កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាស​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ពាក់ព័ន្ធ​នឹងការរងរបួស​របស់​ទាហាន​ថៃ​ដោយ​សារ​ការ​ដើរ​ល្បាត​លើ​តម្រាយ​ផ្លូវ​ថ្មី​ផ្ទុះ​គ្រាប់​មីន

2025/07/20 02:45:00 pm        870
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាស​ច្រាន​ចោល​ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការ​រង​របួស​របស់​ទាហាន​ថៃ​ដោយ​សារ​ការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកា​ន់​របស់​ភាគី​ថៃ​មកលើកម្ពុជា ពាក់ព័ន្ធនឹងការ​រង​គ្រោះ​ថ្នាក់​ដោយ​សារមីន​របស់​ទាហាន​ថៃ​ចំនួន​បី​នាក់​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ​។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវ​ការ​ឯកភាព​គ្នា​លើ​តម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់​ទាំងនេះ​នៅ​មាន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែង​ទាហានថៃបានលើ្មសការឯកភាព ដែលបាន​ចែង​ក្នុង​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០​(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយ​បង្កើត​តម្រាយ​ផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើ​ផ្អែក​តាម​ផែន​ទី​មាត្រ​ដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម​ ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ អ្នក​នាំ​ពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរ​ជាតិ​មិន​អាច​បាន​តែ​និយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុង​នោះ​រួម​មាន​តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បី​នាំ​មក​នូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់​បង់​ជីវិត​ប្រជា​ពលរដ្ឋស្លូតត្រង់។បើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថា​តើ​ថ្នាក់​ដឹក​នាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្ត​បញ្ជូន​ទាហាន​របស់​ខ្លួន​ឱ្យ​ដើរ​ល្បាត​ខុស​តម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ដែល​ជា​សំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬ​មួយ​នេះ​ជា​ការ​ប៉ុន​ប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។ ក្រសួង​ការពារជាតិបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែល​បំពាន​មក​លើ​បូរណ​ភាពទឹកដីរបស់កម្ពុជា និងជៀសវាង​ទង្វើ​ដែល​គំរាម​កំហែង​ដល់​ការ​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន។ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញ​កាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគី​នៃ​អនុ​សញ្ញា​ហាម​ប្រាម​ការ​ប្រើប្រា​ស់​មីន​ប្រឆាំង​មនុស្ស ​(អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ព​ស់​ដោយ​សហគមន៍​អន្តរជាតិ​ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបានចូលរួម​ចំណែក​ជា​ច្រើន​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុង​រង​គ្រោះ​ដោយ​សារសង្គ្រាម។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥត​ងាក​រេ​ដើម្បី​ការ​ពារ​អធិ​ប​តេយ្យ ​និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

ថ្នាក់ដឹកនាំ និង​មន្ត្រីគ្រប់មន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង រួមគ្នាដាំ​កូន​ក្ងោក​ជាង​២​ពាន់​ដើម​​ពង្រីក​​​ភា​ព​បៃតង ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​

2025/07/20 02:31:45 pm        464
ដើម្បីឲ្យតាមផ្លូវនានា ក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង មានសោភ័ណភាពស្រស់ស្អាត​ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត​ និង​ដើម្បី​​រួម​គ្នា​ដាំ​ដើម​ឈើ​គ្រប់ប្រភេទឲ្យ​បានច្រើន ក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម ពិសេស​ត្រូវ​ចូល​រួម​ថែ​រក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការ​ដុត​ព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់នោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​ដឹក​នាំមន្ត្រីគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ដាំកូនក្ងោកជាង២ពាន់ដើម។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រីក​ភាព​បៃតង ដោយផ្តោត​លើ​ការ​ពង្រឹង​ចលនា​ដាំ​ដើម​ឈើ​តាម​រយៈ​ការ​បំផុស​អោយ​មាន​ការ​ដាំ​ដើម​ឈើនៅ​តាម មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តាមលំនៅដ្ឋាន ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​ និងបាន​ផ្សព្វផ្សាយអំពីយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយ​បាន​ចូល​រួម​ប​ណ្តុះ​កូន​ឈើ ​ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​​មាន​គម្រប​ព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០។ ជាពិសេស​នៅ​ក្នុង​ភូមិ​អូកា​ខុប ឃុំ​ក្រាំង​ល្វានេះ ជាភូមិទើបកើតថ្មី និងជាផ្ទះសំរាប់បងប្អូនអតីតយុទ្ធជន ដូច្នេះ​​ហើយ​យើង​ត្រូវ​នាំ​គ្នាដាំកូនឈើគ្រប់ប្រភេទ ជាពិសេសប្រភេទកូនក្ងោកនេះនៅតាមសងខាងផ្លូវ ដើម្បី​ទាក់​ទាញភ្ញៀវទេសចរមកលេងកំសាន្ត ក៏ដូចជួយដល់​ជីវភាព​បង​ប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ភូមិ​នេះ​ផង​ដែរ​។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ ការបាត់បង់ព្រៃឈើពិតជាជះឥទ្ធិពលអាក្រក់​យ៉ាង​ច្រើន​ដល់​ការ​រស់នៅរបស់ប្រជាជន និងសង្គមជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ខ្យល់​កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត បាត់បង់សត្វព្រៃ ធនធានមឆ្ឆាជាតិ និងការ​ធ្លាក់​ចុះ​គុណ​ភាព​ដី​ផង​ដែរ​។ ដូចនេះសូមចូលរួមដាំដើមឈើគ្រប់ប្រភេទគ្រប់រូបភាព តាមគ្រប់ទីកន្លែង និង​ឱ្យ​បាន​ច្រើន​តាម​លទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម និងត្រូវ​ចូល​រួម​ថែ​រក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការ​ដុត​ព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់៕ កាំង ហុងវាស្នា 

សម្តេច ម៉ែន សំអន៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន

2025/07/20 02:10:19 pm        305
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ អង្គពិធីទាំងមូលដោយសេចក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។ សម្តេចក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាព នេះឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។គួរំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយ ឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ពិធីបុណ្យនេះផងដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា

2025/07/20 01:18:13 pm        210
ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការអប់រំនៅក្នុងខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកធ្វើឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តចំពោះវិស័យអប់រំ។បន្ទាប់ពីលោកនាយកប្រតិបត្តិវិទ្យាស្ថានបានធ្វើបទបង្ហាញស្វាគមន៍ និងរាយការណ៍ពីប្រវត្តិ ក៏ដូចជាវឌ្ឍនភាពរបស់វិទ្យាស្ថានរួចមក ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបាននិងកំពុងបង្រៀន និងសិក្សានៅវិទ្យាស្ថាននេះ។ ឯកឧត្តមបន្តថា ការសិក្សាគួរតែផ្ដោតលើមុខវិជ្ជាដែលខ្លួនពេញចិត្ត និងបានជ្រើសរើស។ជាមួយនេះ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ដែលមានមហាវិទ្យាល័យចំនួន ៥ បានបើកដំណើរការអស់រយៈពេល ៦ ឆ្នាំមកហើយ ដែលឯកឧត្តមអភិបាលខេត្តបានចាត់ទុកថា វាជាសំណាងមួយសម្រាប់ខេត្តព្រះវិហារដែលមានវិទ្យាស្ថានបែបនេះ ដែលអាចជួយសម្រួលដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាប្អូនៗដែលពុំបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យអាចបន្តការសិក្សាបាន។ ម្យ៉ាងវិញទៀត ការសិក្សានៅវិទ្យាស្ថានក្នុងខេត្តក៏បានកាត់បន្ថយការចំណាយ និងហានិភ័យជាច្រើន បើធៀបនឹងការសិក្សានៅរាជធានីភ្នំពេញ។ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យក្តាប់យកជំនាញ ភាសាអង់គ្លេស ជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំទៅលោកនាយកប្រតិបត្តិវិទ្យាស្ថានឱ្យបង្កលក្ខណៈជូននិស្សិតអាចសិក្សា ជំនាញពីរសម្រាប់និស្សិតម្នាក់ ក្នុងពេលសិក្សាតែមួយ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានជំនាញទ្វេដង និងចៀសវាងការខាតពេលវេលា។ឯកឧត្តម គីម រិទ្ធី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបន្តស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាដែលពិភពលោកកំពុងវិវត្តន៍ឈានទៅរកការរីកចម្រើនដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ជាពិសេសកម្មវិធីនៅក្នុង Google និង IT ដែលជាកម្មវិធីទូលំទូលាយ និងអាចផ្តល់ជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងចំណេះដឹងបន្ថែម។ បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យនិស្សិតទាំងអស់បង្កើត គណនីអ៊ីមែល (Email Account) ដើម្បីជាគុណប្រយោជន៍ក្នុងការទំនាក់ទំនង និងស្វែងរកព័ត៌មាន៕

ឯកឧត្តម ហ៊ុន ម៉ានី៖ «ខ្ញុំមានមោទនភាពដែលបានកើតជាកូនខ្មែរ! ទឹកភ្នែក​នេះ​ជា​ក្ដី​ស្រឡាញ់​ប្រជាជាតិយើង»

2025/07/20 12:42:45 pm        379
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំជួលចិត្ត​ចំពោះ​ស្មារតី​ស្រឡាញ់​ជាតិ​របស់​កូន​ខ្មែរ​រហូតស្រក់ទឹកភ្នែកនៅក្នុងកម្មវិធី «តស់! យើង​ទៅ​ច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំង​ចិត្ត​ជូន​វីរកងទ័ពជួរមុខ» នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​, ឯកឧត្តមបានបញ្ជាក់ថា ទឹកភ្នែករបស់ឯ​កឧត្តម​នា​ពេល​នេះ​ព្រោះ​មនោសញ្ចេតនា​ស្រឡាញ់​ប្រជាជាតិ មិនមែនជាទឹកភ្នែកព្រោះទន់ជ្រាយនោះទេ។ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបញ្ជាក់ថា ឯកឧត្តម ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ ដែល​បាន​ឃើញ​ពីសាមគ្គីភាព សំឡេង ឆន្ទៈ និងទឹកចិត្តរបស់កូនខ្មែរ។ ឯកឧត្តមបាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូនទាំងអស់គ្នាដែលបានមកជួបជុំគ្នានៅក្នុង កម្មវិធី «តស់! យើងទៅច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់​ទាត់​កៀរ​គរ​មូល​និធិ​គាំទ្រ​វី​រ​កងទ័ពជួរមុខ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម​បានបញ្ជាក់ថា យើងបានបង្ហាញសំឡេងដ៏ខ្លាំងក្លា និងឮកងរំពង ដែលសរបញ្ជាក់​ឱ្យ​ឃើញ​ថា ​កូនខ្មែរគ្រប់រូបនឹងមិននៅស្ងៀមនោះទេ។ក្នុង​ឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ខ្លាំងៗថា ដរាបណានៅតែ​មាន​ការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​ និងគំរាមកំហែង មកលើសុខសន្តិភាពដែលកម្ពុជាកំពុងមាន ខឿនការ​ពារ​ជាតិ​ប្រជាជន​ត្រូវ​តែ​បន្ដ ដរាបណាការគំរាមកំហែងមិនទាន់រលាយសាបសូន្យ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ​ការជម្លៀស​ពលរដ្ឋ​ខ្មែរ​ជិត​៥​ពាន់​នាក់​បញ្ជាក់ច្បាស់​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ដែន​ដីកម្ពុជា

2025/07/20 12:35:43 pm        393
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការ​ជួប​ជុំ​គ្នា ​នៃមហាគ្រួសារខ្មែរ ជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នា​លើក​ទី​១ ក្នុងកម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ គឺ​ដើម្បី​បង្ហាញ​ពី​កម្លាំង​សាមគ្គីជាតិ និងគាំទ្រដល់កងទ័ព​ជួបមុខ​ដែល​បាន​លះ​បង់​ទាំង​យប់​ទាំង​ថ្ងៃ​ការពារ​ដែន​ដី​កម្ពុជាពីចោរឈ្លានពាន ខណៈបច្ចុប្បន្នពលរដ្ឋ​ខ្មែរជិត​៥​ពាន់​នាក់​ហើយ​បាន​ជម្លៀស​ចេញ​ពី​តំបន់​មាន​វិវាទ​មក​កាន់តំបន់សុវត្ថិភាពក្នុងខេត្តព្រះវិហារ ដែលនេះបញ្ជាក់យ៉ាង​ច្បាស់​ពី​លទ្ធផល​នៃ​ការ​ឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បែបនេះ ក្នុងកម្មវិធី «តស់! យើង​ទៅ​ច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំង​ចិត្ត​ជូន​វីរកងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់​កៀរគរ​មូល​និធិ​គាំទ្រ​វីរក​ង​ទ័ព​ជួរ​មុខ​» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុង​ឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែង​អំណរ​គុណដ​ល់ក​ងទ័​ពជួ​រ​មុខ​ដែរ​លះ​បង់​អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និង​អធិប​តេយ្យ​ជាតិ​កម្ពុជា។ ឯកឧត្តម​ក៏​បង្ហាញ​នូវ​ក្ដី​រំភើប​ដែល​បាន​ឃើញ​ប្រជាជាតិ​កម្ពុជា​សាមគ្គី​រួបរួ​ម​គ្នា​ជា​ធ្លុង​មួយ ដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។ ឯកឧត្តម​បានមានប្រសាសន៍ថា «ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញ​នូវ​ស្មារតី​គាំទ្រ​យ៉ាង​ពេញ​ទំហំ​ពីខឿន​ការពារ​ជាតិ​ប្រជាជន​ទៅ​កាន់​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ ខឿន​ការ​ពារ​ជាតិប្រជាជ​ន​នេះនឹ​ង​នៅ​តែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»។ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​ជា​មហា​គ្រួសារ​ខ្មែរ​ទាំង​មូលមា​ន​ជំនឿ​ទុក​ចិត្ត​ និងគាំទ្រលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការ​គ្រប់​គ្រង​ស្ថាន​ការណ៍​ជា​មួយ​ភាគីថៃ ទាំងលើការដ្ឋានការទូត ការដ្ឋានច្បាប់ និងការដ្ឋានយោធា​ក្នុង​ការ​ការពារ​ទឹក​ដី​ខ្មែរ​។ ជាមួយគ្នានេះដែរក្នុងនាមប្រជាពលរដ្ឋខ្មែរ ឯកឧត្តម បានថ្លែងអំណរគុណ និង​កោត​សរសើរ​ដល់​ទឹកចិត្តមុះមុតកា្លហាន លះបង់ការពារបូរណភាពទឹកដី ដាច់ខាតមិនឱ្យ​ខ្មាំង​សត្រូវ​ឈ្លាន​ពាន​បាន​ដោយងាយនោះទេ៕

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ អញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ”

2025/07/20 12:13:19 pm        608
នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ (The 3rd Mekong Tech Festival 2025) ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ” នៅ Factory Phnom Penh នឹងនាំអនាគតបច្ចេកវិទ្យាឌីជីថលនៃពិភពលោកមកបង្ហាញជូនសាធារណជនរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥។ មហោស្រពនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈសេរី សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា មហោស្រពនេះ គឺជាកាតាលីករក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខថែមទៀត តាមរយៈការចូលរួមរបស់យុវជនជំនាន់ក្រោយ សិស្ស-និស្សិត ដែលស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថាព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការកើនឡើងនៃការគាំទ្រ និងចំណូលចិត្តរបស់យុវជននិងប្រជាពលរដ្ឋចំពោះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះ គឺការផ្តោតលើការរៀនដោយផ្ទាល់ ការអនុវត្តជាក់ស្ដែង និងឱកាសបង្កើតបណ្តាញទំនាក់ទំនង ហើយក៏ជាការប្រមូលផ្តុំសិស្ស និស្សិត សហគ្រិនវ័យក្មេង អ្នកជំនាញដែលមានបទពិសោធ និងវិនិយោគិន ដើម្បីចែករំលែកគំនិតច្នៃប្រឌិតថ្មី នវានុវត្តន៍ និងការចែករំលែកចំណេះជំនាញលើបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខ រួមមាន បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ប្លុកឆេន និងរូបូត ជាដើម។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តជាពិសេសឱ្យសិស្ស-និស្សិត និងអ្នកជំនាញវ័យក្មេងទាំងអស់ ចូលរួមប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យាឌីជីថលនវានុវត្តន៍យុវជនចតុមុខ (Chaktomuk Junior Innovative Tech Competition) ដើម្បីបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត ព្រមទាំងយកចិត្តទុកដាក់ស្តាប់មតិយោបល់របស់វាគ្មិនដែលសុទ្ធតែមានចំណេះជំនាញខាងផ្នែកបច្ចេកវិទ្យាឌីជីថលព្រមទាំងអង្កេត និងដកស្រង់បទពិសោធក្នុងការប្រើប្រាស់បច្ចេកវិទ្យាខាងលើឱ្យអស់លទ្ធភាព និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

TOP STORY | សម្ដេចតេជោផ្ដាំទៅថាក់ស៊ីនថា សម្ដេចទេដែលជាអ្នក​មិន​ចង់​និយាយ​ជា​មួយ​ថាក់​ស៊ីន​ចាប់​តាំង​ពី​កូន​ស្រីរបស់​អ្នក​ឯងព្រហើន!

2025/07/20 12:09:06 pm        391
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥នេះ បាន​បង្ហោះ​សារផ្ដាំទៅលោក​​ថាក់ស៊ីនថា សម្ដេចទេ​ដែលជាអ្នកមិនចង់និយាយជាមួយលោក ថាក់​ស៊ីន​ ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេ​ដែល​ជា​អ្នក​មិន​ចង់​និយាយ​ជាមួយ​ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើស​ពី​នោះ​ខ្ញុំ​ក៏​មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹង​កំពុង​ត្រៀម​ជាប់​ទោស​បន្ថែម​ទៀត​ផង​ដែរ ​ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ»!សម្ដេច​តេជោបាន កត់សំគាល់ថា ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃ​មាន​ភាព​ច្របូក​ច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយសម្ដេច​ក៏​មិន​ចង់​លើក​រឿង​អ្នក​ឯង​ប្រមាថ​ធ្ងន់​ៗ​លើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំ​តែ​ធ្វើ​ឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែ​គ្នា​អ្នក​ឯង​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​មែន​។សម្ដេចតេជោបានថ្លែងថា ប៉ុន្មានថ្ងៃមុនលោក (ថាក់ស៊ីន) និយាយ​ថា​អ្នក​ដឹក​នាំ​កម្ពុជា​ពុំ​មាន​សីលធម៌​ទេ​។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មាន​វិជ្ជា​ជីវៈ​ដែល​ជា​មូល​ហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។សម្ដេច​តេជោបញ្ជាក់ថា៖ «ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វី​បាន​ជា​លោក​ពឹង​ពាក់​ខ្ញុំ​អស់​រយៈ​ពេល​១៩​ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។ លោក​ចាំ​បានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពី​គំ​និត​មួយ​ចំនួន​នៅ​មាន​ទ្រឹស្តី​មួយគឺ (ថាក់ស៊ីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំ​គួរ​តែ​រំលឹក​ដល់លោក។ នៅមានរឿង​ច្រើន​ណាស់​ដែល​ខ្ញុំ​មិន​ទាន់​និយាយ​រាប់​ទាំង​ការ​តែង​តាំង​សមាជិក​រដ្ឋាភិបាលផងដែរ»។សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ការចោទប្រកាន់ថា លោក (ថាក់ស៊ីន) ដឹកនាំបក្សភឿថៃ គឺ​ជា​រឿងពិតរាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិន​មែន​ជា​គំនិត​អ៊ុង​អ៊ីន​ទេ​៕

ខេត្តប៉ៃលិនលែងកូនត្រីចម្រុះ និងមេពូជចំនួនជាង ២០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១កក្កដា

2025/07/20 11:46:00 am        317
ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តប៉ៃលិន បានប្រារព្ធពិធី​អបអរ​សាទរ​ទិវា​មច្ឆា​ជាតិ​ ១កក្កដា ២០២៥ ព្រមទាំងបានលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០​ក្បាល​ នៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងពិធីនេះដែរ ក៏​មាន​ការ​អញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តី​រាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្នុង​ស្ថាន​ភាព​ នៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និង​កំណើន​ប្រជា​ជន​នា​ពេល​បច្ចុប្បន្ន​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ ក្នុង​នោះ​អនុ​វិស័យ​ជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សា​និរន្តរភាព​នៃ​កំណើន​សេដ្ឋ​កិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ ហើយក៏​ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀត នៅ​តែ​ជា​អាហារ​យ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។លោ​ក​ជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ​ទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការ​អភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និង​បំផុស​ស្មារតី​ ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ព្រមទាំង​ផ្តល់​អនុសាសន៍​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង​ទេសចរណ៍​ធម្មជាតិ។នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍​ជំរុញ​ដល់​ខណ្ឌ​រដ្ឋ​បាល​ជលផល ត្រូវរៀបចំដាក់ស្លាកកន្លែងអភិរក្សជលផលឱ្យបានច្បាស់លាស់ ដោយ​សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើ​សកម្ម​ភាព​គ្រប់​គ្រង​កន្លែង​អភិរក្ស​ជល​ផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នា បង្ក្រាបបទល្មើសជលផល និង​ទប់ស្កាត់រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់​ធន​ធាន​ធម្មជាតិ​របស់​យើង​ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រ ឱ្យប្រជាពលរដ្ឋ ធ្វើ​ការ​ចិញ្ចឹម​ត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគ​លើ​ការ​ងារ​ចិញ្ចឹម​ត្រី​ដែល​មាន​តម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការកែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកន្ធរ ត្រី​ក្រាញ់​ និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងនៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិត​ក្នុង​ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលត្រូវបានសាងសង់ឡើង ដោយ​ក្រសួង​ធន​ធានទឹក និងឧតុនិយមក្នុងឆ្នាំ១៩៩៩ និងជួសជុលឡើងវិញក្នុងឆ្នាំ២០១៣ សំណង់​នេះ​មាន​បណ្តោយ ៦៣,៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ សាងសង់ក្នុងគោលបំណងស្ទាក់ និងបង្វែរទឹក​ពី​ស្ទឹង​ចូល​ប្រឡាយមេ ដើម្បីស្រោចស្រព ដំណាំកសិកម្ម ពិសេសដំណាំស្រូវ ហើយបច្ចុប្បន្ន​សំណង់​នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរដូវវស្សាចំនួន ២ ៩៥៦ហិកតា រដូវប្រាំង​ចំនួន​ ៥០០ហិកតា និងដំណាំរួមផ្សំជាង ៣៥០ហិកតា ដែមានចំនួន ០៤ភូមិ រួមមាន៖ ភូមិទំនប់ ឃុំ​ស្ទឹងត្រង់ ភូមិភ្នំស្ពង់ ភូមិភ្នំកុយ -សំបូរ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់

2025/07/20 11:06:42 am        406
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​មហា​គ្រួសារ​ខ្មែរដែលបានជួបជុំគ្នា ក្នុងកម្មវិធី «តស់! យើងទៅច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំង​ចិត្ត​ជូន​វីរ​ក​ងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ» នៅ​ពហុ​កីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ, ក្នុងឱកាសនេះ​សម្ដេច​ធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ នៅជាមួយកងទ័ពជួរមុខ និង​គាំទ្រ​គ្រប់​មធ្យោបាយទាំងអស់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែល​បាន​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ខណៈ​សកម្មភាពនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុង​ឈរ​យ៉ាង​រឹង​មាំ​ប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិប​តេយ្យ​ភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងនាមប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជា​ប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយ​គណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំង​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះកម្ពុជា ក៏បានត្រៀម​លក្ខណៈរួ​ច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ដោយ​កងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែល​មាន​ការ​រំលោភ​បំពាន​ដោយ​គគ្លើន​លើ​ដែន​អធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។តាមរយៈការជួបជុំ សាមគ្គីគ្នារបស់មហាគ្រួសារខ្មែរ សម្ដេចធិបតីបានបញ្ជាក់ថា «សំឡេងតែមួយ ទឹក​ចិត្តតែមួយ ឆន្ទៈតែមួយមហាសាមគ្គី ផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល ពិសេស​វីរ​កង​ទ័ព​ជួរ​មុខ​។ ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ គោលបំណងតែមួយ គឺការពារ​ជាតិ​ ការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ»។ក្នុងឱកាសនេះ សម្ដេច​នាយករដ្ឋ​មន្រ្ដី​ក៏​ជូន​ពរ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ជួរ​មុខ​កម្ពុជាទាំ​ង​ខ្សែ​ត្រៀម​ និងខ្សែគាំទ្រដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និង​មេ​បញ្ជា​ការ​គ្រប់ជាន់ថ្នាក់។ សម្ដេចបានបញ្ជាក់ថា៖«បងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​ចង​ចាំ​ជាក់​ថា​ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និង​បន្ត​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM
លោក Trump បញ្ជាក់ថា មិនបានពិភាក្សាអំពីពន្ធគយ អំឡុងជំនួបកំពូលជាមួយលោក Xi ទេ
05/16/2026 03:05 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំ​​ UN រិះគន់សំណើ​​សេចក្តីសម្រេចរបស់អាមេរិក ស្តីពីច្រកសមុទ្រ Hormuz
05/16/2026 03:05 PM
កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី
05/16/2026 03:05 PM