សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន ខណៈខេត្តកំពុងកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនធំជាងគេលើផ្ទៃដី៥០ហិកតា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
អភិបាលរាជធានីភ្នំពេញជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ

ព័ត៌មានជាតិ

ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ

2025/07/20 07:40:22 pm        989
ក្នុងគោលបំណងមនុស្សធម៌ និងទោះបីជាប្រទេសថៃបិទច្រកព្រំដែនជាឯកតោតភាគីតាំងពីថ្ងៃទី៧ ខែមិថុនា, អាជ្ញាធរកម្ពុជាតាមរយៈស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសម្រេចសម្រួលបើកច្រកទ្វារព្រំដែន អនុញ្ញាតដល់វីរៈសេនីយ៍ឯក កនវរ៉ានុន ក្លាន់ព្រំសុវណ្ណ អនុព័ន្ធយោធាថៃប្រចាំនៅរាជធានីភ្នំពេញ រួមដំណើរជាមួយមនុស្សពីរនាក់ ធ្វើដំណើរ តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីក ដើម្បីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។ អនុព័ន្ធយោធាថៃរូបនេះបានឆ្លងកាត់ព្រំដែនកម្ពុជាថៃ និងគ្រោងត្រឡប់មកវិញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥, រដ្ឋាភិបាលថៃបានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគីដោយមិនមានការជូនដំណឹងជាមុន និងក៏គ្មានការពិភាក្សាជាមួយភាគីកម្ពុជាឡើយ។ កម្ពុជាគ្រាន់តែអនុវត្តវិធានការបិទច្រកព្រំដែនរបស់ខ្លួនតាមក្រោយថៃប៉ុណ្ណោះ។  កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «កម្ពុជាចង់បានសាមញ្ញបំផុត រឿងបើកច្រកនេះសុំតែ ៣ លក្ខខណ្ឌ ហើយសោរប្រគល់ឱ្យភាគីថៃហើយ បើកចុះមិនចាំបាច់អង្គុយចរចាទេ។ ទី១៖ ថៃប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា, ទី២៖ បើកម្ដង បើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និងទី៣៖ បើកឱ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ពោលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលភាគីថៃអនុវត្តនូវលក្ខខណ្ឌ៣ចំណុចនេះហើយ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោង កម្ពុជានឹងអនុវត្តតាម ពោលគឺបើកគ្រប់ច្រកវិញទាំងអស់។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

2025/07/20 07:33:17 pm        702
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤០៤២ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៨នាក់ ១-ឈ្មោះ FAN TUN ២-ឈ្មោះ WU KWOK HUNG ៣-ឈ្មោះ NG CHUN KEAN KENNY ៤-ឈ្មោះ TANG KING HIN ៥-ឈ្មោះ YANG GUI SHUN ៦-ឈ្មោះ LING JINGHUA ៧-ឈ្មោះ BU LONG និង៨-ឈ្មោះ ZHOU KAI ZHI និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធអនឡាញ (online scam)។ក្រោយពីតុលាការបានពិនិត្យលើរបាយការណ៍របស់សមត្ថកិច្ច លទ្ធផល កោសលវិច័យបឋមលើកុំព្យូទ័រ ទូរសព្ទដៃ ព្រមទាំងពិនិត្យទៅលើភស្តុតាង នានាមួយចំនួនទៀត និងក្រោយពីបានសាកសួរយកចម្លើយជនសង្ស័យ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការឃើញថា ក្រុមជនសង្ស័យដែល ត្រូវបានសមត្ថកិច្ចបង្រ្កាបកាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៣:០០នាទី នៅចំណុចអាគារ DYVITHHOTEL ស្ថិតនៅលើផ្លូវលេខ ១០១១ ភូមិ ឧកញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ពិតជាបានប្រើប្រាស់កម្មវិធីonline scam ដោយមានការផលិតវីដេអូ រូបភាពអាសអាភាស ដោយបង្កើតជា studio ក្លែងខ្លួនជាមន្រ្តីនគរបាល ប្រទេសចិនជំរិតគម្រាមទារប្រាក់ដោយក្លែងឯកសារផ្លូវច្បាប់, ឆបោក (ROMAN SCAM) បង្កើតគណនីបណ្តាញសង្គមក្លែងក្លាយលួងលោម ជនរងគ្រោះវេរប្រាក់។ជាលទ្ធផលព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ខាងលើ និងមេក្លោងផ្សេងទៀតពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមាន ការចាត់តាំង និងក្លែងបន្លំ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៧១០ អ.យឍ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។នៅក្នុងនីតិវិធីស៊ើបសួរ ចៅក្រមបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងពិនិត្យទៅលើភស្តុតាងដែលមានក្នុងសំណុំរឿង មានភាពស៊ីសង្វាក់គ្នា ទៅនឹងចម្លើយរបស់ជនត្រូវចោទ ទើបចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទទាំង៨នាក់ខាងលើជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។ សូមបញ្ជាក់ថា តុលាការនឹងបន្តនីតិវិធី ចោទប្រកាន់លើជនសង្ស័យផ្សេងៗ ទៀតដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះ ដោយមិនលើកលែងឡើយ៕

ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

2025/07/20 06:35:20 pm        984
បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំង​មាន​សមត្ថ​កិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះ​ដែរ​សមត្ថកិច្ច​បាន​ចាត់​វិធាន​ការ​បញ្ជូន​មុខ​សញ្ញា​សង្ស័យ​ចំនួន​១១​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការតាមនីតិវិធី។ ផ្តើមចេញពីលទ្ធផលខាងលើ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួង​សន្តិសុខ​សាធារណៈចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញា ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និង​លទ្ធផល​ជា​ផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ច​សហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប​ និង​បោស​សម្អាត​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំង​លទ្ធ​ផល​ក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូន​សំណុំរឿ​ង​ទៅតុលាការ។ ឯកឧត្តមសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះ​បណ្តា​ញ​ជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនជោគជ័យនៃប្រតិបត្តិការបង្ក្រាបនិងបោសសម្អាតរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសន្តិបណ្ឌិតក៏បានអរគុណភាគីចិនចំពោះកិច្ចសហការ កន្លងមក។ ភាគីទាំងពីរបានពិភាក្សាលើបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហការបន្ថែម ក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំង និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបន្តនីតិវិធីច្បាប់។ ទន្ទឹមនេះ ភាគីចិនបានសន្យានឹងខិតខំប្រឹងប្រែងជួយកម្ពុជាធ្វើយ៉ាងណាចាប់បញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីចិនចាត់ទុកការងារនេះ ជាការងារអាទិភាព៕

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម

2025/07/20 05:04:24 pm        504
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមអនុវត្ត​នូវ​ផែន​ការ​សកម្ម​ភាព​របស់​ខ្លួន​ស្របតាមគម្រោងសកម្មភាពទាំង៥ របស់សមាគមដែលមានគម្រោងអប់រំបណ្តុះបណ្តាល គម្រោង​ចូល​រួមថែរក្សាបរិស្ថាន គម្រោងសុខភាព និងសុវត្ថិភាព គម្រោងវប្បធម៌ សិល្បៈ ប្រពៃណី​និង​ហត្ថកម្ម និងគម្រោងការចូលរួមសកម្មភាពផ្សេងៗ ។ក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៤ សមាគមកាយឫទ្ធិនារី សាខាខេត្តមណ្ឌលគីរី នា​រសៀល​ថ្ងៃទី២០ខែកក្កដានេះ លោកស្រី ឆូវ ផល្លី អគ្គស្នងការរង នៃសមាគមកាយ​ឫទ្ធិ​នារី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិ ពិភពលោក មាន​​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី​ថ្លៃ​ថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជាជា​ព្រះប្រធានកិត្តិយស និង​មាន​លោក​ជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា មាន​គោល​ដៅ​ផ្តល់​ភាពសប្បាយរីករាយ ផ្តល់ការអប់រំក្រៅប្រព័ន្ធ ដល់កុមារី និងយុវតី ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្តលើខ្លួនឯង និងចាប់អារម្មណ៍​ទៅលើបញ្ហាសង្គម។ លោក​ស្រី​អគ្គ​ស្នង​ការ​រង​បាន​បន្ដ​ទៀត​ថា​ ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត​ អគ្គស្នងការ​សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា​បច្ចុប្បន្ន​នេះ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​មាន​សាខា​ចំនួន៧ រួមមាន សាខារាជធានីភ្នំពេញ សាខាខេត្តសៀមរាប ខេត្តកំពត ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី មានសមាជិកទូទាំង ប្រទេស​សរុប​ចំនួន​៨,៤៨០​រូប ក្នុងនោះមានក្រុមកទុំរុយចំនួន ១,១៩៧រូប ក្រុមវឌ្ឍននារីចំនួន ២,១៣១រូប ក្រុម​កាយ​ឫទ្ធិ​នារីចំនួន ៥៧៥រូប និង សមាជិកគាំទ្រចំនួន ៤,៥៧៧រូប។ ហើយ​ជា​និច្ច​កាល​លោក​ជំទាវ​តែង​តែបា​នផ្តល់នូវអនុសាសន៍ ណែនាំតម្រង់ទិស ព្រមទាំងផ្តល់ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​កុមារី និងយុវតី ដែលជាសមាជិកាសកម្ម នៅគ្រប់សាខារាជធានីខេត្ត ។មានប្រសាសន៍ក្នុងឱកាសនោះផងដែរលោកស្រីអគ្គស្នងការរងក៏បានវាយតម្លៃខ្ពស់ និងអ​រគុណ​ដល់​ថ្នាក់​ដឹកនាំ ក្រុមការងារ គ្រូបង្គោល និងសមាជិកគាំទ្រ របស់សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្ត​មណ្ឌលគិរី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ​ទាំងថវិកាពេលវេលាកម្លាំងកាយ កម្លាំងចិត្ត និង​សហការរួបរួមគ្នាដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងប្រកបដោយឆន្ទៈខ្ពស់ ដែល​បាន​ធ្វើ​ឲ្យ​សាខា​ខេត្ត​មណ្ឌលគិរី អាចសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលកន្លងមកនេះ។ លោកជំទាវ​ជឿជាក់ថាក្មួយៗពិតជាបានផ្លាស់ប្តូរ បានអភិវឌ្ឍន៍​ខ្លួនប្រកបដោយភាពជឿជាក់ ក្រោយ​ពី​បាន​ក្លាយជាសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នេះ​ជា​មោទន​ភាព​របស់​សមាគម​កាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងកសាងកុមារី យុវតី ឱ្យក្លាយជាពលរដ្ឋល្អ ដែល​ជា​ទិសដៅ របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕ អត្ថបទ៖ សៅ យ៉ាម៉ង់

ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប

2025/07/20 04:02:45 pm        1020
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការប្រើប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រើប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និងតម្លៃបន្ថែមកម្រិតខ្ពស់។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕

ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង

2025/07/20 03:36:35 pm        395
មជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួង​សុខាភិបាល​ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើក​យុទ្ធនាការ​ផ្តល់​ថ្នាំ​លេប​សមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ពិធីបើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោក​វេជ្ជបណ្ឌិត Zhang Zaixing  តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោក​វេជ្ជ​បណ្ឌិត Mohammad Naeem DURRANI តំណាងអង្គការ UNOPS ប្រចាំកម្ពុជា និងលោក លោក​ស្រី ជាអភិបាលនៃគណៈអភិបាលក្រុង ស្រុក ឃុំ មេភូមិ មន្រ្តីសុខាភិបាលនៃរដ្ឋបាល ខេត្ត-ស្រុក និងអង្គការដៃគូ ជាតិ-អន្តរជាតិ។លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្របានមាន​ប្រសាសន៍ថា យើងពិតជាបានដឹងមកហើយ ជំងឺគ្រុន-ចាញ់​ប្រទេស​កម្ពុជា​ ត្រូវបានកំណត់គោលដៅលុបបំបាត់នៅឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ ដោយ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា នាពេលបច្ចុប្បន្ន និងកំពុងបន្ត​វេន​ដឹក​នាំ​អនុវ​ត្ត​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​នេះ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកប​ដោយ​ថាមពលខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ និងគតិបណ្ឌិតប៉ិនប្រសព្វ។ ផែនការយុទ្ធសាស្រ្តជាតិរបស់ប្រទេសកម្ពុជាយើង គឺជាត្រីវិស័យដ៏ត្រឹមត្រូវដែលប្រទេសយើង សម្រេច​បាននូវសមិទ្ធផលគោលដៅយុទ្ធសាស្រ្តទាំងបីជាបន្តបន្ទាប់៖ ១).បញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំអាតេមីស៊ីនីន សម្លាប់មេរោគគ្រុនចាញ់ តាំងពី​ឆ្នាំ​២០១៥​មក​ដល់​បច្ចុប្បន្ន​ ២).បញ្ឈប់លែងឱ្យមាន មនុស្សស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​តាំង​ពី​ឆ្នាំ​២០១៨​មក​ដល់​បច្ចុប្បន្ន (គឺសម្រេចបានមុនផែនការបីឆ្នាំ) និង ៣). បានលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ដែ​ល​ជាទម្រង់អាចស្លាប់បាន) ចាប់ពីឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន។ បច្ចុប្បន្ននេះ ស្ថាន​ភាព​ជំងឺ​គ្រុន​ចាញ់​គ្រប់ប្រភេទកំពុងស្ថិតនៅក្នុងកម្រិតទាបបំផុត ឈានទៅគ្មាន​ករណី​ជំងឺ​ដែល​ជា​គោលដៅ​ត្រូវ​តែសម្រេចឱ្យបានជោគជ័យ គ្មានគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥នេះ។ ជិត៧ខែ ឆ្នាំ​២០២៥នេះ ជំងឺគ្រុនចាញ់មាន ២៨ករណី ដែលភាគច្រើនជាប្រភេទគ្រុនចាញ់លាប់ ឬវីវ៉ាក់ នៅ​ក្នុងស្រុកសៀមប៉ាងនេះ រួមទាំងគ្រុនចាញ់នាំចូលពីក្រៅប្រទេស។លោកបណ្ឌិត ហ៊ុយ រ៉េកុល បន្តថា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកន្លងមកនេះ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​អបអរ​សាទរ​ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​បង​ប្អូន​យើង​ទាំង​អស់​គ្នា​នៅក្នុងពិធី ដោយសន្យាថា ជំងឺគ្រុនចាញ់​ត្រូវ​តែលែ​ង​មាន​កើត​​ថ្មី​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជាយើង រួមទាំងខេត្តស្ទឹងត្រែងផងដែរ ចាប់ពីដំណាច់ខែ៩ ឬខែកញ្ញា ឆ្នាំ២០២៥​នេះ​តទៅ​។ ដូច្នេះយើងជួបជុំគ្នានាពេលនេះ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីឯកឧត្តម អភិបាលខេត្ត គឺ​ជា​សមិទ្ធផលដ៏ថ្លៃថ្លាបំផុតបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ថា ត្រូវតែគ្មានជំងឺគ្រុនចាញ់ ពិសេស​ចេញ​ដំណើរ​ពី​ស្រុកសៀមប៉ាងនេះ ទៅជាគំរូគេនៅគ្រប់តំបន់។ លោកបណ្ឌិត ក៏សូមរំលេច​ជូន​ជ្រាប​អំពី​ការងារបច្ចេកទេសបន្តិចថា វិធីសាស្រ្តលេបថ្នាំសមូហភាព គឺជាវិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បីការពារខ្លួនពីជំងឺគ្រុនចាញ់ កាត់បន្ថយនិងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។ ហេតុ​នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារនេះ នាពេលចាប់ផ្តើមដំណើរការអនុវត្ត សូមអំពាវនាវ និង​លើកទឹកចិត្តត្រូវចូលរួមធ្វើឱ្យបាននូវចំនុចគន្លឹះមួយចំនួន ដូចខាងក្រោម៖១. អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធនៃផ្នែកសុខាភិបាលឱ្យបានជាប់ជាប្រចាំ រួម​គ្នា​ផ្សព្វ​ផ្សាយជូនព័ត៌មានដល់ប្រជាជនគ្រប់រូបអំពីអត្ថប្រយោជន៍នៃការលេបថ្នាំសមូហភាពនេះ ព្រម​ទាំងសុវត្ថិភាពថ្នាំ និងទំនាក់ទំនងស្រាយរាល់ចម្ងល់ដែលអាចកើតមានជាយថាហេតុ។២. អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងមណ្ឌលសុខភាព ត្រូវ​សហការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និងតាមដានលើសុខភាពប្រជាជននៅក្នុងពេល និងក្រោយពេលលេបថ្នាំជាសមូហភាព។ ៣. អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធនៃផ្នែកសុខាភិបាល ត្រូវកត់ត្រា និង​តាម​ដាន​ច្បាស់​លាស់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៏ ទាំងចំនួនអ្នកបានចូលរួម អ្នកមិន​បាន​ចូល​រួម​ព្រម​ជា​មួយ​មូល​ហេតុ ដើម្បីកំណត់បាននូវរាល់បញ្ហាប្រឈម និងដំណោះស្រាយបានទាន់ពេល។៤. សមត្ថកិច្ចការងារពាក់ព័ន្ធទទួលបន្ទុក ត្រូវរា​យ​ការណ៍​ជា​ប្រចាំ​តាម​រយៈ​បណ្តាញ​ក្រុម​ការងារ​រហូត​ដល់​អភិបាល នៃគណៈអភិបាលខេត្ត ជារៀងរាល់ខែ ឬចាំបាច់។៥. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តយុទ្ធនាការលេបថ្នាំជាសមូហភាព ដែល​នឹង​រៀប​ចំ​ឡើង​ជាប្រចាំក្នុងភូមិរបស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីធានា​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ទាំង​ស្រុង​ក្នុង​មូលដ្ឋានរបស់យើង ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល “គ្មានជំងឺ​គ្រុន​ចាញ់​ត្រឹម​ឆ្នាំ​២០២៥​”៕ អត្ថបទ រដ្ឋា

មេទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របី៖ ការលើកទឹកចិត្ត​របស់​ពលរដ្ឋ​ជា​កម្លាំង​ស្មារតី​ដ៏​រឹងមាំ​សម្រាប់​ពលទាហាន

2025/07/20 03:12:40 pm        943
នៅពេលមានបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកកម្សាន្ត និងលើកទឹកចិត្តកងទ័ពជួរមុខ នៅ​ប្រាសាទ​តាក្របី​បាន​ធ្វើឱ្យកងទ័ពជួរមុខ កាន់តែមានស្មារតីរឹងមាំរឹងមាំ ក្នុងការការពារ​បូរណ​ភាព​ទឹក​ដី និងមានភាពក្លាយហានហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ និងទឹកដី។បញ្ជាក់ប្រាប់ BTV លោកវិរសេនីយឯក ប៊ូ បោន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ឧត្តរ​មាន​ជ័យ​ប្រចាំទិសប្រាសាទតាក្របី បានលើកឡើងថា នៅពេលឃើញបងប្អូនប្រជាពលរដ្ឋច្រើន កុះករ​នាំគ្នាមកសួរសុខទុក្ខកងទ័ពជួរមុខបែបនេះ បានធ្វើឱ្យ​កង​ទ័ព​ជួរ​មុខ​មាន​ភាព​សប្បាយ​រីក​រាយ និងមានសេចក្តីក្លាហាន មានកម្លាំងស្មារតីដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី។ មេ​បញ្ជាការ​រង​រូបនេះបានបន្តទៀតថា ពួកគាត់បានប្តេជ្ញាចិត្តរួចរាល់ ក្នុងការលះបង់​ពលី​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារទឹកប្រាសាទកម្ពុជា​មិនឱ្យ​សម្រូវឈ្លានពានដណ្តើមយកបានឡើយ។ ចំណែក​បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយ ដែលបាន​មក​ដល់​ប្រាសាទតាក្របី និងបានមកលើកទឹកចិត្តកងទ័ពការពារព្រំដែនរបស់កម្ពុជា ដើម្បី​ឱ្យកងទ័ព​មា​​ន​​ភាព​ក្លាហាន​ការពារបូរណភាពទឹកដី។ បងប្អូនប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់​ជឿ​ជាក់​លើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ហើយ​ពួកគាត់នឹង​នៅ​ពី​ក្រោយរាជ​រដ្ឋាភិបាល និង​កង​ទ័ព​ជា​និច្ច​ ពួកគាត់សូមជូនពររាជរដ្ឋាភិបាល និងកងទ័ពជួរមុខទំាងអស់ សូមមានសុខភាពល្អ ហើយ​ក្នុង​នាម​ជា​ពលរដ្ឋជួរក្រោយ​ពួកគាត់នៅចាំលើកទឹកចិត្តរាជរដ្ឋាភិបាល និងកងទ័ពជួរមុខជានិច្ច។សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទី បាន​មក​កម្សាន្តនៅប្រាសាទេតាក្របី ដើម្បីឈ្វែងយល់ និងលើកទឹកចិត្តកងទ័ព ហើយ​ក៏​មាន​គ្រឿង​ឧបគោគ​បរិភោគ រួមនឹងថវិកាយកមកចែកជូនកងទ័ព ក្រោមពាក្យស្លោក មួយម៉ឺននាក់ មួយ​ម៉ឺន​បេះដូង ៥សែនព្រលឹងវិញ្ញាណ ៣លានឥណ្ឌូចិន ដែលវិទ្យុ ABC Cambodia ជា​អ្នក​ឧបត្ថម្ភ​រថយន្ត​ក្នុង​ការ​ធ្វើដំណើរ៕ អត្ថបទ៖ គង់ រ៉េន

TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាស​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ពាក់ព័ន្ធ​នឹងការរងរបួស​របស់​ទាហាន​ថៃ​ដោយ​សារ​ការ​ដើរ​ល្បាត​លើ​តម្រាយ​ផ្លូវ​ថ្មី​ផ្ទុះ​គ្រាប់​មីន

2025/07/20 02:45:00 pm        884
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាស​ច្រាន​ចោល​ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការ​រង​របួស​របស់​ទាហាន​ថៃ​ដោយ​សារ​ការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកា​ន់​របស់​ភាគី​ថៃ​មកលើកម្ពុជា ពាក់ព័ន្ធនឹងការ​រង​គ្រោះ​ថ្នាក់​ដោយ​សារមីន​របស់​ទាហាន​ថៃ​ចំនួន​បី​នាក់​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ​។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវ​ការ​ឯកភាព​គ្នា​លើ​តម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់​ទាំងនេះ​នៅ​មាន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែង​ទាហានថៃបានលើ្មសការឯកភាព ដែលបាន​ចែង​ក្នុង​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០​(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយ​បង្កើត​តម្រាយ​ផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើ​ផ្អែក​តាម​ផែន​ទី​មាត្រ​ដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម​ ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ អ្នក​នាំ​ពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរ​ជាតិ​មិន​អាច​បាន​តែ​និយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុង​នោះ​រួម​មាន​តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បី​នាំ​មក​នូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់​បង់​ជីវិត​ប្រជា​ពលរដ្ឋស្លូតត្រង់។បើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថា​តើ​ថ្នាក់​ដឹក​នាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្ត​បញ្ជូន​ទាហាន​របស់​ខ្លួន​ឱ្យ​ដើរ​ល្បាត​ខុស​តម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ដែល​ជា​សំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬ​មួយ​នេះ​ជា​ការ​ប៉ុន​ប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។ ក្រសួង​ការពារជាតិបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែល​បំពាន​មក​លើ​បូរណ​ភាពទឹកដីរបស់កម្ពុជា និងជៀសវាង​ទង្វើ​ដែល​គំរាម​កំហែង​ដល់​ការ​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន។ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញ​កាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគី​នៃ​អនុ​សញ្ញា​ហាម​ប្រាម​ការ​ប្រើប្រា​ស់​មីន​ប្រឆាំង​មនុស្ស ​(អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ព​ស់​ដោយ​សហគមន៍​អន្តរជាតិ​ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបានចូលរួម​ចំណែក​ជា​ច្រើន​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុង​រង​គ្រោះ​ដោយ​សារសង្គ្រាម។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥត​ងាក​រេ​ដើម្បី​ការ​ពារ​អធិ​ប​តេយ្យ ​និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

ថ្នាក់ដឹកនាំ និង​មន្ត្រីគ្រប់មន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង រួមគ្នាដាំ​កូន​ក្ងោក​ជាង​២​ពាន់​ដើម​​ពង្រីក​​​ភា​ព​បៃតង ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​

2025/07/20 02:31:45 pm        470
ដើម្បីឲ្យតាមផ្លូវនានា ក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង មានសោភ័ណភាពស្រស់ស្អាត​ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត​ និង​ដើម្បី​​រួម​គ្នា​ដាំ​ដើម​ឈើ​គ្រប់ប្រភេទឲ្យ​បានច្រើន ក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម ពិសេស​ត្រូវ​ចូល​រួម​ថែ​រក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការ​ដុត​ព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់នោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​ដឹក​នាំមន្ត្រីគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ដាំកូនក្ងោកជាង២ពាន់ដើម។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រីក​ភាព​បៃតង ដោយផ្តោត​លើ​ការ​ពង្រឹង​ចលនា​ដាំ​ដើម​ឈើ​តាម​រយៈ​ការ​បំផុស​អោយ​មាន​ការ​ដាំ​ដើម​ឈើនៅ​តាម មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តាមលំនៅដ្ឋាន ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​ និងបាន​ផ្សព្វផ្សាយអំពីយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយ​បាន​ចូល​រួម​ប​ណ្តុះ​កូន​ឈើ ​ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​​មាន​គម្រប​ព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០។ ជាពិសេស​នៅ​ក្នុង​ភូមិ​អូកា​ខុប ឃុំ​ក្រាំង​ល្វានេះ ជាភូមិទើបកើតថ្មី និងជាផ្ទះសំរាប់បងប្អូនអតីតយុទ្ធជន ដូច្នេះ​​ហើយ​យើង​ត្រូវ​នាំ​គ្នាដាំកូនឈើគ្រប់ប្រភេទ ជាពិសេសប្រភេទកូនក្ងោកនេះនៅតាមសងខាងផ្លូវ ដើម្បី​ទាក់​ទាញភ្ញៀវទេសចរមកលេងកំសាន្ត ក៏ដូចជួយដល់​ជីវភាព​បង​ប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ភូមិ​នេះ​ផង​ដែរ​។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ ការបាត់បង់ព្រៃឈើពិតជាជះឥទ្ធិពលអាក្រក់​យ៉ាង​ច្រើន​ដល់​ការ​រស់នៅរបស់ប្រជាជន និងសង្គមជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ខ្យល់​កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត បាត់បង់សត្វព្រៃ ធនធានមឆ្ឆាជាតិ និងការ​ធ្លាក់​ចុះ​គុណ​ភាព​ដី​ផង​ដែរ​។ ដូចនេះសូមចូលរួមដាំដើមឈើគ្រប់ប្រភេទគ្រប់រូបភាព តាមគ្រប់ទីកន្លែង និង​ឱ្យ​បាន​ច្រើន​តាម​លទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម និងត្រូវ​ចូល​រួម​ថែ​រក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការ​ដុត​ព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់៕ កាំង ហុងវាស្នា 

សម្តេច ម៉ែន សំអន៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន

2025/07/20 02:10:19 pm        312
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ អង្គពិធីទាំងមូលដោយសេចក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។ សម្តេចក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាព នេះឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។គួរំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយ ឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ពិធីបុណ្យនេះផងដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាវិកបាត់ខ្លួនទាំង ៣នាក់របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់អាមេរិកលើទូកដឹកប្រេងនៅជិតតំបន់ឆ្នេរអូម៉ង់
06/11/2026 08:06 PM
ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលផ្តល់ប្រាក់ ៣៣៨លានដុល្លារដល់ការពង្រីកការតាំងលំនៅនិគមន៍នៅវ៉េសប៊ែង
06/11/2026 08:06 PM
តំបន់គ្រីមៀលែងមានប្រេងប្រើប្រាស់ ក្រោយការវាយប្រហារថ្មីដោយយានដ្រូនរបស់អ៊ុយក្រែន
06/11/2026 08:06 PM
សហរដ្ឋអាមេរិកវាយប្រហារគោលដៅនៅលើកោះ Kharg របស់អ៊ីរ៉ង់
06/11/2026 08:06 PM
ពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ រត់ភៀសខ្លួនចេញពីការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានមកដល់ផ្ទះ
06/11/2026 08:06 PM
ការបើកស្ពានកាណាដា-អាមេរិកដែលលោក Trump គំរាមរារាំង នៅទីក្រុង Detroit ត្រូវបានពន្យារពេល
06/11/2026 08:06 PM
លោក Trump សន្យាវាយប្រហារអ៊ីរ៉ង់​យ៉ាងខ្លាំងក្លា និងរឹបអូសកាន់កាប់​ទីតាំង​ប្រេង
06/11/2026 08:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការពឹងផ្អែក លើអាមេរិក សម្រាប់វិស័យ​ការពារជាតិ លែងសម​ស្រប​ទៀតហើយ
06/11/2026 08:06 PM
ប្រមុខណាតូនិយាយថា អាមេរិកនៅតែប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន
06/11/2026 08:06 PM
រុស្ស៊ី៖ ភាពតានតឹងថ្មីៗ នៅតំបន់​មជ្ឈិមបូព៌ា គំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល
06/11/2026 08:06 PM