សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

យុវជន៖ ថៃកំពុងបាត់បង់ជំនឿទុកចិត្តពីអន្តរជាតិ បន្ទាប់ពីថៃលុបចោល MoU2001 ជា​មួយ​កម្ពុជា​

2026/05/06 04:29:34 pm        178
ក្រុមនិស្សិតកម្ពុជាកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ យល់ឃើញថា អ្នកនយោបាយថៃ កំពុង​បង្ហាញ​អំពី​កង្វះក្រមសីលធម៌វិជ្ជាជីវរបស់ខ្លួន បន្ទាប់ពីថៃ​ចាក់​ចេញ​ពី​អនុស្ស​រណៈ​យោគ​យល់​គ្នា​ឆ្នាំ​២​០០១ ឬហៅថា MoU2001 ជាមួយកម្ពុជា។ ហើយ​ក៏​កំពុង​បង្ហាញ​អំពី​ការ​បាត់​បង់​ជំ​នឿ​ទុក​ចិត្ត​ពី​សហគមអន្តរជាតិ ក៏ដូចជា ប្រទេសជិតខាង។ ការលុបចោល MoU2001 របស់ថៃ​នេះ​គឺ​យុវជន​កម្ពុជា​ទាំងអស់គួរចង់ចាំជានិច្ច។ កាលពីម្សិលម៉ិញ រដ្ឋាភិបាលថៃបានសម្រេចលុបចោល MoU2001 គឺជាយន្ត​ការ​មួយ​ដើម្បី​រក​ដំណោះ​ស្រាយ​តំបន់ទាមទាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ។ ក្រុមនិស្សិតកម្ពុជា បានយល់​ឃើញ​ថា ​ការដើរចេញពី MoU2001របស់ថៃ ជាមួយកម្ពុជា គឺបង្ហាញពី​ការ​បាត់​បង់​ជឿ​ទុក​ចិត្ត​ពី​សហគមន៍​​អន្តរជាតិ ក៏ដូចជា ប្រទេសជិតខាង ជាមួយរដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ន។ ការ​បាត់​បង់​ទំនុក​ចិត្តព្រោះ តែភាគីថៃលុប MoU2001 ជាមួយកម្ពុជា ដោយឯកតោភាគី ដែលនេះ​បង្ហាញ​អំពី​កង្វះ​ក្រម​សីលធម៌វិជ្ជាជីវៈរបស់អ្នកនយោបាយថៃ។ ទោះបីយ៉ាងណា ក្រុមនិស្សិតទាំងនោះ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​យក​យន្ត​ការ​ដោះស្រាយដោយសន្តិវិធី ដែលយកច្បាប់​អន្តរជាតិ​ជា​គោល​ក្នុង​ការ​ស្វែង​រ​ក​ដំណោះ​ស្រាយ​ជា​បណ្តាប្រទេសជិតខាងប្រកបដោយសន្តិភាព។សូមបញ្ជាក់ថា បន្ទាប់ពីថៃលុបចោល MoU2001ជាមួយកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​នឹង​ប្រើ​ប្រាស់យន្តការនៃការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ដែល​ស្ថិត​នៅ​​ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​តំបន់​ទាមទារដែ​​នសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ឬហៅថា MoU2001៕ អត្ថបទ៖ ធូ វិរៈ

សមយុទ្ធទ្វេភាគីរវាង កងទ័ពជើងគោក កម្ពុជា-ឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានចាប់ផ្តើមជាផ្លូវការ

2026/05/06 04:27:34 pm        191
នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា បានរៀបចំពិធីបើកជាផ្លូវការ សមយុទ្ធ CINBAX II នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន និងលោកវរសេនីយ៍ឯក ABHISHEK ARORA បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា–ឥណ្ឌា ដែលបានបន្តពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងសមយុទ្ធរួមនានា។ សមយុទ្ធ CINBAX II នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើនទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។

រដ្ឋសភាកម្ពុជា ប្រាប់ឡាវ ថា ទោះថៃលុប MOU ២០០១ ជាឯកតោភាគី តែកម្ពុជានៅតែរក្សាជំហរដោះស្រាយទំនាស់ផ្អែកលើច្បាប់អន្ដរជាតិ

2026/05/06 04:23:50 pm        77
ប្រធានរដ្ឋសភាជាតិកម្ពុជា បានថ្លែងប្រាប់ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ថា បើទោះបីជាភាគីថៃ សម្រេចលុប MOU ២០០១ ជាឯកតោភាគីក្ដី តែកម្ពុជា នៅតែរក្សាជំហរដោះស្រាយតំបន់ត្រួតស៊ីគ្នាដែនសមុទ្រ ដោយផ្អែកលើច្បាប់អន្ដរជាតិ។ ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអនុញ្ញាតជូនឯកឧត្ដម សនសៃ វ៉ានណាសៃ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា។ ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភាកម្ពុជា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តឯកឧត្ដម ឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចប្រធានរដ្ឋសភា បានជម្រាបជូនអំពី ការសម្រេចលុបចោល ជាឯកតោភាគី របស់គណៈរដ្ឋមន្រ្ដីប្រទេសថៃ នូវអនុស្សារណៈ នៃការយោគយល់គ្នារវាងកម្ពុជា និងថៃ (MOU 2001) ស្ដីពីដែនសមុទ្រ នៃប្រទេសទាំងពីរ។ សម្ដេចប្រធាន បានបញ្ជាក់ថា កម្ពុជា សោកស្ដាយ ចំពោះការសម្រេចជាឯកតោភាគី ហើយនឹងប្រើប្រាស់យន្ដការ នៃការផ្សះផ្សារ ដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) នៅក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ។ ជំហររបស់កម្ពុជា គោរពច្បាប់អន្ដរជាតិ ដោះស្រាយបញ្ហាដោយសន្ដិវិធី និងគោរព ឲ្យតម្លៃខ្ពស់បំផុត លើសុខសន្ដិភាព និងអាយុជីវិតប្រជាពលរដ្ឋ។មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្ដម សនសៃ វ៉ានណាសៃ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្ដេចប្រធានរដ្ឋសភា និងប្ដេជ្ញាចិត្ត នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ បម្រើដល់ប្រយោជន៍ នៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ហើយពាក់ព័ន្ធ នឹងការលុប នូវអនុស្សរណៈ នៃការយោគយល់គ្នា រវាងកម្ពុជា និងថៃ (MOU 2001) ស្ដីពីដែនសមុទ្រ ឯកឧត្ដម អះអាងថា នឹងបន្តតាមដានករណីនេះ ដោយយកចិត្តទុកដាក់ផងដែរ៕អត្ថបត ៖ លៀ ស៊ីណា

គណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែងនៅក្រសួងកិច្ចការនារី

2026/05/06 04:19:39 pm        125
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងកិច្ចការនារី ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ ដោយឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។ ជាក់ស្តែងក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងកិច្ចការនារី នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងកិច្ចការនារី។ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងកិច្ចការនារី ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ពោលគឺថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៦ នៅអគារនៃទីស្តីការក្រសួងកិច្ចការនារី ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿន។ ដំណើរការនៃការចុះជំរឿននេះ ថ្នាក់ដឹកនាំ និងមន្ត្រីត្រូវតែមានវត្តមានដោយផ្ទាល់ ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (ករណីមិនមានអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ)។សូមជម្រាបថា ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីនស្អែកនេះ

2026/05/06 04:16:43 pm        115
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផល ប្រយោជន៍រួម៕

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ ថៃកំពុងបាត់ទំនុកចិត្តលើឆាកអន្តរជាតិបន្ទាប់ពីលុបចោល MoU 2001

2026/05/06 04:02:36 pm        306
ការសម្រចលុបចោល MoU 2001 ជាឯកតោភាគីរបស់ប្រទេសថៃ បានធ្វើឱ្យប្រទេស​ថៃ​បាត់​ទំនុក​ចិត្ត​លើ​ឆាក​អន្តរជាតិ ព្រោះបណ្តាប្រទេសផ្សេងៗយល់ថា ប្រទេសនេះ​​ធ្វើ​អ្វី​តាម​តែ​នយោបាយ​ប្រជាភិថុតិ។បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី០៦ ខែឧសភា នេះ បានប្រាប់BTVថា ការ​លុប​ចោល MoU 2001 របស់ភាគីថៃ គឺជាការរុះស្ពានសន្តិភាពរវាងកម្ពុជា-ថៃ បាន​បង្កើត​ឡើង​ក្នុង​រ​យៈពេលជាង ២០ឆ្នាំ ដែលជាឯកសារផ្លូវច្បាប់​តែ​មួយ​គត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តំបន់​ទាម​ទារត្រួតស៊ីគ្នានៅឯឈូងសមុទ្រ និងម្យ៉ាងវិញទៀត ការលុប MOU ជា​ឯក​តោភាគី​របស់​ប្រទេស​ថៃ ​បានឱ្យប្រទេសថៃខ្លួនឯងបាត់ទំនុកចិត្តលើឆាកអន្តរជាតិ ព្រោះប្រទេសផ្សេងៗទៀត គេ​លែង​ហ៊ានទៅចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ បើសិនបើប្រទេសមួយនេះ ចង់ចេញចូល ដោយ​ផ្អែកទៅតាមន យោបាយប្រជាភិថុតិ។លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងបន្តទៀតថា ជាក្រប​ខណ្ឌ​នៃ​ធម្ម​នុញ្ញអា​ស៊ាន គឺអាស៊ានមិនមែនកងកម្លាំងយោធារបស់ខ្លួនដូចជា ក្របខណ្ឌ EU ឬអង្គការ​ណាតូ​នោះ​ទេ អាស៊ានគឺការលើកកម្ពស់ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្ត​ការ​កាទូត ​និងច្បាប់អន្តរជាតិ ដោយមិនតំរូវឱ្យរដ្ឋជាសមាជិកប្រើកម្លាំងបាយនោះទេ ប៉ុន្តែ​ភាគី​ថៃ​ជា​ស្ថាបនិក​អាស៊ាន កំពុងតែធ្វើឲ្យអាស៊ានបែកបាក់ បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះ ហើយ​ជា​ពិសេស ​គឺថៃកំពុងបំផ្លាញនូវអំណាចចចារនៅក្នុងតំបន់អាស៊ាន ដោយហេតុថា អាស៊ាន​មាន​ការ​បែក​បាក់ ​មានជម្លោះអធិបតេយ្យ ជម្លោះដែនដី ដែនទឹកជាមួយគ្នា បានធ្វើឲ្យ​កំលាំង​អាស៊ាន​បែក​បាក់​ម្លោះហើយកម្លាំងនៃការចចារជាមួយនិងដៃគូខាងក្រៅក៍មានការថយចុះដែរ។នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​លុប​ចោលអនុស្សរណៈ នៃការយោគយល់ឆ្នាំ២០០១ (MOU 2001) ឬហៅថា MoU 44 ដែល​ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ជាឆ្លើយត​ប​នឹង​ទៅ​ប្រទេស​ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងស​ហ​ប្រតិប​ត្តិ​ការ​អន្តរ​ជាតិ បានចេញវិឌីអូឃ្លីប ដោយបានថ្លែងថា កម្ពុជាមិនមានជម្រើស​អី​ប្រសើរ​ជាង​ការ​ផ្ដើម​គំនិត​ជំរុញ​នូវ​យន្ត​ការ​ផ្សះ​ផ្សាដោ​យ​បង្ខំ​ក្រោម​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ដែល​បាន​សម្រេចនៅឆ្នាំ១៩៨២ ។ហើយការបញ្ចប់ឬការដកខ្លួនចេញពី អនុស្សរណៈ​នៃ​ការ​យោគ​យល់​ឆ្នាំ ២០០១របស់ប្រ​ទេស​ថៃ​នេះ​មិន​ប៉ះពា​ល់​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា​លើ​ដែន​សមុទ្រ​របស់​ខ្លួននោះទេ ការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បញ្ជាក់​សាជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​នៅ​ក្នុង​ការ​ដោះស្រា​យគ្រ​ប់​វិវាទ​ទាំង​អស់​ជា​មួយ​ប្រទេស​ជិតខាងដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ»៕ អត្ថបទ៖ ទូច សោភ័ណ

ចក្រភពអង់គ្លេសប្រកាសបានផ្តល់ជំនួយ ១.៦ លានផោនរយៈពេល១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា

2026/05/06 03:32:45 pm        165
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមរយៈជំនួយនេះ រំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះផ្ទៃដីចំនួន ៨៩០,៣00 ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់ ព្រមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤០០០វគ្គ ដល់ប្រជាជនជាង ៤៤.២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។ជាមួយគ្នានោះ ចក្រភពអង់គ្លេស នឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយនឹងគ្រួសារបន្ថែមប្រមាណជាង ៥០០ ទៀត។តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅតែរឹងមាំ និងមិនមានការផ្លាស់ប្តូរឡើយ អស់រយៈពេល ៤ ទសវត្សរ៍មកនេះ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ អង់គ្លេស នៅតែបន្តឈរជាមួយកម្ពុជា លើសពីភាពជាដៃគូ ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចការមនុស្សជាតិ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងដំណើរសកម្មភាពមីនរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីន។ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយប្រមាណជា ៦៥ លានផោន៕

រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦

2026/05/06 03:31:25 pm        137
រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយ​បាន​ទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែន​កម្ពុជា​-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែ​ទោះ​បី​យ៉ាង​ណាក៏​មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែល​ទើប​ដាក់​ចេញផ្លូវការបាន​បង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែល​ធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួប​ផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើ​ប្រាស់​ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការ​បង្វែរ​ប្រាក់​ឯកជន ទេសចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំចេញ​កសិផល​កម្ពុជា​ជា​ដើម និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះ ពាល់ខ្លី​ទៅ​លើ​វិស័យ​មួយ​ចំនួន​។ជុំវិញការជះឥទ្ធិពលខាងលើ, បើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ​រាជរដ្ឋាភិបាលបានធ្វើ ការវាយតម្លៃសារជាថ្មី នៅលើវិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​រួម​មាន​៖ ​វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ក្នុងនោះ ចំពោះ​វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២​០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ដោយសារ​កំណើន​ថម​ថយ​ជាង​ ការរំពឹងទុកនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នៅ​រក្សា​បាន​ស្ថិរភាពកំណើន ខណៈដែលវិស័យ នេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។ចំណែកវិស័យសេវាកម្ម ត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុង​អត្រា​កំណើន ​២,៦% (ខណៈនៅដើម ឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%), ចំណែកនិន្នាការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ការថមថយនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូប អាហារ (ទេសចរណ៍) និង​កំណើនថមថយនៃអនុវិស័យលក់ដុំ-រាយ និងអចលនទ្រព្យ ដែលបង្ក​ឡើង​នូវ​ឥទ្ធិពល​ផ្ទួន​ៗ​គ្នា។​ ដោយឡែកវិស័យកសិកម្មក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយក្នុងអត្រា ០,៧% ដោយសារនិន្នាការថមថយនៃគ្រប់អនុ- វិស័យគាំទ្រកំណើន ស្របពេលនៅដើមឆ្នាំ វិស័យ​នេះ​ត្រូវ​បានរំពឹងថា ០,៩%។សូមបញ្ជាក់ថា ទោះបីវិស័យនឹងអាចថមថយ តែអនុវិស័យ​មួយ​ចំនួន​នៅ​បន្ត​មាន​កំណើន​ល្អ​ដូច​ជា៖​ អនុវិស័យកាត់ដេរ នឹងអាចបន្ត មានកំណើនល្អក្នុងអត្រា ៨,៦%, អនុវិស័យកម្ម​ន្តសាល​មិន​មែន​កាត់​ដេរ ​អាចរក្សាកំណើនក្នុងរង្វង់ ៨,៥% ដោយការរំពឹងទុកនៃនិន្នា ការល្អ​នៃ​ផលិត​កម្ម​បម្រើ​ទីផ្សារ​នាំចេញ ខណៈវិស័យសំណង់អាចបន្តក្នុងល្បឿនយឺត។ ក្រៅពីនេះ​អនុវិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ ក៏នឹងបន្តកំណើនល្អ ខណៈអនុវិស័យលក់ដុំ-រាយ និង​អនុ​វិស័យ​ដឹក​ជញ្ជូន និងស្តុក អាចថមថយកំណើនបន្តិចបន្ទួច។ជុំវិញបញ្ហាខាងលើនេះ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើកឡើងថា ទោះបីកម្ពុជាជួបបញ្ហាប្រឈមខ្លះៗក្តី តែ​ទីផ្សារ​នាំ​ចេញ​ទំនិញសំខាន់ៗនៅតែមានភាពធន់ ក្នុងការបន្តជ្រោមជ្រែងដល់ ទីផ្សារនាំចេញ ខណៈ​រាជ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួនសមស្រប ទប់ទល់និងផលប៉ះពាល់ដូចជា ការកើនឡើង​នូវ​ភាព​តាន់​តឹង​នៃ​ភូមិសាស្រ្តនយោបាយ និងការរីកដុះដាលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលប៉ះ​ពាល់​ដល់​ខ្សែច្រ​វាក់​ផលិត​កម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

2026/05/06 03:14:47 pm        221
មន្ទីរបរិស្ថានខេត្តកោះកុងសូមបញ្ជាក់ជូនថា បានបញ្ជាក់ថាតំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួន បានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន ខ្ទម និងតូបលក់ដូរចំនួន ២៥តូប រោងលម្ហែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។ កន្លងមកានេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើក ឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទម នៅទីតាំងដំណាក់ក្បូន និងតាមដងផ្លូវជាតិលេខ១០ និងបានចុះផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលទន្ទានកាន់កាប់ដីចំនួន២លើករួចមកហើយដែរ។ ប្រជាពលរដ្ឋមួយចំនួន ក៏បានរុះរើចេញដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅមានជនខិលខូចរឹងរូសមួយចំនួនតូចប៉ុណ្ណោះ មិនព្រមរុះរើ និងចាកចេញ ដោយសំអាងមានមេក្លោងនៅពីក្រោយ។ដូចគ្នាដែរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាព ស្រុកមណ្ឌលសីមា បន្តចុះអនុវត្តច្បាប់ធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនោះ និងចាត់វិធានការចំពោះមេក្លោង ឱ្យបញ្ឈប់បោកប្រាស់ប្រជាពលរដ្ឋ មកតាំងទីលំនៅខុសច្បាប់តទៅទៀត។ គួរបញ្ជាក់ថា ការទន្ទ្រាន កាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិ គឺត្រូវរងការផ្តន្ទាទោសតាមមាត្រា ៨៥១ ចំណុច(ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕

កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

2026/05/06 03:04:37 pm        178
កម្ពុជានាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទឹកប្រាក់សរុបប្រមាណជាង ៥,៧លានដុល្លារអាមេរិក កើន ឡើងជិត ៧៥ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុង​នោះ​ទីផ្សារ​សហរដ្ឋអាមេរិកបានស្រូបយកជិត ៨០ ភាគរយ នៃការនាំចេញ សរុប។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ ការនាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៥,៧ លានដុល្លារអាមេរិក កើនឡើង ជិត ៧៥ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២៥ (ដែលបាននាំចេញត្រឹម ៣,២ លានដុល្លារអាមេរិកប៉ុណ្ណោះ) ដែល​នេះ​បាន​បង្ហាញនូវនិន្នាការនាំចេញកើនឡើង គាំទ្រដល់ការនាំចេញបន្ទះសូឡារបស់កម្ពុជា។ចំពោះប្រទេសដែលកម្ពុជាបាននាំចេញបន្ទះសូឡារួមមាន៖ សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៤,៥ ​លានដុល្លារ កើនជាង ១.២០០ ភាគរយ, ប្រទេសឡាវ ជាង ៨៣ ម៉ឺនដុល្លារ កើន ១១៣ ភាគរយ, ហ្គាណា ជាង ១៤ ម៉ឺនដុល្លារ (ទីផ្សារថ្មី), តៃវ៉ាន់ និង ខេត្តមួយចំនួននៃប្រទេសចិន ជាង ១០ម៉ឺនដុល្លារ ថមថយជាង ៤០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ក្រៅពីនេះ កម្ពុជា​បាននាំចេញទៅទីផ្សារថ្មីៗផ្សេងទៀតដូចជា ម៉ាឡេស៊ី អេស្បាញ ហូឡង់ និង​អូស្រ្តាលី​ជា​ដើម ​ដែលបានកំពុងគាំទ្រដល់ការនាំ ចេញផលិតផលបន្ទះសូឡានេះ។ជុំវិញការនាំចេញបន្ទះសូឡានេះដែរ កម្ពុជាបាននាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក មាន​ភា​​ពលេចធ្លោជាងគេ ជាក់ ស្តែងការនាំចេញនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋអាមេរិ​ក​បាន​ស្រូប​យកផលិតផលបន្ទះសូឡា ត្រូវប្រមាណជិត ៨០ភាគរយ នៃការនាំ​ចេញ​បន្ទះ​សូឡា​សរុប​របស់​កម្ពុជា។សូមបញ្ជាក់ថា ទីផ្សារសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំមួយ ដោយបាននិងកំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​កំណើន​នៃការនាំចេញទំនិញរបស់ កម្ពុជា ជាក់ស្តែងនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋ​អាមេរិកបានស្រូបយកទំនិញគ្រប់ប្រភេទរបស់កម្ពុជា មានទឹកប្រាក់សរុប ប្រមាណជាង ៣,៣ ពាន់​លានដុល្លារ កើនជាង ៣៨ ភាគរយ នៃការ​នាំ​ចេញ​សរុប​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM