ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ សង្រ្គាមថៃ​ឈ្លានពាន​កម្ពុជា​ពីរ​លើក​បាន​បំផ្លិច​បំផ្លាញ​អគារ​មន្ទីរ​ពេទ្យ​ ៧០កន្លែង

2026/01/27 12:27:43 pm        331
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​លទ្ធផល​សន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា សង្រ្គាម​ថៃ​ឈ្លាន​ពាន​ពីរលើក បានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យ ៧០កន្លែង (មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យ​បង្អែក​ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព)។ឯកឧត្តមសាស្រ្តាចារ្យ បន្តថា បញ្ហាព្រំដែននេះ ប្រាកដណាស់ គឺមានផលប៉ះពាល់ខ្លាំង ហើយ​សុំ​បែង​ចែក​ជា២ ហើយការប៉ះពាល់ប្រព័ន្ធសុខាភិបាល និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ទំហំ​នៃ​ការប៉ះពាល់នេះ គឺប៉ះពាល់ដោយផ្ទាល់(ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល) ហើយការ​ឈ្លាន​ពាន​របស់​ថៃ បានបង្កផលប៉ះពាល់មានទំហំធំ ខ្លះខ្ទេចខ្ទាំដោយគ្រាប់ផ្លោង វាយប្រហារ​ខូច​ទាំង​ស្រុង​ ខ្លះមានការខូចដោយអន្លើ ខ្លះគឺខូចអគារមួយចំនួន ហើយមួយចំនួនទៀតខ្ទេចខ្ទាំជញ្ជាំង ពិដាន​ ដំបូល។ល។ គឺមិនអាចដំណើរការបាន ប៉ុន្តែមិន​ប៉ះ​ពាល់​ដល់​ជម្រៅ​វិស័យ​សុខាភិបាល​កម្ពុជា​នោះទេ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ភាពធន់ក្នុង​ដំណាក់​កាល​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់ ហើយនៅក្នុងមួយមនី្ទរសុខាភិបាល ឬក៏ក្នុងមួយខេត្ត ដែលនៅជាប់ព្រំដែនមានបញ្ហា គឺ​មាន​ថែមទាំងមនី្ទរពេទ្យជាតិ១ ឬក៏មានពេលខ្លះ២ ឬពេលខ្លះ៣ ទៅតាមជំនាញ បាន​ទៅ​ជួយ​មនី្ទរ​ពេទ្យ​ខេត្ត​នោះបន្ថែមទៀត។ មានន័យថាពេលនេះ កម្លាំងជាតិ និងថ្នាក់ក្រោម​ជាតិ​នៅ​ជា​មួយ​គ្នា​(គ្រូពេទ្យឯកទេសពីភ្នំពេញ ទៅជួយគ្រូពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានបញ្ហា គឺ​រួម​សុខ រួមទុក្ខជាមួយគ្នា ក្នុងសាមគ្គីភាព ដូចដែលបងប្អូនប្រជាពលរដ្ឋមានបេះដូង ទឹក​ចិត្ត​សាមគ្គី​ភាព ដ៏ខ្ពស់បំផុត ក្នុងកម្រិតដែលជាតិកំពុងតែជួបនូវបញ្ហានេះ) គឺជាមោទនភាពមួយ ក្នុង​ឱកាស​ដែល​លំបាក បង្ហាញពីទឹកចិត្តស្មារតី បេះដូង និងសាមគ្គីភាព៕ អត្ថបទ រដ្ឋា

ពលរដ្ឋប្រកបរបររត់កង់បី អាចរកប្រាក់ចំណូលបន្ថែមក្រោយរៀនជំនាញបច្ចេកទេស (TVET)

2026/01/27 12:02:17 pm        227
ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ​ប្រកបមុខរបររត់កង់បី (Pass App) ដើម្បីអាចរកប្រាក់ចំណូលបន្ថែម។ គិតមកដល់​បច្ចុប្បន្ន​នេះ ​ប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ បានកំពុងទទួលផលជាបណ្តើរៗ ក្រៅ​ពី​សេវា​កម្ម​ដឹក​ជញ្ជូន​។ លោក សាន់ សុទ្ធា ពលរដ្ឋរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អតីត​ជា​សិក្ខា​កាម​រៀន​ជំនាញ​ផ្នែក​បរិក្ខា​ត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បច្ចុប្បន្នប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ផង ​និ​ងជាជាងជួលជុល និងដំឡើងម៉ាស៊ីនត្រជាក់ចល័តផង បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រោម​គម្រោងប​ណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យចំនួន ១,៥លាននាក់ (TVET 1,5M) ពិតជាល្អពិតមែន ដែលធ្វើ​ឱ្យ​រូប​លោក​អាច​រក​ចំណូលបន្ថែម ក្រៅពីរបរដឹកជញ្ជូន។លោកបានរៀបរាប់ដោយទឹកមុខញញឹមទៀតថា កម្មវិធីនេះពិតជាល្អនិងមានតម្លៃណាស់ ទោះ​បី​ជាកា​ររៀ​ន​នេះដោយមិនគិតថ្លៃពិតមែន ថែមទាំងទទួល​បាន​ការ​យក​ចិត្តទុ​ក​ដាក់​ពី​គ្រូ​បណ្តុះ​បណ្តាល​ថែម​ទៀតផង។ លោកបាននិយាយទៀតថា កម្មវិធីនេះ ពិតជាល្អមែន​ទែន​ដែល​រាជ​រដ្ឋាភិបាល​បាន​គិតគូរដល់ប្រជាពលរដ្ឋគ្រប់វណ្ណៈទាំងអស់ មិនថាតែកម្មករ កម្មការិនី អ្នក​ប្រកប​របរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សូម្បីតែពលរដ្ឋប្រកបរបររត់កង់បី ក៏ទទួលបានការគិតគូរផងដែរ ខណៈ​ការ​រកប្រាក់ចំណូលពីវិស័យដឹកជញ្ជូនសព្វថ្ងៃ មានការថយចុះ ហើយក៏​មិន​ដឹង​ទៅ​រក​ការ​ងារ​អ្វី​ថ្មី​ក្រៅ​ពីការងារដឹកជញ្ជូនមួយនេះ។ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលជំនាញដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីបង្កើនការរកប្រាក់ចំណូលបន្ថែម ពលរដ្ឋ Pass App មិន​មែន​ជា​មធ្យោបាយបង្កើតចំណូលតាមរយៈការដឹកជញ្ជូនភ្ញៀវមួយមុខប៉ុណ្ណោះទេ ក្រសួងការងារ បាន​កែ​ច្នៃ Pass App ឲ្យក្លាយទៅជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ឲ្យ​បង្កើត​​ចំណូលបន្ថែមតាមរយៈការទៅរៀនជំនាញបណ្តុះបណ្តាលជាមួយក្រសួងការងារ។ លោក​​នាយកបានបន្តថា នេះជាគម្រោងមួយដ៏ល្អ ដែលអាចនឹងបង្កើនសមត្ថភាពប្រជាពលរដ្ឋ ឬ​អ្នកដែលកំពុងប្រកបមុខរបររត់កង់បីឲ្យទទួលបាននូវជំនាញមួយជាក់លាក់ ប្រាកដ​ប្រជា​ច្បាស់​លាស់ ​ដោយគាត់គ្រាន់តែចំណាយពេលវេលាទៅរៀនយកចំណេះជំនាញ ដើម្បីងាយ​ស្រួល​ក្នុង​ការ​រក​ប្រាក់​ចំណូលបន្ថែមក្រៅពីការងារដឹកជញ្ជូន។គិតត្រឹមឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលការចុះឈ្មោះចំនួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺន​នាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត។ សូមជម្រាបជូនទៀតថា សព្វ​ថ្ងៃ​នេះ​រាជរដ្ឋាភិបាល នៅតែបន្តដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត ដោយ​ឥត​គិត​ថ្លៃ ​និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ ដោយឡែក យុវជននានា រួម​ទាំង​បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ក៏អាច​ចូល​រៀន​កម្ម​វិធី​នេះ​ដោយ​មិន​បង់​ថ្លៃ​ផង​ដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬ​បង្កើន​ជំនាញ​របស់​ខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ចាត់ទុកការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចូល​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព គឺជារឿងត្រឹមត្រូវបំផុត

2026/01/27 11:48:21 am        220
ភ្លាមៗក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសសម្រេចចិត្តចូល ជា​សមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធា​នាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ​២០២៦​នោះ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹង ដោយ​ពួក​គេ​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវបំផុត ដើម្បី​បង្ហាញ​នូវ​សុឆន្ទៈ​ពិតប្រាកដ​របស់​រាជ​រដ្ឋាភិបាល​ដែល​ស្រលាញ់ និងថែរក្សាសន្តិភាពនោះ។យោងតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សនយោបាយនានា និងអង្គការសង្គមស៊ីវិល​ដែលបានចេញដាច់ដោយឡែកពី​គ្នា​ជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងដោយស្រដៀងគ្នាថា ការ​សម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព»នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ ក្រឡែតនូវសុឆន្ទៈ ស្រឡាញ់សន្តិភាព រក្សាសន្តិភាព ការគាំទ្រ រួមចំណែក​ដល់​ការ​កសាង និងការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ចំពោះសន្តិភាព ទាំងក្នុងតំបន់ និងសកល។បណ្តាគណបក្សនយោបាយ និងអង្គការ​ទាំងនោះបានលើកឡើងទៀតថា ទង្វើទាំងនេះគឺជាគោលការណ៍ ដែល​កម្ពុជា​តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ​ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ​ដែលរងគ្រោះ ដោយសារសង្រ្គាមនោះ។ជាមួយគ្នានោះដែរ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល​ទាំងនោះក៏បានលើកឡើងផងដែរថា ការដែលកម្ពុជា​យល់ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាពនេះជាមួយអាម៉េរិក មិនមែន​ជា​ការ​ជ្រើស​រើស​ភាគី​ណា​មួយ​​ទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការការពារសន្តិភាព សុវត្ថិភាព និងអធិបតេយ្យភាពជាតិកម្ពុជា បង្ហាញ​ពីឆន្ទៈ​កម្ពុជាឈរលើសន្តិភាពពិភពលោក។សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​យ៉ាង​ច្បាស់​ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា «ការ​ចូល​រួម​នេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែក​ដល់​ការ​លើក​កម្ពស់​ការ​រក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និង​រួម​ចំណែក​ដល់​ការ​កសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជា​ពិសេស​តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ទៅ​បំពេញ​បេសក​កម្ម​នៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម»។ តាមរយៈសារនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានពន្យល់បន្ថែមដល់បងប្អូនដែលមាន ចម្ងល់​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​បង់​វិភាគ​ទាន​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ចូល​ជា​សមាជិក​នេះ ​ដោយសម្តេចបានបញ្ជាក់ថា« ដោយឃើញបង​ប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ទា​ន់​យល់ ​ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូល​​រួ​ម​ជា​សមាជិក​ស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះ​ការ​បង់​ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់​ករណី​ចូល​ជា​សមាជិក​រយៈ​ពេល​វែង​(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕ អត្ថបទ៖បាន ចក់

អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌

2026/01/27 11:03:05 am        192
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA)។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនន័រវេស្ស ដែលបានចូលរួមគាំទ្រដល់ដំណើរស្វែងរកសន្តិភាព ការផ្តល់សុវត្ថិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌ អស់រយៈពេលជាង ៣០ឆ្នាំ តាមរយៈជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) និងទីភ្នាក់ងារន័រវេស្សសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (NORAD)។ ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ ឯកឧត្តមទេសរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពអន្តរជាតិដ៏រឹងមាំជាមួយនឹងគោលដៅមនុស្សធម៌របស់កម្ពុជា។ ក្នុងនោះ NPA បានគាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាត ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម។បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខក្នុងភាពជាដៃគូដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព ហើយកម្ពុជានឹងបន្តដឹកនាំកម្មវិធីសកម្មភាពមីនជាមួយនឹងប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រងហានិភ័យដែលនៅសេសសល់ ដោយធានាថាសហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច។ អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួលបច្ចេកទេស ដែលនឹងជួយគាំទ្រដល់ការធ្វើផែនការ ការផ្តល់អាទិភាព និងគណនេយ្យភាពទូទាំងវិស័យប្រកបដោយប្រសិទ្ធភាព។ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា នៅពេលដែលកម្ពុជាឈានទៅមុខឆ្ពោះទៅរកអនាគតដែលគ្មានមីន កម្ពុជានឹងត្រូវផ្តោតកាន់តែខ្លាំងលើភាពជាម្ចាស់ ភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រង និងនិរន្តរភាព ដើម្បីជួយធានាផលប្រយោជន៍យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ

2026/01/27 10:02:44 am        253
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២៥ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅ អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៥, ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៩៧៦ ប៊ីលានរៀល ត្រូវ ប្រមាណជាង ២៤៣ លានដុល្លារ ស្មើជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះជិត ៣ ភាគរយ ប្រមាណជាង ៣០ ប៊ីលានរៀល ត្រូវជាង ៧ លានដុល្លារ។ចំពោះការប្រមូលចំណូលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៥, អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ កើនឡើងជាង ៣ ភាគរយ ត្រូវប្រមាណ ៤៥១ ប៊ីលានរៀល ស្មើជាង ១១២ លានដុល្លារ។ទាក់ទិនការប្រមូលចំណូលពន្ធនេះ សម្រាប់ផែនការនៅក្នុងឆ្នាំ២០២៦ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចំពោះចំណូលពន្ធដារត្រូវបានគ្រោងចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤ ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលមិនដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រា ពន្ធនោះទេ។ យ៉ាងណាមិញរាជរដ្ឋាភិបាលមានតម្រូវការក្នុងការធ្វើនិយ័តភាវូបនីយកម្ម តាមរយៈឆ្នាំហិរញ្ញវត្ថុឆ្នាំ២០២៦ នូវបណ្តាវិធាន ការពាក់ព័ន្ធ ការអនុគ្រោះ និងការលើកលែងពន្ធអាករនានា ដែលត្រូវបានសម្រេចដាក់ឱ្យអនុវត្តឆ្នាំ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូមកពីរដ្ឋកាលីហ្វ័រញ៉ា ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា

2026/01/27 09:52:19 am        426
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចាប់អារម្មណ៍លើការវិនិយោគនៃការបង្កើតមន្ទីពេទ្យ និងការពង្រឹង សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល ភស្តុភារកម្ម សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការចិញ្ចឹមសត្វជាដើម។លោក គីម ឆាហ៊ួត ប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈប្រតិភូ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ លោក គីម ឆាហ៊ួត បានថ្លែងអំណរគុណដល់ ឯកឧត្តម អគ្គលេខាធិការរង និងសហការី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ព័ត៌មានគ្រប់ជ្រុង ជ្រោយ ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ ក៏ដូចជាការផ្សព្វផ្សាយជូនដល់ សមាជិកដទៃទៀត។ជារួម, គណៈប្រតិភូទាំងអស់ បានចាប់អារម្មណ៍យ៉ាងខ្លាំង ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្លឹងមើល ឃើញនូវកាលានុវត្តភាពជាច្រើន ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះផងដែរ ក្នុងនោះចំពោះវិស័យដែលគណៈប្រតិភូចាប់- អារម្មណ៍លើការវិនិយោគមានដូចជា វិស័យសុខាភិបាល (ការបង្កើតមន្ទីពេទ្យ និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យ សុខាភិបាល) ភស្តុភារកម្ម (Logistics) សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការ ចិញ្ចឹមសត្វជាដើម។ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានជម្រាបជូនពីស្ថានភាពថ្មីៗ នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាច្បាប់ និង បទប្បញ្ញត្តិទាក់ទងនឹងវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក វិស័យអាទិភាពសម្រាប់ ការវិនិយោគ និងការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រនានា របស់កម្ពុជាជូនដល់អ្នកវិនិយោគ។ ក្នុងបរិការណ៍នេះ ឯកឧត្តមបាន ប្តេជ្ញានឹងខិតខំបន្តពូនជ្រុំទំនាក់ទំនងដែលមាន រវាងស្ថាប័នទាំងពីរ និងរង់ចាំឆ្លើយតបរាល់ចម្ងល់ ដែលវិនិយោគិនមានភាពស្រពិចស្រ ពិលនានា៕អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការពារជាតិកម្ពុជា អរគុណអាម៉េរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែនប្រទេសទាំងពីរ

2026/01/27 09:47:25 am        312
ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ការថ្លែងរបស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងឱកាសបានទទួលស្វាគមន៍ ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងឡើងទស្សនកិច្ចលើនាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) ដែលបានចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។នាយ​ឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN៖ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ

2026/01/27 08:53:24 am        616
 ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន៖ (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។ (៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងសម្តេចតេជោ ដឹកនាំគណប្រតិភូគណបក្សប្រជាជនកម្ពុជាចូលជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម ត្រូវបានតែងតាំងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម

2026/01/27 08:40:57 am        200
ហាណូយ៖ ក្នុងដំណើរបំពេញបេសកកម្ម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា បានដឹកនាំគណប្រតិភូគណបក្សប្រជាជនកម្ពុជាចូលជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ នារសៀលថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ឯកឧត្តម តូ ឡឹម បានគោរពថ្លែងអំណរគុណដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរចំពោះភាពជោគជ័យនៃសមាជជាតិលើកទី១៤។ ឯកឧត្តមបានសម្តែងការកោតសរសើរជាពិសេសចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដោយហៅដំណើរទស្សនកិច្ចនេះថាជាការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ឯកឧត្តមបានកត់សម្គាល់ថា សមាជបក្សលើកទី១៤ គឺជាការចាប់ផ្តើមនៃយុគសម័យអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម ក្រោមបាវចនា «សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ»។ ឯកឧត្តម បានមានប្រសាសន៍ថា សមាជនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំ ឯកភាពជាតិ និងសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិភាព ឯករាជ្យ វិបុលភាព និងសុភមង្គល ខណៈពេលដែលកំពុងកំណត់គោលដៅ និងចក្ខុវិស័យជាតិរយៈពេលវែង។ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះភាពជោគជ័យនៃសមាជបក្សលើកទី១៤ របស់វៀតណាម និងបានអបអរសាទរចំពោះ ឯកឧត្តម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី១៤។សម្តេច បានកោតសរសើរសមិទ្ធផលយ៉ាងទូលំទូលាយរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឹម ដោយលើកឡើងពីកំណែទម្រង់រដ្ឋបាល ភាពជោគជ័យនៃសេចក្តីសម្រេចរបស់សមាជបក្សលើកទី១៣ កំណើនសេដ្ឋកិច្ចរឹងមាំ និងការកែលម្អស្តង់ដារជីវភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការ​ចូលរួម​ជា​សមាជិក​ស្ថាបនិកនៃ​ក្រុម​ប្រឹក្សា​សន្តិភាពសម្រាប់​អាណត្តិ៣ឆ្នាំមិនតម្រូវឱ្យបង់ថវិកាទេ ​ករណី​ចូល​ជាអចិន្ត្រៃយ៍ទើបត្រូវបង់ថវិកា

2026/01/27 07:28:16 am        290
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការ​ចូល​រួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិន​តម្រូវ​ឱ្យ​បង់​ថវិកា​ទេ ចំពោះការបង់ថវិកា​ គឺសម្រាប់ករណីចូលជាសមាជិកអចិន្ត្រៃយ៍តែប៉ុណ្ណោះ។តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី​​បាន​បញ្ជាក់ជាថ្មីថា ​កម្ពុជា​សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាម​ការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបន្តថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុង​ការ​គាំទ្រ ​និង​រួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការ​គាំទ្រ ​និងរួមចំណែក​ដល់កា​រ​កសាង និង​រក្សា​សន្តិភាព គឺ​ជា​គោល​ការណ៍​ដែល​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​ជា​រៀង​រហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ​ទៅបំពេញ​បេសក​កម្ម​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​រង​គ្រោះ​ដោយ​សារ​សង្រ្គាម​។ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់​អំពី​កាតព្វ​កិច្ច​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​ក្នុង​ការ​ចូល​រួមនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះ​ការ​បង់​ថវិកា ​១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់​ករណី​ចូល​ជា​សមាជិក​រយៈ​ពេល​វែង​(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម Donald J. Trump ប្រធានា​ធិបតី​​សហរដ្ឋ​អាមេរិក បានផ្ញើសារលិខិត​មួយច្បាប់​ជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​អញ្ជើញ​កម្ពុជា​ចូល​រួម​ជា​រដ្ឋ​សមាជិក​ស្ថាបនិក​​​នៃក្រុម​ប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM