ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា

សន្តិសុខ និង សង្គម

កាណាដាប្រមូលផ្តុំសម្ព័ន្ធមិត្ត ខណៈភាពតានតឹងកើនឡើងជាមួយឥណ្ឌា ជុំវិញឃាតកម្មមេដឹកនាំសាសនាស៊ីគ

2023/09/21 10:53:02 am        200
ឥណ្ឌា៖ ប្រទេសកាណាដានៅសប្តាហ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ខ្លួនមានរបាយការណ៍ចារកម្មដែលអាចជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះការស្លាប់របស់មេដឹកនាំ ផ្ដាច់ខ្លួន ឥណ្ឌាកាន់សាសនាស៊ីគ (Sikh) ជាប្រភេទព័ត៌មាន ដែលជាធម្មតាបង្កឱ្យមានភាពចលាចលក្នុងចំណោមសម្ព័ន្ធមិត្តប្រជាធិបតេយ្យ មិនមែនមានតែនៅពេលនេះនោះទេ។ ប្រទេសឥណ្ឌាកំពុងត្រូវបានសហរដ្ឋអាមេរិកតាមលួងលោម និងប្រទេសដទៃទៀត ដែលប្រឆាំងប្រទេសចិន ហើយការវាយប្រហារដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រីកាណាដា ទ្រូដូ (Trudeau) បានកើតមានឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុង New Delhi បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ដែលរុញឲ្យប្រទេសលោកខាងលិចស្ថិតក្នុងជំហរមិនរឹងមាំ។ លោកស្រី ស្តេហ្វានី ខាវីន (Stephanie Carvin) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ottawa's Carleton បាននិយាយថា ឥណ្ឌាមានសារៈសំខាន់នៅក្នុងការគណនារបស់លោកខាងលិចសម្រាប់តុល្យភាពប្រទេសចិនហើយកាណាដា ក៏មិនមែនដែរ។លោកស្រីនិយាយថានេះពិតជាធ្វើឱ្យប្រទេសកាណាដា ធ្លាក់ចុះក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត។លោកនាយករដ្ឋមន្ត្រីJustin Trudeau បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា កំពុង បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ ដែលថាភ្នាក់ងារឥណ្ឌា អាចមានជាប់ពាក់ព័ន្ធខ្លាំង ចំពោះការសម្លាប់ពលរដ្ឋកាណាដាលោក ហាឌីប ស៊ីញ នីចា ( Hardeep Singh Nijjar)កាលពីខែមិថុនា។នៅពេលនោះ ទីក្រុង អូតាវ៉ា(Ottawa) បានពិភាក្សារួចហើយអំពីបញ្ហានេះជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សម្ព័ន្ធភាពការចែករំលែកព័ត៌មានសម្ងាត់ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។  លោក ជីអេទីក បាចប៉ាអ៊ី (Chietigj Bajpaee )អ្នកជំនាញឥណ្ឌានៅស្ថាប័នស្រាវជ្រាវ Chatham House នៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពលំបាក ក្នុងការជ្រើសរើសរវាងការគាំទ្រកាណាដា និងការប្រឆាំងឥណ្ឌា ជាប្រទេសដែលខ្លួនចង់ធ្វើជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តក្នុងការជួយទប់ទល់ជាមួយប្រទេសចិន៕

ក្រុមជនអន្ធពាលហៃទីអំពាវនាវឲ្យមានការផ្តួលរំលំនាយករដ្ឋមន្ត្រី Henry ខណៈដែលភាពចលាចល កាន់តែកើនឡើងខ្លាំង

2023/09/21 10:34:18 am        180
ហៃទី៖ មេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បានអំពាវនាវឲ្យមានការផ្តួលរំលំលោកនាយករដ្ឋមន្ត្រី អារៀល ហែនរី ( Ariel Henry) ដោយប្រដាប់អាវុធ ដោយជំរុញប្រជាជនហៃទីឡើងទៅតាមផ្លូវប្រឆាំងនឹងរដ្ឋាភិបាលដែលមិនជាប់ឆ្នោត ដែលជាការកើនឡើងកម្តៅថ្មីបំផុតនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិមនុស្សធម៌នេះ។លោក Jimmy "Barbecue" Cherizier អតីតមន្ត្រីនគរបាល ដែលបច្ចុប្បន្នជាប្រធានក្រុមចម្រុះដ៏មានឥទ្ធិពលនៃក្រុមជនអន្ធពាលដែលគ្រប់គ្រងផ្នែកធំៗនៃទីក្រុងព័រអូប្រាំង បានដឹកនាំក្រុមប្រដាប់អាវុធរបស់លោកក្នុងការដើរក្បួនឆ្លងកាត់រដ្ឋធានីនេះ កាលពីថ្ងៃអង្គារ ដោយបិទផ្លូវនិងដំស្គរយ៉ាងគគ្រឹកគគ្រេង។មេដឹកនាំក្រុមជនអន្ធពាល លោក Cherizier បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងកំពុងចាប់ផ្តើមតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អារៀល ហែនរី តាមមធ្យោបាយណាមួយ» ។ «ការតស៊ូរបស់យើង នឹងធ្វើឡើងជាមួយអាវុធ»។លោកបានបន្ថែមថា៖«បាតុកម្មនៅគ្រប់សង្កាត់ដែលមានវណ្ណៈកម្មករ»នឹងធ្វើឡើងជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកហែនរី ដែលលោកបាននិយាយថា មិនមានភាពស្របច្បាប់។ក្រុមជនអន្ធពាលហៃទីដែលជារឿយៗចូលរួមជាមួយនគរបាលក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង និងប្រាក់ចំណេញពីសកម្មភាពដូចជាការជំរិតទារប្រាក់ និងការជួញដូរគ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី ហ្សូវេណែល ម៉ូអីស ( Jovenel Moise) ក្នុងឆ្នាំ២០២១៕

ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រាប់រុស្ស៊ីឲ្យបញ្ឈប់សង្រ្គាម និងថាលោក Zelenskiy មិនចាំបាច់និយាយទេ

2023/09/21 10:28:27 am        90
UN៖ នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskiy នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការលុកលុយរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសរបស់លោក ពេលឯកអគ្គរដ្ឋទូតរុស្ស៊ីលោកវ៉ាស៊ីលីណេបេនស៊ៀ(Vassily Nebenzia) បានជំទាស់នឹងរូបលោកនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ។  លោកនាយករដ្ឋមន្ត្រីអាល់បានី អេឌី រ៉ាម៉ា (Edi Rama)ដែលកាន់តំណែងជាប្រធានកិច្ចប្រជុំដ៏តានតឹងនេះ បានឆ្លើយតបសម្ដីខ្លាំងៗ ទៅកាន់ទីក្រុងមូស្គូ ដោយបាននិយាយថា ការវាយលុកនេះពុំមែនបង្កើតទៅជាសង្គ្រាម តែជាប្រតិបត្តិការយោធាពិសេសដ៏ព្រៃផ្សៃ។ លោក Rama ដែលគេស្គាល់ថាជាមនុស្សចូលចិត្តលេងសើច បាននិយាយទាំងសើចបិទមាត់ថា ខ្ញុំចង់ធានាដល់សហសេវិករុស្ស៊ីរបស់យើង និងអ្នករាល់គ្នានៅទីនេះថា នេះមិនមែនជាប្រតិបត្តិការពិសេសរបស់ប្រធានអង្គសន្និបាត ប្រទេស អាល់បានី  ទេ ។ លោក បានបន្តថា ដោយថ្លែងទៅកាន់លោក ណេបេនស៊ៀ ដោយផ្ទាល់ថានេះគឺជាសេចក្ដីសម្រេចសម្រាប់បញ្ហានេះ ប្រសិនបើអ្នកយល់ព្រម អ្នកត្រូវបញ្ឈប់សង្រ្គាមនេះ ហើយលោក Zelenskiyនឹងមិនចាំបាច់ឡើងនិយាយអ្វីទាំងអស់។  លោក ណេបេនស៊ៀ ពុំបានយល់ព្រមទេ ។ លោកបាននិយាយថា សម័យប្រជុំនេះ គឺជាការបង្ហាញ និងបានរិះគន់លោក Rama ចំពោះអ្វីដែលលោកបាននិយាយថា លោក Rama កំពុងបង្កើតសេចក្ដីថ្លែងការណ៍ចោទប្រកាន់នយោបាយជាងការធ្វើជាអាណាព្យាបាលអព្យាក្រឹត្យនៃនិតិវិធី។ បន្ទាប់ពីសម័យប្រជុំ លោក Zelenskiy បានថ្លែងអំណរគុណលោក Rama នៅលើបណ្ដាញសង្គម ដោយនិយាយថាលោកនាយករដ្ឋមន្ត្រីអាល់បានី ដែលជាសីល្បករនិងជាអតីតកីឡាករបាល់បោះ បានបង្ហាញពិភពលោកពីរបៀបដោះស្រាយដោយផ្ទាល់ចំពោះរុស្ស៊ី ការកុហក់របស់ខ្លួន និង ពុតត្បុតរបស់ខ្លួន៕

ចិនត្រៀមទប់ទល់សម្រាប់អាកាសធាតុមិនអំណោយផលបន្ថែមទៀត បន្ទាប់ពីព្យុះកួចដ៏កំណាច បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់

2023/09/21 08:58:48 am        317
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃពុធថា មន្ត្រីអាកាសធាតុប្រទេសចិន បានបង្កើនការព្រមាន អំពីភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង នៅក្នុងតំបន់ជាច្រើន មួយថ្ងៃបន្ទាប់ពីព្យុះកួចកំណាចដ៏ខ្លាំងក្លា បានវាយបោកបក់បំផ្លាញនៅខេត្តJiangsu ភាគខាងកើត បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់។ ឧបទ្ទវហេតុចុងក្រោយក្នុងអាកាសធាតុដ៏មហន្តរាយនិងមានមនុស្សស្លាប់ច្រើនសប្តាហ៍មកនេះ បង្កឲ្យអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង នៅតាមតំបន់ឆ្នេរសមុទ្រ នៅជិតសមុទ្រលឿងនៅខេត្ត Jiangsu ( ជាំងស៊ូ)។  ព្យុះកួចដ៏កំណាចកាលពីថ្ងៃអង្គារកើតឡើងមួយភ្លែត ប៉ុន្តែខ្លាំង ដោយរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីរថយន្តក្រឡាប់ បណ្តាញអគ្គិសនីបាក់រលំ និងកម្ទេចកម្ទីហោះហើរ ដែលភាគច្រើនបានរាយប៉ាយនៅតាមដងផ្លូវនៃក្រុង Suqian (ស៊ូឈាន) ជាទីក្រុងនៅភាគខាងជើងនៃខេត្តនេះ។  ប្រព័ន្ធផ្សពផ្សាយ CCTV និយាយថាតំបន់ទាំងពីរ នៅក្នុងខេត្ត បានរងផលប៉ះពាល់ មានតំបន់ Suqian និងYancheng (យ៉ានឆឹង) ។ មនុស្ស៥នាក់បានស្លាប់ និង៤នាក់រងរបួសធ្ងន់ នៅពេលព្យុះកួចដ៏កំណាច វាយបោកបក់ភ្លាមៗ ទៅលើតំបន់មានប្រជាជនរស់នៅច្រើន នៅម៉ោង៥: ២០នាទីល្ងាចម៉ោងក្នុងតំបន់ ក្នុងតំបន់ Suqian ដោយបានបំផ្លាញលំនៅឋាន១.៦៤៦ខ្នង និងបានបំផ្លាញដំណាំជាច្រើនហិចតា។ ក្រោយមក ព្យុះកួចដ៏កំណាចនេះ បានបោកបក់ឆ្លងកាត់ ទីក្រុង Yancheng បណ្តាលឲ្យមនុស្សស្លាប់៥នាក់បន្ថែមទៀត និងរងរបួស៤នាក់។ ការព្រមានអំពីអាកាសធាតុ បានដាក់ចេញកាលពីថ្ងៃពុធ សម្រាប់តំបន់ភាគនិរតី នៃ ទីក្រុង Chongqing (ឆុងឈីង) និងតំបន់ជាច្រើនទៀត នៅខេត្ត Guizhou (ហ្គួយចូវ) ភាគនិរតី ខេត្ត Hunan ភាគខាងត្បូង ខេត្ត Anhui ( អានហួយ) ភាគខាងកើត និងខេត្ត Hubei ភាគកណ្តាល៕

ក្រុមបាតុករអាមេនី ទាមទារឲ្យនាយករដ្ឋមន្ត្រីរបស់ខ្លួនចុះចេញពីតំណែង ក្រោយការទម្លាក់អាវុធចុះចាញ់នៅតំបន់ការ៉ាបាក់

2023/09/21 08:34:21 am        242
អាមេនី៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីអាមេនីកាលពីថ្ងៃពុធ ទី២០ខែកញ្ញា ដើម្បីប្រឆាំង ការបរាជ័យរបស់រដ្ឋាភិបាលអាមេនីក្នុងការគាំទ្រពួកបំបែកខ្លួនអាមេនី នៅតំបន់ការ៉ាបាក់(Karabakh )បន្ទាប់ពីតំបន់ផ្ដាច់ខ្លួន ត្រូវបានបង្ខំឱ្យចុះចាញ់ដោយអាស៊ែរបៃហ្សង់។  ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គសាធារណៈនៅកណ្តាលក្រុងយ៉េរ៉េវ៉ាន់(Yerevan)។  មនុស្សជាច្រើនបានទាមទារឱ្យលោកនាយករដ្ឋមន្រ្តីអាមេនីនីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) ចុះចេញពីតំណែង ដែលលោកបានធ្វើជាអធិបតីលើការចាញ់អាស៊ែរបៃហ្សង់ក្នុងសង្រ្គាមកាលពីឆ្នាំ២០២០ ហើយឥឡូវនេះ គឺការដួលរលំចុងក្រោយ នៃក្រុមអាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់។  អ្នកចូលរួមជាច្រើននាក់បានគ្រវីទង់តំបន់ណាហ្គ័រណូ -ការ៉ាបាក់ (Nagorno-Karabakh) ហើយខ្លះបានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ ហើយអ្នកផ្សេងទៀតបានគប់ដបទឹក និងដុំថ្មទៅលើការិយាល័យនាយករដ្ឋមន្ត្រីនៅទីលានចតុរង្គសាធារណៈ។   នគរបាលបង្ក្រាបកុបកម្មបានបិទទ្វារការិយាល័យរដ្ឋាភិបាល ខណៈរថយន្តដឹកទំនិញបែបយោធាត្រូវបានចតនៅជិតទីលាននេះ ស្របពេលមានវត្តមានកងកម្លាំងសន្តិសុខយ៉ាងច្រើនកុះករ។ ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ឈប់ការវាយលុករបស់ខ្លួន បន្ទាប់ពីកងកម្លាំងបំបែកខ្លួនរបស់អាមេនីនៅតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បានយល់ព្រមលើបទឈប់បាញ់ ដែលលក្ខខណ្ឌរបស់ពួកគេជាសញ្ញាថា តំបន់នេះ នឹងត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ទីក្រុងបាគូ (Baku) វិញ។ លោកនាយករដ្ឋមន្ត្រី អាមេនី បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីគាំទ្រអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថាកងកម្លាំងមិនស្គាល់អត្តសញ្ញាណកំពុងនិយាយអំពីរដ្ឋប្រហារនៅ ទីក្រុង យ៉េរ៉េវ៉ាន់ (Yerevan) ៕

ទុយនីស៊ី ស្ទាក់ចាប់ជនអន្តោប្រវេសន៍ចំនួន ២.៥០០នាក់ និងអ្នករត់ពន្ធមនុស្សរាប់សិបនាក់ ក្នុងរយៈពេល៤ថ្ងៃ

2023/09/20 01:38:39 pm        209
ឆ្មាំល្បាតឆ្នេរទុយនីស៊ី បាននិយាយកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា ខ្លួនបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ជាង២.៥០០នាក់ និងបានចាប់ខ្លួនអ្នករត់ពន្ធមនុស្សរាប់សិបនាក់ បន្ទាប់ពីការបង្ក្រាបដ៏ធំមួយ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន នៅក្នុងតំបន់ឆ្នេរសមុទ្រនៃ Sfax របស់ទុយនេស៊ី ដែលជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី។ប្រតិបត្តិការនេះ ដែលរួមមានកងកម្លាំងសន្តិសុខរាប់រយនាក់ គាំទ្រដោយអង្គភាពប្រឆាំងភេរវកម្ម យន្តហោះ និងសុខននគរបាល ត្រូវបានបញ្ជាដោយប្រធានាធិបតីទុយនីស៊ី លោក Kais Saied ដែលបានលើកឡើងពី «លំហូរចូលនៃជនអន្តោប្រវេសន៍ ដែលមិនអាចទទួលយកបាន»។សេចក្តីថ្លែងការណ៍មួយរបស់ឆ្មាំជាតិទុយនីស៊ី កាលពីថ្ងៃអង្គារ (១៩ កញ្ញា) បាននិយាយថា អ្នករត់ពន្ធមនុស្សចំនួន៦២នាក់ ត្រូវបានចាប់ខ្លួន ហើយទូកជាច្រើនគ្រឿងត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ខ្លួនក៏បានរារាំងជនអន្តោប្រវេសន៍អាហ្វ្រិក នៅអនុតំបន់សាហារ៉ាប្រហែល ១.៩០០នាក់ ដែលព្យាយាមចូលទៅកាន់ប្រទេសទុយនីស៊ី ឆ្លងកាត់ព្រំដែនដីគោកផងដែរ៕

រញ្ជួយ​ដីខ្លាំង អង្រួនកោះភាគខាងត្បូងប្រទេសនូវ៉ែលហ្សេឡង់

2023/09/20 01:20:33 pm        98
រដ្ឋាភិបាល បានិយាយនៅលើគេហទំព័រថា រញ្ជួយដីដ៏ខ្លាំងក្នុងកម្រិត៦,២ រិចទ័រ បានអង្រួន កោះភាគខាងត្បូងប្រទេសនូវ៉ែលហ្សេឡង់ នៅថ្ងៃពុធនេះ ប៉ុន្តែរបាយការណ៍បឋមបានបញ្ជាក់ថា គ្មានអ្នករងរបួស ឬ ការបំផ្លាញជាសំខាន់នោះទេ។ គេហទំព័រ Geonet របស់រដ្ឋាភិបាល នូវ៉ែលហ្សេឡង់ បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដី ដែលបានវាយប្រហារនៅម៉ោង៩:១៤ នាទីព្រឹក ម៉ោងក្នុងតំបន់ មានចម្ងាយ១២៤គីឡូម៉ែត្រ ភាគខាងតលិច ទីក្រុង Christchurch ( ក្រៃឈើច) ក្នុងជម្រៅ១១គីឡូម៉ែត្រ។លោកស្រី Sarah Hussey កសិករម្នាក់នៅជិតចំណុចកណ្តាលនៃការរញ្ជួយ បាននិយាយថារញ្ជួយដី មានកម្រិតខ្លាំងជាងរញ្ជួយដីដ៏ទៃទៀតដែលលោកស្រីបានចងចាំ។ លោក Scott Shannon អភិបាលរងក្រុង Timaru នៅជិតចំណុចកណ្តាលនៃការរញ្ចួយដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាពុំមានរបាយការណ៍ភ្លាមពីការបំផ្លាញនោះទេ ប៉ុន្តែការពិនិត្យកំពុងធ្វើឡើង។ ការរញ្ជួយដីដែលបានវាយប្រហារនេះ នៅមិនឆ្ងាយពីកន្លែងដែលមានការរញ្ជួយដីកម្រិត៦,៣ រិចទ័រ វាយប្រហារកាលពីឆ្នាំ២០១១ បណ្តាលឲ្យមនុស្ស១៨៥នាក់ស្លាប់ និងបណ្តាលឲ្យមានការខូចខាតធំ នៅទីក្រុង Christchurch កោះភាគខាងត្បូង។ ទីតាំងប្រទេសនូវ៉ែលហ្សេឡង់ ស្ថិតនៅលើកងភ្លើងតំបន់ប៉ាស៊ីហ្វិក នៅកន្លែងដែលលោហៈធាតុវិវឌ្ឍប៉ះគ្នា និងជួបប្រទះបាតុភូតរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់។

កូនប្រុសប្រធានាធិបតីសហរដ្ឋអាមរិក ផ្តល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ពីបទប្រើប្រាស់អាវុធ

2023/09/20 01:10:33 pm        62
មេធាវីរបស់គាត់និយាយនៅក្នុងឯកសារតុលាការកាលពីថ្ងៃអង្គារថា លោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាពិតីសហរដ្ឋអាមេរិកលោក Joe Biden ផ្តល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់របស់សហព័ន្ធទាក់ទងនឹងការប្រើប្រាស់អាវុធ ។ លោក Hunter Biden វ័យ ៥៣ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់ការផ្តល់សេចក្តីថ្លែងការណ៍មិនពិត ពេលដែលលោកទិញកាំភ្លើង និងមានអាវុធ ពេលប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅពេលនោះ ។ ការចោទប្រកាន់ថ្មី បានកើតមាន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្រុមរដ្ឋអាជ្ញា និងលោក Hunter Biden កាលពីខែកក្កដា ដែលគាត់ត្រូវតែផ្តល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់បទមជ្ឈិមពាក់ព័ន្ធនឹងពន្ធ ២ករណី ហើយនិងចុះឈ្មោះក្នុងកម្មវិធី ដើម្បីរួចផុតពីការកាត់ទោសលើបទចោទប្រកាន់អាវុធ ។ លោក Hunter Biden គឺជាកូនលើកដំបូងគេរបស់ប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ បានកើតមានពេលដែលលោកអង្គុយនៅកណ្តាលឧបាយកលនយោបាយ ។ កាលពីសប្តាហ៍មុន សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានបើកការស៊ើបអង្កេតករណីចោទប្រកាន់លោក Joe Biden ពាក់ព័ន្ធនឹងការផ្តល់កិច្ចព្រមព្រៀងធុរកិច្ចបរទេសរបស់លោក Hunter អំឡុងពេលកាន់អំណាចឪពុករបស់លោក ក្រោមរដ្ឋបាលរបស់លោក Obama ។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ពួកគេពុំបានផ្តល់ភស្តុតាងណាមួយនោះឡើយ ដែលបង្ហាញថា លោក Biden ទទួលបានផលចំណេញពីធុរកិច្ចកូនប្រុសរបស់លោក ហើយសេតវិមាន បានធ្វើការច្រានចោលរាល់កំហុសឆ្គងណាមួយ ៕

ដោយធុញទ្រាន់ការតម្រង់ជួរ ជនអន្តោប្រវេសន៍បានប្រមូលផ្តុំគ្នានៅស្ថានីយជនភៀសខ្លួនម៉ិកស៊ិកភាគខាងត្បូង

2023/09/20 01:02:18 pm        51
ស្នងការទទួលបន្ទុកជំនួយជនភៀសខ្លួន បាននិយាយថា ជនអន្តោប្រវេសន៍មួយក្រុមបានប្រមូលផ្តុំគ្នាដើម្បីបង្ខំឲ្យដំណើរការរបស់ពួកគេចូលក្នុងស្ថានីយជនអន្តោប្រវេសន៍ម៉ិកស៊ិកនៅព្រំដែនជាមួយប្រទេសហ្គាតេម៉ាឡា ដែលបណ្តាលឲ្យមនុស្ស២នាក់រងរបួស។ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅអំឡុងម៉ោង៩ព្រឹក ម៉ោងក្នុងតំបន់ នៅពេលដែលក្រុមពលរដ្ឋហៃទី បានប្រញាប់ប្រញាល់ចូលជាមួយអ្នកផ្សេងទៀត ដែលកំពុងរង់ចាំក្នុងជួរនៅខាងក្រៅស្ថានីយ Comar នៅទីក្រុង Tapachula ភាគខាងត្បូង ក្នុងរដ្ឋ Chiapas ។ ពលរដ្ឋហៃទី២នាក់ ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៅក្បែរនោះ។យោងតាមស្ថានីយ Comar បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ជិត២.០០០នាក់ ត្រូវបានជួយដោយអាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃអង្គារ ភាគច្រើនមកពីប្រទេសហៃទី គុយបា និងប្រទេសហុងឌុយរ៉ាស់។ ចំនួនដូចគ្នានេះដែរនៃអ្នកដាក់ពាក្យស្នើសុំ ត្រូវបានគេរំពឹងថា នឹងត្រូវទទួលនៅថ្ងៃពុធនេះ។

ការសិក្សា៖ បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង ដល់ទៅជាង ៥០ដងក្នុងប្រទេសលីប៊ី

2023/09/20 12:43:19 pm        94
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងចង្អុលទៅបម្រែបម្រួលអាកាសធាតុបន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវរបស់ប្រទេសលីប៊ី។ កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ពួកគេបាននិយាយថា បញ្ហាអាកាសធាតុបានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នេះកើនឡើងដល់ជាង៥០ដង នេះបើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រសហការស្រាវជ្រាវអន្តរជាតិ ដែលសិក្សាពីបម្រែបម្រួលអាកាសធាតុ។ព្យុះដ៏មានឥទ្ធិពល ដែលបានបោកបក់លើប្រទេសលីប៊ី កាលពីថ្ងៃទី១០ ខែកញ្ញា បានបណ្តាលឱ្យទំនប់ទឹកចំនួនពីរបានបាក់ ដោយបានជន់លិចទីក្រុង Derna ភាគខាងកើតនៃប្រទេសលីប៊ី និងបានសម្លាប់មនុស្សរាប់ពាន់នាក់។ ការសិក្សាបានបន្ថែមថា ការសាងសង់អាគារនៅតំបន់ទំនាប ស្ថានភាពទំនប់ទឹកមិនល្អ ជម្លោះប្រដាប់អាវុធយូរអង្វែង និងកត្តាក្នុងស្រុកផ្សេងៗទៀត ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសនេះផងដែរ។ការសិក្សានោះក៏បានព្រមានផងដែរថា នៅពេលដែលបម្រែបម្រួលអាកាសធាតុជំរុញឱ្យអាកាសធាតុឈានដល់ចំណុចធ្ងន់ធ្ងរថ្មី វានឹងនៅតែមានហានិភ័យក្នុងការសាងសង់ផ្ទះនៅលើវាលទំនាបទឹកជំនន់ ឬប្រើប្រាស់សម្ភារៈដែលមិនមានស្តង់ដារ។ ទន្ទឹមនឹងនេះ បម្រែបម្រួលអាកាសធាតុក៏បណ្តាលឱ្យមានការកើនឡើងរហូតដល់៤០% នៃបរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅដើមខែកញ្ញានៅទូទាំងសមុទ្រ មេឌីទែរ៉ាណេ បណ្តាលឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសក្រិក ប៊ុលហ្គារី និងទួរគី ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/19/2026 08:04 PM
អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យផ្ទះភៀសសឹក បន្ទាប់ពីមានខ្យល់កន្រ្តាក់ ក្នុងខេត្តបន្ទាយមានជ័យ
04/19/2026 07:04 PM
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
04/19/2026 07:04 PM
ស.ស.យ.ក និងគណៈបញ្ជាការឯកភាព​រាជធានី​ភ្នំពេញ​វាយ​តម្លៃ​ខ្ពស់​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត
04/19/2026 03:04 PM
កុងហ្គោ និងក្រុមឧទ្ទាមយល់ព្រមបន្ធូរបន្ថយការធ្វើដំណើរសម្រាប់ក្បួនរថយន្តជំនួយ និងចៀសវាងការវាយប្រហារជនស៊ីវិល
04/19/2026 01:04 PM
អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
04/19/2026 12:04 PM
ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព
04/19/2026 12:04 PM
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
04/19/2026 11:04 AM
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
04/19/2026 11:04 AM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM