សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

ជំនាញប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យ ៥នាក់, ថ្នាំញៀនជាង ១តោន

2024/01/24 01:57:31 pm        336
ព្រះសីហនុ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយជំនាញពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនជនសង្ស័យ ៥នាក់ នៅលំហសមុទ្រ នាខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃមុននេះ។ជនសង្ស័យទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​បង្ហាញ​មុខជាសាធារណៈ នាវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមវត្តមាន លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕ តារាវុទ្ធី

UNចំនួនអ្នកស្លាប់ក្នុងសង្គ្រាមក្រុមជនអន្ធពាលនៅប្រទេសហៃទី កើនទ្វេដងដល់ជិត ៥.០០០នាក់ ក្នុងមួយឆ្នាំ

2024/01/24 01:08:31 pm        87
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាចំនួនមនុស្សដែលត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈប្រទេសហៃទី ប្រឈមមុខនឹងជម្លោះកាន់តែអាក្រក់រវាងក្រុមជនអន្ធពាលប្រដាប់អាវុធធន់ធ្ងន់ បានកើនឡើងដល់ទៅ ៤.៧៨៩នាក់កាលពីឆ្នាំមុន។លោក Guterres បាននិយាយក្នុងរបាយការណ៍ថា៖ «ខ្ញុំមានការរន្ធត់ចិត្តចំពោះកម្រិតនៃអំពើហិង្សាក្រុមជនអន្ធពាលដែលកាន់តែខ្លាំងក្លាឡើង។ ការសម្លាប់ដោយក្រុមជនអន្ធពាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ ជាពិសេសទៅលើស្ត្រី និងកុមារី ក្នុងចំណោមការរំលោភបំពានផ្សេងទៀត នៅតែបន្តមាននិទណ្ឌភាពយ៉ាងទូលំទូលាយ»។នគរបាលរបស់ប្រទេសហៃទី បានជួបការលំបាកក្នុងការដណ្ដើមយកតំបន់នានាចេញពីការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល និងបញ្ឈប់ការរីករាលដាលនៃសម្ព័ន្ធភាពដ៏មានឥទ្ធិពលទៅកាន់ដីស្រែចំការសំខាន់ៗ។ នគរបាលបាននិយាយថា ប៉ុស្តិ៍នគរបាលមួយក្នុងចំណោមស្ថានីយ៍ចំនួន ១០ទីតាំងនៅទូទាំងប្រទេសត្រូវបានវាយប្រហារពេញមួយឆ្នាំ ខណៈដែលរថពាសដែករបស់នគរបាលជាច្រើនគ្រឿងត្រូវបានទុកចោលមិនដំណើរការបន្ទាប់ពីការប៉ះទង្គិចជាមួយសមាជិកក្រុមជនអន្ធពាល ដែលតែងតែស្លៀកពាក់ឯកសណ្ឋាននគរបាលក្លែងក្លាយដើម្បីធ្វើសកម្មភាពចាប់ជំរិត៕

ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ ប្រជាជន ៥៧០,០០០នាក់ នៅហ្កាហ្សា ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ

2024/01/24 12:03:07 pm        98
ទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់បូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សប្រហែល ៥៧០.០០០នាក់ នៅតំបន់ហ្កាហ្សា ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយការងាររបស់អង្គការមនុស្សធម៌ មានការលំបាកដោយសារបញ្ហាការចូលទៅដល់ និងបញ្ហាទំនាក់ទំនង។ ទីភ្នាក់ងារផ្តល់ជំនួយ UNRWA បាននិយាយថា មនុស្ស ៥៧០.០០០នាក់ នៅតំបន់ហ្កាហ្សា ប្រឈមភាពអត់ឃ្លានដ៏មហន្តរាយ ហើយការប្រយុទ្ធគ្នាខ្លាំង ការបដិសេធមិនឲ្យមានដំណើរការចូល និងការរឹតត្បិត ការកាត់ផ្តាច់ទំនាក់ទំនង កំពុងរារាំងសមត្ថភាពរបស់ទីភ្នាក់ងារជំនួយ UNRWA ក្នុងការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ភ្នាក់ងារផ្តល់ជំនួយUNRWA បាននិយាយនៅលើបណ្តាញ X ថា ខណៈហានិភ័យនៃគ្រោះទុរភិក្សកើនឡើង អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការបង្កើនយ៉ាងសំខាន់ក្នុងដំណើរការចូលផ្នែកមនុស្សធម៌។ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមហាម៉ាស បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ខណៈអ្នកប្រយុទ្ធរបស់ក្រុមនេះបានបំពានព្រំដែន និងបានបាញ់ប្រហារទៅលើយោធា និងជនស៊ីវិល។ ជាលទ្ធផល មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល និង ២៤០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់។ អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹក បញ្ជាឱ្យបិទតំបន់ហ្កាហ្សាទាំងមូល និងបើកការវាយលុកតាមជើងគោកនៅតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដោយមានគោលដៅ កម្ចាត់ក្រុមអ្នកប្រយុទ្ធហាម៉ាស និងជួយសង្គ្រោះចំណាប់ថ្នូរ។ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ២៥.០០០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា រហូតមកដល់ពេលនេះ បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល។

ធ្លាក់ព្រិលខ្លាំង នៅតំបន់ឆ្នេរសមុទ្រជប៉ុន រួមទាំងឧបទ្វីប Noto ដែលរងគ្រោះដោយរញ្ជួយដី

2024/01/24 11:59:32 am        82
ព្រិលខ្លាំង កំពុងធ្លាក់នៅតំបន់ភាគច្រើននៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសជប៉ុន ពីភាគខាងលិច រហូតដល់ភាគខាងកើតប្រទេសជប៉ុន រួមទាំងឧបទ្វីប ណូតូ (Noto) ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏មានឥទ្ធិពលកាលពីថ្ងៃចូលឆ្នាំថ្មី។ ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន និយាយថា អាកាសធាតុបាននាំមកនូវខ្យល់ត្រជាក់ខ្លាំងបំផុតប្រចាំរដូវកាល រួមជាមួយនឹងគំរូសម្ពាធប្រភេទរដូវរងា។មន្ត្រីឧតុនិយម កំពុងព្រមានអំពីការបង្អាក់ចរាចរណ៍ទ្រង់ទ្រាយធំ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងភ្លាមៗនៅក្នុងខេត្ត Fukui និងខេត្ត Shiga ។ មន្ត្រីបានព្យាករណ៍ថា ព្រិល នឹងបន្តធ្លាក់រហូតដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅឧបទ្វីប Noto នៃខេត្ត Ishikawa ។ ប្រជាជន ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាចរាចរណ៍ និងឲ្យស្ថិតនៅក្នុងទីតាំងមានសុវត្ថិភាព។ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ការធ្លាក់ព្រិល ត្រូវបានគេរំពឹងថានឹងឡើងដល់ ៩០ សង់ទីម៉ែត្រ នៅក្នុងខេត្ត Niigata ៨០សង់ទីម៉ែត្រនៅក្នុងតំបន់ Kinki និង ៧០សង់ទីម៉ែត្រនៅក្នុងតំបន់ Hokuriku, Tohoku, Tokai និងតំបន់ Chugoku ។ អាជ្ញាធរនៅឧបទ្វីប Noto កំពុងព្រមានថា អគារដែលរងការខូចខាតដោយការរញ្ជួយដី អាចបាក់រលំក្រោមទម្ងន់ព្រិល។ មន្ត្រីឧតុនិយម ក៏បានព្រមានពីជំងឺផ្តាសាយធំផងដែរ។ សីតុណ្ហភាពនៅពេលថ្ងៃខ្ពស់សម្រាប់ថ្ងៃពុធនេះ ត្រូវបានគេរំពឹងថានឹងមាន ១ អង្សាសេនៅក្នុងទីក្រុង Toyama ២អង្សាសេនៅក្នុងទីក្រុង Wajima និង ៣អង្សាសេនៅក្នុងទីក្រុង Kanazawa ។ភាពញឹកញាប់នៃការរញ្ជួយដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់បានថយចុះ ប៉ុន្តែសកម្មភាពរញ្ជួយដីនៅតែមានកម្រិតខ្ពស់។ ក្រុមមន្ត្រី កំពុងជំរុញឱ្យពលរដ្ឋ រក្សាការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីកម្រិតលើ ៥រ៉ិចទ័រ ឬខ្លាំងជាងនេះ នៅក្នុងសប្តាហ៍ខាងមុខនេះ។

ប្រធានាធិបតីអ៊ុយក្រែន៖ មនុស្ស១៨នាក់ស្លាប់ និងជាង១៣០នាក់របួស ក្នុងការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ី

2024/01/24 11:55:34 am        117
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស១៨នាក់ និងជាង១៣០នាក់រងរបួស និងព្រមានថា ចំនួនអ្នកស្លាប់អាកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។ ការវាយប្រហារតាមអាកាសបានប៉ះចំរដ្ឋធានីគីវ(Kyiv ) និងទីក្រុងខាគីវ (Kharkiv) ភាគឦសាន ក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរសម្រាប់អ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ី បានឈានចូលអាយុកាលជិត២ឆ្នាំ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោក ថាគួរឲ្យសោកស្ដាយ មនុស្ស១៨នាក់ និងជាង១៣០នាក់ផ្សេងទៀតរងរបួស។ លោក បាននិយាយថា ទីក្រុងខាគីវ ត្រូវបានរងគ្រោះខ្លាំងជាងគេ និងបានព្រមានថាចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ។ លោកបាននិយាយថា លំនៅឋានពលរដ្ឋប្រមាណ១៣៩ខ្នង ត្រូវបានខូចខាតក្នុងការវាយប្រហាររបស់រុស្ស៊ី ដែលបានបាញ់ស្រោចមីស៊ីលជាង៤០គ្រាប់ចូលទឹកដៅអ៊ុយក្រែន។ លោកបានព្រមានសងសឹកផងដែរ ដោយនិយាយថា ឲ្យរុស្ស៊ីដឹងថា អ៊ុយក្រែនដឹងពីវិធីសាស្ត្រក្នុងការឆ្លើយតបវិញ។ លោកបានបន្ថែមថា សង្រ្គាមរបស់រុស្ស៊ី ប្រាកដជានឹងត្រឡប់ទៅផ្ទះវិញ ទៅកាន់ប្រភពរបស់ភាពឃោឃៅវិញ គឺនៅក្នុងប្រទេសរុស្ស៊ី។ គួររម្លឹកថា កងកម្លាំងរុស្ស៊ីធ្លាប់មានបំណងគ្រប់គ្រងទីក្រុងខាគីវ ជាទីក្រុងដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត ក្នុងការវាយប្រហារទាំងយប់អំឡុងលុកលុយដំបូង កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤៕

អ៊ីស្រាអែល ប្តេជ្ញាបន្តការប្រយុទ្ធ បន្ទាប់ពីទាហានរបស់ខ្លួនចំនួន ២៤នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា

2024/01/24 11:52:17 am        101
យ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ២១នាក់ ត្រូវបានសម្លាប់ នៅក្រោមអគារមួយ ដោយសារតែការវាយកម្ទេចនៅតំបន់ហ្កាហ្សា នៅថ្ងៃដែលស្លាប់ច្រើនបំផុតសម្រាប់ទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងសង្រ្គាម រហូតមកទល់ពេលនេះ។លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្តេជ្ញាថា នឹងប្រយុទ្ធ នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលទាហានបីនាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស នៅថ្ងៃតែមួយដែរនោះ។ទាហានអ៊ីស្រាអែលទាំងអស់ ដែលកប់នៅក្រោមគំនរបាក់បែក គឺជាទាហានបំរុង ហើយការស្លាប់របស់ពួកគេ កើតឡើង នៅពេលដែលអ៊ីស្រាអែល មានបំណងផ្លាស់ប្តូរសង្រ្គាមរបស់ខ្លួនទៅកាន់ «ដំណាក់កាលកម្រិតទាប»ថ្មីមួយ។ករណីនេះ បានកើតឡើង នៅពេលដែលលោកណេតាន់យ៉ាហ៊ូ កំពុងស្ថិតនៅក្រោមសម្ពាធផ្ទៃក្នុង កាន់តែខ្លាំងឡើងអំពីរបៀបបន្តសង្រ្គាម ខណៈដែលការស្លាប់កើនឡើងលើភាគីទាំងពីរ។ទន្ទឹមនឹងនេះ លោកបានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា ដំណាក់កាលបន្ទាប់នៃសង្គ្រាម នៅតំបន់ហ្កា ហ្សា នឹងចំណាយពេល ៦ខែទៀត។កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ត្រី Daniel Hagari បាននិយាយថា៖«ក្រុមភេរវករ» មិនស្គាល់អត្តសញ្ញាណ បានបាញ់គ្រាប់រ៉ុក្កែតទៅលើរថក្រោះអ៊ីស្រាអែល។លោក Daniel Hagari បាននិយាយថា៖ «ក្នុងពេលដំណាលគ្នានោះ មានការផ្ទុះដែលបណ្តាលឲ្យមានការដួលរលំនៃសំណង់ពីរជាន់ ខណៈដែលកងកម្លាំងភាគច្រើន កំពុងស្ថិតនៅក្នុង និងនៅក្បែរនោះ»។

រញ្ជួយដីកម្រិត៧.១រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសចិន បណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់

2024/01/24 11:44:25 am        110
ក្រុមមន្ត្រី បាននិយាយថា ការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅដាច់ៗពីគ្នានៅតំបន់ Xinjiang ភាគខាងលិចប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ បានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងបណ្តាលឱ្យមានការខូចខាតខ្លាំងនៅក្នុងអាកាសធាតុត្រជាក់ដល់កក។ វាជាការរញ្ជួយដីជាបន្តបន្ទាប់ និងគ្រោះមហន្តរាយធម្មជាតិ ដែលបានវាយប្រហារនៅភាគខាងលិចប្រទេស។មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនបាននិយាយថា រញ្ជួយដីបានធ្វើឲ្យរញ្ចួយតំបន់ Uchturpan ក្នុងខេត្ត Aksu ។ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ។ គិតត្រឹមល្ងាចថ្ងៃអង្គារ អាជ្ញាធរបាននិយាយថា មនុស្ស ៣ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅក្នុងតំបន់នេះ។ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកតាមគំនរបាក់បែក ក្រឡាប់ផ្ទាំងថ្ម ដើម្បីស្វែងរកជនរងគ្រោះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បាននិយាយថា ឧបករណ៍សង្គ្រោះបន្ទាន់ រួមមានទាំងអាវធំ តង់ និងគ្រែបត់ ដើម្បីជួយមនុស្សរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បានមកដល់ ឬកំពុងដឹកជញ្ជូនមក ។ លោក Zhang Yongjiu ប្រធានរដ្ឋបាលគ្រោះរញ្ជួយដីតំបន់ Xinjiang បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអង្គារថា ទោះបីជាការរញ្ជួយដីមានកម្លាំងខ្លាំងក៏ដោយ ចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងតំបន់ភ្នំដែលមានប្រជាជនរស់នៅដាច់ៗពីគ្នា។ ក្នុងចំណោមអ្នករងរបួសទាំង៥នាក់ មាន២នាក់រងរបួសធ្ងន់ ។ រដ្ឋាភិបាលតំបន់ស្វយ័ត ស៊ីនជាំង អ៊ុយហ្គឺ(Xinjiang Uygur) បានបង្ហោះនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម Weibo ផ្លូវការរបស់ខ្លួនថា ក្នុងចំណោមអគារជាង ១២០ខ្នង ដែលរងការខូចខាត លំនៅឋានចំនួន ៤៧ខ្នងបានបាក់រលំ លំនៅឋានចំនួន៧៨ខ្នងបានខូចខាត និងរោងបន្លែមួយចំនួនត្រូវបានបាក់រាប។

កសិករបារាំង បង្កើនសម្ពាធ លើរដ្ឋាភិបាល ខណៈការតវ៉ារាលដាល

2024/01/24 11:39:38 am        126
កសិករដែលកំពុងតវ៉ា បានបិទផ្លូវនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃអង្គារ ទី ២៣ ខែមករា ហើយមានឧបទ្ទវហេតុបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ខណៈសហជីពរបស់ពួកគេបានជំរុញឱ្យរដ្ឋាភិបាល បន្ធូរបន្ថយការជំរុញសម្រាប់តម្លៃប្រើប្រាស់ឲ្យធ្លាក់ចុះទាប និងកាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន។ ការតវ៉ា បានឈានចូលដល់សប្តាហ៍ទីពីរបន្ទាប់ពីមានការរាលដាលពីប្រទេសជិតខាង ខណៈយុទ្ធនាការសម្រាប់ការបោះឆ្នោតសហភាពអឺរ៉ុប កំពុងប្រមូលផ្តុំសន្ទុះ។ ភាពចលាចល គឺជាបញ្ហាប្រឈមដ៏សំខាន់ដំបូងសម្រាប់នាយករដ្ឋមន្ត្រីថ្មី លោក Gabriel Attal ។ រដ្ឋាភិបាល មានមោទនភាពចំពោះការប្រយុទ្ធប្រឆាំងអតិផរណា ដោយដាក់សម្ពាធលើវិស័យស្បៀងអាហារ ឱ្យបញ្ចុះតម្លៃនៅផ្សារទំនើប។ ប៉ុន្តែដោយមានការតវ៉ាផ្នែកកសិកម្ម បានរាលដាលពាសពេញទ្វីបអឺរ៉ុប ក្រុមហ៊ុនផលិត ក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកលក់រាយ បញ្ចប់ការចរចាតម្លៃប្រចាំឆ្នាំរបស់ពួកគេ កសិករជាច្រើននិយាយថា ពួកគេឈានដល់ទីបញ្ចប់ដ៏ផុយស្រួយនៃគោលនយោបាយនេះ។ ជាច្រើនម៉ោងបន្ទាប់ពីមន្ត្រីសហជីព បានជួបលោក Attal កាលពីល្ងាចថ្ងៃចន្ទ ក្បួនត្រាក់ទ័រថ្មីបានចេញនៅពេលយប់ ដើម្បីបិទផ្លូវនៅទូទាំងប្រទេស ដោយតវ៉ាប្រឆាំងនូវអ្វីដែលពួកគេនិយាយថាតម្លៃ និងពន្ធមិនយុត្តិធម៌ ព្រមទាំងបទប្បញ្ញត្តិបៃតងជ្រុសហួសហេតុ។ ស្ត្រីម្នាក់បានស្លាប់ និងសមាជិកពីរនាក់ក្នុងគ្រួសាររបស់នាង បានរងរបួសធ្ងន់ ខណៈរថយន្តបើកបុកចូលទៅក្នុងការបិទផ្លូវនៅតំបន់ Ariege ភាគនិរតី។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Marc Fesneau បានលុបចោលការធ្វើដំណើររបស់លោក ទៅកិច្ចប្រជុំ សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងដែលស្ត្រីរងគ្រោះបានស្លាប់។ គោលនយោបាយកសិកម្ម តែងតែជាបញ្ហារសើបនៅក្នុងប្រទេសបារាំង ជាប្រទេសផលិតកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប ជាកន្លែងដែលអ្នកផលិតឯករាជ្យ នូវផលិតផលសាច់ ទឹកដោះគោ ស្រា និងផលិតផលផ្សេងទៀតរាប់ពាន់នាក់ មានកំណត់ត្រានៃការតវ៉ារំខាន។ លោក Macron មានការប្រុងប្រយត្ន័ចំពោះការគាំទ្រដែលកំពុងកើនឡើងរបស់កសិករ សម្រាប់ភាពស្តាំនិយម នៅមុនការបោះឆ្នោតសភាអឺរ៉ុបក្នុងខែមិថុនា ដោយគណបក្សជាតិ Rassemblement របស់លោកស្រី Marine Le Pen នាំមុខក្នុងការបោះឆ្នោត។

UN ចំនួនអ្នកស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ា នៅសមុទ្រក្នុងឆ្នាំ២០២៣ កើនច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍

2024/01/24 11:27:08 am        142
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាយ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥៦៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន ខណៈពេលដែលព្យាយាមរត់ភៀសខ្លួនពីសហភាពមីយ៉ាន់ម៉ា ឬប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ មកដោយអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារក្រុមជនជាតិភាគតិចមួយនេះ។ទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ ឬការបាត់ខ្លួនបានកើតឡើងក្នុងអំឡុងពេលប៉ុនប៉ងឆ្លងកាត់សមុទ្រអានដាម៉ាន់ (Andaman) ឬឈូងសមុទ្របេនហ្គាល់ (Bengal) ដោយជនជាតិរ៉ូហ៊ីងយ៉ាជិត ៤.៥០០នាក់។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ UNHCR បាននិយាយថា អ្នកនៅរស់រានមានជីវិតបានចែករំលែកហេតុការណ៍ដ៏គួរឱ្យរន្ធត់នៃការរំលោភបំពាន និងការបៀតបៀនក្នុងអំឡុងពេលធ្វើដំណើរ រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រជាដើម។ជនមូស្លីមរ៉ូហ៊ីងយ៉ាជាងមួយលាននាក់មកពីមីយ៉ាន់ម៉ា រស់នៅក្នុងជំរំធ្វើពីឫស្សី និងផ្លាស្ទិកក្នុងសង្កាត់ព្រំដែនបង់ក្លាដែសនៃទីក្រុង ខកស៍បាហ្សា (Cox's Bazar) ភាគច្រើនបន្ទាប់ពីបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។មីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក ហើយរបបសឹកនេះបានបង្ហាញបំណងតិចតួចប៉ុណ្ណោះក្នុងទទួលយកជនជាតិរ៉ូហ៊ីងយ៉ាវិញ ដែលត្រូវបានគេចាត់ទុកថាជាអ្នកជ្រៀតជ្រែកបរទេសក្នុងប្រទេសមីយ៉ាន់ម៉ាជាយូរមកហើយ ដោយពួកគេត្រូវបានបដិសេធការចូលសញ្ជាតិ និងទទួលរងការរំលោភបំពាន៕

សហរដ្ឋអាមេរិក និរទេសជនអន្តោប្រវេសន៍ ១៣០នាក់ ទៅកាន់ប្រទេសកាតេម៉ាឡា

2024/01/24 11:16:16 am        115
អាជ្ញាធរអន្តោប្រវេសន៍ប្រទេសកាតេម៉ាឡា បាននិយាយថា ជើងហោះហើរមួយមានផ្ទុកជនអន្តោប្រវេសន៍កាតេម៉ាឡា ជាងមួយរយនាក់ ដែលត្រូវបាននិរទេសដោយសហរដ្ឋអាមេរិក បានមកដល់ទីក្រុង កាតេម៉ាឡា កាលពីថ្ងៃអង្គារ។អ្នកដែលត្រូវបាននិរទេស រួមទាំង ១៧ គ្រួសារ និងមនុស្សពេញវ័យនៅលីវ បានមកដល់អាកាសយានដ្ឋាន Aurora ក្នុងទីក្រុងកាតេម៉ាឡា តាមជើងហោះហើរដែលជួលដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ក្រុមអ្នកនិរទេសចុងក្រោយបង្អស់នេះ គឺជាផ្នែកនៃនិន្នាការធំនៃការនិរទេសដែលកើនឡើង ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍មកពីប្រទេសកាតេម៉ាឡា ហុងឌុយរ៉ាស អែលសាល់វ៉ាឌ័រ កូឡុំប៊ី និងប្រទេសវេណេហ្ស៊ុយអេឡា។ជនអន្តោប្រវេសន៍ជាច្រើននាក់ បានភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ ដោយសារបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច អំពើហិង្សា និងអស្ថិរភាពនយោបាយ ដោយស្វែងរកឱកាសនិងសុវត្ថិភាពប្រសើរជាងមុននៅក្នុងសហរដ្ឋអាមេរិក។ជនអន្តោប្រវេសន៍ ដែលភាគច្រើនធ្វើដំណើរជាមួយក្រុមគ្រួសារ បាននិយាយថា កង្វះការងារ និងស្ថានភាពរស់នៅលំបាក គឺជាហេតុផលសំខាន់សម្រាប់ការចាកចេញពីប្រទេសរបស់ពួកគេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា
05/06/2026 08:05 AM
សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM