រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ
ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

ព័ត៌មានជាតិ

សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺ​អេដស៍នៅកម្ពុជា

2024/11/21 03:16:11 pm        210
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញ​ជា​អធិបតី​បើក​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​សកម្មភាព សម្រាប់​ឆ្នាំ​២០២៥ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​របស់​យើង, នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ថ្លែង​នៅក្នុងពិធីបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ យើង​បាន​បំពេញ​ភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​មេ​រោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការ​ធ្លាក់​ចុះ​នៃ​ហិរញ្ញ​ប្ប​ទានក្រៅប្រទេស។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់​គ្នា​ចាប់​ផ្តើម​បំពេញ​តួនាទី​ក្នុង​ភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុស​ត្រូវ​របស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជា​មួយ​អង្គ​ការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និង​ជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួល​សេវា​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ(គោលដៅ៩៥-៩៥-៩៥ យើង​សម្រេច​បាន​៨៩-៩៨-៩៨)។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​សុឆន្ទៈ​នយោបាយ​ដ៏​មោះមុត​ឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការ​គំរាម​កំហែង​ពី​មេរោគអេដស៍ និង​ជំងឺ​អេដស៍ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំ​ទូលាយ និងពហុវិស័យពីបណ្តាស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យ​ឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។នៅក្នុងដំណើរការ អង្គសន្និបាត​បាន​ស្តាប់​បទ​បង្ហាញ​ស្តីពី៖១- ទិន្នន័យការត្រួតពិនិត្យដែល ដឹកនាំដោយសហគមន៍(Community Led Monitoring, CLM) ដើម្បីពន្លឿនដំណោះស្រាយឆ្ពោះទៅសម្រេចគោលដៅ៩៥-៩៥-៩៥, ២- ឥរិយាបថប្រឈមរបស់យុវវ័យ, ៣- វិធីសាស្ត្រទប់ស្កាត់ការចម្លង មេរោគអេដស៍ ម=ម, ៤- លទ្ធ​ផល​នៃ​គម្រោងពង្រឹងប្រព័ន្ធសហគមន៍, ៥- ការផ្តល់សេវាមេត្រី នៅមណ្ឌលសុខភាពទួលគោក, ៦- បទ​ពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅខេត្តព្រៃវែង, ៧- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការ​ឆ្លើយ​តប​នឹងមេរោគអេដស៍និងជំងឺអេដស៍នៅរាជធានីភ្នំពេញ និង៨- លទ្ធផល​បឋម​នៃ​ការ​វាយ​តម្លៃ​កម្ម​វិធីបង្ការមេរោគអេដស៍ជាពហុវិស័យ ក្នុងប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា

ចិនធ្វើការស្វែងយល់ លើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធថវិការបស់កម្ពុជា

2024/11/21 03:03:30 pm        222
ចិនធ្វើការស្វែងយល់ អំពីសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏​ដូច​ជា​ប្រព័ន្ធ​ថវិកា​របស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និង​ក្រោមជាតិ, អំពីដំណើរការ នៃ​ការ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈរបស់រដ្ឋ, ព្រមទាំង សមិទ្ធិផល និងផ្នែក​ហិរញ្ញប្ប​ទាន​សហ​ប្រតិបត្តិការ។ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកានៃគណៈអចិន្ត្រៃយ៍ តំណាង​សភា​ប្រជា​ជន​ចិន​ទូទាំងប្រទេស នៅក្នុងជំនួបជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ម្សិលមិញនេះ បានគូសបញ្ជាក់ ថា ឯកឧត្តមមានសេចក្តីរីករាយ និង​អបអរ​សារទរ ចំពោះចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលតែងជួយគាំទ្រគ្នា និងរួម សុខ​រួមទុក្ខជាមួយគ្នា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម គូសរំលេចផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺ​ស្ថិត​ក្នុង​បរិការណ៍ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន និងរឹងមាំជាលំដាប់លើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងហិរញ្ញាប្បទានសហប្រតិបត្តិការ ជាឧត្តម​ប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យថ្មីនេះ។នៅក្នុងជំនួបនេះ, ឯកឧត្តម ចាន់ សុធី បានអរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និង​ប្រជាជន​ចិន នៅលើដំណើរការ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក, កម្ពុជាបាន​ប្រើ​ប្រាស់​ហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសចិន ក៏ដូចជាដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ, ដែលប្រការនេះបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការ​រីក​ចម្រើន​ធំ​ឡើង ជាលំដាប់, បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាន​ប្រឈម​ទៅ​នឹង​វិបត្តិធំៗជាបន្តបន្ទាប់ក្តី។ ឯកឧត្តម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​ប្រធាន​គណៈកម្មការ​កិច្ច​ការ​ថវិកា​នា​ពេល​នេះ នឹងជាការពាំនាំ ដ៏សំខាន់ ជូនទៅដល់ថ្នាក់ដឹកនាំ នៃសភាតំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ អំពីផ្លែផ្កាគួរជាទីមោទនៈ នៃកិច្ចសហប្រតិត្តិការ រវាងរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំចេញសង្ឃឹមថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​កើនឡើងបន្ថែមទៀត​នៅឆ្នាំ២០២៥ ខាងមុខ

2024/11/21 02:43:59 pm        370
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានដាក់ក្តីរំពឹងទុកថា សម្រាប់ការនាំចេញ​ការ​វិស័យ​កាត់​ដេរខាងផ្នែក ផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹង​មានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូច​ជា​នយោបាយ​កម្ពុជា​រក្សា​បាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុក​ចិត្ត​ខ្ពស់​មកកាន់កម្ពុជា។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កត្តាដែលនាំឲ្យលោកមានជំនឿជឿជាក់លើការនាំចេញនេះ ទី១.​គឺ​យោង​លើ​ទិន្ន​ន័យ​លើ​ការនាំចេញ ដោយគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ សម្រេចបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។ និង​ទី២.​កាលពីថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពិព័រណ៍​អន្តរជាតិ​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល២ថ្ងៃ នៅកោះពេជ្រ សមាគម​របស់​លោក​បាន​ទទួល​ជួប​ជាមួយ​អ្នក​បញ្ជា​ទិញ​ទំនិញ​ជា​ច្រើន​មក​ពីចក្រភពអង់គ្លេស ដើម្បីជួបជជែកគ្នា និងស្វែងយល់ដោយ​ផ្ទាល់​តាម​បណ្តា​រោង​ចក្រ​អំពី​គុណភាពទំនិញ និងតម្លៃនាំចេញ។អ្នកឧកញ៉ា បញ្ជាក់ឲ្យដឹងទៀតថា បើតាម​ការព្យាករណ៍​ការវិភាគ​របស់​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ការបញ្ជាទិញ នឹងអាចកើនឡើង​ច្រើ​ន​ជាង​ឆ្នាំ​២០២៤​ ដែលកើនឡើងយ៉ាងតិចមិនក្រោម ២០ទៅ៣០% នោះទេ។ ខណៈសព្វថ្ងៃនេះ ការ​នាំ​ចេញ​ផលិតផលទាំងអស់នោះ មានចំនួនដ៏ច្រើនគួរសមទៅខាងប៉ែកប្រទេសអឺរ៉ុប សហរដ្ឋ​អាម៉េរិក អង់គ្លេស កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ចិន ជប៉ុន និងកូរ៉េជាដើម។ ជុំវិញ​ការនាំចេញនេះដែរ នៅថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានរៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បន្ទាប់​ពី​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំ​ទំនិញ​ទៅ​ទី​ផ្សារ​អេមីរ៉ាត​អារ៉ាប់​រួម​ជាមួយ​អត្រា​ពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀក​បំពាក់, កង់, ផ្លែឈើ និងប្រភេទទំនិញកសិកម្មកែច្នៃជាដើម។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹង​អនុញ្ញាត​ឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវា​កម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។ តាម​ឲ្យ​ដឹងរបស់សមាគមស្បែកជើងកម្ពុជា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន​រោង​ចក្រ​ផលិត​ផលិត​ផល​ស្បែកជើងសរុបចំនួន ១៥៥រោងចក្រ ដែលផ្តល់ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ជាង ១៥ម៉ឺន ៥ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយពីរបបវិនិយោគមានលក្ខណៈបើកចំហ និងមាន​តម្លាភាព

2024/11/21 02:13:05 pm        237
គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​កែលម្អ ឱ្យកាន់តែមាន ភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយផលសម្រាប់ការវិនិយោគ ដោយគ្មានការរើស អើង។ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ស្តីពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និង​អេមីរ៉ា​ត​អារ៉ាប់រួម នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម បានធ្វើការ​បរិយាយ​អំពី​ទិដ្ឋភាព​ទូទៅ នៃជំពូកស្តីពីវិនិយោគ ដែលបានសំយោគនូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​សមាហរណ​កម្ម ខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមករវាងកម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៧។បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសរំលេច អំពីសមាសធាតុសំខាន់ៗ ដែលបាន​ចារឹក​ក្នុង​ជំពូក​ស្តីពី​វិនិយោគ ដោយរាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមការជំរុញវិនិយោគ, កិច្ចសម្រួល វិនិយោគ និង​ការ​ប្រកប​ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបាន​ឆ្លៀត​យក​ឱកាស​ដ៏​មាន​សារៈ​សំខាន់ ធ្វើការផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែលរាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​កែ​ល​ម្អ ឱ្យកាន់តែមានភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយ​ផល​សម្រាប់ការវិនិយោគ ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថា ជុំវិញនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណា​ចក្រ​កម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់ រួមនេះ បានចូលជាធរមានកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ​២០២៤។ ចំណែកសិក្ខាសាលាខាងលើ ដែលរៀបចំឡើងដោយក្រសួង ពាណិជ្ជកម្ម មាន​គោល​បំណង​បញ្ជ្រាបការឈ្វេងយល់អំពីខ្លឹមសារ នៃជំពូកស្តីពីវិនិយោគ នៃកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាបច្ចុប្បន្នភាពថ្មី នៃបរិយាកាស​វិនិយោគ​ក្នុង​ស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា និងចិនបានបញ្ជាក់ពីការបន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ប្រសើរថែមទៀត ក្នុង​វិស័យ​បរិស្ថាន

2024/11/21 02:03:49 pm        205
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​ជួប​ឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួង​អេកូឡូស៊ី និ​ង​បរិស្ថាន នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគី​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡោះងថា កម្ពុជា បានរួមចំណែក​យ៉ាង​ច្រើន​ទៅ​លើ​កិច្ច​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយ​សហគមន៍​អន្តរ​ជាតិ ​ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេស​កម្ពុជា​បានដាក់​ចេញ​នូវ​គោល​បំណង​ច្បាស់​លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុងជំរុញឱ្យប្រទេស​អភិវឌ្ឍន៍​ឆ្លើយ​តប​ការ​សន្យា​ក្នុង​ការ​កាត់​បន្ថយ​ការ​កើន​ឡើង​កំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។ ឯកឧត្តម ZHAO Yingmin បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញា​ចិត្ត និង​ការ​ចូលរួម​របស់​កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្រប​ខណ្ឌ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការ​ប្រយុទ្ធ​ប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់​ប្រទេស និង​តំបន់ទាំងអស់។ ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បី​ដោះ​ស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បី​សម្រេច​បាន​នូវ​យុទ្ធ​សាស្ត្រ​ចក្រាវិស័យ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣គឺ ស្អាត បៃតង និងចីរភាព។ក្នុងឱកាសនេះ ភាគីចិនបានប្រកាសផ្តល់ជូនជាសម្ភារក្រោមកិច្ចសហប្រតិបត្តិការខាងត្បូង-ខាង​ត្បូង​សម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ រួមមាន៖ អំពូលសូឡា LED បំភ្លឺផ្លូវសាធារណចំនួន១៥០០គ្រឿង ផ្ទាំងប្រព័ន្ធថាមពលព្រះអាទិត្យចំនួន ២0០០គ្រឿង រថយន្ត​ត្រួតពិនិោត្យគុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង។ សូមបញ្ជាក់ តាំងពីឆ្នាំ២០១៩ ដល់​ឆ្នាំ​២០២៤ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាង​ត្បូង​ សម្រាប់​ការ​ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ បានផ្តល់ជូន​ក្រសួង​បរិស្ថាន​នូវ​ជំនួយ​សម្ភារៈដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍​បញ្ចេញ​កាបូន​ទាប រួមមាន អំពូលសូឡា LED ចំនួន៤៣០០ ក្រឿង ផ្ទាំងសូឡា ចំនួន ២២០០ គ្រឿង រថយន្ត​ត្រួត​ពិនិត្យ​គុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង និងម៉ូតូអគ្គិសនី ចំនួន២០០គ្រឿង​រួច​មក​ហើយ​៕

សម្ដេចធិបតី លើកទឹកចិត្តឱ្យផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា

2024/11/21 01:50:52 pm        191
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ​និងអ្នកផលិតមាតិកានានា ចូលរួមធ្វើការផ្សព្វផ្សាយ​រូបភាពវិជ្ជមានពីកម្ពុជា ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ​គ្រប់មជ្ឍដ្ឋាន​ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពល និងតំបន់ទេសចរណ៍របស់កម្ពុជា ក្នុងឱកាសព្រះរាជពិធី​បុណ្យអុំទូក កន្លងទៅនេះ។ សម្ដេចធិបតី បានលើកឡើងថា តាមរយៈការចូលរួមផ្សព្វផ្សាយ​ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកផលិតមាតិកា បានធ្វើឱ្យទេសចរបរទេសជាច្រើន​បានអញ្ជើញមកទស្សនាកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ ​និងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨ នាក់ ក្នុងនោះ មានទេសចរជាតិចំនួន ៧,៧៥៥,០៩២នាក់ ​កើនឡើង ២១.៤% និង​ទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ ​កើនឡើង ២៨.៧% ធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំ២០២៣។ ​ខណៈរាជធានីភ្នំពេញ​ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានប្រមាណជាង ៦លាននាក់ និងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ៣០ម៉ឺននាក់៕ 

សម្ដេចធិបតី៖ ក្រុមជ្រុលនិយមយករឿងព្រំដែនមកបំភ្លៃញុះញង់ពលរដ្ឋ ប៉ុនប៉ងបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាល

2024/11/21 01:38:06 pm        255
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតក្បត់ជាតិ ពួកគេបានខិតខំបង្កើតព័ត៌មានមិនពិតនានាទាក់ទងនឹងរឿបូរណភាពទឹកដី និងរឿងព្រំដែន មកបំភ្លៃ ដើម្បីតែញុះញង់ពលរដ្ឋ បង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក បានប៉ុនប៉ង​បង្កើត​ចលនា​ផ្ដួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារមកហើយ តាមរយៈការប្រឌិតព័ត៌មាន​មិនពិតរឿង​បញ្ហាព្រំដែននេះ ដើម្បីញុះញង់​ពលរដ្ឋឱ្យចូលរួមចលនារបស់ពួកគេហើយ​ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ករណីកោះគុត ស្ថិតនៅដែនទឹក នៃភូមិសាស្ដ្រខេត្តកោះកុង ក៏មិនខុសពីរឿងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA ដែរ គឺកាលនោះ​ក្រុមជ្រុលនិយមបង្កើតចលនានេះឡើង ដើម្បីញុះញង់ពលរដ្ឋឱ្យចេញមកផ្ដួលរំលំរាជរដ្ឋាភិបាល​នៅថ្ងៃទី១៨ ខែសីហា កន្លងទៅ ប៉ុន្ដែទៅបានរាជរដ្ឋាភិបាលទប់ស្កាត់ បង្ក្រាបធ្វើឱ្យផែនការ​របស់ពួកគេបរាជ័យ។ ចំណែកករណី កោះគុតនេះ គឺពួកគេមានបំណងញុះញង់​ពលរដ្ឋឱ្យងើប​មកធ្វើបាតុកម្ម ក្នុងឱកាសពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក​ កន្លងទៅនេះ ដូច្នេះរឿងនេះ គឺជានយោបាយអាក្រក់ដដែលៗរបស់ក្រុមជ្រុលនិយម​ ដើម្បីបំផ្លាញសន្ដិភាពរបស់កម្ពុជា។ ក្នុងឱកាសនេះសម្ដេចធិបតី​ នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលដ្ឋ ធ្វើការវិភាគ និង​ពិចារណាឱ្យបានច្បាស់លាស់ជុំវិញការប្រឌិតព័ត៌មានរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក ពីព្រោះពួកគេធ្វើសកម្មភាពដើម្បីតែសម្រេច​មហិច្ឆតា​នយោបាយរបស់ពួកគេ គឺប៉ុនប៉ងផ្ដួល​រំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជា​ដែល​បាន​វាស់វែង​ត្រួសៗ​ដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗ​ដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ​ដោយ​នៅ​មិន​ទាន់រាប់បញ្ចូល​ដែនដី​កោះ​នៅឡើយនោះទេ។សម្ដេចធិបតី ក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះ ដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ ​នៅក្រោយកម្ពុជា​ចរចាបញ្ហាព្រំដែន​ចប់សព្វគ្រប់ ដែល​មានទំហំកើនលើសតួលេខ ១៨១ ០៣៥ ​គីឡូម៉ែត្រការ៉េទៅទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីរចំណុចជូនជនរួមជាតិទាក់ទងនឹងករណី កោះគុត

2024/11/21 01:15:12 pm        321
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបញ្ជាក់ចំនួនពីរចំណុចទៅកាន់ប្រជាពលរដ្ឋ និងជនរួមជាតិទាក់ទងនឹងករណី ក្រុមជ្រុលនិយមនៅក្រៅប្រទេសបំភ្លៃព័ត៌មាន រឿងកោះគុត ស្ថិតនៅព្រំដែនទឹក កម្ពុជា-ថៃ ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងករណី កោះគុត ស្ថិតនៅដែនសមុទ្រ ក្នុងភូមិសា្រស្ដខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ មូលហេតុដែលរាជរដ្ឋាភិបាលមិនឆ្លើយតបទៅក្រុមជ្រុលនិយមនៅក្រៅ ដោយមូលហេតុចំនួនពីរ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេច បន្តថា ភាពចាស់ទុំ រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំ​ប្រទេសមិន​អាចលេងល្បែង​នយោបាយ​ដូចកូនក្មេងជាមួយក្រុមជ្រុលនិយមនៅក្រៅស្រុកនោះទេ ​ហើយកត្តានេះ គឺដើម្បីកុំឱ្យយកភ្លើងពីខាងក្រៅចូលមកផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ជាពិសេសព្រំដែនទឹក ​មិនទាន់ឯកភាពបញ្ចប់នៅឡើយ។ ប៉ុន្ដែករណី កោះគុតនេះ ក្រុមប្រឆាំងនៅប្រទេសថៃ បានចោទប្រកាន់រាជរដ្ឋាភិបាលរបស់គេថា ធ្វើឱ្យបាន កោះគុតមកកម្ពុជា ​ចំណែកក្រុមជ្រុលនិយម​នៅក្រៅស្រុកបានទាញយករឿង​នេះ​មកដើម្បី​តែផលប្រយោជន៍នយោបាយរបស់ពួកគេដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលទៅ​ក្នុង​សមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃ មិនទាន់បាន​បោះបង្គោលឯកភាពគ្នា​ចប់សព្វគ្រប់​នៅឡើយ។ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជូនជនរួមជាតិសារជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បន្ថែមថា ​ការដោះស្រាយបញ្ហាព្រំដែន គឺរាជរដ្ឋាភិបាលប្រកាន់ជំហរ​ដោះស្រាយ​ដោយសន្តិវិធី ដោះស្រាយតាមយន្តការដែលមានស្របតាមច្បាប់ និងបច្ចេកទេសអន្តរជាតិ៕

ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់

2024/11/21 12:37:02 pm        289
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំ ទៅក្រុមប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូច ដែលបានកំពុងតែវង្វេងប្រវត្តិសាស្រ្តនោះថា កុំបង្វែរស្ថានការណ៍ឲ្យក្តៅ និងញុះញង់អុចអាលពលរដ្ឋឲ្យមានការយល់ច្រឡំខុសពីការពិតទាក់ទងនឹងបញ្ហាកោះគុតឲ្យសោះ ខណៈកោះនេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ក៏បានកំពុងរកដំណោះស្រាយគ្នាជាទ្វេភាគី​ និងដោយសន្តិវិធីផងដែរ។ផ្ញើសារចេញពីកម្មវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះមានក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមាន​ក្រុមក្បត់ជាតិ​បីជំនាន់​នៅពីក្រោយខ្នងធ្វើ ​ការញុះញង់អុចអាលនោះ បានកំពុងយកបញ្ហាកោះគុត​បញ្ឆេះ​ពលរដ្ឋ​ឲ្យមានការ​ភ័នច្រឡំ​ធ្វើបាតុកម្មប្រឆាំង នឹងរាជរដ្ឋាភិបាល និងរុញរាជរដ្ឋាភិបាលឲ្យប្តឹងភាគីថៃ​ទៅកាន់តុលាការយុត្តិធម៌អនុ្តរជាតិ ICJ ហើយតាមរយៈការ​ញុះញង់​ពី​ជនអគតិទាំងនោះអាច​នឹង​ធ្វើឲ្យកម្ពុជា និងថៃមើលមុខគ្នាមិនចំ ​រហូតអាចឈានដល់ផ្ទុះអាវុធផងដែរ។ សម្តេចតេជោ បានបន្ថែមទៀតថា «ដំបៅមិនឈឺយកឈើចាក់»។សម្តេចតេជោ ហ៊ុន សែន​ ក៏បានបញ្ជាក់ផងដែរថា ការប្តឹងផ្តល់គ្នាទៅតុលាការយុត្តិធម៌អន្តរជាតិ​លើ​បញ្ហាកោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច​នៅក្រៅប្រទេសនោះ មិនមែន​ជា​ការងាយស្រួលនោះទេ ​ខណៈបញ្ហាកោះគុតនេះ កម្ពុជាមានក្រុមក្បត់ជាតិបីជំនាន់ជាអ្នកបញ្ឆេះ ហើយខាងភាគីថៃ ក៏មានក្រុមជ្រុលនិយម បានកំពុងបញ្ឆេះរឿងនេះដែរ ដែលកត្តានេះ អាច​នឹងធ្វើឲ្យកម្ពុជា ​និងថៃមានបញ្ហា ​ដាក់គ្នាដូចករណី​ប្រាសាទព្រះវិហារ និងកោះតាក្របីយ៉ាង​ដូច្នេះដែរ៕ អត្ថបទបាន ចក់

សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ

2024/11/21 12:28:44 pm        299
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ និងកងកងទ័ពទាំងអស់ រក្សាភាពស្ងៀមស្ងាត់កុំស្តាប់​តាម​ការញុះញង់អុចអាល​ពី​ក្រុមជុលនិយម​មួយក្តាប់តូចលើបញ្ហាកោះគុតនេះ ដោយគប្បីត្រូវទុកលទ្ធភាពករណីនេះ ឲ្យរដ្ឋាភិបាលកម្ពុជា និងថៃដោះស្រាយគ្នាដោយទ្វេភាគី និងដោយសន្តិវិធី។ថ្លែងនៅក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ​សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្នកម្ពុជា និងថៃបានកំពុងរក្សា​បាននូវព្រំដែន​សន្តិភាព ជាមួយគ្នាដោយបានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរសក្សាទំនាក់ទំនង​គ្នាបានល្អ ដូច្នេះកុំគ្រាន់តែឮពាក្យ ញុះញង់​ខុសពីការពិតពីក្រុមជ្រុលនិយមមួយក្តាប់តូចបែជាធ្វើ​ឲ្យប្រទេសទាំងពីរមានភាពប្រេះឆា ជាមួយគ្នានោះ។សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសណាក៏មានក្រុមជ្រុលនិយមដែរ ប៉ុន្តែក្រុមជ្រុលនិយមនៅកម្ពុជាគឺបានជ្រុលនិយមហួសកម្រិតដោយពិបាកទទួលយក។ ត្រង់ន័យនេះ គឺសម្តេចតេជោ បានសំដៅទៅលើក្រុមក្បត់ជាតិបីជំនាន់ ដែលជាក្រុមជ្រុលនិយម ហើយបានកំពុងរុញស្ថានការណ៍ឱ្យក្ដៅ ខណៈទង្វើនេះ គឺមានចេតនាបំផ្លាញប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ។ជាក់ស្តែងលើបញ្ហាកោះគុតនេះតែម្តង បានកំពុងបញ្ឆេះឲ្យពលរដ្ឋ​ធ្វើ​បាតុកម្មរាជរដ្ឋាភិបាល។យ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហាកោះកុតនេះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កងកងទ័ព ទាំងអស់ទាំងជើងទឹក ជើងគោក និងជើងអាកាសកុំធ្វើការចល័តទ័ព​ផ្ដេសផ្ដាស​នៅតំបន់​កោះនោះ​ឲ្យសោះ ដោយគ្រាន់តែទទួលព័ត៌មានមិនច្បាស់លាស់ និងស្តាប់​តាមការអុចអាលពីក្រុមប្រឆាំង​ជ្រុលនិយមមួយក្តាប់តូចនោះ។ ទាក់ទងនឹងបញ្ហានេះដែរ សម្តេចតេជោ ក៏បានស្នើរឲ្យមានការ​តាក់តែង​ច្បាប់​ដោយដាក់ក្រុមជ្រុលនិយមទាំងនោះ ទៅជាក្រុមភេរវកម្មផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM