ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សន្តិសុខ និង សង្គម

ជនអន្តោប្រវេសន៍ប្រឈមការលង់ទឹកស្លាប់ និងបាត់ខ្លួន ក្នុងពេលព្យាយាមឆ្លងទឹកចូលរដ្ឋ តិចសាស់

2024/02/26 01:12:42 pm        116
ជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមឆ្លងទឹកទន្លេ រីយ៉ូគ្រែន (Rio Grande) ចូលទៅក្នុងរដ្ឋតិចសាស់(Texas) ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីទឹកហូរគួចពួកគេ។ជនអន្តោប្រវេសន៍មួយក្រុមមានគ្នា៥នាក់ រួមទាំងបុរសជនជាតិកាតេម៉ាឡា និងមិត្តស្រីរបស់គេ បានទៅតាមបុរសជនជាតិម៉ិកស៊ីកូម្នាក់ដែល បានព្យាយាមជាលើកទី២នាំពួកគេឆ្លងទន្លេ ។ ក្នុងការប៉ុនប៉ងលើកទី២ចរន្តទឹកហួរខ្លាំងក្នុងទន្លេបានហួរគួចក្រុមនេះ ដែលធ្វើឲ្យពួកគេស្រែកឲ្យគេជួយខណៈពួកគេកាន់ដៃគ្នា។ ឆ្មាំជាតិនិងនគរបាលម៉ិកស៊ិក បានប្រញាប់ប្រញាល់ទៅច្រាំងទន្លេ។ បុរសម្នាក់បានលោតចូលក្នុងទន្លេនិងបានទាញបុរសម្នាក់ដែលជាមេក្រុម ក្នុងស្ថានភាពសន្លប់ឡើងមកលើច្រាំងនិងចាប់ផ្ដើមសង្រ្គោះ។ជនអន្តោប្រវេសន៍មួយចំនួនបានរត់ទៅកាន់មាត់ច្រាំង ប៉ុន្តែនៅពេលព្រះអាទិត្យលេច ស្ត្រីជនជាតិកាតេម៉ាឡា នៅតែបាត់ខ្លួនហើយមិនត្រូវបានគេដឹងភ្លាមៗទេថាតើនាងនៅមានជីវិតឬយ៉ាងណា។ ប្រហែលកន្លះម៉ោងក្រោយមក ក្រុមអាជ្ញាធរម៉ិកស៊ិក បានប្រើឈើវែងមួយដើមជួយសង្រ្គោះស្ត្រី ជនជាតិកូឡុំប៊ីម្នាក់ពីទន្លេនេះ។ទីក្រុងភីដ្រាស ណេក្រាស(Piedras Negras) រដ្ឋ គ័រអ៊ុយឡា(Coahuila) ប្រទេសម៉ិកស៊ិក គឺជាចំណុចឆ្លងទន្លេរីយ៉ូគ្រែន ពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាទីដែលអភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានចាប់ផ្ដើមសាងសង់ជំរំមូលដ្ឋានយោធារបស់រដ្ឋនេះ ដែលលោកនិយាយថា នឹងក្លាយជាជម្រកសម្រាប់កងទ័ព១.៨០០នាក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារព្រំដែនដើម្បីទប់ស្កាត់ចំនួនអន្តោប្រវេសន៍ខុសច្បាប់៕

អតីតប្រធានាធិបតីប្រេស៊ីល ប្រមូលផ្តុំអ្នកគាំទ្រដើម្បីបង្ហាញពីភាពរឹងមាំ ក្នុងពេលមានការស៊ើបអង្កេតរដ្ឋប្រហារ

2024/02/26 01:09:19 pm        56
អតីតប្រធានាធិបតីប្រទេសប្រេស៊ីល លោក Jair Bolsonaro បានប្រមូលផ្តុំក្រុមអ្នកគាំទ្ររាប់ពាន់នាក់ នៅលើវិថី ប៉ាវលីស្តា អឺវេនញូ(Paulista Avenue) ដ៏ល្បីល្បាញរបស់ទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីភាពរឹងមាំខាងនយោបាយ ក្នុងពេលមានការស៊ើបអង្កេត ដែលមនុស្សជាច្រើន ជឿថា អាចធ្វើឱ្យលោកជាប់ពន្ធនាគារ។ អតីតប្រធានាធិបតីស្តាំនិយម ដែលបានអំពាវនាវឲ្យមានការប្រមូលផ្តុំគ្នា បន្ទាប់ពីត្រូវបានកំណត់គោលដៅដោយការវាយឆ្មក់របស់នគរបាលកាលពីដើមខែនេះ ដើម្បីស៊ើបអង្កេតការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមដែលបានចោទប្រកាន់ បាននិយាយប្រហែល ២០នាទី ដើម្បីការពារខ្លួន ខណៈពេលរំលឹកឡើងវិញអំពីអាណត្តិរបស់លោក កាលពី ២០១៩ដល់ឆ្នាំ២០២២។ លោក Bolsonaro ត្រូវបានគេរឹបអូសយកលិខិតឆ្លងដែន ហើយត្រូវបានចោទប្រកាន់ពីបទកែសម្រួលក្រិតដែលបានពង្រៀង ដើម្បីលុបចោលលទ្ធផលបោះឆ្នោត ដោយដាក់សម្ពាធលើមេបញ្ជាការយោធា ឱ្យចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរៀបចំផែនការដាក់ពន្ធនាគារប្រធានតុលាការកំពូល បន្ទាប់ពីការចាញ់ការបោះឆ្នោតរបស់ ប្រធានាធិបតីឆ្វេងនិយម លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្នុងឆ្នាំ ២០២២។ លោក Bolsonaro កាលពីថ្ងៃអាទិត្យ បានច្រានចោលបទចោទប្រកាន់នេះ និងបាននិយាយថា លោកកំពុងត្រូវបានគេ «ធ្វើទុក្ខបុកម្នេញ» ហើយក្រឹតដែលបានពង្រៀងនោះ គឺផ្អែកតាមរដ្ឋធម្មនុញ្ញ។ លោក បានអំពាវនាវ ឲ្យមានការលើកលែងទោសចំពោះអ្នកទាំងឡាយណា ដែលបានចូលរួមក្នុងកុបកម្ម ថ្ងៃទី ៨ ខែ មករា។ មេដឹកនាំស្តាំនិយមរូបនេះ បានថ្លែងសន្ទរកថារបស់លោក នៅលើរថយន្តដឹកទំនិញ ដែលហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្រ ដែលភាគច្រើន កាន់ទង់ជាតិអ៊ីស្រាអែលផងដែរ។

អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រយុទ្ធគ្នានៅហ្កាហ្សា ខណៈកិច្ចប្រឹងប្រែងបទឈប់បាញ់កំពុងបង្កើនល្បឿន

2024/02/26 01:04:41 pm        68
ទាហានអ៊ីស្រាអែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានប្រយុទ្ធគ្នានៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍ ខណៈក្រុមអ្នកសម្របសម្រួល បានបង្កើនល្បឿននៃកិច្ចពិភាក្សាជុំវិញបទឈប់បាញ់ដែលអាចធ្វើទៅបាន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងនាំយកវិធានការសម្រាប់ការផ្អាកនៅថ្ងៃសម្រាក បុណ្យរ៉ាម៉ាដាន ទៅកាន់តំបន់ហ៊ុមព័ទ្ធដែលរងការវាយប្រហារមួយនេះ។ ទោះជាយ៉ាងណា ទស្សនវិស័យ សម្រាប់ការធានាបានបទឈប់បាញ់ណាមួយ មើលទៅដូចជាមិនប្រាកដប្រជា ដោយអ៊ីស្រាអែលនិយាយថា មានផែនការពង្រីកការបោសសម្អាតដើម្បីកម្ទេចក្រុមហាម៉ាស ខណៈ ក្រុមសកម្មប្រយុទ្ធ បានប្រកាន់ជំហររឹងមាំ លើការទាមទាររបស់ខ្លួន សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមរយៈពេលជិតប្រាំខែ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក នៅក្នុងសន្និសីទមួយកាលពីល្ងាចថ្ងៃសៅរ៍ ដោយប្រមុខចារកម្ម ដែលបានបានវិលត្រឡប់ពីកិច្ចប្រជុំជាមួយក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា អេហ្ស៊ីប និងអាមេរិក នៅទីក្រុងប៉ារីស អំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាលើកទីពីរ។ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Jake Sullivan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ក្រុមអ្នកចរចាសម្រាប់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងអ៊ីស្រាអែល បានឈានដល់ការយោគយល់គ្នា លើទម្រង់ការជាមូលដ្ឋាននៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉ារីស។ លោក Sullivan និយាយថា កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្រោមការចរចានៅឡើយ ហើយនឹងត្រូវតែមានការពិភាក្សាដោយប្រយោល ធ្វើឡើងដោយប្រទេសកាតា និងអេហ្ស៊ីប ជាមួយក្រុមហាម៉ាស។ លោក Netanyahu បាននិយាយថា វាមិនទាន់ច្បាស់នៅឡើយទេថាតើ កិច្ចព្រមព្រៀងចំណាប់ថ្នូរនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សានេះឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាអំពីចំណុចជាក់លាក់ ប៉ុន្តែនិយាយថាក្រុមហាម៉ាស ចាំបាច់ត្រូវទាមទារឲ្យសមហេតុផលបន្ថែមទៀត។

ក្រុមតាលីបង់ ដោះលែងសកម្មជនស្តាំនិយមអូទ្រីសដែលត្រូវគេឃុំខ្លួន នៅប្រទេសអាហ្វហ្គានីស្ថាន

2024/02/26 01:01:51 pm        52
ក្រុមតាលីបង់ បានដោះលែងលោក Herbert Fritz មានវ័យ ៨៤ឆ្នាំ ជាអ្នកជាតិនិយមស្តាំនិយមអូទ្រីសដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភាឆ្នាំមុន។រដ្ឋាភិបាលអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក Fritz បានមកដល់ទីក្រុងដូហា (Doha) ប្រទេសកាតា មុនមួយថ្ងៃ បន្ទាប់ពីការសម្របសម្រួលដោយរដ្ឋាភិបាលកាតាបានជួយធានាការដោះលែងលោក។លោក Fritz ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីបានប្រឆាំងនឹងការព្រមានដ៏យូរអង្វែងរបស់ប្រទេសអូទ្រីសប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលក្រុមតាលីបង់ បានវិលត្រឡប់មកគ្រប់គ្រងវិញ នៅក្នុងឆ្នាំ២០២១។ លោកបានប្រាប់អ្នកយកព័ត៌មាន ពេលមកដល់ទីក្រុងដូហា នៅពេលសួរអំពីទុក្ខលំបាករបស់ខ្លួនថា៖«ខ្ញុំគិតថា វាជាសំណាងអាក្រក់ ប៉ុន្តែខ្ញុំចង់ទៅលេងម្តងទៀត»។លោក Fritz បានបន្ថែមថា៖«ខ្ញុំសូមទោស មានមនុស្សល្អមួយចំនួន ប៉ុន្តែក៏មានមនុស្សខ្លះពុំមានពិចារណាបានត្រឹមត្រូវទេ ដោយបានពណ៌នាអំពីក្រុមអ្នកចាប់របស់ខ្លួនលោក»។បន្ទាប់ពីការចាប់ខ្លួនលោក សារព័ត៌មាន Der Standard របស់ប្រទេសអូទ្រីស បាននិយាយថា លោក Fritz បានទៅប្រទេសអាហ្វហ្គានីស្ថាន ហើយបានរាយការណ៍ជាវិជ្ជមានអំពីជីវិតនៅទីនោះ។ លោកបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា«វិស្សមកាលជាមួយក្រុមតាលីបង់»តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយស្តាំនិយម។សារព័ត៌មាននេះ បាននិយាយថា ករណីនេះ បានជួយជំរុញឲ្យមានការអំណះអំណាងប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលថា អាហ្វហ្គានីស្ថានជាប្រទេសមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន អាចវិលត្រឡប់មកវិញបាន។

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់២៩.៦៩២នាក់

2024/02/26 12:57:50 pm        90
ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨៦នាក់និង១៣១នាក់ រងរបួស ក្នុងតំបន់ហ្កាហ្សាស្ទី្របអំឡុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩.៦៩២នាក់ និងអ្នករបួសឡើងដល់៦៩.៨៧៩នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រមហាម៉ាស បានផ្ទុះឡើងជាង៤ខែមកនេះ ។ ក្រសួងនេះបានគូសបញ្ជាក់ថា ជនរងគ្រោះជាច្រើននៅតែកប់ក្រោមគំនរកម្ទេចថ្មដោយសារតែការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងកង្វះការការពារជនស៊ីវិល និងក្រុមការងារសង្គ្រោះ។ ទូរទស្សន៍ប៉ាឡេស្ទីន បាននិយាយថា ការទម្លាក់គ្រាប់បែកឥតឈប់ឈរពីសំណាក់កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស៤៨នាក់ នៅក្នុងភាគខាងជើង និងខាងត្បូងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ រួមទាំង២៣នាក់ ក្នុងទីក្រុងភាគខាងត្បូង Khan Younis។ ទាហានអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់កងកម្លាំងប្រដាប់អាវុធមួយចំនួនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។នៅថ្ងៃដដែលនោះដែរ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានវាយប្រហារទាហាន និងរថយន្តអ៊ីស្រាអែល ដោយការបាញ់ផ្លោងគ្រាប់រ៉ូកែត៕

ក្រុមស្រាវជ្រាវ៖ ភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម កើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌា

2024/02/26 12:54:23 pm        87
ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃច័ន្ទ (២៦ កុម្ភៈ) នេះថាភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៦២2% នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ហើយសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ជាកត្តាសំខាន់នៃកំណើនការស្អប់ខ្ពើមទាំងនោះក្នុងរយៈពេលបីខែចុងក្រោយ។ក្រុមស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ថាស្ថាប័នស្រាវជ្រាវការស្អប់ខ្ពើមប្រឆាំងពូជសាសន៍របស់ឥណ្ឌា បានចងក្រងឯកសារអំពីឧប្បត្តិហេតុពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៦៨ ករណីដែលផ្តោតលើជនជាតិមូស្លីមក្នុងឆ្នាំ២០២៣ ដែល ២៥៥ ករណីបានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈដែលចំនួន ៤១៣ ករណីបានកើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំដដែលនេះ។បាយការណ៍នោះបានបន្ថែមថា រវាងថ្ងៃទី០៧ ខែតុលា នៅពេលក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស វាយប្រហារអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីបដោយសារការសងសឹករបស់អ៊ីស្រាអែល រហូតដល់ថ្ងៃទី៣១ ខែធ្នូ មានឧប្បត្តិហេតុនៃការប្រើប្រាស់ភាសាស្អប់ខ្ពើមចំនួន ៤១ ករណីប្រឆាំងនឹងប្រជាជនអ៊ីស្លាមឥណ្ឌា ជុំវិញបញ្ហាសង្គ្រាម ហើយចំនួនប្រហែល ២០% នៃការនិយាយស្អប់ខ្ពើមទាំងនោះកើតឡើងក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣៕

ប្លុក ECOWAS របស់អាហ្រិ្វកខាងលិច ដកទណ្ឌកម្មលើរដ្ឋដែលដឹកនាំដោយរបបសឹកចំនួនបួន

2024/02/26 12:51:13 pm        79
សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានបើកកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសៅរ៍ (២៤ កុម្ភៈ) ហើយបានប្រកាសពីការដកទណ្ឌកម្មដែលដាក់លើប្រទេសនីហ្សេ ម៉ាលី បួគីណាហ្វាសូ និងហ្គីណេ ដោយប្លុកក្នុងតំបន់មួយនេះកំពុងជំរុញឱ្យមានកិច្ចសន្ទនាដើម្បីបញ្ចៀសវិបត្តិនយោបាយនៅក្នុងតំបន់។ប្លុក ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសទាំងនេះ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញ តាមរយៈរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ទណ្ឌកម្មនេះបានឃើញប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ប្រកាសពីចេតនាដកខ្លួនចេញពីប្លុកជាអចិន្ត្រៃយ៍ ប៉ុន្តែ ECOWAS បានអំពាវនាវឲ្យរដ្ឋទាំងបីត្រឡប់មកវិញ។ប្រធានគណៈកម្មការ ECOWAS លោក អូម៉ា អាលីវ ថួរ៉ាយ (Omar Alieu Touray) បាននិយាយថា ការសម្រេចនេះគឺផ្អែកលើការពិចារណាផ្នែកមនុស្សធម៌ ហើយប្លុកនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការដកខ្លួនរបស់ប្រទេសទាំងនេះ ជាពិសេសទៅលើប្រជាពលរដ្ឋ និងចំពោះដំណើរការសមាហរណកម្មក្នុងតំបន់។មេដឹកនាំយោធានៃប្រទេសនីហ្សេ បួគីណាហ្វាសូ និងម៉ាលី មានទំនាក់ទំនងមិនចុះសម្រុងជាមួយប្លុក ECOWAS ចាប់តាំងពីពួកគេបានកាន់អំណាចនៅក្នុងប្រទេសរៀងៗខ្លួនតាមរយៈរដ្ឋប្រហារមក ហើយទណ្ឌកម្មដែលត្រូវដកចេញដំបូងនេះគឺមានគោលបំណងបញ្ច្រាសរដ្ឋប្រហារក្នុងការជំរុញឱ្យមានការសន្ទនា៕

ក្រុមសកម្មជនជំរុញឲ្យបោះឆ្នោតសម្រាប់បក្ស ជាការតវ៉ាប្រឆាំងការគាំទ្ររបស់លោក Bidenលើអ៊ីស្រាអែល

2024/02/26 12:45:44 pm        73
ក្រុមអ្នកគាំទ្រយុទ្ធនាការបោះឆ្នោត "សន្លឹកឆ្នោតសម្រាប់តែបក្ស" បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ២៥កុម្ភៈ នៅមុនការបោះឆ្នោតបឋមនៃការជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ មីជីហ្គែន (Michigan) ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden ដែលមិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។សកម្មជន និងអ្នកនយោបាយជាច្រើននាក់ បានប្រមូលផ្ដុំគ្នាតវ៉ាដោយមានពាក្យស្លោកដែលហៅប្រធានាធិបតីអាមេរិកថា " Joe ប្រល័យពូជសាសន៍ " ខណៈជំរុញអ្នកបោះឆ្នោតឱ្យបោះឆ្នោត គាំទ្រសម្រាប់តែគណបក្សប៉ុណ្ណោះ ក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនក្នុងបក្សប្រជាធិបតេយ្យនៅរដ្ឋ មីជីហ្គែន នៅថ្ងៃទី២៧ ខែកុម្ភៈ។ រដ្ឋ Michigan ស្ថិតក្នុងចំណោមរដ្ឋទាំងប្រាំពីរដែលយុទ្ធនាការរបស់លោក Biden ចាត់ទុកថាជារដ្ឋដែលមានបោះឆ្នោតដ៏ប្រទាញប្រទង់ ដោយសារតែចំណង់ចំណូលចិត្តរបស់អ្នកបោះឆ្នោតរបស់ពួកគេអាចផ្លាស់ប្តូរទៅភាគីណាមួយ និងកំណត់លទ្ធផលនៃការប្រកួតប្រជែងក្នុងខែវិច្ឆិកា។ គេហទំព័រយុទ្ធនាការ "ស្តាប់រដ្ឋមីឈីហ្គែន" ដែលមានក្រាហ្វិកពណ៌ទង់ជាតិប៉ាឡេស្ទីន ផ្តល់ការណែនាំលម្អិតអំពីរបៀបចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ដែលមិនចាំបាច់មានការប្ដេជ្ញាចិត្តពីបេក្ខជនឈរឈ្មោះឡើយ។ រដ្ឋបាលលោក Biden បាននិយាយថា បទឈប់បាញ់ដ៏ទូលំទូលាយនាពេលនេះ នឹងហុចផលប្រយោជន៍ដល់ក្រុមហាម៉ា ប៉ុន្តែរដ្ឋបាលនេះ បានអំពាវនាវឱ្យមានការបញ្ឈប់ប្រយុទ្ធគ្នា ជាដំណាក់កាលបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស បានចាប់ និងការផ្ដល់ជំនួយដល់ប្រជាជននៅតំបន់ហ្កាហ្សា៕

បុរសម្នាក់ដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងក្រុងវ៉ាស៊ីនតោន ជាការតវ៉ាប្រឆាំងសង្រ្គាម

2024/02/26 12:42:32 pm        132
ក្រុមអាជ្ញាធរបាននិយាយថា សមាជិកយោធាអាមេរិកម្នាក់បានដុតខ្លួនឯងក្នុងទង្វើជាក់ស្តែងនៃការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីរសៀលថ្ងៃអាទិត្យ (២៥ កុម្ភៈ)។បុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ បន្ទាប់ពីភ្លើងត្រូវបានពន្លត់ដោយមន្ត្រីសេវាសម្ងាត់អាមេរិក និងក្រុមពន្លត់អគ្គិភ័យវ៉ាស៊ីនតោន។ អ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុងបាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា បុរសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ អ្នកនាំពាក្យកងទ័ពអាកាសបានបញ្ជាក់ថា ឧបទ្ទវហេតុនេះមានពាក់ព័ន្ធនឹងអ្នកបើកយន្តហោះដែលកំពុងស្ថិតក្នុងពេលបំពេញកាតព្វកិច្ច។ បុរសនោះបានស្លៀកសម្លៀកបំពាក់យោធា ហើយបាននិយាយក្នុងវីដេអូផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតថា៖ «ខ្ញុំនឹងលែងមានភាពស្មុគស្មាញក្នុងអំពើប្រល័យពូជសាសន៍ទៀតហើយ»។ សារព័ត៌មាន ញ៉ូវយក ថែមស៍ បានរាយការណ៍ថា បន្ទាប់ពីបាននិយាយរួច បុរសនោះចាក់អង្គធាតុរាវលើខ្លួន រួចក៏ដុតខ្លួនឯងដោយស្រែកថា «សេរីភាពប៉ាឡេស្ទីន»។នគរបាលក្នុងតំបន់ និងសេវាសម្ងាត់កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ ស្ថានទូតអ៊ីស្រាអែល បានក្លាយជាគោលដៅនៃការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សា ហើយសង្រ្គាមដ៏បង្ហូរឈាមនេះបានជំរុញឱ្យមានការតវ៉ាគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែលជាច្រើននៅសហរដ្ឋអាមេរិក៕

ភាពតានតឹង កើនឡើង ខណៈដែលគ្រាប់ធញ្ញជាតិអ៊ុយក្រែន ១៦០តោន ត្រូវបានបំផ្លាញ នៅក្នុងប្រទេសប៉ូឡូញ

2024/02/26 12:34:25 pm        91
ក្រុមអ្នកបះបោរប៉ូឡូញ បានបំផ្លិចបំផ្លាញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន ១៦០តោន កាលពីថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិចចុងក្រោយបង្អស់នៅក្នុងជម្លោះឆ្លងព្រំដែនដ៏ជូរចត់កាន់តែខ្លាំងឡើងលើការនាំចេញ កសិផល។វីដេអូ និងរូបភាពតាមអ៊ីនធឺណិតជាច្រើន បានបង្ហាញពីគ្រាប់ពោតចំនួន៨ទូរថភ្លើង ដែលកំពប់ទៅលើផ្លូវរថភ្លើងក្បែរភូមិ Kotomierz ភាគខាងជើងប្រទេសប៉ូឡូញ ដោយជំរុញឲ្យឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្កោលទោសវា ជាទង្វើនៃ«និទណ្ឌភាពនិងការទទួលមិនទទួលខុសត្រូវ»។លោក Oleksandr Kubrakov ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitterថា៖«រូបភាពទាំងនេះ បង្ហាញពីគ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន១៦០តោនដែលត្រូវបានបំផ្លាញ។ គ្រាប់ធញ្ញជាតិទាំងនេះ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Gdansk ហើយបន្ទាប់មកទៅកាន់ប្រទេសផ្សេងទៀត»។«នេះគឺជាករណីទី៤នៃការបំផ្លិចបំផ្លាញនៅស្ថានីយរថភ្លើងប៉ូឡូញ និងជាករណីទី៤នៃនិទណ្ឌភាព និងការមិនទទួលខុសត្រូវ»។នៅល្ងាចថ្ងៃអាទិត្យ លោកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានព្រមានថា៖«ប្រសិនបើជំហាន ដើម្បីដោះស្រាយបញ្ហាជាមួយប៉ូឡូញនៅព្រំដែន មិនត្រូវបានរកឃើញទេនោះ យើងនឹងការពារអាជីវកម្មរបស់យើង»។ ឧប្បត្តិហេតុពីមុនៗនៃគ្រាប់ធញ្ញជាតិដែលបានកំពប់ចេញពីរថភ្លើង បានកើតឡើង នៅព្រំដែនប៉ូឡូញជាមួយអ៊ុយក្រែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM