រាជរដ្ឋាភិបាលកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និង​អនាគត ជាពិសេសស្ថានភាពបំណុលពួកគាត់
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
សម្ដេចធិបតី៖ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង»

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់

2026/02/15 09:12:27 am        241
អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហាញមុខក្រុមក្មេងទំនើង និង​មុខ​សញ្ញា​ធាក់​ប្លន់​យក​ម៉ូតូ​ចំនួន ១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ០៤ករណី​ផ្សេង​គ្នា​ក្នុង​ទឹក​ដី​ក្រុង​តាខ្មៅ។ ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយរ​លំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវ​ជ្រាវ​ឈាន​ដល់​ការ​បង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។ករណីទី១: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ធាក់​ប្លន់​យក​ម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពី​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី បង្កដោយក្រុមក្មេងទំនើង ។ ករណីទី២: ប្រព្រឹត្ត​ល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១២ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៥:០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ ។ ករណី​ទី៣: ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធ​ករណី​កាន់​កាប់​អាវុធ​ប្រហារ​ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីស៊ីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិត​ក្នុង​ភូមិ​ចុ​ង​កោះ ​សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង​០៤:​២០​នាទី​។ករណីទី៤: ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី អំពើលួច​មាន​ស្ថានទ​ម្ងន់​ទោស​ធាក់​ប្លន់​យក​ម៉ូតូប្រព្រឹត្តល្មើសនៅចំណុច ផ្លូវ២១ ស្ពានទី២ មុខស្ថាននីយ៍ប្រេងPTT ភូមិទួលក្រសាំង សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ។បច្ចុប្បន្ន​ជន​សង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅតុលាការរួចរាល់ដើម្បីបន្តនីតិវិធី៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ផ្ទះថ្មី ជូន​ក្រុមគ្រួសារ​របស់វីរយុទ្ធជនពលី

2026/02/15 09:05:37 am        189
សៀមរាប៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប។ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និង​លោក​ជំទាវ​បណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់​ក្រុម​គ្រួសារ​នៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ជាការដឹងគុណ រាជរដ្ឋាភិបាល រួមទាំង​ប្រជាជន​កម្ពុជា​ទាំ​ង​អស់​សូម​ចង​ចាំ​នូវ​វីរភាព​ដ៏អង់​អាច​ក្លាហាន​របស់វីរកងទ័ព និងវីរនគរបាលជាតិ ដែល​បាន​ពលី​អាយុ​ជីវិ​ត​ដើម្បី​ការពារ​បូរណ​ភាព​ទឹក​ដី ​ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។សូមបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការ​ជា​ច្រើន​ដើម្បី​ជួយស​​ម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោច​ស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំ​ឥណទាន​សារ​ជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមាន​ការ​គិត​គូរ​បង្កើត​ជា​មូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជ​រដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការ​ជួយ​ដោះ​ស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ការ​ស្តារ​ជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​វីរយុទ្ធជនពលី ក្នុងខេត្តសៀមរាប

2026/02/15 08:54:03 am        200
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​មក​​គោរព​វិញ្ញាណ​ក្ខន្ធ​វីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងមូលដ្ឋានខេត្តសៀមរាប។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សពផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ​​ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

ប្រជាពលរដ្ឋភៀសសឹកចំនួនជាង១ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

2026/02/14 08:51:37 pm        197
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,៥៣៦គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាព និងជម្រកចល័តទាំងអស់។ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេស និងថវិកាចំនួន ១,០០០.០០០រៀល។ ក្នុងនោះ ស្រ្តីមានផ្ទៃពោះ ទទួលបានថវិកាបន្ថែមចំនួន ១,០០០.០០០រៀល និងជនពិការ ទទួលបានចំនួន ៥០០,០០០រៀល៕

ក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ

2026/02/14 06:09:34 pm        375
ក្រុមសហគ្រិន បានអបអរសាទរចំពោះ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» របស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានសម្ពោធបើក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កម្មវិធីនេះ រៀបចំឡើង នៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការនេះ ក្រុមសហគ្រិន រំពឹងថា ផលិតផលរបស់ពួកគាត់នឹងកាន់តែមានសន្ទុះគាំទ្រខ្លាំងឡើង ស្របពេលមានសន្ទុះកើនឡើងយ៉ាងខ្លាំងពីសំណាក់ប្រជាជន ងាកមកគាំទ្រ ប្រើប្រាស់ និងផ្តល់តម្លៃដល់ផលិតផលជាតិ។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅព្រឹកនេះថា យុទ្ធនាការនេះ នឹងរៀបចំឡើងមានរយៈពេលមួយឆ្នាំពេញ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃ ផលិតផលជាតិ ជូនដល់អតិថិជន និងអ្នកប្រើប្រាស់ និងធ្វើឱ្យម៉ាកផលិតផលជាតិមានភាពលេចធ្លោ។លោកជំទាវ ចម និម្មល ថ្លែងទៀតថា «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នឹងរុញច្រាននូវស្មារតីស្រលាញ់ផលិតផលជាតិកាន់តែខ្លាំងក្លាឡើង ជាពិសេស ការជំរុញការនាំចេញផលិតផលនៅនឹងកន្លែង ដើម្បីរកទីផ្សារជូនម្ចាស់សហគ្រាស និងប្រជាកសិករ។សហគ្រិនដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅព្រឹកនេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ដោយពួកគាត់ រំពឹងថា នឹងជួយផ្សាយផ្សាយផលិតផលរបស់ពួកគាត់កាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់។ក្រុមសហគិ្រនទាំងនោះ បានលើកឡើងថា សព្វថ្ងៃនេះ ផលិតផលក្នុងពិតជាមានការគាំទ្រជាខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋធ្វើពិហកាទំនិញថៃ។ ការគាំទ្រនេះ ក៏ព្រោះតែ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជួយជ្រោមជ្រែងក្នុងការជួយរកទីផ្សារ និងបង្កើនការផ្សព្វផ្សាយ ផលិតផលរបស់ទៅកាន់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ពួកគាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តគាំផលិតផលរបស់ពួកគាត់ឱ្យបន្ថែមទៀត ដើម្បីបង្កើតការងារ និងរកប្រាក់ជូនប្រជាកសិករ។ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាពិសេស ក្នុងការបន្តពង្រឹង ការគ្រប់គ្រងទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការប្រើប្រាស់ផលតិផលខ្មែរនៅទីផ្សារ ក្នុងស្រុក ដើម្បីផ្សារភ្ជាប់រវាងអ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ៕អត្ថបទ៖ ធូ វិរៈ

កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលជំនាញ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង

2026/02/14 06:00:40 pm        207
ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមវេទិកាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីការពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានបន្តដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចសិក្សា នៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាទីក្រុងហ្វ្រេងហ្វឺត (Frankfurt ) ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងស្វែងយល់ និងដកស្រង់យកបទពិសោធន៍ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលរួមបញ្ចូលគ្នារវាងការសិក្សាទ្រឹស្តីនៅសាលាជាមួយការអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារ។ នៅក្នុងឱកាសនោះ ប្រតិភូបានជួបពិភាក្សាការងារជាមួយលោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល (Thorsten Schafer Gumbel) ប្រធានក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលនៅក្នុងជំនួបនោះភាគីទាំងពីរបានរំលឹកពីចំណងមិត្តភាពការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់។ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដែលជាកត្តាចាំបាច់សម្រាប់កម្ពុជាក្នុងការបន្តរក្សាបាននូវភាពប្រកួតប្រជែងនៅពេលកម្ពុជាបានចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (LDC)។ បន្ទាប់ពីជំនួបទ្វេភាគីនេះ ប្រតិភូក៏បានស្តាប់បទបង្ហាញ និងផ្តាស់ប្តូបទពិសោធជាមួយមន្ត្រីបច្ចេកទេសមកពី គម្រោងនានាដែលកំពុងត្រូវបានអនុវត្តដោយ GIZ ក្រោមការឧបត្ថម្ភពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ទាក់ទងនឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL) ដែលជាប្រព័ន្ធបណ្តុះបណ្តាលមួយតម្រូវឱ្យសិស្សសិក្សាទ្រឹស្តីនៅសាលា និងអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារផង៕

ឯកឧត្តម កែវ ពង្ស៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថទិព្វព្យាបាលសង្គ្រាមរ៉ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា

2026/02/14 05:52:50 pm        441
ថ្លែងក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ឯកឧត្តម កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយព្យាបាលសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ «ឈ្នះ ឈ្នះ» ដែលបានធ្វើឱ្យខ្មែរឈប់ប្រយុទ្ធគ្នា បិទបញ្ចប់ទំព័រសង្គ្រាម ហើយបើកទំព័រថ្មីនៃការបង្រួបបង្រួមជាតិឱ្យក្លាយជាកម្លាំងតែមួយក្រោមដំបូលសន្តិភាព។ ជោគជ័យនេះ មិនមែនកើតចេញពីអាវុធ ឬអំណាចយោធានោះទេ ប៉ុន្តែជាផលនៃប្រាជ្ញា ទស្សនវិស័យវែងឆ្ងាយ និងភាពក្លាហានក្នុងការសម្រេចចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ឯកនៃនយោបាយ «ឈ្នះ ឈ្នះ»។ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា នយោបាយ «ឈ្នះ ឈ្នះ» ឈរលើគោលការណ៍ស្នូល ៣ គឺ ការធានាអាយុជីវិត ធានាទ្រព្យសម្បត្តិ និងការធានាតួនាទី។ គោលការណ៍ទាំងនេះ បានបង្កើតទំនុកចិត្ត និងផ្តល់សុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធ បើកផ្លូវដល់ការចរចាបញ្ចប់សង្គ្រាមដោយសន្តិវិធី ដោយគ្មានការសងសឹក និងគ្មានអ្នកចាញ់។ លើសពីគោលការណ៍ទាំង៣នេះ ឯកឧត្តម បានបន្ថែមថា កត្តាសំខាន់បំផុតគឺ «កត្តាតេជោ»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិក និង​មគ្គទេសក៍​សន្តិភាព​ដែលឈ្លាសវៃ មានភាពអត់ធ្មត់ ក្លាហាន និងមានការទទួលខុសត្រូវខ្ពស់ចំពោះអនាគតជាតិ។ សម្ដេច បានត្រួសត្រាយឆ្ពោះទៅរកផ្លូវសន្តិភាពដោយមិនមានការបង្ហូរឈាមសូម្បីមួយតំណក់។ក្នុងនាមជាប្រតិបត្តិករ និងជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់នេះ ឯកឧត្តមបានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងទស្សនវិស័យដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានចែករំលែកនូវបទពិសោធជាក់ស្តែង របស់ឯកឧត្តមក្នុងការអនុវត្តតាមនយោបាយ ឈ្នះ ឈ្នះ ជាពិសេសមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការដឹកនាំ និងការដោះស្រាយបញ្ហា ដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ ដើម្បីជាធាតុចូលក្នុងការបំពេញការងារជូនគណបក្ស និងបន្តថែរក្សាមរតកសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង៕

ស.ស.យ.ក វិស័យសង្គមកិច្ច នាំនំចំណីផ្ដល់ជូនកុមាររស់នៅមណ្ឌលថែទាំទារក និងកុមារ

2026/02/14 05:42:27 pm        257
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យសង្គមកិច្ច នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៦នេះ បានយកនូវនំចំណី តុក្កតា ដើម្បីផ្ដល់ជូនកុមាររស់នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ។ នេះជាការចែករំលែកក្ដីស្រឡាញ់ ស្របពេលដែលថ្ងៃទី ១៤ កុម្ភៈនេះ ជាថ្ងៃនៃសេចក្ដីស្រឡាញ់ផងដែរ។ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច នៅថ្ងៃនៃសេចក្ដីស្រឡាញ់នេះដែរ បាននាំគ្នាបង្ហាញក្ដីស្រឡាញ់ ដោយនាំយកនំចំណី តុក្កតា ក៏ដូចជាផ្ដល់ជូនការលេងសប្បាយសម្រាប់កុមាររស់នៅទទួលការថែទាំនៅ មជ្ឈមណ្ឌលទារក និងកុមារជាតិ។ ការផ្ដល់ជូនសេចក្ដីស្រឡាញ់នាពេលនេះ ក៏មានការផ្ដាំផ្ញើការសួរសុខទុក្ខ និងការគិតគូគ្រប់ពេលវេលាពី ឯកឧត្តម ជា សុមេធិ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានកិត្តិយស ស.ស.យ.ក វិស័យសង្គមកិច្ច និង ឯកឧត្តម ស៊ឹម សុធន ប្រធានស.ស.យ.ក វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។មណ្ឌលថែទាំទារកនិងកុមារ ជាទីតាំងដែលផ្ដល់ការចិញ្ចឹមបីបាច់ ផ្ដល់ការថែទាំកុមារកុមារកំព្រា ត្រូវគេបោះបង់។ បច្ចុប្បន្ន អ្នករស់នៅទីតាំងមណ្ឌលនេះ មានចំនួន ២១២នាក់ ដោយមានទាំងកុមារអាយុចាប់ពី ១ខែ រហូតមនុស្សមានវ័យជាង ៤០ឆ្នាំ។ លោកស្រី ថោ ពៅ ជាប្រធានមជ្ឈមណ្ឌលបានលើកឡើងដែរថា កុមាររស់នៅទីនេះ ជាក្មេងកំព្រា ជាក្មេងត្រូវបានគេបោះបង់ លើសពីនេះពួកគេមួយចំនួនមានពិការភាព ដែលមិនអាចធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍វិញនោះទេ។ ពួកគេត្រូវបន្តរស់នៅ ក្រោមការថែទាំ របស់ក្រុមការងារនៃមជ្ឈមណ្ឌល។អត្ថបទ៖គឹមហុក  

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦

2026/02/14 05:28:52 pm        273
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បានដឹកនាំកិច្ចប្រជុំ«ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល»នៅសាលប្រជុំស្នាក់ការគណបក្សស្រុកឆែប ។នៅក្នុងឱកាសនេះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនសមាជិក សមាជិកា គណបក្សដែលមានវត្តមាននៅទីនេះ។លោកក៏បានសម្តែងនូវអំណរគុណចំពោះ សមាជិក សមាជិកា គណបក្សទូទាំងស្រុកឆែប ដែលបានបន្ត គាំទ្រ រក្សាគោលជំហរ សតិអារម្មណ៍ហ្នឹងនរ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។លោក សំ លាងទ្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងបានរួមសហការអនុវត្តតាមការអំពាវនាវ និងការណែនាំចង្អុរបង្ហាញពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ពិសេសការចុះចិញ្ចឹមចលនានៅមូលដ្ឋានរហូតដល់ដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជាបន្តបន្ទាប់គ្រប់អាណត្តិកន្លងមក។លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។លោក សំ លាងទ្រី ក៏បានថ្លែងបញ្ជាក់ប្រាប់សមាជិក សមាជិកា ចំពោះស្ថានការណ៍នៅតាមព្រំដែន ដែលបង្ករដោយយោធាឈ្លានពានថៃ រាជរដ្ឋាភិបាលកម្ពុជាយើងបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីតាមគ្រប់យន្តការនិងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។លោកបានថ្លែងនូវការគោរពដឹងគុណ និងគាំទ្រដោយឥតងាករេចំពោះការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងវីរកងទ័ព និងកងកម្លាំងនគរបាលទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកប ដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត៕

ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់កម្លាំងក្រោមឱវាទ អនុវត្តវិធានការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

2026/02/14 04:20:37 pm        206
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំ និងជំរុញដល់កម្លាំងក្រោមឱវាទបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់និងអនុវត្តវិធានការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើវិធានការណ៍ជំនាញ និងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការឆ្លើយតបទៅនឹង គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែ មករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ឯកឧត្តម ក៏បានណែនាំស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តេជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឲ្យបានជាដាច់ខាតដោយមិនដកដៃឡើយ បញ្ហាក្មេងទំនើងគេមើលឃើញថាបានបង្កប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាខ្លាំង៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Inter Milan ឈ្នះ Parma ២-០ គ្រប់ពិន្ទុគ្រងជើងឯកលីគកំពូលអ៊ីតាលីលើកទី ២១
05/04/2026 02:05 PM
ក្រុមហ៊ុនផលិតជី និងកសិករអាល្លឺម៉ង់ កំពុងប្រឈមនឹងផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់
05/04/2026 02:05 PM
កងទ័ពអ៊ីស្រាអេលវាយឆ្មក់លើទីក្រុងជាច្រើនទៀត នៅក្នុងតំបន់ WEST BANK
05/04/2026 02:05 PM
លោក ហែម គីរី៖ ការចូលរួមការប្រកួតហែលទឹកវ័យចាស់ហុចផល ចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំមិត្តភក្តិបរទេស
05/04/2026 02:05 PM
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដំណើរការក្នុងប្រធានបទ «កីឡាដើម្បីសុខភាពកុមារ»
05/04/2026 02:05 PM
គ្រាន់តែលួចផ្សាយការប្រកួត Premier League ខុសច្បាប់ប្រឈមជាប់ពន្ធនាគារដល់ ២១ឆ្នាំ
05/04/2026 02:05 PM
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចាត់ទុកពានបាល់ទាត់កុមារ ជាមាគ៌ាដ៏សំខាន់ ដើម្បីរួម​ចំណែក​អភិវឌ្ឍ​យុវជន​នៅ​កម្ពុជា
05/04/2026 02:05 PM
រាជរដ្ឋាភិបាលកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និង​អនាគត ជាពិសេសស្ថានភាពបំណុលពួកគាត់
05/04/2026 01:05 PM
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
05/04/2026 01:05 PM
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
05/04/2026 01:05 PM