និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនខ្ពស់ជាលំដាប់ ខណៈគិតត្រឹមខែមីនានេះ បាន​ចុះ​បញ្ជីសរុបកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំប្រទះឃើញ ដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹកស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា
អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង Online Scams ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់
សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងអប់រំផ្ដាំទៅយុវជនថាទន្ទឹមនឹងមានស្មារតីស្នេហាជាតិក៏ត្រូវមានសមត្ថភាពទើបប្រទេសជាតិរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខសន្តិភាព

2025/08/26 01:24:19 pm        238
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំ​បច្ចេក​ទេស​ដល់​គណៈ​មេ​ប្រយោគ​ប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ដែលប្រព្រឹត្តិទៅនៅ វិទ្យាល័យ​ព្រះស៊ីសុវត្តិ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាង​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង​មន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោក លោកស្រី គណៈមេប្រយោគ គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌលប្រឡង និងបុគ្គលិកអប់​រំ​នាយក​ដ្ឋាន​កិច្ច​ការ​ប្រឡង សរុបចំនួនប្រមាណ ៣៤១រូប។កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យនិងណែនាំពីសមាសភាព ប្រធាន អនុប្រធានមណ្ឌល និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលទទួលបន្ទុកតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ , ណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សំដៅធានាឱ្យបាននូវដំណើរការនៃការប្រឡងប្រកបដោយតម្លាភាព យុត្តិធម៌ ការគោរពតាមគោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។បន្ទាប់ពីស្តាប់របាយការណ៍ និងមតិសំណេះសំណាលរបស់ ឯកឧត្តម អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ដែលតែងតែផ្តល់នូវកិច្ចសហការប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ និងថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ និងមន្ត្រីអប់រំទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តចូលរួមក្នុងការអនុវត្តកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានលទ្ធផលល្អប្រសើរឡើងជាលំដាប់ ដោយគូសរំលេចថា ពីមួយឆ្នាំទៅមួយឆ្នាំ ភាពមិនប្រក្រតីនានាដែលកើតឡើងក្នុងដំណើរការនៃការប្រឡងបានថមថយទៅ ដែលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងប្រសិទ្ធភាព ដែលលេចចេញពីកិច្ចសហការគ្នាដ៏ល្អរបស់ភាគីពាក់ព័ន្ធទាំងអស់។ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទាញការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធនឹងករណីមួយចំនួន ដូចជា៖ (១) សូមពិនិត្យឱ្យបានច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្រងភារកិច្ចរបស់ ប្រធានមណ្ឌលសំណេរដែលត្រូវទទួលខុសត្រូវចំពោះមុខគណៈកម្មការសំណេរ និងការ ប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ និងការរៀបចំរបាយការណ៍ប្រចាំថ្ងៃ (២) ពិនិត្យមើលការប្រើប្រាស់ទូរស័ព្ទដៃក្នុងមណ្ឌលប្រឡង បង្ការការបែកធ្លាយវិញ្ញាសា កុំឱ្យមានការចម្លង ពង្រឹងយន្តការឆែកបេក្ខជន (៣) ហាមឃាត់មិនឱ្យមានការថតប្រធានវិញ្ញាសាបង្ហោះ ចែកចាយរូបភាពវិញ្ញាសាគ្រប់កាលៈទេសៈ ទោះក្រោយបញ្ចប់ដំណើរការសំណេរ (៤) ប្រុងប្រយ័ត្នពេលវេចខ្ចប់វិញ្ញាសាប្រឡងបេក្ខជន និងសំណៅឯកសារនានាឱ្យបានត្រឹមត្រូវ ដោយនេះជារដូវភ្លៀង ត្រូវត្រៀមឱ្យបានរួចរាល់នូវថង់ផ្លាស្ទិចដើម្បីវេចខ្ចប់បង្ការការទទឹកខូចសំណៅឯកសារជាដើម។ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំកម្ពុជាទាំងមូល ដែលមានគោលដៅចម្បង គឺដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ឯគ្រូក៏ខំប្រឹងបង្រៀន ត្បិតថាទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងភាពយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ ដូច្នេះកម្ពុជានឹងទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាកម្លាំងចលករដ៏សំខាន់គាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តក្រុមការងារទទួលបន្ទុកការប្រឡងឆ្នាំនេះទាំងអស់ ឱ្យបន្តខិតខំបំពេញតាមភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តិទៅប្រកបដោយភាពរលូនជោគជ័យ និងសូមជូនពរឱ្យមានសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ៕

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ចំណុចទាហានថៃរាយបន្លាលួស

2025/08/26 01:19:03 pm        193
បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃរាយលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។នៅរសៀលថ្ងៃទី២៦ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកក្រុមការងារបន្តចុះទៅដល់ទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។សូមបញ្ជាក់ថា កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់៕

កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករ ២០២៥-២០៣០

2025/08/26 12:31:37 pm        181
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ផ្លូវការនៃយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិ​ទី៥។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​មាន​ការ​អញ្ជើញ​ចូល​រួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារ​ព័ត៌មាន ឱ្យដឹងថា យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ មានគោលបំណងដើម្បីរួមសហការគ្នា និងសម្រេចបានគោលដៅនាំចេញអង្ករចំនួន ១​លាន​តោន នៅឆ្នាំ២០៣០ ដែលការណ៍នេះ នឹងបង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងកិច្ច​ការ​កែ​លម្អ​សន្តិសុខ ស្បៀង និងអាហារូបត្ថម្ភជាសកល។លោកបានបន្តថា យុទ្ធសាស្ត្រនាំចេញនេះ នឹងដើរតួរជាត្រីវិស័យ និងជាការណែនាំ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈមនានា និងបើកឱកាស​ការ​ធ្វើ​ពាណិជ្ជកម្មប​ន្ថែម​ទៀត​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគោលការណ៍គឺ “រក្សា​ទីផ្សារដែលមានស្រាប់ ខណៈពេលដែលបើកទីផ្សារថ្មីបន្ថែមទៀត”។នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអបអរ​សាទរ​នូវ​កម្មវិធី​យុទ្ធ​សាស្ត្រ​ពង្រីក​ទីផ្សារ​ស្រូវ​អង្ករកម្ពុជា ខណៈពេលបច្ចុប្បន្ននេះក្រសួងកសិកម្ម និងបណ្តារោងម៉ាស៊ីននានា បាន​ខិតខំព្យាយាមជួយសម្រួលដល់ការលក់ចេញស្រូវរបស់ប្រជាកសិករ និង​បាន​លើក​ឡើង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជាចាប់តាំងពីការខ្វះខាតស្រូវអង្ករ រហូតដល់អភិវឌ្ឍន៍រីក​ចម្រើន​អាច​នាំ​ចេញ​ជា​លក្ខណៈ​ពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវ​គិត​គូរ​ឱ្យ​មាន​ភាពបន្ស៉ីគ្នា ដាក់ចេញនូវយុទ្ធសាស្រ្តមុតស្រួចវែងឆ្ងាយ អនុវត្តប្រកបដោយប្រសិទ្ធភាព និង​បង្កើនភាពជឿជាក់ពីប្រជាកសិករ ជាពិសេសជំរុញការធ្វើទីផ្សារក្រៅស្រុក និងស្លាក​យី​ហោអ​ង្ករ​ក្រអូប​កម្ពុជា ជាមួយនឹងគុណភាពខ្ពស់ តម្លៃថ្លៃ មានលក្ខណៈពិសេសខុសដាច់គេ ស្រប​ពេល​ដែល​កម្ពុជាមា​នបទពិសោធន៍ជោគជ័យជាច្រើនក្នុងការធ្វើទីផ្សារផលិតផលនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

មន្រ្តីជាន់ខ្ពស់ CDC បង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់ធុរកិច្ចប្រទេសអូស្រ្តាលី

2025/08/26 12:13:48 pm        168
ក្រុងស៊ីដនី៖ ឯកឧត្តម ស៊ុន ចាន់ថុល បង្ហាញជូនដល់ស្ថាប័នប្រទេសអូស្រ្តាលីមួយចំនួន ពីបរិយាកាសវិនិយោគនៅកម្ពុជា និងសក្តានុ- ពលនានា ដែលស័ក្តិសមជាគោលដៅវិនិយោគប្រកបដោយបរិយាបន្ន ខណៈរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នាយកប្រតិបតិ្តទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) គឺលោក John Hopkins ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានា ស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគ ក្នុងបរិការណ៍ពិភព លោកនាពេលបច្ចុប្បន្ន និងបានសង្កត់ធ្ងន់លើទស្សនវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានដាក់ចេញនូវគោលនយោបាយ និងរៀបចំយុទ្ធ សាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។តំណាង EFA បានជម្រាបជូនអំពីតួនាទី និងសេវាកម្មសំខាន់ៗរបស់ខ្លួនដូចជា៖ ការផ្តល់សេវាហិរញ្ញប្បទាន, ការបំពេញ ចន្លោះប្រហោងទីផ្សារ ក្នុងករណីដែលធនាគារពាណិជ្ជ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់, ការគាំទ្រ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, និងការផ្តល់ការគាំទ្រដល់វិស័យផ្សេងៗ។ ទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី EFA គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រពាណិជ្ជកម្មនាំចេញរបស់អូស្ត្រាលី និងជួយដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាដៃគូ។ EFA មានគោលដៅជំរុញកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ ប្រទេសអូស្ត្រាលី និងប្រទេសជាដៃគូរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណោះស្រាយជំនាញ បច្ចេកទេសផ្សេងៗ ដើម្បី លើកកម្ពស់ការវិនិយោគពីអូស្ត្រាលីនៅក្នុងប្រទេសជាដៃគូ ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ទីផ្សារអន្តរជាតិ។ក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងវិទ្យាស្ថាន Lowy Institute លោកស្រី Susannah Patton ប្រធានស្តីទីផ្នែកស្រាវជ្រាវ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការអភិវឌ្ឍដែលកម្ពុជាកំពុង បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស ព្រមទាំងកំពុងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ សូមបញ្ជាក់ថា Lowy Institute គឺជាវិទ្យាស្ថានឯករាជ្យឈានមុខគេមួយ នៅក្នុងប្រទេសអូស្ត្រាលី ដែលទទួលបានការវាយតម្លៃខ្ពស់ លើលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន និងឥទ្ធិពលនៃការសិក្សាទាំងនេះទៅលើគោលនយោបាយ ទាំងក្នុងប្រទេសអូស្ត្រាលី និង នៅទូទាំងពិភពលោក៕  អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-វៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ​ធនាគារ​ប្រទេស​ទាំងពីរ

2025/08/26 11:43:28 am        292
កម្ពុជា-វៀតណាម ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ​សំដៅរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​ក្នុងប្រទេសទាំងពីរ បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី លើកកម្ពស់ការ​ប្រើ​ប្រាស់​រូបិយ​វត្ថុ​ជាតិ និងតួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាលធនាគារ រដ្ឋវៀតណាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បាន​ដឹក​នាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ, កិច្ច​ប្រជុំ​នេះ​ត្រូវ​បានរៀបចំឡើងក្នុងគោលបំណង ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ធនាគារ កណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ថ្នាក់​ដឹក​នាំធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងការអភិវឌ្ឍ នៃវិស័យធនាគារនៃប្រទេសទាំងពីរ, និងបានពិនិត្យ និង​វាយ​តម្លៃ​លើវ​ឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែក ពង្រឹងសមាហរណ​កម្ម​វិស័យ​ធនាគារ ព្រមទាំងបានពិនិត្យលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែនរវាង ប្រទេសទាំងពីរ ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២៣ កន្លងទៅ។ ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សា និ​ង​ឯកភាពលើកិច្ចសហ- ប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ រួមមាន៖ បង្កើន​វិសាល​ភាព​នៃ​ការ​ទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុកាន់តែច្រើនចូលរួម, លើក​កម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់​ការ​ទូទាត់​ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ, និងលើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ទ្វេភាគី​សម្រាប់​ឆ្នាំ២០២៥នេះ និងនៅឆ្នាំ២០២៦ ខាងមុខ អង្គប្រជុំបានឯកភាព​រៀបចំ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៅ​ប្រទេសវៀតណាម៕ អត្ថបទ៖ សុន រ៉ាឌី

ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ

2025/08/26 11:40:20 am        376
ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង គ្រោះថ្នាក់ចរាចរណ៍ទាំង២៨ករណីនោះ រួមមាន ថ្ងៃទី២០សីហា មាន៤ករណី ស្លាប់៣នាក់ រងរបួស៥នាក់ ថ្ងៃទី២១សីហា មាន៣ករណី ស្លាប់១នាក់ របួស ៦នាក់ ថ្ងៃទី២២សីហា មាន៥ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី២៣សីហា មាន៥ករណី ស្លាប់៣នាក់ របួស២នាក់ ថ្ងៃទី២៤សីហា មាន៥ករណី ស្លាប់៧នាក់ របួស១នាក់ និងថ្ងៃទី២៥សីហា មាន៦ករណី ស្លាប់៣នាក់ និងរងរបួស៧នាក់។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃមកនេះ មាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង៕

ព្រឹទ្ធសភាបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិទៅគណៈកម្មការជំនាញពិនិត្យ និងផ្ដល់យោបល់

2025/08/26 11:33:38 am        278
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច៖១-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។២-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោម អនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។សូមរម្លឹកថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដោយសំឡេងយល់ព្រមចំនួន១២០ នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ១២០រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥៕

ក្រសួងប្រៃសណីយ៍ អំពាវនាវ និងលើកទឹកចិត្តឱ្យសិស្សានុសិស្ស​ពិចារណា​ចាប់​យក​ការ​សិក្សា​ជំនាញឌីជីថល

2025/08/26 11:31:52 am        405
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមលើកទឹកចិត្ត​ដល់​សិស្សា​នុសិស្ស​ទាំង​អស់​យក​ចិត្តទុកដាក់រៀនសូត្រ និងសូមជូនពរ​ឱ្យ​ទទួល​បាន​ជោគជ័យ និង​និទ្ទេស​ល្អ​ក្នុង​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ ទន្ទឹមនឹងនេះ ក.ប.ទ. ក៏សូម​អំពាវ​នាវ​ និង​លើក​ទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាច​ជួយ​លើក​កម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោម​ការ​យក​ចិត្ត​ទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ផែនទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញ​នូវ​ក្រប​ខណ្ឌ​សមត្ថភាព​ជំនាញ​ឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំង​អាច​ចូល​រួម​កសាង​រដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែក​បញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក.ប.ទ. នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោម អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោម កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន៖- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង- សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង- សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង- សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។ជាថ្មីម្តងទៀត ក.ប.ទ. សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រលង ហើយក្រសួងសង្ឃឹមថា សិស្សានុសិស្សទាំងអស់នឹងចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការធ្វើទំនើបកម្ម និងចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពធន់។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

2025/08/26 11:25:55 am        358
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។ក្នុងប្រសាសន៍ស្វាគមន៍ឯកឧត្ដម យឿន សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបជូនអង្គសិក្ខាសាលាឱ្យជ្រាបថា “សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈនេះ ជាផ្នែកមួយ នៅក្នុងផែនការសកម្មភាព ACCSM+3 ២០២១-២០២៥ ដែលថ្នាក់ដឹកនាំអាស៊ានបូកបី បានអនុម័តជាផ្លូវការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានប្រទេសកម្ពុជា ជាប្រទេសទទួលបន្ទុកសម្របសម្រួលរៀបចំ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំបងចំនួន៣ ដូចតទៅ៖ (១)អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្រ្តីរាជការ លើការធ្វើឌីជីលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ, (២)លើកកម្ពស់ការយល់ដឹង និងចែករំលែកឧត្តមានុវត្ត បទពិសោធន៍ និងនវានុវត្តន៍នៃការធ្វើឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង (៣)សិក្ខាកាមក៏អាចយកឱកាសនៃសិក្ខាសាលានេះ ដើម្បីចែករំលែក និងអភិវឌ្ឍកម្មវិធីសិក្សាអក្ខរកម្មឌីជីថល សម្រាប់ប្រទេសរបស់ខ្លួន ព្រមទាំងវីធីសាស្រ្ត និងយុទ្ធសាស្រ្តសម្រាប់ការអនុវត្តផងដែរ។”សូមជម្រាបថា សិក្ខាសាលានេះ នឹងមានបទបង្ហាញលើប្រធានបទចំនួន៣ រួមមាន៖ ប្រធានបទទី១៖ ស្ដីពីប្លង់មេនៃបរិវត្តកម្មឌីជីថល ធ្វើឡើងដោយអ្នកជំនាញរបស់សាធារណរដ្ឋកូរ៉េ។ ប្រធានបទទី២៖ ស្តីពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ ដោយអ្នកជំនាញរបស់ប្រទេសចិន។ ប្រធានបទទី៣៖ ស្តីពីយន្តការនិងកម្មវិធីសិក្សា ដើម្បីការយល់ដឹងផ្នែកឌីជីថលរបស់មន្ត្រីរាជការ ធ្វើឡើងដោយអ្នកជំនាញរបស់ប្រទេសជប៉ុន។ ក្នុងសិក្ខសាលានេះ បែងចែកកិច្ចពិភាក្សាជា ៤វគ្គ ជាអាទិ៍៖ វគ្គទី១ និងវគ្គទី២ ពិភាក្សាពីប្លង់មេនៃបរិវត្តកម្មឌីជីថលនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៣ ពិភាក្សាពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៤ ពិភាក្សាពីយន្តការ និងកម្មវិធីសិក្សាលម្អិត ដើម្បីបង្កើនការយល់ដឹងផ្នែកឌីជីថលរបស់មន្រ្តីរាជការ នៃរដ្ឋជាសមាជិកអាស៊ាន៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ប្រជាពលរដ្ឋកម្ពុជាដែលប៉ះទង្គិចគ្នាជាមួយកងយោធាថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់

2025/08/26 11:17:55 am        509
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Khoasods របស់ថៃដែលចុះផ្សាយនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា អាជ្ញាធរកម្ពុជាបានជួលប្រជាពលរដ្ឋខ្លួនឲ្យមករើបន្លាលួសនិងប៉ះទង្គិចជាមួយកងទ័ពថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃដដែល លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចនេះកើតឡើងដោយសារតែប្រជាពលរដ្ឋកម្ពុជាទាំងនោះ ការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការកាត់យកដោយយោធាថៃតាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុយពីបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។នៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើងថា ពាក់ព័ន្ធនឹងការរាយបន្លាលួសពីសំណាក់កងយោធាថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទី នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង ១៥:១៤នាទី រសៀល កងកម្លាំងថៃបានធ្វើសកម្មភាពជាថ្មី បម្រុងនឹងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី ហើយនិងប្រជាពលរដ្ឋផ្សេងៗទៀតធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងរបស់ថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។ លោកជំទាវឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងប្រជាពលរដ្ឋផ្សេងៗទៀត បានរួមសាមគ្គីធ្វើការឆ្លើយតប គឺស្ដែងចេញពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនខ្ពស់ជាលំដាប់ ខណៈគិតត្រឹមខែមីនានេះ បាន​ចុះ​បញ្ជីសរុបកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង
04/22/2026 09:04 AM
កូរ៉េខាងជើង ត្រូវបានគេនិយាយថាកំពុងសាងសង់ផ្លូវយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង
04/22/2026 08:04 AM
មេដឹកនាំកោះតៃវ៉ាន់ លុបចោលទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ដោយសារតែសម្ពាធរបស់ប្រទេសចិន
04/22/2026 08:04 AM
ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព
04/22/2026 08:04 AM
អឺរ៉ុប សម្លឹងមើលជម្រើសនានា ខណៈជម្លោះនៅអ៊ីរ៉ង់គំរាមដល់កង្វះប្រេងឥន្ធនៈយន្តហោះ
04/22/2026 08:04 AM
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំប្រទះឃើញ ដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹកស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា
04/22/2026 08:04 AM
អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង Online Scams ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់
04/22/2026 08:04 AM
លោកTrump បន្ថែមរយៈពេលបទឈប់បាញ់ដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចូលតុចរចាខណ: បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ
04/22/2026 08:04 AM
សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន
04/22/2026 07:04 AM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM