កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

អ្នកគាំទ្ររាប់ពាន់នាក់សម្រុកទស្សនាពានរង្វាន់ FIFA World Cup នៅទីក្រុង Miami

2026/06/29 04:54:11 pm        439
អ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរជាច្រើនម៉ោង ក្រោមអាកាសធាតុក្តៅខ្លាំងនៅទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីទស្សនាពានរង្វាន់បាល់ទាត់ពិភពលោក ខណៈការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានឈានចូលដល់វគ្គចាញ់ធ្លាក់ (Knockout Stage) ៣២ ក្រុមចុងក្រោយ។ពានរង្វាន់មាសសុទ្ធ ១៨ការ៉ាត់ ដែលរចនាដោយវិចិត្រករជនជាតិអ៊ីតាលី Silvio Gazzaniga ត្រូវបានដាក់តាំងបង្ហាញនៅអគារ Freedom Tower ក្នុងទីក្រុង Miami។ ជាធម្មតា ពានរង្វាន់នេះត្រូវបានរក្សាទុកក្រោមការការពារយ៉ាងតឹងរ៉ឹងនៅទីក្រុង Zurich ប្រទេសស្វីស ហើយកម្រត្រូវបានយកមកដាក់តាំងជាសាធារណៈ។លោក Brandon Trujillo Rivera ដែលបានបើកបររយៈពេលប្រមាណពីរម៉ោងកន្លះពីទីក្រុង Fort Myers មកកាន់ Miami បាននិយាយថា ការបានឃើញពានរង្វាន់ពិតដោយផ្ទាល់ គឺជាឱកាសដែលកើតមានតែម្តងក្នុងជីវិត។លោកបានបញ្ជាក់ថា៖ «យើងធ្លាប់តែឃើញការប្រកួត World Cup នៅប្រទេសផ្សេងៗ ប៉ុន្តែពេលវារៀបចំនៅលើទឹកដីរបស់យើង ហើយបានមកឃើញពានរង្វាន់ពិតបែបនេះ វាពិតជាមានតម្លៃខ្លាំង»។ចំណែកអ្នកគាំទ្រជនជាតិពែរូ អ្នកស្រី Natalia de Riglos បានបង្ហាញអារម្មណ៍រំថា៖ «ខ្ញុំមិននឹកស្មានថា ពានរង្វាន់នេះមានទំហំធំ និងមានការរចនាលម្អិតយ៉ាងស្រស់ស្អាតបែបនេះឡើយ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងបរិយាកាស World Cup ពិតប្រាកដ»។ការដាក់តាំងបង្ហាញពានរង្វាន់នេះ ធ្វើឡើងមុនការប្រកួតវគ្គ៣២ក្រុមចុងក្រោយ ដែលទីក្រុង Miami នឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៤ ខែកក្កដា រវាងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន និងក្រុមភ្ញាក់ផ្អើល កាបវែ។អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ លោក Marco Materazzi ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានកោតសរសើរដល់ការបង្ហាញទម្រង់លេងរបស់ក្រុមកាបវែរ ក្នុងការចូលរួម World Cup ជាលើកដំបូង។Materazzi បាននិយាយថា៖ «កាបវែរ គឺជាក្រុមដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនៅពេលនេះ។ ខ្ញុំបានមើលការប្រកួតរបស់ពួកគេ ហើយពួកគេលេងបានយ៉ាងល្អ។ ទោះជាត្រូវជួបក្រុមជើងឯកពិភពលោកអាហ្សង់ទីនក៏ដោយ ប៉ុន្តែក្នុងរយៈពេល ៩០នាទី នៃការប្រកួតបាល់ទាត់ អ្វីៗក៏អាចកើតឡើងបាន»។សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកាបវែរ បានឡើងពីវគ្គចែកពូលដោយមិនស្គាល់បរាជ័យ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ពូល ក្រោមក្រុមអេស្ប៉ាញ និងលើក្រុមអ៊ុយរូហ្គាយ៕ អត្ថបទ៖នាង សុភាវុធ

អាចទេ! វិសាខា ឡើងជួបបញ្ជាការដ្ឋានអង្គរក្ស នៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ តបការចង់បានអ្នកគាំទ្រ?

2026/06/29 04:45:02 pm        218
ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី២ ជាស្ថាពរ ក្នុងចំណោមក្រុមខ្លាំងទាំង ៦ ដោយក្រុមវិសាខា ឈរលេខ១ បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ២ ស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ៣ និងស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ គ្រាដែលក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តកោះកុង បានធ្លាក់ត្រឹមជុំទី២។ទន្ទឹមជាមួយជាមួយការរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយនេះ បានធ្វើឲ្យលទ្ធផល ដែលអ្នកគាំទ្រមួយចំនួន ចង់ឃើញក្រុមវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ អាចមានភាគរយខ្ពស់ ដោយផ្អែកលើលក្ខខណ្ឌ និងទម្រង់លេងបច្ចុប្បន្នរបស់ក្រុមខ្លាំងទាំងពីរ ពិសេសលទ្ធផល នៃការធ្លាប់ជួបគូប្រជែងក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រកន្លងមក។យោងតាមរូបមន្ដប្រកួតវគ្គខ្វែង ៤ក្រុមចុងក្រោយ ក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣ នៃជុំទី២ មានន័យថា ក្រុមវិសាខា ត្រូវជួបស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង។ នេះគឺជាឱកាសមួយ សម្រាប់ក្រុមឈ្នះ ដែលត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសវិសាខា និងបញ្ជាការដ្ឋានអង្គរក្សតែម្ដង។ជាការពិតដើម្បីបានឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងចំណោមបេក្ខភាពក្រុមខ្លាំងទាំង ៤ សុទ្ធតែត្រូវការឈ្នះ ដើម្បីប្រជែងឱកាសមាសនេះ តែក្រឡេកទៅមើលប្រវត្តិជួបគ្នាកន្លងមក វិសាខា បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ទាំង ២ជុំ ក្នុងលទ្ធផល ៣-០សិតនៅជុំទី១ និង ៣-១សិតនៅជុំទី២ គ្រាដែលបញ្ជាការដ្ឋានអង្គរក្ស ដូចគ្នា គឺបានយកឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀង ទាំង ២ជុំ ក្នុងលទ្ធផល ៣-១សិតនៅជុំទី១ និង ៣-០សិតនៅជុំទី២។លទ្ធផលដែលពិបាកប្រកែកនេះ ច្បាស់ណាស់អ្នកគាំទ្របានមើលឃើញពីឱកាសខ្ពស់ ដែលវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស មានសង្ឃឹមអាចឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយគេចផុតពីជំនួបក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។អ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជាមួយចំនួន បានបង្ហាញក្ដីរំពឹងចង់ឃើញជំនួបដ៏កក្រើកជាថ្មី រវាងក្រុមវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស ក៏ព្រោះមិនអស់ចិត្តនឹងលទ្ធផល ដែលវិសាខា បានយកឈ្នះក្រុមជើងឯក ២សម័យដាច់ ៣-០សិត នៅក្នុងជំនួបជុំទី២ កាលពីថ្មីៗ។បែបនេះក្ដី នេះគ្រាន់តែជាការសន្និដ្ឋាន ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រនាថ្ងៃទី១ ខែកក្កដាខាងមុខ តើក្រុមណាខ្លះ នឹងទទួលបានឱកាសបន្ដដំណើរឡើងទៅប្រជែងជើងឯកតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦? សម្រាប់វគ្គផ្ដាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា  

ទោះបីឡើង អ្នកគាំទ្រអាមេរិកសម្ដែងការខកចិត្តក្រោយក្រុមចាញ់តួកគី ឯអូស្ត្រាលីបានត្រឹមស្មើប៉ារ៉ាហ្កាយ

2026/06/26 09:59:24 pm        284
(អាមេរិក)៖ អាមេរិកបានក្លាយជាក្រុមម្ចាស់ផ្ទះទីពីរដែលចាញ់ការប្រកួតចុងក្រោយក្នុងពូល បន្ទាប់ពីសហម្ចាស់ផ្ទះកាណាដា ក្នុងការប្រកួតបាល់ទាត់ពិភពលោក២០២៦។ ក្នុងពូល D ព្រឹកមិញនេះអាមេរិកចាញ់តួកគី ៣ទល់នឹង២ ពីមុខអ្នកគាំទ្រជាង៧០ ០០០នាក់នៅពហុកីឡដ្ឋាន SoFi ឡូសអែនជឺឡេស សហរដ្ឋអាមេរិក ទោះបីនាំមុខមុនក៏ដោយ។ លទ្ធផនេះធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំខកចិត្តយ៉ាងខ្លាំង។ ដោយបានកៅអីវគ្គ៣២ក្រុមចុងក្រោយរួចហើយ អាមេរិកបើកការនាំមុខមុន នៅនាទីទី៣នៅពេលដែលកីឡាករ Auston Levi-Jesaiah Trusty រកបានគ្រាប់បាល់ មុនពេលតួកគីតាមស្មើនៅនាទីទី១០ដោយកីឡាករ Arda Güler។ លុះនាទីទី៣១ តួកគីនាំមុខវិញ ដោយគ្រាប់បាល់របស់កីឡាករ Barış Alper Yılmaz តែនាទីទី៤៩ កីឡាករ Sebastian Matthew Berhalter ជួយឱ្យម្ចាស់ផ្ទះអាមេរិកតាមស្មើវិញ។ លុះចុងម៉ោងនាទីទី៩០+៨ កីឡាករ Kaan Ayhanទាត់គ្រាប់ជ័យជំនះឱ្យតួកគី។ ទោះបីឈ្នះក៏ដោយតួកគីនៅតែធ្លាក់ចេញពីការប្រកួតនេះ។ ចំណែកមួយប្រកួតទៀតក្នុងពូល D នេះដែរ អូស្ត្រាលី និងប៉ារ៉ាហ្កាយស្មើគ្នា ០ទល់នឹង០ ហើយអូស្ត្រាលីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ និងឡើងវគ្គបន្ត។ រីឯប៉ារ៉ាហ្កាយនៅចំាអ៊ុតជាមួយក្រុមលេខ៣ក្នុងពូលផ្សេងទៀតដើម្បីប្រាកដថាឡើងរឺក៏ធ្លាក់ពីការប្រកួត៕

ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន

2026/06/26 08:11:50 pm        283
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ នូវកីឡាការិនី ២៣រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។ជាមួយការកោះហៅកីឡាការិនី ត្រៀមការប្រកួតផ្លូវការ ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នេះ គេឃើញមានការផ្លាស់ប្ដូរកីឡាការិនីថ្មីៗមួយចំនួន បើធៀបបញ្ជីឈ្មោះក្រុម ដែលទើបប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្មីៗ។ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីកីឡាករក្នុងស្រុក ដែលកំពុងលេងនៅលីគនារីកម្ពុជា មានកីឡាការិនីកូនកាត់ខ្មែរនៅបរទេស ២រូប ក៏ត្រូវបានកោះហៅផងដែរ គឺមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា ពិសេសកូនខ្មែរកាត់អាមេរិក សាំង រ៉ូសានហ្គីនដូលីន ដែលទើបកោះហៅលើកដំបូង ត្រៀមយុទ្ធនាការដ៏សំខាន់នាពេលដ៏ខ្លីខាងមុខ។ដូលីន ត្រូវបានចាត់ទុកជាឈាមថ្មី សម្រាប់ក្រុមគោព្រៃផ្នែកនារីកម្ពុជា ។ បច្ចុប្បន្នខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ គឺជាសមាជិកក្រុមបាល់ទាត់សកលវិទ្យាល័យ Pacific University នៅសហរដ្ឋអាមេរិក។ អ្នកគាំទ្ររំពឹងការមកដល់របស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ គួបផ្សំជាមួយកីឡាការិនី ឈីវ សាលីណា ដែលមានបទពិសោធន៍ជួយក្រុមជម្រើសជាតិច្រើនដង និងកីឡាការិនីក្នុងស្រុក ដែលកំពុងមានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ នឹងជំរុញឲ្យក្រុមត្រៀមខ្លួនបានកាន់តែល្អ ដើម្បីប្រកួតប្រជែងពានរង្វាន់ ASEAN Women’s Cup នៅទឹកដីម៉ាឡេស៊ី នាខែកក្កដាខាងមុខ។សម្រាប់បេសកកម្មចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះ ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ បានត្រឹមជើងឯករងប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប

2026/06/26 08:01:02 pm        164
ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Nottingham Forest ក្នុងការផ្ទេរខ្សែបម្រើអង់គ្លេស Elliot Anderson ក្នុងតម្លៃ ១១៦លានផោន (ប្រមាណ ១៥៣លានដុល្លារអាមេរិក) ដែលនឹងក្លាយជាការផ្ទេរមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ប្រសិនបើការផ្ទេរត្រូវបានបញ្ចប់ជាផ្លូវការ។យោងតាមសារព័ត៌មាន BBC ការផ្ទេរនេះនឹងបំបែកកំណត់ត្រាចាស់របស់ Manchester City ដែលបានចំណាយ ១០០លានផោន ដើម្បីទិញ Jack Grealish ពី Aston Villa កាលពីឆ្នាំ២០២១។ ទន្ទឹមនឹងនេះ វាក៏នឹងក្លាយជាការលក់កីឡាករដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Nottingham Forest ផងដែរ។Anderson វ័យ ២៣ឆ្នាំ កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយបានចូលលេងជម្រើសដំបូងទាំងពីរប្រកួត ដោយជួយអង់គ្លេសយកឈ្នះក្រូអាស៊ី ៤-២ និងស្មើហ្គាណា ០-០។ បច្ចុប្បន្ន អង់គ្លេសកំពុងឈរកំពូលតារាងពូល L និងត្រៀមជួបប៉ាណាម៉ា នៅទីក្រុង New Jersey នាថ្ងៃអាទិត្យខាងមុខ។Anderson គឺជាយុវជនដែលធំធាត់ចេញពីថ្នាលបណ្តុះបណ្តាលរបស់ Newcastle United មុនពេលផ្ទេរទៅ Nottingham Forest ក្នុងតម្លៃ ៣៥លានផោន កាលពីឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក គេបានបង្ហាញខ្លួនសរុប ៩២ប្រកួត ស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១លើក នៅក្នុងក្របខណ្ឌ Premier League។សម្រាប់ Manchester City ការផ្ទេរ Anderson ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការកសាងក្រុមឡើងវិញ បន្ទាប់ពីលោក Pep Guardiola បានបញ្ចប់អាជីពដឹកនាំដ៏ជោគជ័យរយៈពេល ១០ឆ្នាំជាមួយក្លិប។ City ដែលបានបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ២ ពីក្រោម Arsenal កំពុងឈានចូលយុគសម័យថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត

2026/06/26 07:53:43 pm        222
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ រវាងបេក្ខភាពទាំង ៦ក្រុម នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលអ្នកគាំទ្រចង់ឃើញក្រុមវិសាខា ជួបបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត នៅវគ្គបន្ទាប់។បច្ចុប្បន្នក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ គ្រាដែលក្រសួងមហាផ្ទៃ ទើបរកបាន ១ពិន្ទុ និងក្រុមមិនទាន់មានពិន្ទុរាប់ ស្នងការនគរបាលខេត្តកោះកុង ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ ចំណែកបេក្ខភាព ៤ក្រុមទៀត កំពុងមានពិន្ទុប្រដេញគ្នា រួមមានក្រុមកំពូលតារាងវិសាខា មាន ៨ពិន្ទុ, ក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ២ មាន ៧ពិន្ទុ, បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ មាន ៦ពិន្ទុ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ មាន ៥ពិន្ទុ។សម្រាប់កម្មវិធីប្រកួតនៅសល់ រួមមាននៅថ្ងៃទី២៧ ខែមិថុនាស្អែក ក្រុមស្នងការនគរបាលខេត្តកោះកុង ត្រូវជួបក្រុមក្រសួងមហាផ្ទៃ, វិសាខា ជួបស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តស្វាយរៀង ជួបក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ដែលជាគូប្រកួតដ៏ទាក់ទាញជាងគេ ក្នុងចំណោមការប្រកួតសេសសល់។រីឯការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា មាន ៣គូដូចគ្នា រួមមានក្រុមវិសាខា ជួបស្នងការនគរបាលខេត្តកោះកុង, ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមបញ្ជាការដ្ឋានអង្គរក្ស។ ការប្រកួតនឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)តែមួយគត់ ចាប់ពីម៉ោង ២រសៀលតទៅ។ទន្ទឹមនឹងការឈានដល់ការប្រកួតសប្ដាហ៍កាត់សេចក្ដីនេះ អ្នកគាំទ្ររំពឹងក្រុមខ្លាំងពីរ ពោលគឺវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស នឹងអាចជួបគ្នាជាថ្មី ពិសេសបើបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក ដ្បិតពួកគេស្ទើរមិនគួរឲ្យជឿ ក្រោយវិសាខា យកឈ្នះក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ដាច់ ៣-០ ក្នុងជំនួបជុំទី២ កាលពីចុងសប្ដាហ៍មុន។មានរឿងរ៉ាវមួយចំនួន ដែលក្រុមទាំងពីរ អាចជួបគ្នាម្ដងទៀត ករណីក្រុមទាំងពីរ មានមួយក្រុមឈរលេខ១ និងមួយក្រុមទៀត ឈរលេខ២ ក្រោយបញ្ចប់ជុំទី២ នោះក្រុមទាំងពីរ នឹងបានប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែបើសិនចប់ជុំទី១ មានក្រុមមួយឈរលេខ១ ហើយក្រុមួយទៀត ឈរលេខ២ ឬលេខ៣ លុះត្រាក្រុមទាំងពីរ អាចយកឈ្នះគូប្រជែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបអាចមានឱកាសជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។យ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន និងទស្សនរបស់អ្នកគាំទ្រ ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយ ដើម្បីកំណត់ក្រុម Top-4 ដែលត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបន្ដការប្រកួតនាថ្ងៃទី១ ខែកក្កដា មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជើងឯកតេជោលីគ រដូវកាលទី៣ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា

អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup

2026/06/26 07:41:55 pm        209
ខណៈដែលការប្រកួតបាល់ទាត់ពិភពលោកកំពុងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ទៅកាន់ទីក្រុង Arlington រដ្ឋ Texas អ្នកគាំទ្រមួយចំនួនបានជ្រើសរើសការស្នាក់នៅក្នុងរថយន្ត Camper Van ជំនួសសណ្ឋាគារប្រណីត ដើម្បីកាត់បន្ថយចំណាយ និងទទួលបានបទពិសោធន៍ថ្មី។នៅជំរុំ Dallas/Arlington KOA Holiday ដែលស្ថិតនៅចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រពីកីឡដ្ឋាន Arlington តម្រូវការកន្លែងចតរថយន្ត RV បានកើនឡើងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រស្វែងរកជម្រើសស្នាក់នៅដែលមានតម្លៃសមរម្យជាងសណ្ឋាគារ។លោក Santiago Meneses អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្វើដំណើរជាមួយមិត្តភក្តិ ៥ នាក់ បាននិយាយថា ការជ្រើសរើសស្នាក់នៅក្នុង RV ជួយសន្សំប្រាក់បានច្រើន និងផ្តល់អារម្មណ៍ផ្សងព្រេងខុសប្លែកពីការស្នាក់នៅសណ្ឋាគារ។ការកើនឡើងនៃតម្លៃសណ្ឋាគារនៅជិតកីឡដ្ឋាន ក៏ជាមូលហេតុសំខាន់មួយផងដែរ។ យោងតាមទិន្នន័យកក់បន្ទប់ស្នាក់នៅ តម្លៃបន្ទប់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី ១៥ ខែកក្កដា អាចឡើងដល់ជាង ៤២០ ដុល្លារក្នុងមួយយប់ ខណៈ Apartment ខ្លះមានតម្លៃលើសពី ៤,៣០០ ដុល្លារ។ សណ្ឋាគារកម្រិតមធ្យមមួយចំនួនក៏បានដំឡើងតម្លៃដល់ ៧០០ ដុល្លារក្នុងមួយយប់ផងដែរ។ផ្ទុយទៅវិញ តម្លៃស្នាក់នៅក្នុងជំរុំ KOA សម្រាប់អ្នកប្រើប្រាស់ RV មានចន្លោះពី ៥៧ ដុល្លារ ទៅ ៧៦ ដុល្លារក្នុងម្នាក់មួយយប់ ដែលទាបជាងតម្លៃសណ្ឋាគារយ៉ាងច្រើន។អ្នកគ្រប់គ្រងទូទៅនៅ KOA លោកស្រី Nona Gomez បានឱ្យដឹងថា តម្លៃស្នាក់នៅក្នុងជំរុំមិនឡើងថ្លៃពេញមួយរដូវកាលប្រកួត ហើយសម្រាប់ការប្រកួតដែលមានក្រុមអង់គ្លេស អាហ្សង់ទីន និងអូទ្រីស ចំនួនកន្លែង RV ស្ទើរតែពេញទាំងស្រុង។ក្រៅពីការសន្សំថវិកា អ្នកគាំទ្រជាច្រើនយល់ថា ការរស់នៅក្នុង Camper Van ផ្តល់ឱកាសជួបជុំ និងផ្លាស់ប្តូរវប្បធម៌ជាមួយអ្នកគាំទ្រមកពីបណ្តាប្រទេសផ្សេងៗ។លោក Leroy Behrens អ្នកគាំទ្រអាល្លឺម៉ង់ ដែលធ្វើដំណើរជាមួយឪពុករបស់គាត់ បាននិយាយថា ការស្នាក់នៅជិតកីឡដ្ឋានក៏ជួយកាត់បន្ថយចំណាយលើការធ្វើដំណើរផងដែរ។ទោះជាយ៉ាងណា ជីវិតក្នុង Camper Van ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជាបន្ទប់ទឹករួមដែលមានមនុស្សច្រើន និងអាកាសធាតុក្តៅខ្លាំងនៅរដ្ឋ Texas។ ប៉ុន្តែអ្នកគាំទ្រភាគច្រើនយល់ថា ការលំបាកទាំងនេះមានតម្លៃសម្រាប់ឱកាសបានទស្សនាការប្រកួតដ៏អស្ចារ្យ និងគាំទ្រកីឡាករដែលពួកគេស្រឡាញ់។លោក Meneses បានបញ្ជាក់ថា៖ «យើងមិនអាចខកខាន World Cup ចុងក្រោយរបស់ Lionel Messi បានទេ មិនថាត្រូវចំណាយប៉ុន្មានក៏ដោយ»។ជាមួយគ្នានេះ លោក Behrens ក៏បានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃការធ្វើពាណិជ្ជកម្មក្នុងវិស័យបាល់ទាត់ ដោយលើកឡើងថា កីឡាបាល់ទាត់គួរតែជារបស់អ្នកគាំទ្រគ្រប់រូប មិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះឡើយ៕ អត្ថបទ៖នាង សុភាវុធ

ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦នឹងត្រូវរៀបចំឱ្យកាន់តែទាក់ទាញ និងគាំទ្រជាងមុនពីមហាជន

2026/06/26 07:27:47 pm        321
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងវិលត្រឡប់មកវិញហើយ នៅចុងឆ្នាំនេះ ដោយក្រៅពីការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ក៏មានការរៀបចំពិធីបើក-បិទជាផ្លូវការជាមួយនឹងកម្មវិធីត្រៀមទុកកាន់តែទាក់ទាញ គាំទ្រពីមហាជន និងអស្ចារ្យជាងមុន។ក្នុងបទសម្ភាសន៍ក្រោយកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ កាលពីថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំក្នុងខែវិច្ឆិកាខាងមុខ ដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្តងមួយនេះ គឺជាខួបលើកទី៥ ដែលយើងនឹងត្រៀមរៀបចំលើកិច្ចការគ្រប់ទម្រង់ទាំងអស់ មុនឈានដល់ថ្ងៃរៀបចំព្រឹត្តិការណ៍តែម្តង។ឯកឧត្តមមានប្រសាសន៍ថា ក្នុងដំណើរត្រៀមនេះ យើងបានបង្កើតគណៈកម្មការ ការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមសហការរៀបចំ។ អ្វីដែលយើងផ្តោត គឺប្រសិទ្ធភាពការងារនៃការរៀបចំ បទពិសោធន៍ ដោយយកចំណុចខ្វះខាតនៅក្នុងបទពិសោធន៍នៃការរៀបចំកន្លងមក មកកែសម្រួលច្នៃប្រឌិតវាឱ្យក្លាយជាលទ្ធផលល្អប្រសើរ ក្នុងន័យទទួលបានការចូលរួមឱ្យបានច្រើនកុះករ និងការគាំទ្រផងដែរ។សូមជម្រាបជូនថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ការប្រកួតកីឡាជាតិ នឹងរៀបចំលើ៣២ប្រភេទកីឡា និងត្រៀមរៀបចំប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន ៧។ ចំពោះពិធីបើកជាផ្លូវកា គ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រមាណ ជាង ៥០០០នាក់៕

បាល់ទាត់ពិភពលោក ២០២៦៖ ពូល F ហូឡង់លេខមួយ ខណៈជប៉ុន និងស៊ុយអែតឡើងវគ្គ ៣២ ក្រុម

2026/06/26 07:09:57 pm        158
ការប្រកួតជុំចុងក្រោយនៃវគ្គចែកពូលក្នុងពូល F នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់នៅព្រឹកនេះ ដោយក្រុមជម្រើសជាតិហូឡង់បន្តបង្ហាញភាពខ្លាំង ក្រោយយកឈ្នះទុយនីស៊ី ៣-១ ខណៈជប៉ុន និងស៊ុយអែត បញ្ចប់ដោយលទ្ធផលស្មើ ១-១ ដែលធានាឱ្យក្រុមទាំងពីរឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។ ក្នុងការប្រកួតនៅទីក្រុង Kansas ក្រុមទឹកក្រូចហូឡង់រកបានគ្រាប់បាល់នាំមុខតាំងពីនាទីទី៣ បន្ទាប់ពីខ្សែបម្រើ Ellyes Skhiri របស់ទុយនីស៊ីភ្លាត់ស៊ុតចូលទីខ្លួនឯង។ បន្ទាប់មក Brian Brobbey បន្ថែមគ្រាប់ទី២ នៅនាទីទី៧ មុនពេល Hazem Mastouri តែតបញ្ចូលទីវាយបកឱ្យទុយនីស៊ីនៅនាទីទី៥៤។ ទោះជាយ៉ាងណា ហូឡង់បានបន្ថែមមួយគ្រាប់ទៀតតាមរយៈបាល់បំប៉ោងចូលទីដោយ Anis Slimane ដែលធ្វើឱ្យការប្រកួតបញ្ចប់ដោយលទ្ធផល ៣-១។ លទ្ធផលនេះមានន័យថាហូឡង់បញ្ចប់ពូល F ជាក្រុមលេខមួយមាន ៧ ពិន្ទុឡើងវគ្គ ៣២ ក្រុមចុងក្រោយជួបម៉ារ៉ុកដែលជាក្រុមលេខពីរនៅពូល C។នៅការប្រកួតមួយទៀត ក្រុមជប៉ុន និងស៊ុយអែត ប្រកួតស្មើគ្នា ១-១។ Daizen Maeda ជាអ្នករកគ្រាប់បាល់ឱ្យជប៉ុននៅនាទីទី៥៦ ប៉ុន្តែ Anthony Elanga បានស៊ុតគ្រាប់បាល់ពីចម្ងាយយ៉ាងស្អាតតាមស្មើភ្លាមៗឱ្យស៊ុយអែត ៥ នាទីបន្ទាប់។ លទ្ធផលនេះគ្រប់គ្រាន់សម្រាប់ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយនឹងត្រូវជួបជាមួយសាំបាប្រេស៊ីលនៅវគ្គ ៣២ ក្រុម ខណៈស៊ុយអែតឈរលេខ៣ និងទទួលបានកៅអីទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមលេខបីល្អមួយក្នុងចំណោម ៨៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់ពិភពលោក ២០២៦៖ បញ្ចប់ការប្រកួតពូល E បីក្រុមឡើងវគ្គ ៣២ ក្រុម

2026/06/26 06:43:36 pm        165
ការប្រកួតវគ្គចែកពូលក្នុងពូល E នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់ជាផ្លូវការហើយ ក្រោយការប្រកួតជុំចុងក្រោយដោយ លទ្ធផលគួរឱ្យភ្ញាក់ផ្អើល ខណៈក្រុមជម្រើសជាតិអេក្វាឌ័រ បានវាយបកយកឈ្នះអាល្លឺម៉ង់ ២-១ និងក្រុមកូតឌីវ័រ បានយកឈ្នះកូរ៉ាសាវ ២-០។នៅកីឡដ្ឋាន MetLife ក្រុមអាល្លឺម៉ង់ដែលបានធានាកៅអីទៅវគ្គបន្ទាប់រួចទៅហើយ បាននាំមុខតាំងពីនាទីទី២ តាមរយៈ Leroy Sané។ ប៉ុន្តែអេក្វាឌ័របានវាយបកយ៉ាងល្អ ដោយ Nilson Angulo រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៩ មុនពេល Gonzalo Plata ស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៧៨ ជួយឱ្យក្រុមរបស់ខ្លួនឈ្នះ ២-១។ នេះជាជ័យជំនះដំបូងសម្រាប់អេក្វាដ័របន្ទាប់ពីពីរប្រកួតដំបូងស្មើមួយចាញ់មួយ ហើយបួនពិន្ទុនេះបានធ្វើឱ្យក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូលតែធានាបានកៅអីវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមល្អបំផុតមួយក្នុងចំណោម ៨។ក្នុងការប្រកួតមួយទៀត ក្រុមកូតឌីវ័រ មិនបានបណ្តោយឱ្យឱកាសរបូតឡើយ ដោយយកឈ្នះកូរ៉ាសាវ ២-០ ដើម្បីបញ្ចប់វគ្គចែកពូលជាមួយ ៦ពិន្ទុ និងឈរលេខ២ ក្នុងពូល E តាមពីក្រោយអាល្លឺម៉ង់ ដែលមាន ៦ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM