សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បន្តប្ដេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT សហការ និងឃ្លាំងមើលបទឈប់បាញ់រវាងកម្ពុជា-ថៃសំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៦៣%ហើយ
ប្រមុខការទូតកម្ពុជា និងតំណាង​ OHCHR ថ្មី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយគ្នា​

ព័ត៌មានជាតិ

ក្រុមហ៊ុន Fortune Rich Trade ចង់បណ្ដាក់ទុនបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារនៅកម្ពុជា

2024/11/06 06:48:19 pm        144
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងមានជំនឿជឿជាក់ថាប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាធានាបាននូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុននៅ កម្ពុជា និងបានគូសបញ្ជាក់ថាវិស័យ វាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាច​ប្រេីប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់​ផលិតកម្ម​។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងបើកចំហរកិច្ចពិភាក្សាជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទូលបានជោគជ័យបន្ថែមទៀត ៕

មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

2024/11/06 06:34:24 pm        125
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាងារងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន។ សម្ដេចបវរធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជននិងប្រជាជន៕

​ ​សម្ដេចតេជោ ហ៊ុន សែន បង្ហាញការកត់សម្គាល់៣ចំណុចចំពោះការឈ្នះរបស់លោក ដូណាល់ ត្រាំ ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជនច្រើនឈានទៅក្លាយជាប្រធានាធិបតីអាមេរិកថ្មី

2024/11/06 06:11:13 pm        100
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះជាណាចក្រកម្ពុជា បានបង្ហាញការគត់សម្គាល់ឃើញ ៣ ចំណុចសំខាន់ដែល លោក ដូណាល់ ត្រាំ ទទួលបានសន្លឹកឆ្នោតពីប្រជាជនច្រើន អាចឈានទៅក្លាយជាប្រធានាធិបតីរបស់អាមេរិកថ្មីនាពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ថា បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក! ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ១៧ក្រុមហ៊ុននៅខេត្តយូណាន ចូលជួបពិភាក្សាការងារ

2024/11/06 05:47:42 pm        173
ភ្នំពេញ ៖ ទីក្រុងគុនមីង៖ ឆ្លៀតឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ខេត្តយូណាន សរុបចំនួន ១៧ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរ ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ រួមជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិនពីខេត្តយូណាន មកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើន។

អាជ្ញាធរនិងប្រជាពលរដ្ឋទូទាំងក្រុងពោធិ៍សាត់ចូលរួមយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»

2024/11/06 05:42:57 pm        66
ពោធិ៍សាត់ ៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចេញរើសសំរាម សំណល់ប្លាស្ទិកព្រមគ្នា នៅតាមផ្លូវទាំងអស់ ក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីការចូលរួមសាមគ្គីគ្នា ដើម្បីមូលដ្ឋានស្អាត ទីក្រុង ទីប្រជុំជនស្អាត ជាពិសេសសារៈសំខាន់នៃការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព ឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។ លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានលើកឡើងពីការជំរុញការផ្សព្វផ្សាយនិងអនុវត្តយ៉ាងទូលំទូលាយនៃ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន!” ក្នុងចំណោមសិស្សានុសិស្សនៅតាមសង្កាត់ទាំង៧នៅក្នុងក្រុងពោធិ៍សាត់។ លោកបានប្តេជ្ញាជំរុញយុទ្ធនាការឆ្ពោះទៅរកទីក្រុងស្អាត ដោយលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាបរិស្ថានស្អាត និងគ្រប់គ្រងកាកសំណល់ ប្រកបដោយការទទួលខុសត្រូវ។ លោក សឿង សារឿន នាយកប្រតិបត្តិនៃ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum ដែលបានសហការរៀបចំការផ្សព្វផ្សាយនៅក្នុងថ្ងៃនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការរក្សាកម្ពុជាឱ្យស្អាត និងបានអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃ។ លោកបានបន្តថា៖ «យើងត្រូវការភាពស្អាតក្នុងចិត្តរបស់យើង ក៏ដូចជានៅជុំវិញខ្លួនយើងដែរ។ ដូចនេះត្រូវចាប់ផ្តើម ដោយការប្តេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗ។ឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ បានសំដែងការគាំទ្រយ៉ាងមុតមាំចំពោះយុទ្ធនាការនេះ ហើយប្តេជ្ញាធ្វើឲ្យវាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តម បានបន្ថែមថា យុទ្ធនាការបានចូលរួមកែប្រែឥរិយាបថសាធារណជន ឱ្យមានអនាម័យតាមភូមិដ្ឋាន ទីក្រុងស្អាត ព្រមទាំងមានការគ្រប់គ្រងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវជាបណ្តើរៗ។ ឯកឧត្តម បានអះអាងថា យុទ្ធនាការនេះ អាចជោគជ័យបាននៅក្នុងពេលអនាគត លុះត្រាតែមានការចូលរួមពីគ្រប់ស្ថាប័ន និងសហគមន៍។ កន្លងមកសិស្សានុសិស្សប្រមាណ៣,៧លាននាក់ បានដើរតួយ៉ាងសកម្មនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប៩,៧នាក់។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្ហាញថាយុទ្ធនាការជាជំហានៗ ពីយុទ្ធនាការនៃការប្តេជ្ញាចិត្ត មកជាការអនុវត្តសកម្មភាព ការប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក ដែលមានយុទ្ធនាការ«កម្ពុជាស្ងាត ខ្មែរធ្វើបាន» ដែលមានអ្នកចូលរួមប្រមាណជាង៣លាននាក់រួចមកហើយ បន្ទាប់មកបន្តជំរុញឱ្យសកម្មភាពនៃយុទ្ធនាការក្លាយទៅជាចលនា ឆ្ពោះទៅប្រជាជនកម្ពុជាមានទម្លាប់រស់នៅស្អាត។លោក លីង ជាមីង សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនពោធិ៍សាត់ បានសម្តែងការសាទរចំពោះការចូលរួម ក្នុងបុព្វហេតុបរិស្ថាន និងមានប្តេជ្ញាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយថែរក្សាសាលាឱ្យស្អាត។ មិត្តរួមថ្នាក់របស់គាត់ កញ្ញា សឹស ចាន់ដា បានចាត់ទុកថាយុទ្ធនាការនេះ ជាគំរូល្អសម្រាប់ប្រជាជនក្នុងការអនុវត្តតាម» ជាពិសេសការព្រួយបារម្ភអំពីបរិស្ថាន និងហានិភ័យសុខភាព ដែលបង្ករឡើងដោយសំណល់ប្លាស្ទិក។ "ខ្ញុំនឹងផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិ សិស្សរួមថ្នាក់ និងគ្រួសាររបស់ខ្ញុំ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ"។ កញ្ញា សឹស ចាន់ដា បានបន្ថែមក្នុងពេលកមពុងដើរើសសំរាម។សូមបញ្ជាក់ថា កម្ពុជាផលិតកាកសំណល់ចំនួន២លានតោនក្នុងមួយឆ្នាំ ក្នុងនោះមានប្លាស្ទិក ចំនួនប្រមាណ២០%»។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសំណូមពរឱ្យមានចូលរួម យុទ្ធនាការ«កម្ពុជាស្ងាត ខ្មែរធ្វើបាន» ដោយចំណាយពេលត្រឹមតែ ១៥នាទីរៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃណាមួយក្នុង១សប្តាហ៍ ដើម្បីចេញរើសសំរាមប្រមូលទុកដាក់សំណល់ប្លាស្ទិកសំអាតមូលដ្ឋាន តាមដងផ្លូវនិងទីសារធារណៈនានាឱ្យមានភាពស្អាត។ «យើងត្រូវតែធ្វើការជាមួយគ្នា ដើម្បីរក្សាផ្ទះ សាលារៀន សហគមន៍ និងប្រទេសឲ្យស្អាត»។ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងបន្ថែម។

ក្រុមហ៊ុន Zhongjiao Tongli បង្ហាញបំណងពង្រីការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

2024/11/06 05:33:29 pm        186
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។ ជាមួយគ្នានោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលេីកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាននៃប្រទេស ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះផងដែរ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការនិងពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងខិតខំកសាងភាពធន់ទប់ហានិភ័យកើតឡើងនៅខាង ក្រៅប្រទេស

2024/11/06 05:31:21 pm        124
ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពង្រីក និងពង្រឹងនូវភាពធន់ ដើម្បីទប់ទល់នូវហានិភ័យនានា ដែលកំពុងកើតឡើងនៅខាងក្រៅប្រទេស មានបញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម ។ក្នុងសិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានមាន ប្រសាសន៍ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាននៃការគិតគូរថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តដំណើរលើមាគ៌ាកំណើន ដោយត្រឡប់ជាបណ្តើរៗ ទៅកាន់គន្លងនៃកំណើនសក្តានុពល ក្នុងខណៈដែលស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាពប្រសើរជាងមុន ។ឯកឧត្តមបានលើកឡើងពីហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីកត្តាខាងក្រៅ ចម្បងៗ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងផលវិបាក ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ល។ ដែលកម្ពុជា ចាំបាច់ត្រូវតែខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ក៏ដូចជា បន្តកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងហានិភ័យដែលអាចកើតឡើងជាយថាហេតុ ។ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា មានប្រសាសន៍ថា ក្នុងតួនាទីជាអ្នកតាមដាន និងជំរុញការអនុវត្តច្បាប់ សភាសូមចូលរួមគាំទ្រ និងលើកទឹក ចិត្តចំពោះការដាក់ទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមឱ្យកាន់តែមានភាពរឹងមាំនិងមានភាពឆ្លើយតបខ្ពស់ ដែលផ្តោតលើអាទិភាពចំនួន៦ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ឯកឧត្តម បាបន្តថា បានបន្តថា សភាបានយកចិត្តទុកដាក់ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួចជាប់ជាប្រចាំ ហើយបានមើលឃើញ និងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងធ្វើការងារកែទម្រង់នេះ ដែលទទួលបានលទ្ធផល និងវឌ្ឍនភាពគួរជាទីពេញចិត្ត។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា មានប្រសាសន៍ថា សិក្ខាសាលាសភា ដើម្បីស្វែងយល់ពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នឹងចូលរួមនៅក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងអង្គសិក្ខាសាលានាឱកាសនេះ ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះ ៕អត្ថបទ បាន សុខរិទ្ធ

គម្រោងផ្ដល់អាហារូបត្ថម្ភដល់កុមារកម្ពុជា បន្តទទួលការគាំទ្របន្ថែមពីអង្គការដៃគូ

2024/11/06 05:28:39 pm        279
ភ្នំពេញ៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) និងអង្គការដៃគូ បាន ដាក់ឱ្យដំណើរការគម្រោងរួមគ្នា SDG Seed Funds Joint Project ខណៈអង្គការទស្សនៈពិភពលោកអន្តរជាតិ (Worl Vision) បានដាក់ឱ្យដំណើរការគម្រោងយុទ្ធនាការគ្រប់គ្រាន់ (ENOUGH CAMPAIGN PROJECT) ដែលបានជួយដល់ការគាំទ្រផ្នែកអាហារូបត្ថម្ភ របស់កុមារនៅតាមសហគមន៍ ជាពិសេសតំបន់ជនបទ ។ក្នុងពិធីអបអរទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ក្រោមប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន” នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សំណាង តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា គម្រោងរួមគ្នា នឹងជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា ដើម្បីធានាថា ប្រព័ន្ធស្បៀងមិនត្រឹមតែមានភាពធន់ ចីរភាព និងបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានភាពប្រសើរឡើង តាមរយៈការគាំទ្រដល់របបអាហារសុខភាព និងមិនទុកនរណាម្នាក់ចោលឡើយ ។ ឯកឧត្តមបានបន្តថា គម្រោងនេះ នឹងពង្រឹង-ពង្រីកបរិយាកាសអំណោយផលសម្រាប់ប្រព័ន្ធស្បៀង ដើម្បីផ្តល់អាទិភាពដល់ការវិនិយោគ សម្រាប់លទ្ធផលសេដ្ឋកិច្ច និងអាហារូបត្ថម្ភ និងពង្រឹងសមត្ថភាពអ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រវិនិយោគក្នុងកម្រិតដែលអាចជំរុញទាំងលទ្ធផលសេដ្ឋកិច្ច និងអាហារូបត្ថម្ភ ។ ឯកឧត្តម ជា សំណាង បានបន្ថែមថា គម្រោងយុទ្ធនាការគ្រប់គ្រាន់ ដើម្បីចូលររួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ។លោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សន:ពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងយុទ្ធនាការគ្រប់គ្រាន់ គឺផ្ដោតទៅលើការងារសំខានចំនួន៣ ហើយធ្វើយុទ្ធនាការមានរយៈពេលបីឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ។ ចំណែកពលរដ្ឋនៅតាមសហគមន៍ ដែលយកផលិតផលទៅតាំងពិព័ណ៍រក្នុងកម្មវិធីនេះ បានលើកឡើងថា សហគមន៍របស់ពួកគាត់ ក៏បានចូលរួមផងដែរ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា តាមរយៈផលិតអាហារដែលមានសុវត្ថិភាព ។​គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ដើម្បីអភិវឌ្ឍមូលធនមនុស្សកម្ពុជា

2024/11/06 04:53:28 pm        84
ភ្នំពេញ៖ ក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភលើកទី១១ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៤) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍមូលធនមនុស្ស សង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យសម្រាប់កម្ពុជាឆ្នាំ២០៥០។តាមរយៈសារលិខិត ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១១ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៤) សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធានបទ «អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន» ស្របពេលដែលអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទកំពូលស្តីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីផ្តល់ឱកាសឱ្យរដ្ឋជាសមាជិកបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីស្តីពី អាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភមានភាពប្រសើរឡើង និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព និងគោលដៅទី៣គឺ ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជន មានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ។ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានផ្ដល់ នូវអនុសាសន៍ឱ្យភាគីពាក់ព័ន្ធ៖ ១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត រៀបចំនិងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងធ្វើ បច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលនានាដែលកើតមានឡើង។២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈការស្រាវជ្រាវនិងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យា ថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នន័យស្តីពីការដាំដុះ និងការពារផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភរបស់ប្រជាជន។៣- ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្តីពីអាហារូបត្ថម្ភ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងរក្សាទម្លាប់ បំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ក្រោយពីសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយនេះឱ្យបានរហូតដល់កុមារមានអាយុយ៉ាងតិច បំផុត២ឆ្នាំ។៤- សូមឱ្យមាតា បិតា ឬអាណាព្យាបាលនាំកូនដែលមានអាយុក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងតាមដានការលូតលាស់របស់កុមារ និងសូមនាំកុមារដែលមានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ នៅតាមមណ្ឌលសុខភាព ឬនៅតាម មូលដ្ឋានសុខាភិបាលនានា ដើម្បីជួយដល់ការលូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹង ការបង្ករោគផ្សេងៗ។៥- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង ការផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ប្រាក់ចំណូល និងប្រាក់សន្សំ។៦- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវបន្តជំរុញពង្រឹងការអនុវត្តលើតម្រូវការ ការប្រើប្រាស់ស្លាកសញ្ញាសម្គាល់ផលិតផល និងព័ត៌មានអាហារូបត្ថម្ភជាអក្សរខ្មែរលើគ្រប់មុខទំនិញ រួមទាំង អាហារបញ្ចូលមីក្រូសារជាតិ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើស អាហារបរិភោគ និងត្រូវលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ ដូចជា ការទម្លាក់ព្រូន ការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារជាដើម។៧- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពី របៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព។៨- សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុន ម្ចាស់ សិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាម គ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និង ចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕

មកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវកម្មរ៉ែនៅកម្ពុជាផលិតមាសដុំបានជា១២តោន

2024/11/06 04:43:48 pm        105
ភ្នំពេញ ៖ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅក្នុងចំណោមអាជីវកម្មរ៉ែមាសធំៗចំនួន២ ដែលកំពុងដំណើរការផលិតមាសនៅកម្ពុជា គិតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ គឺបានផលិតមាសដុំបានចំនួន៨១៩ដុំ ដែលស្មើទំងន់ប្រមាណ ១២.៥៦តោន។​នៅក្នុងសន្និសិទសារព័ត៌មាន នៅទីស្តីការក្រសួង ថ្ងៃទី៦ ខែវិច្ឆិកានេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ បានថ្លែងថា បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ឌឲ្យក្រុមហ៊ុនចំនួន២ធ្វើអាជីវកម្ម លើសង្វាក់ផលិតកម្មមាស នៅខេត្តមណ្ឌលគិរី ហើយគិតមកដល់ដើមខែវិច្ឆិកាឆ្នាំ២០២៤នេះ ក្រុមហ៊ុនរ៉េហ្សង់ មីន័ររ៉ាលរបស់ប្រទេសអូស្ត្រាលី ផលិតមាសបាន៨០៧ដុំ ស្មើនឹងទំងន់មាស ១២៥៣៦.៩៦គីឡូក្រាម ខណៈក្នុងមួយឆ្នាំៗក្រុមហ៊ុននេះ មានសមត្ថភាពផលិតមានបានប្រមាណ៣តោន ដោយឡែក្រុមហ៊ុន រុងឆេង ផលិតមាសបាន១២ដុំ ស្មើ១២.២៧គីឡូក្រាម។ឯកឧត្តម អ៊ឹង ឌីប៉ូឡា ថែ្លងថា នៅជិតទីតាំងអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរីនេះដែរ ក្រសួងរ៉ែ និងថាមពល ក៏បានកាត់ចំណែកបែងចែកដីប្រមាណ៤៣ហិតតាផងដែរ ឲ្យពលរដ្ឋខ្មែរនៅតំបន់នោះធ្វើអាជីវកម្មរ៉ែមាសស្របច្បាប់ផងដែរ ។សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណ ឲ្យក្រុមហ៊ុនចំនួន៨ ប្រកបអាជីវកម្មរ៉ែមាសស្របច្បាប់នៅកម្ពុជា នៅក្នុងនោះ មានក្រុមហ៊ុនចំនួន៦ បាននិងកំពុងរៀបចំត្រៀមយកផលពីអាជីវកម្មរ៉ែមាស។អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញ៖ សហរដ្ឋអាមេរិកយល់ឃើញថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងជាយុទ្ធសាស្ត្រជាមួយ អ៊ីរ៉ង់
07/10/2026 05:07 PM
ឯកសារ៖ កងទ័ពស៊ូដង់បញ្ជាក់​​ថា ផែនការសន្តិភាពអាមេរិក ត្រូវអំពាវនាវឱ្យ​ក្រុម​ RSF ដកចេញពីទីក្រុងនានា
07/10/2026 05:07 PM
កោះ Ishigakរបស់ជប៉ុនបិទអាកាសយានដ្ឋាន ខណៈព្យុះទីហ្វុង Bavi នាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង
07/10/2026 05:07 PM
បំណាក់ដីបង្កឡើងដោយសារប្រព័ន្ធខ្យល់មូសុងជំរុញដោយព្យុះ Bavi បានសម្លាប់មនុស្ស ១៥នាក់នៅហ្វីលីពីន
07/10/2026 05:07 PM
អ៊ីស្រាអែលសម្លាប់ប្រធានផ្នែកផលិតកម្មរបស់ក្រុមជីហាដឥស្លាមនៅតំបន់ហ្កាហ្សា
07/10/2026 05:07 PM
មនុស្សត្រូវបានជម្លៀសខ្លួន ពេលភ្លើងឆេះព្រៃស្លាប់មនុស្សនៅខេត្ត Almeria បន្តលែងអាចគ្រប់គ្រងបាន
07/10/2026 05:07 PM
លោក Netanyahu ព្យាយាមដើម្បីរក្សាការសន្យាចំពោះសម្ព័ន្ធមិត្តនៅមុនការបោះឆ្នោត
07/10/2026 05:07 PM
មេដឹកនាំអ៊ុយក្រែន កំពុងពិចារណាក្រុមហ៊ុនជប៉ុនដើម្បីជួយអ៊ុយក្រែនផលិតមីស៊ីល Patriot
07/10/2026 05:07 PM
ប៉ាឡេស្ទីន នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិនៃអាជ្ញាធរជាតិ ក្នុងរយៈពេល២០ឆ្នាំមកនេះ
07/10/2026 05:07 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ មនុស្សប្រមាណ៤៣លាននាក់បានចូលរួមក្នុងពិធីបុណ្យសពរបស់មេដឹកនាំ
07/10/2026 05:07 PM