សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

ប្រធានាធិបតីម៉ិកស៊ិកជំរុញឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន «មិនសមហេតុផល» និងចង់ឲ្យរុស្ស៊ីធ្វើការចរចាសន្តិភាព

2023/08/01 02:09:00 pm        127
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ានុអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបញ្ចប់សង្គ្រាម «មិនសមហេតុផល»នៅអ៊ុយក្រែន ដោយជំរុញឲ្យមានកិច្ចចរចាសន្តិភាព នាពេលខាងមុខនៅមជ្ឈិមបូព៌ារួមបញ្ចូលតំណាងមកពីប្រទេសអ៊ុយក្រែន និង  រុស្ស៊ី។លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា ប្រទេសម៉ិកស៊ិក នឹងចូលរួមតែក្នុងកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថា នឹងធ្វើឡើងនៅចុងសប្តាហ៍ខាងមុខនេះ ប្រសិនបើភាគីទាំងពីរ មានវត្តមាន។លោកប្រធានាធិបតី បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«ប្រសិនបើមានការទទួលយកពីអ៊ុយក្រែន និងរុស្ស៊ី ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីសម្រេចបានសន្តិភាព យើងនឹងចូលរួម»។លោកឡូប៉េស អូប្រាឌ័រ បានបន្ថែមថា៖«យើងមិនចង់ឲ្យសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បន្តនោះទេ វាជារឿងមិនសមហេតុផលណាស់» ដោយកត់សម្គាល់ថា ជម្លោះបានបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់មនុស្ស។ «រឿងតែមួយគត់ដែលទទួលបានអត្ថប្រយោជន៍ពីវា គឺឧស្សាហកម្មសង្រ្គាម»៕

អាមេរិកនឹងណែនាំសេចក្តីសម្រេចរបស់UNសម្រាប់កងកម្លាំងពហុជាតិនៅប្រទេសហៃទី

2023/08/01 02:05:53 pm        70
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនគ្រោងនឹងដាក់ចេញនូវសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីផ្តល់សិទ្ធិដល់ «កងកម្លាំងពហុជាតិ»នៅក្នុងប្រទេសហៃទី បន្ទាប់ពីប្រទេសកេនយ៉ា បានបង្ហាញពីឆន្ទៈក្នុងការដឹកនាំបេសកកម្មនេះ។ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា បេសកកម្មណាមួយទៅកាន់ប្រទេសហៃទី ដែលកំពុងតែតស៊ូជាមួយនឹងអំពើហិង្សាក្រុមអន្ធពាល នឹងត្រូវការការអនុញ្ញាតពីUNSCជាដំបូង។លោកបាននិយាយថា សហរដ្ឋអាមេរិក រួមជាមួយនឹងអេក្វាឌ័រ នឹងដាក់ចេញនូវសេចក្តីសម្រេចមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការនោះ។លោក Miller មិនបានបញ្ជាក់ថាតើដំណោះស្រាយ នឹងត្រូវដាក់ចេញ នៅពេលណាទេ ប៉ុន្តែលោកបាននិយាយថា វានឹងកើតឡើង នៅពេលដ៏ខ្លីខាងមុខ។លោក Miller បានថ្លែងថា៖«ជំហានទីពីរ គឺថា រដ្ឋាភិបាលកេនយ៉ា ត្រូវការធ្វើបេសកកម្មវាយតម្លៃ ដែលពួកគេគ្រោងនឹងធ្វើនៅក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ» ដោយបន្ថែមថា កេនយ៉ា នឹងឆ្លើយតបជាមួយប្រទេសសម្ព័ន្ធមិត្តអំពីតម្រូវការរបស់កងកម្លាំង និងប្រទេសណាខ្លះដែលអាចចូលរួម។

ការស្លាប់ដោយរលកកម្ដៅ កាលពីចុងសប្តាហ៍ ឡើងដល់យ៉ាងហោចណាស់ ១៧នាក់ នៅកូរ៉េខាងត្បូង

2023/08/01 02:02:41 pm        105
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉ខាងត្បូងបានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ដោយសាររលកកម្ដៅ កាលពីចុងសប្តាហ៍ ដោយអ្នកស្លាប់ទាំងនោះ ភាគច្រើនជាកសិករវ័យចំណាស់ ដែលធ្វើការនៅខាងក្រៅ ក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង។ចាប់តាំងពីមានការជូនដំណឹងអំពីរលកកម្ដៅដំបូងនៃរដូវនេះ បានចូលជាធរមាន នៅពាក់កណ្តាលខែមិថុនា ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនឹងការឡើងកម្ដៅខ្លាំង ដោយការឡើងខ្ពស់ខ្លាំង នាពេលថ្មីៗនេះប្រហែល ៣៥អង្សាសេ ក្នុងតំបន់ជាច្រើននៃប្រទេស។យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ និងពីអាជ្ញាធរពន្លត់អគ្គីភ័យទូទាំងប្រទេសរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៧នាក់ បានស្លាប់ ដោយសាររលកកម្ដៅកាលពីចុងសប្តាហ៍ ក្នុងនោះភាគ Gyeongsang ខាងជើង រងការវាយប្រហារធ្ងន់ធ្ងរជាងគេបំផុត ដោយកសិករវ័យចំណាស់ ៧នាក់ បានបាត់បង់ជីវិត។ហើយជាមួយគ្នានេះ អាជ្ញាធរបានឲ្យដឹងបន្ថែមថា ជនរងគ្រោះទាំងអស់មានសីតុណ្ហភាព ក្នុងរាងកាយខ្ពស់ នៅពេលពួកគេត្រូវបានរកឃើញ៕

ចំនួនអ្នកស្លាប់កើនឡើងដល់៩នាក់ ក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមប៉ាឡេស្ទីននៅជំរំលីបង់

2023/08/01 01:21:49 pm        126
ប៉ាឡេស្ទីន៖ ក្រុមមន្ត្រីបាននិយាយថា ការប្រយុទ្ធគ្នារយៈពេលបីថ្ងៃរវាងក្រុមប្រដាប់អាវុធគូប្រជែងនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតនៅប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ កាលពីថ្ងៃច័ន្ទ កងទ័ពរបស់ប្រទេសលីបង់បានបិទតំបន់ជុំវិញជំរំ Ein el-Hilweh នៅជិតទីក្រុងកំពង់ផែស៊ីដុនភាគខាងត្បូង ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមាន បើទោះបីជាលីបង់ និងប៉ាឡេស្ទីនខិតខំប្រឹងប្រែងដើម្បីស្វែងរកបទឈប់បាញ់ក៏ដោយ។ដោយរាយការណ៍ពីខាងក្រៅជំរំដែលជាជម្រករបស់ជនភៀសខ្លួនចំនួន៥៥.០០០នាក់ សារព័ត៌មាន Al Jazeera បាននិយាយកាលពីរសៀលថ្ងៃចន្ទថា ការរីករាលដាលនៃការប្រយុទ្ធគ្នា "ដ៏កាចសាហាវ" បានកើនឡើង "ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ" ។ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានផ្អាកប្រតិបត្តិការ និងសេវាកម្មជំនួយរបស់ខ្លួននៅក្នុងជំរំនោះ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពលីបង់បាននិយាយថា ចំនួនអ្នកស្លាប់កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ៩នាក់ហើយ និងយ៉ាងហោចណាស់មនុស្ស៣៧នាក់បានរងរបួស។អំពើហឹង្សានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់បានព្យាយាមសម្លាប់សមាជិកនៃក្រុមប្រដាប់អាវុធមួយរូបដែលមានឈ្មោះថា Mahmoud Khalil ប៉ុន្តែផ្ទុយទៅវិញបានបាញ់សម្លាប់ដៃគូរបស់ខ្លួន៕

ចិនរឹតបន្តឹងការនាំចេញឧបករណ៍យានដ្រូន ស្របពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យាជាមួយអាមេរិក

2023/08/01 01:17:07 pm        258
ចិន៖ កាលពីថ្ងៃចន្ទ (៣១ កក្កដា) ប្រទេសចិនបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយានដ្រូន ព្រមទាំងឧបករណ៍ដែលទាក់ទងនឹងយានដ្រូន ដោយនិយាយថាខ្លួនចង់ការពារ "សន្តិសុខ និងផលប្រយោជន៍ជាតិ" ស្របពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់បច្ចេកវិទ្យា។ក្រសួងពាណិជ្ជកម្មបាននិយាយថា ការរឹតបន្តឹងលើឧបករណ៍ដ្រូន រួមទាំងម៉ាស៊ីនដ្រូនមួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង ព្រមទាំងប្រព័ន្ធប្រឆាំងយានដ្រូន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងនេះក៏ប៉ះពាល់ដល់អ្នកប្រើប្រាស់យានដ្រូនមួយចំនួនផងដែរ ហើយគ្មានយានដ្រូនស៊ីវិលណាមួយអាចត្រូវបាននាំចេញសម្រាប់គោលបំណងយោធានោះទេ។ប្រទេសចិនមានឧស្សាហកម្មផលិតយានដ្រូនដ៏ធំ ហើយនាំចេញទៅកាន់ទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ សមាជិកសភាអាមេរិកបាននិយាយថា ជាង៥០%នៃយានដ្រូនដែលលក់នៅសហរដ្ឋអាមេរិក គឺផលិតដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន DJI ហើយពួកវាជាយានដ្រូនពេញនិយមបំផុត ដែលប្រើប្រាស់ដោយភ្នាក់ងារសុវត្ថិភាពសាធារណៈ។ការទប់ស្កាត់ការនាំចេញយានដ្រូននេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសការគ្រប់គ្រងការនាំចេញលើលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតបន្ទះឈីបកាលពីខែមុនបន្ទាប់ពីចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរឹតត្បិតចិនមិនឲ្យទទួលបានបច្ចេកវិទ្យាសំខាន់ៗដូចជា ឧបករណ៍ផលិតបន្ទះឈីបជាដើម៕

ការប៉ុនប៉ងរបស់លោកត្រាំ ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតរបស់រដ្ឋ Georgia ត្រូវបានច្រានចោលដោយចៅក្រម

2023/08/01 12:54:51 pm        78
អាមេរិក៖ ចៅក្រមរដ្ឋ Georgia កាលពីថ្ងៃចន្ទបានច្រានចោលការប៉ុនប៉ងរបស់អតីតប្រធានាធិបតីលោក Donald Trump ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតមួយទៅលើករណីថាតើលោកជ្រៀតជ្រែងដោយខុសច្បាប់ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់រដ្ឋនេះឬយ៉ាងណា រយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើង។ ចៅក្រមតុលាការជាន់ខ្ពស់តំបន់ Fulton លោក Robert McBurney បានបដិសេធសំណើរបស់លោកត្រាំក្នុងការដកសិទ្ធិរដ្ឋអាជ្ញាឈានមុខ រារាំងការចោទប្រកាន់សំខាន់ៗ និងច្រានចោលរបាយការណ៍គណៈវិនិច្ឆ័យ ដែលរួមមានការផ្តល់យោបល់ទៅលើអ្នកដែលនឹងត្រូវចោទប្រកាន់។ របាយការណ៍នៅតែត្រូវបានបញ្ជាក់ក្រោមបទបញ្ជារបស់លោក McBurney ដែលកំពង់រង់ចាំបទចោទប្រកាន់លើករណី ជាបញ្ហាផ្លូវច្បាប់ដែលលោកត្រាំត្រូវប្រឈមតតាំង។ ដោយឡែកនៅក្នុងទីក្រុង Miami ជំនួយការរបស់លោកត្រាំបានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃចន្ទដើម្បីប្រឈមនឹងបទចោទតប្រកាន់នានា ដែលលោក បានជួយអតីតប្រធានាធិបតីរូបនេះក្នុងការលាក់បាំងឯកសារសម្ងាត់ ដោយការលុបវីដេអូកាំម៉េរ៉ាសុវត្ថិភាព។ មេធាវីប្រចាំតំបន់ Fulton លោកស្រី Fani Willis បានបញ្ជាក់ថា លោកស្រីមានបំណងស្នើឲ្យគណៈវិនិច្ឆ័យ អនុម័តបទចោទប្រកាន់នានា ក្នុងពេលណាមួយ ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ ដោយប្រាប់ចៅក្រមថា បុគ្គលិករបស់លោកស្រីនឹងធ្វើការពីចម្ងាយជាការប្រុងប្រយ័ត្នជាមុនផ្នែកសុវត្ថិភាព។ របាំងសន្តិសុខត្រូវបានតម្លើងនៅខាងក្រៅបរិវេណតុលាការនៅតំបន់នេះកាលពីសប្តាហ៍មុន។ លោកត្រាំ បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់លោកស្រី Willis ជាមាជិកគណបក្សប្រជាធិបតេយ្យដែលបានជាប់ឆ្នោត ពីការជំរុញផ្នែកនយោបាយ៕

លោក Xi តែងតាំងប្រធានឃ្លាំងអាវុធនុយក្លេអ៊ែរចិនថ្មី

2023/08/01 12:28:08 pm        131
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាអគ្គមេបញ្ជាការយោធាផងដែរនោះ កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា បានតែងតាំងប្រធានកងកម្លាំងប្រដាប់អាវុធថ្មី ដែលគ្រប់គ្រងលើបញ្ហានុយក្លេអ៊ែរ និងមីស៊ីលធម្មតារបស់ប្រទេស មួយថ្ងៃ មុនថ្ងៃខួបនៃកងទ័ពរំដោះប្រជាជនចិន(PLA)។ លោក វ៉ាង ហុងហូពីន ( Wang Houbin) អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹក ត្រូវបានតែងតាំងជាប្រធានថ្មីនៃកងកម្លាំងរ៉ុក្កែតរបស់PLA និងលោក ស៊ូ ស៊ីសឹង (Xu Xisheng) ដែលជាស្នងការនយោបាយថ្មីរបស់ខ្លួន ដោយបុរសទាំងពីរទទួលបានឋានៈជាឧត្តមសេនីយ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។រហូតដល់ការផ្លាស់ទៅកាន់កងកម្លាំងគ្រាប់រ៉ុក្កែតរបស់PLA លោកវ៉ាង បានក្លាយជាមេបញ្ជាការរងនៃកងទ័ពជើងទឹក តាំងពីឆ្នាំ ២០២០។ លោកក៏ធ្លាប់ជានាយសេនាធិការរងនៃកងទ័ពជើងទឹកផងដែរ។លោកស៊ូ ធ្លាប់ជាស្នងការរងនយោបាយនៃទីបញ្ជាការយុទ្ធសាស្ត្រភាគខាងត្បូង ដែលជាបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំងប្រាំរបស់PLA។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា កន្លែងដែលប្រធានមុនរបស់កងកម្លាំងរ៉ុក្កែតរបស់ PLA គឺ លោក Li Yuchao (លី យូឆាវ) ត្រូវបានចាត់តាំងឡើងវិញ ឬ បញ្ជាក់ពីទីកន្លែងរបស់លោកនៅនោះទេ។

ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី ព្រមានទល់នឹងការធ្វើអន្តរាគមន៍ពីបរទេសក្រោយរដ្ឋប្រហារនៅនីហ្សេ

2023/08/01 12:25:19 pm        78
នីហ្សេ៖ ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី បានព្រមានថា រាល់ការធ្វើអន្តរាគមន៍ណាមួយចូលក្នុងប្រទេសនីហ្សេដែលជាប្រទេសជិតខាងរបស់ខ្លួន នឹងត្រូវបានចាត់ទុកជាការប្រកាសសង្គ្រាម ប្រឆាំងនឹងប្រទេសទាំង២នេះ ជាសញ្ញាមួយបង្ហាញពីការគាំទ្រដល់ក្រុមមេដឹកនាំរដ្ឋប្រហារថ្មីៗក្នុងប្រទេសមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ រដ្ឋាភិបាលរបស់ប្រទេសម៉ាលី និងប៊ួគីណាហ្វាសូ ក៏បានច្រានចោលការអនុវត្តន៍ផងដែរនូវអ្វីដែលប្រទេសទាំង២ហៅថាជាការដាក់ទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌ ប្រឆាំងនឹងប្រជាជននិងក្រុនអាជ្ញាធរនីហ្សេ។ សេចក្ដីថ្លែងការណ៍នេះ បាននិយាយថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេស ប៊ួគីណា ហ្វាសូ និងម៉ាលី បានបង្ហាញសាមគ្គីភាពដ៏មុះមុត របស់ខ្លួន និងរបស់ប្រជាជនប៊ួគីណា និងម៉ាលី ចំពោះប្រជាជននីហ្សេ ដែលបានសម្រេចចិត្តទទួលខុសត្រូវដ៏ពេញលេញក្នុងការគ្រប់គ្រងជោគវាសនា ក្នុងដៃរបស់ពួកគេនិងបន្តការពារអធិបេតយ្យភាពរបស់ពួកគេនៅចំពោះមុខប្រវត្តិសាស្ត្រ។  សារនេះ បានកើតមានឡើងមុនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីក្រុមទាហានអង្គរក្សការពារប្រធានាធិបតី នីហ្សេ លោក មហាម៉េដ បាហ្សូម (Mohamed Bazoum)បានចាប់ឃុំខ្លួនមេដឹកនាំរូបនេះកាលពីថ្ងៃទី២៦ខែកក្កដា ដោយប្រកាសថាពួកគេបានបញ្ចប់រដ្ឋបាលរបស់លោកហើយ៕

លោក DeSantis សាកល្បងកែប្រែយុទ្ធសាស្រ្ត ឆ្នាំ២០២៤ ដើម្បីផ្តួលលោកTrump

2023/08/01 12:17:20 pm        98
អាមេរិក៖ រសៀលថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) សម្រាប់លោក Ron DeSantis បានចាប់ផ្តើមនៅភោជនីយដ្ឋានមួយ។ អភិបាលរដ្ឋផ្លរីដា (Florida) រូបនេះ បានដើរចូលទៅក្នុងស្តង់មួយ ដើម្បីជជែកលេងជាមួយគូស្វាមីភរិយាថ្មីថ្មោង។ បន្ទាប់មក លោកបានសួរនាំនៅកន្លែងសាច់អាំងមួយ នៅខាងក្រៅរោងពណ៌ក្រហមតូចមួយ ជាទីដែលក្រុមអ្នកដើរកម្សាន្ត បានចូលមកអង្គុយទទួលទានហតដក ( hotdog) ។ថ្ងៃនៃការធ្វើយុទ្ធនាការរបស់លោក ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បានបញ្ចប់នៅភោជនីយដ្ឋានលក់ម្ហូបបង្កង ដែលអាចមើលឃើញបឹង ជាទីដែលអ្នកដំណើរកម្សាន្ត បានថតរូបលោកកាន់ក្ដាមថ្មនៅក្នុងដៃ។នេះគឺជាថ្ងៃដំបូងនៃ«ការចាប់ផ្តើមឡើងវិញ» របស់លោក DeSantis សម្រាប់យុទ្ធនាការ នៅរដ្ឋ New Hampshire ( ញូវ ហែមស្ហៀ) ដែលជារដ្ឋលេខ២ ក្នុងប្រតិទិននៃការប្រកួតប្រជែងឈរឈ្មោះរបស់គណបក្សសាធារណរដ្ឋបន្ទាប់ពីរដ្ឋ Iowa។ ការឈ្នះនៅទាំងរដ្ឋ២ អាចផ្តល់សន្ទុះ ក្នុងការទប់ទល់នឹងលោក Donald Trump ដែលជាបេក្ខជននាំមុខ និងអតីតប្រធានាធិបតី។យោងតាមអ្នកដែលស្និទ្ធនឹងលោក DeSantis បានឲ្យដឹងថា ដោយបានចំណាយប្រាក់លឿនជាងការរំពឹងទុក គិតចាប់តាំងពីការប្រកាសបេក្ខភាពរបស់លោក កាលពីខែឧសភា និងបានបរាជ័យក្នុងការយកឈ្នះលើពិន្ទុនាំមុខប្រហែល ៣០ពិន្ទុរបស់លោក Trump នៅក្នុងការស្ទង់មតិនៃការប្រកួតប្រជែងបឋមរបស់គណបក្សសាធារណរដ្ឋ ឥឡូវនេះ អភិបាលរដ្ឋរូបនេះ កំពុងពឹងលើព្រឹត្តិការណ៍តូចៗ ដែលជាព្រឹត្តិការណ៍បន្ថែមភាពស្និទ្ធស្នាលជាងមុនជាមួយអ្នកបោះឆ្នោត៕

ពួកតាលីបង់ និងអាមេរិក បើកកិច្ចចរចាជាផ្លូវការលើកដំបូង ចាប់តាំងពីចូលកាន់កាប់អាហ្វហ្គានីស្ថាន

2023/08/01 12:10:44 pm        165
តាលីបង់៖ ក្រុមមេដឹកនាំតាលីបង់ បានជួបជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិកក្នុងប្រទេសកាតាជាលើកដំបូង ចាប់តាំងពីវិលត្រឡប់មកកាន់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពីរឆ្នាំមុន។អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត ក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរថ្ងៃ រួមទាំងការដកទណ្ឌកម្ម និងបម្រាមធ្វើដំណើរ ក៏ដូចជាការប្រគល់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់នៅបរទេស។លោកអាប់ឌុល កាហា បាឃី (Abdul Qahar Balkhi) បាននិយាយថា គណៈប្រតិភូ ក៏បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបញ្ហាសិទ្ធិមនុស្សផងដែរ។ពុំទាន់មានប្រទេសណាមួយ បានទទួលស្គាល់ពួកតាលីបង់ជាផ្លូវការទេ ចាប់តាំងពីការវិលត្រឡប់មក កាន់អំណាចមកវិញ។ក្រុមនេះ បានចូលមកកាន់អំណាច កាលពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដួលរលំ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសដ៏ចលាចលនេះ បន្ទាប់ពីជម្លោះ២០ឆ្នាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM