤។-បង្រៀនវចនវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីឆ្នាំ២០០៦ ដល់ ២០០៧។-បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យខេមរៈ, ភ្នំពេញ, ពីឆ្នាំ២០០៨-២០០៩។-បង្រៀនន័យកម្មវិទ្យា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យាស្វាយរៀង ពីឆ្នាំ២០០៩-២០ ១១។-ទទួលបន្ទុកដឹកនាំគណៈកម្មាធិការជាតិភាសាខ្មែរ(គ.ជ.ភ.ខ.)ក្នុងឋានៈជាអនុប្រធានអចិន្ត្រៃយ៍ ពីឆ្នាំ២០០៧-២០១១។-ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ពីឆ្នាំ២០១១-២០១៦។-បង្រៀនសូរវិទ្យា និងសទ្ទតាវិទ្យាខ្មែរ នៅសាកលវិទ្យាល័យរ៉ែនទី២ ក្រុងរ៉ែន ប្រទេសបារាំង ពីឆ្នាំ១៩ ៧៥-១៩៧៧។-នាយកវិទ្យាល័យអេស្សេឡេ និង បង្រៀនភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៅរដ្ឋធានីលីប្រឺវិល ប្រទេសហ្គាបុង ពីឆ្នាំ១៩៧៧-១៩៧៩។-បង្រៀនភាសាវិទ្យា នៅសាលាគរុកោសល្យជាន់ខ្ពស់ នៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ពីឆ្នាំ១៩៧៩ -១៩៨៦។-បង្រៀនភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យទូឡេអា ប្រទេសម៉ាដាហ្គាស្ការ ពីឆ្នាំ១៩៨៦-១៩៩២។-បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុ ស្សសាស្ត្រនៃសាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ពីឆ្នាំ១៩៩២-១៩៩៨។-កម្មសិក្សា BLACT (Bureau de Liaison des Agents de Coopération Technique) នៅសាកលវិទ្យាល័យ Marseille ប្រទេសបារាំង ឆ្នាំ១៩៨៣។-កម្មសិក្សា CRÉDIF(Centre de Recherche et d’Étude pour la Diffusion du Français) នៅសាកលវិទ្យាល័យ Rouen ប្រទេសបារាំង ឆ្នាំ១៩៨៥។ង.អំពីស្នាដៃ-វិភាគសង្ខេបអំពីទម្រង់ភាសាខ្មែរ ទស្សនាវដ្ដីសហគមន៍ខ្មែរ, ប្រទេសបារាំង, ឆ្នាំ១៩៦២។-សញ្ញាណលិង្គ និងសញ្ញាណវចនៈក្នុងភាសាខ្មែរ ទស្សនាវដ្ដីសហគមន៍ខ្មែរ, ប្រទេសបារាំង, ឆ្នាំ១៩ ៦៤។-អាទ្យាចរិយកម្ម(INITIATION)ខាងភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩០។-សង្គមភាសាវិទ្យា មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩០។-កម្រងអត្ថបទសិក្សា និងការណែនាំក្នុងវិធីស្រាវជ្រាវ មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩១។-ការវិភាគរកការឆ្លងគ្នារវាងភាសា និងភាសា, រវាងវប្បធម៌ និងវប្បធម៌(substrats linguistique et extralinguistique en didactique des langues) ប្រទេសម៉ាដាហ្គាស្ការ និង នៅសាកលវិទ្យាល័យគ្រឺណូបល៍ទី៣ ប្រទេសបារាំង ឆ្នាំ១៩៩២។-អភិក្រមសង្គមភាសាវិទ្យា(Processus sociolinguistique) សាកលវិទ្យាល័យរ៉ែនទី២ ប្រទេសបារាំង ឆ្នាំ១៩៩២។-ភាសាវិទ្យាអនុវត្តន៍ក្នុងការបង្រៀនភាសា មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិ ទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៥។-ផលវិភាគភាសា និងការសិក្សាអំពីកំហុសក្នុងការប្រើប្រាស់ភាសា, វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។-វិធីបង្រៀនភាសាដោយយកសមត្ថភាពទំនាក់ទំនងជាមូលដ្ឋាន (Approche communicative en didactique des langes), វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។-គ្រឹះទ្រឹស្ដី ដើម្បីសង្គមភាសាវិទ្យាជាប្រព័ន្ធ, វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។-ការរួមចំណែកដើម្បីឱ្យយល់កាន់តែច្បាស់អំពីភាសាល្បាយហៅថា«ពីតឈីន»(pidgin)» ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៨។-វិភាគសង្ខេបអំពីទម្រង់ភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០។-លទ្ធភាពបង្កើតពាក្យនិងការបង្កើតពាក្យក្នុងភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០។-អំពីលក្ខណៈវិនិច្ឆ័យរូបនិយម, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០២។-មូលដ្ឋាននៃសង្គមភាសាវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-មូលដ្ឋាន សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-ចំណុចគួរកត់សម្គាល់ក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។-ពណ៌នាសង្ខេបអំពីភាសាស្អូច, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៥។-វេយ្យាកណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប(ភាគ ១, ភាគ ២) ឆ្នាំ២០០៦។-ការប្រើប្រាស់សញ្ញាប្រយោគមួយចំនួនក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យ សភាកម្ពុជា ឆ្នាំ២០០៥។-អំពីគុណនាមក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១១។-អំពីភាសាជនជាតិដើមភាគតិចចំនួនពីរនៅផ្នែកខាងលិចនៃប្រទេសកម្ពុជា៖ ភាសាស្អូច និងភាសាសួយ ឆ្នាំ២០១៣។-លក្ខណៈពិសេសរបស់គុណនាមខ្មែរ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៣។-ពាក្យ កន្សោមពាក្យ និងល្បះ ដែលបញ្ជាក់លក្ខណៈឱ្យនាមសព្ទ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៤។-ការសម្របសូរ និងទំនាញសូរ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៥។-គម្លាតរវាងចំនួនសូរស្រៈ និងសញ្ញាស្រៈ និងគម្លាតរវាងសូរព្យញ្ជនៈ និងសញ្ញាព្យញ្ជនៈ, រាជបណ្ឌិត្យ សភាកម្ពុជា ឆ្នាំ២០១៥។-វិធីកម្លាយក្នុងភាសាខ្មែរ : បញ្ហាកង្វះផ្នត់សម្រាប់ធ្វើវិធីកម្លាយឱ្យមានសម្បូរណ៍បែប, បញ្ហាវិសាលភាពតូចចង្អៀតនៃផ្នត់មួយចំនួន និង បញ្ហាសទិសសូរវេយ្យាករណ៍វិស័យ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧។ច.អំពីគ្រឿងឥស្សរិយយសដែលបានទទួល-មេដាយមាសស្ថាបនាជាតិ ឆ្នាំ២០០៥។-មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា ឆ្នាំ២០០៦។-មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ឆ្នាំ២០១១។-គ្រឿងឥស្សរិយយស ជាតូបការ ឆ្នាំ២០១៣៕ដោយ៖ គង់ ឌិន

សម្តេចតេជោ និងសម្តេចធិបតី អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/02 06:29:40 pm        151
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើឱ្យមានការជំរុញ​និន្នាការ​លេងល្បែង​ប្រជាប្រិយខ្មែរ​ឱ្យ​បាន​ផុសផុល ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ

2025/04/02 04:55:31 pm        187
អ្នកជំនាញ និងអ្នកស្រាវជ្រាវ បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយរបស់ខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ការបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ។លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា៖«ការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍»។លោកបណ្ឌិតបន្តថា៖«ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការថែរក្សា និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាព ថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ សាមគ្គីភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរយ៉ាងរឹងមាំ»។លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?សម្រាប់សំនួរនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គឺទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបានក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះ។អ្នកជំនាញរូបនេះ បានជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងគ្រប់កាលៈទេសៈតាមដែលអាចធ្វើទៅបាន។សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖«ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ»។លោកស្រីបណ្ឌិតបន្តថា ចាស់ៗជំនាន់ និងស្ថាប័នពាក់ព័ន្ធ គួរតែមានការឱ្យស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អ្នកជំនាញបានជំរុញឱ្យស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាព្រះសង្ឃ ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញនៅក្នុងការជំរុញ និងបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទចូលរួមឱ្យបានកុះករនៅក្នុងការលេងល្បែងប្រជាប្រិយនៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃកម្រិត ១០០% និងបញ្ចប់សុពលភាពការស្ថាបនាផ្លូវ និងស្ពាន ក្នុងខេត្តមណ្ឌលគិរីនិងខេត្តស្ទឹងត្រែង

2025/04/02 04:49:35 pm        181
ស្ទឹងត្រែង ៖ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃកម្រិត ១០០% និងបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនា ផ្លូវក្រាលដីល្បាយក្រួស ការស្ថាបនាស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោងរួមមាន៖ គម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៧ ៥០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ជាផ្លូវតភ្ជាប់ ចាប់ពីចំការកៅស៊ូ (បារាំង) ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកពេជ្រដា ខេត្តមណ្ឌលគីរី (បញ្ចប់សុពលភាព)។ គម្រោងទី២, ការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៤៥ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗដូចគ្នា ជាផ្លូវ តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី (វាយតម្លៃ កម្រិត ១០០%)។ ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យ ស្ថិតនៅលើផ្លូវខ្សែក្រវាត់ ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង (វាយតម្លៃកម្រិត ១០០%)។ជុំវិញគម្រោងខាងលើនេះ, លោកជំទាវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកង យោធពលខេមរភូមិន្ទ ដែលបានអនុវត្តការស្ថាបនាសម្រេចបាន ១០០% និងគម្រោងមួយទៀតឈានមកដល់បញ្ចប់សុពលភាព ដោយ រក្សានូវគុណភាពល្អប្រសើរ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ផ្សេងៗប្រកបដោយគុណភាព សម្រាប់បម្រើជាប្រយោជន៍សាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានទាំងនោះ មានផ្លូវ ល្អធ្វើដំណើរ និងការស៊ីទទួលទានផ្សេងៗ។ លោកជំទាវ ឯក គន្ធវារី ក៏បានរំលេចអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍនៅតាមជនបទ ទាំងផ្នែក សេដ្ឋកិច្ចនិងសង្គម ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងប្រែក្លាយតំបន់ជនបទឱ្យរីកចម្រើន ជាក់ស្តែងការស្តារការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជាដើម គឺសំដៅធានាការប្រើប្រាស់យូរអង្វែង ធន់ និងការបម្រែបម្រួលអាការធាតុ ដើម្បីជំរុញអន្តរកម្មសង្គមនិងសេដ្ឋកិច្ច និងការរតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន៕អត្ថបទ៖ សុន រ៉ាឌី

ទិវាអំពើល្អ ឆ្នាំ២០២៥៖ អ្នកស្ម័គ្រចិត្តចំនួន ១០០,០០០នាក់ចូលរួមដើម្បីបរិស្ថានល្អ

2025/04/02 04:46:46 pm        84
កម្ពុជាកំពុងតែបង្កើតប្រវត្តិសាស្ត្រជាមួយ ទិវាអំពើល្អ ឆ្នាំ ២០២៥ ជាការ លើក​កម្ពស់​ជា​សកល​នូវ​សកម្ម​ភាព​បរិស្ថាន និងសេវាកម្មសង្គម។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៣-៤ ខែមេសា ២០២៥ ដោយមាន អ្នកស្ម័គ្រចិត្តចំនួន ៧០,០០០ ទៅ ១០០,០០០ នាក់ ចូលរួមពីសាលា​រៀន​ជាង ៧០០ និងសហគមន៍ក្នុងខេត្តកណ្ដាល។ព្រឹត្តិការណ៍ចម្បងនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមេសា នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៣:៣០ រសៀល ដល់ ៥:៣០ ល្ងាច ដែលនឹងមាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជាអធិបតី និង មន្ទីរបរិស្ថាន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងមេដឹកនាំសហគមន៍ចូលរួម។ ព្រឹត្តិការណ៍នេះនឹងលើកយក សារៈសំខាន់ស្តីពីភាពចាំបាច់នៃអភិរក្សបរិស្ថាន តាមរយៈសកម្មភាពដូចជា សម្អាតទន្លេ ប្រលែងត្រី ចែករំលែក និងដាំ/ចែក ដើមឈើ និងរុក្ខជាតិ បរិច្ចាគសម្ភារៈនិងសំលៀកបំពាក់ប្រើប្រាស់រួច ការងារសេវាសង្គម និងអំពើល្អផ្សេងៗទៀត។អ្នកចូលរួមអាច រីករាយជាមួយ ការសម្តែងរាំឆៃយ៉ាំ និងការប្រគុំតន្ត្រីផ្ទាល់ មុនពេលបញ្ចប់កម្មវិធីដោយ ពិធីប្រគល់រង្វាន់ដល់ សាលារៀន និងបុគ្គលឆ្នើមដែលបានចូលរួមក្នុងការអភិរក្សបរិស្ថាន។ចាប់តាំងពីឆ្នាំ ២០២០ អង្គការសំអាតទន្លេ សមុទ្រ River Ocean Cleanup (ROC) បានប្រមូល សំរាមប្លាស្ទិកជាង ២,០០០ តោនចេញពីទន្លេធំៗរបស់កម្ពុជា រួមមាន ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ទិវាអំពើល្អឆ្នាំ ២០២៥ នេះការ លើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការអភិរក្សធនធានធម្មជាតិ។"ប្រទេសកម្ពុជា កំពុងអភិវឌ្ឍទៅជាប្រទេសឈានមុខក្នុងការអភិរក្សបរិស្ថាន ដែលព្រឹត្តិការណ៍នេះជាការរំលឹកដ៏មានអត្ថន័យ ស្ដីពីសារៈសំខាន់នៃការចូលរួមសហគមន៍ក្នុងការបញ្ចៀសបញ្ហាប្លាស្ទិកក្នុងបរិស្ថានទឹក” លោក សុវណ្ណ នូ នាយកប្រតិបត្តិនៃ River Ocean Cleanup (ROC) "សូមអញ្ជើញសិស្សនិស្សិត អាជីវកម្ម មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ចូលរួម ដើម្បីបង្កើតអនាគតស្អាតបៃតង”។ ទិវា​អំពើ​ល្អ (Good Deeds Day) - ជារៀងរាល់ឆ្នាំ អ្នកស្ម័គ្រចិត្តរាប់លាននាក់ បានអនុវត្តន៍​លើ​គំនិត​សាមញ្ញ​មួយថា មនុស្សគ្រប់រូបអាចធ្វើអំពើល្អ ធំឬ តូច ដើម្បី​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដទៃ​ប្រសើរ​ឡើង និងបង្កើតឥទ្ធិពលវិជ្ជមានលើពិភពលោក៕

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធី Lao Digital Week 2025

2025/04/02 04:38:12 pm        199
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍​ (ក.ប.ទ.) បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital), CheckInME, PillTech, DelightTech, Morakot Technology, UDAYA Technology និង VTENH ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល (ថៃ) អភិបាលខេត្តក្វាងស៊ី (ចិន) និងតំណាងប្រតិភូរបស់ប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹនាំ មន្ត្រីរាជការ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ (MTC)។ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមរដ្ឋមន្រ្តី MTC ក៏បានអញ្ជើញទស្សនាស្ដង់របស់ ក.ប.ទ. ដោយបានបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថលល្អៗរបស់កម្ពុជាយើង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី MTC បានសម្ដែងការគាំទ្រ និងជួយណែនាំក្រុមហ៊ុននៅក្នុងប្រទេសឡាវសហការ និងធ្វើជាដៃគូរជាមួយក្រុមហ៊ុននៅកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរថ្នាលឌីជីថលនានារបស់កម្ពុជាដែលមានការរីកចម្រើន និងមានការវិវត្តយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ក្រសួងទាំង២ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ និងការគាំទ្រយ៉ាងមុតមាំក្នុងការពង្រឹងភាពជាដៃគូ។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

2025/04/02 03:51:32 pm        393
​ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុញ្ញាតឱ្យឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាម និងនាយការិយាល័យអនុព័ន្ធយោធាវៀតណាម ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងពិភាក្សាការងារ។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយបានចាត់ទុកថានេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងភាពជាអ្នកជិតខាងល្អ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមាន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានធ្វើការសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ និងបានថ្លែងអំណរគុណបក្សរដ្ឋ កងទ័ពវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងមធ្យោបាយ សម្ភារៈ ថវិកា ជាពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានការរីកចម្រើន។ជាការឆ្លើយតប ឯកឧត្តម ង្វៀន មីញវូ បានថ្លែងអំណរគុណចំពោះឯកឧត្តម ទេសរដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍ដល់ប្រតិភូអគ្គរដ្ឋទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាម ដើម្បីជូនពរឆ្នាំថ្មី និងបានសម្ដែងនូវមនោសញ្ចេតនារីករាយចំពោះការមកបំពេញបេសកកម្មការទូតនៅកម្ពុជា បានឃើញនិងស្គាល់ពីវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា។ឯកឧត្តម ង្វៀន មីញវូ បានជូនពរឆ្នាំថ្មីជូនចំពោះឯកឧត្តម ទេសរដ្ឋមន្រ្តី និងសហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម កាន់តែរីកចម្រើន និងស្ថិតស្ថេរអមតៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១៦០ នាក់ពីភាគីម្ខាងៗ
06/27/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ យោធានឹងនៅភាគខាងត្បូងលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
06/27/2026 11:06 AM
ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
06/27/2026 11:06 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
06/27/2026 11:06 AM
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក
06/27/2026 10:06 AM
អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM