អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

[UPDATE] ព្យុះទីហ្វុងហ្កែមី សម្លាប់មនុស្ស១២នាក់នៅហ្វីលីពីន ខណៈវាយប្រហារកោះតៃវ៉ាន់ និងប្រទេសជប៉ុន

2024/07/24 12:43:48 pm        358
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់១២ នាក់បានស្លាប់ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលមកពីភ្លៀងមូសុងដ៏ខ្លាំង។ ភ្លៀងធ្លាក់ឥតឈប់ឈរ បានជន់លិចភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បង្កឲ្យមានទឹកជំនន់នៅទីក្រុងម៉ានីល និងបំណាក់ដីនៅតំបន់ភ្នំ ខណៈព្យុះទីហ្វុងហ្កែមី ( Gaemi)បានបង្កើនឥទ្ធិពលខ្យល់មូសុងតាមរដូវកាល។ព្យុះទីហ្វុង Gaemi និងខ្យល់មូសុងនិរតី បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ទៅកាន់តំបន់រដ្ឋធានីប្រទេសហ្វីលីពីន និងខេត្តជាច្រើននៅភាគខាងជើង ដែលជំរុញឱ្យអាជ្ញាធរផ្អាកការងារ និងថ្នាក់រៀន ខណៈការជួញដូរភាគហ៊ុន និងការប្តូររូបិយបណ្ណបរទេស ត្រូវបានផ្អាក។ប្រជាជន បានដើរកាត់ទឹកជន់លិចត្រឹមចង្កេះ ក្នុងទីក្រុងម៉ានីល ដោយមួយចំនួនអង្គុយលើពោងបណ្តែតទឹកបណ្តោះអាសន្ន ខណៈអ្នកផ្សេងទៀតជិះទូកចម្លង ឆ្លងកាត់ផ្លូវលិចទឹក។ការិយាល័យប្រធានាធិបតី បានផ្អាកថ្នាក់រៀននៅគ្រប់កម្រិតសិក្សាទាំងអស់ និងការងារ នៅក្នុងការិយាល័យរដ្ឋាភិបាលភាគច្រើន នៅក្នុងតំបន់រដ្ឋធានី ដែលមានក្រុងចំនួន១៦ និងមានប្រជាជនយ៉ាងហោចណាស់១៣ លាននាក់ ដោយសារតែព្យុះត្រូពិក។ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងព្រឹត្តិបត្រព័ត៌មានថា ព្យុះទីហ្វុងGaemi ដែលមានខ្យល់បក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងសន្ទុះខ្យល់ រហូតដល់១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង បានឆ្ពោះទៅកាន់កោះតៃវ៉ាន់។ទីភ្នាក់ងារ បាននិយាយថា ព្យុះនេះ ពុំបានវាយបោកបក់ដល់ដីគោកនោះទេ ប៉ុន្តែបានបង្កើនឥទ្ធិពលខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសហ្វីលីពីន។ផ្សារទំនើប និងសាលារៀននានានៅក្នុងកោះតៃវ៉ាន់ត្រូវបានបិទខណៈព្យុះទីហ្វុងហ្កែមី ចូលដល់កោះនេះជាបណ្ដើរៗ។ ព្យុះទីហ្វុងហ្កែមី ដែលកំពុងបក់បោកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់កោះតែវ៉ាន់ បានបោះជួយកាន់តែជិតកោះ Ishigaki របស់ប្រទេសជ៉ុន នៅថ្ងៃពុធនេះដោយមានភ្លៀង និងខ្យល់ខ្លាំង៕

គ្រឿងញៀនជាង ៥តោន ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន​ក្នុងរយៈពេល៧ខែ​ដើម​ឆ្នាំ២០២៤

2024/07/24 10:26:32 am        520
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប​ករណី​ជួញ​ដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំង​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​ការ​ដឹក​នាំ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំ​ដល់​លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿង​ឲ្យ​ស្រាវ​ជ្រាវ​បង្ក្រាប​ករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ច្រើនករណី ហើយឧក្រិដ្ឋ​ជន​ភាគ​ច្រើន​គឺ​ជាជនជាតិចិន និងវៀតណាម និងដកហូតគ្រឿងញៀន​សរុបចំនួន​ជាង៥តោន​ដែល​ជា​ចំនួន​មួយ​យ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណី​គ្រឿង​កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿង​ញៀន​ជា​អាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែ​យក​ថ្ងៃ​ទី​២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។ ជាចុងក្រោយលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ជាថ្មីជូនដល់សាធារណៈជនថា គ្រឿង​ញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែក​គ្រឿង​ញៀន​ដែល​អាច​ដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើប​កម្លាំង​ជំនាញ​មាន​សិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ក្នុង​ឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទំរាំតុលាការ​ចេញ​ដី​ការ​សម្រេច​កាត់​ទោស​ក្រុមឧក្រិដ្ឋជនជាស្ថាពរ៕ អត្ថបទ៖ កុម្ភះ 

សកម្មជនជ្វីហ្វជាង ២០០នាក់ត្រូវចាប់ខ្លួនអំឡុងការតវ៉ាសង្រ្គាមហ្កាហ្សា នៅក្នុងវិមានសភាអាមេរិក

2024/07/24 08:28:08 am        210
នគរបាលនៅវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនសកម្មជនជ្វីហ្វដែលតវ៉ាប្រឆាំងនឹងការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល នៅខាងក្នុងអាគារសភាកាលពីថ្ងៃអង្គារ (២៣ កក្កដា) មួយថ្ងៃមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថាទៅកាន់សភា។ក្រុមបាតុករដែលរៀបចំដោយសកម្មជន សំឡេងជី្វហ្វសម្រាប់សន្តិភាព (Jewish Voice for Peace) បានពាក់អាវយឺតពណ៌ក្រហមដែលមានសរសេរឈ្មោះអង្គការ និងឃ្លាថា «បញ្ឃប់ការផ្ដល់អាវុធឱ្យអ៊ីស្រាអែល»។ អ្នកខ្លះកាន់បដាដែលសរសេរថា «មានបទឈប់បាញ់ភ្លាម» និង «អនុញ្ញាតឱ្យហ្កាហ្សារស់រានផង»។បាតុកម្មត្រូវបានគ្រោងធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់លោក Netanyahu ដែលលោកនឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump)។ គេនិយាយថាបាតុករជាង ២៥០នាក់ត្រូវបានចាប់ខ្លួនហើយថាមានបាតុករ ៤០០នាក់បានចូលរួមការតវ៉ានោះ។នគរបាលមិនបានផ្តល់តួលេខចាប់ខ្លួនភ្លាមៗទេ ខណៈនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានប្រាប់អ្នកដែលចូលវិមានសភាដោយស្របច្បាប់ទាំងនោះឱ្យបញ្ឈប់ ប៉ុន្តែពួកគេមិនព្រមធ្វើតាម ដូច្នេះហើយទើបយើងចាប់ខ្លួនពួកគេ»៕

បញ្ជូនជនខ្លួនសង្ស័យម្នាក់ទៅតុលាការពីបទឆបោកលុយនាំពលករទៅប្រទេសកូរ៉េ

2024/07/22 03:07:51 pm        311
កម្លាំងនគរបាលខេត្តកំពត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូន​ខ្លួន​ជន​សង្ស័យ​ម្នាក់ ទៅសាលាដំបូងក្រោមបទឆបោកលុយ​ប្រជាពលរដ្ឋ​ដោយភូតភរ​ថា​នាំកូន​ចៅទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់​នៅ​ភូមិ​អូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​២២​គ្រួសារ​នូវ​ការ​ខាត​បង់​ប្រាក់​អស់​៤៦.៣០៥ដុល្លារចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោក​ថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជា​ដល់​មន្ត្រី​ជំនាញ​ខេត្តសហការ​ជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច​ចុះ​ស្រាវជ្រាវ​ក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតដោយនាំជនសង្ស័យមកសាកសួរ និងមាន​ការណែនាំ​ពី​តំណាង​អយ្យការអមសាលាដំូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោម​គំនិត​ផ្តួច​ផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុង​នាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ៥០០ដុល្លារ ឈ្មោះសាន់ សុកវី មាន​តួនាទី​ចាំ​ទំនាក់​ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើត​គណនី​ធនាគារ សម្រាប់​ទទួល​លុយ​ពី​អ្នក​ដាក់​ពាក្យ​ធ្វើ​កា​រ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់​ពី​ភ្ញៀវ​បង់មុន​៥០​ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ។ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួល​អ្នក​ដាក់​ពាក្យ​ប្រមាណ​២០០​នាក់​មក​ពី​បណ្តារាជធានីខេត្តចំនួន១២ និងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។ ដោយ​សារ​កូន​ចៅ​មិន​បានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជន​សង្ស័យ​ប្រាប់​ថា​លុយ​ទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗ​ក្រោយ​ពេល​ភ្ញៀវ​បង់ឱ្យ៕

ការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលនៅហ្កាហ្សា សម្លាប់មនុស្ស ១៥ នាក់ រួមទាំងកុមារ

2024/07/22 01:13:22 pm        73
យោងតាមមន្ត្រីមន្ទីរពេទ្យ និងការរាប់សាកសពដោយអ្នកសារព័ត៌មានAP កាលពីថ្ងៃអាទិត្យ ២១ កក្កដាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទាំងយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ រួមទាំងស្ត្រី និងកុមារនៅដែនដីហ្កាហ្សា។ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរៀបចំចាកចេញនៅថ្ងៃចន្ទនេះ ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលគេរំពឹងថាលោកនឹង ជួបលោកប្រធានាធិបតី Joe Biden និងថ្លែងទៅកាន់សភាដើម្បីបំភ្លឺបញ្ហាសង្រ្គាមរបស់លោកសម្រាប់ការប្រយុទ្ធគ្នាយៈពេល៩ខែប្រឆាំងក្រុមហាម៉ាស ខណៈការចរចាបទឈប់បាញ់នៅតែបន្ត។ លក្ខខណ្ឌមនុស្សធម៌ដែលមិនច្បាស់លាស់រួចទៅហើយនៅខាងក្នុងដែនដីហ្កាហ្សារងការឡោមព័ទ្ធដោយអ៊ីស្រាអែល កាន់តែធ្ងន់ធ្ងរ ស្របពេលរកឃើញជំងឺគ្រុនស្វិតដៃជើង ខណៈប្រជាពលរដ្ឋប្រមាណ២,៣លាននាក់ រស់នៅដោយគ្មាន អាហារគ្រប់គ្រាន់ គ្មានទឹកប្រើប្រាស់ និងគ្មានអនាម័យ ដែលភាគច្រើនត្រូវបានភៀសខ្លួនខ្លួនជាបន្តបន្ទាប់។ ដាននៃមេរោគត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកស្អុយក្នុងតំបន់ហ្កាហ្សា។ អង្គការសុខភាពពិភពលោកបាននិយាយថា គ្មាននរណាម្នាក់ត្រូវបានព្យាបាលសម្រាប់ រោគសញ្ញាដែលបណ្តាលមកពីការឆ្លងមេរោគនោះទេ។ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានប៉ះចំជំរំជនភៀសខ្លួនប៊ើរ៉េច( Bureij)កណ្ដាលតំបន់ហ្កាហ្សាជាទីដែលមនុស្ស៩នាក់បានស្លាប់រួមទាំងកុមារ២នាក់ និងនៅភាគខាងត្បូងទីក្រុង Khan Younisជាទីដែលមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់រួមទាំងក្មេងស្រី២នាក់៕

ក្បួនដំណើរជនអន្តោប្រវេសន៍ចាកចេញពីភាគខាងត្បូងប្រទេសម៉ិកស៊ិក ឆ្ពោះទៅសហរដ្ឋអាមេរិក

2024/07/22 12:06:39 pm        135
ជនអន្តោប្រវេសន៍ជាងមួយពាន់នាក់ ចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយដើរតាមបណ្តោយផ្លូវហាយវ៉េក្នុងរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក។ក្រុមនេះ ភាគច្រើន រួមមានប្រជាជនមកពីប្រទេសអាមេរិកកណ្តាល និងវ៉េណេស៊ុយអេឡា បានចាប់ផ្តើមដំណើររបស់ពួកគេនៅថ្ងៃតែមួយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតី។គិតត្រឹមដើមខែមិថុនា នៅពេលដែលលោក Biden បានបង្កើតបម្រាមយ៉ាងទូលំទូលាយលើសិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ការចាប់ខ្លួនប្រចាំថ្ងៃជាមធ្យមក្នុងមួយខែមានលើសពី ២.៥០០នាក់ ចាប់តាំងពីខែមករាឆ្នាំ ២០២១ នៅពេលលោកចូលកាន់តំណែង។សហរដ្ឋអាមេរិកនៅតែជាគោលដៅសំខាន់សម្រាប់ជនអន្តោប្រវេសន៍អាមេរិកឡាទីនជាច្រើន ដែលស្វែងរកសុវត្ថិភាព និងឱកាសការងារនិងអាជីវកម្មកាន់តែប្រសើរនៅបរទេស។ បញ្ហានៃការធ្វើអន្តោប្រវេសន៍ ទទួលបានសន្ទុះខ្លាំងនៅមុនការបោះឆ្នោត ខណៈអតីតប្រធានាធិបតី លោក Donald Trump បានសន្យាថា នឹងមានព្រំដែនរឹងមាំជាងមុន និងមានការនិរទេសទ្រង់ទ្រាយធំ។

មនុស្សរាប់ពាន់នាក់ ចេញធ្វើបាតុកម្មប្រឆាំងទេសចរណ៍ទ្រង់ទ្រាយធំនៅ ប្រទេសអេស្ប៉ាញ

2024/07/22 12:04:49 pm        118
សកម្មជនប្រឆាំងទេសចរណ៍រាប់ពាន់នាក់ បានតវ៉ានៅ ទីក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ក្នុងបាតុកម្មថ្មីបង្អស់ប្រឆាំងឧស្សាហកម្មដ៏សំខាន់សម្រាប់ប្រទេសនៅឧបទ្វីបអ៊ីបេរីយ៉ាមួយនេះ។ដោយមានកាន់រូបគំរូយន្តហោះ និងនាវាទេសចរណ៍ ក្រុមអ្នកតវ៉ា បានដើរឆ្លងកាត់តាមផ្លូវនានានៅរដ្ឋធានី Mallorca ដោយមានផ្ទាំងបដាសរសេរថា «ទេ ចំពោះទេសចរណ៍ទ្រង់ទ្រាយធំ» បញ្ឈប់យន្តហោះឯកជន និង «ភាពប្រណីតរបស់អ្នក ជាភាពវេទនារបស់យើង»។សកម្មជនប្រឆាំងទេសចរណ៍ បានធ្វើបាតុកម្មជាបន្តបន្ទាប់នៅឆ្នាំនេះនៅទីក្រុងបាសេឡូណា និងគោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងទៀតដូចជាទីក្រុង Palma de Mallorca, Malaga និងកោះ Canary ដោយនិយាយថាភ្ញៀវទេសចរ ជំរុញឱ្យកើនឡើងតម្លៃលំនៅឋាន និងនាំឱ្យប្រជាជនមិនអាចមានលទ្ធភាពរស់នៅក្នុងទីក្រុងបាន។នគរបាលបាននិយាយថា អ្នកតវ៉ាប្រហែល ១០.០០០នាក់ បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Mallorca កាលពីថ្ងៃអាទិត្យ។អ្នកទេសចរមួយចំនួនបានគាំទ្របាតុកម្ម ខណៈអ្នកផ្សេងទៀតហាក់ដូចជាមិនគាំទ្រនោះទេ។ វិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញបាននិយាយថា បន្ទាប់ពីតំបន់កាតាឡូនី កោះបាលីអារីក(Balearic) គឺជាតំបន់ពេញនិយមបំផុតទីពីររបស់អេស្ប៉ាញសម្រាប់ភ្ញៀវទេសចរកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកមកកម្សាន្តចំនួន១៤,៤ លាននាក់។យោងតាមទិន្នន័យពី Exceltur ជាអង្គការឧស្សាហកម្មមួយបានឲ្យដឹងថា វិស័យទេសចរណ៍បង្កើតបាន ៤៥% នៃផលិតផលក្នុងស្រុកសរុបរបស់កោះ បាលីអារីក(Balearic) ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មនុស្ស ១៦,១លាននាក់ បានទៅទស្សនាប្រទេសអេស្ប៉ាញ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តុលាការបង់ក្លាដែស លុបចោលកូតាការងារភាគច្រើន ដែលបង្កជាការតវ៉ាសម្លាប់មនុស្សជិត ១៤០នាក់

2024/07/22 11:00:50 am        118
តុលាការកំពូលរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ (២១ កក្កដា) បានលុបចោលកូតាការងារភាគច្រើនរបស់រដ្ឋាភិបាល បន្ទាប់ពីបាតុកម្មទូទាំងប្រទេសដឹកនាំដោយនិស្សិត បានឈានដល់ការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់ ប៉ុន្តែអ្នករៀបចំការតវ៉ាមួយចំនួនបាននិយាយថាការតវ៉ានឹងនៅតែបន្ត។រដ្ឋអាជ្ញាលោក អេអ៊ែម អាមីន អ៊ូឌីន (A.M. Amin Uddin) ប្រាប់សារព៏ត៌មានរ៉យទ័រថា៖ ដោយច្រានចោលដីការបស់តុលាការជាន់ទាប នាយកដ្ឋានឧទ្ធរណ៍របស់តុលាការកំពូលបានប្រកាសថា ៩៣ ភាគរយនៃការងាររបស់រដ្ឋាភិបាល គួរតែបើកចំហសម្រាប់បេក្ខជនដែលមានគុណសម្បត្តិ និងសមត្ថភាពទាំងអស់។រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលុបចោលប្រព័ន្ធកូតានេះក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ ៥៦ ភាគរយនៃការងារត្រូវបានបម្រុងទុកសម្រាប់ក្រុមដូចជាគ្រួសារអ្នកតស៊ូដើម្បីសេរីភាព ស្ត្រី និងប្រជាជនមកពីស្រុកដែលមិនទាន់មានការអភិវឌ្ឍន៍។ ប៉ុន្តែតុលាការជាន់ទាបបានដាក់កូតានោះឡើងវិញកាលពីខែមុន ដោយបានបង្កឱ្យមានការតវ៉ាដ៏បង្ហូរឈាម។ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាដ៏ហិង្សាស្រដៀងគ្នានេះនៅមុនការបោះឆ្នោតជាតិក្នុងខែមករា ពីគូប្រជែងរបស់លោកស្រី Hasina ក្នុងការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាការគ្រប់គ្រងផ្តាច់ការរបស់លោកស្រី និងការតវ៉ាដោយកម្មករកាត់ដេរទាមទារប្រាក់ឈ្នួលកាន់តែប្រសើរឡើងស្របពេលមានអតិផរណាខ្ពស់៕

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនអ្នកប្រើគ្រឿងញៀនប្រុសស្រី ១៧នាក់ ទៅមណ្ឌលកែប្រែ

2024/07/22 08:50:16 am        218
មនុស្សប្រុសស្រី ១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ បញ្ជូន​ទៅ​កាន់មណ្ឌលអប់រំ កែប្រែ ។អ្នកទាំង ១៧នាក់នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួននៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិ​ជ្រៃកោង សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ​១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលា​បឋម​សិក្សា​បាក់​ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ព្រមជាមួយគ្រឿងញៀនក្រាមសថ្លាសរុបចំនួន ៤៤កញ្ចប់ (ធំ-តូច), ជញ្ជីង​សម្រាប់ថ្លឹងគ្រឿងញឿន ចំនួន ០៣, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និង ថង់សម្រាប់​ច្រក​គ្រឿង​ញៀន មួយចំនួន។ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ទាំង១៧នាក់នោះ ទៅ​មណ្ឌល​អប់រំ កែប្រែផ្សេងៗគ្នា ក្នុងនោះ ១៣នាក់ បញ្ជូនទៅតុលាការដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅ​មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែអប់រំទី២ និង ០៤នាក់ បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​ព្យាបាល​អ្នក​ញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ។ជនទាំង ១៧នាក់ ១.​ឈ្មោះ​ ឆាយ​ ស៊ុនហេង ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ, ២.ឈ្មោះ​ សុវណ្ណ​ ពុធរិទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ, ៣.ឈ្មោះ​ ម៉ែ​ ពិសិដ្ជ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ, ៤.ឈ្មោះ​ អួត​ ស្រីនីត​ ភេទ​​ស្រី​​អាយុ​២៣ឆ្នាំ, ៥.ឈ្មោះ អូ ឡង់ ភេទប្រុស អាយុ៤៣ឆ្នាំ, ៦.ឈ្មោះ ឡុង ដំ ភេទប្រុស អាយុ១៥ឆ្នាំ, ៧.ឈ្មោះ លី ម៉ី ភេទស្រី អាយុ២៣ឆ្នាំ, ៨.ឈ្មោះ រុំ ស្រីភា ភេទស្រី អាយុ២២ឆ្នាំ, ៩.ឈ្មោះ ជូ រត្នថា ភេទប្រុស អាយុ៣៨ឆ្នាំ, ១០.ឈ្មោះ សៅ វ៉ាន់ដា ភេទស្រី អាយុ២៧ឆ្នាំ, ១១.ឈ្មោះ ហ៊ូ វីរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ១២.ឈ្មោះ ឈន ភណ្ឌ័ ភេទប្រុសន អាយុ៤១ឆ្នាំ, ១៣.ឈ្មោះ ចាន់ ស៊ីផានុត ហៅ ជីជី ភេទស្រី អាយុ ២៩ឆ្នាំ, ១៤.ឈ្មោះ​ ស៊ីម ដាវីដ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ, ១៥.ឈ្មោះ​ ឡាយ សុខចាន់ ភេទ​ប្រុស​ អាយុ២៣ឆ្នាំ, ១៦.ឈ្មោះ​ ងួន យិត ភេទ​ប្រុស​ អាយុ ៣៦ឆ្នាំ, ១៧.ឈ្មោះ​ ឌឹម សុភ័ណ្ឌ ភេទ​ប្រុស អាយុ៤៤ឆ្នាំ៕ តារាវុទ្ធី

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភូមិលីបង់ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង ១៨នាក់ រងរបួស

2024/07/19 02:35:11 pm        415
មនុស្ស៥នាក់ បានស្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើភូមិចំនួន៣ នៅភាគកណ្តាលនៃតំបន់ព្រំដែន នៅភាគខាងត្បូងប្រទេសលីបង់។ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ្នកស្លាប់និងរបួស បានបណ្តាលមកពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលចំនួន ៥លើក ទៅលើភូមិ Safad, Chaqra និង Majdal Selm ដែលបានបំផ្លាញផ្ទះចំនួន ៧ខ្នង និង ផ្ទះ២៥ខ្នងផ្សេងទៀត រងការខូតខាត។ពួកគេ បានបន្ថែមថា ក្រុមជាច្រើនមកពីក្រុមការពារជនស៊ីវិល អាជ្ញាធរសុខាភិបាលឥស្លាម និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រញាប់ប្រញាល់ទៅកាន់តំបន់គោលដៅ ដើម្បីដឹកជញ្ជូនសាក សព និងអ្នករបួស ទៅកាន់មន្ទីរពេទ្យក្បែរនោះ នៅភាគខាងត្បូងប្រទេសលីបង់។ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ត្រីយោធាហេសបូឡាម្នាក់ឈ្មោះ Habib Maatouq ដែលមកពីទីក្រុង Nabatieh ភាគខាងត្បូង ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនោះ។ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាមួយនឹងយានដ្រូនប្រដាប់អាវុធនៅលើមូលដ្ឋាន Filon ដែលជាទីបញ្ជាការរបស់កងពលតូចនៃកងពលធំលេខ២១០ និងឃ្លាំងរបស់ខ្លួន នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
07/12/2026 03:07 PM
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
07/12/2026 02:07 PM
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
07/12/2026 02:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
07/12/2026 02:07 PM
មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
07/12/2026 01:07 PM
មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកភ្ញៀវទេសចរនៅជិតកោះ Phu Quoc ប្រទេសវៀតណាម
07/12/2026 01:07 PM
អារ៉ាប់រួមអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល
07/12/2026 01:07 PM
កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បានបិទរហូតដល់មានការជូនដំណឹងបន្ថែមទៀត
07/12/2026 12:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា នាវាទី ២ រងការវាយប្រហារនៅច្រកសមុទ្រ Hormuz
07/12/2026 12:07 PM
អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
07/12/2026 12:07 PM