កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី

ព័ត៌មានជាតិ

និស្សិត​ទំនាក់​ទំនង​អន្តរជាតិ​មាន​សុទិដ្ឋិនិយម​ចំពោះ​សម្តេចធិបតី​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​ព្រំដែន​ទៅ​កាន់​ពិភពលោក

2026/02/19 02:20:46 pm        351
ក្រុមនិស្សិតទំនាក់ទំនងអន្តរជាតិ មានសុទិដ្ឋិនិយមខ្ពស់ចំពោះសម្តេចធិបតី ក្នុងការ​បង្ហាញ​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ព្រំដែនជាមួយប្រទេសថៃទៅកាន់ពិភពលោក តាមរយៈ​ការ​ប្រាប់​ការ​ពិត​អំពី​ការ​ឈ្លាន​ពាន​ទឹក​ដីពីសំណាក់ទាហានថៃ ។ ក្រោយ​ពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន អន្តរជាតិ រ៉យ​ទ័រ​កាល​ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយ​បាន​លើក​ឡើង​អំពីបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព របស់ថៃ ដោយ​បាន​បន្ត​រំលោភ​បំពាន​ចូល​ជ្រៅ​មកក្នុងដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជានោះ ក្រុមនិស្សិត​សិក្សា​ស្រាវ​ជ្រាវ​លើ​កិច្ច​ការងារទំនាក់ទំនងអន្តរជាតិ បានបង្ហាញ​ការ​គាំទ្រ​លើ​គតិ​បណ្ឌិត​របស់​សម្តេច​ប្រមុខ​ថ្នាក់​ដឹក​នាំដែលបានលើកយកបញ្ហា ព្រំដែនបង្ហាញ​ប្រាប់​ពិភព​លោក​ឱ្យ​បាន​ដឹង​ច្បាស់​អំពី​ភាព​ពិត​របស់​ប្រទេស​ថៃ​ដែលបានឈ្លានពានមកលើកម្ពុជា ទាំង​ដែល​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលធ្លាប់បានព្រមព្រៀងគ្នា ទាំងទ្វេភាគី និង​អន្តរជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពិភពលោកថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលមាន ដោយផ្អែកលើសន្ធិសញ្ញា ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងទាំងអស់ដែលមាន។ ដូច្នេះហើយ សង្ឃឹមថា ថៃនឹងយល់ព្រម និងចាប់​ផ្តើម​អនុញ្ញាត​ឲ្យ ​JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ អត្ថបទ៖ លីហេង 

សាលារៀនជាច្រើនទទួលបានអគារសិក្សាស្តង់ដារតេជោ និងបណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ស្រប​ទីផ្សារ​ការងារ

2026/02/19 02:08:56 pm        162
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ថវិកាសាងសង់អគារសិក្សាស្តង់ដារតេជោ បានប្រមាណជាង៤០០០អាគារ ហើយ​បើ​តាមបណ្តាគណៈគ្រប់ គ្រងសាលារៀន បានឲ្យដឹងថា គ្រប់អគារសិក្សាស្តង់ដារតេជោ បាន​ផ្តល់គុណតម្លៃបន្ថែមច្រើន ជាពិសេសគឺមាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​មួយ​ចំនួន​ទៀតផងដែរ ដើម្បីឲ្យសិស្សមានសមត្ថភាពស្របតាម ទីផ្សារការងារ។តំណាងគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន តាខ្មៅ នៅខេត្តកណ្តាល អ្នកគ្រូ កែវ មាសបូរា បាន​ប្រាប់ ​BTV នៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា បច្ចុប្បន្នវិទ្យាល័យ ហ៊ុន សែនតាខ្មៅ បានទទួល​អំណោយ​ថវិកា​ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សាងសង់អគារសិក្សា​ស្តង់ដារ​តេជោ​កម្ពស់​បី​ជាន់ បានជិត១០០% និងជួសជុល អគារសិក្សាច្រើនបន្ទប់ទៀត ហើយ​ដោយ​ចំនួន​សិស្សបន្តកើនឡើង សាលានៅមានតម្រូវការអគារសិក្សាច្រើន បន្ទប់ទៀត ដើម្បីកាត់​បន្ថយ​ភាព​ចង្អៀត​ណែ​ននូវចំនួនសិស្សនៅក្នុងថ្នាក់រៀននីមួយៗ ដែលការរៀនបង្រៀនចំណេះ​ដឹង​ទូទៅ​ផង​ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ។ដោយឡែកលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពវិញ ថ្លែងថា រៀងរាល់ឆ្នាំ វិទ្យាល័យ ហ៊ុន សែន សេរីភាពមានកំណើនសិស្សចុះឈ្មោះចូលរៀន មានរង្វង់​ប្រមាណ​៥០០០​នាក់​ ប៉ុន្តែដោយ​អំឡុងពេលកម្ពុជាជួបវិបត្តិការរាតត្បាតកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត បានយកឱកាស នោះផ្តល់អំណោយសាងសង់អាគារសិក្សាស្តង់តេជោ មួយ​ខ្នងប​ន្ថែមកំពស់៣ជាន់ មាន៣០បន្ទប់ ហើយបច្ចុប្បន្ន អគារនេះ បានរួមចំណែក​ខ្លាំង​កាត់​បន្ថយ​ភាពចង្អៀតណែនសិស្សចូលរៀននៅក្នុងថ្នាក់។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ និងកីឡា ឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ កាល​ពី​ពេលថ្មីនេះ បានឲ្យដឹងថា ការងារសាងសង់អគារសិក្សា និងការជួសជុលអគារសិក្សា ក្នុង​រយៈពេលកន្លងទៅនេះ ប្រើប្រាស់ ថវិកាអស់ប្រមាណជាង៤០០លានដុល្លារអាម៉េរិក ក្នុង​នោះ​ក៏​មាន​ការ​ប្រើប្រាស់ថវិកាសម្តេចតេជោ សាងសង់ អគារស្តង់ដារតេជោ បានប្រមាណជាង​៤០០០​អគារ​៕ អត្ថបទ៖ ស៊ុម សុខជា 

ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង​រួមចំណែក​ធានា​សន្តិសុខ​ថាមពល

2026/02/19 01:56:43 pm        328
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង អាចផលិតអគ្គិសនី បាន​ចំនួន ១០០មេហ្កាវ៉ាត់ តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដោយ​មាន​កិច្ច​សហការ​រវាង​អគ្គិសនី កម្ពុជាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគ្គិសនី​ដែល​ផលិត​បាន​នេះ ​រួមចំណែកធានាសន្តិសុខថាម ពលនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តម​បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បាន​ថ្លែង​ថា កិច្ចសហប្រតិបត្តិការ និងការអនុវត្ត​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​រវាង​EDC ​និងADB បានពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់អគ្គិសនីកកើតឡើងវិញ សំដៅ​ធានា​សន្តិសុខ​ថាមពល និងភាពទុកចិត្តបាន ក្នុងការ ផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការអភិវឌ្ឍ។ការថ្លែងនេះ បានធ្វើនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលរួមដំណើរជាមួយលោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អញ្ជើញ​ទស្សន​កិច្ច​នៅ​ស្ថានីយផលិត ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅស្រុកទឹកផុស ខេត្ត​កំពង់​ឆ្នាំង​។ឯកឧត្តមបណ្ឌិត បានបន្តថា តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បច្ចុប្បន្ន ស្ថានីយ​ ផលិតថាមពលអគ្គិសនីនេះ អាចផលិតអគ្គិសនីបានចំនួន១០០មេហ្កាវ៉ាត់ រាប់​បញ្ចូល​ទាំង​ពី​ដំណាក់កាល ដោយដំណាក់កាលទី១.៦០មេហ្គាវ៉ាត់ និងដំណាក់ទី២.៤០មេហ្កាវ៉ាត។ ឯកឧត្តមបន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ថាមពល​កកើន​ឡើង​វិញ​ចំនួន​ជាង ១​ពាន់​៣០០​មេ​ហ្គាវ៉ាត់​​នៅទូទាំងប្រទេស ហើយអគ្គិសនីកម្ពុជាមានផែនការជាបន្តបន្ទាប់។លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍​ដែរថា គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ មានផលវិជ្ជមាន​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រែក្លាយជាប្រទេស​មួយ​ដែល​អាច​ផ្គត់​ផ្គង់​អគ្គិសនី​ស្អាត ដើម្បីអាចលុបបំបាត់ថាមពលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ លើសពីនេះ លោក​ស្រី ​Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) បានលើកឡើងពីសារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ផងដែរ។អនុវត្តតាមរយៈភាពជាដៃគូរវាង ADB និង អគ្គិសនីកម្ពុជា (EDC) គម្រោងឧទ្យានជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ បានគាំទ្រដល់ការអភិវឌ្ឍទីតាំងផលិតថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ដើម្បី​ចូល​រួម​ដោះស្រាយ តម្រូវការថាមពលជាយុទ្ធសាស្ត្ររបស់ប្រទេស។ គម្រោងនេះ ត្រូវបាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង នៅថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈ Cross-Signing និង​បាន​ចូល​ជា​ធរមានកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងមានរយៈពេលអនុវត្ត៤ឆ្នាំ (២០១៩-២០២២)​៕ អត្ថបទ៖ ទូច សោភ័ណ 

ការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាមសម្រេចបាន ៨៣%

2026/02/19 01:55:38 pm        154
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណ83% ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD។ ប្រធានវិស្វករក្រុមហ៊ុន បានបញ្ជាក់ជូន ឯកឧត្តមអភិបាលខេត្ត ថា គម្រោងដែលបានអនុវត្តរួចរាល់ នឹងកំពុងបន្ត រួមមានៈ 1-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង 2-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុង3-ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ 4-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់5-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ 6-ការងារជួសជុលផ្លូវកៅស៊ូ AC។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីជំនាញ មានការរំពងទុកថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាលទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោ-ធិបតី។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ដោយផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦៕

អាជ្ញាធរមីន និងអង្គការ Exceed Worldwide បន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាពដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ

2026/02/19 01:47:21 pm        174
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម។ក្នុងជំនួបនោះ លោក Carson Harte បានធ្វើសេចក្តីរាយការណ៍អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាព និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រដល់អង្គការ Exceed Worldwide។ ជាមួយគ្នានោះ លោក Carson Harte បានបញ្ជាក់ថា អង្គការ Exceed Worldwide ដែលគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ កំពង់ឆ្នាំង និងព្រះសីហនុ មានផែនការពង្រីកការផ្តល់សេវាកម្មស្តារកាយនីតិសម្បទានៅតាមមន្ទីរពេទ្យ (Hospital Based Rehabilitation) ដែលស្នើសុំឱ្យមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ Exceed Worldwide ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីនបានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ ដែលតម្រូវឱ្យមានការចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការដោះស្រាយ ហើយក្នុងនោះ អង្គការ Exceed Worldwide គឺជាដៃគូមួយក្នុងការផ្តល់សេវាដល់ជនមានពិការភាព ផងដែរ។ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះផែនការពង្រីកសេវាកម្មរបស់អង្គការ Exceed Worldwide នៅតាមមន្ទីរពេទ្យរដ្ឋ ហើយអាជ្ញាធរមីន និងអង្គការ Exceed Worldwide នឹងបន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាពដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។

អគ្គលេខាធិការ CDC លើកទឹកចិត្តដល់ក្រុមហ៊ុនក្រៅស្រុក វិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

2026/02/19 01:28:36 pm        208
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកទឹកចិត្តដល់ប្រតិភូក្រុមហ៊ុន IDECGROUP ASIA វិនិយោគបង្កើតតំបន់ សេដ្ឋកិច្ចពិសេស និងពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុន លើឧស្សាហកម្មកែច្នៃផលិតកម្មកសិកម្ម ខណៈការដាំដុះនៅកម្ពុជាបាននិង កំពុងរីកលូតលាស់។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន។ ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយ ផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ និងមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់នូវជំនាញ ដើម្បីផ្តល់សេវា សាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បាន លើកឡើងនូវវិស័យមួយចំនួន ដែលមានសក្តានុពលដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ ជាដើម ពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុនវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ។ជុំវិញប្រវត្តិក្រុមហ៊ុន IDECGROUP ASIA បង្កើតឡើងដោយការរួមសហការ រវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុង ការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់ ការផ្តល់ដំណោះស្រាយ ថាមពល ឧស្សាហកម្មបៃតង ភស្តុភារកម្មជាដើម។ ចំណែកគោលបំណងជួបពិភាក្សានាពេលនេះ គឺដើម្បីស្វែងរកកាលានុវត្តភាព វិនិយោគនៅកម្ពុជា ក្នុងវិស័យដែលមានសក្តានុពលផ្សេងៗ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៦៣០ មានទំហំទុន វិនិយោគប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ៥២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤៣៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន ២២៥នាក់ទៀត ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

2026/02/19 01:19:30 pm        149
នៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ២២៥នាក់ (ស្រី ៣៨នាក់) មាន ១៣សញ្ជាតិ រួមមាន ចិន ហ្គាណា កេនយ៉ា ម៉ាឡេស៊ី ចិនតៃវ៉ាន ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យ៉ូហ្គង់ដា ស្រីលង្កា ហ្វីលីពីន វៀតណាម និងហ្ស៊ីមប៉ាវេ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ប្រសាសន៍សម្ដេចធិបតីប្រាប់ព័ត៌មានអន្តរជាតិអំពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា សំឡេង​ត្រូវ​បាន​ឮខ្ទរខ្ទារ​ពេញពិភពលោក

2026/02/19 01:15:38 pm        342
តាមរយៈកិច្ចសម្ភាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដល់សារព័ត៌មានអន្តរជាតិរ៉យទ័រ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវ​បាន​សារ​ព័ត៌មានអន្តរជាតិជាច្រើនទៀតនៅ​លើពិភ​ពលោក​ផ្សព្វផ្សាយ​បន្ត​យ៉ាង​ផុល​ផុស​រហូត​មល​ដល់​ពេល​នេះ, ប្រសាសន៍សម្ដេចធិបតី បានធ្វើឱ្យសំឡេងរបស់កម្ពុជា ឮខ្ទរខ្ទារពេញពិភពលោក​ហើយ​ធ្វើ​ឱ្យក្រសែភ្នែកស​ហគមន៍​អន្តរជាតិ​បែរ​ក្រឡេក​មក​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​លើ​ការ​រំលោភបំ​ពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាម៉េរិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាម៉េរិកគឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ ក្រៅពីនោះ សម្តេចក៏មានគំរោងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ បន្ទាប់មក សម្តេចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ដូចជានៅទីក្រុងហ្សឺណែវ និងព្រុចសែល ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអឺរ៉ុប និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមបានបន្តថា នៅសហរដ្ឋអាម៉េរិកមុនចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់កិច្ចសម្ភាសន៍ជូនទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសស្តីពីស្ថានការណ៍ព្រំដែនកម្ពុជាថៃ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនេះថា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន កងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនដោយចូលជ្រៅហួសពីខ្សែព្រំដែនដែលជាជំហរឯកតោភាគីដែលថៃទាមទារទៅទៀត បើទោះមានបទឈប់បាញ់ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការដាក់ទូរកុងតឺន័រ និងបន្លាលួសរបស់ភាគីថៃនៅក្នុងទឹកដីកម្ពុជាដែលបានរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណជាជិត៨ម៉ឺននាក់មិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ហើយស្ថានភាពនៅតាមព្រំដែននៅមានភាពផុយស្រួយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្វីដែលសម្តេចលើកឡើងមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ វាគឺជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្តែង ហើយដែលកម្ពុជាមិនអាចទទួលយកការរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនបែបនេះបានឡើយ ។សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ចាប់ផ្តើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញជាធម្មតា។ សម្តេចធិបតីសង្ឃឹមថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយ លោកប្រធានាធិបតី Donald Trump គឺជាផ្នែកមួយដ៏មានគុណតម្លៃដែលអាចជួយបំពេញបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ជាច្រើនដែលមានជម្លោះឬសង្គ្រាម ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជាថៃផងដែរ។ តាមរយៈកិច្ចសម្ភាសន៍នេះ សំឡេងរបស់កម្ពុជាបានលឺខ្ទរខ្ទារពេញពិភពលោក ហើយដែលធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតលើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ជំហរសន្តិភាពនិយម និងគោរពច្បាប់អន្តរជាតិ តាមរយៈការស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីបានបង្ហាញពីនយោបាយការទូតបែបចាស់ទុំ ទន់ភ្លន់ និងត្រឹមត្រូវ ស្របតាមគោលបំណងរបស់សហគមន៍អន្តរជាតិដែលចង់បាន ជាពិសេសស្របនឹងស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព( Board of Peace) ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន នាពេលនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ក្នុងជំនួបពិភាក្សាផ្សេងទៀត ជាមួយឥស្សរជនអាម៉េរិក និងមេដឹកនាំសហភាពអឺរ៉ុប ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានានៅក្នុងដំណើរបេសកកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិនាពេលនេះ ក៏ជាការបង្ហាញអំពីនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការទាក់ទាញទេសចរ និងការវិនិយោគជាដើម។អ្នកនាំពាក្យរាជរដ្ឋាភិបាលរម្លឹកជូនជនរួមជាតិឡើងវិញនូវ ប្រសាសន៍របស់សម្តេចបវរធិបតីថា ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ប្រាកដណាស់ថា ប្រធានបទដ៏សំខាន់មួយនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងបេសកកម្មការទូតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅលើឆាកអន្តរជាតិនាពេលនេះ ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងប្រកបដោយយុត្តិធម៌តាមរយៈការប្រើប្រាស់យន្តការដែលបានព្រមព្រៀងគ្នា និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលជាជំហរឥតប្រែប្រួលរបស់កម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ 

ជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online

2026/02/19 01:13:23 pm        285
ខណៈដែលអាជ្ញាធរកម្ពុជា កំពុងប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) យ៉ាងសកម្ម មន្ត្រីជំនាញបានផ្ញើសារព្រមានដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងឡាយ ឱ្យ ចូលរួមសហការរាយការណ៍អំពីវត្តមានជនបរទេស បើមិនដូច្នោះទេ ប្រសិនបើមានការរកឃើញបទល្មើស ក្នុងទីតាំងនោះ ម្ចាស់ទីតាំងនឹងប្រឈមនឹងការផាកពិន័យ។ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា យុទ្ធ នាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ បានធ្វើរយៈពេលជាងមួយឆ្នាំមកហើយ និងបានបណ្តេញ ជនបរទេសបានរាប់ពាន់នាក់ចេញពីកម្ពុជា ក្នុងនោះ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួល ម្ចាស់ខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារទំាងអស់ ត្រូវផ្តល់ព័ត៌មានឱ្យអាជ្ញាធរមានសមត្ថកិច្ចឱ្យបានគ្រប់ គ្រាន់ពាក់ព័ន្ធនឹងជនបរទេសស្នាក់នៅ។ បើមិនផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចទេ នៅពេលដែល រកឃើញ មានការប្រព្រឹត្តបទល្មើសឆបោកនេះអាចប្រឈមនឹងការផាកពិន័យក្នុង១នាក់១០០០ដុល្លារ។លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងមុតមាំ នឹងបន្តបោសសម្អាត បទល្មើសមួយនេះឱ្យអស់ និងមិនឱ្យមានការវិលត្រលប់មកវិញសារជាថ្មី។ ទីតាំងណាដែលអាជ្ញាធរបាន ចុះបង្ក្រាបរួចហើយ ត្រូវបិទទាំងស្រុង ហើយបើកាស៊ីណូណានៅតែបន្តលួចលាក់ប្រព្រឹត្តបទល្មើសបែប នេះតទៅទៀត នឹងត្រូវដកអាជ្ញាបណ្ណតែម្តង៕ អត្ថបទ៖ មុត សុទ្ធ 

បេសកកម្មនៅអាមេរិក, សម្ដេចធិបតី អញ្ជើញជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក

2026/02/19 01:00:31 pm        332
ក្នុងឱកាសបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោង​នៅ​អាមេរិក ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្ដម​ឯក​អគ្គ​រដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងជំនួ​ប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។សូមជម្រាបថា ពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់​​ខ្ពស់​កម្ពុជា បំពេញបេសកកម្មនៅអាមេរិក ដើម្បីតរៀមចូលរួមកិច្ចប្រជុំដំបូង នៃក្រុម​ប្រឹក្សា​សន្តិភាព ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាម៉េរិក​ ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។បើតាមក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដំបូង នៃ​ក្រុម​ប្រឹក្សាសន្តិភាពនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្រប​តាម​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹ​ង​ប្រែង​ឆ្ពោះ​ទៅ​រ​កការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយ​គ្នានេះមេ​ដឹកនាំ​ដែល​អញ្ជើញ​ចូល​រួម​កិច្ចប្រ​ជុំ​នេះ​ក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និង​ពិភពលោក។ ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរ​យោបល់​គ្នា​លើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំង​ទី​ក្រុង​ហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បី​បង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
06/15/2026 04:06 PM
អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ
06/15/2026 04:06 PM
តុលាការចក្រភពអង់គ្លេស នឹងសម្រេចលើការហាមឃាត់ក្រុមគាំទ្រប៉ាឡេស្ទីនថាស្របច្បាប់ឬអត់
06/15/2026 04:06 PM
សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
06/15/2026 04:06 PM
ស៊ីរីត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ក្នុងនាមជាប្រទេសភ្ញៀវ
06/15/2026 04:06 PM
ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី
06/15/2026 04:06 PM