សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា កើនដល់ជាង ២០.៦០០នាក់

2023/12/26 10:50:41 am        44
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ២០.៦៧៤នាក់ ត្រូវបានសម្លាប់ និងមនុស្សចំនួន ៥៤.៥៣៦នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដ៏តានតឹងដែលកំពុងបន្តចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។ ក្រសួងនេះបាននិយាយថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ជនជាតិប៉ាឡេស្ទីនចំនួន ២៥០នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការចំនួន ២៥ដងទាំងផ្លូវអាកាស និងជើងគោក ដែលបានចាប់ផ្តើមដោយកងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។អាជ្ញាធរការបរទេសប៉ាឡេស្ទីន បានថ្កោលទោសអ៊ីស្រាអែល ចំពោះការមិនយកចិត្តទុកដាក់លើការអំពាវនាវរបស់អន្តរជាតិឱ្យបញ្ឈប់ការវាយលុករបស់យោធាប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន និងសម្រាប់ការរឹតបន្តឹងកងជីវពលតាំងលំនៅ។ទន្ទឹមនឹងនេះ អាជ្ញាធរការបរទេសនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សេចក្ដីសម្រេចបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យត្រូវបានអនុម័ត ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស និងធានាសន្តិសុខរបស់ជនស៊ីវិលប៉ាឡេស្ទីន៕

លោកស៊ីនវ៉ា៖ ក្រុមហាម៉ាស កំពុងប្រឈមនឹងការប្រយុទ្ធដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងអ៊ីស្រាអែល

2023/12/26 10:26:53 am        109
មេដឹកនាំក្រុមភេរវករ នៅតំបន់ហ្កាហ្សា បាននិយាយថា ក្រុមហាម៉ាសកំពុងប្រឈមមុខនឹងការប្រយុទ្ធដែលមិនធ្លាប់មានពីមុនមក ជាមួយអ៊ីស្រាអែល នៅក្នុងសារសាធារណៈលើកដំបូងរបស់ខ្លួន ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា។លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលគេជឿថាជាមេគំនិតម្នាក់នៃការវាយប្រហារភេរវកម្មដ៏សាហាវលើអ៊ីស្រាអែល បានច្រានចោលលទ្ធភាពនៃការសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមនេះ។លោកបាននិយាយនៅក្នុងលិខិតមួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដ៏ឃោរឃៅ និងមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ហើយកងទ័ពកាន់កាប់ បានទទួលរងការបាត់បង់ក្នុងជីវិតមនុស្ស និងខូចខាតសម្ភារៈបរិក្ខារ យ៉ាងធ្ងន់ធ្ងរ។លោកបានអះអាងមិនពិតថា កងកម្លាំងភេរវកម្មរបស់លោក បានសម្លាប់ទាហានអ៊ីស្រាអែលជាងមួយពាន់នាក់។ ចំណែកអ៊ីស្រាអែលបានបញ្ជាក់ថា ទាហាន ១៥៦នាក់ បានស្លាប់ នៅក្នុងប្រតិបត្តិការថ្មើរជើងនៅតំបន់ហ្កាហ្សា ។ទន្ទឹមនឹងនេះ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងក្នុងទីក្រុងដាម៉ាស (Damascus) នៃប្រទេសស៊ីរី ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)របស់អ៊ីរ៉ង់។

ករណីបាញ់បោះដោយសេរីអំឡុងបុណ្យណូអែល ចុងសប្ដាហ៍ នៅសហរដ្ឋអាមេរិក ធ្វើឲ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

2023/12/26 10:19:27 am        173
ពេលវេលាចុងសប្តាហ៍នៃពិធីបុណ្យណូអែល ត្រូវបានបំផ្លាញដោយអំពើហិង្សាដោយកាំភ្លើងនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ជាគ្រោះមហន្តរាយមួយផ្សេងទៀតដែលធ្វើឱ្យមានកំណត់ត្រាដ៏អាក្រក់នៃការបាញ់ប្រហារដោយសេរី នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ក្នុងចំណោមឧបទ្ទវហេតុនេះ មនុស្សយ៉ាងហោចណាស់ពីរនាក់បានរងរបួសក្នុងអំឡុងការបាញ់ប្រហារយប់រំលងអាធ្រាត្រនៅក្លឹបកម្សាន្តមួយក្នុងទីក្រុងស៊ីនស៊ីនណាទី(Cincinnati)រដ្ឋ អូហៃយ៉ូ (Ohio) កាលពីថ្ងៃអាទិត្យ ខណៈត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WLWT ។ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ តែពុំបានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។នគរបាលក្រុងស៊ីនស៊ីនណាទី ពុំទាន់បានបញ្ចេញអត្តសញ្ញាណជនរងគ្រោះ ឬជនសង្ស័យនៅឡើយទេ ដោយសារករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។យោងតាមសារព័ត៌មាន USA Today នៅរដ្ឋផ្លរីដា ជនសង្ស័យម្នាក់ត្រូវបានគេស្គាល់ឈ្មោះកាលពីថ្ងៃអាទិត្យនៅក្នុងការបាញ់ប្រហារដែលបានសម្លាប់បុរសម្នាក់ និងជាច្រើននាក់ទៀតរងរបួសនៅផ្សារទំនើបមួយនៅកណ្តាលរដ្ឋផ្លរីដា ដែលប្រមូលផ្តុំដោយអ្នកដើរទិញឥវ៉ាន់ថ្ងៃឈប់សម្រាកពីរថ្ងៃមុនបុណ្យណូអែល ។ ការដ្ឋាននគរបាលអូកាឡា(Ocala)បានកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះថា អាល់ប៊ើតចែមស៍ហ្សេល ជូនៀរ (Albert James Shell Jr) អាយុ ៣៩ ឆ្នាំ ហើយអាជ្ញាធរជឿថាការបាញ់ប្រហារនេះគឺជា អំពើហិង្សាដែលមានគោលដៅ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WTOK ។ នៅទីក្រុង Newton រដ្ឋ មីស៊ីស៊ីពី (Mississippi) ស្នងការនគរបាលប្រចាំតំបន់បានឆ្លើយតបទៅនឹងការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។ ការបាញ់ប្រហារនៅចុងសប្តាហ៍បុណ្យណូអែល គឺជាការរំលឹកដ៏ក្រៀមក្រំមួយថា អំពើហិង្សានៅសហរដ្ឋអាមេរិក គ្មាមថ្ងៃធូរស្រាកស្រានឡើយ។គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍មុន មានការបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់៦៤៥លើក នៅសហរដ្ឋអាមេរិក នេះបើយោងតាម Gun Violence Archive ជាអង្គការមិនរកប្រាក់ចំណេញដែលតាមដានការបាញ់ប្រហារនៅក្នុងសហរដ្ឋអាមេរិក និងកំណត់ការបាញ់ប្រហារទ្រង់ទ្រាយធំថាជាឧបទ្ទវហេតុដែលជនរងគ្រោះ ៤ នាក់ឬច្រើនជាងនេះ ត្រូវបានបាញ់ឲ្យរងរបួស ឬស្លាប់៕

មនុស្សយ៉ាងហោចណាស់១៦០នាក់ បានស្លាប់ក្នុងការវាយប្រហារនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ភាគកណ្ដាល

2023/12/26 10:12:14 am        132
ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០ នៅប្រទេសនីហ្សេរីយ៉ា ភាគកណ្តាល ក្នុងការវាយប្រហារជាបន្តបន្ទាប់ទៅលើភូមិនានា។ចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ពីតួលេខដំបូងដែលត្រូវបានរាយការណ៍ដោយកងទ័ពកាលពីល្ងាចថ្ងៃអាទិត្យនៃអ្នកស្លាប់ត្រឹមតែ ១៦ នាក់ប៉ុណ្ណោះនៅក្នុងតំបន់ដែលញាំញីដោយភាពតានតឹងខាងសាសនា និងជនជាតិភាគតិច អស់រយៈពេលជាច្រើនឆ្នាំ មកនេះ។ លោក ម៉ាន់ដេ កាសា (Monday Kassah)ប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅទីក្រុងបូកូស (Bokkos)រដ្ឋនៃរដ្ឋ ផ្លាតថូ (Plateau) បានប្រាប់សារព័ត៌មាន AFP ថា មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈអរិភាពកាលពីថ្ងៃសៅរ៍នៅតែបន្តកើតមានរហូតដល់ព្រឹកថ្ងៃចន្ទ ។ នេះគឺជាការរីករាលដាលនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុត ក្នុងរដ្ឋ ផ្លាតថូ ចាប់តាំងពីខែឧសភា នៅពេលដែលមនុស្សជាង១០០ នាក់បានស្លាប់ ក្នុងការវាយប្រហារលើអ្នកចិញ្ចឹមសត្វ។ លោក Kassah បាននិយាយថា ក្រុមជនអន្ធពាល ដែលត្រូវគេហៅថាជាក្រុមចោរ បានបើកការវាយប្រហារ នៅក្នុង សហគមន៍មិនតិចជាង ២០ ផ្សេងគ្នា និងបានដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ។លោកបាននិយាយថា យើងបានរកឃើញអ្នករបួសជាង៣០០ នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ ទីក្រុង បូកូស (Bokkos) ទីក្រុង ចូស (Jos)និងទីក្រុង បាគីនឡាឌី(Barkin Ladi) ។ ចំនួនអ្នកស្លាប់បណ្តោះអាសន្នកត់ត្រាដោយកាកបាទក្រហមក្នុងតំបន់បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១០៤ នាក់នៅក្នុងភូមិចំនួន១៨ ក្នុងទីក្រុង បូកូស (Bokkos)។យោងតាមលោក ឌីកស៊ុន កូឡូម (Dickson Chollom)សមាជិកសភាប្រចាំរដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងភូមិជាច្រើននៅក្នុងួទីក្រុងបាគីន ឡាឌី (Barkin Ladi)៕

ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ច្រានចោលការបោះបង់រដ្ឋាភិបាលហ្កាហ្សា ដើម្បីបទឈប់បាញ់អចិន្ត្រៃយ៍

2023/12/26 10:06:26 am        113
ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលជាសម្ព័ន្ធមិត្ត បានបដិសេធសំណើរបស់អេហ្ស៊ីប ដែលថាឲ្យពួកគេលះបង់អំណាចនៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ។មន្ត្រីពីររូបមកពីក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ក្រោយមកបានបដិសេធដាច់ដោយឡែកពីគ្នានូវអ្វីដែលប្រភពអេហ្ស៊ីបនោះបាននិយាយអំពីការចរចា។ លោក អ៊ីសហ្សាត អាល់រ៉ីស៊ីក (Izzat al-Rishq) សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបានបន្ថែមថា «មិនអាចមានការចរចារនោះទេ បើគ្មានការបញ្ឈប់ទាំងស្រុងនៃការឈ្លានពាន»។ប្រភពអេហ្ស៊ីបនោះបាននិយាយថា ទាំងក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលបាននិងកំពុងពិភាក្សាដាច់ដោយឡែកជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីបនៅទីក្រុងគែរ បានច្រានចោលការផ្តល់សម្បទានណាមួយលើសពីលទ្ធភាពនៃការដោះលែងចំណាប់ថ្នូរបន្ថែមទៀតដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧ ខែតុលា។ប្រភពបាននិយាយថា អេហ្ស៊ីបបានស្នើឲ្យមានការបោះឆ្នោត ខណៈពេលដែលផ្តល់ការធានាដល់ក្រុមហាម៉ាស ថាសមាជិករបស់ខ្លួននឹងមិនត្រូវបានដេញចាប់ ឬកាត់ទោសនោះទេ ប៉ុន្តែក្រុមអ៊ីស្លាមនិយមមួយនេះបានបដិសេធសម្បទានណាមួយក្រៅពីការដោះលែងចំណាប់ថ្នូរ៕

រុស្ស៊ីថា បំផ្លាញយុទ្ធោបករណ៍របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី

2023/12/25 02:44:43 pm        122
រុស្ស៊ី កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) បាននិយាយថា បានបាញ់ទម្លាក់យន្តហោះចម្បាំង និងយានដ្រូនរបស់អ៊ុយក្រែន ហើយបានបំផ្លាញសព្វាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយប្រទេសមួយចំនួនទៀតផង ខណៈដែលភាគីអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿង វាយប្រហារការប្រមូលផ្តុំកងទ័ពរុស្ស៊ី និងបំផ្លាញអាវុធយុទ្ធភណ្ឌរុស្ស៊ីជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធគ្នា រវាងភាគីទាំង២ រយៈពេល ២៤ម៉ោងកន្លងមកនេះ។នាថ្ងៃអាទិត្យនោះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅក្នុងសន្និសីទថា កងកម្លាំងរុស្ស៊ី បានវាយលុកការវាយប្រហារពីភាគីអ៊ុយក្រែននៅទីក្រុង Kupiansk ភាគខាងកើត ទីក្រុង Kharkov នៅភាគឦសាន ទីក្រុង Zaporizhzhia នៅភាគអាគ្នេយ៍ និងទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ដោយបានបំផ្លាញឃ្លាំងរំសេវ ព្រមទាំងអាវុធ ដែលបានពីប្រទេសដទៃទៀតផង ដូចជា កាំភ្លើងយន្ត M109 និង M777 ដែលផលិតដោយសហរដ្ឋអាមេរិក ជើងទម្រប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ យន្តហោះ ជំនួយនាវាចរណ៍ និងគ្រាប់រំសេវ នៅលើអាកាស ដែលផលិតដោយប្រទេសន័រវ៉ែស និងបារាំង។របាយការណ៍បានឲ្យដឹងទៀតថា កងកម្លាំងរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនចំនួន ៤ គ្រឿង និងយានដ្រូនចំនួន ៤៩គ្រឿង ព្រមទាំងស្ទាក់ចាប់មីស៊ីលប្រឆាំងរ៉ាដាជាច្រើន គ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងនាវាផងដែរ។នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានចេញរបាយការណ៍សមរភូមិ ដោយនិយាយថា មានការចូលរួមប្រយុទ្ធចំនួន ៤៨ដង រយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយបានអះអាងថា បានបើកការវាយប្រហារលើការប្រមូលផ្តុំទ័ព អាវុធ និងឧបករណ៍យោធាចំនួន ១២កន្លែង របស់កងកម្លាំងរុស្ស៊ី។ការចេញផ្សាយនោះបានឲ្យដឹងថែមទៀតថា ឃ្លាំងផ្ទុកគ្រាប់រំសេវ និងកន្លែងការពារដែនអាកាសរបស់រុស្ស៊ីក៏ត្រូវបានវាយប្រហារ ហើយបើយោងតាមអគ្គសេនាធិការ AFU បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿងផងដែរ។ ចំពោះកងកម្លាំងរ៉ុក្កែត និងកាំភ្លើងធំរបស់ប្រទេសនេះ ពួកគេបាននិយាយថា ពួកគេបានបំផ្លាញបំណែកកាំភ្លើងធំចំនួនពីរ និងប៉ុស្តិ៍បញ្ជាការមួយរបស់រុស្ស៊ី៕

ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ធ្នូនេះ

2023/12/25 02:41:27 pm        1012
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨ នាក់ (ស្រី ២នាក់), រងរបួសសរុប ១២នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ១នាក់)។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៧នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់)៕

មនុស្សជិតមួយម៉ឺននាក់ តវ៉ាក្នុងរដ្ឋធានីរ៉ាបា ទាមទារបញ្ចប់ទំនាក់ទំនងរវាងប្រទេសម៉ារ៉ុក និងអ៊ីស្រាអែល

2023/12/25 02:34:27 pm        88
ក្រុមបាតុករជិតមួយម៉ឺននាក់ បានដើរដង្ហែរក្បួនដ៏ធំបំផុតមួយដែលគាំទ្រប៉ាឡេស្ទីននៅទីក្រុងរ៉ាបា (Rabat) កាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយទាមទារឱ្យបញ្ចប់ទំនាក់ទំនងរបស់ប្រទេសម៉ារ៉ុក ជាមួយអ៊ីស្រាអែល។ការតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានទាក់ទាញមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីជម្លោះបានចាប់ផ្តើមជាងពីរខែមុន ដែលភាគច្រើនដឹកនាំដោយក្រុមអារ៉ាប់ និងក្រុមអ៊ីស្លាមនិយម។ ការហែក្បួនកាលពីថ្ងៃអាទិត្យនេះត្រូវបានសហការរៀបចំដោយក្រុមឆ្វេងនិយម និងក្រុមក្រៅច្បាប់។មនុស្សភាគច្រើននៃបាតុករជិត ១០.០០០នាក់នោះហាក់ដូចជាអ្នកកាន់សាសនាអ៊ីស្លាម ដោយបុរសដើរដង្ហែក្បួនដាច់ដោយឡែកពីស្ត្រី ខណៈគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់បដាដែលសរសេរថា «តស៊ូរហូតដល់ជ័យជំនះ» «បញ្ឈប់ការធ្វើប្រក្រតីភាពរវាងរដ្ឋាភិបាលម៉ារ៉ុក និងអ៊ីស្រាអែល» និង «សេរីភាពប៉ាឡេស្ទីន»។ ក្រុមអ្នកតវ៉ានៅក្នុងការហែក្បួនកាលពីថ្ងៃអាទិត្យនោះក៏បានអំពាវនាវឱ្យពិភពលោកធ្វើពហិការឈប់ប្រើប្រាស់ម៉ាកយីហោណាដែលគាំទ្រអ៊ីស្រាអែល។ម៉ារ៉ុកបានយល់ព្រមពង្រឹងទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលរួមបញ្ចូលទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់អធិបតេយ្យភាពម៉ារ៉ុក លើទឹកដីដែលមានជម្លោះនៃតំបន់វាលខ្សាច់សាហារ៉ាខាងលិច៕

ជម្លោះជនជាតិអាហ្វហ្គានីស្ថានជិត ២០០ករណីត្រូវបានដោះស្រាយក្នុងរយៈពេលមួយឆ្នាំ

2023/12/25 02:30:35 pm        148
ក្រសួងកិច្ចការព្រំដែន និងកុលសម្ព័ន្ធ (MoBTA) របស់រដ្ឋាភិបាលបណ្តោះអាស្នអាហ្វហ្គានីស្ថាន បានដោះស្រាយជម្លោះ និងទំនាស់ជនជាតិភាគតិចជិត ២០០ករណីក្នុងរយៈពេលមួយឆ្នាំកន្លងមក នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ថូឡូញ៉ូវស៍ (Tolonews)។សារព័ត៌មានឯកជនមួយនេះបានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រសួងកិច្ចការព្រំដែន និងកុលសម្ព័ន្ធ លោក ហាមឌូលឡាហ្វ ហ្វីត្រាត (Hamdullah Fitrat) បាននិយាយថា «រហូតមកដល់ពេលនេះ ជម្លោះជនជាតិចំនួន ១៩៧ករណីត្រូវបានដោះស្រាយ ហើយជម្លោះជាង ១០០ករណីទៀតកំពុងស្ថិតក្នុងដំណើរការដោះស្រាយ ហើយយើងកំពុងព្យាយាមដោះស្រាយជម្លោះជនជាតិភាគតិចទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។សមិទ្ធិផលនាពេលថ្មីៗនេះគឺនៅក្នុងខេត្ត នូរីស្ថាន (Nuristan) ភាគខាងកើត ជាទីដែលមានអរិភាពអាយុកាល ៤១ឆ្នាំបានឆក់យកជីវិតជាច្រើនពីភាគីគូប្រជែង ហើយត្រូវបានបញ្ចប់ដោយការសម្របសម្រួលនិងការខិតខំប្រឹងប្រែងរបស់ក្រសួងអាហ្វហ្គានីស្ថានមួយនេះ។ដោយជាជម្រកនៃពូជសាសន៍ ជនជាតិភាគតិច ភាសា សាសនា និងកុលសម្ព័ន្ធជាច្រើន ប្រទេសអាហ្វហ្គានីស្ថាន បានរងទុក្ខយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម និងជម្លោះស៊ីវិលជាងបួនទសវត្សរ៍ ខណៈដែលក្រុមគ្រួសារ និងកុលសម្ព័ន្ធជាច្រើនបានបាត់បង់សមាជិកគ្រួសារជាច្រើន៕

កូសូវ៉ូ និយាយថា ខ្មាន់កាំភ្លើងមកពីប្រទេសស៊ែរប៊ី កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត

2023/12/25 02:25:02 pm        95
នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន ខួរទី (Albin Kurti) បាននិយាយកាលពីថ្ងៃសៅរ៍ (២៤ ធ្នូ) ថាក្រុមប្រដាប់អាវុធគាំទ្រដោយភ្នាក់ងារសន្តិសុខស៊ែរប៊ី កំពុងត្រូវបានបណ្តុះបណ្តាល ដើម្បីបើកការវាយប្រហារថ្មីនៅក្នុងប្រទេសកូសូវ៉ូ បន្ទាប់ពីការវាយប្រហារកាលពីខែកញ្ញា ដែលបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ប៉ុន្តែស៊ែរប៊ីបានបដិសេធថាមិនមានផែនការបែបនេះនោះទេ។កាលពីថ្ងៃទី២៤ ខែកញ្ញា ក្រុមប្រដាប់អាវុធមួយក្រុមមានគ្នា ៨០នាក់ បានវាយប្រហារនគរបាលកូសូវ៉ូ នៅក្នុងភូមិ បានស៍ឆ្កា (Banjska) ដ៏ស្ងប់ស្ងាត់ក្បែរព្រំដែនជាមួយប្រទេសស៊ែរប៊ី បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ និងខ្មាន់កាំភ្លើង ៣នាក់ស្លាប់។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ខួរទី បាននិយាយថាលោក មីឡាន រ៉ាដូអ៊ីស៊ីក (Milan Radoicic) ដែលជាអ្នកនយោបាយជាន់ខ្ពស់កូសូវ៉ូជនជាតិស៊ែរប៊ី ដែលបានទទួលស្គាល់ថាបានចូលរួមក្នុងការប្រយុទ្ធដោយកាំភ្លើងកាលពីខែកញ្ញា កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត ប៉ុន្តែលោក រ៉ាដូអ៊ីស៊ីក បានបដិសេធរឿងនោះ។ កូសូវ៉ូ ដែលមានជនជាតិភាគតិចអាល់បានី ភាគច្រើនបានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨ បន្ទាប់ពីការបះបោរទ័ពព្រៃ និងការអន្តរាគមន៍ពីអង្គការណាតូ ក្នុងឆ្នាំ១៩៩៩។ប្រហែល ៥ភាគរយនៃចំនួនប្រជាជនក្នុងប្រទេសនេះ គឺជាជនជាតិស៊ែរប៊ី ដែលជាងពាក់កណ្តាលរស់នៅភាគខាងជើង ដោយបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ហើយមើលឃើញទីក្រុងបែលក្រាដ ថាជារដ្ឋធានីរបស់ពួកគេ។ ប្រជាជនទាំងនោះបានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយនគរបាលកូសូវ៉ូ និងកងរក្សាសន្តិភាពអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលត្រៀមរថយន្តក្រុងជិត៦០០គ្រឿង ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/11/2025 07:09 AM
រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM