អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

SDF បានបញ្ចេញថវិកាជាង ១៤លានដុល្លារ លើការជួយជ្រោមជ្រែងដល់សហគ្រាសក្នុងស្រុក

2024/11/28 12:40:40 pm        343
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គិតមកដល់ពេលនេះ បានបញ្ចេញកញ្ចប់ថវិកាសរុបជាង ១៤ លាន​ដុល្លារ ក្នុងនោះសម្រាប់ សហគ្រាសធុនតូច និងមធ្យម មានទឹកប្រាក់ជាង ៨ លានដុល្លារ លើ​ការ​ជួយជ្រោមជ្រែងអភិវឌ្ឍន៍ជំនាញដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគម​ធុរកិច្ច និងស្ថាប័ននានា។ជុំវិញមូល​និធិអភិវឌ្ឍន៍ជំនាញ (SDF) នេះ ត្រូវបានបង្កើតឡើងមានរយៈ ៦ ឆ្នាំមកហើយ ដែល​មូល​​និធិអភិវឌ្ឍជំនាញនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើក​កម្ពស់​សមត្ថភាព​​ប្រកួតប្រជែង និង​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំង​កម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន និងសហគ្រាស ទាំង​គុណភាព និងបរិមាណ។ទាក់ទិន (SDF) នេះ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើក​ឡើង​ឱ្យ​ដឹងថា គិតមកដល់ មកនេះ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានចូលរួម​ពង្រឹង​ធន​ធាន​មនុស្ស​ដល់​រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា ក្នុងនោះបើតាមការវាយតម្លៃ ចំពោះការងារកន្លងមក គឺបានអនុវត្តយ៉ាងល្អប្រសើរ ជាពិសេស សម្រាប់​ធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជី ពួកគាត់បាន​ពង្រីក​ខ្លួន​ទៅ​ជា​សហ​គ្រាស​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ក្នុងការចុះ បញ្ជីឱ្យក្លាយជាសហគ្រាសតូច ឈានទៅមធ្យម និងពី​មធ្យម​ឡើងទៅធំជាដើម ។ ចំណែកនៅពេលខាងមុខ, មូលនិធិអភិវឌ្ឍន៏ ជំនាញ នឹង​ធ្វើ​ការ​ជាមួយ​ដៃគូពាក់ព័ន្ធបន្ថែម ទាំងខាងសមាគម ក៏ដូចជាខាងដៃគូអភិវឌ្ឍន៍ ដើម្បីរៀប​ចំ​ជា​កញ្ចប់​ពង្រឹង​សមត្ថភាព ក្នុងរយៈពេលវែង ដើម្បីជ្រើសរើស SME ដែលមានសក្តានុពលខ្ពស់ ជំរុញ​ដល់​ការ​នាំ​ចេញ និងបង្កើននូវតម្លៃបន្ថែមផងដែរ។លោក បន្តថា ជាក់ស្តែងមកដល់ពេលនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជា​ច្រើន ដើម្បីជួយ ជ្រោមជ្រែង ចូលរួមលើកកម្ពស់ជំនាញ គុណភាព និងបរិមាណ ឆ្លើយ​តប​ទៅ​នឹងតម្រូវការទីផ្សារ ដោយមានសិក្ខាកាមទទួលផល ចំនួនជាង ៣២ ពាន់នាក់, នេះជា​ក្នុង​គោល​ដៅ​ចូល​រួមចំណែក ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាម ចក្ខុ​វិស័យរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធាន​ទាំង​ហិរញ្ញ​វត្ថុ ​និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​ត្រូវ​នឹង​តម្រូវ​ការ​វិស័យ​ឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការ​ចូលរួម​បណ្តុះ​បណ្តាល​ដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ លើការប្រឆាំងសម្អាតប្រាក់ និងការជួញដូរខុស​ច្បាប់ផ្សេងៗ

2024/11/28 12:26:12 pm        743
កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់​ព័ន្ធ​នឹងបទល្មើសជួញដូរវត្ថុ បុរាណ និងសម្បត្តិបេតិកភណ្ឌ និងក៏ជាចែករំលែកចំណេះដឹង ក្នុង​ការ​តាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បី ការពារសម្បត្តិវប្បធម៌។ប្រទេស​កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្ប​ទាន​ប្រឆាំងភេរវកម្ម ពាក់ព័ន្ធ នឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ” ត្រូវ​បាន​រៀប​ចំ​ឡើងដោយ EU Global Facility នៅខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤, សន្និសីទ​នេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ក្រោមកិច្ច​សហការ​ជាមួយ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិក ​ស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ខណៈ​ដែល​លើកទី១ បានរៀបចំនៅប្រទេស អេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។ សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែក ចំណេះ​ដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។ជុំវិញព្រឹត្តិការណ៍នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ថ្លែង​លើក​ឡើង​អំពីសារៈ សំខាន់នៃសន្និសីទនេះ និងបានថ្លែងអំណរគុណ EU Global Facility និងក្រុម​ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលបានផ្តល់​ទំនុក​ចិត្ត​ដល់​ប្រទេស​កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ ព្រមទាំងបានសម្តែង​នូវ​ការ​ស្វាគម​ន៍យ៉ាង​កក់ក្តៅ ចំពោះសិក្ខាកាមទាំងអស់មកកាន់ខេត្តសៀមរាប។ លោកជំទាវ មានប្រសាសន៍ថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់​អ្នក​ចូល​រួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្ត ក្នុងការប្រឆាំងសកម្មភាពខុសច្បាប់ នៅ​ក្នុ​ង​ទីផ្សារជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសភាកម្ពុជារៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា»

2024/11/28 12:16:52 pm        311
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជាបានរៀបចំពិធីបើក​អង្គសិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួល​ក្នុង​ក្រប​ខណ្ឌ​សភា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់​សមត្ថភា​ព​របស់​សមាជិក​សភា​ស្ត្រី​ក្នុង​តំបន់​អាស៊ាន នៅលើរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ នៅក្នុងក្របខណ្ឌអាស៊ាន និង​ក្រប​ខណ្ឌ​សភា​នៃ​បណ្តាប្រទេសក្នុងតំបន់អាស៊ាន-អាយប៉ា។ គួរបញ្ជាក់ផងដែរថា ពិធីបើក​អង្គ​សិក្ខា​សាលា​នេះ មានសមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញ នៃសភាកម្ពុជា សភាឡាវ សភា​ឥណ្ឌូ​នេស៊ី សភាម៉ាឡេស៊ី សភាថៃ និងសភាហ្វីលីពីន សរុបប្រមាណជាងមួយរយនាក់។ សិក្ខា​សាលានេះទទួលបានជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ពី PCAsia និង ZIF និង​សហការ​រៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមសភាជាតិកម្ពុជា នៃអ្នក​នយោបាយ​សភា​ស្រ្តី ​និងគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា។

ស្វែងយល់ពីឯកសារសំខាន់ៗដែលពលរដ្ឋអាចស្នើសុំការបញ្ជាក់នៅច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

2024/11/28 12:10:45 pm        272
អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាកន្លែង​ប្រមូល​ផ្តុំ​ការផ្តល់​សេវា​នៅក​ន្លែង​តែ​មួយ​តាម​នីតិ​វិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង​គណនេយ្យ​ភាព។ នេះបើយោងតាម អនុក្រឹត្យស្ដីពី «ការបង្កើត​យន្តការ​ច្រកចេញ​ចូលតែមួយ​សម្រាប់​ការផ្តល់​សេវា​រដ្ឋបាល​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។កន្លងទៅ មានប្រជាពលរដ្ឋខ្លះ បានខកជើង ដោយសារតែ​ចំណាយ​ពេល​ទៅ​សុំ​សេវា​មួយ​ចំនួ​ន​នៅ​ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ទាំងដែលធាតុពិតសេវាទាំងនោះ មាន​នៅ​ថ្នាក់​រាជ​ធានី ខេត្តសោះ។ យោងតាម តារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យខាងលើ សេវានីត្យា​នុកូល​កម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ដែលផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត មាន​​ដូចខាងក្រោម។១.សេចក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណ សណ្ឋាគារ វិនិយោគទុនបរទេស ២.លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម កិ​ច្ច​សន្យា ៣.ប្លង់សាងសង់ ៤.វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ ៥.សញ្ញាបត្រក្រោយឧត្តមសិក្សា( ក្នុងប្រទេស) ៦.សញ្ញាបត្រពុទ្ធិកសិក្សា ៧.លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍ និង​៨.លិខិត​ឬ​ឯក​សារ​ផ្សេង​ៗទៀត(ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ) ។សូម​បញ្ជាក់ថា ក្រៅពីសេវាសេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង អង្គភាព​អង្គភាព​ច្រក​ចេញចូលតែមួយរាជធានី ខេត្ត ក៏ផ្ដល់សេវា១៣ផ្សេងទៀតដែរ រួមមាន ការងារ​រដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការនិងដឹកជញ្ជូន វិស័យវប្បធម៌ និង​វិចិត្រ​សិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យរ៉ែ និ​ង​ថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ខែវិច្ឆិកានេះ មន្រ្តីខិតខំចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់​ មានសុវត្ថិភាព​ដល់ពលរដ្ឋជាង ៦០ម៉ឺននាក់

2024/11/28 11:27:00 am        213
គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិល និង​កង​កម្លាំង​នគរបាល​ជាតិ តាមមូលដ្ឋានទូទាំងប្រទេស បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព ចំនួន១១,៣៥២លើក ដោយមានប្រជាពលរដ្ឋ​ចូលរួម​ស្វែង​យល់​ចំនួន​៦៣៧,៩២៨នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងដដែល សកម្មភាពនៃការផ្សព្វផ្សាយនោះ បាន​ធ្វើ​ឡើងយ៉ា​ង​សកម្ម​នៅ​តាម​វេទិកា​សាធារណៈ សាលារៀន វត្តអារាម តាមខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋ​យល់​ដឹង​ជ្រួត​ជ្រាប និងរួមសហការជាមួយអាជ្ញាធរ ក្នុងកិច្ចការពារ​សុខ​សុវត្ថិភាព​នៅ​តាម​មូល​ដ្ឋាន​ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្នុងនាម​ជា​សេនាធិការ​ជូន​រាជ​រដ្ឋាភិបាល​លើ​វិស័យ​សន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការរដ្ឋបាលមូលដ្ឋាន ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែបានជំរុញ តម្រង់ទិស តាម​ដាន និងវាយតម្លៃយ៉ាងសកម្ម ដើម្បីធានា​គុណភាព​នៃ​ការងារ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​ភូមិ-ឃុំ​សង្កាត់​មានសុវត្ថិភាព។សូមបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និង​ទទួល​បានជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង​បទ​ល្មើស​គ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មាន​អំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និង​ប្រសិទ្ធ​ភាព ៥.ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និង​ប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង​៧.​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង​រាត​ត្បាត​កាច​សាហាវ​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

សម្តេចតេជោ និងសម្តេចធិបតី​ ផ្ញើសារ​អបអរសាទរ ខួប៦ឆ្នាំ នៃ​ការ​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី

2024/11/28 11:13:24 am        389
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​ផ្ញើសា​រ​អបអរ​សាទរ​ខួប​៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គ​ការ​យូណេស្កូ។នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះគឺជាខួប៦ឆ្នាំហើយ ដែលល្ខោនខោល ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៤)។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង ថា«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេស​វិសាល​អស្ចារ្យ​របស់​កម្ពុជា​ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុង​ឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្ស​ជាតិ​នាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់​តែ​ល្បី​សុះសា​យទូទាំងពិភពលោកហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅ​លើ​វេទិកាបេតិកភ័ណ្ឌពិភពលោកនោះ។ សម្តេចតេជោ បានលើកឡើងទៀតថា« កិច្ចការពារ​បេតិក​ភណ្ឌ​វប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។សូមបញ្ជាក់ថារហូតមកដល់ពេលនេះសម្បត្តិវប្បធម៌ខ្មែរមានចំនួន១២ហើយ ដែលត្រូវបានចុះ បញ្ជី​ក្នុង​អង្គការយូណេស្កូ ដោយក្នុងនោះបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា រមណីយដ្ឋាន​អង្គរ​ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក,ប្រាសាទព្រះវិហារ ចុះ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា,និងប្រាសាទសំបូរព្រៃគុក ចុះថ្ងៃ​ទី​៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ។សម្រាប់​បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិវិញ មានដូចជារបាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ,ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទី​ក្រុង​វិនឌុក ប្រទេសណាមីប៊ី,ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង​អេតឌីស​អាបាបា ប្រទេសអេត្យូពី, ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស នៃ​សាធារណ​រដ្ឋ​ម៉ូរីស, គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះ​រាជា​ណា​ចក្រ​ក្រម៉ារ៉ុក និងរមណីយដ្ឋានប្រាសាទកោះកេរ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ដោយឡែកសម្រាប់បញ្ជីចងចាំស្មារតីនៃពិភពលោកវិញ មានដូចជាបណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស, ឯកសារ​សំឡេង​និទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅ​ខេត្ត​ខ្វាងចូវ ប្រទេសចិនខណៈរឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕ អត្ថបទ៖ បាន ចក់

ក្រសួងបរិស្ថានចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើន​ភាពស្អាត

2024/11/28 10:59:14 am        318
មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប ១២ ០៥៥ នាក់ បាន​ចូល​រួម​សកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និង​លេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែល​កំណត់នៅឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួង​បរិស្ថាន សហការជាមួយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាន​និង​កំពុង​អនុវត្ត​សកម្ម​ភាព​សម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិជាបណ្តើរៗ។ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំ-សង្កាត់៨១ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%) បាន​ចូល​រួម​អនុវត្តសកម្មភាពសម្អាតតាមដងផ្លូវជាតិ ដោយគិតជាប្រវែងផ្លូវជាតិបានសម្អាត ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦គ.ម. (៣៩,៨%) និងប្រមូលសំរាមសំណល់ប្លាស្ទិកបាសរុប ២៨ ៧៣២ គ.ក្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ឆ្លើយតបទៅនឹង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សកម្មភាពសំអាតអនាម័យបរិស្ថាន បានលប់បំបាត់គំនរសំរាមអនាធិបតេយ្យចំនួន ២១៦ ទីតាំង ត្រូវ​បាន​សម្អាត។ សូមជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញផែនការ សកម្មភាព​សម្អាត​ផ្លូវ​ជាតិ​នៅ​តាម​បណ្តា​ឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ កាលពីខែតុលា ២០២៤ កន្លង​ទៅ ក្នុងគោលបំណង ដើម្បីឱ្យបណ្តាក្រុង ស្រុក នៅតាមដងផ្លូវជាតិគោលដៅ មានភាព​ស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយ អនាធិបតេយ្យ តាមរយៈការសម្រេចឱ្យបាននូវ គោល​ដៅក្នុងការប្រែក្លាយសកម្ម ភាព ឬយុទ្ធនាការនេះ ទៅជាចលនាស្វ័យអនុវត្ត និងបន្ត​ទៅ​ជា​វប្បធម៌ និងទម្លាប់ល្អរបស់ប្រជាពលរដ្ឋនៅក្នុងរក្សាភាពស្អាត។ ផែនការសកម្មភាពនេះ គឺជា​ចលករ​ដ៏​សំខាន់ជួយជំរុញដល់ការលើកកម្ពស់ការកែប្រែ ឥរិយាបទ និងការចូលរួម​របស់​ប្រជា​ពលរដ្ឋ​ និងអ្នកពាក់ព័ន្ធ ក្នុងការលើកកំពស់ភាពស្អាតដែនដី ដើម្បី សម្រេចបាននូវទិសដៅ របស់​រាជ​រដ្ឋាភិបាលក្នុងការថែរក្សានូវ សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិរក្សជីវៈ ចម្រុះ និងកា​រ​អភិវឌ្ឍ​ប្រកបដោយចីរភាព។ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបាន​រៀបចំ ឡើងអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និង​យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣- ២០២៨ ដែលបានគូស​បញ្ជាក់​ពី​បេសក​កម្ម និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​ប្រជា​ពលរដ្ឋទូទៅ សំដៅឈាន ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រ​នេះ​បាន​រៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញពីអាទិភាព ការងារក្នុងការ​លើក​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាមួយនឹង​យុទ្ធសាស្រ្ត​ចំនួនបី គឺ “ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះ ទៅសម្រេចការ​អភិវឌ្ឍ​ប្រកប​ដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម

2024/11/28 09:43:16 am        344
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ព្រះករុណាព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល១ថ្ងៃ នៅប្រទេសវៀតណាម

2024/11/28 09:08:45 am        357
ព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាង​ចាក​ចេញ​ពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​១​ថ្ងៃ​នៅ​សាធារណ​​រ​ដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកា ។ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លឿង គឿង ប្រធា​នាធិបតី​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះរាជសាររបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងផ្ញើជូនជនរួមជាតិ ដែលឡាយ​ព្រះហស្ត​លេខា​កាល​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បានក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់,សម្តេច ឯកឧត្តម លោកជំទាវ លោក លោក​ស្រី លោកតា លោក យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅបំផុតដោយព្រះអង្គបានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្តេច​ព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត​មាន​ពីមាតុប្រទេស ចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ព្រះករុណា​បានមានព្រះរាជបន្ទូលបញ្ជាក់ថា៖នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ខាងលើនេះ សម្តេច​អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ព្រះ​អង្គ​ក្នុង​ព្រះ​បរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណា បានសូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូម​ប្រគេន​ពរ​ព្រះថេ​រានុ​ត្ថេរៈ​គ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោក​យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមព្រះប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។យាង​និង​អញ្ជើញ​ថ្វាយ​ព្រះរាជវន្ទន​កិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ រាជវង្សានុវង្ស ឥស្សរជន​ជាន់​ខ្ពស់ មន្ត្រីអ្នកមុខអ្នកការសំខាន់ៗផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​នាយក​ព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និង​រដ្ឋសភា។ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជ​សវនាការ​ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹង ស្មារតី ភាព​ជា​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរ​អង្វែង រវាងប្រទេសទាំងពីរ។ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់សាធារណរដ្ឋ សង្គម​និយម​វៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ព្រមទាំងនឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

ឯកឧត្តម ឡាវ វ៉ាន់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត តែងតែផ្តល់ភាពកក់ក្តៅដល់និស្សិតកម្ពុជាសិក្សានៅក្រៅប្រទេស

2024/11/28 07:59:38 am        114
ភ្នំពេញ ÷ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត តែងតែផ្តល់ភាពកក់ក្តៅដល់និស្សិតកម្ពុជាសិក្សានៅក្រៅប្រទេស។កាលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំក្រុមការងារបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់ខេត្តក្រុងចំនួន ៥ រួមមាន៖ ប៉េកាំង គុនមីង ក្វាងចូវ ណាននីង និងអានហ៊ួយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូផ្តល់អាហារូបករណ៍។ក្នុងដំណើរបេសកកម្មគណៈប្រតិភូទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំស្ថានទូត, ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូពាក់ព័ន្ធរួមមានមន្ទីរអប់រំខេត្ត សមាគមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណ២១ស្ថាប័ន ដែលបានជួបពិភាក្សាការងារ។ លើសពីនេះទៅទៀតតាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រុមការងារបានជួបសំណេះសំណាលនិស្សិតកម្ពុជាក្រុងប៉េកាំង ប្រមាណ៣០០នាក់ ខេត្តអានហ៊ួយ ប្រមាណ៦០នាក់ និងនៅតាមបណ្តាលគោលដៅផ្សេងៗទៀត ដើម្បីស្វែងយល់ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានារបស់និស្សិតសំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិតអាចបញ្ចប់ការសិក្សាដោយជោគជ័យ នឹងក្លាយជាធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងបន្តចូលរួមគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និយាយជារួម និងនិយាយដោយឡែក គឺបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅក្នុង និងក្រៅប្រទេសនៅថ្នាក់ឧត្តមសិក្សា៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM