ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

2026/02/19 11:10:38 am        202
ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១៦៤ លានដុល្លារអាមេរិក កើនឡើងជាង ៥៩ ភាគរយ ដែលនេះបាន​បង្ហាញ​អំពី​ការ​ងើប​ឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២៥ ការនាំចេញទៅទីផ្សារមួយនេះបាន ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​។  ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅ​ក្នុងឆ្នាំ២០២៥, បើ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​នៃប្រទេសទាំងពីរ សម្រេចក្នុងរង្វង់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ជិត ៣០ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិន សម្រេចប្រមាណ ជាង ១៨ ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជិត ១ ៧០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយធ្វើ ឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅទីផ្សារ មួយនេះ គឺបានធ្លាក់ចុះជាបន្តបន្ទាប់។  ចំណែកក្នុងខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ៩០០ លានដុល្លារអាមេរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើង ជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជិត ២០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញការនាំចេញរបស់កម្ពុជាទៅទីផ្សារចិននេះ បានបង្ហាញនូវនិន្នាការងើបឡើងវិញ តាមរយៈ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃ ប្រទេសទាំងពីរ។ សូមរំលឹកថា ទំនិញសំខាន់ៗដែលនាំចេញទៅប្រទេសចិន ភាគច្រើនជាផលិតផលកសិកម្ម និងឧស្សាកម្មកែច្នៃរួមមានដូចជា៖ អង្ករ ស្វាយ ចេក ផ្លែមៀនស្រស់ ផលិតផលជលផល គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌកាត់ដេរមួយចំនួន។ ចំណែក ការនាំចូលពីប្រទេសចិន  ភាគច្រើនជាវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ សំណង់ និងយានយន្តជាដើម។ ចំពោះទូទៅរួមមាន, គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ វត្ថុធាតុដើមឧស្សាហកម្ម ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជិត៦ម៉ឺននាក់​

2026/02/19 10:58:23 am        297
បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង៥៧​ ៧០០នាក់បានដើរលេងកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។លោក ហម អរុណ ថ្លែងឱ្យដឹងបន្ថែមថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងធានាសន្តិសុខសុវត្ថិភាពដើម្បីបង្កលក្ខណៈសប្បាយរីករាយប្រកបដោយទំនុកចិត្តសុខសុវត្ថិភាពនិងស្នាមញញឹមជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបង។ក្រុមយុវតីជាអ្នកក្រុងបាត់ដំបងដែលបានធ្វើដំណើរទៅលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងស្រុកសំឡូត បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងលើកសរសើរមិនដាច់ពីមាត់នូវសក្ដានុពលទេសចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រងនៅក្នុងស្រុកសំឡូតជាពិសេសគោលដៅដែលនៅជាប្រភពទឹកអមទៅដោយទេសភាពបៃតង ខ្យល់ត្រជាក់ជាមួយនឹងម្ហូបអាហារឆ្ងាញ់ និងតម្លៃសមរម្យ។ក្រុមយុវតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម។សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

ទូតជប៉ុន៖ ជប៉ុននឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗគាំទ្រ ដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា-ថៃ និងផ្ដល់ជំនួយផ្សេងៗដល់កម្ពុជា

2026/02/19 10:45:55 am        505
រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែន ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។ ជប៉ុនក៏បានស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ផងដែរ។.....................................ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ ដោយឯកឧត្តមបានអះអាងថា រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។ ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុនក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។សូមជម្រាបថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយប្រមាណ ១ លាន៥សែនដុល្លារទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីជួយជាស្បៀងដល់ពលរដ្ឋខ្មែររងគ្រោះព្រោះជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន និងពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងជួយពលករដែលវិលចូលប្រទេសកម្ពុជាវិញ ក៏ដូចជាការសាងសង់រចនាសម្ព័ន្ធដែលខូចខាតព្រោះការវាយប្រហារដោយយោធាថៃ ដើម្បីចូលរួមស្ដារជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរផងដែរ៕ អត្ថបទ៖ វង្ស សុភាព

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

2026/02/18 09:44:28 pm        240
តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានចូលរួមអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម ដោយនៅប្រទេសកម្ពុជាយើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានាពេលកន្លងមក។ ជាថ្មីម្តងទៀត ខ្ញុំសូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនមូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនមូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន

2026/02/18 06:59:00 pm        53
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដោយផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ (មាន៣ កំណាត់) ប្រវែងសរុប ៣ ៣០០ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អ លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានា ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ឃើញថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព បណ្តាញផ្លូវនៅតាមជនបទ បានស្ថាបនាឡើងជាហូរហែរ ពោលគឺពីតំបន់ដែលគ្មានផ្លូវ មកមានផ្លូវដើរបាន, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ផ្តល់ ប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ និងថែទាំបញ្ចប់សុពលភាពនៃនាយកដ្ឋាន ផ្លូវលំជនបទ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំងនៅលើការងារអភិវឌ្ឍន៍ ដើម្បីជំរុញឱ្យតំបន់ជនបទ មានផ្លូវតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា និងមានគុណភាព ហើយធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង ជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទ៕ អត្ថបទ៖សុន រ៉ាឌី

កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា

2026/02/18 05:25:22 pm        144
ភ្នំពេញ៖ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ នេះជាប្រសាសន៍បញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញ ដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដើម្បីផ្តល់បច្ចុប្បន្នភាពស្តីពី "យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា" ជូនដល់បណ្តាឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជាចំនួន២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា។ដើម្បីបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ជាសេនាធិការក្នុងការប្រតិបត្តិយុទ្ធនាការនៅទូទាំងប្រទេស ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសតាមរយៈការបង្កើតគ.ប.ឆ.ប. ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។ ជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ។ យុទ្ធនាការអនុវត្តច្បាប់នៅទូទាំងប្រទេស បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញ ហើយតាមការសង្កេតរបស់សមត្ថកិច្ច ការបិទខ្ទប់ទីតាំងខាងលើបានធ្វើឱ្យក្រុមមេខ្លោងមួយចំនួនបានរត់គេចខ្លួន ដែលក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ រីឯជនបរទេសចំនួនប្រមាណជាង២១ម៉ឺននាក់បានចាកចេញដោយខ្លួនឯងទៅកាន់ប្រទេសពួកគេវិញ។ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយដៃគូ ក្នុងការជួយសង្រ្គោះជនបរទេស ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆ្លងដែននេះ ឱ្យបានរួចផុតពីការកេងប្រវ័ញ្ញឱ្យធ្វើសកម្មភាពឆបោកអនឡាញដើម្បីបម្រើដល់ផលប្រយោជន៍បណ្តាញឧក្រិដ្ឋកម្មខ្លួន បានជាច្រើននាក់ផងដែរ។តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងរយៈពេលប្រមាណ ៨ខែកន្លងមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណបណ្តាអង្គទូត និងដៃគូពាក់ព័ន្ធរួមមានសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ អង្គការ UNODC និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចខិតខំប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើដល់បណ្តាប្រទេស និងដៃគូទាំងអស់ ឱ្យបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រទាំងផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជាសម្ភារៈ បច្ចេកទេស និងការសហការស្រាវជ្រាវ ធ្វើកោសល្យវិច័យ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា និងធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.បានប្រាប់ទៅអង្គទូតទាំងអស់ទៀតថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើន មកដើរទស្សនាកម្សាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅខេត្ដសៀមរាប

2026/02/18 04:52:31 pm        313
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនកុះករដើរទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីចិន វៀតណា នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ ខណៈដែលពិធីនេះ មាន​រយៈ​ពេល​បី​ថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦ ។ភ្ញៀវទេសចរជាតិមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែល​បាន​មក​ទស្សនា​ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យប្រពៃណីចិន វៀតណាម​ឆ្នាំ​២០២៦នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅ​តែ​ទាក់​ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។អ្នកទេសចរ ក៏លើកឡើងផងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យ និ​ង​ល្បី​ល្បាញ​នៅលើ​ពិភព​លោក ​ដែលខ្លួនចំណាយពេលវេលាដើរទស្សនាប្រាសាទអង្គរវត្ត ក៍ដូចជានៅតាម​រមណីយដ្ឋាន​ផ្សេង​ៗទៀតមិនខកបំណង។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែល​បាន​អភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប ឱ្យមានការរីក​ចំរើន​បាន​ល្អប្រ​សើរ​ និង​មាន​សន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។បើតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បាន​បង្ហាញ​ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ ចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មាន​ជាង​៣​ម៉ឺន​១ពាន់នាក់ ក្នុងនោះមានអ្នកទេសចរអន្ដរជាតិ ជាង៨ពាន់នាក់៕

មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅថ្ងៃទី១៨កុម្ភៈនេះ

2026/02/18 04:43:22 pm        389
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ (គិត​ត្រឹម​ពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​) បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៤នាក់) រងរបួស​ស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។ នេះបើ​តាម​របាយការណ៍​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ១នាក់),មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ៣នាក់),មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់),ប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)៕

ផ្លូវជនបទកំពុងត្រូវបានប្រែក្លាយពីក្រាលគ្រួសល្បាយដី ទៅជាផ្លូវកៅស៊ូ និងបេតុង កាន់តែងាយស្រួលធ្វើដំណើរ

2026/02/18 04:36:40 pm        449
កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំប្រែក្លាយផ្លូវនៅទីជនបទ ពីផ្លូវក្រាលគ្រួសល្បាយដី ទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូ ដែលកាន់តែធ្វើឲ្យពលរដ្ឋធ្វើដំណើរ និងដឹកកសិផលស្រួលជាងមុន ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន១ខ្សែ មាន ៣កំណាត់ប្រវែងសរុប ជាង២ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ១ម៉ែត្រ កម្រាស់ ០,២ម៉េត្រ ស្ថាបនាលូប្រអប់មុខមួយ ១កន្លែង ស្ថាបនាលូមុខមូលមួយ ចំនួន ៤កន្លែង និងលូមូលមុខបី ១កន្លែង ស្ថិតនៅភូមិតាវ៉ាក ទៅភូមិប្រចក្ស និងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍នជនបទ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន តាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាព របស់ពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ឯកឧត្តមបន្តថា ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែក្នុងចំណោះផ្លូវជនបទ ដែលមានប្រមាណជាង ៥ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ។ឯកឧត្តម ឈឹម សៅគី បានបន្ថែមថា ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទ តភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពសហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូ ។ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់បងប្អូនពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលបេតុងមួយខ្សែនេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងអប់រំ កំពុងជំរុញការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ និង​ស្តារ​សាលា​រៀន​ឡើង​វិញ ដើម្បីធានាបានថាការអប់រំនៅ​តែបន្តសម្រាប់​សិស្សនៅ​ព្រំដែន​ដែល​រងគ្រោះ​ដោយ​សង្រ្គាម​ថៃ​ឈ្លានពាន

2026/02/18 04:29:17 pm        342
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី ​"ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ" ដោយមានការចូលរួម​ពីសំណាក់​ឯកឧត្តម​លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។មុនឈានចូលដល់កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើផែនការរៀបចំសាលារៀន​ក្នុងជំរំ​ខេត្ត​បន្ទាយ​មាន​ជ័យនា​ពេលនេះក្រុ​មការងារ​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់​ស្ដែង និងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ​តាម​រយៈ​កម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំ​របាយការណ៍​ជូន​ថ្នាក់ដឹក​នាំក្រសួងអប់រំ យុវជន និងកីឡា។កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមជាមួយយោធាថៃ និងតម្រូវការជាក់ស្តែងដើម្បីរៀបចំសាលារៀននៅជំរំ និងបាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រមូល​ធាតុ​ចូល​ដើម្បី​កែលម្អលើគម្រោងផែនការសាងសង់​សាលារៀ​ន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ជំរំ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និងការសាងសង់​កន្លែង​ប្រើប្រាស់​បណ្ដោះអា​សន្ន​ដើ​ម្បី​សម្រួល​ដល់​ដំណើរ​ការរៀន និង​បង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។បន្ទាប់ពីបទ​បង្ហាញស្តីពីការរៀបចំសាលារៀននៅជំរំខេត្តបន្ទាយមានជ័យនិងកិច្ចពិភាក្សារួចមក ឯកឧត្តម​បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖-រៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ចដើម្បីជំរុញការងារនេះដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល-ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលា និងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែន និងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ-ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងនៃការសាងសង់សាលារៀនសូមក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្សនិងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល-ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មីដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានាដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុលនិងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការស្តារសាលារៀនឡើងវិញដោយបែងចែកជាតំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀតដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗដើម្បីធានាបានថាការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណងយកឱកាសនេះដែរដើម្បីអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំ និងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM