ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា​២លានរៀលដល់កម្លាំង​នគរបាល​ដែល​បង្រ្កាប​ជនសង្ស័យ​០៣នាក់ធ្វើសកម្មភាពឆក់ខ្សែ.កពលរដ្ឋ

សន្តិសុខ និង សង្គម

ទឹកជំនន់បង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយក្នុងប្រទេសចិន ខណៈម្ចាស់អាជីវកម្មនានាយំស្រែកស្ដាយទ្រពសម្បត្តិ

2024/07/04 11:50:24 am        115
ម្ចាស់អាជីវកម្មខ្នាតតូចនៅតាមដងផ្លូវនៃស្រុកភីងជាំង(Pingjiang) ក្នុងខេត្ត ហ៊ូណាន(Hunan) ប្រទេសចិន បានស្រែកយំរៀបរាប់ការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតំបន់នេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីថ្ងៃពុធ ទី ៣ ខែកក្កដាសប្ដាហ៍នេះ ។អ្នកស្រី តាន់ (Tan)អាជីវកររស់នៅក្នុងស្រុកនេះ និងជាថៅកែហាងលក់សម្ភារៈការិយាល័យ បាននិយាយថា គ្រួសាររបស់អ្នកស្រីកំពុងព្យាយាមប្រមូលទំនិញទាំងអស់ទៅកាន់បន្ទប់ជាន់លើ នៅពេល ទឹកជំនន់បានហក់ឡើងខ្ពស់តាំងពីព្រឹកព្រលឹម ប៉ុន្តែភ្លាមៗនោះ ទឹកជំនន់បានលិចពេញជាន់ទីមួយ។ អ្នកស្រី បាននិយាយថា រូបគាត់មិនបានទទួលការជូនដំណឹងជាមុនទេ មុនពេលទឹកជំនន់មកដល់។ភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកខ្លះនៃខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិនកាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យទឹកទន្លេ មីឡូ (Miluo) ក្នុងស្រុកភីងជាំង ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧០ ឆ្នាំ។ ក្រុមអាជ្ញាធរក្នុងតំបន់ក្នុងខេត្តហ៊ូណាន បានធ្វើសកម្មកម្រិតឆ្លើយតបគ្រាអាសន្នអតិបរមា។ មនុស្សប្រហែល ៣៤០.០០០នាក់ នៅក្នុងប្រទេសចិនបានរងផលប៉ះពាល់ ហើយអាជីវកម្មត្រូវបានរងផលប៉ះពាល់៕

បាតុកម្មធំ ប្រឆាំងក្រុមស្តាំនិយម ធ្វើឡើងក្នុងទីក្រុងប៉ារីស មុនការបោះឆ្នោតជុំទី២ នៅថ្ងៃអាទិត្យ

2024/07/04 11:46:00 am        160
ក្រុមបាតុកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជំរុញអ្នកបោះឆ្នោតឱ្យរារាំងកម្លាំងស្តាំនិយម មិនឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាមុនអាណត្តិនៅជុំទីពីរ។ គណបក្ស National Rally party ស្តាំនិយម និងសម្ព័ន្ធមិត្តរបស់ខ្លួន បានឈរលើចំណុចកំពូលក្នុងជុំទីមួយនៃការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យមុន ដោយទទួលបានសំឡេងច្រើនជាង៣០ភាគរយ។ការបោះឆ្នោតជុំទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ក្នុងមណ្ឌលបោះឆ្នោតដែលពុំមានអ្នកឈ្នះក្នុងជុំទី១។ សហជីពពាណិជ្ជកម្ម ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នករៀបចំផ្សេងទៀត បានរៀបចំព្រឹត្តិការណ៍នេះនៅទីលានមួយកន្លែងក្នុងរដ្ឋធានី ប្រទេសបារាំង កាលពីថ្ងៃពុធ។ អ្នកចូលរួម រួមមានទាំងតារាសម្ដែង បញ្ញាវន្ត និងតន្ត្រីករ។ម្ចាស់ជ័យលាភីផ្នែកអក្សរសាស្ត្រម្នាក់ បាននិយាយនៅក្នុងសារជាវីដេអូថា មានពេលវេលានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមួយ នៅពេលដែលពលរដ្ឋរបស់ខ្លួន ធ្វើការជ្រើសរើសដែលពិបាកនឹងត្រលប់ថយក្រោយវិញ ហើយវានឹងកើតឡើងនៅថ្ងៃអាទិត្យក្រោយនេះ។ ក្រុមចម្រុះឆ្វេងនិយម រណសិរ្សប្រជាប្រិយភាពថ្មី បានទទួលចំណាត់ថ្នាក់ទីពីរក្នុងការបោះឆ្នោតជុំទី១ ហើយក្រុមចម្រុះដែលកំពុងកាន់អំណាច ដឹកនាំដោយប្រធានាធិបតី លោក Emmanuel Macron ស្ថិតនៅលំដាប់ទី៣ ។បេក្ខជនមួយចំនួន បានដកខ្លួននៅមុនការបោះឆ្នោតជុំទី២នៅថ្ងៃអាទិត្យ ដើម្បីបង្រួបបង្រួមដោយប្រសិទ្ធភាពប្រឆាំងកម្លាំងស្តាំនិយម។ ប៉ុន្តែសមាជិកមួយចំនួនរបស់ក្រុមចម្រុះដែលកំពុងកាន់អំណាចមានភាពអវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការបែបនេះ។

ទួរគី បិទព្រំដែនស៊ីរី ក្រោយអំពើហិង្សាផ្ទុះឡើង ក្នុងប្រទេសទាំងពីរ

2024/07/04 11:20:45 am        148
ប្រភពពីក្រុមប្រឆាំងស៊ីរី និងអ្នកស្រុក បាននិយាយថា ទួរគី បានបិទច្រកព្រំដែនសំខាន់របស់ខ្លួនចូលទៅក្នុងភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីទាហានទួរគី បានរងការបាញ់ប្រហារពីប្រជាជនស៊ីរី ដែលខឹងសម្បាដោយអំពើហិង្សាលើជនរួមជាតិរបស់ពួកគេនៅក្នុងប្រទេសទួរគី។រដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បាននិយាយថា នៅក្នុងប្រទេសទួរគីថា នគរបាល បានឃាត់ខ្លួនមនុស្សចំនួន ៤៧៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកំណត់គោលទៅលើសហគមន៍ស៊ីរី នៅ ទូទាំងប្រទេសពេញមួយយប់ នៅក្នុងការធ្វើឲ្យភាពចលាចលរាលដាល ដែលបានចាប់ផ្តើម កាលពីយប់ថ្ងៃអាទិត្យ។ទ្រព្យសម្បត្តិ និងយានជំនិះរបស់ជនជាតិស៊ីរី ត្រូវបានបំផ្លិចបំផ្លាញ និងដុតបំផ្លាញ នៅកណ្តាលទីក្រុង Kayseri បង្កការភ្ញាក់ផ្អើលដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមថា បុរសជនជាតិស៊ីរីម្នាក់ បានបំពានផ្លូវភេទលើក្មេងស្រីម្នាក់ដែលជាសាច់ញាតិរបស់ខ្លួន។ លោក Yerlikaya បាននិយាយថា ឧប្បត្តិហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត។ទីភ្នាក់ងារស៊ើបការណ៍ចារកម្ម MIT របស់ប្រទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំពើហិង្សាបានរីករាលដាលដល់ខេត្ត Hatay, Gaziantep, Konya, Bursa និងស្រុកអ៊ីស្តង់ ប៊ុល (Istanbul)។ មានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីមានអ្នករបួសខ្លះ ក្នុងចំណោមប្រជាជនស៊ីរី។ក្រោយមក ប្រជាជនស៊ីរីរាប់រយនាក់ដែលខឹងសម្បា បានដើរតាមដងផ្លូវក្នុងទីប្រជុំជនជាច្រើន នៅភាគពាយព្យស៊ីរីដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ជាតំបន់ដែលទួរគីរក្សាកងទ័ពរាប់ពាន់នាក់ និងបានប្រើប្រាស់ ឥទ្ធិពលដ៏លើសលប់របស់ពួកគេ ដែលបានរារាំងប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ Bashar al-Assad ពីការគ្រប់គ្រងតំបន់នេះឡើងវិញ។

ការតវ៉ានៅកេនយ៉ា សកម្មជនត្រូវបានបង្ខំឱ្យពិចារណាឡើងវិញនូវយុទ្ធសាស្ត្រ ក្នុងពេលមានអំពើហិង្សា

2024/07/04 11:17:15 am        107
យោងតាមក្រុមអ្នកវិភាគបាននិយាយថា សកម្មជន ដែលនៅពីក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលប្រទេសកេនយ៉ា កំពុងត្រូវបានបង្ខំឱ្យពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ពួកគេ បន្ទាប់ពីបាតុកម្មនៅសប្តាហ៍នេះ ដែលបានបំផ្លាញដោយអំពើហឹង្សារាលដាល និងការចូលលួចនៅទីតាំងអាជីវកម្មជាច្រើនកន្លែង។ អ្នកវិភាគនយោបាយម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងណៃរ៉ូប៊ី បាននិយាយកាលពីថ្ងៃពុធថា ចលនានេះ បានផ្លាស់ប្តូរទៅជាអ្វីផ្សេងទៀតលើសពីគោលដៅដំបូងរបស់វា។ តារាភាពយន្តស្រីម្នាក់ នាង Foi Wambui ដែលបានមកចូលរួមក្នុងការតវ៉ានៅក្រុងណៃរ៉ូប៊ី កាលពីថ្ងៃអង្គារ បាននិយាយថា ភាពវឹកវរ បានរារាំងបាតុករដោយសន្តិវិធីមិនឲ្យចូលរួម។ តារាភាពយន្តស្រីរូបនេះ បានបញ្ជាក់ថា ក្រុមអ្នកតវ៉ាដោយសន្តិវិធី ត្រូវបានរារាំងមិនឲ្យចេញក្រៅ ធ្វើឲ្យរំខានដល់អ្វីដែលយើងកំពុងព្យាយាមធ្វើ។ អ្នកវិភាគ បានរិះគន់កងកម្លាំងនគរបាល របស់ប្រទេសកេនយ៉ា ថា ជាអង្គភាពដែលមិនទទួលខុសត្រូវ ការពាររបបសេរីនិយម ដែលផ្តាច់ចេញពីក្តីបារម្ភរបស់ប្រជាជន។ ទោះជាយ៉ាងណា តារាភាពយន្ត នាង Wambui នៅតែរក្សាការតវ៉ាក្នុងគោលបំណងដោះស្រាយបញ្ហាជាតិ យូរអង្វែង។ដោយសារការចូលលួច បានបំផ្លាញដល់ការគាំទ្រសាធារណៈ សកម្មជនកំពុងត្រូវបានជំរុញឱ្យស្វែងរកយុទ្ធសាស្ត្រអហឹង្សាដែលមានប្រសិទ្ធភាពបន្ថែមទៀត ដូចជាការធ្វើពហិការ និងការរំខានដល់ផ្នែកសេដ្ឋកិច្ច ជំនួសឱ្យការបំផ្លាញទ្រព្យសម្បត្តិ។ អ្នកវិភាគនិយាយថា មានយុទ្ធសាស្រ្តនៃការតស៊ូដោយអហឹង្សា និងការតវ៉ាដែលអាចមានប្រសិទ្ធភាព ជាពិសេសនៅពេលដែលពួកគេកំណត់គោលដៅសេដ្ឋកិច្ច។ ប៉ុន្តែមនុស្សគួរតែឈប់បំផ្លាញ ឬលួចទ្រព្យសម្បត្តិ។អាជ្ញាធរប្រទេសកេនយ៉ា និយាយថាពួកគេបានព្យាយាមបែងចែករវាងបាតុករដោយសន្តិវិធី និង ឧក្រិដ្ឋជន ដែលធ្វើបាតុកម្ម។

មនុស្ស ៥៣ នាក់ស្លាប់ និងជិត ២០០ នាក់របួសក្នុងគ្រោះថ្នាក់ផ្លូវហាយវ៉េនៅមីយ៉ាន់ម៉ា ក្នុងពេល ៦ខែ

2024/07/04 11:10:19 am        42
មន្ត្រីនគរបាលផ្លូវហាយវ៉េ បាននិយាយកាលពីថ្ងៃពុធ (០៣ កក្កដា) ថា មនុស្សសរុបចំនួន ៥៣ នាក់បានស្លាប់ និង ១៨៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៩ ករណីនៅលើផ្លូវហាយវ៉េ យ៉ានហ្កន-ម៉ានដាឡាយ (Yangon-Mandalay) របស់សហភាពមីយ៉ាន់ម៉ា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ មន្រ្តីនគរបាលនោះបានប្រាប់សារព័ត៌មានស៊ីនហួរថា តួលេខនេះមានការកើនឡើង បើប្រៀបធៀបទៅនឹងការស្លាប់ចំនួន ៥៣ នាក់ និងរបួស ១៦២ នាក់ដែលបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៣ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។មូលហេតុចម្បងនៃគ្រោះថ្នាក់រថយន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមមានយានយន្តខុសបច្ចេកទេស ការធ្វេសប្រហែសរបស់មនុស្ស រួមទាំងស្ថានភាពផ្លូវ និងអាកាសធាតុមិនល្អ។ មន្រ្តីរូបនោះបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះគឺមកពីការបើកបរមិនប្រុងប្រយ័ត្ន។ផ្លូវល្បឿនលឿន យ៉ានហ្កន-ម៉ានដាឡាយ ប្រវែង ៥៨៧ គីឡូម៉ែត្រ ដែលជាផ្លូវហាយវ៉េដ៏មមាញឹកបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា តភ្ជាប់ទីក្រុងពាណិជ្ជកម្មរបស់ទីក្រុង យ៉ានហ្កន ជាមួយទីក្រុងធំទីពីររបស់ខ្លួនគឺក្រុង ម៉ានដាឡាយ៕

ភាគខាងកើតប្រទេសចិន កំពុងប្រឈមគ្រោះទឹកជំនន់ ខណៈភ្លៀងធ្វើឱ្យកម្រិតទឹកទន្លេឡើងខ្ពស់

2024/07/04 10:10:49 am        87
កំណើនដ៏គ្រោះថ្នាក់នៃកម្រិតទឹកនៅក្នុងទន្លេ ឆាងជាំង (Yangtze River) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន បានជំរុញឱ្យភាគខាងកើតនៃតំបន់ក្រោមខ្សែរទឹកត្រៀមខ្លួនសម្រាប់លទ្ធភាពទឹកជំនន់។ កម្រិតទឹកនៅផ្នែកដៃទន្លេក្នុងខេត្ត ជាំងស៊ូ (Jiangsu) នៃទន្លេវែងបំផុតរបស់ប្រទេសចិននេះ បានបន្តកើនឡើងកាលពីថ្ងៃពុធ (០៣ កក្កដា) ដែលជាលទ្ធផលនៃកំណើនលំហូរពីផ្នែកខាងលើរបស់វា ក៏ដូចជាដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទីក្រុង ណានជីង (Nanjing) នៃខេត្ត ជាំងស៊ូ ភាគខាងកើតរបស់ប្រទេសចិន បានចេញការព្រមានអំពីទឹកជំនន់កម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន ហើយអាជ្ញាធរបានហាមឃាត់នាវាផ្សេងៗ រួមទាំងសាឡាងដឹកអ្នកដំណើរ មិនឱ្យចូល ឬដំណើរការនៅក្នុងតំបន់ដៃទន្លេនោះ។ក្រសួងធនធានទឹកចិន បាននិយាយកាលពីថ្ងៃអង្គារថា កម្រិតទឹកនៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេ ឆាងជាំង លើសពីសញ្ញាព្រមាន។ កម្រិតទឹកនៅបឹង ផូយ៉ាង (Poyang) ក្នុងខេត្ត ជាំងស៊ី (Jiangxi) ជាទីដែលអាជ្ញាធរបានបើកការឆ្លើយតបកម្រិតទីពីរសម្រាប់ការគ្រប់គ្រងទឹកជំនន់ចាប់តាំងពីយប់ថ្ងៃអង្គារមកនោះ ក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ។ភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកខ្លះនៃខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យទន្លេ មីលួ (Miluo) ក្នុងតំបន់ ភីងជាំង (Pingjiang) ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ។ អាជ្ញាធរក្នុងតំបន់ក្នុងខេត្តហ៊ូណាន បានបើកការឆ្លើយតបគ្រាអាសន្នកម្រិតខ្ពស់បំផុត ហើយមនុស្សប្រហែល ៣៤០.០០០ នាក់នៅក្នុងប្រទេសចិន និងអាជីវកម្មនានាត្រូវបានរងផលប៉ះពាល់៕

[UPDATE] ព្យុះសង្ឃរា ប៊ើរៀល វាយប្រហារប្រទេសកោះហ្សម៉ាអ៊ីក ខណៈអ្នកស្លាប់នៅតំបន់សមុទ្រការ៉ាអ៊ីបឡើងដល់៩នាក់

2024/07/04 08:33:40 am        73
ព្យុះសង្ឃរា ប៊ើរៀល (Beryl) បានបោកបក់យ៉ាងខ្លាំងក្លាលើប្រទេសកោះហ្សាម៉ាអ៊ីក(Jamaica) កាលពីរសៀលថ្ងៃពុធ ទី ៣ខែកក្កដា បន្ទាប់ពីខ្យល់បោកបក់ខ្លាំងផ្ដួលរំលើងដើមឈើ បំប៉ើងដំបូលផ្ទះ និងបំផ្លាញកសិដ្ឋាន ខណៈបានបង្កការបំផ្លិចបំផ្លាញទូទាំងប្រជុំកោះតំបន់សមុទ្រការ៉ាអ៊ីប រយៈពេលពីរ-បី ថ្ងៃកន្លងមកនេះ។ ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរាប្រភេទទី ៤ ដ៏មានឥទ្ធិពលបានកើនឡើងដល់យ៉ាងហោចណាស់ ៩ នាក់ ប៉ុន្តែគេរំពឹងថាចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ខណៈការទំនាក់ទំនងតាមOnline បានត្រលប់មកវិញទូទាំងប្រជុំកោះ ដែលត្រូវបានទឹកជន់លិច និងរងការខូចខាតដោយទឹកជំនន់និងខ្យល់បក់បោកយ៉ាងខ្លាំង។យោងតាមមន្ត្រីក្រុមហ៊ុនថាមពល បានឲ្យដឹងថា ប្រជាជនហ្សាម៉ាអ៊ីក បានត្រៀមសម្រាប់ការកាត់ផ្តាច់ចរន្តអគ្គិសនីកាលពីយប់ថ្ងៃពុធ ដោយផ្លូវនានានៅជិតឆ្នេរសមុទ្របានជន់លិចរួចទៅហើយខណៈ ភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ ហើយខ្យល់បក់បោកខ្លាំងក្នុងរដ្ឋធានីឃីងស្តូន (Kingston )របស់ប្រទេសកោះនេះ។ យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលថ្ងៃ ពុធ គេបានមើលឃើញព្យុះបក់បោកកម្លាំង៧២គីឡូម៉ែត្រក្នុងមួយម៉ោង នៅភាគអាគ្នេយ៍នៃរដ្ឋធានី ឃីងស្តូន ទោះបីជារង្វង់ខាងក្រៅរបស់ព្យុះនេះ បានបោកបក់រួចទៅហើយក្នុងតំបន់ជាច្រើនលើកោះដែលមានចំនួនប្រជាជនជិត ៣ លាននាក់ មួយនេះ ៕

ជនសង្ស័យជាង៣០នាក់ ស្ថិតក្រោមការស៊ើបអង្កេត ចំពោះការចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី

2024/07/03 01:41:01 pm        97
ការិយាល័យរដ្ឋអាជ្ញា បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យជាជនស៊ីវិល និងយោធាជាង៣០ នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការចូលរួមដែលត្រូវបានចោទប្រកាន់ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យ ប្រឆាំងប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) កាលពីថ្ងៃទី២៦ ខែមិថុនា។រដ្ឋអាជ្ញា លោក Franklin Alborta បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យើងត្រូវតែបញ្ជាក់ច្បាស់ថា ជាទូទៅ វាគឺជាករណីដ៏ស្មុគស្មាញមួយ ហើយជាបឋម យើងកំពុងរាយការណ៍ថា មនុស្សជាង៣០នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការរួចហើយ។ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ គឺលោក វ្លាឌីមៀ លូប៉ា សាឡាម៉ានកា(Vladimir Lupa Salamanca) មេបញ្ជាការ F10 ដែលជាក្រុមដឹកនាំកងកម្លាំងប្រដាប់អាវុធ។ លោកត្រូវបានកំណត់ពេលឲ្យផ្តល់សក្ខីកម្មដល់រដ្ឋអាជ្ញានៅក្នុងទីក្រុង La Paz។ក្នុងចំណោមជនជាប់ចោទសំខាន់ៗ ក៏មានអតីតមេបញ្ជាការកងទ័ព និងមេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ៍ ជូអាន ចូសេ ហ្ស៊ូនីហ្កា(uan Jose Zuniga) អតីតមេបញ្ជាការកងទ័ពជើងទឹក លោក ជូអាន អានណេស(Juan Arnez) និងអតីតមេបញ្ជាការកងទ័ពអាកាស លោក ម៉ាសេឡូ ហ្សេហ្ការ៉ា(Marcelo Zegarra)។

UNICEF ៖ អំពើហិង្សានៅប្រទេសហៃទី ធ្វើឱ្យកុមារជាង ៣០ ម៉ឺននាក់ត្រូវភៀសខ្លួន

2024/07/03 01:38:18 pm        46
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បានរាយការណ៍កាលពីថ្ងៃអង្គារ (០២ កក្កដា) ថា អំពើហិង្សា និងអស្ថិរភាពដែលកំពុងបន្តនៅក្នុងប្រទេសហៃទី បានធ្វើឱ្យកុមារជាង ៣០០.០០០ នាក់ត្រូវផ្លាស់ទីលំនៅ ឬភៀសខ្លួន ដែលមានន័យថា ជាមធ្យមមានកុមារម្នាក់ត្រូវភៀសខ្លួនរៀងរាល់មួយនាទី ចាប់តាំងពីខែមីនា មក។លោកស្រី ខាធឺរីន រ៉ាស់សែល (Catherine Russell) នាយកប្រតិបត្តិរបស់អង្គការ យូនីសេហ្វ បានគូសបញ្ជាក់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃអំពើហិង្សានេះ ដោយនិយាយថា «មហន្តរាយមនុស្សធម៌ដែលកើតឡើងនៅចំពោះមុខរបស់យើង កំពុងធ្វើឱ្យមានការស្លាប់យ៉ាងច្រើនទៅលើកុមារ ហើយកុមារភៀសខ្លួនកំពុងត្រូវការបរិស្ថានសុវត្ថិភាព និងការការពារយ៉ាងខ្លាំង»។យោងតាមអង្គការយូនីសេហ្វ កុមារប្រមាណ ៣ លាននាក់នៅទូទាំងហៃទី ត្រូវការជំនួយមនុស្សធម៌ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយភាពចលាចលនយោបាយជាច្រើនឆ្នាំ ភាពក្រីក្ររីករាលដាល ជំងឺដ៏កាចសាហាវ និងគ្រោះមហន្តរាយ។កុមារដែលភៀសខ្លួនប្រឈមមុខនឹងហិង្សា និងការបែកបាក់គ្រួសារ ហើយការទទួលបានសេវាសំខាន់ៗដូចជា កន្លែងសុវត្ថិភាព ការថែទាំសុខភាព ទឹកស្អាត និងអនាម័យត្រូវបានរំខានយ៉ាងខ្លាំង។ យូនីសេហ្វ បានសង្កត់ធ្ងន់ថា ខណៈមធ្យោបាយនៃការរស់រានមានជីវិត ឬការការពារនៅមានកម្រិត កុមារត្រូវបានបង្ខំឱ្យចូលរួមជាមួយក្រុមប្រដាប់អាវុធ ដោយរំលោភលើសិទ្ធិរបស់ពួកគេ និងបំពានច្បាប់អន្តរជាតិ៕

សាកសព ១៩ នាក់ត្រូវបានឃើញក្នុងរថយន្តដឹកទំនិញ ខណៈអំពើហិង្សារីករាលដាលនៅម៉ិកស៊ិក

2024/07/03 01:18:57 pm        44
ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (០១ កក្កដា) ថា ក្រុមមន្រ្តីសន្តិសុខម៉ិកស៊ិក បានរកឃើញសាកសពបុរស ១៩ នាក់ក្នុងរថយន្តដឹកទំនិញ ដោយជនរងគ្រោះត្រូវបានចោទថាមានទំនាក់ទំនងនឹងការបាញ់ប្រហាររវាងក្រុមជនអន្ធពាល ហ្កាតេម៉ាឡា និងក្រុមជួញដូរគ្រឿងញៀន ស៊ីណាឡូអា (Sinaloa) ដ៏មានឥទ្ធិពលរបស់ម៉ិកស៊ិក។យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាបានឱ្យដឹងថា បុរស ៥ នាក់ក្នុងចំណោមនោះ បង្ហាញសញ្ញានៃស្នាមរបួសដោយគ្រាប់កាំភ្លើង ហើយសាកសពពួកគេត្រូវបានគេរកឃើញនៅខាងក្រោយរថយន្តដឹកទំនិញមួយគ្រឿង ស្លៀកសម្លៀកបំពាក់ពណ៌ងងឹត និងមានបុងគ្រាប់កាំភ្លើង។ការរកឃើញនៅក្នុងរដ្ឋ ឈីអាប៉ាស (Chiapas) ភាគខាងត្បូងនេះកើតឡើងនៅជិតទីក្រុង ឡា ខនខ័រឌា (La Concordia) ភាគខាងជើងនៃព្រំដែនភាគខាងត្បូងម៉ិកស៊ិក ជាមួយប្រទេសហ្កាតេម៉ាឡា។ ប្រភពសន្តិសុខរបស់រដ្ឋាភិបាលនៅរដ្ឋនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនរងគ្រោះគឺជាសមាជិកនៃក្រុមឧក្រិដ្ឋជនហ្កាតេម៉ាឡា ដែលប្រយុទ្ធគ្រប់គ្រងទឹកដីនៅក្នុងតំបន់។ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានហៅឧបទ្ទវហេតុនេះថាជា «ការប្រឈមមុខដាក់គ្នាដ៏អកុសល» កាលពីថ្ងៃអង្គារ (០២ កក្កដា) ដោយបន្ថែមថាទាំងជនជាតិម៉ិកស៊ិក និងហ្កាតេម៉ាឡា ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋ ឈីអាប៉ាស បានដើរតួជាដែនដីអំពើហិង្សាក្រុមជនអន្ធពាល ដែលគេជឿថាមានទំនាក់ទំនងទៅនឹងក្រុមឧក្រិដ្ឋជន រួមទាំងការជួញដូរគ្រឿងញៀន និងរត់ពន្ធមនុស្ស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកព្រមានអ៊ីរ៉ង់ជុំវិញការគាំទ្រក្រុមហ៊ួទី និងស្នើក្រុមប្រឹក្សាសន្តិសុខUNឲ្យដាក់ទណ្ឌកម្មអាវុធកាន់តែតឹងរ៉ឹងឡើង
06/13/2025 03:06 PM
ស៊ីរីថ្កោលទោសការរំលោភអធិបតេយ្យភាពយ៉ាងច្បាស់ បន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែល
06/13/2025 03:06 PM
ស្នងការព្រះសីហនុ ភ្នំពេញ និងកំពង់ស្ពឺ នាំស្បៀង និងថវិកាទៅគាំទ្រនគរបាលនិងកងទ័ព នៅព្រះវិហារ!
06/13/2025 03:06 PM
ការថ្លែងបទអន្ដរាគមន៍របស់ឯកឧត្តម ហេង សួរ នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៣
06/13/2025 03:06 PM
UN ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់សម្ពាធលើក្រុមហ៊ួទី ដើម្បីសន្តិភាព និងការដោះលែងអ្នកជាប់ឃុំ
06/13/2025 03:06 PM
អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តីក្រីក្រ ជាអំណោយរបស់សម្តេចតេជោ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ
06/13/2025 02:06 PM
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈត្រៀមបង្ហាញស្នាដៃចំនួន៨របស់សិស្សក្នុងថ្ងៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
06/13/2025 02:06 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រៀបចំពិធី​បំពាក់​កន្សែង​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ដល់​យុវជន មកពី៤វិទ្យាល័យក្នុងស្រុករលាប្អៀរចំនួន ៤០០នាក់
06/13/2025 02:06 PM
[BREAKING NEWS] អ៊ីស្រាអែល៖ អ៊ីរ៉ង់ បង្ហោះដ្រូនជាង១០០គ្រឿងចូលទៅអ៊ីស្រាអែល ខណៈកំពុងធ្វើការស្ទាក់ចាប់
06/13/2025 01:06 PM
[BREAKING NEWS] ជើងហោះហើរ Air India បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅប្រទេសថៃ បន្ទាប់ពីការគម្រាមបំផ្ទុះគ្រាប់បែក
06/13/2025 01:06 PM