ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ

ព័ត៌មានជាតិ

‎រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តមុនីរង្សីរតនារាម (វត្តម្រុំខាងជើង)

2026/02/02 01:07:18 pm        182
កំពង់ស្ពឺ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦-ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅ វត្តមុនីរង្សីរតនារាម (វត្តម្រុំខាងជើង) ​នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ការប្រារព្ធពិធីបុណ្យមាឃបូជា គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ និងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន និងវីរកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិ។ យើងរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមឱ្យកាន់តែរីកចម្រើន។​ការប្រារព្ធពិធីបុណ្យនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យទាននាន។ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ‎ថ្វាយគ្រឿងសក្ការបូជាដើម្បីរំលឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានបង្កើត "ព្រះឱវាទបាតិមោក្ខ" និងការដាក់ព្រះជន្មាយុសង្ខារ។ ឯកឧត្តមគណៈអធិបតី និងសប្បុរសជន បានរួមគ្នារាប់បាត ដើម្បីប្រមូលបច្ច័យ និងចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន និងជាពិសេសគឺវិរៈកងទ័ពដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងសន្តិភាព។ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ការប្រារព្ធពិធីបុណ្យសាសនានៅថ្ងៃនេះ គឺកើតចេញពីផ្លែផ្កានៃ "សន្តិភាព" ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ។ពិធីបុណ្យមាឃបូជានេះ បានបញ្ចប់ទៅក្នុងបរិយាកាសជ្រះថ្លា និងស្នាមញញឹម ដែលបង្ហាញពីការរួបរួមគ្នាយ៉ាងរឹងមាំរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងទឹកដីខេត្តកំពង់ស្ពឺផងដែរ។

ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៣៩,២%ហើយ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦

2026/02/02 01:01:07 pm        356
ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)សម្រេចបាន៣៩,២%ហើយ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ (រយៈពេលសាងសង់៤៨ ខែ-គ្រោងបញ្ចប់ឆ្នាំ ២០២៨)។ បើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ លោក ផន រឹម បានឱ្យដឹងថា ស្ពាន ដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពាននេះជាទស្សនវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់តភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងព្រលានយន្តហោះថ្មី ត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។អ្នកនាំពាក្យក្រសួងសាធារណការបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍៤ខ្សែ៕

នៅថ្ងៃនេះ ក្រុមលេខា RBC កម្ពុជា-ថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ក្រោម​ការសង្កេតការណ៍ពីក្រុម AOT របស់កម្ពុជា និងថៃ

2026/02/02 12:15:45 pm        221
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មា​ធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និង​កង​ទ័ព​ភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និង​ថៃ​ផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយ​សេនា​ធិការ​រង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំ​ផាក់​ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារកម្ពុជា។អ្នកនាំពាក្យ​ក្រសួងការពារកម្ពុជា បានឱ្យដឹងថា ដោយសារតែភាគី​ទាំង​ពីរ​មិន​ទាន់​រក​ឃើញ​នូវ​ចំណុច​កណ្តាល​រួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាព​គ្នា​ដ​ក​ឃ្លា​វិល​ត្រលប់​ទៅទី​បញ្ជាការ​រៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈាន​ដល់​ការ​ឯក​ភាព​គ្នា​នាពេល​ខាង​មុខ​ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។ អ្នកនាំ​ពាក្យក្រសួងការពារកម្ពុជាបានរំលឹកថា កិច្ចប្រជុំពិសេស​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ច​ប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរា​ជា​ណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពី​ការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និង​ប្រកប​ដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​កាត់​បន្ថយ​ភាព​តាន​តឹង​តាម​បណ្តោយព្រំ​ដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បានឆាប់រ​ហ័ស៕

អតិផរណាឆ្នាំ២០២៦ ស្ថិតក្នុងអត្រា ២,៣% ខណៈម្ហូបអាហារ មុខទំនិញ និង​ប្រេង​ឥន្ធនៈ​រំពឹង​ធ្លាក់​ចុះ

2026/02/02 11:49:59 am        216
ធនាគារជាតិនៃកម្ពុជា ព្យាករថា អត្រាអតិផរណានៅឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ ២,៣% ទាប​ជាង​ឆ្នាំ​២០២៥ ក្នុងនោះកំណើន ថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣%, ថ្លៃស្នូល ១,៧%, ស្រប​ពេល​ដែលក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងបន្តធ្លាក់ ថ្លៃ -២,២% បើ​ធៀប​និ​ងឆ្នាំ​២០២៥។ទស្សនវិស័យសេដ្ឋកិច្ច, យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ ត្រូវ​បាន​ព្យាករថា មានកំណើន ៣,១% ទាបជាងឆ្នាំ២០២៥ (៣,២%) ដោយសារភា​ព​តាន​តឹង​ភូមិ​សាស្ត្រនយោបាយនិងសេដ្ឋកិច្ច ភាពផុយស្រួយនៅក្នុងទីផ្សារ ហិរញ្ញវត្ថុអន្តរជាតិ ការព្រួយ​បារម្ភ​ពី​ចីរភាពសារពើពន្ធ និងការកើនឡើងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ចំពោះ​អត្រា​អតិផរណាពិភពលោក ព្យាករថា ថយចុះមក ៣,៧% នាឆ្នាំ២០២៦ (ធៀបនឹង ៤,២% ឆ្នាំ​២០២៥​) ដោយសារតម្រូវការសកលបាន ថមថយ ការថយចុះថ្លៃទំនិញសកល និងឥទ្ធិពល​បន្សល់​ទុ​កនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់ធនាគារកណ្តាលធំៗ។ ចំពោះសេដ្ឋកិច្ចកម្ពុជា, ទស្សនវិស័យនៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹង​អាច​សម្រេច​បាន​ក្នុង​អត្រា ៥% កំណើននេះត្រូវ បានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, វិស័យ​ទេសចរណ៍, កំណើនវិស័យកសិកម្ម និងការងើបឡើងសន្សឹមៗនៃវិស័យ សំណង់​និង​អចលន​ទ្រព្យ។​ ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជាអាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេ​ស​ហានិភ័យ​ខាង​ក្រៅដូ​ចជា៖ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប៉ះពាល់​ដល់​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​, ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, និងការឆបោក តាមប្រព័ន្ធអនឡាញ។ ចំពោះ​ហានីភ័យ​ខាង​ក្នុង​រួមមាន៖ ភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូស បន្លាយ​នៃ​ជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។ចំណែកអត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀប​នឹង ២,៥% នៅឆ្នាំ២០២៥) ដែលក្នុងនោះកំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀប​នឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្រប​ពេល​ដែល​ក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការ ថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរ​ឡើង​នៃ​វិស័យ​កសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់​រៀល​នឹង​មានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយ​សារ​កំណើន​ផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+។ ទោះយ៉ាងណា កត្តា​មួយចំនួននឹងចូលរួមបង្កើន សម្ពាធអតិផរណាមួយផ្នែកដែលរួមមាន៖ ការងើប​ឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល ដែលនឹងជំរុញតម្រូវការ ការ​កើន​ឡើង​នៃកម្លាំងទិញរបស់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីទទួល​បាន​ការ​ងា​រ​ធ្វើ និងការរំពឹងទុកនៃការទម្លាក់អត្រា ការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែល​អាចជំរុញកំណើនឥណទាន៕ អត្ថបទ៖ សុន រ៉ាឌី

ប្រជាពលរដ្ឋ និងសមាជិកវេទិកាសន្តិភាពកម្ពុជា ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តដើម្បីសង្គ្រោះជីវិត

2026/02/02 11:45:39 am        636
នៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិការបស់វេទិកាសន្តិភាពកម្ពុជា ជាច្រើនរយនាក់ បានចូលរួមបរិច្ចាគឈាមដោយស័្មគ្រចិត្ត ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋទូទៅ ក៏ដូចជាសម្រាប់ការផ្គត់ផ្គង់តម្រូវការជួយដល់វីរកងទ័ពជួរមុខ។ ការបរិច្ចាគឈាមនេះ រៀបចំឡើងនៅ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ការបរិច្ចាគឈាមនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់រួមមួយ គឺបង្ហាញពីសាមគ្គីភាព បង្ហាញពីភាពស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋ ក៏ដូចជាសាមជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា ក្រោមប្រធានបទ រួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត។ ការបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយ មានការចូលរួមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏ដូចជាការចូលរួមពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ក្នុងការបរិច្ចាគឈាមនាថ្ងៃនេះ ឯកឧត្តម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃ វេទិកាសន្តិភាពកម្ពុជា លើកឡើងថា នេះជាការចូលរួមរបស់បុគ្គលម្នាក់ៗ ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាមជាចាំបាច់។ ឯកឧត្តម លើកឡើងដែរថា ការបរិច្ចាគឈាមនាពេលនេះ ក្រៅពីបំពេញតម្រូវការសម្រាប់ប្រជាពលរដ្ឋទូទៅ នេះក៏ជាការដែលផ្គត់ផ្គង់សម្រាប់តម្រូវការដល់កងទ័ពជួរមុខផងដែរ។ ឯកឧត្តមថា នេះជាការផ្សាភ្ជាប់រវាងកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅជួរក្រោយ។សម្រាប់អ្នកបានចូលរួមបរិច្ចាគឈាមនាពេលនេះ មានទាំងអ្នកធ្លាប់បរិច្ចាគឈាមកន្លងទៅ និងមានទាំងអ្នកបរិច្ចាគឈាមលើកដំបូង។ ពួកគេម្នាក់ៗបរិច្ចាគឈាមដោយស័្មគ្រចិត្ត បរិច្ចាគឈាមខដោយស្នាមញញឹម ដោយភាពជឿជាក់ជាក់ថា ឈាមរបស់ពួកគេនឹងអាចជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។ ពួកគាត់ក៏សំណូមពរ ទៅប្រជាពលរដ្ឋដទៃ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យកាន់តែច្រើន។ក្នុងឱកាសចូលរួមកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លើកឡើងថា តម្រូវការឈាមនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានចំនួនធំធេង។ ជាក់ស្ដែងកម្ពុជា ត្រូវការឈាមមួយប្លោក រៀងរាល់ ៣នាទីម្ដង។ លោកវេជ្ជបណ្ឌិតលើកទឹកចិត្តឱ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត កាន់តែច្រើន និងទៀងទាត់ ទោះបច្ចុប្បន្នកំណើនការស្ម័គ្រចិត្តបរិច្ចាគឈាមមានការកើនឡើងមួយចំនួនក្ដី។ក្នុងនាមជានាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកវេជ្ជបណ្ឌិតបញ្ជាក់ដែរថា ការបរិច្ចាគឈាមគឺផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯង ដឹងច្បាស់ពីសុខភាពខ្លួនឯង ក៏ដូចជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលជាការចូលរួមជួយជីវិតមនុស្សដទៃឱ្យរួចផុតពីគ្រោះមរណៈ។ លើសពីនេះ បើគិតលើផ្លូវសាសនា ការបរិច្ចាគឈាម ជាការធ្វើបុណ្យមួយដ៏ប្រពៃ។ អត្ថបទ៖គឹម ហុក   

រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋភៀសសឹក ខណៈជាង ៥៤ម៉ឺននាក់​ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះវិញ

2026/02/02 11:30:14 am        201
រាជរដ្ឋាភិបាលកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋភៀសសឹក ជាមួយ​នឹង​ការ​ការពា​រ​បូ​រណ​ភាពទឹកដីយ៉ាងសកម្មខ្លាំងក្លាតាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ខណៈគិត​មក​ទល់​ពេ​ល​នេះមានជនភៀសសឹកប្រមាណជា ៨៣% ឬស្មើ ជាង៥៤ម៉ឺននាក់​ហើយ​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសំបែងវិញក្នុងចំណោមជនភៀសសឹកជាង៦៤ម៉ឺននាក់។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹង តាមរយៈសន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និងសួរសុខ​ទុក្ខ​បង​ប្អូន​ប្រជាពលរដ្ឋ​ភៀសសឹក​ក្នុង​ខេត្ត​ព្រះវិហារ​ដែល​រង​គ្រោះ​ដោយ​សង្គ្រា​ម​ឈ្លានពានរបស់ថៃ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ចំនួន ៥៤០ គ្រួសារ មណ្ឌល​សុវត្ថិភាព​វត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន ១ ២៨២ គ្រួសារ និងនៅមណ្ឌល​សុវត្ថិភាព​វត្ត​កំពង់សង្កែចំនួន ៧៧៤ គ្រួសារ។ សរុបទាំងអស់ចំនួន ២ ៥៩៦ គ្រួសារ។ ក្នុង​ឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ជូនបងប្អូនជនភៀសសឹកថា រាជរដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់​របស់​បងប្អូន​ភៀសសឹក​ដោយ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំបាច់ចំនួន៣ គឺ៖ ទី១ សម្រាប់បងប្អូន​ជន​ភៀស​សឹក​ដែល​អាច​វិលត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​មូល​ដ្ឋាន​ បាននិង​កំពុ​ង​ខ្នះ​ខ្នែង​រៀបចំ​សម្រប​សម្រួល​ឱ្យ​ជន​ភៀស​សឹក​អាច​វិលត្រ​ឡប់​ទៅ​លំនៅ​ឋាន​វិ​ញ​បាន​កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ទី២ ចំពោះបងប្អូន​ជន​ភៀស​សឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល៖ ចំពោះ​មុខ​នេះ​រាជ​រដ្ឋាភិបាលតាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ​បាន​និង​កំពុង​គិត​គូរ​ពង្រឹង​ជម្រក​បណ្តោះ​អាសន្ន​ ឬ​ក្នុង​ករណីចាំបាច់អាចផ្លាស់ប្តូរ​ជម្រក​បណ្តោះ​អាសន្ន​រប​ស់​បង​ប្អូន​ទៅ​កាន់​ទីតាំង​ដែល​មាន​ភាព​ប្រសើរ​​ជាង​បច្ចុប្បន្ន និងទី៣ ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ​ដែល​បាន​រង​ការ​ខូចខាត ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយ​រាជ​រដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។សូមបញ្ជាក់ថា អញ្ជើញចុះជួបសំណេះសំណាល និងសួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ក្នុង​ខេត្ត​ព្រះវិហារ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ជាគោលការណ៍​អាទិភា​ព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះ​អ្វី​ៗ​ដែល​រាជ​រដ្ឋាភិបាលបាននឹងកំពុងធ្វើ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រុម​ការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់កម្លាំងសរុបរួមគ្នា គ្រប់​យន្ត​ការ​ សំដៅធានាដល់ការបម្រើ និងផ្តល់​ជម្រ​កសុវត្ថិ​ភាព​ជូន​ដល់​ប្រជា​ពលរដ្ឋ​ហើយ​នឹង​ឈាន​ឆ្ពោះ​ទៅស្តា​រ​ឡើងវិញឱ្យបានល្អប្រសើរ៕ 

ប្រជាពលរដ្ឋចំនួនជាង៦០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារនៅខេត្តសៀមរាប

2026/02/02 11:13:11 am        155
តាមរយៈកម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅខេត្តសៀមរាប ដែល​សហការ​រៀប​ចំ​ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីសប្តាហ៍កន្លងទៅនេះ ប្រជា​ពលរដ្ឋដែលបានដាក់ពាក្យ និងជាប់ការងារ (បឋម) មានចំនួន ៦៤៣នាក់។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មានប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវ: រយៈពេល២ថ្ងៃកន្លងទៅនេះ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ទៅដោយរលូន និង​ទទួលបា​នអ្នកចូលរួមស្វែងយល់អំពីឱកាសការងារ ក៏ដូចជាអត្ថប្រយោជន៍​ផ្សេង​ទៀត​ក្នុង​វិស័យ​ការងារ​ចំនួន ១ ៥៩៥នាក់។ ឯកឧត្តមអ្នកនាំពាក្យ បានលើកឡើងថា ជាការកត់សម្គាល់នៅក្នុងកម្មវិធីវេទិកាការងារនេះ អតីត​ពលករ ក៏ដូចជាក្រុមគ្រួសារពួកគាត់ និងអាជ្ញាធរ មានការសប្បាយរីករាយខ្លាំងមែនទែន ចំពោះ​យុទ្ធនាការ​របស់​ក្រសួងការងារ ដែលជួយស្វែងរកការងារដល់ពួកគាត់ទៅដល់របងផ្ទះតែម្តង ពី​ព្រោះ​ថា មានការងារទៅដល់កន្លែង ថែមទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ និង​អាហារ​ផ្សេង​ៗ​ថែម​ទៀត។ ឯកឧត្តម ស៊ុន មេសា បានបន្តថា “នេះជាការបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលមកពីប្រទេសថៃ ដែលពួកគាត់​ធ្លាប់​មាន​កូន​ចិត្ត​គិត​ថា អាចពិបាកក្នុងការរកការងារធ្វើពេលមកដល់ស្រុកកំណើតវិញ ប៉ុន្តែផ្ទុយ​ទៅ​វិញ​ឱកាស​ការងារមានច្រើនផ្តល់ជូនពួកគាត់ ហើយគាត់ក៏មានជំរើសជ្រើសរើសច្រើន ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួកគាត់គឺបានដឹងអត្ថប្រយោជន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ជា​ពិសេស​របប​ការ​ថែទាំ​សុខភាព របបហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងរបបប្រាក់សោធននិវត្តន៍ (ប្រាក់​រឺ​ត្រែត) ដែលគាត់មិនដែលមានទេ ហើយគាត់ក៏បាន​សម្តែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​មានការយកចិត្តទុកដាក់ និងគិតគូរទៅដល់ពួកគាត់ សម្រាប់ប្រែក្លាយជីវភាព​ពួក​គាត់​ឱ្យ​កាន់​តែប្រសើរឡើងថែមទៀត”។ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ ​នឹងរៀបចំវេទិកាការងារចំនួនប្រមាណ៦០លើក នៅខេត្តធំៗប្រមាណ១៤។ ហើយនៅ​សប្តាហ៍​នេះ ​ក្រសួងការងារនឹងបន្តយុទ្ធនាការនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ ឯកឧត្តម​ក៏​បាន​អំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអតីតពលករមកពីថៃនៅក្នុងមូលដ្ឋាន សូម​ចូល​រួម​វេទិកាការងារនេះឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត និងស្តាប់​នូវ​អត្ថ​ប្រយោជន៍ជាច្រើនផ្សេងទៀតដែលរាជរដ្ឋាភិបាលផ្តល់ជូន។សូមជម្រាបថា បច្ចុប្បន្ន​នេះ​តម្រូវ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ដែល​កំពុងរង់​ចាំ​អ្នក​ស្វែង​រក​ការងារ​មាន​ចំនួ​ន​ជិត ៩ម៉ឺនកន្លែង ក្នុងនោះការងារដែលមានតម្រូវការខ្ពស់ ភាគច្រើនមកពីវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម សំណង់ និងសេវាកម្ម-ល- ។ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចាក​ចេញពីប្រទេសថៃ មានចំនួនកើនឡើងជិត ១លាននាក់ ដើម្បីវិលត្រឡប់មក​ស្វែង​រក​ការ​ងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ក្នុងនោះ អ្នកទទួលបាន​ការ​ងារ​ធ្វើ​ក្នុង​ស្រុក​មាន​ចំនួន​ជាង ៦០ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញស្វាគមន៍ និងជូន​កន្ត្រក​ផ្កា​ដល់​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2026/02/02 10:12:20 am        119
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បាន​អញ្ជើញទទួលស្វាគមន៍ និងជូនកន្ត្រកផ្កាដល់ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និង​ជា​ប្រធាន​ស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅសណ្ឋាគារHyatt Regency Phnom Penh ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២-៥ ខែកុម្ភៈ ឆ្នាំ២០២៦៕

សម្ដេចតេជោ និងសម្ដេចធិបតី អនុមោទនាបុណ្យមាឃបូជា ខណៈកម្ពុជាប្រារព្ធនៅតាមទីវត្តអារាមទូទាំងប្រទេសដើម្បីរំលឹកដល់ថៃ្ងព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក

2026/02/02 09:35:49 am        208
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិក បានអនុមោទនាបុណ្យថ្ងៃមាឃបូជា ខណៈពិធីបុណ្យនេះវត្តអារាមនានានៅទូទាំងប្រទេសកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក។តាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានអនុមោទនាពិធីបុណ្យ មាឃបូជានៅថ្ងៃនេះ និងបានបញ្ជាក់ថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។សម្ដេចតេជោ បានបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យ មាឃបូជានេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖ ១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ ៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា នៅតាមទីវត្តអារាមនានានៅទូទាំងប្រទេសកម្ពុជា មានរៀបចំគ្រឿងរណ្ដាប់មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។សម្ដេចតេជោជូនពរដល់ពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជានេះដោយសទ្ធាជ្រះថ្លារៀងៗខ្លួន៕

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ រាជរដ្ឋាភិបាលតែងផ្តោតការ​យកចិត្ត​ទុក​ដាក់​លើកា​រ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជំនាញប​ច្ចេកវិ​ទ្យា​ឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល

2026/02/02 09:33:45 am        164
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្លែង​ថា​ រាជ​រដ្ឋាភិបាល​ដែល​មាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញបច្ចេកវិទ្យាឌីជីថល និងការកសាងលិខិត​បទ​ដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្តន៍ នៃបច្ចេកវិទ្យាឌីជីថល។ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះក្នុងឲ្យកាស​អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធី​អប​អរ​សាទរ​ខួប ២៥ឆ្នាំ នៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD) កាលពី​​រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយកម្មវិធីនេះ​ក៏មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយក​ប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និង​អតីត​បុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០នាក់ នៅអគារសាលកោះពេជ្រ។ក្នុងឱកាសនោះ​ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជា​ពិសេស​ផ្នែក​ទិន្នន័យ​ដែល​គិត​មក​ដល់​ពេល​នេះ បុ​គ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ការងារ​លើ​ជំនាញ​នេះ ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថារាជរដ្ឋាភិបាលដែលមាន ក.ប.ទ.​ ជាសេនាធិការ តែងតែផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញ​បច្ចេក​វិទ្យាឌីជីថល និង​ការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការវិ​វត្តន៍​នៃ​បច្ចេក​វិទ្យា​ឌីជីថល ដែល​គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។បន្ថែមលើនេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើជា​គំរូ​ក្នុង​ការ​ប្រើប្រា​ស់​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ក្នុង​ប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់​​សេវា​សាធារណៈ​ឱ្យ​បាន​កាន់​តែ​ល្អប្រ​សើរ​ជូនប្រជាពលរដ្ឋនិងវិស័យឯកជន។ លើសពីនេះ រាជ​រដ្ឋាភិបាល​ បានផ្តោតលើអាទិភាព​ចម្បងចំនួន ៣ រួមមាន (១) ការអភិវឌ្ឍ​ និង​ការ​ប្រើ​ប្រាស់​ថ្នាល​រដ្ឋាភិបាលឌីជីថល (២) ការរៀបចំច្បាប់និងគោលនយោបាយ និង (៣) ការអភិវឌ្ឍ​មូលធ​ន​មនុស្ស​ឌីជីថល និ​ងការលើកស្ទួយអក្ខរកម្មឌីជីថល។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គការ DDD បន្តបេសកកម្ម​រប​ស់​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM