ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សន្តិសុខ និង សង្គម

ប្រធានាធិបតីហ្វីលីពីន៖ វត្តមានកងទ័ពជើងទឹកចិន នៅសមុទ្រចិនខាងត្បូងគឺគួរឱ្យព្រួយបារម្ភណាស់

2024/02/28 10:35:35 am        62
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅថ្ងៃពុធ (២៨ កុម្ភៈ) នេះបាននិយាយថា វត្តមានរបស់កងទ័ពជើងទឹកចិននៅក្នុងសមុទ្រចិនខាងត្បូងគឺ «ជារឿងគួរឱ្យព្រួយបារម្ភខ្លាំងណាស់» ប៉ុន្តែនឹងមិនរារាំងប្រទេសហ្វីលីពីនពីការការពារទឹកដីដែនសមុទ្ររបស់ខ្លួននិងការពារអ្នកនេសាទរបស់ខ្លួនឡើយ។ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានប្រទះឃើញវត្តមានរបស់កងនាវាកងទ័ពជើងទឹកចិន អំឡុងពេលបេសកកម្មល្បាតដោយនាវាការិយាល័យនេសាទ និងធនធានជលផល (BFAR) នៅឯច្រាំងដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីថា «យើងបន្តគាំទ្រប្រជានេសាទរបស់យើង ដែលប្រកបរបរចិញ្ចឹមជីវិតពីទីតាំងនេសាទទាំងនេះ ហើយយើងនឹងបន្តជួយពួកគេ ទោះបីជាមានការព្យាយាមរារាំងក៏ដោយ»។ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន ដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល ត្រូវបានទាមទារសិទ្ធិដោយប្រទេសចិនថាជារបស់ខ្លួន ដោយធ្វើឱ្យដែនទឹកនេះក្លាយជាតំបន់សមុទ្រដែលមានការប្រកួតប្រជែងបំផុតរបស់អាស៊ី និងជាចំណុចតានតឹងដែលបង្កឱ្យមានជម្លោះជាច្រើន៕

ព្រះមហាក្សត្រហ្ស៊កដានី៖ ជំនួយហ្កាហ្សា ត្រូវតែកើនឡើងទ្វេដង ដើម្បីបញ្ចៀសគ្រោះមហន្តរាយ

2024/02/28 09:42:43 am        74
ព្រះមហាក្សត្រអាប់ឌុលឡា ( Abdullah)នៃប្រទេសហ្ស៊កដានី ដែលបានចូលរួមក្នុងការទម្លាក់ជំនួយតាមផ្លូវអាកាសទៅកាន់តំបន់ហ្កាហ្សា បានមានព្រះបន្ទូលកាលពីថ្ងៃអង្គារថា ស្បៀងអាហារ និងជំនួយដល់តំបន់ដែលហែកហួរដោយសង្រ្គាមនេះ ត្រូវតែកើនឡើងទ្វេដង ដើម្បីបញ្ចៀស«ស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ»រួចទៅហើយ។ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូលដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយបានប្រាប់ប្រធានទីភ្នាក់ងារUSAID លោកស្រី Samantha Powerថា សហគមន៍អន្តរជាតិ ត្រូវតែដាក់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើលំហូរស្បៀងអាហារចូលទៅក្នុងទឹកដីនេះ។ក្រុមមន្ត្រីនិយាយថា ប្រទេសហ្ស៊កដានី កំពុងជំរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបង្កើនជំនួយដែលមកពីព្រះរាជាណាចក្រនេះតាមរយៈច្រក Kerem Shalom នៅតាមព្រំដែននៃប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងតំបន់ហ្កាហ្សា ហួសពីច្រករ៉ាហ្វា( Rafah)ដែលមានស្រាប់។ព្រះមហាក្សត្រ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយប្រាប់លោកស្រី Powerថា៖«ព្រះអង្គ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបើកច្រកឆ្លងកាត់ផ្លូវដី និងពង្រីកការទម្លាក់ជំនួយតាមយន្តហោះ ដើម្បីជួយប្រជាជននៃតំបន់ហ្កាហ្សា និងជាពិសេសនៅហ្កាហ្សាភាគខាងជើង។លំហូរនៃជំនួយចូលតំបន់ហ្កាហ្សាពីប្រទេសអេហ្ស៊ីប បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនបានរារាំងជំនួយឡើយ ហើយបានបន្ទោសអង្គការសហប្រជាជាតិ និងភាគីប៉ាឡេស្ទីនចំពោះការពន្យារពេលណាខ្លះនោះ។

អ៊ុយក្រែន ដកទ័ពចេញពីភូមិពីរនៅជិតទីក្រុង Avdiivka ខណៈការគាំទ្រលោកខាងលិចធ្លាក់ចុះ

2024/02/28 09:17:03 am        111
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ថាខ្លួនបានដកទ័ពចេញពីភូមិចំនួនពីរទៀតនៅជិតទីក្រុង អាវឌីអ៊ីវកា (Avdiivka) ភាគខាងកើត ដែលត្រូវកងកម្លាំងរុស្ស៊ី ដណ្ដើមបានកាលពីដើមខែនេះ ដោយអ៊ុយក្រែនបាត់បង់ទឹកដីបន្ថែមទៀត ខណៈដែលការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចបានធ្លាក់ចុះ។មេបញ្ជាការជាន់ខ្ពស់មួយរូបបាននិយាយថា កងទ័ពបានពង្រឹងទីតាំងការពារថ្មីនៅភាគខាងលិចនៃទីក្រុង អាវឌីអ៊ីវកា ដែលការដណ្ដើមបានរបស់រុស្ស៊ីនេះគឺជាការទទួលបានពីសមរភូមិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំបួនខែ។អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក ឌីមីត្រូ លីខូវីយ៍ (Dmytro Lykhoviy) បាននិយាយថា កងទ័ពបានដកថយពីភូមិ សៀវើណេ (Sieverne) និងភូមិ ស្ទេភូវ (Stepove) រយៈពេលមួយថ្ងៃបន្ទាប់ពីទីក្រុងគីវ បានប្រកាសថា ខ្លួនបានបោះបង់ចោលភូមិ ឡាស្តូចឃីនេ (Lastochkyne)។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបាន «កាន់កាប់សមរភូមិ និងទីតាំងល្អច្រើនជាងមុន» ហើយបានវាយប្រហារកម្លាំងមនុស្ស និងគ្រឿងយុទ្ធោបករណ៍របស់អ៊ុយក្រែននៅជិតកន្លែងតាំងទីលំនៅចំនួនបីផ្សេងទៀត។ការបាត់បង់នេះកើតឡើង ដោយសារអ៊ុយក្រែន កំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់កាំភ្លើងធំ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ខណៈការគាំទ្ររបស់សម្ព័ន្ធមិត្តលោកខាងលិចមិនបានបញ្ជូនទៅដល់ដូចដែលគ្រោងទុក ហើយកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានរារាំងដោយសមាជិកសភាបក្សសាធារណរដ្ឋ៕

ចៅក្រមឃុំខ្លួនបណ្ដោះអាសន្នជនជាតិចិនម្នាក់ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់

2024/02/27 04:51:16 pm        131
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនជាតិចិនម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់នៅលើមហាវិថីសហព័ន្ធរុស្ស៉ី។លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទដែលមានឈ្មោះ FU ZHONG HUA (ហ្វូ ចុងហ័រ) ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន សញ្ជាតិខ្មែរ ដាក់ពន្ធនាគាររាជធានីភ្នំពេញ ដែលហៅកាត់ថា PJ និងបង្គាប់ឱ្យប្រធានពន្ធនាគាររាជធានីភ្នំពេញទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១៩៣៧ "ន"ដឃដ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ និងបទ រត់គេចខ្លួន បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង១២ និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ លុះមកដល់ចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន០២នាក់ទៀត ជាជនជាតិចិនដូចគ្នា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

នគរបាល បង្ហាញមុខក្រុមចោររឆក់ទ្រព្យសម្បត្តិ ៤នាក់ ក្នុងរាជធានីភ្នំពេញ

2024/02/27 01:37:50 pm        665
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ធ្វើ​សន្និសីទព័ត៌មាន បង្ហាញមុខ ក្រុមចោរឆក់ទ្រព្យសម្បត្តិយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន​០៤នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ជនបរទេស បានសម្រេចកាលពីពេលថ្មីៗ នៅ​លើ​ដង​ផ្លូវ​កំឡុង​ពេល​ជនរងគ្រោះធ្វើដំណើរ។ ការបង្ក្រាបក្រុមជនសង្ស័យទាំង០៤នាក់នេះ ធ្វើឡើងដោយ​កម្លាំង​នគរបា​ល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា បន្ទា​ប់​ពីកើតមានអំពើឆក់ ដែលបង្កឡើងដោយក្រុមជនសង្ស័យខាងលើនេះ កម្លាំង​ជំនាញ​បាន​ប្រើ​ប្រាស់​ពេល​វេលា​ប្រមាណ១០ម៉ោងប៉ុណ្ណោះ ក្នុងការស្រាវជ្រាវឈានទៅបង្ក្រាបក្រុមទាំងនេះបាន ។ លោក​វរ​សេនីយ៍​​បន្តថា ក្រុមជានេះជាមុខសញ្ញាឆក់យ៉ាងសកម្ម ដោយ​គេ​នៅ​មាន​បក្ស​ពួក​មួយ​ចំនួន​ទៀត​ដែល​កំពុង​រត់គេចខ្លួន ។សូមបញ្ជាក់ថា ក្នុងការបង្ក្រាបមុខសញ្ញាឆក់ទាំង០៤នាក់ខាងលើនេះ ដកហូតបានម៉ូតូ០៣គ្រឿង រួមមាន ម៉ាក​ហុងដាឌ្រ៊ីមចំនួន០២គ្រឿង និងម៉ាក Ginio មួយគ្រឿង ។ ក្រោយចប់សន្និសិទបង្ហាញមុខរួច ជន​សង្ស័យ​ទាំង​០៤នាក់ ក៏ត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចប​ន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​ផងដែរ៕ 

មេបក្សប្រឆាំងបេឡារុស៖ ការស្លាប់របស់លោកណាវ៉ាល់នី គឺជាភ្លើងខៀវសម្រាប់ការសម្លាប់សកម្មជន

2024/02/27 12:56:09 pm        123
មេដឹកនាំបក្សប្រឆាំងបេឡារុសនិរទេសខ្លួន លោកស្រី ស្វៀតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) បានព្រមានកាលពីថ្ងៃចន្ទថា ការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង លោក អាឡិចសេ ណាវ៉ាល់នី (Alexei Navalny) នៅក្នុងអាណានិគមព្រហ្មទណ្ឌរុស្ស៊ី អាចបើក«ភ្លើងខៀវ» សម្រាប់ប្រទេសផ្តាច់ការ ដើម្បីសម្លាប់អ្នកទោសនយោបាយផ្សេងទៀត។លោកស្រីទីខាណូស្កាយ៉ា ដែលបានភៀសខ្លួនទៅកាន់ប្រទេសលីទុយអានីនៅជិតខាងក្នុងឆ្នាំ ២០២០ បន្ទាប់ពីបានប្រជែងតំណែងជាមួយមេដឹកនាំដែលកំពុងកាន់អំណាចគឺ អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ខ្លួនបានទទួលរងផលប៉ះពាល់ជាពិសេសចំពោះការស្លាប់របស់លោកណាវ៉ាល់នី ដោយសារតែស្ថានភាពគ្រួសាររបស់លោកស្រី។ប្តីរបស់លោកស្រី គឺលោក Siarhei អ្នកសរសេរប្លុកវីដេអូរិះគន់អាជ្ញាធរ ត្រូវបានចាប់ខ្លួន នៅក្នុងខែឧសភាឆ្នាំ២០២០ បន្ទាប់ពីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការប្រជែងតំណែងជាមួយលោក លូកាសិនកូ។គ្រួសាររបស់លោក បានមិនបានទទួលដំណឹងណាមួយឡើយ។លោកស្រីទីខាណូស្កាយ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រ នៅខាងក្រៅវេទិកានៃ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា៖« កាលពីឆ្នាំមុន គាត់ត្រូវបានគេអនុញ្ញាតឲ្យទំនាក់ទំនងជាមួយអ្នកផ្សេងបាន»។

ប្រទេសចិន៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គំរាមកំហែងដល់សណ្ដាប់ធ្នាប់ពិភពលោក

2024/02/27 12:53:13 pm        116
ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មជុំចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន ផង គឺជាឧទាហរណ៍មួយផ្សេងទៀតនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មសាកលលោក។ក្រសួងរតនាគារអាមេរិក បានប្រកាសតារាងទណ្ឌកម្មថ្មីកាលពីថ្ងៃសុក្រ សប្ដាហ៍មុនដោយដាក់គោលដៅលើបុគ្គលនិងអង្គភាពប្រមាណ៥០០ នៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន ចំពោះមូលហេតុពាក់ព័ន្ធមួយចំនួន។ ដោយកមពុងធ្វើអត្ថាធិប្បាយលើការរិតត្បិតនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍ធម្មតានៃទណ្ឌកម្មឯកតោភាគី យុត្តាធិការដៃវែង ដែលមានន័យថា សិទ្ធិសម្រេចរបស់ខ្លួនទូលំទូលាយហួសហេតុក្រៅដែនសមត្ថកិច្ច និងការបង្ខិតបង្ខំសេដ្ឋកិច្ចដែលធ្វើឱ្យខូចដល់ច្បាប់ទម្លាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច សន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទីក្រុងប៉េកាំង បាបញ្ជាក់ថា ខ្លួនបានប្រឆាំងដាច់ខាតចំពោះចំណាត់ការបែបនេះ និងបានប្ដេជ្ញា ចាត់វិធានការតបក្នុងលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រិនចិន។ កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏បានរួមបញ្ចូលទាំងក្រុមហ៊ុនរបស់ចិនមួយចំនួនផងដែរនៅក្នុងជុំចុងក្រោយរបស់ពួកគេនៃកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី ។ ទីក្រុងប៉េកាំងបានឆ្លើយតបកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ទីក្រុងព្រុចសែល និងទីក្រុងឡុងដ្រ៍ថាមិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនជាវិជ្ជមានក្នុងទំនាក់ទំនងជាមួយប្រទេសចិន៕

សត្វជាង២លានក្បាល បានងាប់ ខណៈអាកាធាតុរដូវរងាធ្ងន់ធ្ងរវាយប្រហារប្រទេសម៉ុងហ្គោលី

2024/02/27 12:48:48 pm        147
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២៦កុម្ភៈ ថាសត្វជាង២លានក្បាលបានងាប់នៅក្នុងប្រទេសម៉ុងហ្គោលី រហូតមកដល់ពេលនេះក្នុងរដូវរងានេះ ដោយសារប្រទេសនេះទទួលរងពីអាកាធាតុការត្រជាក់ និងព្រិលធ្លាក់ខ្លាំង។មិនមែនជារឿងចម្លែកទេ ដែលប្រទេសនេះ ជួបប្រទះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរចាប់ពីខែធ្នូដល់ខែមីនា នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់ដក៥០ អង្សាសេនៅតំបន់ខ្លះ។ អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប៉ុន្តែរដូវរងានេះ មានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា ហើយសីតុណ្ហភាពក៏ចុះទាបជាងធម្មតាដែរ និងមានព្រិលធ្លាក់ខ្លាំងទៀតផង។លោក កាងទូលហ្កា បាតសៃខាន (Gantulga Batsaikhan) រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសនេះបាននិយាយថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ សត្វពាហនៈចំនួន ២លាន១សែនក្បាលបានងាប់ដោយសារអត់ចំណី និងការហត់នឿយ។ ស្ថិតិផ្លូវការបង្ហាញថា ប្រទេសម៉ុងហ្គោលី មានសត្វបែបនេះចំនួន៦៤លាន៧សែនក្បាលរួមទាំងចៀម ពពែ សេះ និងគោ កាលពីចុងឆ្នាំ២០២៣។ បញ្ហាអាកាសធាតុធ្ងន់ខ្លាំងបែបនេះ ត្រូវបានគេស្គាល់ថាជា ស្ថានភាពរដូវរងាធ្ងន់ធ្ងរ ហើយជាធម្មតាបណ្តាលឱ្យមានសត្វពាហនៈងាប់យ៉ាងច្រើន។អង្គការសហប្រជាជាតិបាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនប្រេកង់ និងអាំងតង់ស៊ីតេនៃសីតុណ្ហភាពរដូវរងាធ្ងន់ធ្ងរ៕

អាជ្ញាធរអ៊ីស្រាអែល ស៊ើបអង្កេត ក្រោយការបង្រ្កាបរបស់នគរបាលលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុង តេល អាវីវ

2024/02/27 12:43:47 pm        149
ចំណាប់ថ្នូរម្នាក់ដែលត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ត្រូវបានខ្ទាតដោយសារកាណុងបាញ់ទឹករបស់នគរបាល ហើយបុរសចំណាស់ម្នាក់បានដួល ក្រោយប៉ះទង្គិចក្បាលដោយសារមន្ត្រីទ័ពសេះម្នាក់ ខណៈនគរបាលបានបង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ក្នុងទីក្រុង តេល អាវីវ(Tel Aviv)។ មនុស្ស២១នាក់រួមទាំង អ្នករៀបចំចលនាតវ៉ា២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងតវ៉ា កាលពីយប់ថ្ងៃសៅរ៍ ជុំវិញអ្វីដែលនគរបាលនិយាយថាជាការប្រមូលផ្ដុំដោយខុសច្បាប់ក្នុងទីលានចតុរង្គប្រជាធិបតេយ្យ ក្បែរទីស្នាក់ការយោធាអ៊ីស្រាអែល។ ឈ្មោះទីលានចតុរង្គនេះ ត្រូវបានគេដាក់ឲ្យកាលពីឆ្នាំមុន ខណៈការប្រមូលផ្ដុំប្រចាំសប្ដាហ៍ បានកើតឡើងនៅទីនោះដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដកអំណាចចៅក្រមរបស់អ៊ីស្រាអែល។ ការតវ៉ាទាំងនោះ ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែល ក្រសួងយុត្តិធម៌នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុមួយ នៅក្នុងវីដេអូ ទំនងជាមន្ត្រីនគរបាលម្នាក់បានវាយបុរសម្នាក់ដោយប្រើខ្សែក្រឡុះសេះ ដែលធ្វើឲ្យបុរសនោះដួលក្រាបទៅនឹងដី៕

ទាហានហ្ស៊កដានី ទម្លាក់ជំនួយលើតំបន់ហ្កាហ្សា ខណៈចំនួនពលរដ្ឋប៉ាឡេស្ទីនអត់ឃ្លានកាន់តែច្រើន

2024/02/27 12:40:00 pm        135
ជំនួយមានទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ត្រូវបានទម្លាក់ដោយប្រើឆត្រយោង លើតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ ដោយទាហានហ្ស៊កដានី ដែលជាប្រតិបត្តិការទម្លាក់ពីលើយន្តហោះដ៏ធំបំផុតសម្រាប់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ កំពុងរស់នៅក្នុងជំរំត្រូវការជំនួយជាចាំបាច់ដើម្បីរស់។ អ្នកនាំពាក្យកងទ័ព លោក ម៉ាស្តាហ្វា ហ៊ីយ៉ារី(Mustafa Hiyari) បាននិយាយថា ប្រតិបត្តិការទម្លាក់ជំនួយនេះបានប្រើយន្តហោះ C-130 ចំនួន៤គ្រឿង រួមទាំងមួយគ្រឿងជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង ។ ជំនួយទាំងនោះ ដែលរួមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់វេជ្ជសាស្ត្រ និងអាហារឆ្អិនស្រាប់ ជាប្រភេទអាហារូបត្ថម្ភខ្ពស់ បានទម្លាក់ចូលក្នុងសមុទ្រ ក្បែរឆ្នេរ ហើយដឹកជញ្ជូនឡើងដីគោកតាមទូក។ប្រជាជនហ្កាហ្សាប្រមាណ២លាន៣សែននាក់ ភាគច្រើននៃពួកគេបានរត់ភៀសខ្លួនពីផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គក្រាប់បែកជាច្រើនខែរបស់អ៊ីស្រាអែល កំពុងប្រឈមវិបត្តិនៃភាពស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ។ ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡា(Abdullah )បានព្រមានកាលពីថ្ងៃចន្ទពីគ្រោះថ្នាក់នៃប្រតិបត្តិការយោធាដែលបានគ្រោងទុករបស់អ៊ីស្រាអែលក្នុងតំបន់រ៉ាហ្វា និងបានអំពាវនាវដដែលៗឲ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិល ក្នុងតំបន់ហ្កាហ្សានិង នាំយកជំនួយកាន់តែច្រើនថែមទៀតចូលក្នុងតំបន់រងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM