អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
​សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ

ព័ត៌មានជាតិ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន និង សាធារណរដ្ឋអាស៊ែបៃហ្សង់ បង្កើតទំនាក់ទំនងកាន់តែរឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌

2025/07/22 06:20:00 pm        174
(ភ្នំពេញ) ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2025 - នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់ក្នុងសកម្មភាពមីនមនុស្សធម៌ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) បានទទួលស្វាគមន៍ ឯកឧត្តម Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធា រណរដ្ឋ Azerbaijan អមដំណើរដោយឯកឧត្តម Shovgi Kamal Oglu Mehdizade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម . ឯកអគ្គរដ្ឋទូត Jalal Mirzayev ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ី ហ្វិក នៃក្រសួងការបរទេស នៅទីស្នាក់ការ ARMAC ក្នុងរាជធានីភ្នំពេញ ។   ការចូលរួមកម្រិតខ្ពស់បានកត់សម្គាល់ការបន្តនៃសន្ទុះវិជ្ជមានដែលបានផ្តួចផ្តើមក្នុងអំឡុងដំណើរទស្សនកិច្ចសិក្សាឆ្នាំ 2024 ដែលរៀបចំដោយ ARMAC ដែលជាកន្លែងដែលទីភ្នាក់ងារជាតិអាស៊ែបៃហ្សង់សម្រាប់សកម្ម ភាពមីន (ANAMA) បានទៅទស្សនកិច្ចរដ្ឋសមាជិកអាស៊ានដើម្បីសង្កេតមើលការអនុវត្តល្អបំផុតក្នុងការ គ្រប់គ្រងអាវុធជាតិផ្ទុះ (EO) ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ ARMAC ចំពោះកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដោយជំរុញការ រៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសដែលមានបញ្ហាប្រឈមក្រោយជម្លោះ។  ការពិភាក្សាបានអះអាងសារជាថ្មីអំពីបេសកកម្មរបស់ ARMAC ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្ម ភាពមីនក្នុងតំបន់ និងពិភពលោក ស្របតាមផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ 2025 ។ ភាគីទាំងពីរបានផ្លាស់ប្តូរការយល់ដឹងអំពីសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍ ការច្នៃប្រឌិត និង ការរួម បញ្ចូលនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីកែលម្អប្រសិទ្ធភាព និង សុវត្ថិភាពនៃប្រតិបត្តិការបោសសម្អាតមីន។ លោកស្រី ប៊ុត រ័ត្នណា នាយកប្រតិបត្តិនៃ ARMAC មានប្រសាសន៍ថា ARMAC បញ្ជាក់ជាថ្មីនូវការយក ចិត្តទុកដាក់ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ ដែលមិនត្រឹមតែលើកកំពស់សមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញសន្ទុះកើនឡើងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរទ្វីប ហើយយើងទន្ទឹងរង់ចាំបន្តការចូលរួមជាមួយអាស៊ែបៃហ្សង់ ក្នុងនាមជាដៃគូដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹង ប្រែងនេះ។  ក្នុងឱកាសនោះ ឯកឧត្តម Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាអ្នក ដឹកនាំរបស់ ARMAC ក្នុងសកម្មភាពមីន និងការ សម្របសម្រួលដ៏សប្បុរសរបស់ពួកគេនៃវេទិកាចែក រំលែកចំណេះដឹង។ ឯកឧត្តមបញ្ជាក់ថា អាស៊ែបៃហ្សង់ ប្តេជ្ញាចិត្តក្នុងការវិនិយោគលើការពង្រឹងស្ថាប័ននៃសមត្ថ ភាពសកម្មភាពមីនរបស់ខ្លួន ហើយបានចាត់ទុក ARMAC ជាដៃគូសំខាន់ក្នុងដំណើរនេះ។ព្រោះបទ ពិសោធន៍ចែករំលែកនៃប្រទេសអាស៊ានផ្តល់នូវមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់អាស៊ែបៃហ្សង់ ។   សូមជម្រាបជូនថា កិច្ចប្រជុំក៏បានលើកឡើងពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា ការបង្កើតកិច្ចសន្ទនាបច្ចេកទេស និងការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងពីតំបន់ទៅតំបន់។ជាមួយគ្នា ក្នុងនាមជាមជ្ឈមណ្ឌលនៃឧត្តមភាព ARMAC បានប្រកាសបន្តបម្រើជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែកបទពិសោធន និង ការ សន្ទនា ដោយពង្រឹងតួនាទីរបស់ខ្លួនក្នុងការជំរុញសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ ហើយការចូលរួមនេះគឺបានគូសបញ្ជាក់ពីចក្ខុវិស័យរួមគ្នារវាងអាស៊ាន និងអាស៊ែបៃហ្សង់ ដើម្បីសហការគ្នាឆ្លងព្រំដែន និង បង្កើនជំនាញរួមក្នុងការ ស្វែងរកអនាគតដែលគ្មានមីន៕ (អត្ថបទ៖ភារម្យ)

​ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញបើកលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥

2025/07/22 05:16:36 pm        389
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញក្នុងពិធីបើក លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។ពិធីបើកលំហាត់សមយុទ្ធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ គីមហ៊ួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥, ឯកឧត្តម ស៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោក លី យ៉ាំមីង នាយកប្រតិបត្តិមជ្ឈមណ្ឌលអាហា, ឯកឧត្តម លោកជំទាវ ក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ វត្តមានដ៏ថ្លៃថ្លារបស់ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនាអាស៊ាន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ ធម្មជាតិ កម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយបរិយាបន្ន ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពជាតិក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ លំហាត់សមយុទ្ធនេះនឹងរួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ និងជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកយ៉ាងសកម្មដល់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា តំបន់អាស៊ានគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗទេ គ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត ការរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូច្នេះបញ្ហាប្រឈមទាំងនេះទាមទារនូវវិធីសាស្តរួមគ្នា និងទូលំទូលាយ ដែលលើសពីសមត្ថភាពរបស់ប្រទេសណាមួយតែឯង។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការតំបន់គឺជាកត្តាចាំបាច់ ហើយកិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អ៊ែតម៉ែ) ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៥ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់យើងក្នុង តំបន់។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា អ៊ែតម៉ែ បានផ្ដល់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រៀមបង្ការ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ដោយបានបញ្ជាក់ច្បាស់ពីចក្ខុវិស័យរួមរបស់យើងក្នុងការកសាងសហគមន៍អាស៊ានមួយដែលមិនគ្រាន់តែរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយផងដែរ។ក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្ត រាយ (AHA Centre) ដែលជាអង្គភាពប្រតិបត្តិការសំខាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរបស់អាស៊ាន និងការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងទៀតថា លំហាត់សមយុទ្ធ ARDEX-25 ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្ត អ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការ សង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន (SASOP)។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា នេះជាឱកាសមួយ ដើម្បីវាយតម្លៃយន្តការសម្របសម្រួលទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងការ ដោះស្រាយស្ថានការណ៍ជាក់ស្ដែង។ ក្នុងនោះ តាមរយៈលំហាត់សមយុទ្ធនេះ អាស៊ាននឹងអាចកំណត់បាននូវ ចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការកែលម្អជាបន្តបន្ទាប់ ដើម្បីធានាថាការឆ្លើយតបរបស់ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសម្របសម្រួលបានល្អបំផុត ស្របតាមទស្សនៈវិស័យ អាស៊ានមួយ ការឆ្លើយតបមួយ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សង្ឃឹមយ៉ាងមុតមាំថា លំហាត់សមយុទ្ធនេះ នឹងផ្ដល់នូវមេរៀនដ៏មានតម្លៃ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អបន្ថែមនូវប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ាន និង ដៃគូអន្តរជាតិ គឺជាគន្លឹះឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពធន់ ដើម្បីធានាថាធនធាន សមត្ថភាព និងនីតិវិធីទាំងអស់មានលក្ខណៈគ្រប់គ្រាន់ និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់នៅពេលមានគ្រោះមហន្តរាយកើតឡើង រួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពរុករក និងសង្គ្រោះ ការផ្តល់ជំនួយមនុស្សធម៌ ការវាយតម្លៃរួមគ្នា និងការស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាព៕

ក្រុមការងារចម្រុះចុះធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តនៅខេត្តព្រះវិហារ ដើម្បី​លើក​កម្ពស់​ការ​អនុវត្តច្បាប់

2025/07/22 04:36:33 pm        638
ក្នុងរយៈពេល២ថ្ងៃនេះ ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួម​ជា​មួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះវិហារ និងមន្ត្រីរដ្ឋបាលស្រុកទាំងបី រួម​មាន ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី បានសហការគ្នាចុះពិនិត្យ និង​ធ្វើ​បច្ចុប្បន្ន​ភាព​យាន​ដ្ឋាន​ជួសជុលរថយន្តចំនួន ១១ ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក សំ លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។គោលបំណងសំខាន់នៃការចុះអនុវត្តនេះ ត្រូវបានលោក សំ លាងទ្រី បញ្ជាក់ថា ដើម្បី​ជំរុញ​ម្ចាស់​យាន​ដ្ឋាន​ដែល​ទើបនឹងបង្កើតថ្មីឱ្យមកស្នើសុំចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ និងណែនាំដល់​យាន​ដ្ឋាន​ដែល​លិខិតអនុញ្ញាតបានផុតសុពលភាព ឱ្យ​រួស​រាន់​មក​បន្ត​លិខិ​ត​អនុញ្ញាត​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​រដ្ឋបាលខេត្តព្រះវិហារ។លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវយ៉ាង​ទទូច​ដល់​បងប្អូនម្ចាស់យានដ្ឋានជួសជុល និងកែច្នៃរថយន្តទាំងអស់ក្នុងខេត្ត សូមចូល​រួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានខ្ជាប់ខ្ជួន។ សូមម្ចាស់យានដ្ឋាន កុំកែ​ច្នៃ​រថយន្ត​ខុសលក្ខណៈបច្ចេកទេស ដែលអាចផ្ទុយនឹងច្បាប់ និងបង្កហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់ផ្លូវ។ ជាពិសេស សូមមេត្តាណែនាំអ្នកបើកបរ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ដែល​ជា​មូល​ហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបង្ក​ឱ្យ​មាន​គ្រោះថ្នា​ក់​ចរាចរណ៍​ជាយ​ថា​ហេតុ​។ ការគោរពច្បាប់ទាំងអស់គ្នា គឺជាកាតព្វកិច្ច​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ៕

ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ អញ្ជើញបើកសិក្ខាសាលា ស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ រយៈពេល៣ថ្ងៃ នៅខេត្តបាត់ដំបង

2025/07/22 04:25:58 pm        402
បាត់ដំបង៖ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ (Open and Big Data) ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ (Big Data and Data Science) សម្រាប់ស្ថិតិផ្លូវការ​ ដែលមានលក្ខណៈឌីជីថល ឬ តាមប្រព័ន្ធបណ្តាញអ៊ិនធឺណិត ហើយសិក្ខាកាមនឹងយល់ដឹងអំពីការវិវត្តន៍នៃប្រមូលទិន្នន័យស្ថិតិ ដែលមានការរីកចម្រើននាពេលបច្ចុប្បន្ន ឱកាសនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ និយមន័យទិន្នន័យធំ និងបានអនុវត្តនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ស្ថិតិទេសចរណ៍ និងសម្រាប់ ស្ថិតិសន្ទស្សន៍ថ្លៃទំនិញ (CPI) ស្ថិតិផ្លូវការផ្សេងៗទៀត ដែលធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសរបស់ វិទ្យាស្ថានជាតិស្ថិតិ និងការប្រើប្រាស់ទិន្នន័យបើកចំហ សម្រាប់ជាធាតុចូលក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង រៀបចំគោលនយោបាយផ្សេងៗផងដែរ។តាមរយៈសិក្ខាសាលានេះឯកឧត្តម រិន វីរៈ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នក នាងកញ្ញាទាំងអស់ដែលជាតំណាងមន្ទីរស្ថាប័ន នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ ព្រមទាំងយល់ដឹងកាន់តែទូលំទូលាយអំពីការប្រើប្រាស់ ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រ សម្រាប់ស្ថិតិផ្លូវការ ក៏ដូចជាទិន្នន័យបើកចំហផងដែរ។ជាទីបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចូលរួម ពិភាក្សាផ្តល់យោបល់ និងសូមឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅតាមកម្មវិធី ប្រកបដោយជោគជ័យ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជអំណោយទឹកបរិសុទ្ធ ៣២៦កេស ដល់កាកបាទក្រហមកម្ពុជា

2025/07/22 04:25:47 pm        142
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញទទួលទឹកបរិសុទ្ធ ប្រូវីដា ចំណុះ ៥០០ ml ចំនួន ៣២៦កេស ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ ឯកឧត្ដម ម៉ី សុខារត្ន័ន៍ និងឯកឧត្ដម ឃៀង ចំរើន ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ ពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដ៏ឧត្តុង្គឧត្តម គង់ប្រថាប់ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយ ទឹកបរិសុទ្ធ ប្រូវីដា ចំណុះ ៥០០ ml ចំនួន ៣២៦កេស ដល់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះលោកជំទាវ សូមលំឱនកាយឧទ្ទិសបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះសព្ទសាធុការ ពរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ សំ ងីម

ក្រសួងការងារនាំយកឱកាសការងារជាង ១ម៉ឺន៣ពាន់កន្លែងជូនពលរដ្ឋ និងពលករខ្មែរ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែលទើបត្រឡប់មកពីប្រទេសថៃ

2025/07/22 04:13:24 pm        344
កំពង់ឆ្នាំង៖ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន ៤ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ១ម៉ឺន៣ពាន់កន្លែង៕

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត

2025/07/22 04:07:07 pm        637
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មក្នុងវិស័យដំណាំស្រូវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ទឹក​ចិ​ត្ត​កសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្ត​ស្មារតី​សាមគ្គីភាព តម្លាភាព ពោលគឺតម្កល់ផលប្រយោជន៍រួមជាធំ ដើម្បីទទួល​ផល​ចំណេញ​ទាំងអស់​គ្នា​ទៅមុខបន្តទៀត។ក្រោយចុះពិនិត្យការច្រូតស្រូវ និងស្ថានភាពជាក់ស្តែង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក។ ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋ​មន្រ្តី​ បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់​ជាមួយ​វិស័យ​ឯកជន​ត្រៀមប្រ​មូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ ក្នុងនោះ សហគមន៍ខាងលើ គ្រោងនឹងចាប់ផ្តើមរដូវដាំដុះថ្មីលើផ្ទៃដីទំហំប្រមាណ ៥ ០០០​ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍កសិកម្មទំនើបជាបន្តបន្ទាប់។ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាល ខ្មែរហ្វូត គ្រុប ជាក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក បានមានប្រសាសន៍ឱ្យដឹងថា នេះ​ជា​ការងារល្អប្រសើរណាស់ ដែលមានការជួយជ្រោមជ្រែងបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា ដែល​តែង​តែ​ចុះ​តាម​ដាន ត្រួតពិនិត្យ និងសួរសុខទុក្ខជាប់ជានិច្ច រវាងប្រជាកសិករ និងក្រុមហ៊ុន ដែល​ក្រៅ​ពីការ​ជួយ​បង្កើន​តម្លៃ​ឱ្យកសិករ ខាងក្រុមហ៊ុនវិញ ក៏មានស្ថិរភាពក្នុង​ការ​ទទួល​ស្រូវ​ដែល​ផ្គត់​ផ្គង់​ពី​កសិករ​នា​រដូវ​ច្រូត​កាត់។ឧកញ៉ាប្រធាន បានបញ្ជាក់បន្ថែមថា សរុបសេចក្តី កិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើប ជា​គុណសម្បតិ្តល្អសម្រាប់ទាំងអ្នកផលិត និងអ្នកទិញ។ រឿងដែលសំខាន់ គឺស្នើ​អ្នក​ផលិត​សុំ​ឱ្យ​រក្សា​គុណ​ភាព ធ្វើម៉េចរក្សាទិន្នផលច្រើន ហើយខាងរោងចក្រដែលជាអ្នកទិញ ក៏ហ៊ានធានាដែរថា មិន​យឺត​យ៉ាវក្នុងការផ្តល់ប្រាក់ត្រឡប់ទៅវិញទេ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើយ៉ាង​ណា​គឺ​ទៅមុខទាំងអស់គ្នា ដើម្បីប្រយោជន៍ជារួម។ពាក់ព័ន្ធការលើកឡើងខាងលើនេះ អ្នកស្រី ឯក ចាន់សុផល្លី ប្រធាន​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​បារាយណ៍ តាំងគោក បានបង្ហាញទឹកមុខសប្បាយរីករាយ និងលើកឡើងថា ជួស​មុខ​ឱ្យ​កសិករទាំងអស់ គឺសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេស​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នា​ក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កើត​ឱ្យមា​ន​សហគមន៍​កសិកម្ម​នេះ​ឡើង​ ដើម្បីជំរុញដល់ការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា ដោយមិនប្រកួតប្រជែងគ្នាថែមទៀត។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករ​ទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមា​ន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​។ រហូតមកដល់ពេលនេះ ប្រជាកសិករចំនួនជាង ១ ៤០០គ្រួសារហើយ បានងាក​មក​ចង​ក្រង​គ្នា​ជាសហគមន៍កសិកម្មទំនើប នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា៕ អត្ថបទ៖ឈិត បូរ៉ាវី

អ្នកនាំពាក្យក្រសួងសាធារណការ៖ ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះហើយ

2025/07/22 03:50:03 pm        961
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរ​ការ​ចុះ​ពិនិត្យ​ទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំ​ដីព្រែក​ជីក​ហ្វូណន​តេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ចុងសប្តាហ៍នេះហើយ។ឯកឧត្ដម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុម​ការងារ​បាន​ធ្វើ​សកម្មភាព​នៅ​តំបន់​ចុងទី ដោយបាន​ចុះបោះបង្គោល​និយាមកា​ដំបូង​លើ​ផ្ទៃ​សមុទ្រ​(ខេត្តកែប) បាន​ដោយ​ជោគជ័យ​។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបាន​គ្រោង​ទុក​នៅ​លើផ្ទៃសមុទ្រ។គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀង​ផ្ទាត់​និយាមកា​ និងបោះបង្គោលព្រំដី តាមបណ្តោយ​ព្រែក​ជីកហ្វូណន​តេជោ​បាន​ដោយ​ជោគ​ជ័យ​តាម​កំណាត់​ ឆ្លងកាត់ំ់ភូមិសាស្ត្រខេត្តនីមួយៗ ក្នុងនោះរួមមាន៖ កំណាត់ទី១​ប្រវែងជាង២១គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍​(ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពី​ចំណុច​ព្រែក​តាហ៊ីង(ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តតាកែវចំនួន ២៣២​បង្គោល​, ខេត្តតាកែវចំនួន ៥៥២បង្គោល ,ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែប​មាន​ចំនួន​១៨០​បង្គោល ដោយសរុបទាំងអស់មានចំនួន១៩២០បង្គោល។ដំណាក់កាល​បន្ទាប់ ក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង​ចុះ​វាស់​វែងក្បាលដីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមយន្តការ​ដោះស្រាយ​ផលប៉ះ​ពាល់​របស់​រាជ​រដ្ឋាភិបាល ដោយមិនឱ្យបងប្អូនប្រជាពលរដ្ឋណាមួយបាត់បង់ផលប្រយោជន៍ឡើយ។គម្រោង​ព្រែកជីហ្វូណនតេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅ​ក្នុ​ងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ផ្លូវ​ទឹក​មួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ទុក​នាវា​ដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។ការងារស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីក​ប្រឡាយ​, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រម​ទាំង​ចូល​រួម​បំពេញ​បន្ថែម​នូវ​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿន​ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​ទំនាក់​ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជា​ទៅ​កាន់​តំបន់​នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោង​នេះ​រួម​បញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមាន​ចក្ខុ​វិស័​យ​ឆ្ពោះ​ទៅ​មុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែម​ពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកា​ន់​តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនេះ ជាគំនិតផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់​ប្រក​ប​ដោយ​ចក្ខុ​វិស័យ​ដ៏​វែង​ឆ្ងាយ​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះស​ម្តេចជា​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្នគម្រោងនេះ បាននិង​កំពុង​អនុវ​ត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយ​មាន​ការ​ចូល​រួម​គាំ​ទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែក​ជីក​នេះ​ ត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕

ប្រតិភូអន្តរក្រសួងចុះវាយតម្លៃគុណភាពសំណង់ព្រះវិហារ និងសាលាបាលីវត្តពិជ័យលង្កា ហៅ​វត្ត​ឈើ​ខ្មៅដើ​ម្បីធ្វើការអភិរក្ស

2025/07/22 03:19:29 pm        630
បាត់ដំបង៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យ និង​វាយ​តម្លៃ​គុណ​ភាពសំណង់ព្រះវិហារ និងសាលាបាលីវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ដែល​មាន​ចម្ងាយ​៥៤​គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបងដោយធ្វើដំណើរតាមផ្លូវទឹកដងស្ទឹងសង្កែ។ បន្ទាប់​ពី​បានចុះពិនិត្យទៅលើសំណង់ព្រះវិហារ សាលាបាលី និងសាលាឆាន់រួច ក្រុមការងារអ​ន្តរ​ក្រសួង​បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយព្រះចៅអធិការវត្តព្រះនាម ច្រឹង ស៊ីវី និងគណៈកម្មការ​អាចារ្យ​វត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ហើយបាន​ឯកភាព​គ្នា​ធ្វើ​ការ​អភិរក្សសំណង់បេតិកភណ្ឌ និងជួសជុលជាបន្ទាន់ ដើម្បីប្រែក្លាយ​ទៅ​គោល​ដៅ​ផលិត​ផ​ល​ទេសចរណ៍​បែប​ជំនឿសាសនារួមមានសក្ការដ្ឋានពុទ្ធសាសនា ,អភិរក្សសំណង់​បេតិកភណ្ឌ​ដែល​មាន​តម្លៃ​ជាប្រវត្តិសាស្ត្រ,បង្កើនសក្តានុពលទេសចរណ៍បែបជំនឿព្រះពុទ្ធសាសនាក្នុងតំបន់ និង​កែ​លម្អ​សោភ័ណភាពសំណង់បេតិកភណ្ឌដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។សូមជម្រាបថា វត្តឈើខ្មៅ គឺជាទីអារាមដែលមានអាយុកាលរាប់រយឆ្នាំកំពុងសម្ងំលាក់ខ្លួន នៅ​កណ្ដាល​ព្រៃ​រនាមដៃបឹងទន្លេសាប ត្រូវបានសាងសង់នៅលើទីទួលអណ្ដែតកណ្ដាលផ្ទៃទឹក។ វត្ត​មួយ​នេះមានទីតាំងស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់​ព្រំ​ប្រទល់​ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។ វត្ត​ឈើ​ខ្មៅគឺ​ជា​ឈ្មោះដែ​ល​គេតែង​តែ​ហៅតៗគ្នា ដោយសារតែនៅទីនោះ មានព្រះវិហារមួយត្រូវបានគេសាងសង់ឡើងនៅឆ្នាំ ១៨៨៧ ពីរុក្ខជាតិឈើខ្មៅ។ លក្ខណៈពិសេសមួយទៀតនៃវត្តនេះគឺ មានសាលា​បាលី​មួយ​សង់​ពី​ឈើ ប្រក់ស័ង្កសីមានបីជាន់ និងមានអាយុកាលជាង៦០ឆ្នាំផុសនៅលើផ្ទៃទឹក។ សព្វ​ថ្ងៃ​នេះ​សាលា​បាលី​នេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងពិបាកក្នុងការចូលទៅទស្សនានៅខាងក្នុង ដោយសារ​តែ​ឈើខ្លះមានភាពពុកផុយអាចប្រឈមនឹងគ្រោះថ្នាក់។ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវ​ទេសចរអាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូឬទូកម៉ាស៊ីន។ ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ទូក​ យើងបានឃើញនូវផ្ទាំងទស្សនីយភាពស្អាតៗជាច្រើនដែលកម្រ នឹងបានឃើញ ដូច​ជា​ផ្ទះ​បណ្ដែត​ទឹក​តូចៗ​នៅ​តាម​ដង​ស្ទឹង​សង្កែ​រួម​ជាមួយ​ការ​ប្រកបរបរ​ក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ដែល​រ​ស់នៅក្នុងតំបន់នោះ ក៏ដូចជាទេសភាពស្អាតៗជាច្រើនទៀត ដែលមិនធ្វើ​ឱ្យ​លោក​អ្នក​ខក​បំណង​ឡើយ​៕

រដ្ឋមន្ត្រីក្រសួងការងារ ស្នើភាគីពាក់ព័ន្ធពិភាក្សាឱ្យបានផុលផុសលើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពី​មុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”

2025/07/22 02:58:13 pm        382
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ស្នើ​ភាគី​ពាក់​ព័ន្ធ​ដែល​រៀប​ចំ​សេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ពិភាក្សាគ្នាឱ្យបានផុសផុលលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ការ​រី​កច​ម្រើន​នៃ​បច្ចេក​វិទ្យា​ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចចក្រា កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និង​ការ​ចាក​ចេញ​របស់​កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ការលើកឡើងនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​បើក​សិក្ខា​សាលា​ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពី​មុខ​របរ និង​ការងារ​ ឆ្នាំ២០២៦-២០៣៥» ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការអន្តរជាតិខាងការងារ (ILO) រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៥ នៅរាជធានីភ្នំពេញ។ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បានបញ្ជាក់​ពី​ភាព​សំខាន់​នៃ​«គោល​នយោបាយ​ជាតិ​ស្តីពី​មុខ​របរ និង​ការងារ​ឆ្នាំ២០២៦-២០៣៥ ព្រោះគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្ត​បញ្ច​កោណ​គ្រប់​ដំណាក់​​កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ បាន ធ្វើឱ្យ​សេដ្ឋ​កិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែល​បម្រើឱ្យផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ស្តីពី​មុខ​របរ​និង​ការ​ងារ​ឆ្នាំ២០២៦-២០៣៥ នេះនឹងមានដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និង​ការ​ពិនិត្យ​តាម​ដាន និងវាយតម្លៃជូនដល់អង្គភាពពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យមុខរបរ និងការងារ​សម្រាប់​រយៈ​ពេល ១០ឆ្នាំខាងមុខ ក្នុងចក្ខុវិស័យ​បង្កើត​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​ប្រកួត​ប្រជែង បរិយាបន្ន និងកម្លាំងពលកម្មដែលត្រៀមសម្រាប់ការងារនាពេលអនាគត តាម​រយៈ​ការ​អប់រំ ការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទ​ប្បញ្ញត្តិ​ទីផ្សារ​ការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតប​ប្រក​ប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះបញ្ហាប្រឈម និងឱកាសនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និង​ការ​រីក​ចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និង​បរិយាបន្ន​សង្គម។ក្នុង​ឱកាសនោះដែរ លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្លែងអំណរគុណចំពោះក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតែងតែផ្ដល់កិច្ចសហការល្អជាអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ។លោកបន្តថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រ​ដល់​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាក្របខ័ណ្ឌឆ្ពោះទៅមុខ ដែលស្រប​តាម​បរិបទ​សេដ្ឋ​កិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា ដែលកំពុងរៀបចំ​ខ្លួន​សម្រាប់​ការចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ឆ្នាំ២០២៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារសុខភាពសាធារណៈអាហ្វ្រិក ប្រកាសពីការផ្ទុះឡើងជំងឺអេបូឡាថ្មីនៅកុងហ្គោ ដោយមានអ្នកស្លាប់៦៥នាក់
05/16/2026 10:05 AM
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
05/16/2026 10:05 AM
​សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
05/16/2026 09:05 AM
សហរដ្ឋអាមេរិក៖ បទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល ត្រូវបានបន្ថែមពេល៤៥ថ្ងៃ
05/16/2026 09:05 AM
លោក Trump៖ លោកអស់ភាពអត់ធ្មត់ជាមួយអ៊ីរ៉ង់ ហើយក៏មិនស្នើសុំការគាំទ្រពីចិនដែរ
05/16/2026 09:05 AM
សម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
05/16/2026 08:05 AM
សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
05/16/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
05/16/2026 07:05 AM
ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM