ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់

សន្តិសុខ និង សង្គម

បម្រាមនាំចេញអង្កររបស់ឥណ្ឌា នឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ទូទាំងពិភពលោក

2023/08/03 12:38:51 pm        208
ឥណ្ឌា៖ ការហាមប្រាមការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចបង្កផលប៉ះពាល់ពាសពេញទីផ្សារអង្ករពិភពលោក ហើយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ផងដែរ ដោយអ្នកប្រើប្រាស់អាស៊ី ព្រមទាំងអាហ្រ្វិក នឹងទទួលរងនូវផលប៉ះពាល់ដ៏ខ្លាំងបំផុត។ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានហាមប្រាមការនាំចេញអង្ករសដែលមិនមែនជាពូជបាសម៉ាទី កាលពីថ្ងៃទី២០ ខែកក្កដា ខណៈដែលរដ្ឋាភិបាលបានព្យាយាមទប់ទល់នឹងកំណើនតម្លៃអាហារក្នុងស្រុក និងធានាឱ្យបាននូវការទិញអង្ករក្នុងស្រុកបានគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។ ប្រទេសនេះមានការនាំចេញអង្ករច្រើនជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោក។ក្រៅពីអាស៊ី បណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ាជាច្រើន ក៏ងាយរងការហាមប្រាមការនាំចេញនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេរបស់ប្រទេសឥណ្ឌា ដែលដាក់បម្រាមនាំចេញលើអង្ករដែលមិនមែនជាពូជបាសម៉ាទី ប៉ុន្តែផលប៉ះពាល់លើកនេះអាចមានជះឥទ្ធិពលខ្លាំងជាងពេលមុនទៅទៀត៕

ការលើកលែងទោសមួយផ្នែករបស់របបយោធាមីយ៉ាន់ម៉ាចំពោះលោកស្រី អ៊ុងសាន ស៊ូជី គឺគ្មានន័យអ្វីសោះ

2023/08/03 12:33:49 pm        239
មីយ៉ាន់ម៉ា៖ កាលពីថ្ងៃពុធ (២ សីហា) កូនប្រុសពៅរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក គីម អារីស បាននិយាយថាការលើកលែងទោសមួយផ្នែកដោយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាដល់អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី គឺ "គ្មានន័យអ្វីសោះ" ដោយអំពាវនាវឱ្យរដ្ឋាភិបាលលោកខាងលិចធ្វើសកម្មភាពបន្ថែមទៀតដើម្បីបង្កើនសម្ពាធលើរបបសឹកនោះ។ការលើកលែងបទចោទចំនួន៥ករណីក្នុងចំណោមបទចោទប្រកាន់ទាំង១៩ករណី ដែលលោកស្រីត្រូវបានកាត់ទោសនោះ មានន័យថា រយៈពេល៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រី ស៊ូជី ប៉ុន្តែលោក អារីស ដែលមានសញ្ជាតិអង់គ្លេស បានប្រដូចទង្វើនេះទៅនឹងការអនុវត្តការឃោសនាទៅវិញ។សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានបង្ក្រាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដោយមានមនុស្សរាប់ពាន់នាក់ត្រូវជាប់ពន្ធនាគារ ឬត្រូវបានសម្លាប់ផងដែរ។ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ៧៨ឆ្នាំដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហាររូបនេះ បានបដិសេធរាល់ការចោទប្រកាន់ដែលលោកស្រីត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ហើយបាននិងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងពួកគេទៀតផង៕

នគរបាលព័រទុយហ្គាល់តវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរ ក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចប៉ាប

2023/08/03 12:30:47 pm        201
ព័រទុយហ្គាល់៖ មន្ត្រីនគរបាលព័រទុយហ្គាល់បានតវ៉ានៅទីក្រុង Lisbon កាលពីថ្ងៃអង្គារ (២ សីហា) ដើម្បីទាមទារលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ទៅកាន់ប្រទេសនេះសម្រាប់ការប្រារព្ធទិវាយុវជនពិភពលោក។ ក្រុមមន្ត្រីបាននិយាយថា ពួកគេចង់ទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ពិភពលោក ដើម្បីបង្កើនការយល់ដឹងអំពីបុគ្គលិកកម្រិតទាប និងការទាមទាររបស់ពួកគេ សម្រាប់ប្រាក់ឈ្នួលកាន់តែប្រសើរ។ដំណើរនោះកំពុងប្រព្រឹត្តទៅក្រោមស្រមោលនៃរឿងអាស្រូវរំលោភបំពានផ្លូវភេទរបស់បព្វជិតរបស់ប្រទេសព័រទុយហ្គាល់ និងការខឹងសម្បាក្នុងតំបន់ចំពោះកំណើនផលប៉ះពាល់នៃព្រឹត្តិការណ៍នេះ។ សម្តេចប៉ាបព្រះជន្ម៨៦ឆ្នាំ កំពុងធ្វើដំណើរជាលើកដំបូងចាប់តាំងពីការវះកាត់ពោះវៀនក្នុងខែមិថុនា ហើយប្រើរទេះរុញ និងឈើច្រត់៕

រដ្ឋប្រហារនៅប្រទេសនីហ្សេ អាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់អាមេរិកនៅទ្វីបអាហ្វ្រិក

2023/08/03 12:05:35 pm        221
នីហ្សេ៖ ការផ្តួលរំលំប្រធានាធិបតីដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ កាលពីថ្ងៃទី២៦ ខែកក្កដា កំពុងធ្វើឱ្យមានហានិភ័យដល់បេសកកម្មប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្រ្វិកជាច្រើន ហើយបានចោទជាសំណួរអំពីសមត្ថភាពរបស់អាមេរិកក្នុងការអនុវត្តប្រតិបត្តិការយោធានៅក្នុងតំបន់នោះ។សហរដ្ឋអាមេរិក និងបារាំងបានថ្កោលទោសការដណ្តើមអំណាចរបស់យោធា ដែលដឹកនាំដោយលោក Abdourahamane Tchiani ដែលជាមេដឹកនាំថ្មីស្វ័យប្រកាសរបស់នីហ្សេ។ បណ្តាប្រទេសនៅអាហ្វ្រិកខាងលិចមួយក្រុមកាលពីថ្ងៃទី៣០ ខែកក្កដា បានដាក់ទណ្ឌកម្ម និងថែមទាំងបានគំរាមកំហែងប្រើប្រាស់កម្លាំង ប្រសិនបើអំណាចរបស់ប្រធានាធិបតីនីហ្សេលោក Mohammad Bazoum មិនត្រូវបានស្ដារឡើងវិញទេនោះ។មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា របបយោធាដែលដណ្តើមបានការគ្រប់គ្រងនោះ កំពុងថយក្រោយ ហើយការព្រួយបារម្ភបានកើនឡើងព្រោះថា រុស្ស៊ីអាចនឹងព្យាយាមទាញយកផលប្រយោជន៍ពីភាពចលាចលនេះ។ សម្រាប់ពេលនេះ សហរដ្ឋអាមេរិកបានផ្អាកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសនីហ្សេ ខណៈដែលបុគ្គលិកអាមេរិកភាគច្រើនកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។សហរដ្ឋអាមេរិកនិយាយថា ខ្លួននៅតែរក្សាក្តីសង្ឃឹមថាអំណាចរបស់លោក Bazoum អាចត្រូវបានស្ដារឡើងវិញ ហើយក្រុមមន្ត្រី និងអ្នកវិភាគរបស់សហរដ្ឋអាមេរិកជាច្រើនបាននិយាយថា ស្ថានភាពនីហ្សេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕

ក្រុមអ្នកជួយសង្គ្រោះបន្តជួយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅប្រទេសចិន ដែលបង្កដោយព្យុះទីហ្វុង

2023/08/03 12:01:54 pm        284
ចិន៖ ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងធ្វើការពេញម៉ោង ដើម្បីជួយប្រជាជនរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីព្យុះទីហ្វុងនៅទូទាំងប្រទេសចិន ខណៈដែលភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឱ្យទន្លេជោរជន់ ស្ពានខូចខាត កាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងថាមពល ព្រមទាំងជំរុញការជម្លៀសខ្លួនរបស់អ្នកស្រុកទៀតផង។ យោងតាមសារព៍ត៌មាន BBC បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឺកជំនន់នៅប្រទេសចិនមានចំនួន ៣៤នាក់ ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន។ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានមនុស្ស១០នាក់ជាប់ខ្លួននៅទីក្រុង ជីវឡុង តំបន់ឡៃស៊ួយ ក្នុងទីក្រុង ប៉ាវទីង កាលពីថ្ងៃចន្ទ។ នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ បានបញ្ជូនបុគ្គលិកភ្លាមៗ ដើម្បីបំពេញបេសកកម្មជម្លៀសខ្លួន នៅពេលទទួលការហៅសង្គ្រោះបន្ទាន់។ផ្លូវថ្នល់នៅតំបន់មួយចំនួនក្នុងទីក្រុង ប៉ាវទីង ត្រូវបានខូចខាត ការទំនាក់ទំនងក្នុងទីប្រជុំជនមួយចំនួនត្រូវបានរំខាន ការផ្គត់ផ្គង់ថាមពលសម្រាប់អ្នកភូមិក៏រងផលប៉ះពាល់ផងដែរ ដោយសាររងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។ ការផ្គត់ផ្គង់ទឹក និងថាមពលត្រូវបានកាត់ផ្តាច់នៅក្នុងស្ថានីយសេវាកម្មមួយចំនួននៅតាមបណ្តោយផ្នែកនៃទីក្រុង ប៉ាវទីង នៃផ្លូវល្បឿនលឿន យុងឆឹង-អ៊ូហៃ (Rongcheng-Wuhai) ផងដែរ។រដ្ឋាភិបាលក្នុងតំបន់នៃក្រុង ហ្ស៊ីជីងហ្គ័ន (Zijinguan) នៃទីក្រុង ប៉ាវទីង ក៏បានរៀបចំបុគ្គលិកដើម្បីចែកចាយសម្ភារៈសម្រាប់រស់នៅសម្រាប់អ្នកភូមិប្រហែល ៥០០នាក់ផងដែរ ខណៈដែលស្ពានតភ្ជាប់ពីភូមិ និងកន្លែងខាងក្រៅត្រូវបានលិចទឹកដោយសារទឹកជំនន់៕

សហរដ្ឋអាមេរិកលើកឡើងពីកង្វល់ជុំវិញការជំរុញប្រឆាំងចារកម្មរបស់ចិន

2023/08/03 11:38:41 am        246
អាមេរិក៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានលើកឡើងពីកង្វល់លើការអំពាវនាវរបស់ចិន ក្នុងការលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យចូលរួមក្នុងការងារប្រឆាំងចារកម្ម ហើយបាននិយាយថាខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការអនុវត្តច្បាប់ប្រឆាំងចារកម្មដែលបានពង្រីវិសាលភាពករបស់ទីក្រុងប៉េកាំង។ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនកាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសចិនគួរតែលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យចូលរួមក្នុងការងារប្រឆាំងចារកម្ម រួមទាំងការបង្កើតបណ្តាញសម្រាប់បុគ្គលដើម្បីរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ និងផ្តល់រង្វាន់ដល់ពួកគេផងដែរ។សកម្មភាពនោះបានអនុវត្តតាមការពង្រីកច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ដែលបានចូលជាធរមានក្នុងខែកក្កដា និងហាមឃាត់ការផ្ទេរព័ត៌មានដែលខ្លួនមើលឃើញថាពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ច្បាប់នេះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ដោយបានព្រមានថាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន អាចត្រូវបានដាក់ទណ្ឌកម្មចំពោះសកម្មភាពអាជីវកម្មជាប្រចាំរបស់ពួកគេ៕

អ្នកគាំទ្រគណបក្សបោះជំហានទៅមុខ MFP តាមដានគណបក្សភឿថៃយ៉ាងជិតស្និទ្ធ

2023/08/03 11:31:37 am        215
ថៃ៖ អ្នកគាំទ្រគណបក្សបោះជំហានទៅមុខ (MFP) កំពុងតាមដានយ៉ាងដិតដល់នូវចលនាបន្ទាប់របស់គណបក្សភឿថៃ ដើម្បីចង់ដឹងថាតើគណបក្សណា ដែលបក្សភឿថៃនឹងស្នើសុំឱ្យចូលរួមជាមួយសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីគណបក្ស MFP ត្រូវបានដកចេញពីក្រុមចម្រុះសម្ព័ន្ធភាពកាលពីថ្ងៃពុធ (២ សីហា)។គណបក្ស MFP ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា បានសុំឱ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាលចម្រុះមួយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់គណបក្ស MFP បរាជ័យ។ អ្នកស្រី Arnon Nampa (អាណុន ណាមផា) ដែលជាសកម្មជននយោបាយ និងជាមេដឹកនាំសំខាន់នៃក្រុមគាំទ្រគណបក្ស MFP បាននិយាយថា ក្រុមនេះកំពុងរង់ចាំមើលថាតើគណបក្សភឿថៃនឹងធ្វើអ្វីបន្តទៀត។កាលពីរសៀលថ្ងៃពុធ ក្រុមអ្នកគាំទ្រមកពីរណសិរ្សរួបរួមនៃធម្មសាស្ត្រ និងបាតុកម្ម បានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សភឿថៃ ដើម្បីជំរុញឱ្យមានការរួបរួមគ្នាជាមួយគណបក្ស MFP និងដៃគូចម្រុះផ្សេងទៀត រហូតដល់អាណត្តិព្រឹទ្ធសភាផុតកំណត់នៅពាក់កណ្តាលខែឧសភាឆ្នាំក្រោយ ដូច្នេះពួកគេអាចបង្កើតរដ្ឋាភិបាលមួយបាន។នៅពេលពួកគេដឹងថា បក្សភឿថៃបានដកខ្លួនចេញពីក្រុមចម្រុះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលដោយគ្មានគណបក្ស MFP ក្រុមបាតុករទាំងនោះមានអារម្មណ៍មិនពេញចិត្តជាខ្លាំង។ ពួកគេបានដុតបំផ្លាញរូបសំណាក ខណៈអ្នកខ្លះទៀតព្យាយាមទម្លុះចូលទៅក្នុងទីស្នាក់ការរបស់គណបក្សភឿថៃ។ រនាំងជាច្រើនត្រូវដាក់នៅទីនោះ ខណៈនគរបាល និងមន្ត្រីសន្តិសុខកំពុងព្យាយាមទប់ទល់នឹងហ្វូងមនុស្ស៕

លោក Justin Trudeau និងភរិយាលោកស្រី Sophie លែងលះគ្នា បន្ទាប់ពីអាពាហ៍ពិពាហ៍១៨ឆ្នាំ

2023/08/03 11:17:48 am        241
កាណាដា៖ នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau និងភរិយារបស់លោក លោកស្រី Sophie Grégoire Trudeau (សូហ៊្វី ហ្គ្រេហ្គ័រ ទ្រូដូ) បានប្រកាសរួមគ្នាកាលពីថ្ងៃពុធថា គូស្វាមីភរិយាទាំងពីរនឹងលែងលះគ្នា បន្ទាប់ពីការសន្ទនាដ៏លំបាកនិងមានអត្ថន័យជាច្រើន។ លោកនាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញ Instagram ថា ដូចធម្មតា យើងនៅតែជាគ្រួសារជិតស្និទ្ធដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅ និងការគោរពគ្នា និងសម្រាប់អ្វីៗគ្រប់យ៉ាង ដែលយើងបានសាង និងបន្តសាង។ លោកនិយាយថា សម្រាប់ការរស់នៅរបស់កូនៗ យើងបានស្នើសុំឲ្យគោរពភាពឯកជនភាពរបស់យើង និងរបស់ពួកគេ។ ការបែកបាក់គ្នានេះកើតមានឡើងបន្ទាប់ពីអាពាហ៍ពិពាហ៍រយៈពេល១៨ឆ្នាំ។  ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានរ៉យទ័រថា គូស្វាមីភរិយាទាំងពីរមានកូន៣នាក់។ ពួកគេបានធ្វើការងារដើម្បីធានាថា វិធានការផ្លូវច្បាប់និងសីលធម៌ ផ្អែកលើការសម្រេចចិត្តរបស់ពួកគេក្នុងការបែកបាក់គ្នា ហើយនឹងបន្តធ្វើដូច្នេះរហូត។ ឪពុកម្តាយទាំងសងខាង នឹងទទួលរក្សាការរស់នៅរបស់កូនៗពួកគេ ហើយប្រជាជនកាណាដាអាចរំពឹងថា នឹងមើលឃើញក្រុមគ្រួសារនេះនៅជាមួយគ្នាជាធម្មតា។ ក្រុមគ្រួសារនេះនឹងនៅរួមគ្នានៅថ្ងៃសម្រាកវិស្សមកាល ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោកស្រី Sophie Grégoire Trudeau ជាអតីតអ្នកសារព័ត៌មានផ្នែកកំសាន្ត គឺជាមិត្តរួមថ្នាក់របស់ប្អូនប្រុសលោក Justin ឈ្មោះ Michel( មីស្ហែល)៕

ប្លុកអាហ្រ្វិកខាងលិច បញ្ជូនគណៈប្រតិភូទៅនីហ្សេ និងនិយាយថា ការប្រើកម្លាំង គឺជា «មធ្យោបាយចុងក្រោយ»

2023/08/03 11:04:53 am        274
អាហ្រ្វិក៖ ប្លុកតំបន់អាហ្រ្វិកខាងលិច ECOWAS បានបញ្ជូនគណៈប្រតិភូទៅប្រទេសនីហ្សេ កាលពីថ្ងៃពុធ (ទី២ ខែសីហា) ដើម្បីចរចាជាមួយមន្ត្រីយោធា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ កាលពីសប្តាហ៍មុន ខណៈប្រមុខការពារជាតិ ក្នុងតំបន់ បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅប្រទេសជិតខាងនីហ្សេរីយ៉ា។សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ថា ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ ហើយបាននិយាយថា ប្លុកអាចអនុញ្ញាតឲ្យមានការប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនប្រគល់តំណែងដល់ប្រធានាធិបតីជាប់ឆ្នោតលោក Mohamed Bazoum វិញ ក្នុងរង្វង់មួយសប្តាហ៍ ចាប់ពីថ្ងៃអាទិត្យសប្ដាហ៍មុន។លោក Abdel-Fatau Musah ស្នងការ ECOWAS ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខបាននិយាយថា៖ «ការប្រើកម្លាំងយោធា គឺជាជម្រើសចុងក្រោយបំផុត ដែលត្រូវបានលើកមកពិភាក្សា ពោលគឺជាមធ្យោបាយចុងក្រោយ ប៉ុន្តែយើងត្រូវរៀបចំ ដើម្បីត្រៀមសម្រាប់ហេតុការណ៍ណាមួយ ដែលកើតឡើងជាយថាហេតុ»។ លោកបានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងអាប៊ូហ្សា (Abuja) របស់ប្រទេសនីហ្សេរីយ៉ាថា៖ «វាមានភាពចាំបាច់ ក្នុងការបង្ហាញថា យើងមិនអាចត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងអនុវត្តជាក់ស្ដែង»។លោក Musah បានបន្ថែមថា គណៈប្រតិភូទៅកាន់ប្រទេសនីហ្សេរី កំពុងត្រូវបានដឹកនាំដោយអតីតមេដឹកនាំយោធានីហ្សេរីយ៉ា លោក Abdulsalami Abubakar ដែលត្រូវបានគេរំពឹងថា មានវត្តមាននៅក្នុងទីក្រុងនីញ៉ាម៉េ (Niamey) នាថ្ងៃពុធនោះ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរដ្ឋាភិបាលយោធា។ តែយ៉ាងណាក្ដី ព័ត៌មានលម្អិតផ្សេងទៀតអំពីបេសកកម្មនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល ខណៈដែលលោក Amos Lungu អ្នកនាំពាក្យគណៈកម្មការ ECOWAS មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Al Jazeera នោះឡើយ។សូមបញ្ជាក់ថា រដ្ឋាភិបាលយោធា នៅប្រទេសនីហ្សេ ត្រូវបានដឹកនាំដោយអតីតមេអង្គរក្សការពារប្រធានាធិបតីរបស់លោក Bazoum គឺលោកឧត្តមសេនីយ៍ Abdourahmane Tchiani ដែលបានឃុំលោក Bazoum នៅក្នុងវិមានរបស់លោកផ្ទាល់ កាលពីថ្ងៃទី២៦ ខែកក្កដា និងដែលក្រោយមក បានប្រកាសថា ខ្លួនឯងជាប្រមុខរដ្ឋ៕

សារព័ត៌មាន Financial Times៖ អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ155 mm ដល់អ៊ុយក្រែន

2023/08/03 11:02:18 am        299
អាមេរិក៖ សហរដ្ឋអាមេរិក កំពុងស្វែងរកការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥ មីលីម៉ែត្រ( 155mm)ដ៏សំខាន់ដល់អ៊ុយក្រែន ដើម្បីគាំទ្រការវាយបករបស់ខ្លួន។មន្ត្រីដែលដកស្រង់សម្តីដោយកាសែតនេះ បាននិយាយថា សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូងរួចហើយ ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឲ្យអ៊ុយក្រែន ហើយកំពុងចរចាជាមួយជប៉ុនដូចគ្នា។សារព័ត៌មាន Finanacial Times បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន បានដឹងពីឃ្លាំងផ្ទុកគ្រាប់រំសេវរបស់អ៊ុយក្រែនអស់ជាច្រើនខែ ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជូនគ្រាប់ផ្លោងទៅឲ្យទីក្រុងគីវ។យោងតាមប្រភពនៃការចុះផ្សាយនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់សព្វាវុធ គឺផ្តោតលើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្របន្ថែមទៀត រួមទាំងការផ្គត់ផ្គង់ពី   សម្ព័ន្ធមិត្តអន្តរជាតិក្នុងរយៈពេលខ្លី ក៏ដូចជាផែនការបង្កើនការផលិតរបស់ពួកគេនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។យោងតាមកងទ័ពអាមេរិក ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងផលិតរហូតដល់ ៩០.000 គ្រាប់ក្នុងមួយខែនៅឆ្នាំ ត្រឹមឆ្នាំសារពើពន្ធ២០២៥ កើនឡើងពី ២៤.000 គ្រាប់ នៅពេលបច្ចុប្បន្ន និង ១៤.00០ គ្រាប់ ក្នុងមួយខែ មុនពេលការវាយលុកពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលចង់ចរចាជាមួយលីបង់ ក្រោយការទម្លាក់គ្រាប់បែកបង្កហានិភ័យដល់បទឈប់បាញ់ជាមួយអ៊ីរ៉ង់
04/10/2026 03:04 PM
មេដឹកនាំកំពូលថ្មី បញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមឡើយ នៅក្នុងសារជាលាយលក្ខណ៍អក្សរ
04/10/2026 03:04 PM
អ្នកជំនាញ៖ អ៊ុយក្រែនអាចប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា
04/10/2026 03:04 PM
ប្រភព៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាមិនលើសពី ១៥គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រហ័រមូស
04/10/2026 03:04 PM
ការវិភាគ៖ លីបង់ គឺជាជនរងគ្រោះនៃការស្ទាក់ស្ទើររបស់ខ្លួន និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល
04/10/2026 03:04 PM
រុស្ស៊ីប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន១.០០០នាក់ទៅឲ្យទីក្រុងគីវ ជាថ្នូរនឹងទាហានរុស្ស៊ី ៣៥នាក់
04/10/2026 03:04 PM
មន្ត្រីបារាំង៖ ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ នៅពេលកំពុងព្យាយាមឆ្លងកាត់ទន្លេ CHANNEL
04/10/2026 02:04 PM
អ្នកការទូតបារាំងបាននិយាយថា ក្រុមហេសបូឡា ត្រូវតែជ្រើសរើសរវាងប្រទេសលីបង់ និងអ៊ីរ៉ង់»
04/10/2026 02:04 PM
UN៖ បុគ្គលិកជំនួយជាង ១.០០០នាក់ ត្រូវបានសម្លាប់ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំ កន្លងមកនេះ
04/10/2026 02:04 PM
គូវ៉ែតចោទអ៊ីរ៉ង់ថា បានវាយប្រហារដោយដ្រូន ខណៈរោងចក្រថាមពលអារ៉ាប៊ីសាអ៊ូឌីត ត្រូវរងការវាយប្រហារ
04/10/2026 02:04 PM