កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

សន្តិសុខ និង សង្គម

សង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៖ សហភាពអឺរ៉ុបអះអាងថា ភាពស្រេកឃ្លាន ត្រូវបានប្រើប្រាស់ជាអាវុធ

2024/03/13 11:48:50 am        125
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានអះអាងថា ភាពស្រេកឃ្លាន កំពុងត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។លោកចូ សិបបូរ៉ែល (Joseph Borrell) បានពណ៌នាការខ្វះខាតជំនួយដែលចូលទៅក្នុងទឹកដីនេះថា ជាគ្រោះមហន្តរាយដែល«មនុស្សបង្កើតឡើង»។នាវាអេស្ប៉ាញមួយគ្រឿងដែលដឹកស្បៀងអាហារ បានចាកចេញពីប្រទេសកោះស៊ីបទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា នេះមិនអាចជំនួសការផ្តល់ជំនួយតាមផ្លូវគោកបានទេ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថា នឹងបន្តការវាយលុកនៅតំបន់ហ្កាហ្សា ភាគខាងត្បូង។មធ្យោបាយលឿនបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការទទួលបានជំនួយចូលទៅក្នុងទឹកដី គឺតាមផ្លូវគោក ប៉ុន្តែភ្នាក់ងារផ្តល់ជំនួយនិយាយថា ការរឹតបន្តឹងរបស់អ៊ីស្រាអែល មានន័យថា ចំណែកនៃអ្វីដែលត្រូវការចាំបាច គឺអនុញ្ញាតឲ្យចូលបាន។ជំនួសមកវិញ ការយកចិត្តទុកដាក់ បានផ្លាស់ប្តូរឆ្ពោះទៅរកផ្លូវជំនួស រួមទាំងការទម្លាក់ជំនួយតាមសមុទ្រ និងតាមអាកាស។អ៊ីស្រាអែល និយាយថា ខ្លួនមិនត្រូវស្តីបន្ទោសចំពោះការខ្វះខាតស្បៀងអាហាររបស់តំបន់ហ្កាហ្សានោះទេ ខណៈដែលខ្លួន កំពុងអនុញ្ញាតឲ្យផ្តល់ជំនួយតាមរយៈច្រកឆ្លងកាត់ពីរ នៅភាគខាងត្បូង។

ប្រទេសកេនយ៉ា ផ្អាកបេសកកម្មនៅប្រទេសហៃទី បន្ទាប់ពីមានមន្ទិលសង្ស័យជាច្រើន

2024/03/13 11:14:47 am        74
រដ្ឋាភិបាលប្រទេសកេនយ៉ា បានជួបបញ្ហាប្រឈម កាលពីថ្ងៃអង្គារដោយបានប្រកាសថាខ្លួន នឹងផ្អាក ការដាក់ពង្រាយមន្ត្រីនគរបាលកេនយ៉ា ដែលបានពន្យារពេលជាយូរមកហើយ ដើម្បីដោះស្រាយ អំពើ ហិង្សា ដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទី។ នាយករដ្ឋ មន្ត្រីហៃទី លោក អារីយ៉ែល ហេនរី (Ariel Henry) និងប្រធានាធិបតី កេនយ៉ា លោក វីលៀម រូតូ(William Ruto) បានចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងមួយដែលលោក Ruto បាននិយាយថា នឹងតាមដានយ៉ាងឆាប់រហ័សនូវការដាក់ពង្រាយមន្រ្តី ទៅកាន់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។ នៅពេលនេះ លោក Henry បានប្រកាសលាលែងពីតំណែងភ្លាមៗនៅពេលដែលក្រុមប្រឹក្សាអន្តរកាល និងមេដឹកនាំបណ្តោះអាសន្ន ត្រូវបានជ្រើសរើស។ ប៉ុន្តែវាមិនច្បាស់នោះទេថា នៅពេលណា ដែលអាច កើតឡើងជាមួយនឹងស្ថានភាពសន្តិសុខដ៏តានតឹងនៅក្នុងរដ្ឋធានី ព័រ អូប្រាំង (Port-au-Prince)។ មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសកេនយ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ការដាក់ ពង្រាយកងកម្លាំងនគរបាលបានផ្អាកដោយកំពុងរង់ចាំ ការចង្អុលបង្ហាញច្បាស់លាស់ ដែលថា រដ្ឋា ភិបាលបណ្តោះអាសន្នថ្មីនឹងដំណើរការ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា សមាជិក ក្រុមប្រឹក្សាអន្តរកាលនឹងត្រូវបានតែងតាំងក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីកិច្ចពិភាក្សា ក្នុងសប្តាហ៍នេះ នៅប្រទេសចាម៉ៃកា រវាងមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ។ មន្ត្រីអាមេរិក និយាយថា ខ្លួនមានទំនុកចិត្តថា ការដាក់ពង្រាយកងកម្លាំងសន្តិសុខ នឹងនៅតែដំណើរការឆ្ពោះទៅមុខ នៅពេលដែលមេដឹកនាំថ្មីរបស់ប្រទេសហៃទី ត្រូវបានតែងតាំង តាមរយៈដំណើរការអន្តរកាល។ ការដាក់ពង្រាយកងកម្លាំងរបស់ប្រទេសកេនយ៉ា បានប្រឈមមុខទៅនឹងឧបសគ្គធំៗ មុនពេលលោក Henry លាលែងពីតំណែង រួមទាំងការរិះគន់ពីអ្នកនយោបាយប្រឆាំង ដែលចាត់ទុក បេសកកម្មនេះថា មានគ្រោះថ្នាក់ខ្លាំង និងពុំមែនជាផលប្រយោជន៍ជាតិរបស់ប្រទេសកេនយ៉ាឡើយ។

អង្គការសហប្រជាជាតិ ប្រើផ្លូវគោកថ្មីពីអ៊ីស្រាអែល ដើម្បីដឹកជញ្ជូនជំនួយទៅតំបន់ហ្កាហ្សាភាគខាងជើង

2024/03/13 11:03:35 am        65
អង្គការសហប្រជាជាតិ បានប្រើប្រាស់ផ្លូវគោកថ្មីកាលពីថ្ងៃអង្គារ ដើម្បីចែកចាយស្បៀងអាហារទៅកាន់ តំបន់ហ្កាហ្សាភាគខាងជើងជាលើកដំបូង ក្នុងរយៈពេល៣សប្តាហ៍ ខណៈដែលសម្ពាធពិភពលោក កើនឡើងលើប្រទេសអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យចូលទៅកាន់តំបន់ឆ្នេរបន្ថែមទៀត ចំពេលមានទុរ្ភិក្ស កំពុងកើតឡើង។លោក Jamie McGoldrick អ្នកសម្របសម្រួលជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រើប្រាស់ផ្លូវយោធាអ៊ីស្រាអែល ដែលរត់តាមរបងព្រំដែនហ្កាហ្សា ដើម្បីទៅដល់ភាគខាងជើងនៃដែនដីនេះ។អ្នកនាំពាក្យអង្គការស្បៀងអាហារពិភពលោក (WFP) លោក Shaza Moghraby បាននិយាយថា អាហារគ្រប់គ្រាន់សម្រាប់មនុស្ស ២៥.000នាក់ ត្រូវបានបញ្ជូនទៅទីក្រុងហ្កាហ្សា កាលពីព្រឹកថ្ងៃអង្គារ។ នេះគឺជាការដឹកជញ្ជូនលើកដំបូងរបស់ WFP ទៅកាន់ភាគខាងជើង ចាប់តាំងពីថ្ងៃទី២០ខែកុម្ភៈ ហើយ បង្ហាញថា ការដឹកជញ្ជូនស្បៀងអាហារតាមផ្លូវគោក គឺអាចធ្វើទៅបាន។លោក Moghraby បានបន្ថែមទៀតថា៖«យើងសង្ឃឹមថា នឹងពង្រីក យើងត្រូវការលទ្ធភាពចូលឲ្យបានទៀងទាត់ និងមានសុវត្ថភាព ជាពិសេសជាមួយប្រជាជននៅតំបន់ហ្កាហ្សាភាគខាងជើង ដែលស្ថិតក្នុងភាពស្រេកឃ្លាន ។ «យើងត្រូវការចំណុចចូលដោយផ្ទាល់ទៅភាគខាងជើង»។អង្គការសហប្រជាជាតិ បានព្រមានថា យ៉ាងហោចណាស់មនុស្ស ៥៧៦.000 នាក់ នៅតំបន់ហ្កាហ្សា- មួយភាគបួននៃចំនួនប្រជាជន កំពុងស្ថិតក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស។

អាមេរិក ស្នើឱ្យក្រុមហាម៉ាស ដោះលែងស្ត្រី និងចំណាប់ថ្នូរវ័យចំណាស់ដើម្បីបានបទឈប់បាញ់រយៈពេលយូរ

2024/03/13 10:56:09 am        75
សេតវិមានកាលពីថ្ងៃអង្គារ (១២ មីនា) បានជំរុញឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ដោះលែងចំណាប់ថ្នូរដែលជាស្ត្រី មនុស្សចាស់ជរា និងអ្នកមានរបួស ហើយទទួលយកបទឈប់បាញ់បណ្តោះអាសន្នមួយក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែល ដើម្បីទទួលបានភាពយូរអង្វែងជាងមុន។ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ត្រូវបានបង្កើតឡើងនៅក្នុងភាពយូរអង្វែងជាងមុន ប្រសិនបើក្រុមហាម៉ាស យល់ព្រមដោះលែងស្ត្រី អ្នករងរបួស និងមនុស្សចាស់»។អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍នេះជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរមួយចំនួនដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ចាប់តាំងពីការវាយលុកនៅថ្ងៃទី០៧ ខែតុលា របស់ខ្លួនទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលមនុស្ស ១.២០០ នាក់ត្រូវបានសម្លាប់។ក្រុមហាម៉ាស និយាយថាខ្លួននឹងទទួលយកតែកិច្ចព្រមព្រៀងណាមួយ ដែលផ្អែកលើបទឈប់បាញ់អចិន្ត្រៃយ៍ដើម្បីបញ្ចប់សង្គ្រាម និងរួមបញ្ចូលការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ជាជាងបទឈប់បាញ់បណ្តោះអាសន្នផ្សេងទៀត។ នៅក្រោមសំណើថ្មីបំផុត អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនក្នុងសមាមាត្រ ១០ នាក់ដូរចំណាប់ថ្នូរម្នាក់៕

លោក Netanyahu៖ អ៊ីស្រាអែល នឹងបន្តទៅមុខជាមួយយុទ្ធនាការយោធានៅក្រុង រ៉ាហ្វា

2024/03/13 10:51:03 am        69
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថាអ៊ីស្រាអែល នឹងបន្តទៅមុខជាមួយនឹងយុទ្ធនាការយោធារបស់ខ្លួនចូលទៅក្នុងទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ស្របពេលមានកំណើនសម្ពាធពីអន្តរជាតិកាន់តែខ្លាំង។បណ្ដាប្រទេសជាច្រើនបានចូលរួមក្នុងការអំពាវនាវឱ្យអ៊ីស្រាអែល មិនវាយលុកជើងគោកលើក្រុង រ៉ាហ្វា ដែលជាតំបន់សុវត្ថិភាពចុងក្រោយបំផុតមួយ ដែលមានមនុស្ស ១,៥ លាននាក់កំពុងស្វែងរកទីជម្រកនៅទីនោះ។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សន្និសីទមួយថា «យើងនឹងបញ្ចប់ការងារនៅក្រុង រ៉ាហ្វា ខណៈពេលដែលអាចឱ្យប្រជាជនស៊ីវិលរួចផុតពីគ្រោះថ្នាក់»។ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ នេះបានកើតឡើងនៅពេលដែលបណ្ដាមេដឹកនាំសហភាពអឺរ៉ុប មានគម្រោងជំរុញអ៊ីស្រាអែល កុំឱ្យចាប់ផ្តើមប្រតិបត្តិការជើងគោកនៅរ៉ាហ្វា នេះបើយោងតាមពង្រាងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលមួយ។ អត្ថបទពង្រាងនេះនឹងតម្រូវឱ្យមានការយល់ព្រមពីមេដឹកនាំជាតិទាំង ២៧ របស់សហភាពអឺរ៉ុប ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី២១ និងទី២២ ខែមីនា ខាងមុខ។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក ណេតាន់យ៉ាហ៊ូ កំពុង «ធ្វើបាប ជាជាងជួយអ៊ីស្រាអែល» ដោយការធ្វើសង្រ្គាមតាមរបៀបដែលផ្ទុយនឹងតម្លៃរបស់ប្រទេស៕

ក្រុមអ្នកតវ៉ាក្នុងប្រទេសហ្ស៊កដានី ទាមទារឲ្យផ្ដល់ជំនួយដល់តំបន់ហ្កាហ្សានៅថ្ងៃដំបូងនៃពិធីបុណ្យរ៉ាម៉ាដាន

2024/03/13 10:48:01 am        79
ដោយកំពុងលើកទង់ និងបដាទាមទារ ប្រជាពលរដ្ឋហ្ស៊កដានី រាប់រយនាក់បានចេញតវ៉ាកាលពីថ្ងៃអង្គារទី១២មីនា ឲ្យបិទស្ថានទូតអ៊ីស្រាអែល នៅក្នុងរដ្ឋធានៅអាម៉ង់(Amman)។ ខណៈកំពុងស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន ក្រុមអ្នកតវ៉ា បានទាមទារឲ្យផ្ដល់ជំនួយជាបន្ទាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាស្ទី្រប នៅថ្ងៃដំបូងនៃពិធីបុណ្យតមអាហារខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន(Ramadan)។ប្រទេសហ្ស៊កដានីដែលស្ថិតនៅកណ្ដាលនៃជម្លោះរវាងអារ៉ាប់ និងអ៊ីស្រាអែល បានទទួលជនភៀសខ្លួនប៉ាឡេស្ទីនចំនួន២,៤លាននាក់ ជាចំនួនច្រើនបំផុតនៃជនភៀសខ្លួនក្នុងចំណោមប្រទេសជិតខាងនានារបស់អ៊ីស្រាអែល ។ ភាគច្រើននៃពលរដ្ឋរបស់ខ្លួនមានដើមកំណើតចេញពីជនជាតិប៉ាឡេស្ទីន។ក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៣១.១៨៤នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ក្រោយក្រុមហាម៉ាស ឆ្លងព្រំដែនចូលសម្លាប់រង្គាលលើជនស៊ីវិលអ៊ីស្រាអែលចំនួន១.២០០នាក់កាលពីថ្ងៃទី៧ខែតុលា៕

អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីចំនួនពីរដោយយានដ្រូន ចំពេលមានវិបត្តិប្រេង

2024/03/13 10:45:13 am        194
អភិបាលតំបន់ បាននិយាយថា ឃ្លាំងស្តុកប្រេងរុស្ស៊ីចំនួនពីរ ត្រូវបានឆេះ ដោយឃ្លាំងមួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកវា ត្រូវបានគេកំណត់គោលដៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដាច់ដោយឡែកពីគ្នា។អ៊ុយក្រែន បានវាយលុកគោលដៅនៅទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ រួមទាំងទីប្រជុំជន Kstovo និង Oryol ដែលស្ថិតនៅចម្ងាយ ១០០ម៉ាយពីគ្នា ដោយមានយានដ្រូនយ៉ាងហោចណាស់ ២៥គ្រឿង និងរ៉ុក្កែតចំនួន ៩គ្រាប់។ប្រភពឧស្សាហកម្ម បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារនេះ បានធ្វើឲ្យអង្គភាពចម្រាញ់ប្រេងឆៅដ៏សំខាន់ នៅឯរោងចក្រចម្រាញ់ប្រេង Norsi របស់ប្រទេសរុស្ស៊ី រងការខូចខាតយ៉ាងខ្លាំង ដែលយ៉ាងហោចណាស់ពាក់កណ្តាលនៃផលិតកម្មរបស់រោងចក្រចម្រាញ់ប្រេង ត្រូវបានបញ្ឈប់។ការវាយប្រហារនេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ដើម្បីវាយប្រហាររោងចក្រប្រេង និងឧស្ម័ននៅទូទាំងប្រទេសរុស្ស៊ី ដែលបានបង្ខំឲ្យវិមានក្រឹមឡាំងហាមឃាត់ការនាំចេញប្រេងឥន្ធនៈសម្រាប់ រយៈពេល៦ខែ ដើម្បីព្យាយាមកាត់បន្ថយការកើនឡើងតម្លៃក្នុងស្រុក។វិមានក្រឹមឡាំង បានស្តីបន្ទោសការឡើងថ្លៃប្រេងឥន្ធនៈ ដែលកំពុងធ្វើឲ្យប៉ះពាល់ការចំណាយរបស់ពលរដ្ឋរុស្ស៊ីធម្មតា ដោយសារការប្រែប្រួលទីផ្សារ ប៉ុន្តែអ្នកដែលដឹងពីបញ្ហាថាមពលរបស់រុស្ស៊ី បានភ្ជាប់ការខ្វះខាតទៅនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច។នៅទីក្រុង Kstovo មានចម្ងាយប្រហែល ២៨០ម៉ាយភាគខាងកើតទីក្រុងមូស្គូ កន្លែងផ្ទុកប្រេងឥន្ធនៈ និងថាមពលមួយ ត្រូវបានវាយប្រហារដោយយានដ្រូន កាលពីព្រឹកថ្ងៃអង្គារ។ មុននេះ នៅក្នុងទីក្រុង Oryol ចម្ងាយប្រហែល ១០០ម៉ាយពីព្រំដែនអ៊ុយក្រែន យានដ្រូនមួយគ្រឿ បានធ្លាក់ចូលទៅក្នុងឃ្លាំងប្រេងឥន្ធនៈដែលបណ្តាលឲ្យមានអគ្គិភ័យ នេះបើយោងតាមអភិបាលតំបន់។

ការដឹកជញ្ជូនយន្តហោះ Boeing អាចនឹងត្រូវបានពន្យារពេលបន្ថែមទៀត ដោយសារវិបត្តិសុវត្ថិភាព

2024/03/13 09:50:55 am        208
បណ្ដាក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានព្រមានកាលពីថ្ងៃអង្គារ (១២ មីនា) ថាផែនការបង្កើនសមត្ថភាពរបស់ពួកគេកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារតែមានការពន្យារពេលដឹកជញ្ជូនយន្តហោះកាន់តែច្រើនពីក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ខណៈការប៉ះទង្គិចដល់ឧស្សាហកម្មអាកាសចរណ៍ជុំវិញវិបត្តិសុវត្ថិភាពរបស់ក្រុមហ៊ុនផលិតយន្តហោះ កាន់តែអាក្រក់ទៅៗ។ឧស្សាហកម្មអាកាសចរណ៍បានកាត់បន្ថយការរំពឹងទុកសម្រាប់ការចែកចាយនៅឆ្នាំនេះ ដោយសារបញ្ហារបស់ក្រុមហ៊ុន ប៊ូអ៊ីង ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការធ្វើដំណើរដ៏ច្រើនលើសលប់។ក្រុមហ៊ុន ប៊ូអ៊ីង បានស្ថិតក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការធ្លាក់ដាច់បំណែកយន្តហោះ ប៊ូអ៊ីង ម៉ែកណាញ (MAX 9) ពាក់កណ្តាលអាកាសកាលពីថ្ងៃទី០៥ ខែមករា នៃក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ (Alaska Airlines) ដែលនាំឱ្យមានការស៊ើបអង្កេតលើស្តង់ដារសុវត្ថិភាព និងគុណភាពរបស់ក្រុមហ៊ុនយន្តហោះនៅក្នុងដំណើរការផលិតរបស់ខ្លួន។បន្ទាប់ពីឧប្បត្តិហេតុ អាឡាស្កា អ៊ែរឡាញ រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក បានទប់ស្កាត់ផែនការរបស់ក្រុមហ៊ុន ប៊ូអ៊ីង ក្នុងការពង្រីកផលិតកម្មយន្តហោះ ប៊ូអ៊ីង ប្រភេទ ៧៣៧ ហើយដំណើរការបញ្ជាក់នៃយន្តហោះម៉ូដែល ម៉ែក សេវេន (MAX 7) និង ម៉ែក ថេន (MAX 10) ត្រូវបានពន្យារពេលបន្ថែមទៀតដោយសារការផ្លាស់ប្តូរការរចនា៕

អនាគតរបស់ប្រទេសហៃទី ធ្លាក់ក្នុងភាពមិនច្បាស់លាស់ ក្រោយនាយករដ្ឋមន្ត្រីលាលែងពីតំណែង

2024/03/13 09:32:11 am        95
អនាគតនយោបាយរបស់ប្រទេសហៃទីធ្លាក់ចូលក្នុងភាពមិនច្បាស់លាស់ កាលពីថ្ងៃអង្គារទី១២មីនា បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា លោកបានលាលែងពីតំណែង ជាសកម្មភាពមួយដែលត្រូវបានសារទរដោយពលរដ្ឋហៃទីមួយចំនួនដែលខកចិត្តខ្លាំងដោយសារអំពើហិង្សាជាច្រើនខែរបស់ក្រុមជនអន្ធពាល ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏ប្រទេសនេះនៅតែមិនទាន់អាចរកឃើញផ្លូវឆ្ពោះទៅកាន់ស្ថិរភាពនៅឡើយ។ តាមផ្លូវនានាក្នុងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince)ហាក់មានសភាពស្ងាត់ជ្រងំ កាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីភាពច្របូកច្របល់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ពលរដ្ឋបានប្រមូលផ្ដុំគ្មានៅស្ថានីយ៍ប្រងឥន្ធនៈមួយបន្ទាប់ពីខ្វះការផ្គត់ផ្គង់ជាច្រើនថ្ងៃ ខណៈមនុស្សមួយក្រុមផ្សេងទៀតនៅក្នុងភូមិ ណាហ្ស៊ុន(Nazon) បានតម្រង់ជួរយកទឹក។ លោកនាយករដ្ឋមន្ត្រី អារីយ៉ែល ហង់រី (Ariel Henry) ដែលបានជាប់ខ្លួននៅក្នុងដែនដី ពើតូរីកូ (Puerto Rico)របស់សហរដ្ឋអាមេរិក បានបញ្ចេញវីដេអូថតទុកមួយកាលពីយប់ថ្ងៃចន្ទទី១១មីនា ដោយបានសន្យាលាលែងពីតំណែង នៅពេលក្រុមប្រឹក្សាផ្ទេរអំណាចមួយនិងមេដឹកនាំបណ្ដោះអាសន្នអាចជ្រើសរើសបាន។ ប៉ុន្តែគេមិនដឹងច្បាស់ទេ ថា ការជ្រើសរើសមេដឹកនាំនេះ នឹងកើតឡើងនៅពេលណា ។ ស្ថានភាពសន្តិសុខនៅក្នុងរដ្ឋធានីព័រ -អូ-ប្រាំង នៅតែធ្ងន់ធ្ងរ ខណៈក្រុមប្រដាប់អាវុធកំពុងគ្រប់គ្រងអាកាសយានដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល ស្របពេលនៅតែមានមន្ទិលអំពីពេលវេលានៃការផែនការបញ្ចូនកម្លាំងបេសកកម្មអន្តរជាតិដើម្បីជួយដល់នគរបាលក្នុងប្រទេសហៃទីដែលគ្មានអាវុធ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ លោកហង់រី ដែលបានដឹកនាំប្រទេសហៃចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moise) កាលពីឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ាកាពីចុងខែកុម្ភៈដើម្បីស្វែងរកការគាំទ្រសម្រាប់បេសកកម្មសន្តិសុខគាំទ្រដោយអង្គការសហប្រជាជាតិដែលបានពន្យាពេលជាយូរមកហើយ។ ប្រជាជនហៃទី បានតវ៉ាការបន្តកាន់អំណាចរបស់លោក ហើយទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យលោកហង់រីផ្ទេរអំណាចឲ្យបានឆាប់ដើម្បីឈានទៅរកការបោះឆ្នោតដោយសេរី និងស្មើរភាព ។យ៉ាងណា លោកធ្លាប់បានលើកឡើងថា ការបោះឆ្នោតនឹងកើតឡើងនៅពេលស្ថានភាពក្នុងប្រទេសល្អប្រសើរ៕

ទីភ្នាក់ងារ WFP៖ ជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនស៊ូដង់ នៅប្រទេសឆាដ អាចនឹងបញ្ចប់នៅខែក្រោយ

2024/03/13 09:23:09 am        101
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថាជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនស៊ូដង់ រាប់សែននាក់នៅក្នុងប្រទេសឆាដ ដែលអ្នកខ្លះជិតកំពុងឈានដល់ភាពអត់ឃ្លាន អាចនឹងត្រូវផ្អាកនៅខែក្រោយ បើមិនមានមូលនិធិបន្ថែមទៀត។ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ជិតមួយឆ្នាំមុនមក ជនភៀសខ្លួនស៊ូដង់ជាងកន្លះលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសឆាដ ឆ្លងកាត់ព្រំដែនវាលខ្សាច់ដ៏វែង ហើយប្រទេសនេះឥឡូវនេះគឺជាចំណុចប្រសព្វមួយសម្រាប់ជនភៀសខ្លួននៅអាហ្វ្រិក ដែលមានចំនួនសរុបជាង ១ លាននាក់។ប៉ុន្តែទីភ្នាក់ងារ WFP និយាយថា ខ្លួនកំពុងជួបការលំបាកក្នុងការចិញ្ចឹមអ្នកទាំងអស់នោះ ហើយមនុស្សជាច្រើនមិនទទួលបានអាហាររួចទៅហើយ ដោយស្ទើរតែពាក់កណ្តាលនៃកុមារភៀសខ្លួនរបស់ស៊ូដង់ ដែលមានអាយុក្រោម ៥ ឆ្នាំ កំពុងទទួលរងនូវភាពស្លេកស្លាំងធ្ងន់ធ្ងរ។ WFP បន្ថែមថា ផ្លូវផ្គត់ផ្គង់ពីប្រទេសឆាដ ទៅកាន់ទីក្រុង ដាហ្វឺ (Darfur) នៃប្រទេសស៊ូដង់ ដែលភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ ក៏មានហានិភ័យផងដែរ ដោយសារតែកង្វះថវិកា។ពេលមានធនធានកាន់តែច្រើន ទីភ្នាក់ងារ WFP នឹងអាចមានលទ្ធភាពស្តុកស្បៀងអាហារនៅមុនរដូវវស្សា ជាពេលវេលាដែលជនភៀសខ្លួនមួយចំនួននៅក្នុងប្រទេសឆាដ ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ដោយទន្លេភក់។ ទីភ្នាក់ងារនេះកំពុងអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ២៤២ លានដុល្លារ ដើម្បីធានាបាននូវការគាំទ្រសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Trump
05/11/2026 05:05 PM
[UPDATE] សភាហ្វីលីពីនចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte ជាលើកទី២
05/11/2026 05:05 PM
ថៃអាចប្រឈមនឹងវិបត្តិទឹក ដោយសារផលប៉ះពាល់ពីបាតុភូត El Nino ពីខែឧសភា ដល់ខែកក្កដា
05/11/2026 05:05 PM
UN៖ ការវាយប្រហារដោយដ្រូន បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៨៨០នាក់ នៅក្នុងប្រទេសស៊ូដង់ នាឆ្នាំនេះ
05/11/2026 05:05 PM
អារ៉ាប៊ីសាអ៊ូឌីតថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដែលកំណត់គោលដៅលើប្រទេសឈូងសមុទ្រ
05/11/2026 05:05 PM
ប្រេងឡើងថ្លៃជាង​៤ ដុល្លារ បន្ទាប់ពីលោក Trump បដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាមេរិក   ​​
05/11/2026 05:05 PM
ប្រធានាធិបតីបារាំងនិយាយការពារអឺរ៉ុបនៅអាហ្វ្រិក
05/11/2026 05:05 PM
លោក Trump បញ្ជាក់ថា តុលាការកំពូលអាមេរិក គួរតែ «ស្មោះត្រង់» ពាក់ព័ន្ធសំណុំរឿងសំខាន់ៗ
05/11/2026 04:05 PM
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី កើតអគ្គិភ័យ នៅអាកាសយានដ្ឋាននេប៉ាល់ នាំឲ្យមានការជម្លៀសបន្ទាន់
05/11/2026 04:05 PM
អ៊ីរ៉ង់ព្រមានបារាំង និងអង់គ្លេស អំពីការឆ្លើយតបភ្លាមៗ ចំពោះការដាក់ពង្រាយ នៅច្រកសមុទ្រ Hormuz
05/11/2026 04:05 PM