រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦

ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមបន្តការខិតខំយកចិត្តទុកដាក់ផ្តោតទៅលើការពង្រឹងនិយ័តកម្មសេវាឯកជន និងបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស»

2024/11/28 09:26:34 pm        150
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom), នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ នៃចំណុចសំខាន់ៗ ក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុខតាមបែបនិយាមស្តង់ដា រួមមាន៖ ១) ការគិតទៅលើគោលការណ៍ និងគោលនយោបាយសុខាភិបាល ដែលជាការសម្របសម្រួលមានប្រសិទ្ធភាព នៃសកម្មភាពផ្តល់សេវាសាធារណៈ ទទួលបានប្រសិទ្ធខ្ពស់ និងឈានដល់គោលដៅកំណត់ ២) ដំណើរការ ដោយត្រូវមាននិយាមការងារ ភាពច្បាស់លាស់ (ទាំងធនធានមនុស្ស និងជំនាញ) របៀបរបបនៃការធ្វើការងារ និងការកំណត់ផែនការ ៣) បច្ចេកទេស៖ ត្រូវមានការងារសកម្មភាពបែបលក្ខណៈបណ្តុះបណ្តាល ត្រូវពិនិត្យទៅលើគម្រោងការងារនីមួយៗ វិធីសាស្ត្រនៃការអនុវត្តការងារ ដើម្បីអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធខ្ពស់។ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេស សូមបង្កើនការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ និងលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារ និងបង្ការសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលទើបកន្លងផុតថ្មីៗ ដោយភាពរលូន និងជាទីមោទនភាព៕អត្ថបទ រដ្ឋា

មន្រ្តីទូតធំៗចំនួន៤ កោតសរសើរកម្ពុជាចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់អន្តរជាតិ

2024/11/28 08:53:06 pm        154
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនាព្រលានយន្តហោះអន្តរជាតិថ្មីក្រុងតាខ្មៅដែលកំពុងសាងសង់ គណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតចំនួន៤ រួមមាន៖ឥណ្ឌូនេស៊ី អង់គ្លេស ព្រុយណេ និងម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្រ្តីទូតធំៗចំនួន៤ប្រចាំប្រទេសកម្ពុជា បានសាទរ និងកោតសរសើរចំពោះកម្ពុជា ដែលនឹងទទួលបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នៅឆ្នាំ២០២៥ខាងមុខនេះ ខណៈព្រលានយន្តហោះអន្តរជាតិថ្មី បានកំពុងដំណើរសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា។សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន៤ប្រទេសនោះ រួមមាន៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា , ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។សូមបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រហែលជាង ៩០% និងចំនួនទឹកប្រាក់ ១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ ទៅតាមផែនការដែលបានគ្រោងទុក។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕អត្ថបទ ឈិត បូរ៉ាវី 

ធុរកិច្ចបង្កើតថ្មីជាច្រើន បានកំពុងចូលរួមចំណែកបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូល

2024/11/28 08:04:26 pm        111
ភ្នំពេញ ៖ ធុរកិច្ចដែលជាប់ជ័យលាភីពីការប្រកួតជែងភាពជាសហគ្រិនឆ្នាំ ២០២៤ ពិតជាធុរកិច្ចបង្កើតថ្មីប្រកបដោយសក្តានុពល នឹងអាចក្លាយ ទៅជាសហគ្រិនឆ្នើម តាមរយៈការច្នៃប្រឌិតចេញជាផលិតផលផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ការបង្កើតការងារ និងការចូល រួមអភិឌ្ឍន៍ក្នុងសេដ្ឋកិច្ចជាតិ។​ជុំវិញធុរកិច្ចបណ្តុះថ្មី ឬហៅថា (Startup), នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោមនេះ កម្ពុជាបានបណ្តុះគំនិតយុវជន និងអ្នក ដែលមានបំណងចង់បង្កើតអាជីវកម្ម តាមរយៈការច្នៃប្រឌិត ការបង្កើតចេញជាផលិតផល និងគំរូអាជីវកម្មផ្សេងៗ ជាពិសេសការយក បច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម ស្របតាមនវានុវត្តន៍ បច្ចុប្បន្នបានកំពុងជំរុញធុរកិច្ចទាំងនោះ បង្កើតចេញជា ផលិតចេញជាផលិតផល និងអាជីវកម្មកាន់តែសំបូរបែប ដើម្បីរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិយើង។ជាក់ស្តែងក្រុមធុរកិច្ចរបស់ខេមអេដ បានជំរុញការប្រកួតភាពជាសហគ្រិនភាពជាលើកទី៣, ការប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសិស្ស-និស្សិតសរុប ៤២ ក្រុម ក្នុងនោះក្រុមធុរកិច្ចបានជ្រើសរើសយកនូវគំនិតអាជីវកម្ម គ្រប់ដណ្តប់ទៅលើ វិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ វិស័យកសិកម្ម និងផលិតកម្ម, វិស័យសេវាកម្ម និងការប្រឹក្សាយោបល់វិស័យសិល្ប: និងការកែច្នៃ វិស័យម្ហូបអាហារ និងវិស័យផ្សេងៗទៀត ហើយក្នុងនោះគណៈកម្មការបានជ្រើសរើសជំរុះរហូតដល់ជុំចុងក្រោយ គឺបានចម្រាញ់នៅសល់ចំនួន ១០ ក្រុម។ ជុំវិញការប្រកួតប្រជែងនេះ ក្រុមដែលជាជ័យលាភីរួមមាន៖ ក្រុម CCH ទទួលបានចំណាត់ថ្នាក់លេខ ១, ក្រុម OMPOVISION ទទួលបាទចំណាត់ថ្នាក់លេខ ២ និងក្រុម Grounded ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងនោះក្រុមដែលជាប់ជ័យលាភីនីមួយៗ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនផងដែរ។សូមបញ្ជាក់ថា ជុំវិញការបណ្តុះបណ្តាលធុរកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាសេនាធិការ និងវិស័យឯកជន បានកំពុងចូលរួមក្នុងការបណ្តុះធុរកិច្ចនេះជាបន្តបន្ទាប់ ដោយក្នុងមួយឆ្នាំៗបានគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាម្ចាស់ អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនផ្សេងៗ លើការចូលរួមផ្តល់នូវសេវា និងផលិតផលថ្មីៗដែលមានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ និងការផ្តល់ការងារផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កាកបាទក្រហម ដឹកនាំក្រុមយុវជនជាតិ-អន្តរជាតិ បោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ

2024/11/28 06:52:50 pm        121
ឧត្ដរមានជ័យ ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ។ការរៀបចំបោះជំរំយុវជនដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំរបស់ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។ ការបោះជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ៖ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ។ ការបោះជំរំនេះមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម។ រយៈពេល២ថ្ងៃមុនពិធីបើកការបោះជំរំ, គណៈកម្មការរៀបចំ ដោយមានការដឹកនាំគាំទ្រពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានទទួលបន្ទុកគ្រប់គ្រងរួម បានដឹកនាំកម្លាំងចម្រុះ ក្នុងរដ្ឋបាលខេត្តឧត្តរមានជ័យ រួមជាមួយមន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងកម្លាំងយុវជនស្ម័គ្រចិត្ត បានចូលរួមរៀបចំទីតាំងបោះជំរំ ដំឡើងតង់ស្នាក់នៅ កន្លែងចម្អិនម្ហូបអាហារ ការតុបតែងលម្អផ្សេងៗ ដើម្បីឱ្យដំណើរការបោះជំរំ ប្រព្រឹត្តទៅដោយរលូន។ការបោះជំរំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើន សម្រាប់សមាជិកសមាជិកាជំរំជាយុវជនទាំងអស់ ដែលជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងរៀបចំសកម្មភាពចុះតាមសហគមន៍ ដែលបង្កប់នូវចំណេះដឹង បំណិនជីវិត និងការអប់រំចំពោះយុវជនទាំងអស់ផងដែរ ព្រោះថាគោលបំណងនៃការបោះជំរំនេះ គឺដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងផ្ដល់ភាពអង់អាចដោយយុវជនក្នុងបរិវត្តន៍កម្មឌីជីថល បង្កើតឱ្យមានការរឹតចំណងមិត្តភាព សហប្រតិបត្តិការ សាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងជួរយុវជន យុវជនពហុជំនាន់ ពោលគឺមកពីសាខា និងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា។ ផ្ដល់ការសិក្សាជាក់ស្ដែងពីប្រវត្តិនយោបាយ ឈ្នះ ឈ្នះ, ការតស៊ូក្នុងពេលមានសង្គ្រាមរបស់អតីតយុទ្ធជន, ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមសហគមន៍។ លើកកម្ពស់ការចូលរួមក្នុងការគាំពារថែរក្សាបរិស្ថានបៃតង, ការសម្អាតបរិស្ថាន និងបំណិនជីវិត ក្នុងគ្រឹះស្ថានសិក្សា។ ការចូលរួមអនុវត្តគម្រោងកែច្នៃសម្រាម និងការយល់ដឹងពីបរិវត្តន៍កម្មឌីជីថលក្នុងវិស័យមនុស្សធម៌ និងបញ្ញាសិប្បនិម្មិត និងផ្ដល់ឱកាសឱ្យយុវជនបានស្គាល់ និងចូលរួមការពារសម្បត្តិវប្បធម៌របស់ប្រទេសជាតិ។សូមជម្រាបជូនថា ការបើកជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាម ចូលរួមផងដែរ៕ អត្ថបទៈ សំ ងីម

រដ្ឋមន្រី្តសុខាភិបាល «សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចូលរួមបណ្តុះធនធានមនុស្សប្រកបដោយសមត្ថភាព និងក្រមសីលធម៌»

2024/11/28 05:50:34 pm        106
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាសាកលវិទ្យាល័យ គំមួយ លើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្តបន្តថា ៖ អនុលោមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បាននិងកំពុងជំរុញការលើកកម្ពស់គុណភាពបណ្តុះបណ្តាល នៅតាមគ្រប់គ្រឹះស្ថានបណ្តុះ បណ្តាល វិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជន តាមរយៈ ការ កែលំអ កម្មវិធីសិក្សា ការអនុវត្តគោលការណ៍ច្បាប់ ការធ្វើទំនើបកម្មការរៀន និងការបង្រៀន និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តី និងកម្មសិក្សា ។ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមចូលរួមផ្តល់អនុសា សន៍មួយចំនួន ជូនសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ដើម្បីយកទៅអនុវត្ត៖ 1- បន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាព ជាប្រចាំលើ កម្មវិធី សិក្សា នៅ គ្រប់កម្រិត។2- បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មី ៗ ជាពិសេសវគ្គវិក្រិត្យការបុគ្គលិកសុខាភិបាល ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងតម្រូវការជាក់ស្តែងក្នុងវិស័យសុខាភិបាល។3- ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់ប្រសើរឡើង។4- យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ ដើម្បីសម្រេចបាន នូវការបណ្តុះ បណ្តាល បែបសមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត។5- យកចិត្តទុកដាក់បន្ថែមទៀត លើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការ អនុវត្ត ច្បាប់ក្នុងវិស័យ សុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀននិងវាយតម្លៃឲ្យ កាន់តែប្រសើរឡើង។6- បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល បន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីបុគ្គលិក និងជំរុញ ការ ធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាព របស់ បច្ចេកវិទ្យា ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបាន ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប បម្រើដល់ការរៀននិងបង្រៀន ផ្តោតលើសមត្ថភាព។7- បន្តជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូរជាតិ និងអន្តរជាតិ បន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗសម្រាប់ជាធាតុចូលសំខាន់ ក្នុងការ រៀបចំ គោលនយោបាយ និងយុទ្ធសា ស្រ្តសុខាភិបាលនាពេលអនាគត។8- បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទីតាំងកម្មសិក្សាគ្រប់កម្រិត និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ទីរ ពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀត ទាំងអស់ សូមបន្តគាំទ្រសហការយ៉ាង ជិតស្និទ្ធជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ក្នុងការជួយផ្តល់ នូវ សាស្រ្តាចារ្យ មកបង្រៀន ក៏ដូចជាមកចូលរួមកែលំអ ឧបករណ៍បង្រៀននិងឧបករណ៍វាយតម្លៃនិស្សិត នៅសាកល វិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលព្រមទាំងផ្តល់សាស្រ្តាចារ្យជួ យ ពង្រឹងគុណភាពកម្មសិក្សា ដល់ និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។9- បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាសាកលវិទ្យាល័យអង្គការ ស្ថាប័ន ជាតិ និងអន្តរជាតិ សំដៅជំរុញការកៀរគរធនធាន ទាំងបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។ឯកឧត្តមសាស្ត្រាចារ្យ  ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាដៃគូអភិវឌ្ឍន៍នានា ដែលបានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ខិតខំ បេ្តជ្ញាចិត្តរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ និងប្រទេសជាតិ។បើតាមឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញពីភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល និងការទទួលបាននូវចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមសាកលវិទ្យាល័យជាង២០០លើសកលលោ ក សម្រាប់ការវាយតម្លៃពី World’s University with Real impact (WURI) ស្តីពីការផ្លាស់ប្តូរ និងការបើកចំហរ និងការទទួលបានការទទួលស្គាល់គុណភាព ISO សម្រាប់មន្ទីរពិសោធន៍ទាំងពីរ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានធ្វើឲ្យ សាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល កាន់តែមានកិត្យានុភាព និងការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ជំរុញបាននូវទំនុកចិត្តពី និសិ្សត អាណាព្យាបាល ព្រមទាំងសាធារណជន លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់ សេវាផ្សេងៗប្រកប ដោយ គុណភាព។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន៥១កម្មវិធី ដោយមាននិស្សិតសរុបចំនួន ៧,៩៤៩ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៤,៩៦៦នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ចំនួន៧២៧នាក់ (ស្រីចំនួន ៥០៩នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន៦១នាក់ (ស្រីចំនួន២១នាក់) បានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២នាក់បានទទួលអាហារូបករណ៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕អត្ថបទ រដ្ឋា

តែងតាំងលោកស្រី តិមា វិច្ឆិកាល ជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី ដែលត្រូវដល់អាណត្តិ និងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ

2024/11/28 05:37:08 pm        147
ភ្នំពេញ ៖ លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់អាណត្តិ និងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូប និងអភិបាលរងចំនួន ១០រូប ជាជំនួយការ។ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មានគណនយ្យភាពទ្វេទិសក្នុងកិច្ចការបំរើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ។ឯកឧត្តម ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាបបទល្មើសបានទាន់ពេលវេលា។ ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងទៅថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមរហូតដល់ជាង ៦លាន ៣សែននាក់ កើនឡើងជាងឆ្នាំមុន។ ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនាពេលនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិលថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់អាណត្តិ។ឯកឧត្ថម ឃួង ស្រេង ក៏បានផ្តាំផ្ញើឲ្យលោកស្រី តិមា វិច្ឆិកាល ដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គម ស៊ីវិលទាំងអស់ ជាពិសេសត្រូវចូលរួមសហការអនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុងគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់រាជធានីភ្នំពេញ ហើយត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ស្មារតីក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ រហូតទទួលបានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមសប្បាយរីករាយច្រើនជាងឆ្នាំមុនៗ។ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានណែនាំឲ្យ លោកស្រី តិមា វិច្ឆិកាល យកចិត្តទុកដាក់បំពេញភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។លោកស្រី តិមា វិច្ឆិកាល បានបញ្ជាក់ថា លោកស្រីបានបំពេញការងារនៅរដ្ឋបាលរាជធានីភ្នំពេញអស់រយៈពេល ២០ឆ្នាំ រហូតទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។ ជាមួយគ្នានេះលោកស្រីបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នូវគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ ប្តេជ្ញាលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ពង្រឹងសមត្ថភាព ដោយបន្តសិក្សារៀនសូត្រមួយជីវិត និងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត។ ប្តេជ្ញាអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយធានានូវសុខដុមនីយកម្ម និងចូលរួមទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលអាចប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា

2024/11/28 04:43:50 pm        299
អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោក ថុង ម៉េងដាវិត បានឱ្យដឹងថា ការ​សរសេរ​បង្ហោះ​សារ​ផ្ការីកលើ​ទំព័រ​ហ្វេសប៊ុករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺ​ជា​សញ្ញា​បញ្ឆេះ​ប​ដិវត្តន៍ពណ៌លើប្រទេសកម្ពុជា ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ អ្នក​វិភាគរូបនេះបានប្រាប់ថា មិនមែនតែកម្ពុជាទេដែលទទួលរងការបញ្ឆេះបដិវត្តន៍ពណ៌។ ថ្មី​ៗ​កន្លង​ទៅ​នេះ មានបដិវត្តន៍ពណ៌ជាច្រើនបានកើតឡើងរួមមាន បដិវត្តន៍​ពណ៌​ទឹក​ក្រូច​អ៊ុយ​ក្រែន​ឆ្នាំ​២០០៤ និងឆ្នាំ២០១៤ និងបដិវត្តន៍ផ្កាធូលីប នៅគៀរហ្គីស្ថាន ក្នុងឆ្នាំ២០០៥ និង​បដិវត្តន៍​ដើម​កេដារ​នៅលីបង់ ក្នុងឆ្នាំ២០០៥ ជាដើម។ លោកថ្លែងថា«បដិវត្តន៍ពណ៌នេះគឺកើតចេញពីពាក្យថាស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យ និង​ការ​គោរពសិទ្ធិមនុស្ស ដែលពាក្យទាំងអស់នេះត្រូវបានក្រុមជ្រុលនិយមប្រើប្រាស់សម្រាប់ អូស​ទាញ​ប្រជាជន ជាពិសេសយុវជនឱ្យក្រោកឡើងប្រឆាំងបះបោរ និងថ្នាក់ដឹកនាំរបស់ខ្លួន»។ លោក​​ដាវិតប​ន្តថា «ក្រុមប្រឆាំងជ្រុលនិយមបានប្រើវិធីសាស្ត្រជាច្រើនទាំងហិង្សា និងអហិង្សា នៅ​តាមកន្លែងផ្សេងៗ តាមសួនច្បារសាធារណៈ ដើរដង្ហែរតាមផ្លូវ ការប្រើប្រាស់ដបសាំង បដា ការ​កៀរគរបាតុករ និងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាដើម ដើម្បីទាមទារ​ឱ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចុះ​ចេញពីតំណែង»។ លោកបានរំលឹកថា នៅក្នុងអំឡុងពេលបោះឆ្នោត ២០១៨ គណបក្សប្រជាជនកម្ពុជា បាន​ឈ្នះ​ឆ្នោត​ដោយ​​ទទួលបានកៅអីភាគច្រើននៅក្នុងសភា ក៏ប៉ុន្តែអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្សី បានប្រកាសពីយុទ្ធនាការ និងរដ្ឋប្រហារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញ​ពី​តំណែង។ ក្រុម​ជ្រុលនិយមបាន ប្រើប្រព័ន្ធផ្សព្វផ្សាយ [វិទ្យុអាស៊ីសេរី និង Cambodia Daily]​ធ្វើការ​បំភ្លៃ​ព័ត៌មាន និងការលាបពណ៌ប្រជាជនខ្មែរគ្នាឯង ជាយុទ្ធសាស្រ្តដែល​ទណ្ឌិត​នេះ​បាន​ប្រើប្រាស់​ក្នុង​ការ​បំបែក​បំបាក់សាមគ្គីភាពជាតិ និងការរើសអើងជាតិសាសន៍នៅក្នុងសង្គមខ្មែរ។ ទណ្ឌិត​ សម រង្សី គឺជាឧក្រិដ្ឋជនខុសច្បាប់ ដែលមានបំណងប្រើប្រាស់ប្រជាជនខ្មែរ ជាពិសេស​អ្នក​រស់​នៅ​ទីជនបទដែលមិនពេញចិត្តរដ្ឋាភិបាល ឱ្យក្រោកឡើងធ្វើបាតុកម្មប្រឆាំង និង​ទម្លាក់​រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់។ មិនតែប៉ុណ្ណោះ ទណ្ឌិត​រូបនេះបាន​អំពាវនាវ​ឱ្យស​ហគមន៍​អន្តរជាតិ​ ជាពិសេសសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធ​នយោបាយ​បន្ថែមទៀត លើរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើឱ្យរង្គោះរង្គើ និងបំផ្លាញសេដ្ឋ​កិច្ច​កម្ពុជា​ តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ និងចោទប្រកាន់រដ្ឋាភិបាលពុករលួយ និងផ្តាច់ការ ផងដែរ៕

ព្រលានយន្តហោះថ្មីក្រុងតាខ្មៅនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆមាសទី១ឆ្នាំក្រោយ ខណៈ​ការសាងសង់​សម្រេចជាង ៩០%

2024/11/28 03:56:53 pm        1242
នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា គិតត្រឹម​ថ្ងៃ​​ទី២៨ ខែវិច្ឆិកានេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេច​ការ​សាងសង់​បាន​ជាង ៩០% ខណៈព្រលានយន្តហោះថ្មីមួយនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅឆមាសទី១ ដើម​ឆ្នាំ២​០២៥​ខាងមុខ។ ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅ​ក្រោយចប់ដំណើរទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីបានដើរពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរ​ការ​សាង​សង់​ព្រលាយន្តហោះថ្ងៃនេះកត់សម្គាល់ឃើញថា ការសាងសង់នេះ​មាន​លក្ខណៈ​ប្លែក​ច្រើន​ និងឃើញថា ជាការសាងសង់មួយក្នុងទំហំធំពុំធ្លាប់មានពីមុនមក។ ឯកឧត្តម ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ការចំ​ណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ព្រលាន​យន្ត​អន្តរជាតិថ្មីនេះអស់ចំនួនប្រមាណ ១,៣៣៦លានដុល្លារ។ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារ​សាង​សង់​ព្រលាន​យន្ត​ភ្នំពេញថ្មីមួយនេះ៕ អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីការពារជាតិ សម្តែងមោទនភាពចំពោះក្រុមការងារទប់ស្កាត់ និងការពារ​នៃការរីកសាយភាយអាវុធគីមី​នៅកម្ពុជា

2024/11/28 03:29:58 pm        443
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពជា បាន​សម្តែង​មោទនភាព និងថ្លែងអំណរគុណចំពោះក្រុមការងារនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ដែល​បាន​ខិតខំ​ទប់ស្កាត់ និងការពារបានប្រកបដោយប្រសិទ្ធភាពចំពោះការរីកសាយភាយអាវុធគីមី អាវុធ​ជីវ​សាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរនៅកម្ពុជានាពេលកន្លងមកនោះ។ក្នុងឱកាសដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិ អាវុធគីមី ស្តីពីការប្រកាសសមាសភាព នៃអាជ្ញាធរ​ជាតិ​ទប់​ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយ​កិច្ច​ប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តមសូមថ្លែងអំណរគុណ និង​សូម​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការកន្លងមកពីសំណាក់ សមាជិក-សមាជិកាអាជ្ញាធរជាតិអាវុធគីមី ក្នុងការ​ជួយ​សម្រប​សម្រួល​បង្ក​លក្ខណៈ​ងាយ​ស្រួល​លើ​កិច្ចកា​រងារជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានធ្វើឱ្យអាជ្ញាធរ​ជាតិ​អាវុ​ធ​គីមី​លេច​ចេញជារូបរាង និងបន្តលូតលាស់ និងបានបម្រើការងារយ៉ាងសកម្ម និងមាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការពារ​ការរីកសាយភាយអាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ ក្នុង​ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា​៥៤ ចែងថា ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ (អាវុធជីវសាស្រ្ត) ត្រូវហាមឃាត់ដាច់ខាត ។ បន្ថែម​លើស​នេះ​កម្ពុជា​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ដូច​ខាង​ក្រោម ដើម្បីទប់ស្កាត់អាវុធមហាប្រល័យ ដែលរួមមានដូចជា អាវុធគីមី អាវុធជីវសាស្រ្ត អាវុធ​វិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយ​ដឹកជញ្ជូន​អាវុធ​ដែល​បាន​រៀបរាប់ខាងលើនេះ។បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងផងដែរថា ក្នុងគោលបំណង​រួម​ចំណែក​ជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការរីសាយភាយនៃអាវុធមហាប្រល័យ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត អាជ្ញាធរ​ជាតិ​ទប់​ស្កាត់​អាវុធគីមី ជីវសាស្រ្តវិទ្យុសកម្ម និងនុយក្លេអ៊ែរ ហៅកាត់ថា “អាជ្ញាធរជាតិអាវុធគីមី” ឬ “អ.ជ.អ.គ” កាលពីឆ្នាំ២០០៦ ដើម្បីធ្វើជាចំណុចប្រសព្វរបស់ជាតិ ក្នុង​ការ​ទាក់​ទង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាមួយស្ថាប័នជាតិ អង្គការជាតិ-អន្តរជាតិ រដ្ឋភាគីដទៃទៀត និងដើម្បី​គ្រប់​គ្រង​ទប់​ស្កាត់​ការ​រីកសាយភាយអាវុធមហាប្រល័យនេះ។អាជ្ញាធរជាតិ​អាវុធគីមី ឬអ.ជ.អ.គ គឺជាស្ថាប័នជាតិដែលធ្វើ​ជា​តំណាង​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​តែ​មួយ​គត់​ ក្នុងការដោះស្រាយនូវរាល់សកម្មភាពនានាក្នុងការទប់ស្កាត់ការរីកសាយអាវុធគីមី អាវុធ​ជីវ​សាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ។ អាជ្ញាធរជាតិ​អាវុធ​គីមី​បាន​ដើរ​តួយ៉ាង​សំខា​ន់​ក្នុង​ការ​អនុវត្ត​ច្បាប់ជាតិ និងអន្តរជាតិ រៀបចំគោលនយោបាយ និងផែនការសកម្មភាព ផ្សព្វផ្សាយ ធានា​ការអនុវត្ត តាមដាន ត្រួតពិនិត្យ និងការគ្រប់គ្រងទាក់ទងនឹងការហាមឃាត់ និង​ទប់​ស្កាត់​អាវុធ​មហា​ប្រល័យ (WMDs) និងបច្ចេកវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយដឹកជញ្ជូន និង​សារធាតុ ឬសម្ភារៈសម្រាប់ផលិតអាវុធទាំងនេះ។ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ ទៀ សីហា បាន គាំទ្រ​យ៉ាងពេញទំហឹង និងដឹកនាំការអនុវត្តកិច្ចការងារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះ​រា​ជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ទាក់ទងនឹងកិច្ចការងារអាវុធគីមីនេះ៕ អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក

2024/11/28 03:14:50 pm        331
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេច​បវរធិបតីអំពី​អាជីវកម្ម​របស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្មសម្រាប់ពេលអនាគត របស់ក្រុមហ៊ុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កើត​មាន​នៅ​ភាគខាងត្បូងហ្វីលីពីន តែ​មិនរំពឹង​​មាន​ការខូចខាតនោះ​ទេ
06/15/2026 07:06 PM
លោក Zelenskiy ៖ រុស្ស៊ីពុំអើពើរនឹងការផ្តល់ជូនកិច្ចប្រជុំនៅជំនួបកំពូលរបស់មេដឹកនាំក្រុមប្រទេស G7
06/15/2026 07:06 PM
ប្រមុខសម្ព័ន្ធអារ៉ាប់ស្វាគមន៍កិច្ចព្រមព្រៀង​ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញឲ្យ​គោរពអធិបតេយ្យភាពរដ្ឋ​អារ៉ាប់
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបំរាមបណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៦ឆ្នាំ
06/15/2026 07:06 PM
អ្នកការទូត៖ អាមេរិក និងអ៊ីរ៉ង់ នឹងមាន​កិច្ច​ប្រជុំត្រៀម នៅទីក្រុងដូហា មុនចុះហត្ថលេខា លើកិច្ចព្រមព្រៀង
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងរ៉ូម
06/15/2026 07:06 PM
ប្រមុខមន្ទីរបញ្ចកោណបដិសេធថា សហរដ្ឋអាមេរិកមិនកំពុងប្រឈមនឹងកង្វះខាតស្តុកអាវុធ
06/15/2026 07:06 PM