ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ជប៉ុននឹងពិនិត្យមើលការប្រកាសរបស់រុស្ស៊ីពិចារណាលើបំរាមនាំចូលគ្រឿងសមុទ្ររបស់ខ្លួន

2023/09/27 08:22:56 pm        99
ជប៉ុននឹងពិនិត្យមើលការប្រកាសរបស់រុស្ស៊ីចំពោះលទ្ធភាពនៃការចូលរួមជាមួយចិនក្នុងការហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុន ដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ។ នេះបើយោងតាមការអះអាងរបស់លោក Hirokazu Matsuno គឺជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះ ។ ជប៉ុនចាប់ផ្តើមបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ជាហេតុធ្វើឲ្យមានការរិះគន់ខ្លាំងពីចិន ។ ជាការសងសឹកនឹងទង្វើបែបនេះ ចិនបានដាក់ចេញបំរាមនាំចូលគ្រឿងសមុទ្រទាំងអស់ពីប្រទេសជប៉ុន ។ ដោយឡែក ក្រុមឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី Rosselkhoznadzor បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានពិភាក្សាលើការនាំចូលគ្រឿងសមុទ្រជប៉ុន ជាមួយសមភាគីចិន ហើយពួកគេនិយាយថា ខ្លួនបានផ្ញើរលិខិតមួយច្បាប់ជូនជប៉ុន លើតម្រូវការពិភាក្សា និងស្នើសុំព័ត៌មានពាក់ព័ន្ធនឹងការធ្វើតេស្តវិទ្យុសកម្មរបស់ជប៉ុនលើផលិតផលត្រីនាំចេញនៅថ្ងៃទី ១៦ ខែតុលាការខាងមុខនេះ ដែលរួមទាំងសារធាតុទ្រីទីយ៉ូមផងដែរ ។ ជប៉ុននិយាយថា ទឹកមានសុវត្ថិភាព ក្រោយត្រូវបានបន្សាប ដើម្បីយកចេញសារធាតុវិទ្យុសកម្ម លើកលែងតែសារធាតុទ្រីទីយ៉ូមដែលជាសារធាតុបញ្ចេញកាំរស្មី ពបាកញែកចេញពីទឹក ។ បន្ទាប់មកទឹកកាកសំណល់នេះ ត្រូវបានបន្សាបដល់កម្រិតទទួលស្គាល់ដោយអន្តរជាតិ មុនពេលបញ្ចេញចូលទៅក្នុងមហាសមុទ្រ ។ ជប៉ុននិយាយថា ការរិះគន់ពីរុស្ស៊ី និងចិន ពុំបានគាំទ្រដោយភស្តុតាងវិទ្យាសាស្រ្តនោះទេ ។ លោក Hirokazu Matsunoគឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និយាយថា ពួកយើងចង់ពិនិត្យមើលការប្រកាសដែលរុស្ស៊ីបានធ្វើឡើងលើការនាំចូលគ្រឿងសមុទ្រជប៉ុន ។ លោកបន្តថា រដ្ឋាភិបាលជប៉ុន បានព្យាយាមពន្យល់ឥតឈប់ឈរ និងផ្តល់ព័ត៌មានលើសុវត្ថិភាពប្រព័ន្ធដំណើរការសារធាតុរាវដ៏ទំនើប(ALPS) ដើម្បីបន្សាបទឹក ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត ដើម្បីបញ្ជាក់ដល់សហគមន៍អន្តរជាតិ ដែលរួមទាំងរុស្ស៊ីផងដែរថាទឹកមានសុវត្ថិភាព ៕

កូស្តា រីកា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលមានកំណើនជនអន្តោប្រវេសន៍

2023/09/27 08:13:43 pm        88
ប្រធានាធិបតីប្រទេសកូស្តា រីកា លោក Rodrigo Chaves បាននិយាយកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ថា លោកបានបញ្ជាឱ្យក្រុមមន្ត្រីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសដ៏តូចមួយនៅអាមេរិកកណ្តាលនេះ បានកើនឡើងយ៉ាងខ្លាំង។លោក Chaves បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន យោងទៅលើកុប្បកម្មនាពេលថ្មីៗនេះដោយជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសថា «យើងបានណែនាំក្រសួងសន្តិសុខឱ្យប្រកាន់ជំហររឹងមាំជាមួយនរណាម្នាក់ដែលកេងប្រវ័ញ្ចផលប្រយោជន៍ពីភាពចិត្តល្អរបស់កូស្តា រីកា»។មន្ត្រីម្នាក់ទៀតរបស់កូស្តា រីកា បាននិយាយថា រហូតមកដល់ខែកញ្ញានេះ មនុស្សជាង៦០.០០០នាក់ បានឆ្លងកាត់ទីក្រុងព្រំដែនកូស្តា រីកា ជាមួយប្រទេសប៉ាណាម៉ា ប្រទេសប៉ាសូ កាណូស ដែលមានមនុស្សតិចជាង២០.០០០នាក់រស់នៅ។ សូមបញ្ជាក់ថា លោកប្រធានាធិបតី Chaves នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាណាម៉ានៅដើមខែតុលាខាងមុខនេះ ដើម្បីធ្វើការពិភាក្សាអំពីវិបត្តិជនអន្តោប្រវេសន៍៕

អ្នកនេសាទហ្វីលីពីន សម្តែងការខកចិត្តចំពោះពោងបណ្ដែតទឹករបស់ចិន នៅតំបន់សមុទ្រមានជម្លោះ

2023/09/27 08:10:14 pm        154
ក្រុមអ្នកនេសាទហ្វីលីពីន នៅទីក្រុងឆ្នេរសមុទ្រ Zambales បានសម្តែងការខកចិត្ត បន្ទាប់ពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) បានដាក់របាំងការពារដ៏វែងនៅជិតច្រកសមុទ្រ Scarborough ដែលជាតំបន់ផ្ទាំងថ្មប៉ប្រះទឹក មានចម្ងាយ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន។អ្នកបើកទូកម្នាក់ឈ្មោះ Samuel Geruela បាននិយាយថា «នៅពេលដែលខ្ញុំបានឃើញអ្វីដែលពួកគេបានធ្វើនៅក្នុងរបាយការណ៍ វាពិតជាគ្រោះថ្នាក់ណាស់។ ពួកគេបានប្រើខ្សែពួរ និងច្រវាក់ក្រាស់ៗចងជាប់នឹងពោងបណ្ដែតទឹកទាំងនោះ ប្រសិនបើទូកតូចៗបើកចូលទៅក្នុងនោះ វាអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ខ្ញុំគិតថាគួរតែមានកិច្ចព្រមព្រៀងរវាងហ្វីលីពីន និងចិនជុំវិញបញ្ហានេះ។"ទោះបីជាតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ មិនបានកាត់ក្តីលើអធិបតេយ្យភាពរបស់ចិនលើតំបន់ថ្មប៉ប្រះទឹក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង៣០០គីឡូម៉ែត្រក្នុងប្រទេសហ្វីលីពីននេះក៏ដោយ ក៏ខ្លួនបាននិយាយថា តំបន់នេះគឺជាកន្លែងនេសាទប្រពៃណីសម្រាប់ប្រទេសមួយចំនួន ហើយទង្វើបិទផ្លូវពីមុនរបស់ចិននៅក្នុងតំបន់សមុទ្រនេះ គឺរឿងខុសច្បាប់៕

ជនភៀសខ្លួនជិត៣ម៉ឺននាក់ បានសម្រុកចេញពីតំបន់ការ៉ាបាក់ទៅកាន់អាមេនី ខណៈមានការបារម្ភកាន់តែខ្លាំងឡើង

2023/09/27 08:04:02 pm        143
ជនជាតិអាមេនីជិត៣០.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុងណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ពោលគឺមួយភាគបួននៃចំនួនប្រជាជនសរុប ក្នុងតំបន់ដែលអាស៊ែបៃហ្សង់ ដណ្តើមបានកាលពីសប្តាហ៍មុនមួយនេះ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ជុំវិញបម្លាស់ទីជនស៊ីវិលមួយចំនួនធំទៅកាន់ប្រទេសអាមេនី ដែលជាលទ្ធផលនៃអរិភាពក្នុងតំបន់នាពេលថ្មីៗនេះ។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា ជនភៀសខ្លួនប្រហែល១៩.០០០នាក់ ត្រូវបានគេរាយការណ៍ថាបានចាកចេញពីតំបន់សេដ្ឋកិច្ចការ៉ាបាក់ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ រួមទាំងមនុស្សចាស់ ស្ត្រី និងកុមារជាច្រើនផងដែរ។អ្នកនាំពាក្យទីភ្នាក់ងារ UNHCR លោកស្រី សាប៊ីយ៉ា ម៉ានតូ (Shabia Mantoo) បានអំពាវនាវឱ្យភាគីទាំងអស់ការពារជនស៊ីវិល និងគោរពយ៉ាងពេញលេញនូវច្បាប់ស្តីពីជនភៀសខ្លួនមនុស្សធម៌អន្តរជាតិ ដែលអនុញ្ញាតឱ្យអ្នកទាំងនោះឆ្លងកាត់ដោយសុវត្ថិភាព។ ភាគីទាំងអស់ត្រូវតែធានាសុវត្ថិភាព សន្តិសុខ និងសិទ្ធិមនុស្សសម្រាប់ពួកគេ ហើយគ្មាននរណាម្នាក់គួរត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេឡើយ។ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ ជុំវិញតំបន់ការ៉ាបាក់នេះ បានបន្តអូសបន្លាយជាងបីទសវត្សរ៍មកហើយ ប៉ុន្តែការផ្ទុះឡើងនៃការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុន បណ្ដាលឱ្យជនជាតិអាមេនីរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន ដោយនិយាយថា ពួកគេខ្លាចថា អាចនឹងមានការបោសសម្អាតជនជាតិភាគតិចកើតឡើងនៅតំបន់នេះ៕

ការតវ៉ាបានផ្ទុះឡើងនៅប្រទេសឥណ្ឌា ជុំវិញការបង្ហោះរូបភាពរបស់សិស្សដែលត្រូវបានសម្លាប់ក្នុងអំពើហិង្សា

2023/09/27 08:00:01 pm        104
អ្នកស្រុកនៅក្នុងទីក្រុង អ៊ីមផាល់ (Imphal) នៃរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌា បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (២៦ កញ្ញា) រយៈពេលមួយថ្ងៃបន្ទាប់ពីរូបថតរបស់សិស្សពីរនាក់ដែលបានបាត់ខ្លួន បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ រូបថតនៃសាកសពរបស់សិស្សទាំងនោះដេកនៅក្នុងព្រៃមួយ បានលេចឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ បន្ទាប់មកនិស្សិតរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីនៃរដ្ឋម៉ានីពួរ ដើម្បីតវ៉ានឹងការសម្លាប់នេះ។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បុគ្គលិកសន្តិសុខបានប្រើប្រាស់ដំបង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលបណ្តាលឱ្យបាតុករជាច្រើននាក់រងរបួសផងដែរ។ កាលពីដើមខែនេះ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់បំបែកហ្វូងមនុស្សប្រមាណ៥០០នាក់ នៅក្នុងរដ្ឋដ៏តានតឹងរបស់ប្រទេសឥណ្ឌាមួយនេះ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស២០នាក់ទៀតរងរបួសផងដែរ។រដ្ឋម៉ានីពួរ ត្រូវបានរង្គោះរង្កើដោយអំពើហឹង្សាជនជាតិភាគតិច ចាប់តាំងពីខែឧសភាមក ហើយយ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីសហគមន៍ជនជាតិភាគតិចម៉ីតី និងជនជាតិគូគី បានចាប់ផ្តើមប្រយុទ្ធគ្នាជុំវិញការចែករំលែកផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ៕

ចំហេះព្រៃដែលមិនធ្លាប់មានពីមុនមកបណ្ដាលឲ្យមានផ្សែងគ្របដណ្តប់ ពាសពេញប្រទេសកាណាដា

2023/09/27 07:56:45 pm        105
ចំហេះព្រៃដែលមិនធ្លាប់មានពីមុនមក និងមិនចេះចប់ នៅខេត្តប្រ៊ីដធីស កូឡំប៊ី ខេត្តអាល់ប៊ឺតតា និងដែនដីភាគពាយ័ព្យ របស់ប្រទេសកាណាដា បណ្ដាលឲ្យមានបរិមាណផ្សែងដ៏ច្រើនលើសលប់ ហុយចេញពាសពេញប្រទេសកាណាដា ហើយបានហុយទៅដល់តំបន់ហ្គ្រីនឡែន របស់ដាណឺម៉ាកផងដែរ។ ខ្យល់លើសកម្រិតនៃផ្ទៃបរិយាកាសខាងលើ បានបណ្ដាលឲ្យមានផ្សែងហុយនៅជុំវិញជួរភ្នំសម្ពាធខ្ពស់ដែលស្ថិតនៅជិតឈូងសមុទ្រ Hudson ហើយផ្សែងនោះបានចុះមកពាសពេញលើខេត្ត ញ៉ូវហ្វោនឡែន (Newfoundland) កាលពីថ្ងៃអង្គារ (២៦ កញ្ញា) ផងដែរ។ផ្សែងដ៏ខ្មួលខ្មាញ់ពីចំហេះព្រៃដែលគួរឱ្យភ្ញាក់ផ្អើលបំផុត បានកើតឡើងកាលពីថ្ងៃចន្ទលើផ្ទៃមេឃក្នុងទីក្រុងនូក (Nuuk) ដែលជារដ្ឋធានីរបស់តំបន់ហ្គ្រីនឡែន ដោយនាំមកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលដល់ទីក្រុង ហើយផ្សែងដ៏ក្រាស់នៅតែបន្តស្ថិតនៅពីលើទីក្រុងមួយនេះដូចជាពពក។នៅឆ្នាំនេះ ប្រទេសកាណាដាបានកត់ត្រាទំហំផ្ទៃដី ដែលបានឆេះប្រហែល១៨លានហិចតា និងអគ្គិភ័យជាង៦.០០០ករណី នៅខេត្តប្រ៊ីដធីស កូឡំប៊ី ខេត្តអាល់ប៊ឺតតា ព្រមទាំងដែនដីភាគពាយ័ព្យ ដោយមានផ្ទៃដីសរុបជាង៩លានហិចតា ត្រូវបានដុតបំផ្លាញផងដែរ៕

ពលរដ្ឋម៉ិកស៊ិកទាមទាររកយុត្តិធម៌សម្រាប់សិស្ស៤៣នាក់ ដែលត្រូវបានចាប់ពង្រាត់ក្នុងឆ្នាំ២០១៤

2023/09/27 07:43:28 pm        87
ក្រុមបាតុករ បានដង្ហែរក្បួនកាលពីថ្ងៃអង្គារនៅទីក្រុង Mexico City ដើម្បីប្រារព្ធខួប៩ឆ្នាំ ចាប់តាំងពីការបាត់ខ្លួនរបស់គ្រូបង្រៀននិងសិស្សចំនួន ៤៣ នាក់នៅតំបន់ជនបទប្រទេសម៉ិកស៊ិក ជាករណីដែលមិនទាន់បានដោះស្រាយ ដែលពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន និងយោធា។ ឪពុកម្តាយរបស់សិស្សនៅសាលា Ayotzinapa ដែលបានបាត់ខ្លួន អង្គការនានា និងសិស្ស បានទាមទារចម្លើយទាក់ទងនឹងកន្លែងស្នាក់នៅរបស់សិស្ស និងការបាត់ខ្លួនរបស់ពួកគេកាលពីឆ្នាំ ២០១៤ ។ ទោះបីជាប្រធានាធិបតីលោក Andres Manuel Lopez Obrador សន្យាថានឹងបង្ហាញការពិតចំពោះករណីនេះក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកបានបរាជ័យក្នុងការបិទករណីនេះ។ការស៊ើបអង្កេត បាននាំឱ្យចៅក្រមចាប់ខ្លួនមន្ត្រីយោធា ៨៣នាក់ ជុំវិញករណីនេះកាលពីឆ្នាំមុន។យោងតាមលោក Lopez Obrador បានឱ្យដឹងថា ដីកាចាប់ខ្លួនមនុស្សចំនួន ១៦ ផ្សេងទៀតត្រូវបានបង្គាប់នៅឆ្នាំនេះសម្រាប់ជនសង្ស័យយោធាដែលត្រូវបានសន្និដ្ឋានថាមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំ។ប៉ុន្តែក្រុមអ្នកជំនាញអន្តរជាតិ ដែលកំពុងពិនិត្យមើលករណីនេះ បានរិះគន់ការស៊ើបអង្កេតដ៏សកម្ម ដោយនិយាយថា ខ្លួនបានទទួលព័ត៌មានមិនពេញលេញ ហើយក្រសួងការពារជាតិ បានលាក់ឯកសារអំពីអ្នកដែលពាក់ព័ន្ធ។ ក្រុមនេះបាននិយាយថា កងកម្លាំងសន្តិសុខ បានចូលរួមក្នុងការចាប់ពង្រាត់សិស្សទាំង ៤៣ នាក់ ហើយកងទ័ព កងទ័ពជើងទឹក នគរបាល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានដឹងភ្លាមៗ ថា សិស្សទាំងនោះនៅទីណា។

ប្រទេសក្រិក នឹងប្រើជនអន្តោប្រវេសន៍ ដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមដី និងព្រលានយន្តហោះ

2023/09/27 05:47:55 pm        159
ក្រិក៖ ប្រទេសក្រិក ត្រូវដាក់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ឲ្យធ្វើការជាអ្នកសាងសង់ ខណៈដែលប្រទេសនេះ កំពុងប្រឹងប្រែងដើម្បីបញ្ចប់គម្រោងសាធារណៈសំខាន់ៗដូចជាប្រព័ន្ធរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន នៅកោះក្រេត (Crete)។រដ្ឋមន្ត្រីក្រសួងទេសន្តរប្រវេសន៍របស់ប្រទេសក្រិច បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាល គ្រោងនឹងដាក់ទណ្ឌកម្មជាផ្លូវការទៅលើជនអន្តោប្រវេសន៍ប្រមាណ ៣០០.000 នាក់ដែលមិនមានឯកសារ ឬលិខិតអនុញ្ញាតស្នាក់នៅ បានផុតកំណត់។ការសម្រេចនេះ គឺមានបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យទេសចរណ៍ សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត។ការសម្រេចនេះដែរ កើតឡើង នៅពេលដែលអឺរ៉ុបកំពុងប្រឈមមុខនឹងរលកថ្មីនៃការធ្វើចំណាកស្រុក ដែលជំរុញឲ្យមានជម្លោះនយោបាយរវាងរដ្ឋសមាជិកសហភាពអឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងអ៊ីតាលី និងបង្កឲ្យមានការព្រួយបារម្ភអំពីអ្វីដែលត្រូវធ្វើជាមួយការកើនឡើងនៃចំនួនជនភៀសខ្លួន នៅលើទ្វីបនេះ។

សហរដ្ឋអាមេរិកប្តឹងក្រុមហ៊ុនអាម៉ាហ្សូន ពីបទបំពានច្បាប់ប្រឆាំងការទុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់

2023/09/27 05:45:33 pm        117
អាមេរិក៖គណៈកម្មការពាណិជ្ជកម្មសហព័ន្ធរបស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងសំណុំរឿងប្រឆាំងនឹងការទុកចិត្តដែលរង់ចាំជាយូរមកហើយ ប្រឆាំងនឹងក្រុមហ៊ុនអាម៉ាហ្សូន កាលពីថ្ងៃអង្គារ (២៦ កញ្ញា) ដោយចោទប្រកាន់ក្រុមហ៊ុនលក់រាយតាមអនឡាញមួយនេះ ថាបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដោយលក់ក្នុងតម្លៃដ៏ខ្ពស់ នៅក្នុងសកម្មភាពផ្លូវច្បាប់ចុងក្រោយបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងបំបែកការត្រួតត្រាលើអ៊ីនធឺណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួន។បណ្តឹងនេះត្រូវបានគេរំពឹងទុក បន្ទាប់ពីមានការតវ៉ាជាច្រើនឆ្នាំដែលក្រុមហ៊ុនអាម៉ាហ្សូន និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត បានរំលោភលើភាពលេចធ្លោរបស់ពួកគេក្នុងប្រព័ន្ធស្វែងរក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការលក់រាយតាមអនឡាញ ដើម្បីក្លាយជាក្រុមហ៊ុនលេចធ្លោជាងគេ ដែលមានអតិថិជនច្រើនបំផុតក្នុងអ៊ីនធឺណិត។ បណ្តឹងដែលត្រូវបានចូលរួមដោយអគ្គមេធាវីរដ្ឋចំនួន១៧រូបនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល៤ឆ្នាំ និងបណ្តឹងសហព័ន្ធដែលប្តឹងប្រឆាំងនឹងក្រុមហ៊ុនហ្វ៊េសប៊ុក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មេតា និងក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet ផងដែរ៕

ប្រទេសចិន លើកឡើងថា គោលបំណងនៃការធ្វើសមយុទ្ធរបស់ខ្លួនជិតកោះតៃវ៉ាន់ គឺដើម្បីបំបាក់ភាពក្រអឺតក្រទមរបស់ក្រុមផ្ដាច់ខ្លួន

2023/09/27 05:33:41 pm        143
ចិន៖ រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធជាបន្តបន្ទាប់របស់ចិន កាលពីពេលថ្មីៗនេះ ក្បែរកោះតៃវ៉ាន់ មានគោលបំណង កាច់បំបាក់ភាពក្រអឺតក្រទមរបស់ក្រុមផ្ដាច់ខ្លួន បន្ទាប់ពីទីក្រុងតៃប៉ិ រាយការណ៍ពីការកើនឡើងសកម្មភាពយោធាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះរួមទាំងសមយុទ្ធនៅលើដី ដែលកោះនេះកំពុងរងការប្រឈម។ កោះតៃវ៉ាន់បាននិយាយ នៅខែនេះថា ខ្លួនបានតាមដានយន្តហោះចម្បាំង យានដ្រូន យន្តហោះគ្រាប់បែកនិងយន្តហោះផ្សេងទៀតជាច្រើន ព្រមទាំងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះសានទុងរបស់ចិន ធ្វើប្រតិបត្តិការនៅក្បែរកោះនេះ។ អាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយកាលពីចុងសប្ដាហ៍មុនថា ភាពញឹកញាប់នៃសកម្មភាពយោធាដែលចេះតែកើនឡើងរបស់ចិន បានបង្កើនហានិភ័យនៃព្រឹត្តិការណ៍ដែលអាចគ្រប់គ្រងលែងបាន ហើយឧបទ្ទវហេតុក៏ចេះតែកើនឡើងផងដែរ ។  ពេលត្រូវបានសួរនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងអំពីការកើនឡើងសកម្មភាពសមយុទ្ធរបស់ចិន និងក្ដីបារម្ភរបស់កោះតៃវ៉ាន់ អំពីហានិភ័យបដែលចេះតែកើនឡើង អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន លោកស្រី ជូ ហ្វឹងលាន (Zhu Fenglian)បាននិយាយថា ទាហានរំដោះប្រជាជនចិន បានធ្វើសមយុទ្ធជាបន្តបន្ទាប់។ លោកស្រី បញ្ជាក់ថា គោលបំណងគឺដើម្បីបំបាក់ភាពក្រអឺតក្រទម របស់កងកម្លាំងផ្ដាច់ខ្លួនចង់ឯករាជ្យកោះតៃវ៉ាន់ និងសកម្មភាពរបស់ពួកគេដែលកំពុងព្យាយាមស្វែងរកឯករាជ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
11/16/2026 10:11 PM
ក្រោយបញ្ចប់កិច្ចប្រជុំហ្រ្វង់កូហ្វូនីភ្លាម សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩
11/16/2026 09:11 PM
សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់
11/16/2026 09:11 PM
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្រេចចិត្តជ្រើសរើស មូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង»
11/16/2026 09:11 PM
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី អំពាវនាវ ៧ចំណុច ស្ដីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
11/16/2026 08:11 PM
​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត
11/16/2026 08:11 PM
ប្រទេស​ហ្ស៊ក​ដានីបិទកម្មវិធី Telegram ដោយសារ​មាន​ក្តីបារម្ភផ្នែកសន្តិសុខជាតិ
11/16/2026 08:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូងគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការជិតស្និតជាងមុន
11/16/2026 08:11 PM
UN ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រកិច្ចខិតខំរំសាយអាវុធនុយក្លេអ៊ែរណាមួយពីកិច្ចប្រជុំរបស់អាមេរិក ចិន និងរុស្ស៊ី
11/16/2026 08:11 PM
ជនអន្តោប្រវេសន៍រងរបួស និងកុមារស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ ត្រូវបានសង្រ្គោះនៅជិតប្រជុំកោះ Canary របស់អេស្ប៉ាញ
11/16/2026 08:11 PM