ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ប្រធានាធិបតីកូឡុំប៊ី៖ គ្រាប់កាំភ្លើង និងមីស៊ីលរបស់កងកម្លាំងប្រដាប់អាវុធ ត្រូវបានគេលួច ដោយសារអំពើពុករលួយ

2024/05/01 08:21:19 pm        328
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃអង្គារថា ឃ្លាំងស្តុកអាវុធរបស់យោធាបានបង្ហាញថា គ្រាប់កំាភ្លើងជាងមួយលានគ្រាប់ គ្រឿងផ្ទុះរាប់ពាន់គ្រាប់ រួមទាំងគ្រាប់បែកដៃ និងមីស៊ីលមួយចំនួន បានបាត់ពីមូលដ្ឋានយោធា ដោយស្តីបន្ទោសអំពើពុករលួយចំពោះអាវុធដែលបានបាត់បង់ទាំងនេះ។លោក Petro បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកងកម្លាំងប្រដាប់អាវុធ ដោយលោកបានបញ្ជាឲ្យរុះរើបណ្តាញពុករលួយណាមួយ នៅក្នុងកងកម្លាំងសន្តិសុខ ដោយនិយាយថា អាជ្ញាធរតុលាការ កំពុងស៊ើបអង្កេតលើបញ្ហានេះ។លោកបានបញ្ជាក់ថា៖«មធ្យោបាយតែមួយគត់ ដើម្បីពន្យល់ពីការបាត់បង់អាវុធដែលបានកើតឡើងនោះ គឺជាយូរមកហើយ ដោយសារមានបណ្តាញមនុស្ស នៅក្នុងកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលដែល បានធ្វើពាណិជ្ជកម្មអាវុធដ៏ធំ ដោយប្រើប្រាស់អាវុធស្របច្បាប់ពីរដ្ឋកូឡុំប៊ី»។ កប្រធានាធិបតី បាននិយាយថា សព្វាវុធនឹងទៅដល់ដៃក្រុមប្រដាប់អាវុធកូឡុំប៊ី ហើយប្រហែលជាត្រូវបានរត់ពន្ធទៅកាន់ប្រទេសហៃទី ឬដាក់លក់ពួកវាទាំងនោះ នៅលើទីផ្សារងងឹតអន្តរជាតិ។«យើងច្បាស់ជាត្រូវតែបំបែកកងកម្លាំងប្រដាប់អាវុធទាំងស្រុង ដូចជាអំណាចសាធារណៈណាមួយចេញពីឧប្បត្តិហេតុនៃអំពើពុករលួយនេះ។ នោះគឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង និងកងកម្លាំងប្រដាប់អាវុធ»។លោក Petro បានអះអាងថា គ្រាប់កាំភ្លើងធុន ៥,៥៦ មិល្លីម៉ែត្រ ជាង១,៣លានគ្រាប់ បានបាត់ពីឃ្លាំងស្តុក នៅមូលដ្ឋានយោធាពីរ នៅក្នុងទីក្រុងTolemaida នៅប្រទេសកូឡុំប៊ីភាគកណ្តាល និងខេត្ត La Guajira រួមជាមួយនឹងគ្រាប់កាំភ្លើងរាប់សែនគ្រាប់ផ្សេងទៀត។

តំបន់អាស៊ីអាគ្នេយ៍ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រា

2024/05/01 07:56:43 pm        251
រលកកម្ដៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រា កំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឲ្យមានការបិទសាលារៀន ការធ្វើតេស្តបណ្តាញថាមពល និងបណ្តាលឱ្យមានមនុស្សស្លាប់ និងឈឺ ទាក់ទងនឹងកម្ដៅកាន់តែច្រើនគួរឲ្យកត់សម្គាល់។ អស់រយៈពេលជាច្រើនថ្ងៃមកនេះ សីតុណ្ហភាពបានកើនឡើងដល់ពី ១០០ ទៅ ១២០ អង្សាហ្វារិនហៃ ចាប់ពីប្រទេសឥណ្ឌាទៅដល់ប្រទេសហ្វីលីពីន ខណៈកម្រិត៩០អង្សាហ្វារិនហៃ បានហក់ឡើង និងគ្របដណ្ដប់ដល់ភាគខាងជើងរបស់ប្រទេសជប៉ុន។ ប្រវត្តិវិទូអាកាសធាតុ លោក ម៉ាស៊ីមីលីអាណូ ហេរ៉េរ៉ា (Maximiliano Herrera)បានសរសេរនៅលើ Xថា កំណត់ត្រារាប់ពាន់កំពុងត្រូវបានប្រព្រឹត្តិយ៉ាងគ្រោះថ្នាក់ពាសពេញទ្វីបអាស៊ី ដែលជាព្រឹត្ដិការណ៍ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាកាសធាតុពិភពលោក។ កម្ដៅដ៏ក្ដៅ បានរាលដាលពាសពេញតំបន់មួយនេះ កាលពីសប្តាហ៍មុន ហើយគេរំពឹងថានឹងបន្តរហូតដល់ដើមខែឧសភានេះ។នៅតំបន់ខ្លះ សីតុណ្ហភាពបានឡើងខ្ពស់ជាងធម្មតាចាប់តាំងពីខែមីនាមក។ទីក្រុងរណបម៉ានីល ដែលមានប្រជាជនជាង ១៤ លាននាក់នៅក្នុងប្រទេសហ្វីលីពីន បានកត់ត្រាសីតុណ្ហភាពខ្ពស់គ្រប់ពេលវេលាគឺ១០១,៨ អង្សាហ្វារិនហៃ ស្មើ ៣៨,៨ អង្សាសេ កាលពីចុងសប្ដាហ៍នេះ។គេក៏បានមើលឃើញផងដែរពីសីតុណ្ហភាពក្ដៅបំផុតនៅពេលយប់ក្នុងកំណត់ត្រាកាលពីថ្ងៃពុធសប្តាហ៍មុនក្នុងកម្រិត២៩,៨អង្សាសេ ខណៈប្រទេសនេះ បិទសាលារៀនក្រោយមនុស្ស៦នាក់ស្លាប់។ ប្រទេសថៃ កំពុងបន្តរងនូវរលកកម្តៅដ៏ធ្ងន់ធ្ងរ ដោយសីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងតំបន់មួយចំនួន ហើយអាជ្ញាធរ បានព្រមានពីអាកាសធាតុកាន់តែធ្ងន់ធ្ងរ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ស្រុកជាង៣០នៅទូទាំងខេត្តចំនួន ៧៧របស់ប្រទេសថៃ បានមើលឃើញសីតុណ្ហភាពក្ដៅខ្លាំងក្នុងខែមេសា ជា ខែក្តៅបំផុតនៃឆ្នាំនេះ។នៅបង់ក្លាដែស វិញ មនុស្ស ៤០នាក់ បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមករលកកម្តៅដែលអូសបន្លាយរយៈពេលជាងមួយខែ ខណៈមនុស្ស២នាក់ស្លាប់នៅឥណ្ឌា៕

អ្នកស្រុកនៅភាគខាងជើងអ៊ីស្រាអែល ត្រៀមខ្លួនសម្រាប់លទ្ធភាពសង្គ្រាមពេញទំហឹងជាមួយក្រុម ហេសបូឡា

2024/05/01 07:27:55 pm        166
លោក អេលី ហារ៉ែល (Eli Harel) គឺជាទាហានអ៊ីស្រាអែលមានអាយុជាង ៣០ឆ្នាំតិចតួច នៅពេលដែលលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសលីបង់ ក្នុងឆ្នាំ ២០០៦ ដើម្បីប្រយុទ្ធនឹងអ្នកប្រយុទ្ធមកពីក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមបង្ហូរឈាម ដែលភាគច្រើនអាចសន្និដ្ឋានបានរយៈពេលមួយខែ។ឥឡូវនេះ លោក ហារ៉ែល មានអាយុ ៥០ឆ្នាំ បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបម្រើក្នុងកងទ័ពឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមដូចគ្នា ប្រសិនបើការបាញ់ផ្លោងនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលក្លាយទៅជាសង្រ្គាមពេញទំហឹងជាមួយក្រុមតំណាងក្នុងតំបន់ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់។ លោកបាននិយាយថា លើកនេះ កងកម្លាំងអ៊ីស្រាអែល នឹងប្រឈមមុខនឹងលក្ខខណ្ឌប្រយុទ្ធដ៏លំបាកបំផុតមួយចំនួនដែលនឹកស្មានមិនដល់។លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«មានអន្ទាក់ដាក់បង្កប់នៅគ្រប់ទីកន្លែង» ។ «មនុស្ស កំពុងព្យាយាមចេញពីផ្លូវរូងក្រោមដី។ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច បើមិនដូច្នេះទេ អ្នកនឹងស្លាប់ជាមិនខាន»។លោក ហារ៉ែល រស់នៅក្នុងទីក្រុងហៃហ្វា (Haifa) ដែលជាទីក្រុងធំបំផុតទី៣ របស់អ៊ីស្រាអែល ដែលស្ថិតនៅចំពោះមុខអាវុធរបស់ក្រុមហេសបូឡា។ កាលពីពេលថ្មីៗនេះ អភិបាលក្រុងហៃហ្វា បានជំរុញឲ្យអ្នកស្រុក ស្តុកទុកស្បៀងអាហារ និងថ្នាំពេទ្យ ដោយសារតែហានិភ័យនៃសង្គ្រាមកាន់តែកើនឡើង។អ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលរួមនៅក្នុងការកើនឡើងនៃការវាយប្រហារឆ្លងព្រំដែនប្រចាំថ្ងៃក្នុងរយៈពេល ៦ខែកន្លងមកនេះ ស្របជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយការកើនឡើងភាពតានតឹង និងការយកលេសផ្សេងៗរបស់ពួកគេ បានជំរុញឲ្យមានការភ័យខ្លាចនៃជម្លោះក្នុងតំបន់កាន់តែកាន់តែរាលដាលធំឡើង។ក្រុមហេសបូឡា បានប្រមូលអាវុធដ៏ច្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០០៦មកម្ល៉េះ។

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី បានបិទព្រលានយន្តហោះជាច្រើន ខណៈផេះបានទៅដល់ម៉ាឡេស៊ី

2024/05/01 07:16:54 pm        238
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា ការផ្ទុះភ្នំភ្លើងនៅតំបន់ដាច់ស្រយាលរបស់ប្រទេសឥណ្ឌូនេស៊ីបានបង្ខំឱ្យអាកាសយានដ្ឋានជិត១០កន្លែងបានបិទ ដោយមានផេះហុយចូលទៅដល់ប្រទេសម៉ាឡេស៊ី ខណៈអាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសមនុស្សរាប់ពាន់នាក់ចេញ ដោយសារតែការភ័យខ្លាច រលកយក្សស៊ូណាមិ។ភ្នំភ្លើង រូអាង(Ruang) បានផ្ទុះឡើងបីដងកាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះហុយឡើងកម្ពស់ជាង៥គីឡូម៉ែត្រទៅលើអាកាស ហើយកំពុងបង្ខំឱ្យអាជ្ញាធរចេញបទបញ្ជាជម្លៀសប្រជាជនចំនួន ១២.០០០នាក់។ នាវាសង្គ្រោះ និងនានាចម្បាំងមួយគ្រឿង ត្រូវបានបញ្ជូនទៅ ដើម្បីជួយជម្លៀសប្រជាជនរាប់ពាន់នាក់ពីកោះ តាងហ្គូឡានដាង(Tagulandang) ដោយសារតែ ការព្រមាននៅផ្នែកមួយចំនួននៃភ្នំភ្លើងអាចធ្លាក់ចូលទៅក្នុងសមុទ្រ ដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។លោកស្រី Rosalin Salindeho អាយុ ៩៥ឆ្នាំជាពលរដ្ឋកោះ Tagulandang នៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយអំពីការភ័យខ្លាចរបស់លោកស្រី នៅពេលដែលភ្នំភ្លើង រូអាង(Ruang) ផ្ទុះបន្ទាប់ពីលោកស្រីមកដល់កោះ ស៊ីអាវ(Siau)។ លោកស្រីនិយាយថា ភ្នំភ្លើងបានផ្ទុះឡើង វាគួឲ្យខ្លាច មានដុំថ្មធ្លាក់មកដូចទឹកភ្លៀង។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេស បានចែករំលែកផែនទី នៅព្រឹកថ្ងៃពុធនេះ ដែលបង្ហាញថា ផេះភ្នំភ្លើងបានហុយចូលទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ដែលប្រទេសនេះនៅជាប់ជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ។ យោងតាមការជូនដំណឹងពីក្រុមហ៊ុនអាកាសចរណ៍ AirNav Indonesia ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការរាលដាលនៃផេះភ្នំភ្លើង បានបង្ខំឱ្យព្រលានយន្តហោះចំនួន៧កន្លែងត្រូវបិទ ជាអាកាសយានដ្ឋានធំបំផុត នៅទីក្រុង Manado និងទីក្រុង Gorontal។

ក្នុងពេលមានសង្រ្គាមនៅស៊ូដង់ មនុស្សជាច្រើនទទួលទានស្លឹកឈើ និងសត្វឆ្មាដើម្បីរស់

2024/05/01 05:59:33 pm        158
ខណៈភាពអត់ឃ្លាន បានកើតមានក្នុងពេលមានសង្រ្គាមរ៉ាំរ៉ៃនៅប្រទេសស៊ូដង់ គ្រួសាររបស់នាង Lina Mohammed Hassan បានស្វែងរកវិធីដើម្បីរស់រានមានជីវិត។ កូនៗរបស់នាងកំពុងដើបេះស្លឹកឈើ និងទទួលទាន។ នាង Hassan និយាយថា បងប្អូនជីដូនមួយរបស់នាង បានដើរបេះស្លឹកឈើមកចម្អិនជាអាហារ ហើយទទួលទាន ព្រោះយើងមិនដឹងថា តើយើងនឹងមានអាហារសម្រាប់ពេលព្រឹកឬទេ។បណ្តាញប្រព័ន្ធព្រមានពីគ្រោះទុរភិក្ស ជាបណ្តាញរបស់អាជ្ញាធរសាកលទទួលបន្ទុកអសន្តិសុខស្បៀង បានរាយការណ៍កាលពីខែមីនាថា តំបន់ទីក្រុង Khartoum ស្ថិតក្នុងហានិភ័យនៃគ្រោះទុរភិក្ស ហើយវាមិនត្រឹមតែរដ្ឋធានីមួយនេះប៉ុណ្ណោះទេ។ដោយមានជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) វាបានបង្ហាញថា គ្មានសញ្ញានៃភាពធូរស្រាលឡើយ ខណៈភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សកំពុងរាលដាលពាសពេញប្រទេស។នៅជំរំជនភៀសខ្លួនមួយចំនួននៅទីក្រុង North Darfur ប្រជាជន គ្រូពេទ្យ និងបុគ្គលិកជំនួយ បាននិយាយថា មនុស្សជាច្រើនបានងាកទៅរកការទទួលទានស្លឹកឈើហើយនៅពេលនេះ។ មន្ត្រីជំនួយមួយចំនួន បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស(RSF) ថាបានលួចជំនួយមនុស្សធម៌ ហើយកងទ័ពស៊ូដង់ បានរារាំងជំនួយមិនឱ្យទៅដល់អ្នកទាំងឡាយដែលត្រូវការច្រើនបំផុត។ ប៉ុន្តែភាគីទាំងពីរពុំបានឆ្លើយតបទៅនឹងសំណួរលម្អិតសម្រាប់របាយការណ៍នេះទេ។ រដ្ឋាភិបាលដែលដឹកនាំដោយយោធា បាននិយាយថា ខ្លួនប្តេជ្ញាចិត្តដើម្បីដឹកជញ្ជូនជំនួយ។

នគរបាលញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ខណៈបាតុកម្មគាំទ្រប៉ាឡេស្ទីនកាន់តែតានតឹង

2024/05/01 05:49:20 pm        219
មន្ត្រីនគរបាលនៅទីក្រុងញូវយ៉ក (New York) បានសម្រុកចូលបរិវេណសាកលវិទ្យាល័យ កូឡំប៊ី (Columbia) នៅក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារ (៣០ មេសា) ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីបំបែកក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដែលបានកាន់កាប់អគារបរិវេណសាលា បន្ទាប់ពីការប្រឈមមុខដាក់គ្នាជិតពីរសប្តាហ៍ជាគណៈគ្រប់គ្រងគ្រប់គ្រងរបស់សាកលវិទ្យាល័យដ៏ល្បីមួយនេះ។វីដេអូពីការផ្សាយផ្ទាល់បានបង្ហាញនគរបាលសម្រុកចូលទៅក្នុងបរិវេណសាលាដែលស្ថិតនៅតំបន់ ម៉ែនហាតថាន (Manhattan) និងជាចំណុចស្នូលនៃការតវ៉ារបស់និស្សិត ដែលបានរីករាលដាលដល់សាលារៀនរាប់សិបកន្លែងផ្សេងទៀតនៅទូទាំងសហរដ្ឋអាមេរិក ដោយបង្ហាញពីការប្រឆាំងទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។នគរបាលជាច្រើនត្រូវបានគេមើលឃើញឡើងចូលទៅក្នុងអគារតាមបង្អួចជាន់ទី២ ដោយប្រើយានជំនិះដែលភ្ជាប់ជណ្ដើរដើម្បីចូលទៅខាងក្នុងទីតាំងសាកលវិទ្យាល័យ។ការកាន់កាប់អគារដោយក្រុមបាតុករនេះបានចាប់ផ្តើមនៅពេលយប់ ខណៈក្រុមអ្នកតវ៉ាបានវាយបំបែកបង្អួច សម្រុកចូលខាងក្នុងអគារ ហើយបានបង្ហាញបដាដែលសរសេរថា «សាលហីន» (Hind's Hall) ដែលជានិមិត្តរូបនៃការប្តូរឈ្មោះអគារនេះដាក់តាមឈ្មោះកុមារជនជាតិប៉ាឡេស្ទីនអាយុ ៦ឆ្នាំម្នាក់ ឈ្មោះថា ហីន រ៉ាចាប (Hind Rajab) ដែលត្រូវបានសម្លាប់នៅហ្កាហ្សា ដោយយោធាអ៊ីស្រាអែល៕

និស្សិតប៉ាឡេស្ទីន គប់ដុំថ្មលើរថយន្តអ្នកការទូត EU នៅតំបន់ West Bank ជាការតវ៉ាជុំវិញសង្គ្រាម

2024/05/01 05:46:28 pm        161
និស្សិតប៉ាឡេស្ទីន មួយក្រុមបានបង្អាក់កិច្ចប្រជុំអ្នកការទូតសហភាពអឺរ៉ុប (EU) នៅតំបន់ វេសបែង (West Bank) កាលពីថ្ងៃអង្គារ (៣០ មេសា) ហើយបានគប់ដុំថ្មលើរថយន្តរបស់ពួកគេ ដោយបានវាយកម្ទេចកញ្ចក់ខាងក្រោយនៃរថយន្តមួយគ្រឿងក្នុងចំណោមនោះ ដើម្បីតវ៉ាប្រឆាំងនឹងសង្រ្គាមនៅហ្កាហ្សា នេះបើយោងតាមសាក្សីដែលឃើញហេតុការណ៍។ក្រុមអ្នកការទូតសហភាពអឺរ៉ុប ប្រចាំតំបន់ប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែលមួយនេះបានកំពុងបើកកិច្ចប្រជុំនៅសារមន្ទីរប៉ាឡេស្ទីន ដែលប្រារព្ធពិធីប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ាឡេស្ទីននៅទីក្រុង ប៊ឺហ៊្សេត (Birzeit) ជិតក្រុង រ៉ាម៉ាឡា (Ramallah) នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។អ្នកការទូតម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ថាពួកគេកំពុងនៅក្នុងកិច្ចប្រជុំមួយ នៅពេលដែលហ្វូងមនុស្សបានបង្ហាញខ្លួននៅខាងក្រៅស្រែកឱ្យពួកគេចាកចេញ ហើយបន្ទាប់ពីការព្យាយាមចរចាមិនបានសម្រេច អ្នកការទូតក៏បានចាកចេញ។ លោកបានបន្តថា បទពិសោធន៍នេះតានតឹងខ្លាំងណាស់ ប៉ុន្តែមិនមានការគំរាមកំហែងធ្ងន់ធ្ងរដល់មន្ត្រីការទូតណាម្នាក់ឡើយ។និស្សិតម្នាក់មកពីសាកលវិទ្យាល័យក្រុង ប៊ឺហ៊្សេត ដែលចូលរួមក្នុងការតវ៉ានោះបាននិយាយថា ពួកគេបានបង្ខំអ្នកការទូតសហភាពអឺរ៉ុបឱ្យចាកចេញដើម្បីផ្ញើសារប្រាប់ពិភពលោកថា «នរណាម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ និងការវាយលុកលើតំបន់ហ្កាហ្សា» មិនត្រូវបានស្វាគមន៍ឡើយ៕

UN ព្រមានថា ការវាយលុកជើងគោករបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា ខិតកាន់តែកៀក

2024/05/01 05:25:47 pm        132
អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (៣០ មេសា) បានព្រមានថា ការវាយលុកថ្មើជើងរបស់អ៊ីស្រាអែល លើទីក្រុង រ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្ទ្រីប គឺ «កាន់តែកៀកខ្លាំង» ហើយថាវឌ្ឍនភាព «បន្ថែមតិចតួច» របស់អ៊ីស្រាអែល លើការបញ្ជូនជំនួយទៅកាន់តំបន់ហ៊ុមព័ទ្ធនោះមិនអាចប្រើដើម្បីរៀបចំ ឬបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិបត្តិការសឹកណាមួយបានទេ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យបណ្ដារដ្ឋដែលមានឥទ្ធិពលលើអ៊ីស្រាអែល «ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេ» ដើម្បីការពារការវាយលុកជើងគោករបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១,២ លាននាក់រត់ភៀសខ្លួនពីកន្លែងផ្សេងៗនៃតំបន់ហ្កាហ្សា កំពុងជ្រកកោន។ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីសហ្វីបស៍ (Martin Griffiths) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពិភពលោកបានធ្វើការអំពាវនាវដល់អាជ្ញាធរអ៊ីស្រាអែល អស់ជាច្រើនសប្តាហ៍ដើម្បីរំដោះទីក្រុងរ៉ាហ្វា ប៉ុន្តែប្រតិបត្តិការជើងគោកនៅទីនោះគឺខិតកាន់តែជិតដល់ជាងមុនទៅទៀត។ ការពិតដ៏សាមញ្ញបំផុតគឺថា ប្រតិបត្តិការថ្មើជើងនៅ រ៉ាហ្វា គឺមានតែសោកនាដកម្មប៉ុណ្ណោះ»។បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារទីក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាជម្រកសម្រាប់ជាងពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់មួយនេះ៕

អង្គការផ្ទះបាយកណ្តាលពិភពលោក (WCK)និយាយថា អង្គការបានដំណើរការឡើងវិញ នៅហ្កាហ្សា

2024/05/01 05:22:20 pm        141
អង្គការផ្ទះបាយកណ្តាលពិភពលោក (WCK) បានចេញផ្សាយរូបភាព កាលពីថ្ងៃអង្គារ ដែលអង្គការនេះ បានបង្ហាញពីបុគ្គលិកនិងអ្នកស្ម័គ្រចិត្តជាច្រើននាក់ កំពុងធ្វើការនៅតំបន់ហ្កាហ្សា។ អង្គការ WCK បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបន្តប្រតិបត្តិការនៅតំបន់ហ្កាហ្សាស្ទ្រីប មួយខែបន្ទាប់ពីបុគ្គលិក៧នាក់របស់អង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។មុនពេលបញ្ឈប់ប្រតិបត្តិការ អង្គការ WCK បានចែកចាយអាហារជាង៤៣លានកញ្ចប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ដែលបង្ហាញពីចំនួនផ្ទាល់ខ្លួន៦២ភាគរយ ក្នុងចំណោមជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិទាំងអស់។អង្គការសប្បុរសធម៌មួយនេះ បាននិយាយថា អង្គការមានរថយន្តដឹកជំនួយចំនួន ២៧៦គ្រឿង ដែលមានអាហារជិត៨លានកញ្ចប់រួចហើយដើម្បីចូលឆ្លងកាត់ទីក្រុង Rafah ដែលនឹងបញ្ជូនរថយន្តដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា ពីប្រទេសហ្ស៊កដានី។អ្នកស្លាប់កាលពីថ្ងៃទី ១ ខែមេសា បង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ និងការទាមទារការពន្យល់ពីសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិកផងដែរ។អ៊ីស្រាអែល បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញកំហុសធ្ងន់ធ្ងរ និងការរំលោភលើនីតិវិធីធ្វើឡើងដោយយោធារបស់ខ្លួន ដោយបានបណ្តេញមន្ត្រីជាន់ខ្ពស់ពីរនាក់ និងស្តីបន្ទោសមេបញ្ជាការជាន់ខ្ពស់ច្រើននាក់។ ទន្ទឹមគ្នានេះ អង្គការ WCK កំពុងទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យ។

រថយន្តក្រុង និងរថភ្លើងបុកគ្នានៅទីក្រុង Los Angeles បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស

2024/05/01 04:55:36 pm        130
មនុស្សរាប់សិបនាក់ បានរងរបួសបន្ទាប់ពីរថភ្លើងនិងរថយន្តក្រុងបានបុកគ្នា នៅតំបន់ឧទ្យាន Exposition Park ទីក្រុង Los Angeles រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។រថភ្លើងដែលដឹកអ្នកដំណើរជាង១៥០នាក់ និងរថយន្តក្រុងរបស់សាកលវិទ្យាល័យ Southern California (USC) បានបុកគ្នា។អាជ្ញាធរ បានទទួលការរាយការណ៍អំពីឧបទ្ទវហេតុនេះភ្លាមៗនៅមុនពេលរសៀល នៅលើមហាវិថី Exposition ទីក្រុង Los Angeles ។ក្រុមអ្នកសង្គ្រោះបន្ទាន់ បានដឹកជញ្ជូនអ្នករបួសពីរនាក់យកចេញពីរថយន្តសាកលវិទ្យាល័យ ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ខណៈពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅតែដឹងខ្លួននៅឡើយ។បន្ថែមលើនេះ អ្នកដំណើរចំនួន១៦ នាក់នៅលើរថភ្លើង បានរងរបួសស្រាល ប៉ុន្តែត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រនៅកន្លែងថែទាំសុខភាពក្នុងតំបន់។ មនុស្សសរុបចំនួន ៣៧ នាក់បានទទួលការព្យាបាលនៅនឹងកន្លែងកើតហេតុ ហើយត្រូវបានចាកចេញជាបន្តបន្ទាប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
11/08/2026 05:11 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
11/08/2026 03:11 PM
គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
11/08/2026 03:11 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
11/08/2026 03:11 PM
អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
11/08/2026 03:11 PM
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
11/08/2026 02:11 PM
ក្រុម AOT ចុះសង្កេតការណ៍ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខណៈពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសារថៃឈ្លានពាន
11/08/2026 02:11 PM
រុស្ស៊ីវាយប្រហាររោងចក្រថាមពលនៅជុំវិញទីក្រុងគីវ បំផ្លាញស្ពានសំខាន់ៗ និងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់
11/08/2026 02:11 PM
យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
11/08/2026 02:11 PM
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
11/08/2026 02:11 PM