ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៩,២៩% គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦

2026/02/11 02:13:46 pm        397
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ សន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារ ឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។ គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ៕

គ្រូបង្រៀន និងអាណាព្យាបាលប្តេជ្ញាអប់រំកុមារថ្នាក់មត្តេយ្យសិក្សាឱ្យក្លាយជាសិស្សពូកែ

2026/02/11 02:10:24 pm        217
គ្រូបង្រៀន និងអាណាព្យាបាល ប្តេជ្ញា​ខិតខំ​អប់​រំ​កុមារ​រៀន​នៅ​ថ្នាក់​មតេយ្យ​សិក្សា​ឱ្យ​ក្លាយ​ជា​សិស្សពូកែ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅពេលពួកគេធំៗឡើង។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ បានប្រាប់ BTVឲ្យដឹងថា ការអប់រំកុមារពីថ្នាក់មតេយ្យសិក្សាឡើងទៅ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់​កសាង​មូលធនមនុស្សនៅពេលអនាគត ដើម្បីឲ្យប្រទេសជាតិរីកចម្រើន។ ដូច្នេះ​ក្នុង​នាម​ជា​គ្រូ​បង្រៀននឹងប្តេជ្ញា​ខិតខំប្រឹងប្រែងអប់រំកុមារនៅថ្នាក់មតេយ្យសិក្សាឲ្យរៀនពូកែ ស្រប​ទៅ​តាម​អនុសាសន៍​ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បាន​ណែ​នាំ​ឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនលទ្ធភាពតាមគ្រប់រូបភាព ដើម្បី​បណ្តុះ​បណ្តាល​សិស្ស​ពូកែ រាប់ចាប់តាំងពីកម្រិត មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។អាណា​ព្យាបាលបានលើកឡើងថា ជារៀងរាល់ថ្ងៃ នៅពេលទំនេរពីការងារ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អប់រំកូនៗ ដូចជា ឱ្យមើលសៀវភៅ និងលំហាត់ដែលលោកគ្រូ អ្នកគ្រូដាក់ឲ្យធ្វើ ជាដើម។កូន​សិស្ស​បានប្តេជ្ញាប្រឹងប្រែងរៀនសូត្រតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូដូចជា អាន ស្តាប់ សរសេរ និងធ្វើលំហាត់គណិតវិទ្យាផងដែរ។ លើសពីនេះ សិស្សទាំងនោះ បាន​អរគុណ​ដល់​លោក​គ្រូ ​អ្នកគ្រូដែលបានលះបង់កម្លាំងកាយចិត្តបង្រៀន និងអប់រំ ដល់ពួកគេ។គួរ​បញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺជាគោលដៅឤទិភាពមួយរបស់រាជរដ្ឋាភិបាល ដែ​ល​បាន​កំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះ ចំនួន​៥​រួម​មាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕ អត្ថបទ៖ ទូច សោភ័ណ 

កម្ពុជាស្នើសុំ UN បន្តផ្តល់ការគាំទ្រ សម្រាប់ការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

2026/02/11 01:59:49 pm        263
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការរៀបចំក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រាប់ចក្ខុវិស័យរយៈពេលវែង។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សា ការងារជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំ នៅកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី នៅកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបានជម្រាបជូនអំពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម និងកិច្ចអន្តរាគមរបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងដាក់ចេញក្រោមក្របខ័ណ្ឌ កម្មវិធីគាំពារសង្គម និងវិធានការដោះស្រាយបន្ទាន់ជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ជនភៀសសឹកប្រមាណជាង ៤ ០០០ គ្រួសារទៀត ដែលមិនទាន់អាចត្រលប់ទៅ លំនៅឋានវិញ ត្រូវបានរាជរដ្ឋាភិបាលកំពុងផ្តោតលើការរៀបចំប្រែក្លាយជំរំ ទៅជាជម្រកបណ្តោះអាសន្ន និងរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ជាមួយនឹងការជំរុញការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗទៀត សម្រាប់ការគាំទ្ររយៈពេល មធ្យម និងវែង ដើម្បីឈានទៅស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់។ រាជរដ្ឋាភិបាលក៏បានទទួលជំនួយ មនុស្ស ធម៌ និងហិរញ្ញប្បទានឥតសំណងពីមិត្តចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ជំនួយនេះ សម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាត ដោយសារសង្គ្រាមឡើងវិញក្នុងពេលខាងមុខនេះ។ ជាមួយគ្នានេះ, សម្រាប់ប្រជាពលរដ្ឋ ខ្មែរ ដែលធ្វើការនៅប្រទេសថៃ ហើយវិលត្រលប់មកកម្ពុជាវិញជាង១លាននាក់, រាជរដ្ឋាភិបាលបាននិងកំពុងបន្តជួយពលរដ្ឋរក ការងារធ្វើក្នុងស្រុក ឱ្យបានឆាប់តាមរយៈការផ្គូរផ្គង, កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមទាំង Up-Skilling និង Re-Skilling, ការបង្កើតមុខរបរខ្នាតតូច, រួមទាំងកម្មវិធីជំនួយជាច្រើនផ្សេងទៀតក្នុងការគាំទ្រ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការអភិវឌ្ឍ រយៈ ពេលមធ្យម និងវែងរបស់កម្ពុជា និងបានស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច, ការពង្រឹងប្រព័ន្ធគាំពារសង្គម, ការរៀបចំ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិកៀរគរធនធានពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់ចក្ខុវិស័យរយៈពេលវែង។លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបញ្ជាក់ថា អង្គការសហប្រជាជាតិ តាមរយៈ UNDP, ត្រៀមខ្លួនជានិច្ចក្នុង ការបន្តផ្តល់ការគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ជាមួយនឹងការបន្តកិច្ចសន្ទនាគោលនយោបាយ សំដៅជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ-ការឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព ។ លោកស្រី នឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការកៀរគរជំនួយ មនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

យុវជនបោះបង់ការសិក្សាសាលាចំណេះទូទៅ ងាកមកបន្តរៀនជំនាញវិជ្ជាជីវៈ

2026/02/11 01:55:47 pm        500
នៅសាលាបច្ចេកទេស និងជំនាញវិជ្ជាជីវៈTVET នៅខេត្តកណ្តាល មកដល់បច្ចុប្បន្ន មានយុវជន បោះបង់សិក្សានៅតាមសាលារៀនចំណេះទូទៅនានា បានងាកមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ តាម​រយៈ កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូន​យុវជន ១​លាន​៥​សែននាក់ ហើយក្រុមយុវជនទាំងនេះ បានបង្ហាញពីចំណចង់ចំណូលចិត្ត ប្តេជ្ញា​បន្ត​រៀន​ជំនាញ​វិជ្ជា​ជីវៈរបស់គេឱ្យ ដល់កម្រិតខ្ពស់ ជាពិសេសកម្រិតវិស្វករ។យុវជនកំពុងសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បាន​ប្រាប់​BTV នៅថ្ងៃទី១១ ខែកុម្ភៈ នេះថា ពួកគេពិតជាអរគុណរាជរដ្ឋាភិបាលជាខ្លាំង ដែល​បាន​បង្កើត សាលាTVET ផ្តល់ឱកាសឱ្យយុវជនបោះបង់ការសិក្សានៅសាលាចំណេះទូទៅ បាន​ចូល​រៀន​សូត្រ​ជំនាញ វិជ្ជាជីវៈ ដើម្បីឆាប់មានការងារធ្វើ។ចំណែក​អាណិកជនខ្មែរមកពីសហរដ្ឋអាម៉េរិក លោក វណ្ណៈ ពៅ ពេញចិត្តចង់បានជំនាញ វិជ្ជាជីវៈ កម្រិតសញ្ញាបត្រC1 ដែលជាក់ស្តែងបច្ចុប្បន្ន លោក​មាន​បទ​ពិសោធន៍​ចំណេះ​ជំនាញ​ការ​ងារ​ពីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកមិនទាន់ចេះជំនាញជួសជុលបរិក្ខារត្រជាក់ ដូច​នេះ​លោក​ត្រូវ​រៀន ​ដើម្បីត្រៀម ធ្វើការងារ និងការបង្កើតមុខរបរអាជីវកម្មផ្នែកបរិក្ខារត្រជាក់នៅកម្ពុជា។នៅ​ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ និងការប្រឡងសញ្ញាបត្រសញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈ កម្រិត៣ កាលពីម្សិលមិញ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំង​ពី​ដើម​អាណត្តិ​ទី៧មក បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សហការជំរុញ ការអនុវត្តគន្លង​ការ​សិក្សា​តម្រង់​ទិស​អាជីព​ជូន​យុវជន​ទៅ​ថ្ងៃ​អនាគត ហើយការតម្រង់ទិសនោះ អាចឱ្យ សិស្សថ្នាក់ទី៩ ទី១០ ឡើងទៅ ចាប់អាជីព​ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស នៅតាមបណ្តាសាលា បណ្តុះបណ្តាលបច្ចេកទេស និង​ជំនាញ​វិជ្ជា​ជីវៈ ​TVET ដើម្បីធានាប្រសិទ្ធភាពបង្កើនចំណេះដឹង សមត្ថភាពជំនាញ ឱ្យ​ស្រប​តាម​តម្រូវ​ការ​ការងារ ក៏ដូចចំណង់ចំណូលចិត្តរបស់យុវជន៕ អត្ថបទ៖ ស៊ុម សុខជា 

ថ្ងៃសែនដកជើងធូប ពលរដ្ឋខ្មែរកាត់ចិននាំគ្នាទិញរណ្តាប់សែនព្រេន ទោះមាន​និន្នាការ​កាត់​បន្ថយ​ចំណាយ​បន្តិច

2026/02/11 01:45:02 pm        265
នៅថ្ងៃសែនដកជើងធូប ត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅដើមសប្ដាហ៍ក្រោយនេះ ពលរដ្ឋ​ខ្មែរ មានសែស្រឡាយចិនបាននាំគ្នាទិញគ្រឿងរណ្តាប់សែនព្រេននៅតាមបណ្តាផ្សារ និង​កន្លែង​លក់​ដូរនានាបើទោះឆ្នាំនេះមាននិន្នាការនៃការបន្ថយចំណាយរបស់ពួកគេក្ដី។ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី លោក ឡយ ស៊ាងអាង បានឱ្យដឹងថា ទន្ទឹម​នឹង​ការ​មក​ទិ​ញអីវ៉ាន់ ទំនិញ ម្ហូបអាហារ និងគ្រឿងរណ្តាប់សែន កាន់តែច្រើនឡើងជាប្រចាំថ្ងៃនោះ គណៈ​កម្មការផ្សារ បាន បង្កើនការយកចិត្តទុកដាក់ តាមរយៈការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់​ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អ ប្រសើរជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវ ។អាជីវករ​លក់ជ្រូកខ្វៃ និងគ្រឿងរណ្តាប់សែននានា ក្នុងផ្សារអូរឫស្សី បានឲ្យដឹងថា ក្នុង​ថ្ងៃ​សែន​ដក​ជើង​ធូប ​តាមប្រពៃណីបុណ្យចូលឆ្នាំចិននេះ ប្រជាពលរដ្ឋកាត់ចិនជាច្រើន នៅតែបន្ត​ការ​អញ្ជើញ​មក​ទិញ​ មិនខុសពីឆ្នាំ មុន ដែរ តែមានការកត់សម្គាល់នៃការបន្ថយការចំណាយរបស់ពលរដ្ឋ។ ចំពោះ​តម្លៃ​ទំនិញ ពុំត្រូវបានដំឡើងនោះទេ។ គួរបញ្ជាក់ថា បុណ្យសែនចូលឆ្នាំចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ​ ដែលជាពេលវេលា ដែលបងប្អូនខ្មែរកាត់ខ្សែស្រឡាយសិន តែងតែចាត់ទុកជាថ្ងៃសំខាន់ ក្នុង​ការ​រៀបចំសែនព្រេន ជូនជីដូនជីតា ដើម្បីសុំលាភពរជ័យ និងសេចក្តីសុខចម្រើន ទាំងការ​រក​ស៊ី​ទទួល​ទាន និងការរស់នៅ៕ អត្ថបទ៖ លីហេង 

ក្រសួងអប់រំ៖ ចំនួនសិស្សចូលរៀនកើនឡើងគ្រប់កម្រិតសិក្សា​ សម្រាប់រយៈពេល​១០ឆ្នាំ​ចុងក្រោយនេះ

2026/02/11 01:29:53 pm        270
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើងនៅ​ក្នុងឱកាសសន្និបាតបូកសរុបការងារក្រសួងនៅថ្ងៃនេះថា ចំនួនសិស្ស​ចូលរៀនក្នុង​រយៈ​ពេល​១០ឆ្នាំមកនេះមានការកើនឡើងគ្រប់កម្រិតសិក្សា ចាប់រាប់ពីការអប់រំកុមារតូច រហូត​ការ​អប់រំ​កម្រិត​ឧត្តមសិក្សា។ នាឱកាសសន្និបាតបូកសរុបការងារក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រសួងអប់រំ សម្រេចបាន​ក្នុង​រយៈ​ពេល១០ឆ្នាំមកនេះ។ ក្នុងចំណោមសមិទ្ធផលទាំងនោះ ឯកឧត្តមក៏​បានបញ្ជាក់​ពីការ​កើន​ឡើង​នៃចំនួនសិស្សចូលរៀនជាបន្តបន្ទាប់គ្រប់កម្រិតសិក្សាផងដែរ។ឯកឧត្តមលើកឡើងថា សម្រាប់ការអប់រំកុមារតូច អាយុ៣ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុង ពេល ១០ឆ្នាំ កន្លងមក។ កុមារអាយុ​៣ទៅ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៤៤ម៉ឺន​នាក់នៅ​ឆ្នាំសិក្សា​២០២៥​-២០២៦។ ចំពោះអត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ឆ្នាំ បានកើនឡើងពី ៦១,៤% កើនដល់ ៧៧,៩% ។ចំពោះការអប់រំនៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងជាលំដាប់។ អត្រានៃការ សិក្សា​នៅបឋមសិក្សាបានកើនពី ៩៧,៩% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ១០១,៦% នៅឆ្នាំ​សិក្សា ២០២៥-២០២៦។ ជាមួយនេះ ចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន ៨ម៉ឺន នាក់​នៅ​ឆ្នាំសិក្សា២០១៤-២០១៥ ដល់ ២ លាន ២សែន ៥ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៥-២០២៦។សម្រាប់ការចូលរៀននៅមធ្យមសិក្សាបឋមភូមិមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ អត្រា​រួមនៃ ការសិក្សានៅមធ្យមសិក្សាបឋមភូមិកើនពី ៥៥,១% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៧៩% នៅឆ្នាំសិក្សា ២០២៥-២០២៦។ សិស្សមធ្យមសិក្សាបឋមភូមិបានកើនពី ៥សែន ៥ ម៉ឺននាក់ ដល់ ៧សែន២ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិក៏បានកើនពី ៤២% ដល់ ៦៣.៦% ។ការចូលរៀននៅ​មធ្យមសិក្សាទុតិយភូមិមានវឌ្ឍនភាពប្រសើរឡើងផងដែរ ដោយអត្រារួម នៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិកើនពី ២៥,៣% នៅឆ្នាំសិក្សា ២០១៤-២០១៥ ដល់ ៤៦,៦% នៅឆ្នាំសិក្សា២០២៥-២០២៦។ សិស្សមធ្យមសិក្សាទុតិយភូមិបានកើនពី ២សែន៩ម៉ឺននាក់ ដល់ ៤សែន៥ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិបាន កើនពី ២០,៩% ដល់ ៤១,៧% ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងដែរថា និស្សិតសិក្សានៅកម្រិតឧត្តមសិក្សាក៏បានកើនឡើងពី ២៥ម៉ឺននាក់នៅ ១០ឆ្នាំមុន ឡើងមកដល់ ៣២ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅឧត្តមសិក្សា (អាយុ ១៨ ដល់ ២២ឆ្នាំ) កើនពី ៩,៩% ដល់ ១៩%៕ អត្ថបទ៖ គឹមហុក   

កម្មវិធីអន្តរាគមន៍ សម្រាប់គ្រួសារភៀសសឹកដែលវិលទៅលំនៅឋានវិញ នឹង​អនុវត្ត​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ

2026/02/11 01:17:46 pm        278
រាជរដ្ឋាភិបាលកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៦នេះ នឹងអនុវត្តការអន្តរាគមន៍ ជួយ​ដល់​ពលរដ្ឋភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ។ ការអន្តរាគមន៍ ពីរាជរដ្ឋាភិបាល​នេះ ​រួម​មានការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជា​ប្រក្រតីឡើងវិញ។នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ចន ណារិទ្ធ ជាប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ បានបន្ដដឹកនាំក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋា​រច​នា​សម្ព័ន្ធ​ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ ក្នុងគោល​បំណង​ត្រៀម​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹក​ដែល​បាន​វិល​ត្រលប់​ទៅ​លំ​នៅ​ឋាន​វិញ នៅតាមបណ្ដាខេត្ត​ដែលរង​ផល​ប៉ះពា​ល់​ពី​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​នា​ពេល​កន្លង​មក​ ឱ្យបានទាន់ពេលស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, មូល​និធិជាតិជំនួយសង្គម, និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្តទាំងពីរ។ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​ពាក់ព័ន្ធនឹងការគិតគូរអំពីអន្តរាគមន៍ចាំបាច់មួយចំនួនសម្រាប់ក្រុមគ្រួសារពលរដ្ឋ ដែល​មិន​ទាន់​អាចត្រលប់ទៅលំនៅឋានវិញ ផងដែរ។ស្របពេល​ជា​មួយគ្នានេះ, ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានចាត់បញ្ជូន​ក្រុម​ការងារ​បច្ចេក​ទេស​របស់អគ្គ​លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលក្រុង-ស្រុក នៅតាមបណ្ដាខេត្តផ្សេងទៀតដែលរងផលប៉ះពាល់ ដើម្បីជំរុញ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​សម្រាប់​ជា​មូល​ដ្ឋានរឹងមាំ ក្នុងការអនុវត្តកម្មវិធីអន្តរាគមន៍នេះ ឱ្យចំគោលដៅនិង​មាន​ប្រសិទ្ធ​ភាពខ្ពស់​។អន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋដែលបានវិលត្រលប់ទៅលំនៅឋានវិញ នឹងត្រូវ​ដាក់​ឱ្យ​អនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦នេះ រួមមានការស្ដារជីវភាព និងការ​ជួស​ជុល​លំ​នៅ​ឋាន ព្រមទាំងការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​ដែល​រងការ​ខូច​ខាត​ក្នុង​មូល​ដ្ឋាន​នីមួយ​ៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញ៕ អត្ថបទ៖ គឹម ហុក

មន្ត្រីជំនាញ នៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ចុះពិនិត្យ​ដំណើរការ​នៃការ​ធ្វើជំរឿន​មន្ត្រី​ដោយផ្ទាល់ ដើម្បីត្រៀមធ្វើជំរឿនមន្ត្រីតាមបណ្តាខេត្តនាពេលខាងមុខ

2026/02/11 01:09:26 pm        231
ដើម្បីឱ្យដំណើរការនៃការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមបណ្តាខេត្ត ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមន្ត្រី និងប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត» ជូនដល់មន្ត្រីជំនាញនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥។ផ្សារភ្ជាប់ទៅនឹងវគ្គបណ្តុះបណ្តាលនេះ គណៈកម្មការជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំឱ្យមន្ត្រីជំនាញដែលជាសិក្ខាកាមទាំងអស់ ចុះពិនិត្យដំណើរការនៃការធ្វើជំរឿននៅទីតាំងដោយផ្ទាល់ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ជាទីតាំងមួយដែលគណៈកម្មការជំរឿន កំពុងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែងនៃសាលារៀនគោលដៅដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានផ្តល់ជូនមន្ត្រីជំនាញទាំងអស់ យល់ដឹងពីដំណើរការប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធធ្វើជំរឿនមន្រ្តី តាមរយៈបទបង្ហាញរបស់ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈ រួមទាំងការអនុវត្តដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ប្រកបដោយភាពរលូន ឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព៕

ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ ខណៈជាង៨ម៉ឺននាក់កំពុងបន្តស្នាក់នៅមណ្ឌលភៀសសឹក

2026/02/11 12:47:47 pm        294
ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពហើយដែលមិនទាន់អាចវិលត្រឡប់​ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃព័ទ្ធរបងលួស ឬទូរកុង​តឺន័រ​ដើម្បី​រារាំង​ឃាំង​ដំណើររបស់ពួកគេនោះ មិនត្រឹមតែទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការ​អន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និង​ផ្តល់​ការគាំទ្រទាំងសម្ភារៈ និងស្មារតី។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅ​ដល់​មណ្ឌល​ជនភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយមានជ័យនិង បានសម្តែងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយ​បាន​ផ្តល់​ការ​គាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​ប្រាប់​បង​ប្អូន​ជន​ភៀស​សឹកថា ពួកគេមិននៅឯកការទេ ពោលគឺសហភាព​អឺរ៉ុប​នៅ​ជាមួយ​និង​ជួយ​គាំទ្រ​ពួក​គេ​ជា​និច្ច។ នេះជាសារដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូច​ជា​ប្រទេស​កម្ពុជាទាំងមូល និយាយជារួម។ ឯកឧត្តមបន្តថា វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ និងអ្នកសារ​ព័ត៌មាន​បរទេស រួមទាំងអ្នកសង្កេតការណ៍អាស៊ាន(AOT) ផង ដែលបានទៅ​ឃើញ​ស្ថានភាព​ជាក់​ស្តែង​នៅ​តាមព្រំដែន ក៏ដូចជាស្ថានភាព​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែក​ដែល​បាន​ដឹង​លឺ​និង​កត់​ត្រាអំពី​ការ​ពិត​ដែល​កើត​ឡើង​នៅ​តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ សកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​អន្តរជាតិ​ពី​សំណាក់​កង​ទាហាន​ថៃ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដឹង​លឺ​យ៉ាង​ទូលំ​ទូលាយ។ ឯកឧត្តម ប៉ែន បូណា រម្លឹកជូនថា បណ្តាប្រទេសជាមិត្តទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ បាន​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​តាំង​ពី​ការ​ចាប់ផ្តើមដំបូងនៃសង្គ្រាមទន្ទ្រានឈ្លានពាន​ទឹក​ដី​ពី​សំណាក់​កង​ទ័ព​ថៃ​កាលពីខែកក្កដា ឆ្នាំ ២០២៥ មកម៉្លះ។ ជាក់ស្តែង បទឈប់បាញ់ទាំងពីរលើក គឺ​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និង ២៧ ធ្នូ ២០២៥ ក៏ដូចជា​សេចក្តី​ថ្លែងការណ៍​រួមស្តីពីកិ​ច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ សុទ្ធតែកើតឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយ​ជ្រោម​ជ្រែង​ពេញ​ទំហឹង​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន​និងម៉ាឡេស៊ី​ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀង​ទាំង​នេះ​ក៏​បានទ​ទួល​ការ​សាទរពី​បណ្តា​ប្រទេ​សជា​មិត្ត​គ្រប់​ទិស​ទី​ដោយ​ពួក​គេបាន​និង​កំពុ​ង​ប​ន្ត​ជំរុ​ញ​ឱ្យ​ភាគីទាំងពីរគោរព និង​អនុវត្ត​ឱ្យបានម៉ឺងម៉ាត់​បំផុត​នូវ​ការ​ដោះ​ស្រាយប​ញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាង​ដាច់​ខាត​ការ​ប្រើកម្លាំង។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋភៀសសឹក និយាយ​ដោយ​ឡែក និងប្រទេសកម្ពុជាទាំងមូល និយាយជារួមកំពុងស្ថិតក្នុងក្រសែ​ភ្នែក​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ពីសហគមន៍តំបន់ និងអន្តរជាតិ ពីព្រោះការទន្ទ្រានកាន់កាប់ទឹកដី​នៃ​ប្រទេស​អធិបតេយ្យមួយដោយកម្លាំងយោធាត្រូវបានហាមប្រាមដោយធម្មនុញ្ញអាស៊ាន​ធម្មនុញ្ញអង្គការ សហ ប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដូច្នេះ ទាំងសមាគមអាស៊ាន និង​សហគមន៍​អន្តរជាតិ​មិន​អាច​ឈរ​ឱប​ដៃ​មើលការរំលោភបំពានបែបនេះឡើយ។នៅឯកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ក៏បានជម្រាបជូនប្រមុខការទូតអាស៊ានរួចហើយថា ទោះបីជាមានកា​រ​រីក​ចម្រើន​ជា​វិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាព​មួយចំនួន​ដែល​មិន​ស្របនឹ​ង​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣របស់គណៈកម្មាធិការព្រំដែនទូទៅ ជា​ពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដី។ ជាក់ស្តែង ប្រជា​ពលរដ្ឋ​ភៀស​សឹក​ជា​ច្រើន​នៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និង​សេចក្តី​ថ្លៃ​ថ្នូរបាននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិន​អាច​ចូល​បាន​ដោយ​មាន​របាំង​រារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញ។ កុមារ​រាប់​ពាន់​នាក់​នៅ​តែ​មិន​អាច​ទៅ​សាលារៀនវិញបាន។ថ្នាក់ដឹកនាំអាស៊ានក៏បានដឹងលឺអំពីបញ្ហានេះ ខណៈដែលភីលីពីន​ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៦ ក៏បានបញ្ជាក់ពីអាទិភាពនៃការបន្តតាមដាន និងសម្រប​សម្រួល​ដើម្បី​ឱ្យកា​រ​អនុវត្ត​សេចក្តី​ប្រកាស​រួមថ្ងៃទី២៧ ធ្នូ២០២៥ ប្រព្រឹត្តទៅដោយពេញលេញនិងមានប្រសិទ្ធភាព ហើយ​ភីលីពីន​ក៏​ទទួលយកតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ នេះសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តក្នុងតំបន់ និងសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និង​គាំទ្រជម្រើសរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី និង​ស្របតាមច្បាប់អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការពារ​ខ្សែព្រំ​ដែន​អន្តរជា​តិ​កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរព​គោ​ល​ការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរព​អនុ​សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​សរុប​ជាង៦​សែន​៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ​ខណៈនៅមានពលរដ្ឋចំនួន ៨៣.៥៤៦នាក់ទៀត (ស្រី្ត៤៣.៩៦៩នាក់ និងកុមារ​២៧.៦៦៧​នាក់​) ពុំទាន់អាចវិលទៅលំនៅឋានវិញបាននៅឡើយដោយសារតែយោធាថៃព័ទ្ធរបងលួស ឬ​ទូរ​កុង​តឺន័រ​ដើម្បីរារាំងឃាំងដំណើររបស់ពួកគេ និងមួយចំនួន​ជា​តំបន់​មាន​គ្រោះថ្នា​ក់​ដោយ​សារ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះពីការឈ្លានពានរបស់យោធាថៃ៕

សម្តេចប្រធានរដ្ឋសភា៖ «មហាសាមគ្គីជាតិខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជា​សក្តានុពល​សំខាន់​បំផុត​នៅ​ក្នុង​កិច្ចការពារបូរណភាពទឹកដី»

2026/02/11 11:21:15 am        288
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​ពីសារៈសំខាន់នៃកម្លំាងសាមគ្គីមហាគ្រួសារខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ថា ​ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេចបានថ្លែងអំណរគុណជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែល​បាន​រួម​ជា​ធ្លុង​មួយ​ឈរការពារ និងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុង​កិច្ច​ការ​ពារ​អធិប​តេយ្យ ​និងបូរណភាពទឹកដី តំាងពីដើមរហូតមក។សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុង​ឱកាស​សម្តេចអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពីលោកជំទាវ ឈាង គឹមស្រ៊ុន ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ នាង សុវណ្ណារី ទីប្រឹក្សា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់វីរៈកងទ័ព និង​ជនភៀសសឹករបស់យើង។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សន្ដាន​ចិត្ត​ប្រកប​ដោយ​សប្បុរស​ធម៌​របស់លោកជំទាវទាំងពីររូបក៏ដូចជា សប្បុរសជនទាំងអស់​ដែល​បាន​ចូល​រួម​បរិច្ចាគ​ធន​ធាន​ផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និង​តាម​រយៈ​ថ្នាក់​ដឹកនាំស្ថាប័ននានាក្តី ដែលនេះសុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរគោរពជាទីបំផុត ស្រប​តាម​ការ​អំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតី​មហា​គ្រួសារ​ខ្មែរ ​ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់​ថា​ទឹកចិត្ត​សប្បុរស​ទំាង​អស់​នោះបា​ន​បង្ហាញ​ពី​ការ​ជឿជា​ក់​របស់​ប្រជាពលរដ្ឋមកលើប្រមុខដឹកនាំជាន់ខ្ពស់របស់យើង គឺសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជា​អគ្គភ័ស្ដុ​ភារ និងព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចការ​ពារ​អធិ​បតេយ្យជាតិ ពីការឈ្លានពានរបស់ប្រទេសជិតខាង។សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចប្រជាពលរដ្ឋ​ជាទូទៅ​បាន​ជ្រាប​ច្បាស់​ហើយ​ពី​គោលការណ៍អាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និង​ទៅអនាគត គឺអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋ។ កិច្ច​ការ​ពារ​បូរណ​ភាទឹ​កដី​ត្រូវ​បានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិន​ទទួល​ស្គាល់​ដាច់​ខាត​ការ​កែ​ប្រែ​ខ្សែ​បន្ទាត់​ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជា​ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាម​ច្បាប់​អន្តរ​ជាតិ​ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជា​ពិសេសការចុះវាស់វែងតាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យ និងបូរណ​ភាព​ទឹក​ដី​រៀង​ៗខ្លួន ។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួម​គ្នាជា​ធ្លុង​មួយ​បានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជា​ទីបំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​គ្រា​ដែល​ប្រទេស​ជាតិ​ជួប​ការ​លំបាកនេះបានផុសឡើងនៅគ្រប់ប្រទាប់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នា​ក់​ដឹក​នាំ​រហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជាកម្លំា​ង​ចលករ​ដ៏​សំខាន់​ឈរយ៉ាងស្វាហាប់ ពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនរបស់យើង ជាខឿន​ដ៏​រឹង​មាំ​ការ​ពារ​ប្រទេស​ជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈ ជាមួយរាជរដ្ឋាភិបាល។ក្នុង​ស្មារតីសមរភូមិក្រោយគំាទ្រ និងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូល​រួម​យ៉ាង​សស្រាក់សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូន​វីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។ អំណោយ​ដែលសម្តេចប្រធានរដ្ឋសភាទទួលបាននាពេលនេះ ដែលគឺជា​អំណោយ​របស់​លោ​ក​ជំទាវ​ គឹមស្រ៊ុន មាន អង្ករផ្កាម្លិះ ចំនួន ២តោន ទឹកបរិសុទ្ធ ចំនួន ៥០កេស សាច់ក្រក ចំនួន ៥០​គីឡូក្រាម ប្រហុក ចំនួន ៥០គីឡូក្រាម។ ចំណែក អំណោយទទួលបានពីលោកជំទាវ នាង សុវណ្ណារី មានត្រីងៀត ចំនួន ៥០គីឡូ មីជាតិចំនួន ៥០ កេស និងឆៃប៉ូវចំនួន ៥០គីឡូ។ ចំពោះ​អំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បាន​ធ្វើ​ការ​បែង​ចែកជូន ដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់​ធ្វើ​ការ​បែង​ចែក​បន្ត​ជូន​វីរៈ​កងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារ​មួយ​ចំនួ​នទៀត​សម្រាប់​ចែក​ជូន​វីរ​យុទ្ធជន ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែល​បាន​ពលីជីវិតជាដើម។រដ្ឋសភាសូមអរគុណ នៅតែបន្តទទួលអំណោយសប្បុរសធម៌ ហើយនឹងធ្វើការបែងចែក អំណោយ ទាំង​នោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច រវាង​យុទ្ធ​ជន​ជួរ​មុខ ​និងពលរដ្ឋជួរក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM