គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

អ្នកវិភាគ៖ កង្វះអាវុធពីចិន ជំរុញឲ្យរុស្ស៊ីងាកទៅរកកូរ៉េខាងជើង

2023/09/06 12:48:35 pm        101
ចិន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) អ្នកជំនាញឈានមុខផ្នែកសន្តិសុខអន្តរជាតិម្នាក់បាននិយាយថា កិច្ចប្រជុំនាពេលខាងមុខ ដែលគេជឿថានឹងប្រព្រឹត្តទៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺដោយសារតែកង្វះអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសចិន។របាយការណ៍មួយនៅក្នុងសារព័ត៌មាន New York Times បាននិយាយដោយសំអាងដល់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។លោកស្រី Patricia Lewis ប្រធានកម្មវិធីសន្តិសុខអន្តរជាតិ Chatham House របស់អង់គ្លេសបាននិយាយាថា រុស្ស៊ីមិនទទួលបានអ្វីដែលខ្លួនត្រូវការពីប្រទេសចិនទេ ដូច្នេះហើយបានសម្លឹងរកមើលប្រភពការផ្គត់ផ្គង់គ្រាប់រំសេវដ៏មានសក្តានុពលផ្សេងទៀត។ដំណើរទស្សនកិច្ចដែលគ្រោងទុកនោះ នឹងធ្វើឡើងខណៈរុស្ស៊ីពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី។កន្លងមក សហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចផ្តល់សព្វាវុធបន្ថែមទៀតដល់រុស្ស៊ី ដែលកងកម្លាំងរបស់ពួកគេបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជាសង្រ្គាមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប្រឆាំងយ៉ាងខ្លាំង ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»៕

សំណង់មិនរៀបរយជាច្រើននៅឥណ្ឌាត្រូវបានកម្ទេចចោល មុនកិច្ចប្រជុំG20 ដែលធ្វើឲ្យប្រជាជនគ្មានផ្ទះសម្បែង

2023/09/06 12:44:26 pm        121
ឥណ្ឌា៖ ក្រុមអ្នកស្រុកនៃតំបន់សំណង់លំនៅឋានមិនរៀបរយក្នុងទីក្រុង ញ៉ូវ ដេលី ប្រទេសឥណ្ឌារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ ឬហៅថា កិច្ចប្រជុំG20 ដែលធ្វើឡើងនៅចម្ងាយជិត៥០០ម៉ែត្រពីលំនៅឋានរបស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាក្លាយជាមនុស្សគ្មានផ្ទះសម្បែងទៅវិញ។ អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយមួយចំនួន បានទៅកាន់តុលាការជាន់ខ្ពស់របស់ទីក្រុង ដេលី ដើម្បីបញ្ឈប់ការបណ្តេញចេញពីតំបន់នោះ ប៉ុន្តែតុលាការបានចាត់ទុកថាមនុស្សទាំងនោះធ្វើការតាំងទីលំនៅដោយខុសច្បាប់ ហើយបន្ទាប់មកក្រុមអាជ្ញាធរក្រុងបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី៣១ ឧសភា។ទាំងសកម្មជន និងអ្នកស្រុកនិយាយថា នេះជាផ្នែកនៃការងារកែលម្អសម្រាប់កិច្ចប្រជុំកំពូល ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា លំនៅឋានទាំងនោះត្រូវបានសាងសង់ដោយខុសច្បាប់នៅលើដីរបស់រដ្ឋាភិបាល ហើយការរុះរើចេញគឺជាសកម្មភាពកំពុងបន្ត។ការវាយកម្ទេចនេះ បានចាប់ផ្តើមកាលពី៤ខែមុន។ រដ្ឋមន្ត្រីក្រសួងលំនៅឋានម្នាក់បាននិយាយថា គិតត្រឹមខែកក្កដា ដីរដ្ឋាភិបាលជិត១០០ហិចតា ត្រូវបានយកមកវិញ។ លំនៅឋាននៅតំបន់សំណង់លំនៅឋានមិនរៀបរយទាំងនោះដូចជាតំបន់ជំរំមិនរៀបរយ ត្រូវបានសាងសង់ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ដូចជាការងារជួសជុលជាដើម។ ក្នុងឆ្នាំ២០២១ ក្រុមមន្ត្រីបាននិយាយថា ប្រជាជនប្រមាណ១៣,៥លាននាក់ រស់នៅក្នុងតំបន់អាណានិគមដែលគ្មានការអនុញ្ញាតក្នុងទីក្រុងដេលី៕

សង្គ្រាមអ៊ុយក្រែន នាំមកនូវកំណើនសកលនៃការប្រើប្រាស់គ្រាប់បែកចង្កោម

2023/09/06 12:41:35 pm        127
អ៊ុយក្រែន៖ ក្រុមយុទ្ធនាការគ្រាប់បែកមួយក្រុម បាននិយាយ កាលពីថ្ងៃអង្គារ (៥កញ្ញា) ថា ចំនួនមនុស្សស្លាប់ ឬរងរបួសដោយគ្រាប់បែកចង្កោម បានកើនឡើង៨ដងកាលពីឆ្នាំមុនដល់ជាង១.០០០នាក់ ដែលភាគច្រើនដោយសារតែការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាពិសេសដោយប្រទេសរុស្ស៊ី។របាយការណ៍របស់ក្រុមយុទ្ធនាការសម្ព័ន្ធគ្រាប់បែកចង្កោម បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ១.១៧២នាក់កាលពីឆ្នាំមុន មានមនុស្ស៣៥៣នាក់បានស្លាប់។ របាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្ទើរតែទាំងអស់គឺជាជនស៊ីវិល ហើយចំនួនបីភាគបួននៃជនរងគ្រោះទាំងនោះ គឺជាកុមារ ដែលជារឿយៗត្រូវបានអូសទាញឱ្យលេងជាមួយគ្រាប់បែកមិនទាន់ផ្ទុះ។ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើគ្រាប់បែកចង្កោម «ម្តងហើយម្តងទៀត» ខណៈអ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកទាំងនោះដែរ ប៉ុន្តែក្នុងកម្រិតតិចជាង។ របាយការណ៍នេះគ្របដណ្តប់កាលពីឆ្នាំមុន និងមិនរាប់បញ្ចូលការប្រើប្រាស់គ្រាប់បែកចង្កោមសហរដ្ឋអាមេរិកនៅឆ្នាំនេះដោយអ៊ុយក្រែន ដែលទីក្រុងគីវ បានចាប់ផ្តើមទទួលបានកាលពីខែកក្កដា នោះទេ។ទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែនឲ្យខ្ទេចខ្ទី។ គួររម្លឹកផងដែរថា ប្រទេសទាំងពីរនេះមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនោះ ហើយសហរដ្ឋអាមេរិកក៏មិននៅក្នុងចំណោមនោះដែរ៕

UN ព្រមានថា ការបូមខ្សាច់គឺជាការសម្លាប់ជីវិតសត្វសមុទ្រ

2023/09/06 12:38:17 pm        88
UN៖ ខ្សាច់សមុទ្រប្រហែល៦ពាន់លានតោន កំពុងត្រូវបានបូមយកជារៀងរាល់ឆ្នាំ នៅក្នុងរៀបអនុវត្តកំពុងកើនឡើង ដែលទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (៥ កញ្ញា) ថាគ្មាននិរន្តរភាព និងអាចបំផ្លាញជីវិតសត្វសមុទ្រក្នុងតំបន់ ដោយមិនអាចត្រឡប់វិញបាន។ខ្សាច់គឺជាធនធានធម្មជាតិ ដែលត្រូវបានមនុស្សទាញយកប្រយោជន៍ច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីទឹក ប៉ុន្តែការបូមយកខ្សាច់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជាសំណង់ជាដើម ត្រូវបានគ្រប់គ្រងដោយធូររលុង ដែលជំរុញឱ្យអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចមួយកាលពីឆ្នាំមុន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយនិរន្តរភាព។ការរកឃើញពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ស្របពេលជាមួយនឹងការចាប់ផ្តើមនៃវេទិកាថ្មីមួយឈ្មោះថា «កម្មវិធីឃ្លាំមើលខ្សាច់សមុទ្រ» គាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលស្វីស ដែលតាមដានសកម្មភាពបូមខ្សាច់ដោយប្រើការតាមដានសមុទ្រ និងប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតផងដែរ។ទីភ្នាក់ងារ UNEP បានបន្ថែមថា នៅក្នុងតំបន់មួយចំនួនការបូបយកខ្សាច់ចេញ គឺលើសពីអត្រានៃការបំពេញឡើងវិញ ខណៈខ្សាច់សមុទ្រនៅទូទាំងពិភពលោកចំនួន៦ពាន់លានតោន ដែលត្រូវបានបូបយកនោះ គឺតិចជាងខ្សាច់ដែលបានហូរបំពេញជារៀងរាល់ឆ្នាំដោយទន្លេរបស់ពិភពលោក៕

មានការជួញដូរមនុស្សពីប្រទេសគុយបាទៅរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

2023/09/06 12:35:16 pm        112
រុស្ស៊ី៖ រដ្ឋាភិបាលគុយបានិយាយថា ខ្លួនបានរកឃើញបណ្ដាញជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋគុយបា ឲ្យប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ គេមិនច្បាស់ភ្លាមៗទេថា តើបណ្ដាញនោះមានទំហំប៉ុនណា ឬការជួញដូរត្រូវបានរៀបចំដោយមធ្យោបាយណានោះទេ ព្រោះមានព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលបានផ្តល់ឱ្យ។ទីក្រុងឡាហាវ៉ាន មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋធានីគុយបាមួយនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ និងជាយូរមកហើយ នូវការចូលរួមណាមួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបា អ្នកអានព័ត៌មានបាននិយាយថា ក្រុមអាជ្ញាធរនៅទីនោះកំពុងព្យាយាមកាត់ផ្តាច់បណ្តាញជួញដូរ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌរួចហើយក្នុងការដោះស្រាយបញ្ហានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសគុយបាបាននិយាយថា បណ្តាញនេះដំណើរការពីប្រទេសរុស្ស៊ី ដោយព្យាយាមប្រើប្រាស់ពលរដ្ឋគុយបាដែលកំពុងរស់នៅទីនោះ ប៉ុន្តែក្រុមនេះក៏បានប្រើប្រាស់ពលរដ្ឋមួយចំនួននៅក្នុងប្រទេសគុយបាផងដែរ។ ក្រសួងបន្តថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំងនឹងអ្នកណាក៏ដោយដែលចង់បង្វែរជនជាតិគុយបាទៅជាអ្វីដែលហៅថា «ទាហានស៊ីឈ្នួលនោះ»។ជារឿយៗ ប្រទេសរុស្ស៊ី ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍គុយបា ដែលព្យាយាមគេចពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកំណើតរបស់ពួកគេ។ កាលពីខែឧសភាកន្លងទៅ សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា មានជនជាតិគុយបាជាច្រើនបានចុះឈ្មោះចូលក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិ ប៉ុន្តែគេមិនដឹងថា តើព្រឹត្តិការណ៍ទាំងពីរនេះមានទំនាក់ទំនងគ្នា ឬយ៉ាងណានោះទេ៕

មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់នៅប្រទេសទួរគី បន្ទាប់ពីមានទឹកជំនន់

2023/09/06 12:32:29 pm        126
ទួរគី៖ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងទឹកជំនន់នៅក្នុងខេត្ត Kırklareli ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃអង្គារ (៥ កញ្ញា) ។ នៅក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រសួងមហាផ្ទៃបាននិយាយថា សាកសពមនុស្ស២នាក់ត្រូវបានរកឃើញខណៈបុគ្គលិកសង្រ្គោះបានស្វែងរកពលរដ្ឋ៤នាក់ដែលបាត់ខ្លួន។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអភិបាលខេត្ត Kirklareli បង្ហាញពីយានអេស្ការវាទ័រ និងរថយន្តយោធា ទៅដល់តំបន់ព្រៃឈើដែលគ្របដណ្តប់ដោយទឹកជំនន់ ខណៈដែលឧទ្ធម្ភាគចក្របានឃ្លាំមើលតំបន់នោះ។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ (AFAD) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សចំនួន១២នាក់ ដែលបានជាប់ខ្លួននៅក្នុងតំបន់នោះ៕

ប្រទេសជាច្រើននៅអឺរ៉ុប រងការវាយប្រហារពីរលកកម្ដៅមិនស្រុតចុះជាប្រវត្តិសាស្ត្រ

2023/09/06 12:29:16 pm        92
អឺរ៉ុប៖ ប្រទេសជាច្រើននៅអឺរ៉ុបខាងលិច ទទួលរងការវាយប្រហារពីរលកកម្តៅជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ដែលកើតចេញពីដូមកម្ដៅមានវិសាលភាពធំធេង។កាលពីថ្ងៃច័ន្ទ (៤កញ្ញា) សីតុណ្ហភាពក្ដៅខ្លាំងសម្រាប់ខែកញ្ញា ត្រូវបានរាយការណ៍រួចហើយពីប្រទេសបារាំង បេណេលុច និងចក្រភពអង់គ្លេស ប៉ុន្តែកម្ដៅនឹងកើនឡើងកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ទៀត។នោះគឺជារលកកម្ដៅប្រវត្តិសាស្ត្រ និងខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រារបស់ខែកញ្ញា សម្រាប់ប្រទេសមួយចំនួន។ សីតុណ្ហភាពខ្ពស់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលបន្តិចម្តងៗទៅកាន់អឺរ៉ុបខាងលិច កណ្តាល និងខាងជើង នៅពេលដែលកម្ដៅកើនឡើងពាសពេញទ្វីបមួយភាគធំនៅចុងសប្តាហ៍នេះ។ គំរូអាកាសធាតុក្ដៅ អូមេហ្គា នឹងគ្របដណ្តប់អឺរ៉ុបសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ទៀត។បន្ទាប់ពីសីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងប្រទេសបារាំង និងប្រទេសស្វីស សីតុណ្ហភាពមិនធម្មតាខ្លាំងជាងនេះទៀត ត្រូវបានគេព្យាករណ៍ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៍ រួមទាំងសម្រាប់អឺរ៉ុបខាងជើងផងដែរ៕

មនុស្ស៣នាក់ ត្រូវបានសង្រ្គោះនៅជិតតំបន់ឆ្នេរសមុទ្រអូស្ត្រាលី ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្លាម

2023/09/06 12:25:59 pm        108
រុស្ស៊ី៖ បុរស៣នាក់ រួមមានជនជាតិរុស្ស៊ី ២នាក់ និងជនជាតិបារាំងម្នាក់ ត្រូវបានសង្រ្គោះដោយសុវត្ថិភាពកាលពីថ្ងៃអង្គារ ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្មាមជាច្រើនក្បាល និងចាប់ផ្តើមលិចនៅក្នុងសមុទ្រផ្កាថ្ម ។  រូបភាពវីដេអូឃ្លីបពីក្រុមអាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី(AMSA)ឃើញទូកកម្សាន្តរបស់ពួកគេ ចាប់ផ្តើមលិចចូលទឹក ពេលដែលបុរសទាំង ៣នាក់ ត្រូវបានជួយសង្រ្គោះ ។  យោងតាមការអះអាងរបស់ AMSA បានឲ្យដឹងថា ពួកគេទទួលបានការហៅទូរស័ព្ទគ្រោះអាសន្នពីអ្នកជិះទូក ៣នាក់ ស្ថិតនៅចម្ងាយប្រហែល ៨៣៥គ.មភាគអាគ្នេយ៍ទីក្រុង Cairns ស្ថិតក្នុងសមុទ្រផ្កាថ្ម ហើយនិងស្នើសុំជំនួយពីនាវាដឹករថយន្តដោតទង់ជាតិប៉ាណាម៉ា Dugong Ace ដែលបានប្តូរទិសដៅនាវាចរណ៍របស់ខ្លួន ឆ្ពោះទៅកាន់ទុកជួបគ្រោះថ្នាក់ ។  AMSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកពោង Tionមានបណ្តោយប្រវែង ៩ម៉ែត្រនេះ បានចាកចេញពីប្រទេសវ៉ានូអាទូ ហើយធ្វើដំណើរទៅកាន់ទីក្រុង Cairns ពេលដែលគ្រោងទូកទាំង ២របស់វា រងការខូចខាត បន្ទាប់ពីរងការវាយប្រហារជាច្រើនលើករបស់ត្រីឆ្មាម ។   បុរសទាំង ៣នាក់នេះ គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុង Brisbaneនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ៕

នាយករដ្ឋមន្រ្តីចិនជំរុញឲ្យកិច្ចសហប្រតិបត្តិការជាមួយអាស៊ានរឹងមាំដូចធ្លាប់មានកាលពីមុនមក

2023/09/06 12:22:08 pm        89
ឥណ្ឌូនេស៊ី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង ) បាននិយាយប្រាប់ក្រុមមេដឹកនាំអាស៊ានថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ នឹងរឹងមាំដូចធ្លាប់មានកាលពីមុនមក ហើយអាចសម្រេចបានគ្រប់កិច្ចការទាំងអស់ ។  លោក Li ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកក្នុងតំបន់មួយនេះ បានធ្វើសេចក្តីអធិប្បាយបែបនេះ ក្រោយប្រទេសចិន បញ្ចេញផែនទីគូសវាស ១០ខ្សែបន្ទាត់ កាលពីសប្តាហ៍មុន កំណត់អ្វីដែលពួកគេចំណុច ចាត់ទុកថាជាដែនទឹករបស់ខ្លួន ទំនងជាចង់ពង្រីកការប្រកាសសិទ្ធិគ្រប់គ្រងរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ។  ក្រសួងការបរទេសចិន បានរាយការណ៍ដោយលើកសម្តីរបស់លោកនាយករដ្ឋមន្រ្តី Li ថា ចិនចង់ធ្វើការជាមួយឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងៗគ្នា រួមទាំងវិស័យថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្រ្ត និងបញ្ញាសិប្បនិម្មិត ។  លោក Li បាននិយាយប្រាប់ក្រុមមេដឹកនាំធុរកិច្ចអំឡុងពិធីលៀងសាយភោជន៍កាលពីល្ងាចថ្ងៃអង្គារថា ពួកគេគួរតែមានជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការ ក្រោយទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសចិនដែលបានបង្កភាពស្រពិចស្រពិលនៅក្នុងទីផ្សារផ្សេងទៀតចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។  ដោយឡែក លោក ចូកូ វីដូដូ គឺជាប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកនេះ និយាយថា ពួកយើងត្រូវការរាប់បញ្ចូលទំនាក់ទំនងមួយនេះ តាមរយៈការយល់ឃើញថាកិច្ចសហប្រតិបត្តិការរឹងមាំ គឺមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ជាទីដែលអាចសម្រេចបានជាមួយនឹងទំនុកចិត្តលើគ្នាទៅវិញទៅមក ដែលត្រូវតែបង្កើតឡើង និងរក្សាទុកដោយភាគីទាំងអស់ ។   លោកបន្តថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ អាចជាកម្លាំងវិជ្ជមានសម្រាប់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ៕

មន្ត្រីUN៖វិបត្តិមនុស្សធម៌ដ៏គួរឲ្យព្រួយបារម្ភ និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ កំពុងយាយីប្រទេសកុងហ្គោភាគខាងកើត

2023/09/06 12:19:12 pm        84
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោភាគខាងកើតដែលញាំញីដោយជម្លោះ កាន់តែយ៉ាប់យ៉ឺនគួរឲ្យព្រួយបារម្ភក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដោយ មនុស្សចំនួន៨លាននាក់ ដែលត្រូវការជំនួយជាបន្ទាន់ ហើយស្ត្រី និងកុមារីរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្នុងទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួនបីប៉ុណ្ណោះ។លោកស្រី Edem Wosornu នាយកប្រតិបត្តិការនៃការិយាល័យមនុស្សធម៌របស់UN ដែលទើបតែវិឡត្រឡប់ពីទស្សនកិច្ចប្រទេសកុងហ្គោជាមួយនឹងនាយកគ្រាអាសន្នមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បាននិយាយថា អ្វីដែលពួកគេបានឃើញ និងឮ គឺ«គួរឲ្យតក់ស្លុត គួរឲ្យឈឺចាប់ និងសោកស្ដាយជាទីបំផុត»។លោកស្រី បាននិយាយថា ស្ថានភាពនៅក្នុងខេត្ត North Kivu, South Kivu និង ខេត្ត Ituri គឺជាស្ថានភាពដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់បានឃើញ ហើយនោះគឺនៅក្នុងប្រទេសដែលមានមនុស្សជាង២៦ លាននាក់ កំពុងស្រេកឃ្លាន និងត្រូវការស្បៀងអាហារជាបន្ទាន់។លោកស្រី Wosornu បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា អំពើហិង្សាផ្អែកលើភេទ កំពុងត្រូវបានប្រព្រឹត្តឡើងក្នុងកម្រិតដ៏ធំ និងគួរឲ្យព្រួយបារម្ភ ដោយមានអ្នករស់រានមានជីវិតច្រើនជាង ៣៥.000 នាក់ដែលកំពុងស្វែងរកសិទ្ធិទទួលបានការព្យាបាល និងសេវាកម្មផ្សេងៗ បន្ទាប់ពីការវាយប្រហារក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបី។ លោកស្រី បាននិយាយថា ដោយសារតែអ្នកនៅរស់រានមានជីវិតមួយភាគតូច រាយការណ៍ពីអំពើហិង្សាផ្អែកលើភេទ ចំនួននេះ ទំនងជាច្រើនជាងនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM