គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ដោយការបាក់រលំស្ពាននៅរដ្ឋ Mizoram ប្រទេសឥណ្ឌាកើនឡើងដល់២៦នាក់

2023/08/24 12:54:48 pm        153
ឥណ្ឌា៖ ក្រុមនគរបាលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពានផ្លូវរថភ្លើងនៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បានកើនឡើងដល់២៦នាក់។ ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំ នៅក្រុង Sairang មានចម្ងាយប្រមាណ២១គីឡូម៉ែត្រភាគពាយព្យ រដ្ឋធានី Aizawl ។នគរបាលនិយាយថា ខណៈអ្នកស្លាប់១៩នាក់ ត្រូវបានរកឃើញ ហើយការងារជួយសង្គ្រោះដើម្បីស្រង់យកសាកសពដែលនៅសេសសល់ បន្តនៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្លាប់ទាំងអស់គឺជាកម្មករ ដែលកំពុងធ្វើការនៅការដ្ឋាននោះ។រដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram លោក Zoramthanga បានសំដែងទុក្ខសោកចំពោះអ្នកស្លាប់ និងសំដែងភាពសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ។មូលហេតុនៃការបាក់ស្ពាន ពុំទាន់បានដឹងភ្លាមៗនៅឡើយនោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអយៈស្ម័យានរបស់ប្រទេស លោក Ashwini Vaishnaw បានចេញបញ្ជាឲ្យមានការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ និងបានប្រកាសសំណងសម្រាប់ជនរងគ្រោះ។ នាយករដ្ឋមន្ត្រី លោក Narendra Modi បានសំដែងភាពសោកសង្រេងរបស់លោកជុំវិញឧបទ្ទវហេតុនេះ នៅក្នុងសារមួយពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងអំឡុងកិច្ចប្រជុំកំពូលប្រទេស BRICS៕

មនុស្សមួយចំនួនបានស្លាប់ និងរបួសក្នុងបាញ់ប្រហារនៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 12:52:02 pm        137
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានបាញ់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

ក្រុមហ៊ុន Tepcoរបស់ជប៉ុន នឹងបញ្ឈប់ការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរភ្លាមៗបើសិនរកឃើញបញ្ហា

2023/08/24 12:48:59 pm        127
ជប៉ុន៖  ក្រុមហ៊ុនថាមពលអគ្គិសនី Tepco របស់ជប៉ុន និយាយថា ពួកគេនឹងចាប់ផ្តើមបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ដូចតាមការគ្រោងទុក ប៉ុន្តែពួកគេនឹងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បើសិនជាបញ្ហាណាមួយត្រូវបានរកឃើញ ។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានតាមអនឡាញចេញពីការិយាល័យនៅទីក្រុង Fukushimaរបស់ពួកគេ ក្រុមមន្រ្តីក្រុមហ៊ុន Tepcoបាននិយាយថា ការបញ្ចេញទឹកកាកសំណល់នេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៤ ម៉ោងសកល) ។  ជប៉ុនបាននិយាយការពារថា ការបញ្ចេញទឹកបន្សាបនេះ មានសុវត្ថិភាព ស្របពេលដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបើកភ្លើងខៀវផងដែរសម្រាប់ផែនការមួយនេះ កាលពីខែកក្កដាកន្លងទៅ ដោយពួកគេនិយាយថា ផលប៉ះពាល់លើមនុស្ស និងបរិស្ថាន មានតិចតួចបំផុត ។  ការបញ្ចេញទឹកកាកសំណល់នេះដែរ គ្រោងនឹងបញ្ចេញក្នុងបរិមាណតិចតួចប៉ុណ្ណោះអំឡុងពេលដំបូង ហើយនិងមានការត្រួតពិនិត្យបន្ថែមទៀត ។  ការបញ្ចេញទឹកកាកសំណល់ដំបូងសរុប ៧.៨០០ម៉ែត្រគូប ដែលស្មើនឹងទឹកក្នុងអាងហែលទឹកកីឡាអូឡាំពិកចំនួន ៣អាង នឹងត្រូវធ្វើឡើងរយៈពេលប្រហែល ១៧ថ្ងៃ ។  ទោះបីជាយ៉ាងណាក៏ដោយ ផែនការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរ បានរងការរិះគន់យ៉ាងខ្លាំងពីចិន ដែលបានចាត់ទុកជប៉ុនថា អាត្មានិយម និងគ្មានទំនួលខុសត្រូវ ៕

បណ្ដាអាជីវកម្មនៅអាហ្សង់ទីន ត្រូវបិទទ្វារ ដោយសារការភ័យខ្លាចពីការលួច

2023/08/24 12:46:04 pm        143
អាហ្សង់ទីន៖ កាលពីថ្ងៃពុធ (២៣ សីហា) ម្ចាស់អាជីវកម្មនៅទីក្រុងនានា ដែលរងផលប៉ះពាល់ពីការចូលយកទំនិញនៅប្រទេសអាហ្សង់ទីន បានស្ទាក់ស្ទើរក្នុងការត្រឡប់មកបំពេញកាតព្វកិច្ចវិញ ដោយសារតែការភ័យខ្លាចនៃរលកថ្មីនៃការបំផ្លិចបំផ្លាញ។យោងតាមសាក្សីសារព័ត៌មាន រ៉យទ័រ ទូរទស្សន៍រដ្ឋ និងក្រុមមន្ត្រីបានឲ្យដឹងថា ការលួចតាមហាង និងផ្សារទំនើប ចាប់ពីទីក្រុង Patagonian ភាគខាងត្បូងតំបន់ Bariloche ទៅកាន់តំបន់ស្រា Mendoza និងជុំវិញរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សមួយក្រុមតូចបានលួចចូលហាង លួចអាហារ និងរបស់របរផ្សេងៗទៀត។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Sergio Massa បាននិយាយកាលពីថ្ងៃពុធ (២៣សីហា) ពីទីក្រុងវ៉ាស៊ីនតោនថា ជំនួយរដ្ឋាភិបាលរហូតដល់៧.០០០.០០០ប៉េសូ (១៩.១៥០ដុល្លារ) នឹងត្រូវបានផ្តល់ដល់ជនរងគ្រោះនៃការលួចនេះ។ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង១០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងតំបន់ផ្សេងៗគ្នា ហើយនគរបាលត្រូវបានប្រមូលផ្តុំដើម្បីយាមហាង។ ប្រទេសអាហ្សង់ទីន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិពិភពលោកដ៏សំខាន់មួយ កំពុងប្រឈមនឹងអតិផរណាប្រចាំឆ្នាំនៅកម្រិត១១៣% ដែលកំពុងបង្កឱ្យមានវិបត្តិថ្លៃចំណាយប្រចាំថ្ងៃក្នុងការរស់នៅ។ ការទម្លាក់តម្លៃរូបិយប័ណ្ណប៉េសូយ៉ាងខ្លាំងនាពេលថ្មីៗនេះ បានជំរុញឱ្យតម្លៃទំនិញប្រើប្រាស់កើនឡើងបន្ថែមទៀតក្នុងខែនេះផងដែរ៕

ទាហានអាមេរិកនិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធសង្គ្រាមរួមគ្នានៅក្នុងទីក្រុងនិមិត្ត

2023/08/24 12:24:59 pm        155
កូរ៉េខាងត្បូង៖ ទាហានអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ (២៣ សីហា) បានធ្វើសមយុទ្ធហ្វឹកហ្វឺននៅក្នុងទីតាំងនានា ដែលត្រូវបានរចនាឡើងដើម្បីប្រៀបប្រដូចការពិតនៃបរិយាកាសទីក្រុងមានប្រជាជនច្រើន ដែលជាផ្នែកមួយនៃសមយុទ្ធឈ្មោះខែលការពារសេរីភាពអ៊ុលឈី (Ulchi Freedom Shield) ប្រចាំឆ្នាំ។សមយុទ្ធរួម ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (២១ សីហា) ត្រូវបានរៀបចំឡើងដើម្បីបង្កើន និងកែលម្អការឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីល ឬនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កងទ័ពកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំនាញប្រយុទ្ធជាក់ស្តែង និងបង្កើនសមត្ថភាពរបស់កងកម្លាំងរួម ក្នុងការអនុវត្តប្រតិបត្តិការបង្រួបបង្រួមក្នុងតំបន់ទីក្រុងផងដែរ។យោធាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នាំនេះនឹងត្រូវបានធ្វើឡើងនៅលើ «ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន» ដោយមានការចូលរួមពីទាហានរាប់ម៉ឺននាក់មកពីភាគីទាំងពីរ។ រដ្ឋធានីព្យុងយ៉ាង បានរិះគន់សមយុទ្ធយោធារបស់សម្ព័ន្ធមិត្តទាំងពីរនេះថា ជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕

មនុស្សម្នានាំគ្នាដាក់បាច់ផ្កានៅទីក្រុង St.Petersburg ប្រទេសរុស្ស៊ី សម្រាប់មរណភាពមេដឹកនាំក្រុម Wagner

2023/08/24 12:21:18 pm        101
រុស្ស៊ី៖ បាច់ផ្កាជាច្រើនត្រូវបានគេយកទៅដាក់ជាការគោរព ហើយទៀនត្រូវបានបំភ្លឺនៅជិតការិយាល័យទីក្រុង St. Petersburg នៃក្រុមទាហានស៊ីឈ្នួល Wagner នៅព្រលឹមថ្ងៃព្រហស្បតិ៍ (២៤ សីហា)នេះ បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី លោក Yevgeny Prigozhin បានស្ថិតនៅលើយន្តហោះដែលបានធ្លាក់កាលពីល្ងាចថ្ងៃពុធ (២៣ សីហា) នៅភាគខាងជើងនៃទីក្រុងម៉ូស្គូ ដោយគ្មានអ្នករស់រានមានជីវិតនោះទេ។អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin ស្ថិតនៅក្នុងបញ្ជីអ្នកដំណើរនៃយន្តហោះដែលបានធ្លាក់ក្នុងប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ។ បណ្តាញសង្គមតេឡេក្រាមដែលភ្ជាប់ទៅតំបន់ប្រផេះក្រុម Wagner បានប្រកាសថា លោក Prigozhin បានស្លាប់ហើយ ហើយបានសាទរលោកថាជាវីរៈបុរស និងជាអ្នកស្នេហាជាតិ ដែលបានស្លាប់នៅក្នុងដៃរបស់មនុស្សមិនស្គាល់អត្តសញ្ញាណ។ការស្លាប់របស់លោក Prigozhin នឹងធ្វើឲ្យក្រុម Wagner Group ដែលបង្កការខឹងសម្បារដល់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ក្នុងខែមិថុនា ដោយរៀបចំឱ្យមានបះបោរប្រដាប់អាវុធប្រឆាំងនឹងមេដឹកនាំកំពូលរបស់កងទ័ពមួយនេះ មិនមានអ្នកដឹកនាំ និងមានការចោទជាសំណួរអំពីប្រតិបត្តិការនាពេលអនាគតរបស់ក្រុមនេះនៅអាហ្វ្រិក និងកន្លែងផ្សេងទៀតផងដែរ៕

ចំហេះព្រៃនៅតែបន្តខាងក្រៅក្រុងអាតែន ខណៈចំហេះរាប់រយករណីបានឆាបឆេះទូទាំងប្រទេសក្រិក

2023/08/24 12:17:49 pm        96
ក្រិក៖ ក្រុមពន្លត់អគ្គិភ័យប្រទេសក្រិកគាំទ្រដោយយន្តហោះជំនួយ បានទប់ទល់ជាមួយនឹងចំហេះដែលឆេះរាលដាលនៅខាងក្រៅទីក្រុងអាថែន សម្រាប់ថ្ងៃទីពីរកាលពីថ្ងៃពុធ ដោយនោះជាចំហេះមួយក្នុងចំណោមចំហេះរាប់រយករណី ដែលបានបង្កការបំផ្លាញទូទាំងប្រទេសក្រិក ដោយករណីចំហេះព្រៃបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ក្នុងសប្តាហ៍នេះ។មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទូទាំងប្រទេស ចាប់តាំងពីចំហេះបានផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសក្រិកកាលពីថ្ងៃសៅរ៍ ដែលបណ្តាលមកពីកម្ដៅ និងខ្យល់បក់ខ្លាំងនៅក្នុងចំហេះព្រៃធំទីពីរនៃរដូវក្តៅនេះ។ ទីភ្នាក់ងារវិបត្តិអាកាសធាតុ និងរដ្ឋមន្ត្រីការពារជនស៊ីវិល លោក Vassilis Kikilias បាននិយាយថា ចំហេះព្រៃចំនួន៣៥៥ករណីបានកើតឡើងចាប់តាំងពីថ្ងៃសុក្រ រួមទាំងចំហេះចំនួន២០៩ករណីដែលកើតឡើងក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។លោក Kikilias បាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ចំហេះទាំងនោះ។ កងកម្លាំងពន្លត់អគ្គិភ័យបានព្រមានថា ចំហេះអាចផ្ទុះឡើងកាន់តែច្រើន ហើយអ្នកនាំពាក្យកងកម្លាំងពន្លត់អគ្គិភ័យ Ioannis Artopios បាននិយាយថា លក្ខខណ្ឌចំហេះនៅតែពិបាកគ្រប់គ្រង ហើយមានករណីចំហេះធ្ងន់ធ្ងរច្រើនខ្លាំងពេក។រដ្ឋធានីប្រទេសក្រិកមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែង និងផេះ ចាប់តាំងពីចំហេះបានផ្ទុះឡើងកាលពីថ្ងៃអង្គារមក។ គិតត្រឹមថ្ងៃពុធ មនុស្សប្រហែល១៥០នាក់ត្រូវបានជម្លៀសដោយរថយន្តក្រុងពីមណ្ឌលថែទាំបីនៅតំបន់ Menidi ទៅកាន់សណ្ឋាគារ ឬកន្លែងថែទាំផ្សេងទៀត។ នគរបាលបានបញ្ជាឲ្យអ្នកស្រុកផ្សេងទៀតចាកចេញ ខណៈឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យបានប្រតិបត្តិការយ៉ាងសកម្ម ដោយទម្លាក់ទឹកដើម្បីពន្លត់អណ្តាតភ្លើងដ៏សន្ធោសន្ធៅនោះ៕

កូរ៉េខាងជើង៖ ការបាញ់បង្ហោះផ្កាយរណបចារកម្មចុងក្រោយបានបរាជ័យ ប៉ុន្តែនឹងព្យាយាមម្តងទៀត

2023/08/24 12:14:42 pm        102
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា ការប៉ុនប៉ងលើកទីពីររបស់កូរ៉េខាងជើង ក្នុងការដាក់ផ្កាយរណបចារកម្មនៅក្នុងគន្លងតារាវិថី បានបរាជ័យនៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះ បន្ទាប់ពីឧបករណ៍ជំរុញគ្រាប់រ៉ុកែត បានជួបប្រទះបញ្ហាក្នុងដំណាក់កាលទីបីរបស់ខ្លួន ខណៈដែលក្រុមអាជ្ញាធរអវកាសបានប្តេជ្ញាថា នឹងព្យាយាមម្តងទៀតនៅក្នុងខែតុលា។ការសាកល្បងលើកដំបូងរបស់កូរ៉េខាងជើង នៅក្នុងខែឧសភា ក៏បានបញ្ចប់ដោយការបរាជ័យនៅពេលដែលរ៉ុកែតប្រភេទ Chollima-1 ថ្មី បានធ្លាក់ចូលទៅក្នុងសមុទ្រ។ ការបាញ់បង្ហោះមុនពេលព្រលឹម បានកើតឡើងក្នុងម៉ោងដំបូងនៃរយៈពេលប្រាំបីថ្ងៃ ដែលកូរ៉េខាងជើងបានកំណត់ឱ្យសម្រាប់ការបាញ់បង្ហោះនេះ។ការបាញ់បង្ហោះនេះ បានជំរុញឱ្យមានការព្រមានជាបន្ទាន់នៅក្នុងប្រទេសជប៉ុននៅមុនម៉ោង៤ព្រឹកម៉ោងក្នុងស្រុក លើប្រព័ន្ធផ្សព្វផ្សាយ J-alert ដោយប្រាប់អ្នកស្រុកនៃខេត្តភាគខាងត្បូងអូគីណាវ៉ា ឱ្យការពារខ្លួននៅក្នុងលំនៅឋាន។ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះនេះថាជាការញុះញង់ និងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង។រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង (NADA) បាននិយាយថា ខ្លួននឹងស៊ើបអង្កេត និងចាត់វិធានការដើម្បីកែតម្រូវមូលហេតុនៃការបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែទីភ្នាក់ងារនេះបន្ថែមថា នេះ «មិនមែនជាបញ្ហាធំទេ» ទាក់ទងនឹងភាពជឿជាក់រួមនៃប្រព័ន្ធរ៉ុកែត៕

អគារនៅជិតបំណាក់ដីរៀបនឹងបាក់ស្រុតក្រោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឈីលី

2023/08/24 12:06:36 pm        103
ឈីលី ៖  រូបភាពវីដេអូឃ្លីបឃើញអគារផ្ទះល្វែងនៅក្នុងប្រទេសឈីលីដែលស្ថិតនៅលើគេមបំណាក់ដីកាលពីថ្ងៃពុធ ក្រោយភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ភាគកណ្តាលប្រទេសមួយនេះ កាលពីពេលយប់កន្លងទៅ ។  ក្រុមអាជ្ញាធរក្នុងស្រុកនៅទីក្រុង Vina Del Mar និយាយថា ជើងភ្នំ និងផ្លូវដែលបានបាក់ស្រុត ធ្វើឲ្យអគារផ្ទះល្វែងដ៏ប្រណីតនេះ ស្ថិតនៅចម្ងាយប្រហែល ១៥ម៉ែត្រប៉ុណ្ណោះ ពីបំណាក់ដី ។  មនុស្ស ២៥នាក់ដែលរស់នៅក្នុងអគារ ត្រូវបានជម្លៀសចេញកាលពីព្រឹកថ្ងៃពុធ ហើយក្រុមអាជ្ញាធរបានរាយការណ៍ថា គ្មានករណីស្លាប់មនុស្ស ឬរងរបួសនោះទេ ។  កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីឈីលីលោក Gabriel Boricបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតំបន់ចំនួន ៤ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគកណ្តាលឈាងខាងត្បូងប្រទេស ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ ។  អភិបាលក្រុង Vina Del Mar លោក Macarena Ripamonti និយាយថា ពួកយើងមិនអាចបណ្តោយឲ្យជីវិតមនុស្សស្ថិតក្នុងហានិភ័យនោះទេ ។ ពួកយើងនឹងតាមដានទាំងថ្ងៃ ទាំងយប់នូវអ្វីដែលនឹងកើតឡើងលើកំណាត់ផ្លូវមួយនេះ ដើម្បីការពារការបាត់បង់ជីវិត និងហានិភ័យចំពោះអ្នកជិតខាង ។  លោកបន្តថា ពួកយើងនឹងជម្លៀសមនុស្សចេញ ហើយនិងយករថយន្តចេញ ។ គ្មានអ្វីកើតឡើងចំពោះអគារនេះទេ ប៉ុន្តែផ្លូវនឹងបាក់ស្រុត ៕

គិលានុបដ្ឋាកយិកាអាមេរិកដែលត្រូវបានចាប់ជំរិតនៅប្រទេសហៃទី និយាយតាមរយៈវីដេអូជាលើកដំបូង ចាប់តាំងពីអ្នកស្រីត្រូវបានគេដោះលែង

2023/08/24 12:02:38 pm        93
អាមេរិក៖ គិលានុបដ្ឋាយិកាអាមេរិកម្នាក់ដែលត្រូវបានចាប់ជំរិតនៅប្រទេសហៃទីកាលពីខែមុនជាមួយកូនស្រីតូចរបស់អ្នកស្រី បាននិយាយតាមរយៈវីដេអូក្នុងសប្តាហ៍នេះ ជាលើកដំបូង ចាប់តាំងពីអ្នកស្រីត្រូវបានដោះលែង។អ្នកស្រី អេលីក ឌ័រសេនវីល (Alix Dorsainvil) បានបង្ហាញខ្លួនតែម្នាក់ឯងនៅក្នុងវីដេអូ ហើយអង្គុយនៅក្នុងសួនច្បារដែលតុបតែង ដោយមានសំឡេងសត្វចង្រិតយំនៅពីខាងក្រោយ ដោយអរគុណមនុស្សដែលបានអធិស្ឋានសម្រាប់អ្នកស្រី។វីដេអូជិត៥នាទីដែលអ្នកស្រី ឌ័រសេនវីល បាននិយាយទាំងស្រុងជាភាសាហៃទី ត្រូវបានបង្ហោះកាលពីថ្ងៃចន្ទនៅលើគេហទំព័ររបស់ El Roi ដែលជាក្រុមគ្រិស្តសាសនិកត្រូវបានបង្កើតឡើងដោយប្តីរបស់អ្នកស្រី  ឌ័រសេនវីល ដែលផ្តល់ការថែទាំសុខភាព ការអប់រំ និងសេវាមូលដ្ឋានផ្សេងទៀត នៅក្នុងតំបន់ក្រីក្របំផុតរបស់ប្រទេសហៃទី។អ្នកស្រី បាននិយាយដោយសំឡេងដ៏ស្រទន់៖«សម្រាប់ក្រុមជនអន្ធពាល ខ្ញុំមានសារមួយសម្រាប់អ្នកៈខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា អ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយក្នុងអំឡុងពេលដែលខ្ញុំកំពុងជាប់ឃុំ គឺស្មោះត្រង់ «វាមិនមែនជាពាក្យបោកបញ្ឆោតរបស់នរណាម្នាក់ដែលអស់សង្ឃឹមក្នុងការរត់គេចនោះទេ ប៉ុន្តែគ្រាន់តែជាការពិត ជាពិសេសនៅពេលដែលខ្ញុំ បានប្រាប់អ្នកថា ទ្វារគ្លីនិករបស់ខ្ញុំតែងតែបើកចំហសម្រាប់អ្នក ឬនរណាម្នាក់ដែលត្រូវការជំនួយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ព័ន្ធមិត្តណាតូ បដិសេធមិនចូលរួមផែនការរបស់លោក Trump ក្នុងការបិទច្រកសមុទ្រ Hormuz
04/13/2026 08:04 PM
អ្នកវិភាគ៖ ជប៉ុនប្រឈមនឹងវិបត្តិថាមពលរដូវក្តៅ ដោយសារការបង្អាក់ឧស្ម័ន LNG នៅតំបន់មជ្ឈិមបូព៌ា
04/13/2026 08:04 PM
ប្រធានាធិបតីរុស្ស៊ី និងសមភាគីឥណ្ឌូនេស៊ី ពិភាក្សាលើវិស័យថាមពល អវកាស និងកសិកម្ម អំឡុងជំនួបនៅវិមានក្រឹមឡាំង
04/13/2026 08:04 PM
កិច្ចប្រជុំនិទាឃរដូវរបស់ IMF និងធនាគារពិភពលោក ចាប់ផ្តើម អំឡុងភាពតានតឹង នៅមជ្ឈិមបូព៌ា
04/13/2026 08:04 PM
ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានបាញ់លើកម្មកររោងចក្រឥណ្ឌាដែលទាមទារដំឡើងប្រាក់បៀវត្សរ៍ ខណៈការចំណាយកើនឡើង
04/13/2026 07:04 PM
រដ្ឋមន្ត្រី៖ អ៊ីស្រាអែលមិនអាចរស់ដោយគ្មាន «សត្រូវ» បានទេ ហើយប្រឹងបង្ហាញទួរគីជាគូអរិថ្មី
04/13/2026 07:04 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង
04/13/2026 07:04 PM
រុស្ស៊ីស្នើយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច ពីអ៊ីរ៉ង់ ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយអាមេរិក
04/13/2026 07:04 PM
អ៊ីរ៉ង់ព្រមានថា គ្មានកំពង់ផែ នៅឈូងសមុទ្រ និងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាព ក្រោយការបិទរបស់អាមេរិក
04/13/2026 07:04 PM
អ៊ុយក្រែន និងរុស្ស៊ី ចាបផ្ដើមការវាយប្រហារដោយយានដ្រូនឡើងវិញ ក្រោយបទឈប់បាញ់ថ្ងៃបុណ្យ Easter
04/13/2026 07:04 PM