ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញសេចក្តីអំពាវនាវ ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

2025/04/01 04:00:31 pm        126
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីអំពាវនាវ ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើស លប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កន្លងទៅ។ឆ្លៀតឱកាសនេះ គ.ស.ច.គ បានកត់សំគាល់នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ គ.ស.ច.គ. សូមធ្វើការអំពាវនាវដល់ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖១-កុំបើកបរលើសល្បឿនកំណត់។២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញា បែងចែកគន្លងផ្លូវ។៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជា: សំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម ។៧-ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។៨-មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ។៩-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនឱ្យផ្ទុកអ្នកដំណើរ ឬ កម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ៕អត្ថបទ រដ្ឋា

សម្ដេចតេជោ៖«បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយនឹងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ»

2025/04/01 03:38:29 pm        143
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចដោយបង្ហាញក្ដីអាឡោះអាល័យ ខណៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ស្អែកនេះសពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្ដេចតេជោនឹងត្រូវញ្ចុះតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ដេចតេជោ បានសរសេរថា៖«ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ ថ្ងៃ និង ១០០ថ្ងៃនៅល្ងាចស្អែក និងបញ្ចប់នៅព្រឹកខានស្អែក ៣មេសា២០២៥»។សម្ដេចមានប្រសាសន៍ទាំងអាឡោះអាល័យថា៖«ខ្ញុំយំ និងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា (ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)»។សម្ដេចតេជោបានលើកឡើងថា រឿងដែលធ្វើឲ្យសម្ដេចកាន់សង្វេគ គឺក្មួយស្រីសម្ដេចម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ សម្ដេចតេជោថ្លែងថា៖«ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថា កុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង»។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖«បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា ១២ ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង»៕

កយកា-KOICA ចូលរួមលើកកកម្ពស់សុខភាពកុមារកម្ពុជា ឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ

2025/04/01 03:33:30 pm        117
ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានសហការជាមួយក្រុមអ្នកស្ម័គ្រចិត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា កយកា -KOICA បានរៀបចំយុទ្ធនាការអាហារូបត្ថម្ភលើកទី២ ដើម្បីសុខភាពកុមារ ដែលប្រព្រឹតិ្តទៅនៅមនី្ទរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។​ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារ សម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាគម្រោងអង្គការ KOICA លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ខាងមុខ ដោយផ្តោតទៅលើសកម្មភាពមួយចំនួន ដូចជា៖ ការផ្តល់អាហារូបត្ថម្ភដល់កុមារទូទៅ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទៅតាមអាយុ និងសុខភាព ដោយក្នុងមួយថ្ងៃផ្តល់ ៣ពេល ដោយឥតគិតថ្លៃ ដើម្បីបំប៉នសុខភាពឱ្យបានល្អឆាប់ជាសះស្បើយ។ ព្រោះថាអាហារូបត្ថម្ភនេះ មានសារសំខាន់ណាស់ សម្រាប់កុមារតូចៗដែលត្រូវការលូតលាស់ ពិសេសកុមារអាយុក្រោម៥ឆ្នាំ។លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បន្ថែមទៀតថា ក្រៅពីនេះមានបន្ទប់ប្រឹក្សាយោបល់សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារ ដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូន ឱ្យមានសុខភាពល្អ ខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លងកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ខណៈពីមុនយកចិត្តទុកដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូ ប៉ុន្តែឥឡូវលើសអាហារទៅវិញធ្វើឱ្យក្មេងធាត់ពេក ក៏ជាបញ្ហាដែរ។ ការចិញ្ចឹមបីបាច់កុមារ ឱ្យបានល្អធ្វើឱ្យក្មេងមានសុខភាពល្អ មានបញ្ញាឆ្លាតវៃ និងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា លើសពីនេះទៀត យើងក៏គិតគូរពីបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ ក្នុងនោះយើងបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័ត ដែលអាចឱ្យកុមារគូរូប និងមើលសៀវភៅនិទានរឿងផ្សេងៗ ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្ត និងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះ ឬនៅសាលារៀនដែរ ព្រោះថាការព្យាបាលជំងឺ មិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេ គឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ និងបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ។សូមបញ្ជាក់ផងដែរថា យុទ្ធនាការអាហារូបត្ថម្ភនេះ មានផ្តល់ជូនការប្រឹក្សាពីស្ថានភាពអាហារូបត្ថម្ភ និងការលូតលាស់ដល់កុមារ ដោយឥតគិតថ្លៃ និងមានការតាំងពិព័រណ៍ពីការចម្អិនអាហារដែលផ្តល់សុខភាពល្អដល់កុមាររបស់ផ្នែកអាហារូបត្ថម្ភ និងពីសំណាក់ដៃគូសហការនានា៕អត្ថបទ រដ្ឋា

សម្តេចប្រធានរដ្ឋសភា គំាទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភាជាមួយWHO

2025/04/01 03:20:05 pm        465
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសាឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ។សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកសម្រាប់ការគាំទ្រដល់រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ក្នុងការជំរុញវិស័យថែទាំសុខុមាលភាពប្រជាជនកម្ពុជា។ សម្តេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងការចូលរួមក្នុងការអភិវឌ្ឍន៍គោលនយោបាយព្រមទាំងការកសាងភាពជាដៃគូដើម្បីពង្រឹងវិស័យថែទាំសុខភាពរួមទាំងយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លងនានា ក្នុងន័យថាការការពារគឺតែងតែប្រសើរជាងការព្យាបាល។ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគម្រោងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ខាងមុខនេះ។ សម្តេចបានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានជ្រាបថា អង្គការសុខភាពពិភពលោកនឹងចូលរួមសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកល នាពេលខាងមុខនេះ»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ នឹងដើរតួនាទីជាវេទិកាដ៏មានសារៈសម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ការកសាងគោលនយោបាយ ការពង្រឹងសមត្ថភាពនិងការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសកម្មភាពសុខភាពប្រកបដោយចីរភាព។ សម្តេចរដ្ឋសភាធិបតី បានរំលេចថាសមាជិកសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំអនាគតវិស័យសុខាភិបាល តាមរយៈការអនុម័តច្បាប់ ការផ្តល់មូលនិធិ ការបែងចែកធនធាន ការធានានូវគណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល ដោយធ្វើការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលដៅជាតិ និងសកល រួមទាំងការលើកកម្ពស់ការចូលរួមពីសាធារណជនក្នុងកិច្ចពិភាក្សា ស្ដីពីសុខភាព។សម្តេចមានជំនឿមុតមាំថា វេទិកានេះនឹងផ្តល់នូវឱកាស ក៏ដូចជាបរិយាកាសដ៏សមស្រប ហើយនិងបើកចំហទូលំទូលាយ ក្នុងការសហការគ្នាបង្កើតការធ្វើនវានុវត្តន៍ និងការបង្កើតដំណោះស្រាយ ដើម្បីបង្កើនប្រព័ន្ធថែទាំសុខភាព។លោកស្រី ម៉ារីអានណា ទ្រីអាស ថ្លែងអំណរគុណជ្រាល់ជ្រៅសម្តេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតជូនលោកស្រីនិងគណៈប្រតិភូបានចូលជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ សម្តេចបានថ្លែងអំណរគុណដែលសភាកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពលើសុខុមាលភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រីបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន ធៀបទៅទសវត្សរ៍ឆ្នាំ៩០ ដែលលោកស្រីធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជានោះ។នៅក្នុងឱកាសនេះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ជម្រាបជូនសម្តេចពីគម្រោងនានាដែលWHO នឹងបន្តសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីជួយលើការពង្រឹងប្រព័ន្ធសុខាភិបាលនិងសុខមាលភាពប្រជាពលរដ្ឋ។ លោកស្រី ម៉ារីអានណា ទ្រីអាស បានគូសបញ្ជាក់ថា ការថែរក្សាសុខភាពបឋម(Primary Health Care)នៅថ្នាក់មូលដ្ឋាន ជាការសំខាន់ ដូច្នេះការចូលរួមពីគ្រួសារនិងសហគមន៍ ដើរតូនាទីសំខាន់ នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។ ចំណែកការប៉ះពាល់សុខភាពពីបម្រែបម្រួលអាកាសធាតុ ក៏ជារបៀបវារៈសំខាន់ ថ្មីរបស់WHO ផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត ក៏ជាបញ្ហាសាកល មួយកំពុងប្រឈមខ្លាំងណាស់ដែរចំពោះសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃជំងឺមិនឆ្លងនោះ។លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សភាកម្ពុជា លើបញ្ហាសុខភាពហើយបានរៀបចំវេទិកាសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » កាលពីថ្ងៃទី៣១ខែមីនា ទទួលបានជោគជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនក្នុងកម្រិតជាតិនិងអន្តរជាតិ ចូលរួមផ្តល់យោបល់យ៉ាងផុសផុល ស្វែងរកមធ្យោបាយ រួមទាំងការទប់ស្កាត់ ការបង្ការ ជំងឺមិនឆ្លង(NCD)។ជាថ្មីម្តងទៀត សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩ដែលនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងភាពជាដៃគូពហុភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពនានាប្រកបដោយនិរន្ដរភាព និងបរិយាបន្ន៕

សម្តេច ឃួន សុដារី សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ

2025/04/01 02:48:52 pm        516
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់ថា (AFPPD) នៅវិមានរដ្ឋសភា។ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ នៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលសភាកម្ពុជា បានរៀបចំធ្វើឡើង នៅវិមានរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមីនា មិ្សលមិញនេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូវេទិកា AFPPD និងដៃគូអភិវឌ្ឍផ្សេងៗទៀតនៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់នេះ បានបង្ហាញច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងតំបន់ មិនត្រឹមអំពីបញ្ហាជំងឺមិនឆ្លងប៉ុណ្ណោះនោះទេ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដៃគូអភិវឌ្ឍន៍នានាក្នុងសិក្ខាសាលាជាការបង្ហាញនូវកិច្ចសហការរួមគ្នាធ្វើ រួមគ្នាគិត និងរួមគ្នាដោះស្រាយលើបញ្ហាអ្វីមួយ បញ្ហានោះប្រាកដជានឹងអាចដោះស្រាយបានជាមិនខាន។ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបលោកនិងគណៈប្រតិភូនៅក្នុងឱកាសនោះ។ លោកបណ្ឌិត បានវាយតម្លៃខ្ពស់អំពីការចូលរួមរបស់សភាកម្ពុជាក៏ដូចជាការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានរដ្ឋសភា ក្នុងពិធីបើកសិក្ខាសលាសភាតំបន់ កាលពីម្សិលមិញ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពពលរដ្ឋពីសំណាក់សភាកម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នដែលមានការខុសគ្នាឆ្ងាយពីឆ្នាំ២០១២ ពេលដែលលោកបណ្ឌិត បានមកដល់កម្ពុជាជាលើកទី១នោះ។លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានសន្យាថា AFPPD នឹងផ្តល់ការសហការគាំទ្រចំពោះសភាកម្ពុជាក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ ។ ជាក់ស្តែងនៅខែឧសភាខាងមុខនេះ នឹងមានវេទិកាទាក់ទងនឹងមនុស្សចាស់ ដែលប្រារព្ធធ្វើនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ បានកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាង AFPPD និងសភាកម្ពុជា ដែលមានគណៈកម្មការទី៨ជាសេនាធិការនោះដែរ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ AFPPD បានធ្វើការយ៉ាងសកម្ម និងបានរួមវិភាគទានដ៏មានតម្លៃដល់ការងារប្រជាជន និងការអភិវឌ្ឍ តាមរយៈការផ្តល់ឱកាសឱ្យសមាជិកសភាពីក្នុងតំបន់អាស៊ី បានជួបជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា សំដៅដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ជាពិសេស បញ្ហាសុខភាព យេនឌ័រ ការលើកកម្ពស់ស្រ្តី និងក្មេងស្រី បញ្ហាយុវជន និងបញ្ហាមនុស្សចាស់ជរា ជាដើម។ បន្ថែមពីនេះ AFPPD ក៏តែងបានគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជា តាំងពីនីតិកាលមុនៗ រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែង លោកជំទាវ ឡោក ខេង ដែលមានវត្តមាននៅទីនេះស្រាប់ គឺជាសមាជិកាម្នាក់ដ៏សកម្មរបស់រដ្ឋសភាកម្ពុជា ដែលតែងបានចូលរួម និងសហការជាមួយ AFPPD ក្នុងនោះ លោកជំទាវក៏បានកាន់តួនាទីជាហេរញ្ញិក នៃវេទិកា AFPPD នេះថែមទៀតផង។រដ្ឋសភាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេទិកា (AFPPD) ដែលក្នុងរយៈពេលកន្លងមក បានជួយគាំទ្រ និងផ្តល់កិច្ចសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខភាពនិងសុខុមាលភាពសង្គម ជាពិសេសកិច្ចសហការរៀបចំវេទិកាសភាតំបន់ដ៏មានសារៈសំខាន់នាពេលនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាវត្តមានរបស់ AFPPD នៅកម្ពុជា នឹងអាចជួយពង្រឹង និងពង្រីកវិសាលភាព ឥទ្ធិពលការងាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់មេគង្គ ដោយអាចប្រើប្រាស់ជាមជ្ឈមណ្ឌលមួយនៃកិច្ចសហប្រតិបត្តិការការងារ និងការតភ្ជាប់ បណ្តាញសម្រាប់តំបន់។ វេទិកានេះ នឹងដើរតួនាទីដ៏មានសារៈសំខាន់មួយ សម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ទស្សនៈ ការកសាងឆន្ទៈនយោបាយ ការពង្រឹងសមត្ថភាព និងការជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកសាងអនាគតកាន់តែប្រសើរ សម្រាប់តំបន់អាស៊ីរបស់យើង។“ខ្ញុំយល់ច្បាស់ថា តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការតភ្ជាប់ បណ្តាញ ការចែករំលែកចំណេះដឹង ជំនាញ និងការកសាងសមត្ថភាព យើងនឹងអាចលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់មនុស្សជាតិ ព្រមទាំងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាមិនខាន។” នេះជាការគូសបញ្ជាក់របស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៕

សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈចាប់ផ្តើមនៅថ្ងៃនេះ ជាមួយទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ

2025/04/01 02:11:53 pm        492
កម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែមេសានេះ ដោយមានការ សម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ និងការតាំងពិព័រណ៍។ ពិធីបើកកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិស្សា នុសិស្សសាលាមធម្យវិចិត្រសិល្បៈ ។នៅក្នុងពិធីបើកកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានថ្លែងអំណរគុណចំពោះគំរូវីរៈរបស់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ នៅសាលា មធ្យមវិចិត្រសិល្បៈ ដែលបានលៈបង់កម្លាំងកាយចិត្ត ក្នុងបណ្តុះបណ្តាលជំនាញសិល្បៈផ្សេងៗ នៅដល់យុវជនជំនាន់ក្រោយ។ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួម លេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់BTVថា សង្ក្រាន្ត នៅសាលា មធ្យមវិចិត្រសិល្បៈ មានការសម្ដែងទស្សនីយភាពចម្រុះជាច្រើន ដូចជា ល្ខោនខោល ល្ខោនបាក់សាក់ ល្ខោននិយាយ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តីសម័យ ជាដើម។ លើសពីនេះ លោកបានអំពាវនាវ ដល់សាធារណជនអញ្ជើញចូលរួមលេងកម្សាន្តក្នុងសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។យុវជន បានបង្ហាញអារម្មណ៍រីករាយពេលបានចូលរួមក្នុងកម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលមានការរៀបចំតុបតែងលម្អយ៉ាងស្អាត ព្រមទាំងមានស្តង់លក់ម្ហូបអាហារផងដែរ ។ជាការកត់សម្គាល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាម បណ្តាវត្តអារាម សាលារៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា បានរៀបចំកម្មវិធី សង្ក្រាន្តយ៉ាងផុលផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ជាក់ស្តែងដូចជាសាលាមធ្យមវិ ចិត្រសិល្បៈ ជាដើម៕ អត្ថបទ៖ សោភ័ណ

រថយន្ដក្រុងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោល ស្ថិតនៅស្រុកចុងកាល់

2025/04/01 02:02:32 pm        366
ឧត្តរមានជ័យ៖ រថយន្តក្រុងប្រភេទទេសចរ៤៥កៅអីមួយគ្រឿង របស់ក្រុមហ៊ុនធីវីរៈ បើកបរ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត បុកផ្ទះប្រជាពលរដ្ឋទាំងកម្រោល បាន​បង្កការ​ភ្ញាក់ផ្អើល​ដល់អ្នកភូមិ​ ព្រមទាំង​អ្នក​ធ្វើដំណើរមានការភ័យ​ស្លន់ស្លោ​នាំគ្នារត់ចេញពីក្នុងឡាន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់​ចំណុចភូមិ(ក) ខាងត្បូងផ្សារភូមិ(ក) ចម្ងាយ១០០ម៉ែត្រ ឃុំចុងកាល់​ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ​កាលពី​វេលាម៉ោង៦ជាង ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៥នេះ។តាមប្រភពពីកន្លែងកើតហេតុ​បានឲ្យដឹងថា​មុនដំបូងឡើយគាត់​បានឃើញរថយន្តក្រុងពណ៌ស ខាងលើនេះ បើកបរពីទិសដៅពីត្បូង​ទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាតៃកុងឡាន​ងោកមួយភាំង ក៏បានរេចង្កូត​ធ្លាក់ផ្លូវ ​ឆ្ពោះទៅមុខបុក​ចូលផ្ទះ​ប្រជាពលរដ្ឋ ទាំងកម្រោលតែម្ដង ។យោងតាមសាក្សីនៅទីតាំងកើតហេតុផ្ទាល់ បានអះអាងបន្តថា ឡានក្រុងពណ៌ស ដែលបុកចូលផ្ទះ​ប្រជាពលរដ្ឋ​នេះ​ដែរ​ ត្រូវគេស្គាល់ថា ជា​ក្រុមហ៊ុន (ធីវរៈដឹកអ្នកដំណើរ​មាន​ទីតាំងស្ថិតនៅ​ ក្នុងក្រុងសំរោង​ ខេត្តឧត្តរមានជ័យ)។ករណីនេះ សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំពោះករណី​នេះពុំមាន​បង្កគ្រោះថ្នាក់​ដ​ល់មនុស្ស និងអ្នកធ្វើដំណើរអ្វីនោះឡើយ​គ្រាន់តែខូចខាត សម្ភារៈ របស់អ្នកផ្ទះ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។សូមបញ្ជាក់ថា ភា្លមៗនោះដែរ​ក្រោយកើតហេតុរួច ខាងក្រុមហ៊ុនឡាន​ក្រុង​បានព្រមសងសំណង​ទៅដល់ម្ចាស់ផ្ទះ និងបានហៅរថយន្តស្ទូច ដើម្បីស្ទូចយកទៅខេត្តសៀមរាបភ្លាមៗ នៅព្រឹកនេះវិញផងដែរ៕ 

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និង​រៀបចំ​ពិធី​បុណ្យ​សពលោក មាស សាវ៉ាង ដែលទទួលមរណភាពដោយសារការរញ្ជួយដី ក្នុងប្រទេសថៃ

2025/04/01 02:00:58 pm        315
ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលជាហេតុការណ៍ពោរពេញដោយភាពក្តុកក្តួលរន្ធត់ចិត្តជាពន់ពេក ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសព រួមទាំងថវិការបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២០លានរៀល, ថវិការបស់ឯកឧត្តមអភិបាលខេត្ត ចំនួន ២លានរៀល, ថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ចំនួន ១៥លានរៀល ព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀល ផងដែរ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ស្ថាបនាផ្លូវសម្រេចបានលទ្ធផលល្អ

2025/04/01 01:41:04 pm        110
សៀមរាប ÷ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានស្តារឡើងវិញផ្លូវ ក្រាលកៅស៊ូពីរជាន់ DBST និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសនៅក្នុងខេត្តចំនួនពីរ សម្រេចបានលទ្ធផលល្អ ព្រោះផ្លូវគឺជាតម្រូវការ ចាំបាច់ បម្រើដល់ការធ្វើដំណើរ និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ។ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង ២.០០០ម៉ែត្រ នៅឃុំព្រៃគុយ ទៅភូមិក្រចាប់ សង្កាត់អាចារ្យ លាក់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងផ្លូវក្រាលដីល្បាយក្រួស ប្រវែង ១.២០០ ម៉ែត្រ នៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងសំណង់សិល្បការ្យផ្សេងៗ នៅថ្ងៃម្សិលមិញនេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការ វិនិយោគដ៍ចាំបាច់ដើម្បីសម្រួល ដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ជុំវិញផ្លូវទាំងពីរខ្សែនេះ, ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានយក ចិត្តទុកដាក់ អនុវត្តលើគម្រោងខាងលើនេះសម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, នេះជាការបង្ករ ភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល ក៏ដូចជាការទំនិញផ្សេងៗ ពោលគឺការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ ដោយចំណាយថវិកាយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត លើកឡើងបន្ថែថា តាមរយៈនេះ ក្រសួងបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទ ដែលជាតម្រូវការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ ក្រឡាគ្នា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការ ទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម ព្រមទាំងទទួលបានសេវាសាធារណៈនានានៅគ្រប់រដូវកាល។ ជុំវិញបញ្ហានេះ, ការអភិវឌ្ឍហេដ្ឋារចនា- សម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រយៈពេល ១៦ថ្ងៃ តុលាការទូទាំងប្រទេសចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន ២៧ករណី និងឃាត់ខ្លួន ១០៥នាក់

2025/04/01 01:24:47 pm        307
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៥២ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០៥ នាក់ ដែលពាក់ព័ន្ធនឹងបទ "ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត"។អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕ តារាវុទ្ធី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM