ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

សន្តិសុខ និង សង្គម

ប្រទេសប៉េរូ ប្រកាសអាសន្ននៅព្រំដែនភាគខាងជើង ខណៈអំពើហិង្សាអង្រួនប្រទេសអេក្វាឌ័រ

2024/01/10 01:22:57 pm        129
រដ្ឋាភិបាលរបស់ប្រទេសប៉េរូ បានប្រកាសកាលពីថ្ងៃអង្គារ (០៩ មករា) នូវភាពអាសន្នតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយអេក្វាឌ័រ ខណៈដែលការកើនឡើងនៃអំពើហិង្សាបានកើតមានឡើង ដោយភាគច្រើនត្រូវបានស្តីបន្ទោសទៅលើក្រុមឧក្រិដ្ឋជនមកពីប្រទេសជិតខាង។នាយករដ្ឋមន្ត្រីប៉េរូ លោក អាលប៊ឺតតូ អូតារ៉ូឡា (Alberto Otarola) បានធ្វើសេចក្តីប្រកាសដោយបញ្ជាក់ថា សេចក្តីប្រកាសគ្រាអាសន្ននេះនឹងដាក់ពង្រាយកងទ័ពចំនួនមិនជាក់លាក់ ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមហាផ្ទៃរបស់ប្រទេសប៉េរូ ក៏នឹងធ្វើដំណើរទៅកាន់ព្រំដែនផងដែរ ដើម្បីសម្របសម្រួលប្រតិបត្តិការ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី។ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញ៉ែល ណូបូអា (Daniel Noboa) បានចេញក្រឹត្យមួយកាលពីថ្ងៃអង្គារ ដោយចាត់ថ្នាក់ក្រុមជនអន្ធពាលចំនួន ២២ក្រុមជាអង្គការភេរវករ ភ្លាមៗបន្ទាប់ពីក្រុមប្រដាប់អាវុធទាំងនេះបានសម្រុកចូលកាន់កាប់ស្ទូឌីយ៉ូទូរទស្សន៍អំឡុងពេលការផ្សាយបន្តផ្ទាល់ នៅក្នុងឧទាហរណ៍ចុងក្រោយបង្អស់នៃការបង្កើនភាពគ្មានច្បាប់នៅក្នុងប្រទេសនេះ៕

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ក្នុងជម្លោះតំបន់ហ្កាហ្សា ឡើងដល់ជាង ២៣.០០០នាក់

2024/01/10 01:14:50 pm        65
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៣.២១០នាក់ ហើយមនុស្សប្រហែល ២លាននាក់បានជម្លៀសខ្លួន ស្របពេលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលាមក នេះបើយោងតាមក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (០៩ មករា)។ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២៦នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងមនុស្ស ២៤១នាក់ ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយបន្ថែមចំនួនសរុបនៃអ្នករបួសប៉ាឡេស្ទីនបានកើនឡើងដល់ ៥៩.១៦៧ ចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក។ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា រួមទាំងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ដែលកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាក៏ដោយ ក៏អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបង្កើនការវាយប្រហារនៅតំបន់ហ្កាហ្សាភាគខាងត្បូងបន្ថែមទៀត។យោងតាមតួលេខដែលចេញផ្សាយដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកំពុងកើនឡើង ដោយកុមារទាំងអស់ចំនួន ៣៣៥.០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំនៅក្នុងតំបន់ កំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕

អេក្វាឌ័រ ប្រកាសពីជម្លោះប្រដាប់អាវុធផ្ទៃក្នុង នៅពេលដែលខ្មាន់កាំភ្លើងសម្រុកចូលការផ្សាយបន្តផ្ទាល់

2024/01/10 01:07:37 pm        98
ប្រធានាធិបតីអេក្វាឌ័រ បានប្រកាសពី «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» នៅរសៀលថ្ងៃអង្គារ (០៩ មករា) បន្ទាប់ពីខ្មាន់កាំភ្លើងជាច្រើននាក់បានសម្រុកចូលកាន់កាប់ទីតាំងសាធារណៈទូទាំងប្រទេស រួមទាំងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ដែលបង្ហាញរូបភាពដ៏គួរឲ្យភ័យខ្លាចរបស់ក្រុមបុរសពាក់ម៉ាស់ និងកាន់កាំភ្លើង។កាមេរ៉ាថតបានបុរសពាក់អាវក្រណាត់ បង្ខំឱ្យបុគ្គលិករបស់ទូរទស្សន៍ ធីស៊ី (TC) ក្រាបលើដី ដោយផ្ចង់កាំភ្លើងដាក់អ្នកសារព័ត៌មាន ខណៈសំឡេងស្រែក និងសំឡេងកាំភ្លើងត្រូវបានលាន់ឮនៅផ្ទៃខាងក្រោយ។ វីដេអូនៃការសម្រុកចូលនោះបានចែករំលែកពេញអ៊ីនធឺណិត ហើយក្រុមអ្នកយកព័ត៌មានត្រូវបានចាប់ចំណាប់ខ្មាំងនៅខាងក្នុងស្ថានីយ៍ដែលមានមូលដ្ឋាននៅទីក្រុង ក្វាយ៉ាឃ្វីល (Guayaquil) ដោយបង្កឲ្យមានការផ្ញើសារអង្វរករសុំជំនួយជាច្រើន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន អ៊ែល យូនីវើសូ (El Universo)។ក្រុមអ្នកវាយប្រហារ ដែលមានគ្នាយ៉ាងហោចណាស់ ១៣នាក់ ដែលត្រូវបាននគរបាលនាំខ្លួនចេញនោះ ត្រូវបានគេរាយការណ៍ថា បាននាំយកគ្រាប់បែកខ្នាតតូច ចូលទៅក្នុងអគាររបស់បណ្តាញទូរទស្សន៍។ នគរបាលជាតិរបស់អេក្វាឌ័រ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពជំនាញរបស់ខ្លួនត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះ ហើយបានចាប់ខ្លួន «មុខសញ្ញាជាច្រើន»៕

មនុស្ស ៣នាក់ បានស្លាប់ ដោយសារខ្យល់ព្យុះ និងអាចជាព្យុះកួច បានបោកបក់កាត់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក

2024/01/10 12:57:32 pm        107
យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ ខណៈព្យុះភ្លៀងដ៏ខ្លាំងក្លា កម្លាំងខ្យល់បក់ដ៏ខ្លាំង និងព្យុះកួច បានបោកបក់ពាសពេញតំបន់ភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៩ ខែមករា) ដោយបានធ្វើឲ្យបង្គោលភ្លើង និងដើមឈើរលំបាក់ ហើយនិងបង្កការខូចខាតដល់អគារជាច្រើន។រូបភាពផ្សព្វផ្សាយតាមអ៊ីនធឺណិតពីទីក្រុងប៉ាណាម៉ា រដ្ឋផ្លរីដា បង្ហាញផ្ទះ ដែលដំបូលប៉ើង អគារផ្ទះល្វែងរលំបាក់ និងផ្លូវថ្នាល់នានាមិនអាចឆ្លងកាត់បាន បន្ទាប់ពីព្យុះកំបុតត្បូងបានបោកបក់មកលើតំបន់នេះកាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែមករា។ នៅតំបន់ខ្លះភាគខាងជើងនៃព្រំដែនរដ្ឋអាឡាបាម៉ា ព្យុះបាននាំឲ្យមានព្រិលធ្លាក់ទំហំដុំគ្រាប់បាល់បេស្បល។អាកាសធាតុធ្ងន់ធ្ងរត្រូវបានគេរំពឹងថា នឹងបន្តនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរហូតដល់យប់ថ្ងៃទី៩ ខែមករា។ មនុស្សជាង ២២លាននាក់ កំពុងតាមដានខ្យល់ព្យុះកំបុតត្បូងពីរដ្ឋ Florida ដល់រដ្ឋ Virginia។សេវាអាកាសធាតុជាតិបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលនាំឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ខ្យល់បក់បោកខ្លាំងនៅទីកន្លែងជាច្រើន ដែលមានល្បឿនលើសពី ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះផ្គររន្ទះ ត្រូវបានព្យាករថា កើតមានចាប់ពី «រដ្ឋ Carolina ភាគខាងលិចដល់កណ្តាលអាត្លង់ទិក និងភាគឦសាន»៕

មេដឹកនាំប្រឆាំងអាល្លឺម៉ង់ទាមទារថា «កុំស្ទាក់ស្ទើរ»ចំពោះការផ្គត់ផ្គង់មីស៊ីលTaurus ដល់អ៊ុយក្រែន

2024/01/10 12:41:36 pm        164
លោក Friedrich Merz ប្រធានសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់អាល្លឺម៉ង់ បានអំពាវនាវជាថ្មីម្តងទៀតដល់លោកអធិការបតី អូឡាហ្វ សូល ( Olaf Scholz) ឲ្យបញ្ឈប់ការស្ទាក់ស្ទើរចំពោះ ការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Taurus ដល់ប្រទេសអ៊ុយក្រែន។លោកប្រធាន CDU ជឿជាក់ថា៖«ការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Taurus គួរតែបញ្ឈប់» ហើយថា នៅទីបំផុត លោកសូលគួរតែបោះបង់ចោលការនិយាយឡើងវិញរបស់ខ្លួនលើបញ្ហានេះ។មេដឹកនាំគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសអាល្លឺម៉ង់ បានបន្ថែមថា៖ «នេះជាជំនួយដ៏សំខាន់បំផុត សម្រាប់ប្រទេសអ៊ុយក្រែន»។លោក Merz ក៏បានស្វាគមន៍ចំពោះការអំពាវនាវនាពេលថ្មីៗនេះរបស់លោកសូលសម្រាប់សម្ព័ន្ធមិត្ត នៅក្នុងសហភាពអឺរ៉ុប ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឆ្ពោះទៅរកការគាំទ្រដល់អ៊ុយក្រែន។មន្ត្រីរូបនេះ បានថា៖«នេះគឺជាសញ្ញាដ៏ល្អមួយ។ ទោះបីជាយ៉ាងណាក៏ដោយ នេះក៏គួរតែជាករណីសម្រាប់ប្រទេសអាល្លឺម៉ង់ខ្លួនឯងដែរ» ដោយពន្យល់ថា ប្រសិនបើរដ្ឋាភិបាលសហព័ន្ធយល់ព្រមផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលតម្រង់គោលដៅនេះ «សេចក្តីថ្លែងការណ៍របស់លោកអធិការបតី ក៏នឹងមានភាពជឿជាក់ជាងនេះផងដែរ»។

ជប៉ុន រឹតបន្តឹងពិធីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នា

2024/01/10 12:38:53 pm        147
រដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុនបានរឹតបន្តឹងពិធីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នា នៅអាកាសយានដ្ឋានធំរបស់ទីក្រុងតូក្យូ បណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ ប៉ុន្តែរាប់រយនាក់បានរត់ចេញទៅកាន់ទីសុវត្ថិភាព។វិធានការសុវត្ថិភាពសង្គ្រោះបន្ទាន់ ត្រូវបានប្រកាសដោយក្រសួងដឹកជញ្ជូន បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅលើផ្លូវរត់នៅអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី ២ ខែមករា។អ្នកដំណើរ និងបុគ្គលិកយានិកទាំងអស់ ៣៧៩ នាក់ នៅលើយន្តហោះត្រូវបានជម្លៀសចេញយ៉ាងប្រញ៉ាប់ប្រញាល់ ប៉ុន្តែបុគ្គលិកយានិក ៥ នាក់ក្នុងចំណោមនាវិក ៦ នាក់បានស្លាប់នៅលើយន្តហោះធុនតូចរបស់ឆ្មាំល្បាតឆ្នេរ ដែលកំពុងធ្វើដំណើរទៅចែកចាយគ្រឿងផ្គត់ផ្គង់នៅតំបន់រងគ្រោះរញ្ជួយដី។ក្រោមលក្ខខណ្ឌតម្រូវការថ្មីនៅនឹងកន្លែងនៅទូទាំងប្រទេស សមាជិកបុគ្គលិក ត្រូវតាមដានជាប់ជានិច្ចនូវប្រព័ន្ធត្រួតពិនិត្យ ដែលជូនដំណឹងដល់ប៉មគ្រប់គ្រង នៅពេលមានការជ្រៀតចូលផ្លូវរត់កើតឡើង។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ដើម្បីទប់ស្កាត់ការយល់ច្រលំ អ្នកគ្រប់គ្រងមិនត្រូវប្រាប់យន្តហោះថា លេខប៉ុន្មានក្នុងបណ្តាញដែលពួកគេត្រូវហោះឡើងនោះទេ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Tetsuo Saito បាននិយាយកាលពីថ្ងៃអង្គារថា បេសកកម្មធំបំផុតមួយរបស់លោក គឺត្រូវស្តារទំនុកចិត្តវិស័យអាកាសចរណ៍ឡើងវិញខណៈជាការដឹកជញ្ជូនសាធារណៈ។ក្រសួង នឹងបង្កើតគណៈកម្មការក្រុមអ្នកជំនាញមួយ ដើម្បីស៊ើបអង្កេតវិធីបន្ថែមទៀតក្នុងការធ្វើឲ្យប្រសើរឡើងសុវត្ថិភាព ដោយមានការផ្តល់យោបល់របស់គណៈកម្មការ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះ។

ប្រជាជនប៉េរូ ទាមទាររកយុត្តិធម៌ មួយឆ្នាំបន្ទាប់ពីការសម្លាប់រង្គាលនៅក្នុងប្រទេស

2024/01/10 12:36:34 pm        58
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ នៅក្នុងប្រទេសប៉េរូ បានចេញធ្វើបាតុកម្មនៅតាមផ្លូវនានា កាលពីថ្ងៃអង្គារ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ពលរដ្ឋរាប់សិបនាក់ ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាកាលពីមួយឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញ និងឃុំខ្លួនអតីតប្រធានាធិបតី លោក Pedro Castillo ។អ្នកតវ៉ាបាននិយាយថា ការហែក្បួនតវ៉ា បានធ្វើឡើងនៅក្នុងរដ្ឋធានី Lima ដោយក្រុមបាតុករមានកាន់បដាប្រឆាំងប្រធានាធិបតី លោកស្រី Dina Boluarte ដែលពួកគេបានដាក់កំហុសចំពោះ «ការសម្លាប់រង្គាល»។មនុស្សជាង ៦០ នាក់ ត្រូវបានសម្លាប់កាលពីមួយឆ្នាំកន្លងទៅនេះ នៅក្នុងប្រទេសរដ្ឋអានដេស( Andean)មួយនេះ ខណៈការមិនសប្បាយចិត្តត្រូវបានបញ្ចេញ បន្ទាប់ពីប្រធានាធិបតី លោក Pedro Castillo ត្រូវបានសភាបណ្តេញចេញ នៅពេលលោកបានបរាជ័យក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ។

ជនជាតិស៊ែរប៊ីបូសនី ដែលរឹងរូស អបអរទិវាស្វ័យភាពរដ្ឋ ទោះបីមានការហាមឃាត់ពីតុលាការក៏ដោយ

2024/01/10 12:34:04 pm        82
ពលរដ្ឋស៊ែរប៊ីបូសនី បានអបអរទិវាស្វ័យភាពនៅតំបន់ស្វយ័តរបស់ពួកគេ កាលពីថ្ងៃអង្គារ ដោយមានក្បួនព្យុហយាត្រារបស់កងកម្លាំងពិសេស និងយានរថពាសដែក ក្នុងការប្រឆាំងទៅនឹងការហាមឃាត់របស់តុលាការកំពូល និងការព្រមានពីអ្នកត្រួតពិនិត្យប្រទេសលោកខាងលិច អំពីសន្តិភាពដែលមានបញ្ហារបស់ប្រទេសបូសនី។ក្នុងភាពត្រជាក់ខ្លាំងដល់កក មន្ត្រីនគរបាល អតីតយុទ្ធជនសម័យសង្គ្រាម និងជនស៊ីវិលប្រហែល ៣.៤០០នាក់ បានដើរដង្ហែរតាមដងផ្លូវនៅរដ្ឋធានី Banja Luka ក្នុងតំបន់ ដោយមនុស្សជាច្រើនបានធ្វើដំណើរតាមរថយន្តក្រុងមកពីទីក្រុងផ្សេងៗ។ លោក Milorad Dodik ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែរប៊ី បាននិយាយទៅកាន់ក្បួនព្យុហយាត្រាថា ប្រទេសមួយនេះ មិនអនុញ្ញាតឱ្យខ្លួនរស់នៅធ្វើជាទាសករនោះទេ។ នោះហើយជាមូលហេតុនៃការប្រារព្ធពិធីអបអរទិវា របស់សាធារណៈរដ្ឋ ដែលពុំអាចដាក់ឲ្យនៅក្រៅច្បាប់លើយ។ ថ្ងៃទី ៩ ខែមករា គឺជាកាលបរិច្ឆេទក្នុងឆ្នាំ ១៩៩២ នៅពេលដែលពលរដ្ឋបូសនីស៊ែរប៊ី បានប្រកាសឯករាជ្យ ខណៈក្រោយមកសហព័ន្ធយូហ្គោស្លាវី បានបែកបាក់ ដែលបានបង្កឱ្យមានសង្រ្គាមរយៈពេល៣ឆ្នាំកន្លះ បណ្តាលឲ្យមនុស្ស ១០០.០០០នាក់ត្រូវបានសម្លាប់ និង ២ លាននាក់គ្មានលំនៅឋានរស់នៅ ភាគច្រើនជាជនមូស្លីមបូសនី។ ចាប់តាំងពីថ្ងៃទី ៩ ខែមករា ស្របពេលជាមួយនឹងថ្ងៃឈប់សម្រាកគ្រិស្តសាសនានិកាយអូថូដុករបស់ជនជាតិស៊ែរប៊ី តុលាការធម្មនុញ្ញរបស់បូសនី បានប្រកាសពីរដងថាវាខុសច្បាប់ ដោយចេញសេចក្តីសម្រេចថា ខ្លួនមានការរើសអើងប្រឆាំងសហគមន៍កាតូលិកក្រូអាត និងមូស្លីមបូសនី។ពិធីជាតិនិយមប្រចាំឆ្នាំរបស់សាថារណៈរដ្ឋស៊ែរបី បានបញ្ជាក់ពីការបែកបាក់ជនជាតិភាគតិច និងនយោបាយយ៉ាងជ្រៅ នៅក្នុងប្រទេសតំបន់បាល់កង់មួយនេះ។

គុយបា ត្រៀមទប់ទល់សម្រាប់ផលប៉ះពាល់ ខណៈតម្លៃឧស្ម័ន នឹងហក់ឡើងខ្ពស់

2024/01/10 12:21:02 pm        55
ប្រជាជនគុយបា នៅទូទាំងរដ្ឋធានី ដែលមកប្រមូលផ្តុំគ្នានៅតាមស្ថានីយ៍ប្រេងឥន្ធនៈ កាលពីថ្ងៃអង្គារ និងបានត្រៀមទប់ទល់ចំពោះផលប៉ះពាល់ មុនពេលការហក់ឡើងតម្លៃប្រេងឥន្ធនៈខ្ពស់បំផុតនៅប្រទេសកោះមួយនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មក។ រដ្ឋាភិបាលគុយបា បានប្រកាសកាលពីថ្ងៃចន្ទ ថា នឹងដំឡើងថ្លៃលក់រាយប្រេងសាំងគុណភាព៩៤ របស់ខ្លួនពី ៣០ ទៅ ១៥៦ ប៉េសូ ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ជាការកើនឡើង៥ដង ដែលរដ្ឋាភិបាលគ្រប់គ្រងដោយកុម្មុយនិស្ត និយាយថា ចាំបាច់ដើម្បីធានាបានការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ការកើនឡើងតម្លៃសម្រាប់ប្រេងសាំង៩៤ ដ៏ពេញនិយម នឹងនាំឲ្យប្រេងឥន្ធនៈក្នុងមួយធុងចំណុះ៤០ លីត្រ ឡើងដល់ ៦.២៤០ប៉េសូ ឬប្រហែល ២៣ ដុល្លារ នៅក្នុងអត្រាប្តូរប្រាក់ទីផ្សារងងឹត លើសពីប្រាក់ខែរដ្ឋជាមធ្យម ៤.២០៩ ប៉េសូ ឬ ១៥,៦០ ដុល្លារ។ រដ្ឋាភិបាលបាននិយាយថា ថ្នាក់ផ្សេងទៀតនៃប្រេងសាំង និងប្រេងម៉ាស៊ូត នឹងហក់ឡើងស្រដៀងគ្នា។ការប្រកាសនេះធ្វើឡើង ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនខែមកក៏ដោយ បានធ្វើឱ្យរង្គោះរង្គើប្រទេសគុយបា ជាកន្លែងដែលពលរដ្ឋ ពឹងផ្អែកលើការឧបត្ថម្ភធនរបស់រដ្ឋយ៉ាងច្រើន ដើម្បីរស់រានមានជីវិត ដែលបានឃើញអតិផរណា និងតម្លៃទំនិញ ព្រមទាំងសេវាកម្មភាគច្រើន បានហក់ឡើងខ្ពស់។រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងដំណឡើងថ្លៃឧស្ម័នរាវ ដែលប្រើប្រាស់សម្រាប់ចម្អិនអាហារ និងអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ច្រើន ដែលបាននិយាយថា ខ្លួននឹងការពារការងាយរងគ្រោះពីការហក់ឡើងតម្លៃ។ រដ្ឋាភិបាលរបស់ប្រទេសគុយបា បាននិយាយថា ការគិតប្រាក់ជាប្រាក់ដុល្លារ ជាការចាំបាច់ដើម្បីប្រមូលមូលនិធិនាំចូលប្រេងឥន្ធនៈពីបរទេស និងបាននិយាយថាខ្លួនសង្ឃឹមថា វិធានការថ្មីនឹងជួយរក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុងរយៈពេលវែង។

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ចំនួនជនស៊ីវិលស្លាប់ប្រចាំថ្ងៃនៅតំបន់ហ្កាហ្សា ខ្ពស់ខ្លាំង

2024/01/10 12:04:15 pm        55
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកជឿថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃក្នុងសង្គ្រាមលើជនស៊ីវិលនៅតំបន់ហ្កាហ្សា ខ្ពស់ខ្លាំង។ លោក Blinken និយាយថា ការចោទប្រកាន់អំពើប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងទៅលើអ៊ីស្រាអែលគឺ «គ្មានប្រយោជន៍» ។ លោក Blinken បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបពិភាក្សានៅទីក្រុង Tel Aviv ជាមួយមេដឹកនាំអ៊ីស្រាអែល។ លោក Blinken និយាយថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែអាចវិលត្រឡប់ទៅលំនៅឋានវិញ បានក្នុងពេលឆាប់តាមលក្ខខណ្ឌអនុញ្ញាត និងបានលើកឡើងពីកិច្ចព្រមព្រៀងស្តីពីផែនការសម្រាប់អង្គការសហប្រជាជាតិ ដើម្បីបំពេញបេសកកម្មវាយតម្លៃនៅតំបន់ហ្កាហ្សា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែល បញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈខ្លួនដាក់សម្ពាធលើសង្គ្រាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងបាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះនៃដំណោះស្រាយរយៈពេលវែង។ លោក Blinken និយាយថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃលើជនស៊ីវិលនៅតំបន់ហ្កាហ្សា ជាពិសេសកុមារ គឺមានចំនួនខ្ពស់ខ្លាំង។ លោកបានប្រាប់នាយករដ្ឋមន្ត្រីថា សហរដ្ឋអាមេរិក បដិសេធដាច់ខាតរាល់សំណើដែលគាំទ្រសម្រាប់ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្កាហ្សា ហើយនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីដល់លោកថា នេះពុំមែនជាគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលនោះទេ។យោងតាមក្រសួងការបរទេស បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Blinken បានធ្វើឡើងបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu និងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក ដែលក្នុងអំឡុងពេលនោះ លោកបានបញ្ជាក់លើសារៈសំខាន់នៃការបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលបន្ថែមទៀត។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធមិនបានស្រាកស្រាននោះទេ ទោះបីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បានប្រកាសពីដំណាក់កាលថ្មីនៃសង្រ្គាមដែលមានគោលដៅច្រើនជាងនេះក៏ដោយ។ ក្រុមគ្រួសារនៅតំបន់ហ្កាហ្សា បន្តប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យជារៀងរាល់ព្រឹក ដោយដឹកសាច់ញាតិដែលរងរបួសអំឡុងពេលការបំផ្ទុះគ្រាប់បែក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM