សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់

ព័ត៌មានជាតិ

IPTP11 មានទស្សនៈរួមប្រើប្រាស់ការទូតសភា និងភាពជាដៃគូអន្តរជាតិ ដើម្បីជ្រោង​យុត្តិធម៌ពិភពលោក

2024/11/24 02:33:23 pm        107
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ IPTP11 ដែលមាន ឯកឧត្តមបណ្ឌិត Epainete Djangrang Sende អនុប្រធានទី៥ នៃក្រុមប្រឹក្សាជាតិ ជាប្រធាន​អង្គប្រជុំ និងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាកម្ពុជា ជា​សហប្រធាន។យោងតាមលទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ នៃ IPTP11 បានប្រជុំពិភាក្សាដើម្បីជំរុញប្រសិទ្ធភាពការងារសភា ដើម្បីកសាងក្របខណ្ឌច្បាប់ ដែល​ធានា​ដល់យុត្តិធម៌ ភាពអត់ឱន និងសន្តិភាព ដោយកិច្ចពិភាក្សាបានលើកឡើងពីសារៈសំខាន់ នៃ​តួនាទី​របស់អង្គការសហប្រជាជាតិ ក្នុងការការពារសន្តិសុខទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របតាម​គោលការ​នីតិរដ្ឋ ។ក្នុងន័យនេះ យុត្តិធម៌ និងសន្តិភាពត្រូវបានធានា ដោយការមិនមានជម្លោះ និងប្រព័ន្ធ​យុត្តិធម៌​ដែល​គោរព​សិទ្ធិមនុស្ស ហើយការសម្រេចបានបរិយាបន្នកំណើន ការអប់រំ សុខាភិបាល និង​ការលុប​បំបាត់ភាពក្រីក្រ គឺជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាភាពយុត្តិធម៌ និងសុខ​សន្តិភាព នៅក្នុងសង្គម ។ជារួមអង្គប្រជុំបានជំរុញការប្តេជ្ញាចិត្ត ក្នុងការសម្រេចបានការពង្រឹងនូវទស្សនវិស័យរួមគ្នា ដើម្បី​ពិភពលោកមួយប្រកបដោយភាពយុត្តិធម៌ ការយោគយល់ ការគោរពសិទ្ធិមនុស្ស និង​គោរព​តាមគោលការណ៍នីតិរដ្ឋ តាមរយៈការទូតសភា និងភាពជាដៃគូអន្តរជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ

IPTP11 បានរួមគ្នាប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការពារសន្តិភាព

2024/11/24 02:27:09 pm        113
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ IPTP11 ដែលមាន ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ជា​ប្រធាន​អង្គ​ប្រជុំ និងឯកឧត្តម Iulius Marian Firczak សមាជិកសភារ៉ូម៉ានី ជាសហប្រធាន។យោងតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃ​IPTP11 បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងធ្វើសមាហរណកម្មវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា ទៅក្នុងការបង្កើតគោលនយោបាយ ដើម្បីដោះស្រាយបញ្ហានូវប្រឈមជាសាកល និង​លើក​​កម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយអង្គប្រជុំបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា គឺជាកត្តាជំរុញដ៏សំខាន់នៃវឌ្ឍនភាពសង្គម និងកំណើនសេដ្ឋកិច្ច ដែលធ្វើ​ឱ្យ​មាន​សន្តិភាព និងសន្តិសុខ ។ ការវិនិយោគលើវិស័យទាំងនេះអាចទប់ស្កាត់ជម្លោះ ដោះស្រាយវិវាទ និង​ដោះស្រាយ​បញ្ហាឫសគល់នៃអំពើហិង្សា រួមចំណែកដល់ការរួបរួម និងស្ថិរភាពសង្គម ។ អង្គ​ប្រជុំ​បានឯកភាពសហការគ្នា ដើម្បីទាញយកសក្តានុពលពេញលេញ នៃព័ត៌មាន និង​ទំនាក់​ទំនង ដោយ (១). បង្កើតច្បាប់សម្រាប់គ្រប់គ្រងបច្ចេកវិទ្យា, (២). ត្រួតពិនិត្យច្បាប់ឡើងវិញ ដើម្បី​សមភាព និងបរិយាបន្ននៃបច្ចេកវិទ្យា ដោយមិនទុកនរណាម្នាក់ចោល ជាពិសេសកុមារ, (៣) ធានាថាឌីជីថលនីយកម្មមិនប៉ះពាល់ដល់បរិស្ថាន (៤)​ដាក់​បញ្ចូល​បច្ចេក​វិទ្យា​ជា​សសរ​ស្តម្ភ​ទី​៤ នៃអភិបាលកិច្ចសាធារណៈ ប្រកបដោយប្រសិទ្ធភាព ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី

2024/11/24 02:16:36 pm        139
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជូនពានរង្វាន់ «សន្ដិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ។សូមជម្រាបថាសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ IPTP គឺជាវេទិកាសម្រាប់សមាជិកសភា ពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ IPTP ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ប្រគល់ជូននូវពានរង្វាន់ «សន្ដិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕

សម្ដេចធិបតី៖ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះបានឆ្លងកាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​រងគ្រោះដោយសារសង្គ្រាម

2024/11/24 02:10:13 pm        126
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភា​អន្តរជាតិ ដើម្បី​ភាព​អត់​ឱន និងសន្តិភាពលើកទី១១ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះ​បាន​ឆ្លង​កាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ទើប​រយៈ​ពល​ជិត ២៧ឆ្នាំចុងក្រោយនេះ អាចស្វែងរកសន្ដិភាពបានតាមរយៈការដឹកនាំ និង​នយោបាយ​ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធាន​ព្រឹទ្ធសភា​នាពេល​បច្ចុប្ប​ន្ន​នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៦ថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពី​ព្រោះ​បាន​​ឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាម ទម្រាំទទួល​បាន​នូវ​សន្ដិភាព ដូច្នេះទើបកម្ពុជា បានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាពសម្រាប់មនុស្សជាតិ និង​ភព​ផែនដី​។សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពគឺជាគន្លឹះលើអ្វីៗគ្រប់បែបយ៉ាង ពីព្រោះបើគ្មាន​សន្ដិភាព ​គឺគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន និងគ្មាន អនាគតបានឡើយ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា​បាន​បើក​ជា​ផ្លូវការ​នៃ​សម័យ​ប្រជុំ​ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕ អត្ថបទ៖ វ៉ន ដារ៉ា

ព្រះមហាក្សត្រ៖ សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ និងអាស៊ាន

2024/11/24 02:02:21 pm        251
តាមរយៈព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បី​ភាព​អត់ឱន និងសន្តិភាព ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គ​ទ្រង់មាន​ព្រះរាជ​បន្ទូលថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានា​បាន​នូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍។ក្នុងឱកាសនោះព្រះករុណាព្រះមហាក្សត្រ មានព្រះហឫទ័យសោមនស្សរីករាយជាអនេក អបអរសាទរពិធីបើកសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ព្រះករុណាមានព្រះរាជបន្ទូលថា សភាអន្តរជាតិ IPTP សម្រាប់កម្ពុជា គឺជាការអនុវត្តគោលនយោបាយការទូតសភាកម្ពុជា ដែលមានស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ហើយបានបញ្ចប់សង្គ្រាមទាំងស្រុងជាស្ថាពរ សម្រេចបាននូវសន្តិភាព ការផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ការពារបាននូវ សាមគ្គីភាពជាតិ ឯករាជជាតិ បូរណភាពទឹកដី និងវឌ្ឍភាពសង្គម ដែលរួមគ្នាជាធ្លុងមួយ ក្នុងដំណើរស្វែងរកសន្តិភាព និង ការផ្សះផ្សាជាតិ ជាមួយព្រះវររាជបិតារបស់ខ្ញុំ គឺ សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះវរ រាជបិតាឯករាជជាតិ ព្រមទាំង ព្រមទាំងវីរជនជាតិដ៏ឆ្នើមៗមួយចំនួន ក្រោមអគ្គមគ្គុទ្ទេសក៍ឯក បញ្ញាញាណ គតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ និងមហាវិសេសវិសាលឥតកាត់ ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ព្រះករុណាមានព្រះរាជបន្ទូលបន្ថែមថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានាបាននូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍ ព្រមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល កម្ពុជា បានពុះពារ លះបង់ និងប្តេជ្ញា យ៉ាងមុតមាំនិងខ្លាំងក្លាបំផុត ចាប់តាំងពីអាណត្តិទី១ នៃ រដ្ឋសភា មកដល់អាណត្តិទី៧ នេះ ។ ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលជោគជ័យដ៏ឧត្តុង្គឧត្តមមួយទៀត ក្នុងការស្វែងរក និងផ្តល់យុត្តិធម៌អន្តរកាល ក្នុងស្មារតីធានាយុត្តិធម៌ដល់ជនរងគ្រោះដែលបានរងទារុណកម្ម និងការកាប់សម្លាប់ ទន្ទឹមពេលធានាសន្តិភាពដល់អ្នករស់រានមានជីវិត ពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅនិងយង់ឃ្នងរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩។ តាមរយៈបទពិសោធន៍ នៃសន្តិភាពរបស់កម្ពុជា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការ សហប្រជាជាតិ ហើយបាននិងកំពុងចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាព និងកិច្ចការ មនុស្សធម៌ដទៃៗទៀតជុំវិញពិភពលោក៕

សម្តេចតេជោហ៊ុន សែន៖ ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជា​ទំនិញសាធារណៈ

2024/11/24 01:50:50 pm        137
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និង​ភពផែនដី នឹងក្លាយជាទំនិញ​សាធារណៈមួយ​ដែល​ជាតិ​សាសន៍​ណា​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន ចូលរួមបាន ស្របទៅតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង «វេទិកាកិ​ច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។ ថ្លែងក្នុង​ពិធី​បើក និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ធម្មនុញ្ញសន្តិភាព ដើម្បី​មនុស្សជាតិ និងភពផែនដី ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា ក៏​ដូច​ជាកូនចៅជំនាន់ ក្រោយដើម្បីថែរក្សានូវប្រវត្តិសាស្រ្ត អត្តសញ្ញាណ និង​ការ​ខិតខំ​ការពារ​មរតក​សន្តិភាព ដែលកម្ពុជារកបាន ដោយការលំបាក។ សម្តេចបានបន្ថែមទៀតថា គ្រប់ដំណាក់កាលនីមួយៗដែលបានផ្លាស់ប្តូររបបនយោបាយ ការ​ផ្លាស់​ប្តូរមេដឹកនាំការប្រកួតប្រជែងមនោគមន៍វិជ្ជា សង្រ្គាមដណ្តើមអំណាចជាតិសាសន៍ឯង ប្រល័យ​ពូជ​សាសន៍ សុទ្ធសឹងតែជាមេរៀនពិតប្រាកដ ដែលកើតឡើង​ចំពោះ​ប្រទេស​ដ៏​កម្សត់​របស់​យើង ខណៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឲ្យយើង​(កម្ពុជា) កសាង​បាន​នូវ​ភាព​ធន​ក្នុង​ការ​ឆ្លើយ​តបទៅ នឹងវិបត្តិនានាក្នុងប្រវត្តិសាស្រ្ត, ក្នុងការកសាងសន្តិភាព, ការផ្សះផ្សារ, ការ​អត់​ឱន, ការបង្រួបបង្រួមដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងដើម្បី​កសាង​បាន​នូវគ្រឹះមូលដ្ឋាននៃប្រជាជាតិ ក្នុងដំ ណាក់កាលនៃអន្តរកាល ការធ្វើ​សមាហរណ​កម្ម​នៅ​ក្នុ​ងសម័យបច្ចេកវិទ្យាទំនើប ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់អរិយធម៌ថ្មីរុងរឿង និង​យូរ​អង្វែង​ជាដើម។ក្នុងពិធីបើកនិងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន រំពឹងផងដែរថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១ការទប់ស្កាត់ជម្លោះ, ២ ដំណើរ​ការ​កសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣យុត្តិធម៌អន្តរកាល, ៤ការក​សាង​ឡើង​វិ​ញ​ក្រោយ​ជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង៥​សន្តិសុខ​ស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹង​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើក​កម្ពស់​ការ​គោរព​ច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាម​លក្ខណៈ​ពិសេស​របស់​ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូលផងដែរ៕ អត្ថបទ៖ បាន ចក់

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះពិនិត្យព្យាបាលជំងឺជូនកងទ័ពនៅ មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ តេជោភ្នំឆត្រ

2024/11/24 01:43:53 pm        169
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារ​កងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោ​ភ្នំ​ឆត្រ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្ថិត​នៅ​ក្នុង​បរិវេណ​មណ្ឌល​អភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ។ កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោ​ភ្នំ​ឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មាន​ជ័យ​បាន​ទទួល​សេវា​ពិនិត្យសុខភាព និងព្យាបាលដោយ​ឥតគិត​ថ្លៃជា​ថ្មី​ម្ដង​ទៀត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជនសម្ដេចតេជោ (TYDA) ដោយមានការយកចិត្ត​ទុក្ខដា​ក់​ខ្ពស់​ពី​សំណាក់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤។  កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ និង​ព្យាបាល​សុខភាព នាឱកាសនេះមានចំនួន ២៨៥១នាក់ ស្មើនឹង ៤៦១៩ករណី។ ជាក់ស្ដែង​ថ្ងៃ​នេះ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិរបស់សមាគម បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។  ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។ សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបញ្ជូនបន្តករណីអ្នកជំងឺធ្ងន់ធ្ងរមកព្យាបាលបន្តមានចំនួន ២៤នាក់ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះគឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយផ្ទាល់ នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។សកម្មភាពមនុស្សធម៍នៅក្នុងថ្ងៃនេះផងដែរ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រំាពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យុវជន កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក, យុវជន អ.ម.ត, ក្រុមហ៊ុនLG ក្រុមហ៊ុនABA Bank និងផ្នែកពាក់ព័ន្ធដទៃទៀត។ក្នុងឱកាសនេះផងដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ សមាគមក៏បានចែកជូននៅ សៀវភៅ ប៊ិច ម៉ាស និងច្រាសដុសធ្មេញ ដល់សិស្សានុសិស្សមួយចំនួនទៀតផងដែរ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីបើក​សម័យ​ប្រជុំ​ពេញ​អង្គសភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១

2024/11/24 12:11:32 pm        199
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់ក្នុ​ងពិ​ធីបើ​កស​ម័យ​ប្រជុំ​ពេញ​អង្គ​ លើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP)។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបញ្ជាក់ថា ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានការបន្តអភិវឌ្ឍប្រទេសបានល្អ។ -សម្ដេចតេជោបញ្ជាក់ថា បើអ្នកដឹកនាំជំនាន់ថ្មីមិនអាចថែរក្សាសន្ដិភាពដែលថ្នាក់ដឹកនាំជំនាន់មុនខិតខំស្វែងរកបាននោះទេ សម្ដេចនឹងមិននៅស្ងៀមឡើយ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រម្លឹក និងអរគុណសារជាថ្មីដែលវៀតណាមបានជួយ រំដោះកម្ពុជាចេញពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុលពត ជួយការពារអាយុជីវិតប្រជាជនកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា សម្ដេចជាមនុស្សដំបូងគេ ដែលបង្ហាញបំណង និងជំហរជួបសម្ដេចនរោត្តមសីហនុ ដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា គឺរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៨៧ ទើបសម្ដេចតេជោ និងសម្ដេចនរោត្តម សីហនុ ឈានទៅបើកការចរចាពិតប្រាកដរហូតឈានទៅការស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលឆ្នាំ២០២៤នេះ គឺជាខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាគូសរំលេចថា រឿងប្រវត្តិសាស្រ្ដមិនត្រូវកាឡៃនោះទេ ខណៈកម្ពុជាគឺមានរបបប្រល័យពូជសាសន៍មែន ទើបមានការកាត់ទោសខ្មែរក្រហម។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចបានផ្ដួចផ្ដើមប្រមូលផ្ដុំភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល តាមរយៈការធ្វើសមាហរណកម្ម ដោយអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដោយផ្ដល់នូវគោលការណ៍ចំនួន៣ គឺធានាអាយុជីវិត ធានាអាជីព និងធានាទ្រព្យសម្បត្តិ ដល់ភាគីដែលចុះចូលទាំងអស់ទើបពេលនោះកម្ពុជាអាចស្វែងរកសន្ដិភាពបាន។-សម្ដេចតេជោ ហ៊ុន សែន រម្លឹកបន្ថែមថា ចាប់ពីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចបានដាក់អាយុជីវិតលើកទី២ ដើម្បីអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជាអាចស្វែងរកនូវសន្ដិភាពពេញលេញរហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល ២៧ឆ្នាំហើយ បើគិតមកទល់ពេលនេះ ខណៈរយៈពេលជាង ៥០០ ឆ្នាំមកនេះ កម្ពុជាមិនដែលទទួលបានសន្ដិភាពយូរបែបនេះទេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់កម្ពុជា សន្ដិភាពមានតម្លៃណាស់ បើសិនជាគ្មានសន្ដិភាព គឺយើងមិនអាចធ្វើអ្វីៗបានទេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាមមកកាន់កម្ពុជា គឺជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមប៉ុលពត និងជួយទប់ស្កាត់របបនេះមិនឱ្យកើតឡើងវិញ គឺមិនដូចការចោទប្រកាន់របស់ក្រុមមួយចំនួនថាកម្ពុជាអាយ៉ងវៀតណាមនោះទេ។-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានប្រែក្លាយពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ រហូតដល់ក្លាយជានាយករដ្ឋមន្ត្រីដែលគេស្វាគមន៍។ កម្ពុជាបានខិតខំពីប្រទេសឯកោ ទៅជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការស្មើមុខ ស្មើមាត់នៅឆាកអន្តរជាតិ។-សម្តេចតេជោ ហ៊ុន សែនថ្លែងបញ្ជាក់ថា តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូ នៃការផ្តល់កងកម្លាំងរក្សាសន្តិភាពត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ ក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាពស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងកម្ពុជាដែលបានបញ្ជូនមានប្រហែល ១ម៉ឺននាក់នៅក្នុង១០ប្រទេស។ នេះ ជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា។-សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ប្រទេសជាតិមួយត្រូវមានភាពជាម្ចាស់លើប្រទេសជាតិរបស់ខ្លួន ពីព្រោះនៅពេលដែលប្រទេសជាតិមួយបាត់បង់ភាពម្ចាស់ការរបស់ខ្លួននោះនឹងឈានទៅដល់ការបែកបាក់មិនខាន។-សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងពីមិត្តអន្តរជាតិ ប៉ុន្តែមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធាន, ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រ មនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង, ជាពិសេស សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌, សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។-សម្ដេចតេជោ ហ៊ុន សែនសង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ, រួមមាន ១)ការទប់ស្កាត់ជម្លោះ, ២) ដំណើរការកសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣) យុត្តិធម៌អន្តរកាល, ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល។

សម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»

2024/11/24 09:40:10 am        171
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក បើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។នៅក្នុងឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សម្ដេចតេជោបានមានប្រសាសន៍ដោយកក្តីមោទនភាពចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលរៀបចំប្រតិភូដែលអញ្ជើញមកពីបណ្ដាថ្នាក់ដឹកនាំសភាអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកពីការតស៊ូក្នុងការបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ និងការយកជីវិតទៅប្ដូរដើម្បីប្រជាជន និងប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់ ដែលពេលនោះសម្តេចមានជម្រើស៤ ដែលជម្រើសទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អនោះទេ, ទី២ គឺការដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូស្វែងរកកម្លាំងមករំដោះប្រទេសជាតិ , ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ក្រុម ប៉ុល ពត យកទៅសម្លាប់ចោលតែម្ដង និងទី៤ គឺការធ្វើអត្តឃាតខ្លួនឯង។ តែទីបំផុត សម្ដេចតេជោបានជ្រើសរើសយកជម្រើសទី២ គឺភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមករំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ពេលសម្តេចទៅវៀតណាម គឺបានទប់ស្កាត់បានភ្លាមការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មក ប៉ុល ពត វិញ តែពេលសម្តេចចូលដល់ គឺបានទប់ស្កាត់ទង្វើនេះ។ សម្តេចតេជោក៏បាន អរគុណបក្សកុម្មុយនិស្តវៀតណាម ដែលទទួលយកសំណើរបស់សម្តេច ដែលតាមរយៈសំណើនេះ គឺបានជួយអាយុជីវិតពលរដ្ឋខ្មែរជាច្រើនរូប។សម្តេចតេជោមានប្រសាសន៍ទៀតថា ពេលដែលសម្ដេចស្នាក់នៅវៀតណាមនោះ ប៉ុល ពត តែងវាយប្រហារវៀតណាមជានិច្ច ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿនោះទេ។ បើវៀតណាមជឿ គឺកម្លាំងវៀតណាម មិនរងគ្រោះខ្លាំងនោះទេ ហើយទីបំផុតវៀតណាម បានជឿលើអ្វីដែលសម្តេចបានលើកឡើង ក្រោយរងការវាយប្រហារពី ប៉ុល ពត។សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។សម្រេចតេជោបានបន្តទៀតថា នយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់, ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហម តាមរយៈ យុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Develop) ។ សម្ដេចបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលសម្ដេចជឿយ៉ាងមុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរក្រហមដែលលែងចង់ឃើញការបង្ហូរឈាមរវាង ខ្មែរ និង ខ្មែរ, សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ, គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ ។សម្ដេចបានដាក់អាយុជីវិតរបស់សម្ដេចធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ ។ សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សាសង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ។ បច្ចុប្បន្នកម្ពុជាមានឯកសាររឹងជាប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារឌីជីថលលើសពី ២ លានទំព័រ ត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងដកស្រង់អំពីបទពិសោធនៃការប្រឆាំងរបបប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ សម្រាប់មនុស្សជាតិ អ្នកសិក្សាស្រាវជ្រាវ ធ្វើការសិក្សា ក៏ដូចជា ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ដែលអាចយកគំរូបានលើសាលាក្តីខ្មែរក្រហមរបស់កម្ពុជា)។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានខិតខំកែទម្រង់ផ្ទៃក្នុងផង, ខិតខំជំរុញសមាហរណកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងសកលលោកផង ។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ, រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ ១៩៩៨- ២០០៣ និង យុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ ២០០៣ រហូតដល់ ២០២៣ ។យុទ្ធសាស្ត្រត្រីកោណ សង្កត់ធ្ងន់លើ អាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស, ទី២. សមាហរណកម្ម របស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ, និង ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ការកាត់បន្ថយភាពក្រីក្រ, ការកែទម្រង់អភិបាលកិច្ច, ស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ (ចំណុចយុទ្ធសាស្ត្រ និងការកែទម្រង់សេដ្ឋកិច្ចរបស់យើង គឺផ្អែកលើប្រជាជនជាស្នូល, ទើបទទួលបានជោគជ័យ ដោយយើងពង្រីកវណ្ណៈកណ្តាលទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ)។ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការ តភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។សម្តេចបានដឹកនាំកម្ពុជាចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន ៣ ដង, ពោលគឺ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ ។ តាមរយៈអាស៊ាន, កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិ នានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ។ ទន្ទឹមនេះ, កម្ពុជាក៏បានខិតខំដោយជោគជ័យក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ ផងដែរ ។តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព, កម្ពុជា បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយ ប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា ។ យើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏កំពុង ឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ ២០២៩ ខាងមុខ ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ, ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយ ផ្សេងៗ ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក, ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈ សន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត ។ផ្អែកលើសមិទ្ធផលកន្លងមកនេះ, រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស ។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញប្រកបដោយក្តីរីករាយ និងមោទនភាព៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ាសហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព

2024/11/24 09:32:30 am        177
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP) បានអនុញ្ញាតឱ្យលោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Siti Rozaimeriyanty Dato Haji Abdul Rahman ) អគ្គលេខាធិការអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដែលលោកជំទាវ បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃIPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា វត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវអគ្គលេខាធិការ AIPA នៅក្នុងព្រឹត្តិការណ៌ IPPT នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មដល់របស់អង្គការអន្តរសភាមួយនេះប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទះ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាពជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលរបស់អន្តរសភាអាស៊ានផងដែរ។ នៅក្នុងសម័យប្រជុំលើកទី១១សភាអន្តរជាតិដើម្បីភាពអត់ឱន(IPTP) និងសន្តិភាពដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អន្តរសភាអាស៊ាន (AIPA)នឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយនិង IPTP ។ អនុស្សារណៈនៃការយោគយល់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងសម្រាប់សន្តិភាពនៅក្នុងតំបន់និងពិភពលោក។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា អនុស្សារណៈយោគយល់គ្នានេះ ក៏នឹងបើកឱកាសថ្មីសម្រាប់ AIPA ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅទាញផលប្រយោជន៌ដល់អាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះលទ្ធផលការងាររបស់លោកជំទាវនៅក្នុងការដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ាកន្លងមកទទួលបានជោគជ័យជាច្រើន ។ សម្តេចបានកត់ម្គាល់ថា សំឡេង និងឥទ្ធិពលរបស់ AIPA បានកើនឡើងយ៉ាងខ្លាំង ដូចដែលបានបង្ហាញតាមរយៈការកើនឡើងនៃចំនួនសភាសង្កេតការណ៍របស់ AIPA មានចំនួនកើនឡើង ហើយ AIPA បានចូលរួមយ៉ាងសកម្មនៅលើវេទិកាតំបន់ អន្តរជាតិ និងសកលលោក ពិសេសការលើកកម្ពស់ស្រ្តី និងយុវជន ដែលជាធនធានដ៏មានសក្តានុពលនៅក្នុងការអភិវឌ្ឍនិងសន្តិភាព។លោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ថ្លែងអំណរជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកជំទាវនិងសហការីនៅក្នុងឱកាសនេះ។ លោកជំទាវអគ្គលេខាធិការអាយប៉ា បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ពិសេសការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ប្រកបដោយខ្លឹមសារនិងអត្ថន័យនៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវកន្លងមកនេះ។លោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ការផ្តួចផ្តើមជាច្រើនរបស់កម្ពុជា នៅក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ាក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM
ប្រជាជនគុយបា តវ៉ាប្រឆាំងការដាច់ចរន្តអគ្គិសនី ខណៈទណ្ឌកម្មថ្មីរបស់អាមេរិកដាក់ទៅលើកោះនេះ
06/06/2026 12:06 PM
រុស្ស៊ី ចោទអ៊ុយក្រែនពីការសម្លាប់ពលរដ្ឋអាស៊ែបៃហ្សង់ ក្នុងការវាយប្រហារដោយយានដ្រូនទៅលើនាវា
06/06/2026 12:06 PM
បង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់លីបង់ដល់ជិត៦៤០លានដុល្លារ ក្នុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែល
06/06/2026 12:06 PM
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
06/06/2026 12:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
06/06/2026 12:06 PM
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
06/06/2026 11:06 AM
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM