ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់

សន្តិសុខ និង សង្គម

ក្រុមមន្ត្រីក្រុងជីកាហ្គោ បាញ់ជនសង្ស័យពីក្រោយ ជិត១០០គ្រាប់ អំឡុងឈប់ចាំភ្លើងសញ្ញាចរាចរណ៍

2024/04/10 11:19:25 am        307
យោងតាមរបាយការណ៍ ពីការិយាល័យតាមដានជនស៊ីវិលរបស់ទីក្រុង ជីកាហ្គោ (Chicago) ដែលបានបញ្ចេញកាលពីថ្ងៃអង្គារទី៩មេសា មន្ត្រីនគរបាល៤នាក់របស់ទីក្រុងជីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក បានបាញ់ជនសង្ស័យម្នាក់ជិត១០០គ្រាប់ ក្នុងពេលមិនដល់មួយនាទី បន្ទាប់ពីបុរសស្បែកខ្មៅបានបាញ់ទៅលើពួកគេ អំឡុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ កាលពីខែមុន ។ កាមេរ៉ា បំពាក់តាមខ្លួន អំឡុងឧបទ្ទវហេតុនេះ បង្ហាញពីក្រុមមន្ត្រីកំពុងធ្វើសកម្មភាពបាញ់តបត ក្រោយពេលបានបាញ់ជាច្រើនគ្រាប់ បន្ទាប់មកបានជួយមន្ត្រីម្នាក់ដែលបានរងរបួស។ របាយការណ៍នោះនិយាយថា ការពិនិត្យឡើងវិញលើវីដេអូនោះ និងរបាយការណ៍បឋមទំនងជាបញ្ជាក់ថា លោក រីដ បានបាញ់មុនដែលបង្ខំឲ្យនគរបាល៤នាក់បាញ់តវិញ ។ភស្តុតាំងដំបូង ក៏បានបញ្ជាក់ផងដែរថា ក្រុមមន្ត្រីបានបាញ់ តបតប្រហែល៩៦ គ្រាប់ ក្នុងរយៈពេល៤១វិនាទី។ ក្រុមមន្ត្រីបច្ចេកទេស ដែលបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវេហតុកាលពីថ្ងៃទី២១មីនា កន្លងទៅ បានឆ្លើយតបហេតុការណ៍នេះ អំឡុងរថយន្តមួយគ្រឿងឈប់រងចាំភ្លើងសញ្ញាចរាចរណ៍ ដែលអ្នកបើកបររថយន្តជាជនជាតិអាមេរិក មានដើមកំណើតអាហ្វ្រិក ឈ្មោះ ឌេកឌ័រ រីដ ជូនៀ (Dexter Reed Jr) ត្រូវបានបញ្ឈប់រថយន្តនោះ ដោយសង្ស័យថា ពុំបានពាក់ខ្សែក្រវ៉ាត់ ។ យ៉ាងណាឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។ របាយការណ៍នោះ និយាយថា មន្ត្រីម្នាក់ ត្រូវបានបាញ់ឲ្យរងរបួសចំក-ដៃ បន្ទាប់ពីបុរសស្បែកខ្មៅ រីដ បានចាប់ផ្ដើមបាញ់តដៃ ។ យុវជន រីដ វ័យ២៦ ឆ្នាំ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ហើយអាវុធត្រូវបានរកឃើញពីកៅអីខាងមុខរបស់រថយន្តនោះ។ វីដេអូនោះដែរ បង្ហាញពីយុវជនរីដ ប្រកែកនឹងបញ្ជារបស់ក្រុមមន្ត្រីនគរបាល ដែលប្រាប់ឲ្យបើកទ្វារ រថយន្តមិនមែនត្រឹមបើកតែកញ្ចក់បង្អួចរថយន្តនោះទេ ។ ក្រោយមកគេក៏បានលឺស្នូរកាំភ្លើង៕

សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យ១៥នាក់ ករណីគ្រឿងញៀន ០៧គីឡូក្រាម

2024/04/10 11:15:06 am        286
ជនសង្ស័យ ១៥នាក់ ករណីគ្រឿងញៀន ០៧គីឡូក្រាម ត្រូវបានតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំង ថាំង ហ៊ួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។នាប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ១២ នាក់ ជនជាតិវៀតណាម ចំនួន ០២នាក់ និងជនជាតិខ្មែរចំនួន ០១ នាក់ រកឃើញសារធាតុញៀន ប្រភេទ MDMA ទម្ងន់ជាង ៤គីឡូក្រាម សារធាតុញៀន កេតាមីន ទម្ងន់ ជាង ១គីឡូក្រាម ប្រភេទរុក្ខាជាតិក្រៀម ទម្ងន់ ១៦២,៩៤ក្រាម ​និងសារធាតុមិនច្បាស់លាស់ទម្ងន់ ៦២,៣៩ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោយពីបានទទួល និងពិនិត្យ​លើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ​និងបក្ខពួក ពីបទ ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២ មាត្រា ៤៤ មាត្រា៤៥ និងមាត្រា៤៨ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៕តារាវុទ្ធី

ប្រមុខការពារជាតិអាមេរិក៖ គ្រោះទុរ្ភិក្សដ៏ធំនៅហ្កាហ្សា អាចនឹងធានាឱ្យមានជម្លោះយូរអង្វែង

2024/04/10 10:56:46 am        55
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អស្ទីន (Lloyd Austin) បានប្រាប់អង្គសវនាការព្រឹទ្ធសភាកាលពីថ្ងៃអង្គារ (០៩ មេសា) ថាគ្រោះទុរ្ភិក្សដ៏សាហាវ និងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ទំនងជានឹងបង្កើនល្បឿននៃអំពើហិង្សា និងធានាឱ្យមានជម្លោះយូរអង្វែង បើទោះបីជាលោកបានច្រានចោលការចោទប្រកាន់ដែលថា អ៊ីស្រាអែល ទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ ដែលលាតត្រដាងនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះក៏ដោយ។រយៈពេលប្រាំមួយខែនៅក្នុងយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល តំបន់ឆ្នេរហ៊ុមព័ទ្ធដែលត្រូវបានបំផ្លិចបំផ្លាញនេះ កំពុងប្រឈមមុខនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស និងជំងឺដែលរីករាលដាល ខណៈប្រជាជនស្ទើរតែទាំងអស់ឥឡូវនេះពុំមានផ្ទះសម្បែង។ទីភ្នាក់ងារជំនួយបានត្អូញត្អែរថា អ៊ីស្រាអែលមិនធានាបានគ្រប់គ្រាន់ក្នុងការទទួលបានស្បៀងអាហារ ឱសថ និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀតដែលត្រូវការដល់ពលរដ្ឋហ្កាហ្សាទេ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) បានចោទប្រកាន់ថា អ៊ីស្រាអែលបានប្រើប្រាស់ភាពអត់ឃ្លានជាអាវុធក្នុងសង្គ្រាម។អ៊ីស្រាអែលបាននិយាយថា ជំនួយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាកាន់តែលឿនជាងមុន ប៉ុន្តែបរិមាណនៃជំនួយនេះត្រូវបានជំទាស់ ដោយអង្គការសហប្រជាជាតិបាននិយាយថា តួលេខជំនួយនៅតែតិចជាងចំនួនអប្បបរមាដើម្បីបំពេញតម្រូវការមនុស្សធម៌៕

រុស្ស៊ី និងកាហ្សាក់ស្ថាន ជម្លៀសមនុស្សជាង ១០ ម៉ឺននាក់ ស្របពេលទឹកជំនន់អាក្រក់បំផុតក្នុងពេលរាប់ទស្សវត្សរ៍

2024/04/10 10:43:53 am        57
ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន បានបញ្ជាឱ្យមនុស្សជាង ១០ ម៉ឺននាក់ជម្លៀសខ្លួនចេញ បន្ទាប់ពីព្រិលបានរលាយយ៉ាងលឿន ហើយបានបង្កជាជំនន់ទឹកចេញពីទន្លេ ធំៗ ដែលជាទឹកជំនន់ដ៏អាក្រក់បំផុតនៅតំបន់នេះក្នុងរយៈពេលយ៉ាងហោចណាស់ ៧០ ឆ្នាំ។ទឹកជំនន់នៃទឹករលាយពីព្រិលនេះ បានគ្របដណ្ដប់លើការតាំងទីលំនៅជាច្រើននៅលើតំបន់ភ្នំ អ៊ូរ៉ល់ (Ural) ស៊ីបេរី និងតំបន់ជាច្រើននៃប្រទេសកាហ្សាក់ស្ថាន ដែលនៅជិតទន្លេសំខាន់ៗដូចជាទន្លេ អ៊ូរ៉ល និងទន្លេ ថូប៊ូល (Tobol) ដែលក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កម្ពស់ទឹកបានកើនឡើងរាប់ម៉ែត្រ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះទៅដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា។ក្រសួងគ្រាអាសន្នរបស់រុស្ស៊ីបាននិយាយថា កម្រិតទឹកបានធ្លាក់ចុះក្នុងតំបន់មួយចំនួន ប៉ុន្តែបានពណ៌នាស្ថានភាពថានៅតែលំបាក។ ទន្លេ អ៊ូរ៉ល គឺជាទន្លេដែលវែងជាងគេទីបីរបស់អឺរ៉ុប ដែលហូរកាត់ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន ចូលទៅក្នុងសមុទ្រកាសព្យែន (Caspian)។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយពីបញ្ហានេះទៅកាន់លោកប្រធានាធិបតី ខាស៊ីម-ចូម៉ាត ថូខែវ (Kassym-Jomart Tokaev) នៃប្រទេសកាហ្សាក់ស្ថាន ជាទីដែលមនុស្សជាង ៨៦.០០០ នាក់ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់។ លោកប្រធានាធិបតី ថូខែវ និយាយថា ទឹកជំនន់នេះប្រហែលជាអាក្រក់បំផុតនៅកាហ្សាក់ស្ថាន ក្នុងរយៈពេល ៨០ ឆ្នាំ៕

សង្គ្រាមស៊ូដង់ រាលដាលចូលក្នុងរដ្ឋកសិកម្ម ដែលមានជនភៀសខ្លួនរាប់សែននាក់

2024/04/10 10:40:19 am        42
សាក្សីផ្ទាល់ភ្នែក និងអភិបាលក្នុងតំបន់បាននិយាយថា យានដ្រូនជាច្រើនគ្រឿងបានវាយប្រហារទីក្រុង ហ្កាដារ៉េហ្វ (Gadaref) នៃប្រទេសស៊ូដង់ កាលពីថ្ងៃអង្គារ (០៩ មេសា) ដែលធ្វើឱ្យសង្រ្គាមដ៏បង្ហូរឈាមនេះ រាលដាលចូលទៅក្នុងជារដ្ឋកសិកម្មដ៏ស្ងប់ស្ងាត់មួយ ដែលជនភៀសខ្លួនជិតកន្លះលាននាក់បានជ្រកកោន។ក្រុង ហ្កាដារ៉េហ្វ គឺជារដ្ឋធានីនៃរដ្ឋ អាល់-ហ្កាដារ៉េហ្វ (al-Gadaref) ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ខណៈដែលសង្រ្គាមរវាងកងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ជិតដល់ពេលមួយឆ្នាំ។ កងកម្លាំង RSF បានកាន់កាប់រដ្ឋធានីខាទុម រដ្ឋជិតខាង ហ្កេហ្ស៊ីរ៉ា (Gezira) ក៏ដូចជាផ្នែកភាគច្រើននៃតំបន់ ដាហ្វឺ (Darfur) និង ខូដូហ្វាន (Kordofan) នៅភាគខាងលិច ខណៈដែលកងទ័ពស៊ូដង់កាន់កាប់ភាគខាងជើង និងខាងកើតនៃប្រទេស រួមទាំងកំពង់ផែសមុទ្រក្រហមដ៏សំខាន់របស់ខ្លួន។អភិបាលក្រុង ហ្កាដារ៉េហ្វ បានបញ្ជាក់ពីការវាយប្រហារដោយយានដ្រូននេះ តែមិនបានធ្វើការស្តីបន្ទោសលើភាគីណាមួយឡើយ។ លោកបានជំរុញជនស៊ីវិលដែលបានចូលរួមចលនាតស៊ូដ៏ពេញនិយមឱ្យត្រៀមខ្លួនការពារតំបន់។មនុស្សជាង ៨,៥ លាននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមមក ខណៈក្រុមជំនួយព្រមានអំពីគ្រោះទុរ្ភិក្ស ដែលនឹងកើតឡើងនៅក្នុងផ្នែកជាច្រើននៃប្រទេសមានផ្ទៃដីធំជាងគេទីបី របស់ទ្វីបអាហ្រ្វិកមួយនេះ៕

រដ្ឋមន្ត្រីការបរទេសអង់គ្លេស៖ យើងត្រូវការ «ផែនការ B»ក្នុងករណីដែលអ៊ីស្រាអែលឈ្លានពាន ទីក្រុងរ៉ាហ្វា

2024/04/10 10:27:19 am        93
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកដេវីត កាមេរុន ( Lord Cameron)បាននិយាយថា ប្រទេសលោកខាងលិចត្រូវការ «ផែនការ B» ក្នុងករណីដែលអ៊ីស្រាអែល បន្តទៅមុខជាមួយនឹងការលុកលុយទៅលើទីក្រុងរ៉ាហ្វា ( Rafah)។លោកកាមេរុន បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយលោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។លោកបានប្រាប់សន្និសីទនេះថា៖«ដូចដែលយើងបានឃើញការសម្លាប់ដ៏សោកនាដកម្មនៃបុគ្គលិកអង្គការ World Central Kitchen ប្រសិនបើអ្នកមានជម្លោះនោះ រឿងផ្សេងៗទៀត ក៏អាចកើតឡើងដែរ។«យើងមានផែនការ A ច្បាស់លាស់ណាស់សម្រាប់របៀបដែលយើងធ្វើឲ្យជម្លោះនេះបញ្ចប់ យើងមានការផ្អាកបណ្តោះអាសន្ន យើងប្រែក្លាយទៅជាបទឈប់បាញ់ប្រកបដោយនិរន្តរភាព យើងឃើញមេដឹកនាំក្រុមហាម៉ាស ត្រូវបានដកចេញពីតំបន់ហ្កាហ្សា យើងឃើញហេដ្ឋារចនាសម្ព័ន្ធភេរវករ ត្រូវបានបំផ្លាញ។ នោះហើយជាវិធី ដើម្បីមានដំណើរការនយោបាយដែលនាំឲ្យសង្រ្គាមឈានដល់ទីបញ្ចប់។ប៉ុន្តែប្រសិនបើវាមិនដំណើរការទេ យើងត្រូវគិតអំពីអ្វីទៅជាផែនការB? តើអង្គការមនុស្សធម៌ និងអង្គការផ្សេងទៀត អាចធ្វើអ្វីបាន ដើម្បីប្រាកដថា ប្រសិនបើមានជម្លោះនៅទីក្រុងរ៉ាហ្វា ប្រជាជន អាចទទួលបានសុវត្ថិភាព ពួកគេអាចទទួលបានស្បៀងអាហារ ពួកគេអាចទទួលបានទឹក ពួកគេអាចទទួលបានថ្នាំ ហើយមនុស្ស ត្រូវមានសុវត្ថិភាព ហើយខ្ញុំគិតថា នោះជាអ្វីដែលយើងនឹងត្រូវសម្លឹងមើល និងនិយាយនៅថ្ងៃនេះ។

រដ្ឋមន្ត្រី៖ ការកាប់បំផ្លាញព្រៃឈើនៅព្រៃ Amazon របស់ប្រទេសប្រេស៊ីល ធ្លាក់ចុះ ៤០% នៅក្នុងត្រីមាសទី១

2024/04/10 10:09:55 am        47
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Marina Silva បាននិយាយកាលពីថ្ងៃអង្គារ ទី៩ ខែមេសា ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវអវកាស INPE ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃ Amazon របស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៤០% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤ នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។លោកស្រី Silva បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានី Brasilia ថាទិន្នន័យមានសារៈសំខាន់ខ្លាំង ដោយសារកាលពីឆ្នាំ២០២៣ ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៥០%។ លោកស្រី ពុំបានផ្តល់តួលេខលម្អិតនោះទេ។ ទិន្នន័យតាមផ្កាយរណបបឋម ដែលផ្តល់ឲ្យដោយទីភ្នាក់ងារ INPE បានឲ្យដឹងថា រហូតដល់ថ្ងៃទី ២៨ ខែមីនា បានបង្ហាញថាផ្ទៃដី ៤៩២ គីឡូម៉ែត្រក្រឡា នៃព្រៃ Amazon ត្រូវបានរុករានក្នុងអំឡុងពេលនោះ ដែលមានការធ្លាក់ចុះ៤១,៨% លើមូលដ្ឋានប្រចាំឆ្នាំ។លោកស្រី Silva បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលមានបំណងវិនិយោគក្នុងទឹកប្រាក់ ១៤៥,៨៧ លានដុល្លារ ក្នុងសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅក្នុងទីតាំងចំនួន ៧០កន្លែងនៅប្រទេសប្រេស៊ីល ជាកន្លែងដែលមានការកាប់បំផ្លាញព្រៃឈើជិត ៨០% នៃព្រៃ Amazon កាលពីឆ្នាំ ២០២២ ។លោកស្រី បាននិយាយបន្ថែមថា ប្រទេសប្រេស៊ីល ក៏កំពុងធ្វើការលើសំណើបង្កើតមូលនិធិសកលដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិរក្សព្រៃឈើ។

ក្រុមបាតុករ ដែលទាមទារឲ្យបង្វែរប្រទេសទៅជារាជាណាចក្រហិណ្ឌូ ប៉ះទង្គិចជាមួយនគរបាលនៅ នេប៉ាល់

2024/04/10 09:33:53 am        100
ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃអង្គារ ដើម្បីទាមទារឱ្យមានការចាប់ផ្តើមឡើងវិញនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបង្វែរប្រទេសទៅជារាជាណាចក្រហិណ្ឌូ។ការតវ៉ា ត្រូវបានអំពាវនាវដោយគណបក្សប្រជាជនជាតិនិយម(Nationalist People's Party) ជាក្រុមគាំទ្រស្តាំនិយមជ្រុល ដែលបានមើលឃើញមនុស្សជាច្រើនដើរដង្ហែរបាតុកម្ម និងលើកបដាពាក្យស្លោកផ្សេងៗដើម្បីលុបបំបាត់រដ្ឋាភិបាលខេត្តបច្ចុប្បន្ន។ក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាល និងបានរុះរើរបាំងការពារ ដើម្បីចូលទៅក្នុងតំបន់ហាមឃាត់ បន្ទាប់ពីកងកម្លាំងប្រឆាំងកុបកម្ម បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកពួកគេ។អតីតប្រធានក្រុមឧទ្ទាមម៉ៅនិយម លោក ពូសបា កាំម៉ល ដាហាល(Pushpa Kamal Dahal) ដែលបច្ចុប្បន្ននេះ គឺជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេប៉ាល់ កំពុងដឹកនាំក្រុមចម្រុះជាមួយគណបក្សCongress នេប៉ាល់និយមកណ្តាល។សភាជាប់ឆ្នោតពិសេស បានលុបចោលរបបរាជានិយមដែលមានអាយុកាល ២៣៩ឆ្នាំ កាលពីឆ្នាំ ២០០៨ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលបានបញ្ចប់ការបះបោររបបម៉ៅនិយម ដែលបានសម្លាប់មនុស្ស ១៧.០០០នាក់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០៦ ហើយបានបង្កើតសាធារណរដ្ឋសហព័ន្ធ។

តុលាការរដ្ឋ អារីហ្សូណា របស់អាមេរិក ស្ដារឡើងវិញនូវច្បាប់សតវត្សរ៍ទី១៩ ដែលហាមប្រាមការរំលូតកូន

2024/04/10 09:09:58 am        175
តុលាការកំពូលរបស់រដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៩ មេសា) បានស្តារឡើងវិញនូវច្បាប់ហាមប្រាមលើការរំលូតកូន ស្ទើរតែទាំងអស់នៅក្រោមច្បាប់ពីឆ្នាំ ១៨៦៤ ពាក់កណ្តាលសតវត្សនៅមុនពេលមានភាពជារដ្ឋ និងការបោះឆ្នោតរបស់ស្ត្រី ដោយរឹតបន្តឹងបន្ថែមទៀតលើសិទ្ធិបន្តពូជនៅក្នុងរដ្ឋដែលការរំលូតកូនអំឡុងពេលពពោះ ១៥ សប្តាហ៍ ត្រូវបានរារាំងរួចទៅហើយ។តុលាការកំពូលប្រចាំរដ្ឋអារីហ្សូណា នេះបានកាត់សេចក្តីដោយសំឡេងគាំទ្រ ៤ ទល់ ២ ចំពោះគ្រូពេទ្យផ្នែកសម្ភពប្រឆាំងការរំលូតកូន និងរាជអាជ្ញាប្រចាំតំបន់ ដែលបានជំរុញឱ្យអនុវត្តលក្ខន្តិកៈសម័យសង្គ្រាមស៊ីវិលនេះ បន្ទាប់ពីអគ្គមេធាវីបក្សប្រជាធិបតេយ្យនៃរដ្ឋសមរភូមិដ៏សំខាន់របស់បេក្ខជនប្រធានាធិបតីមួយនេះ បានបដិសេធមិនធ្វើដូច្នេះ។ចៅក្រមរដ្ឋអារីហ្សូណា លោក ចន ឡូប៉េស (John Lopez) ដែលត្រូវបានតែងតាំងដោយអភិបាលរដ្ឋនៃបក្សសាធារណៈរដ្ឋ បានសម្រេចថា សភានីតិបញ្ញត្តិរបស់រដ្ឋ «មិនដែលបានបញ្ជាក់ពីសិទ្ធិក្នុងការរំលូតកូនដោយជ្រើសរើស ឬអនុញ្ញាតដោយឯករាជ្យឡើយ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គមេធាវីរដ្ឋអារីហ្សូណា លោកស្រី គ្រីស ម៉ាយ៉េស (Kris Mayes) ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បានហៅការសម្រេចនេះថា «គ្មានសតិសម្បជញ្ញៈ និងជាការគំរាមកំហែងដល់សិទ្ធសេរីភាព» ហើយបានសង្កត់ធ្ងន់ថាខ្លួននឹងមិនកាត់ទោសវេជ្ជបណ្ឌិត ឬស្ត្រីណាម្នាក់នៅក្រោម «ច្បាប់ដ៏តឹងរ៉ឹង» នេះទេ៕

UN កត់ត្រាកំណើនយ៉ាងខ្លាំងនៃការស្លាប់ និងរបួសជនស៊ីវិលនៅអ៊ុយក្រែន ក្នុងខែមីនា

2024/04/10 09:00:20 am        111
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាក្រុមអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ បានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ និងរបួសដែលជាជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន កាលពីខែមុន ខណៈដែលកងកម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហារឥតឈប់ឈរ។ ចំនួនអ្នកស្លាប់រួមមានកុមារយ៉ាងតិច ៥៧ នាក់បានស្លាប់ ឬរងរបួសនៅក្នុងខែមីនា ដែលចំនួននេះកើនឡើងទ្វេដងពីខែកុម្ភៈ។ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ថាជនស៊ីវិលយ៉ាងហោចណាស់ ៦០៤ នាក់ដែលត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែមីនា ដែលកើនឡើងចំនួន ២០ ភាគរយពីខែកុម្ភៈ។ បេសកកម្មនេះបានរកឃើញថា អ្នករងគ្រោះភាគច្រើនគឺជាស៊ីវិលដែលមានចំនួន ៩៣,៥ ភាគរយ ក៏ដូចជាការខូចខាតភាគច្រើនដល់កន្លែងអប់រំ និងសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។អ៊ុយក្រែន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាពិសេសកាលពីខែមីនា ហើយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រទេសនេះអាចអស់មីស៊ីលការពារដែនអាកាស ប្រសិនបើរុស្ស៊ី បន្តយុទ្ធនាការទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដ៏ខ្លាំងក្លារបស់ខ្លួន។ លោកបាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកពីលើអាកាសចំនួនជាង ៣.០០០ គ្រាប់ យានដ្រូនចំនួន ៦០០ គ្រឿង និងមីស៊ីល ៤០០ គ្រាប់ទៅលើអ៊ុយក្រែន នៅក្នុងខែមីនា ដែលជាតួលេខដ៏ច្រើនសន្ធឹកសន្ធាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានប្រតិបត្តិក្រុមហ៊ុន Apple, Boeing, Citi, Tesla និង Meta ចូលរួមដំណើរទស្សនកិច្ចរបស់លោក Trumpទៅកាន់ចិន
05/12/2026 09:05 PM
សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ
05/12/2026 08:05 PM
វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីពីការអះអាងរបស់លោក Putin ដែលថា សង្គ្រាមជិតចប់ហើយ ក្រោយអ៊ុយក្រែនសង្ស័យ
05/12/2026 08:05 PM
លោកស្រីប្រធានាធិបតី Sheinbaum ៖ ម៉ិកស៊ិកនឹងបញ្ជូននាវាដឹកជំនួយថ្មីទៅកាន់ប្រទេសគុយបា
05/12/2026 08:05 PM
អាហ្សង់ទីនច្រានចោលក្តីបារម្ភពីវីរុស Hantaនៅខេត្តមជ្ឈមណ្ឌលទេសចរណ៍ Tierra del Fuego
05/12/2026 08:05 PM
លោកអធិការបតី Merz និយាយ​ថា អាល្លឺម៉ង់ «ត្រូវតែផ្លាស់ប្តូរ» ដើម្បីការពារសន្តិភាព និងវិបុលភាព
05/12/2026 08:05 PM
UNIFIL រាយការណ៍ការបាញ់កាំជ្រួចផ្លោង ១.២៩៦គ្រាប់របស់អ៊ីស្រាអែល ខណៈចំនួនមនុស្សស្លាប់នៅលីបង់កើនឡើង
05/12/2026 07:05 PM
ឧទ្ធម្ភាគចក្រព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Everglades រដ្ឋ Florida សហរដ្ឋអាមេរិក
05/12/2026 07:05 PM
កាតា និងទួរគី៖ អ៊ីរ៉ង់មិនគួរប្រើប្រាស់ច្រកសមុទ្រ Hormuz ជាអាវុធគំរាមកំហែងរដ្ឋឈូងសមុទ្រទេ
05/12/2026 07:05 PM
សកម្មជនកងនាវាប្រេស៊ីលវិលត្រឡប់មកផ្ទះវិញ ដោយចោទប្រកាន់ពីទារុណកម្ម អំឡុងជាប់ឃុំខ្លួនរបស់អ៊ីស្រាអែល
05/12/2026 07:05 PM