ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​​ក្រុង​ប៉ោយប៉ែត បន្ទាប់ពីពួកគេស្នើសុំកិច្ចអន្តរាគមន៍ចង់ត្រឡប់ទៅប្រទេសកំណើតវិញ

2026/02/12 01:02:02 pm        301
កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន​៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់​ទីតាំង​មិន​បានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុង​គោល​ដៅ​វិល​ត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៦។ គួររំលឹកបន្តិចថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញ​ចម្រុះ​នៃ​ក្រុម​ប្រតិបត្តិការ​ស៊ើប​អង្កេត​ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំ​បូងខេត្ត បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុង​បណ្តឹង​។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងជនទាំងនោះ នៅអគារស្នាក់នៅមួយកន្លែង ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានសម្រួល ជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ (ក្នុងនោះមានស្រី ១នាក់) ចេញពីទីតាំងនោះប្រកបដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីការរំដោះ នៅថ្ងៃដដែលនោះ កម្លាំងជំនាញបាននាំខ្លួនជនជាតិបរទេសទាំង ៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺជុំវិញករណីនេះ។ ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ បានឱ្យដឹងថា ពួកគេបានចូលមកប្រទេសកម្ពុជាដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបម្រើការងារជាបុគ្គលិកហាងបាយនៅក្នុងអគារខាងលើ។ ជនរងគ្រោះបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ គឺពុំមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែមូលហេតុដែលនាំឱ្យមានការប្តឹងសុំកិច្ចអន្តរាគមន៍សង្គ្រោះនេះ គឺដោយសារពួកគាត់មានអាការៈនឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺនៅឯស្រុក ទើបចង់ត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។ គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ រួមមាន ទី១. ឈ្មោះ JUNI TINUNGKI ភេទប្រុសកើតថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩២ អាយុ ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088054 ទី២. ឈ្មោះ RIO DWI PUTRA LUMINTANG ភេទប្រុស កើតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៦ អាយុ ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E4401875 និងទី៣. ឈ្មោះ JESIKA ANGGREINI SIAGE ភេទស្រី កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088055៕ 

អ្នកនាំពាក្យ៖ កម្ពុជាមិនអាចទទួលយកបាន និងមិននៅស្ងៀម​ជាដាច់ខាតចំពោះ​ទង្វើឈ្លាន​ពាន​របស់​ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា

2026/02/12 12:54:50 pm        264
ការតវ៉ាជាផ្លូវការ និងជាបន្តបន្ទាប់នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទទួល​យក​បាន និងមិននៅស្ងៀម​ជាដា​ច់ខា​ត​ចំពោះ​មុខ​សកម្មភាព​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុ​ជាដោយយោធាថៃ និងកំពុងជំរុញឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ នៅក្នុងសន្និសីទ​សារព័ត៌មាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បានតវ៉ាយ៉ាងខ្លាំងជាថ្មីម្តងទៀត នៅពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុង​​តំបន់​មួយ​ចំនួនក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់​កាប់​ទាំង​បំពាន​ដោយ​ប្រើ​កម្លាំងយោធា។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនទៀត ត្រូវបានយោធាថៃ​វាយ​កម្ទេច​បំផ្លិច​បំផ្លាញ​នៅ​តំបន់​បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះ បង្គោលព្រំដែនលេខ ៤៦ និង៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក។សកម្មភាពទាំងដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាននិងចំណុចទី១នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ឯកឧត្តមបានបន្តថាទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់កម្លាំងប្រដាប់អាវុធថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ការតវ៉ាជាផ្លូវការនិងជាបន្តបន្ទាប់នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននិងមិននៅស្ងៀមជាដាច់ខាតចំពោះមុខសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌ សីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនដូចការប្តេជ្ញាចិត្តដែលបានបង្ហាញក្នុងសេចក្តីប្រកាសរួមនេះ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕  

រដ្ឋមន្រ្ដីក្រសួងការងារដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជា ចូលរួមវេទិកាស្តីពីការលើក​កម្ពស់​ការត្រួត​ពិនិត្យ​អនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅប្រទេសបារាំង

2026/02/12 12:40:09 pm        117
(ប៉ារីស)៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ វេទិកានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការ OECD ដែលមានការចូលរួមដោយតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាជាសមាជិក និងមិនមែនជាសមាជិកអង្គការ OECD តំណាងម្ចាស់ម៉ាកធំៗ សហជីព និងសមាគមនិយោជកអន្តរជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗនានាដែលវិស័យកាត់ដេរ និងស្បែកជើងបានជួបប្រទះ ជាពិសេសការលើកកម្ពស់ការអនុវត្តការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ។នៅក្នុងវេទិកានេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយផងដែរ ដោយ​បានចែករំលែកបទពិសោធ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា​បានអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និងទាន់ពេល ដើម្បីទ្រលំនឹងសេដ្ឋកិច្ចជាតិ និងរក្សាបានភាពធន់​នៃវិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងប្រាក់ចំណូលរបស់​កម្មករ​​និយោជិត​​ក្នុង​វិស័យនេះ នៅក្នុងកាលៈទេសៈនៃវិបត្តិផងដែរ។ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តជំរុញការលើកកម្ពស់​លក្ខខណ្ឌការងារដែលកម្ពុជាបានផ្សារភ្ជាប់ជាមួយការធ្វើពាណិជ្ជកម្មអន្តរជាតិ និង​ជា​លក្ខ​ខណ្ឌដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិត​ផល​ធ្វើ​ដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវសង្គម (CSR)៕

មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជាធ្វើបទអន្តរាគមន៍ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពី បម្រែបម្រួល​អាកាសធាតុរបស់ AIPA នៅហ្វីលីពីន

2026/02/12 12:30:18 pm        116
ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសនិងថ្លែងបទអន្តរាគមន៍ក្នុងពិធីប្រកាសបើកជាផ្លូវការនូវ «កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុ សម្រាប់សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA)» នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ពិធីបើកកម្មវិធីកម្រិតតំបន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Maria Rachel J. Arenas ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាហ្វីលីពីននិងឯកឧត្តម បណ្ឌិត ចែម វិឌ្យ៉ា អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។ វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសភានៃសាធារណរដ្ឋហ្វីលីពីន និង អន្តរសភា អាស៊ាន(AIPA) ដោយមានការគាំទ្រពីមូលនិធិ Tara Climate Foundation។កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុមានគោលបំណងពង្រឹងសមត្ថភាពដល់សមាជិកសភាក្នុងតំបន់អាស៊ាន លើការរៀបចំច្បាប់ និងគោលនយោបាយឆ្លើយតបនឹងវិបត្តិអាកាសធាតុនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង។គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងវគ្គបណ្តុះបណ្តាលសភាស្តីពី «នីតិប្បញ្ញត្តិ និងវិធានការគោលនយោបាយដើម្បីបង្ការ និងប្រឆាំងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗសម្រាប់គោលបំណងភេរវកម្ម» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។តាមរយៈវត្តមានរបស់ឯកឧត្តមបណ្ឌិត លី ឆេង ក្នុងព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្ម និងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាពិសេសស្ថាប័នរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ចាប់ពីវិបត្តិប្រែប្រួលអាកាសធាតុ រហូតដល់សន្តិសុខបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌអាស៊ាន និងសកលលោក៕

អ្នកជំនាញ៖ ការដោះដូរពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ​នឹងបន្តហក់ឡើង​ ខណៈរដ្ឋាភិបាល​កំពុងត្រៀមខ្លួន​ទប់ទល់ផលប៉ះពាល់

2026/02/12 12:25:30 pm        95
អ្នកជំនាញ រំពឹងថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឆ្នាំ២០២៦ នឹងបន្តហក់ឡើង ខណៈកម្ពុជាបាននិងកំពុងពង្រឹងខ្លួន និងត្រៀមលក្ខណៈសមស្របទប់ទល់នឹងផលប៉ះពាល់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព តាមរយៈការពង្រឹងទាក់ ទាញការរវិនិយោគ និងពង្រីកទីផ្សារបន្ថែមជាដើម។ ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធីគាំទ្រកំណើនតាម វិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅសម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹង ទុក ដែលមានកំណើនយឺតនិងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ ជាពិសេសការបន្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្មនិងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមិនមានភាពប្រាកដប្រជា។ តាមរយៈការដាក់វិធានការខាងលើ, លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ថ្លែងថា តាមទស្សនវិស័យ សេដ្ឋកិច្ចសកលឃើញថា នៅតែបន្តហ៊ុមព័ន្ធដោយហានីភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ ដែលធ្វើឱ្យចលនាកំណើនសេដ្ឋកិច្ចសកល អាចថមថយ។ ចំណែកសម្រាប់កម្ពុជាគឺបានបំពេញកាតព្វកិច្ច ត្រៀមខ្លួននៃការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ដោយប្រើ ប្រាស់លក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងភាពប្រកួតប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថានវិនិយោគដើម្បីទាញ ការវិនិយោគនិងធុរកិច្ចបន្ថែម ដែលនឹងហូរពីតំបន់មានជម្លោះចូលមកកម្ពុជា។ លោកបណ្ឌិត បន្ថែមថា ជាក់មកដល់ពេលនេះ ចលនា នៃសកម្មភាពអាជីវកម្មក្នុងស្រុកបាននិងកំពុងកើតឡើងយ៉ាងផុលផុស ស្របពេលពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៦នេះ បានបង្ហាញនូវនិន្នាការកើនឡើង គាំទ្រដល់ការរីកលូតលាស់ក្នុងសេដ្ឋកិច្ច។ជុំវិញកំណើនសេដ្ឋកិច្ចនេះដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម លើកឡើងថា ដើម្បីកសាងជាតិមួយ អ្នកនយោបាយត្រូវមានទស្សនៈវិស័យ និងចក្ខុវិស័យមិនក្រោម៥០ឆ្នាំ នោះឡើយ ក្នុងនោះបើមានចក្ខុវិស័យរយៈពេលខ្លី គឺមិនអាចកសាងប្រទេសបានតាមការរំពឹងទុកឡើយ ជាក់ស្តែងការដាក់ចេញនូវ ចក្ខុវិស័យឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅជំរុញកសាងជាតិឱ្យរីកចម្រើនទៅមុខ និងជាប្រទេស មានចំណូលខ្ពស់ ហើយប្រសិនសម្រេចបានតាមការគ្រោងទុក អ្វីៗទំាងអស់និងដើរតាមនោះផងដែរ។យោងតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កម្ពុជាមានការចាំបាច់ទប់ទល់នឹងផលប៉ះពាល់ពីកត្តាខាងក្រៅប្រទេស មានជាអាទិ៍ ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល, ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស, រួមទាំងការរីករាលដាលនៃសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យប៉ះ ពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញជាដើម បញ្ហានេះកម្ពុជាក៏បានត្រៀមជាស្រាច់ផងដែរ។ចំណែកការធ្វើពាណិជ្ជកម្មជាអន្តរជាតិ, ក្នុងខែដំបូងក្នុងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន ទំហំទឹកប្រាក់សរុបប្រមាណជាង ៦ លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ ប្រមាណជាង ២ ៣០០ លានដុល្លារប៉ុណ្ណោះ)៕ អត្ថបទ៖សុន រ៉ាឌី

អ្នកជំនាញ៖ កម្ពុជាត្រូវបង្កើនធនធនមនុស្សបន្ថែម ដើម្បីរុញសេដ្ឋកិច្ចឱ្យហក់ឡើងខ្លាំង

2026/02/12 12:16:37 pm        187
អ្នកជំនាញថា ដើម្បីរុញសេដ្ឋកិច្ចឱ្យហក់ឡើងកាន់តែខ្លាំង កម្ពុជាត្រូវបង្កើនធនធនមនុស្ស​ឱ្យបានច្រើន ដែលជាលក្ខខណ្ឌចាំបាច់មិន អាចខ្វះបាន គឺត្រូវដើរឱ្យទាន់នូវរបត់ថ្មីៗក្នុងតំបន់ និងពិភលោក ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស នេះថា ជុំវិញបញ្ហាសង្គម-សេដ្ឋកិច្ចនេះឃើញថា កម្ពុជាគឺដល់ម៉ោងប្រឹងរស់ដោយខ្លួនឯង ផលិតខ្លួនឯង តាមរយៈការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើតតម្លៃបន្ថែម ដើម្បីអភិវឌ្ឍន៍ប្រភពកំណើនបន្ថែម ក្នុងវិស័យគន្លឹះដែលមាន ស្រាប់ និងការអភិវធឌ្ឍថ្មីៗនៃកំណើន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន ការពង្រីកភាពធន់នឹងវិបត្តិ និង ការគាំទ្រផលិតផលផលិតក្នុងស្រុក។ឧកញ៉ាបណ្ឌិត បន្តថា អ្វីៗកើតឡើងពីមនុស្ស ដូច្នេះការអភិវឌ្ឍមូលធនមនុស្សគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ក្នុងនោះមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាព គឺជាទ្រព្យសកម្ម សម្រាប់បង្កើនតម្លៃ សេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពរយៈពេលវែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឧកញ៉ាបណ្ឌិត បានអំពាវដល់យុវជននៅក្នុងស្រុក ឬអ្នកធ្វើកម្មករក្រៅប្រទេស ត្រូវអភិវឌ្ឍន៍ចំណេះដឹងបន្ថែម ជាពិសេសការពង្រឹងជំនាញ ខណៈដែល រាជរដ្ឋាភិបាលមកដល់ពេលនេះ បាននិងកំពុងជំរុញបណ្តុះបណ្តាលជំនាញ នឹងយុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ខណៈដែល កម្ពុជាស្ថិតក្នុងរបត់ថ្មីប្រឹងដោយខ្លួនឯង ដើម្បីលើកកម្ពសសេដ្ឋកិច្ចជាតិររបស់ខ្លួន។ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអឺអូ លើកឡើងថា ប្រទេសដែលមានការរីកចម្រើនខ្លាំង គឺប្រទេសនោះ មានធនធានមនុស្សប្រកបដោយសក្តានុពល, ក្នុងនោះស្ថាប័នមួយ ឬក្រុមហ៊ុនមួយដែលខ្លាំង ក៏វាអាស្រ័យទៅលើគុណភាពរបស់បុគ្គល ម្នាក់ៗ, ចំណែកប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ក៏ត្រូវការចូលរួមចំណែកពីប្រជាពលរដ្ឋ និងការរូបរួមគ្នា ជាពិសេសសហគ្រិនដែល ជាអ្នកធ្វើធុរកិច្ចនេះផ្ទាល់។ទាក់ទិនការអភិវឌ្ឍមូលធនមនុស្សនេះ, រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ នឹងជំរុញអភិវឌ្ឍន៍មូលធនមនុស្ស ជាលក្ខខណ្ឌចាំបាច់ សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ដោយក្នុងនោះមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋ កិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មី សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការណ៍នេះបានបង្ហាញថា ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងការកើនឡើងនៃតម្រូវការ សង្គមសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកំពុងសម្រួលដល់អាជីវកម្មអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2026/02/12 12:05:06 pm        139
ដោយបច្ចេកវិទ្យាកាន់តែទំនើប អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ មាន​ចំនួនកាន់តែច្រើន បានប្រើប្រាស់ QR code ដើម្បីស្គេន ទូទាត់ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​ជា​មួយ​ទូរសព្ទ​ស្មាតហ្វូត ក្នុងការដោះដូរទំនិញនៅលើទីផ្សារប្រចាំថ្ងៃរបស់ពួកគាត់។ ក្រុម​អ្នក​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល គឺ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ក្នុង​ចំណោមអតិថិជនរបស់ពួកគាត់ ព្រោះលឿន រហ័ស សុវត្ថិភាពនិងអាចទុកចិត្តបាន។ក្រុម​អាជីវករ លក់ដូរនៅផ្សារធំថ្មី រាជធានីភ្នំពេញ ប្រាប់ BTV ថា អតិថិជនរបស់ពួកគាត់ទាំងខ្មែរ និ​ង​ជនបរទេស គឺនិយមបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកគឺ ស្គេន QR code ជាមួយទូរស័ព្ទដៃ ដែល​មាន​ងាយស្រួលលឿនរហ័ស មានសុវត្ថិភាព និងអាចទុកចិត្តបាន។ ពួកគាត់ សង្កេត​ឃើញ​ថា ​អតិថិជនភាគច្រើនបានទូទាត់ទំនិញជាប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ ដែលនេះបង្ហាញថា ប្រជា​ពលរដ្ឋខ្មែរ បានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងទីផ្សារ ស្រប​តាម​គោល​នយោបាយរបស់ធនាគារជាតិ នៃកម្ពុជា។បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា គិត​មកដល់ពេលនេះ ធនាគារ របស់លោក បានបើកគណនីធនាគារជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កើន​ដល់ប្រមាណ ៤ម៉ឺននាក់ ដែលមានន័យពួកគាត់ អាចប្រើ​ប្រាស់​សេវា​កម្ម​តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់​ប្រភេទ​ធនាគារ ក្នុងការ ទូទាត់ប្រាក់ បង់ប្រាក់ និងផ្ទេរប្រាក់ ជាដើម។របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារ ជាតិ នៃកម្ពុជា (NBC) បានបង្ហាញថា ប្រតិ​បត្តិ​ការ​​ផ្ទេរ​ប្រាក់ និងទូទាត់ប្រាក់ ដែលធ្វើឡើង តាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង (បើ​ធៀប​នឹង​ឆ្នាំ២០២៤) ដល់ជាង ១ ៣០០ លានប្រតិបត្តិការ គិតត្រឹមឆ្នាំ២០២៥។ ក្នុងនោះ ប្រតិបត្តិ​ការ​ប្រាក់រៀល តាមប្រព័ន្ធបាគង បានកើនដល់ជាង ៧៧១ លានប្រតិបត្តិការ និងប្រតិ​បត្តិការ​ប្រាក់​ដុល្លារអាម៉េរិក កើនដល់ជាង ៥៥៤លានប្រតិបត្តិការ៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាស្នើប្រេស៊ីលពិនិត្យលទ្ធភាពផ្គត់ផ្គង់ទាំងធាតុចូល និង​បច្ចេកទេស​ ដើម្បី​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​របស់កសិករ

2026/02/12 11:50:48 am        211
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួល​ជួប​ជា​មួយ​លោក​ជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម​។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បាន​សម្តែង​ការ​ស្វាគមន៍​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បំពេញបន្ថែមគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយ​ចន្ទី ​ជាដើម ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេច​ខ្ចប់ ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹក​ចិត្ត​ភាគី​ប្រេស៊ីល​ពិនិត្យ​លទ្ធភាព​ផ្គត់​ផ្គង់​ធាតុ​ចូល​កសិកម្ម​ និងបច្ចេកទេសកសិកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជួយកសិករ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម និងមាននិរន្តរភាពសេដ្ឋកិច្ច។តាមរយៈ​កិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ សំដៅ​ជំរុញ និងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេស​ការ​បង្កើន​នូវ​ទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន បន្តនាំគ្នាទៅកាត់ឆុង ដើម្បីរំដោះគ្រោះចង្រៃ និង​បួងសួង​សុំសេចក្តីសុខ

2026/02/12 11:38:06 am        145
ប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយកាត់ចិន បានបន្តនាំគ្នាទៅកាត់ឆុង ដើម្បីរំដោះគ្រោះ​ឧបទ្រប់​ចង្រៃ និងអ៊ុចធូបសពះបន់ស្រន់បួងសួងសុំសេចក្តីសុខចម្រើន ។ ជារៀងរាល់ឆ្នាំ ឱ្យតែគៀកចូលដល់រដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គេ​តែង​សង្កេត​ឃើញ​មាន​បង​ប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិនជាច្រើន តែងបាននាំគ្នាយកគ្រឿងដង្វាយផ្សេងៗ យក​ទៅ​សែន​ព្រេន ដើម្បីកាត់គ្រោះនៅទីសក្ការះ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពលរដ្ឋខ្សែស្រឡាយចិនលើកឡើងថា  នេះជា​ការ​សែន​ព្រេន​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ដូនតា ​តាមបែបសាសនាប្រពៃណីចិន ដែលជាការសែនព្រេនកាត់ផ្តាច់នូវគ្រោះចង្រៃចោល និង​តប​សង​មក​វិញ​នូវរឿងល្អៗចូលមកក្នុងជីវិត ទាំងការរស់នៅ ការប្រកបកិច្ចការងារ រួម​ទាំង​ការ​រក​ស៊ី​ទទួល​ទាន​ជាដើម។ សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល០៤ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មាន​ឈាម​ជ័រ​ជាប់ខ្សែ​ស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តី​សុខ​សប្បាយ ​និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណះគ្រួសាររៀងៗខ្លួន ៕ អត្ថបទ ៖ លីហេង 

ជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា​ពាក់ព័ន្ធករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

2026/02/12 11:27:00 am        202
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្ត​ធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM