កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន

2026/06/23 07:49:14 pm        226
ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើការហ្វឹកហាត់នៅទីក្រុង Miami តែនឹងត្រឡប់មកកាន់ទីក្រុង Houston វិញ ដោយមានភារកិច្ចសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពតំបន់ប្រយុទ្ធ ខណៈពួកគេត្រៀមជួបអ៊ូសបេគីស្ថាន បន្ទាប់ពីលទ្ធផលស្មើ ១-១ ដ៏គួរឱ្យខកចិត្តជាមួយក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការប្រកួតដំបូង។ទោះបីជាក្រុមរបស់លោក Roberto Martinez គ្រប់គ្រងការប្រកួតបានយ៉ាងល្អ និងកាន់កាប់បាល់ច្រើនជាងគូប្រកួតក៏ដោយ ប៉ុន្តែពួកគេមិនអាចបង្ហាញភាពមុតស្រួចក្នុងការបញ្ចប់ទីបានឡើយ។តាមស្ថិតិរបស់ Opta ព័រទុយហ្គាល់បានបញ្ជូនបាល់សរុប ៧៨៣ ដង ក្នុងការប្រកួតជាមួយកុងហ្គោ ដែលជាចំនួនខ្ពស់ជាងគេទី២ ក្នុងជុំដំបូង បន្ទាប់ពីអេស្ប៉ាញដែលមាន ៨០០ ដង។ លើសពីនេះ ពួកគេក៏កាន់កាប់បាល់រហូតដល់ ៧៥ ភាគរយ ដែលជាចំនួនខ្ពស់បំផុតក្នុងការប្រកួតជុំដំបូងផងដែរ។ទោះជាយ៉ាងណា ការគ្រប់គ្រងបាល់ដ៏ល្អនោះ បានបង្កើតឱកាសស៊ុតត្រឹមតែ ៧ លើកប៉ុណ្ណោះ ហើយមានតែ ១ លើកគត់ដែលចំគោលដៅ គឺការតែតបាល់បញ្ចូលទីរបស់ João Neves នៅនាទីទី ៦។សម្រាប់ក្រុមដែលមានការរំពឹងទុកខ្ពស់ជាមួយវត្តមានរបស់ Cristiano Ronaldo និងកីឡាករប្រយុទ្ធមានគុណភាពជាច្រើនរូប បញ្ហាចម្បងមិនមែនស្ថិតនៅលើការគ្រប់គ្រងបាល់នោះទេ ប៉ុន្តែស្ថិតនៅក្នុងតំបន់ប្រយុទ្ធចុងក្រោយ ដែលកង្វះទាំងភាពច្នៃប្រឌិត ការសម្រេចចិត្ត និងការបញ្ចប់ទី។ស្ថិតិបង្ហាញថា ចំនួនស៊ុត ៧ លើករបស់ព័រទុយហ្គាល់ គឺស្ថិតក្នុងចំណោមក្រុមដែលមានការបង្កើតឱកាសតិចបំផុតក្នុងជុំដំបូង ដោយមានតែក្រុម ៥ ក្នុងចំណោម ៤៨ ក្រុមប៉ុណ្ណោះ ដែលស៊ុតតិចជាងពួកគេ។ ផ្ទុយទៅវិញ អេស្ប៉ាញ ដែលស្មើ 0-0 ជាមួយកាបវែរ បានស៊ុតរហូតដល់ ២៧ លើក។លោក Roberto Martinez នឹងសង្ឃឹមថា ក្រុមរបស់ខ្លួនអាចបង្ហាញទម្រង់លេងដ៏មុតស្រួច និងមានប្រសិទ្ធភាពជាងមុន នៅពេលជួបអ៊ូសបេគីស្ថាន ដែលបានបរាជ័យ ៣-១ ក្រោមថ្វីជើងកូឡុំប៊ី ក្នុងការប្រកួត World Cup លើកដំបូងបំផុតរបស់ពួកគេ។ការប្រកួតដំបូងរបស់អ៊ូសបេគីស្ថាន ត្រូវបានគេមើលឃើញថា ពោរពេញទៅដោយភាពតានតឹង និងការប្រុងប្រយ័ត្ន ដោយសារជាបទពិសោធន៍លើកដំបូងនៅលើឆាកបាល់ទាត់ពិភពលោក។ ដូច្នេះ ព័រទុយហ្គាល់ត្រូវបានចាត់ទុកថាមានប្រៀប ប៉ុន្តែពួកគេចាំបាច់ត្រូវបង្ហាញសមត្ថភាពប្រយុទ្ធឱ្យមានប្រសិទ្ធភាពជាងការប្រកួតមុន ប្រសិនបើចង់រកជ័យជម្នះដំបូងក្នុងពូល និងបង្កើនឱកាសឆ្ពោះទៅវគ្គបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ

អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/06/23 07:32:15 pm        235
ក្រុមជម្រើសជាតិអ៊ីរ៉ង់បានបន្សល់ទុកសារមួយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីបញ្ចប់ការប្រកួតស្មើគ្នា ០-០ ទល់នឹងបែលហ្ស៊ិក ក្នុងជំនួបទី២នៃពូល G នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលធ្វើឡើងនៅទីក្រុង Los Angeles។សារដែលសរសេរដោយដៃនោះ ត្រូវបានចែករំលែកជាសាធារណៈដោយសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) ដោយមានខ្លឹមសារថា៖«ចាប់ពីចក្រភពបុរាណពែរ្សរាប់ពាន់ឆ្នាំមុន រហូតដល់អ៊ីរ៉ង់ស៊ីវិល័យនាពេលបច្ចុប្បន្ន វិញ្ញាណរបស់អ៊ីរ៉ង់នៅតែរស់រវើក និងរឹងមាំជានិច្ច។ យើងបានមកកាន់ទីក្រុង Los Angeles ដោយមោទនភាព ប្រកួតដោយកិត្តិយស និងចាកចេញដោយសេចក្តីថ្លៃថ្នូរ។សូមអរគុណទីក្រុង Los Angeles សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ។ ហើយសូមអរគុណប្រជាជនអ៊ីរ៉ង់គ្រប់រូប ដែលបានផ្តល់បេះដូង សំឡេង និងព្រលឹងរបស់ខ្លួនដល់ប្រទេសជាតិ ក្នុងរយៈពេល ១៨០ នាទីនៃការប្រកួតទាំងពីរ។ សូមឲ្យសន្តិភាព ការគោរព និងមិត្តភាព គ្របដណ្តប់លើប្រទេសទាំងអស់នៅលើពិភពលោក»។សារនេះក៏បានរំលឹកដល់ហេតុការណ៍វាយប្រហារលើសាលារៀនកុមារីមួយនៅទីក្រុង Minab ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦៨ នាក់ស្លាប់ នៅថ្ងៃដំបូងនៃសង្គ្រាមផងដែរ។អ៊ីរ៉ង់បានបើកយុទ្ធនាការ World Cup របស់ខ្លួនដោយប្រកួតស្មើ ២-២ ជាមួយនូវែលសេឡង់ មុនពេលស្មើបែលហ្ស៊ិក 0-0 ក្នុងប្រកួតទី២។ ពួកគេនឹងបន្តជួបអេហ្ស៊ីប ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅទីក្រុង Seattle នាថ្ងៃទី ២៨ ខែមិថុនា។ការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup លើកនេះ បានជួបបញ្ហាប្រឈមជាច្រើន ដោយសារស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា និងក្តីបារម្ភផ្នែកសន្តិសុខ។ សមាជិកសំខាន់ៗមួយចំនួននៃក្រុមការងារបច្ចេកទេសត្រូវបានបដិសេធទិដ្ឋាការចូលសហរដ្ឋអាមេរិក ខណៈដែល FFIRI ក៏បានអំពាវនាវឲ្យ FIFA គោរពគោលការណ៍អព្យាក្រឹតភាព និងយុត្តិធម៌ បន្ទាប់ពីសិទ្ធិបែងចែកសំបុត្ររបស់ខ្លួនត្រូវបានដកហូតមុនការប្រកួត។ជាលទ្ធផល អ៊ីរ៉ង់បានផ្លាស់ប្តូរទីតាំងជំរំហ្វឹកហាត់ពីរដ្ឋ Arizona សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Tijuana ប្រទេសម៉ិកស៊ិក ហើយត្រូវគោរពតាមការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹង។ ក្រុមត្រូវបានអនុញ្ញាតឲ្យចូលទឹកដីអាមេរិកតែមួយថ្ងៃមុនការប្រកួត និងត្រូវចាកចេញវិញនៅថ្ងៃប្រកួតដដែល។ដោយសារបញ្ហាទាំងនេះ លោក Amir Ghalenoei គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បានលើកឡើងថា ក្រុមរបស់លោកគឺជាក្រុមដែលរងការលំបាកបំផុតនៅក្នុងការប្រកួត World Cup ឆ្នាំនេះ។ទោះជាយ៉ាងណាលោក Andrew Giuliani នាយកប្រតិបត្តិនៃក្រុមការងារ World Cup របស់សេតវិមាន បានបញ្ជាក់ថា កំពុងមានការពិភាក្សាអំពីការកែសម្រួលកាលវិភាគធ្វើដំណើររបស់អ៊ីរ៉ង់ សម្រាប់ការប្រកួតជាមួយអេហ្ស៊ីបនាពេលខាងមុខ។សាររបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានមើលឃើញថាជាការបង្ហាញពីស្មារតីកីឡា និងការអំពាវនាវឲ្យមានសន្តិភាព ក្នុងអំឡុងពេលដែលស្ថានភាពនយោបាយ និងសន្តិសុខនៅតំបន់កំពុងមានភាពតានតឹង៕ អត្ថបទ៖នាង សុភាវុធ  

២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព

2026/06/23 07:26:28 pm        193
ក្រោយធ្វើដំណើរលើចំងាយផ្លូវជិត៦០ ០០០គីឡូម៉ែត្រ យុវជនកម្ពុជា ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាព ហើយទទួលបានការស្វាគមន៍ប្រកបដោយក្តីនឹករលឹកពីក្រុមគ្រួសារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។នេះជាដំណើរផ្សងព្រេងរបស់លោក ទីវ តារារិទ្ធិ ក្នុងការ ជិះកង់ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដោយជំនះនូវឧបសគ្គជាច្រើនក្នុងការធ្វើដំណើរ។ប្រាប់ទូរទស្សន៍ BTV News អ្នកជិះកង់រូបនេះ បានរៀបពីដំណើរផ្សងព្រេងរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ និងបានជួបប្រទេសនូវរឿងរ៉ាវ ជាច្រើនរាប់មិនអស់ រួមទាំងការធ្លាក់ឈឺខ្លួនធ្ងន់ជាដើម។ លើសពីនេះលោកនៅបានផ្សព្វផ្សាយឱ្យគេដឹង និងស្គាល់ពីប្រទេសកម្ពុជាផងដែរ។លោកបានបន្តថាគោលបំណងនៃដំណើរជិះកង់នេះ គឺដើម្បីស្វែងរកថវិកា២៥ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ ហើយមកដល់ពេលនេះទើបតែទទួលបានថវិកាជិត២២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តទៀត ពេលដែលលោកធ្វើយុទ្ធនាការជិះកង់ចុងក្រោយពីភ្នំពេញទៅខេត្តសៀមរាប។សូមរំលឹកថាលោក ទីវ តារារិទ្ធិបានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និង អាហ្វ្រិក ។ក្នុងបេសកកម្មរយៈពេល២ឆ្នាំនេះ នៅមិនទាន់សម្រេចទំហំថវិកា ដែលជាគោលដៅនោះទេ ពោលនៅខ្វះប្រហែល៣០ ០០០ដុល្លារអាមេរិកទៀត ទើបគ្រប់២៥ម៉ឺនដុល្លារ ហើយលោកបានអំពាវនាវឲ្យមហាជន ជួយគាំទ្រ ដើម្បីថវិកានេះគ្រប់ ហើយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕  

Messi ស៊ុតពីរគ្រាប់បំបែកកំណត់ត្រា World Cup ខណៈអាហ្សង់ទីនកក់កៅអីវគ្គបន្ទាប់

2026/06/23 07:12:41 pm        118
ក្រុមជម្រើសជាតិអាហ្សង់ទីន បានកក់កៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយហើយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីយកឈ្នះអូទ្រីសក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពូល J។ខ្សែប្រយុទ្ធកំពូល Lionel Messi បានក្លាយជាវីរបុរសសម្រាប់ក្រុមការពារជើងឯកពិភពលោក ដោយស៊ុតបញ្ចូលទី ២ គ្រាប់ និងបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រជាច្រើន បើទោះបីជាស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនបានសម្រេចនៅដើមការប្រកួតក៏ដោយ។នៅនាទីដំបូងៗ Messi មានឱកាសបង្កើតប្រវត្តិសាស្ត្រភ្លាមៗ បន្ទាប់ពី Lautaro Martinez រកបានបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែការស៊ុតរបស់គេបានផុតគោលដៅទៅវិញ។ យ៉ាងណាក្តី មុនចប់វគ្គទី១ អាហ្សង់ទីនក៏រកបានគ្រាប់នាំមុខបានសម្រេច នៅពេល Messi រត់ចូលទទួលបាល់បញ្ជូនពី Facundo Medina ហើយស៊ុតបាល់ចូលទីភ្លាមៗ។នេះគឺជាគ្រាប់ទី ១៧ របស់ Messi នៅក្នុងប្រវត្តិសាស្ត្រ World Cup ដែលធ្វើឱ្យរូបគេវ៉ាដាច់អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផ្នែកបុរស។បន្ទាប់ពីការព្យាយាមជាច្រើនដង Messi បានបន្ថែមគ្រាប់ទី២របស់ខ្លួននៅម៉ោងបន្ថែមចុងម៉ោង។គ្រាប់បាល់ទី២នេះ បានធ្វើឱ្យ Messi រកបាន ១៨ គ្រាប់នៅ World Cup ដែលមិនត្រឹមតែបន្តពង្រីកកំណត់ត្រាអ្នកស៊ុតច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផ្នែកបុរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវ៉ាដាច់តារាបាល់ទាត់នារីប្រេស៊ីល Marta ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ទាំងផ្នែកបុរស និងនារីផងដែរ។ជ័យជម្នះ ២-០ លើអូទ្រីស បានជួយឱ្យអាហ្សង់ទីន ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ខណៈ Messi បន្តសរសេរប្រវត្តិសាស្ត្រថ្មីៗនៅលើឆាកបាល់ទាត់ពិភពលោក៕ អត្ថបទ៖នាង សុភាវុធ 

អត្តពលិកតេក្វាន់ដូ WT ឈ្នះមេដាយ ៣ គ្រឿងពីការប្រកួតជើងឯកតេក្វាន់ដូនិម្មិតអាស៊ាន លើកទី១ នៅម៉ាឡេស៊ី

2026/06/23 07:01:57 pm        141
នាអាកាសយាន្តដ្ឋានអន្តជាតិតេជោកាលពីយប់ថ្ងៃចន្ទ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្តើមបានមេដាយចំនួន ៣ គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1st ASEAN VIRTUAL TAEKWONDO CHAM PIONSHIPS 2026” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ និងប្រតិភូដឹងនាំការប្រកួត បាមឲ្យដឹងថា នេះជាលើកទី១ហើយដែល ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចូលរួមព្រឹត្តិការណ៍នេះ ហើយដណ្តើមបានមេដាយចំនួន ៣ គ្រឿង រួមមានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។លោកបន្តថាការចូលរួមប្រកួតជ្រើសរើស ជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ ជាការដកស្រង់បច្ចេកទេស សមត្ថភាព ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការ ស៊ីហ្គេមលើកទី៣៤ ២០២៧ នៅម៉ាឡេស៊ី ហើយប្រភេទវិញ្ញាសារ តេក្វាន់ដូនិម្មិត (VIRTUAL TAEKWONDO) នេះ ម៉ាឡេស៊ីនឹងដាក់បញ្ចូល ក្នុងប្រភេទកីឡាតេក្វាន់ WT ផងដែរ។ជាមួយនេះដែរ កីឡាករម្ចាស់មេដាយប្រាក់ ពៅ ឧត្តម បានសម្តែងនូវការសប្បាយចិត្ត ព្រោះថាជាលើកទីមួយរបស់ខ្លួន បានចូលរួមការប្រកួតកម្រិតអាស៊ីអាគ្នេយ៍នេះ ។កីឡាកររូបនេះប្តេជ្ញាថា នឹងខិតខំហ្វឹកហាត់បន្ត ដើម្បីសម្រេចក្តីបំណងរបស់ខ្លួន យកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មាន៦ប្រទេសចូលរួម ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦ រូប ជាលិទ្ធផលកម្ពុជាទទួលបានមេដាយសរុបចំនួន៣គ្រឿង រួមមានប្រាស់២ និងសំរឹទ្ធ១ ធ្វើបានដោយ កីឡាការិនី លន់ ករុណ និងកីឡាករ ពៅ ឧត្តម ប្រជែងបានមេដាយប្រាក់រៀងៗខ្លួន  ចំណែកមេដាយសំរឹទ្ធិ ធ្វើបានដោយកីឡាការិនី ឈឿង ស្រីអូន។សូមជម្រាបថា ការត្រឡប់មកវិញរបស់អត្តពលិកកម្ពុជាកាលពីយប់មិញនេះ មានការអញ្ជើញទទួលដំណើរស្វាគមន៍ពី លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាផងដែរ៕

Mbappe ស៊ុតពីរគ្រាប់ ជួយបារាំងយកឈ្នះអ៊ីរ៉ាក់ ៣-០ ទោះការប្រកួតរងការរំខាន​ដោយសារអាកាសធាតុ

2026/06/23 06:51:51 pm        226
ក្រុមជម្រើសជាតិបារាំងបានបន្តបង្ហាញភាពខ្លាំងរបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ាក់ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតពូល I ដែលត្រូវបានរំខានមួយរយៈដោយសារបញ្ហាអាកាសធាតុ។ការប្រកួតដែលធ្វើឡើងក្រោមបរិយាកាសដ៏តានតឹង បានចាប់ផ្តើមដោយការគ្រប់គ្រងរបស់ក្រុមមាន់គកបារាំង ដែលបង្ហាញពីគុណភាព និងបទពិសោធន៍លើសគូប្រកួត និងរកបានគ្រាប់បាល់នាំមុខនៅនាទីទី ១៤ ដោយ Kylian Mbappe។ ក្រោយមកស្ថានភាពអាកាសធាតុមិនល្អ ធ្វើឱ្យមន្ត្រីរៀបចំការប្រកួតត្រូវបង្ខំចិត្តផ្អាកការប្រកួតដើម្បីធានាសុវត្ថិភាពរបស់កីឡាករ និងអ្នកទស្សនា។ក្រោយការប្រកួតចាប់ផ្តើមឡើងវិញ បារាំងនៅតែរក្សាសន្ទុះលេងដ៏អស្ចារ្យរបស់ខ្លួន។ តារាឆ្នើម Kylian Mbappe បានក្លាយជាវីរបុរសនៃការប្រកួត ដោយស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន មុនពេល Ousmane Dembele បន្ថែមគ្រាប់ចុងក្រោយ។ពីរគ្រាប់របស់ Mbappe ក៏បានបន្ថែមចំនួនគ្រាប់បាល់របស់ខ្លួននៅក្នុងការប្រកួត World Cup តាមស្មើខ្សែប្រយុទ្ធ អាល្លឺម៉ង់ Miroslav Klose ដែលមានសរុប ១៦ គ្រាប់។ Klose ជាអ្នកកាន់កាប់កំណត់ត្រានេះ មុនពេលត្រូវបានបំបែកដោយ Lionel Messi ដែលរកបានពីរគ្រាប់ក្នុងជ័យជំនះរបស់អាហ្សង់ទីនលើអូទ្រីស ២-០ ដែលធ្វើឱ្យខ្សែប្រយុទ្ធ Inter Miami រូបនេះមានគ្រាប់បាល់សរុបនៅ World Cup ១៨ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

ជិះកង់-រត់ឆ្លងកាត់ឧបសគ្គ អបអរការដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លើកទី៩ មានអ្នកចុះឈ្មោះជិត ១,២០០នាក់

2026/06/23 06:44:37 pm        140
នៅសល់ពេលជិត ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ខណៈគិតត្រឹមថ្ងៃទី២២ ខែមិថុនា មានអ្នកចុះឈ្មោះចូលរួមសរុបជិត ១,២០០នាក់។យោងតាមឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាធំពីរក្នុងពេលតែមួយ ដែលក្រសួង សហការរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន ត្រៀមរៀបចំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ»។ក្រឡេកមកចាប់អារម្មណ៍អ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍នេះដែរ គិតត្រឹមដើមសប្ដាហ៍នេះ គឺមានកីឡាករ-កីឡាការិនីចំនួន ៣៧០នាក់ បានចុះឈ្មោះចូលរួមកម្មវិធីជិះកង់ ពីទីរួមខេត្តកំពង់ធំ ទៅប្រាសាទសំបូរព្រៃគុក និងជាង ៨០០នាក់ទៀត បានចុះឈ្មោះរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៩គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៤២គីឡូម៉ែត្រ។យ៉ាងណាមិញ គណៈកម្មការនៅបន្ដបើកទទួលការចុះឈ្មោះ រហូតដល់ដំណាច់ខែមិថុនា។ អាស្រ័យហេតុនេះ គណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ-កីឡាការិនី ដែលមានបំណងចង់ចូលរួម រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលគណៈកម្មការរៀបចំ ពិសេសគឺដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង ព្រមទាំងលើកកម្ពស់សុខភាព មិត្តភាព និងការបំផុសយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។សម្រាប់កម្មវិធី នៃព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ រួមមាន ការជិះកង់កញ្ចប់ទស្សនកិច្ចចម្ងាយ ៣០គីឡូម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ត្រូវចេញដំណើរពីស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ សម្រាប់ការចុះឈ្មោះជិះកង់ និងរត់ចម្ងាយ ៩គីឡូម៉ែត្រមិនតម្រូវឲ្យបង់ថវិកាឡើយ ។ មិនតែប៉ុណ្ណោះ អ្នកចុះឈ្មោះជិះកង់ ១ពាន់នាក់ដំបូង និងអ្នកចុះឈ្មោះរត់ ៩គីឡូម៉ែត្រចំនួន ៣០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតចំនួន ១ ទៀតផង៕ អត្ថបទ លី ឈុនឡា

Haaland ស៊ុត ២ គ្រាប់ ជួយន័រវេសឈ្នះសេណេហ្កាល់ ៣-២ និងឡើងវគ្គបន្តជាមួយបារាំង

2026/06/23 06:29:43 pm        136
ក្រុមជម្រើសជាតិន័រវេសបានកក់កៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាផ្លូវការ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិសេណេហ្កាល់ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតដ៏ស្វិតស្វាញនៃពូល I ខណៈខ្សែប្រយុទ្ធឆ្នើម Erling Haaland រកបាន ២ គ្រាប់ម្នាក់ឯង។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងជក់ចិត្ត ដោយសេណេហ្កាល់បានដាក់សម្ពាធខ្លាំងនៅចុងការប្រកួត ប៉ុន្តែន័រវេសអាចការពារជ័យជម្នះបានសម្រេច ដើម្បីធានាការឡើងទៅកាន់វគ្គបន្ទាប់។ន័រវេសបានចាប់ផ្តើមការប្រកួតយ៉ាងល្អ និងអាចបើកការនាំមុខនៅនាទីទី ៤៣ តាមរយៈខ្សែការពារ Marcus Pedersen។ចូលដល់វគ្គទីពីរ Erling Haaland បានបន្ថែមគ្រាប់ទី២ នៅនាទីទី 50 តែសេណេហ្កាល់តបវិញភ្លាមៗនៅនាទីទី ៥៣ ដោយ Ismaila Sarr។Haaland ជាថ្មីម្តងទៀតក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៥៨ ធ្វើឱ្យន័រវេសនាំមុខ ៣-១។នៅម៉ោងបន្ថែមបង្គ្រប់ Ismaila Sarr រកបានគ្រាប់បាល់ទី២របស់ខ្លួន និងជាគ្រាប់ទី២របស់សេណេហ្កាល់ ខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ៣-២។ជ័យជម្នះ ៣-២ បានជួយឱ្យន័រវេសធានាកៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយជាមួយបារាំងដែលមាន ៦ ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ  

គ្រូកម្ពុជា ដាក់គោលដៅលេងដល់ថ្ងៃចុងក្រោយ នៃពាន ASEAN Women’s Cup 2026

2026/06/23 06:24:17 pm        198
លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានដាក់គោលដៅ និងរំពឹងកូនក្រុមអាចលេងដល់ថ្ងៃចុងក្រោយ ក្នុងពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ដែលម៉ាឡេស៊ី នឹងធ្វើម្ចាស់ផ្ទះ នាខែកក្កដាខាងមុខ។ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបញ្ចប់ការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 នៅដើមសប្ដាហ៍នេះ ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ជាមួយលទ្ធផលចាប់ឆ្នោតនេះ លោក ឃួន ឡាបូរ៉ាវី រំពឹងថា ក្រុមបាល់ទាត់នារីកម្ពុជា នឹងអាចឆ្លងផុតវគ្គចែកពូល ដោយផ្អែកលើបទពិសោធន៍ធ្លាប់ជួបឥណ្ឌូនេស៊ីជាច្រើនលើកកន្លងមក ពិសេសជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា គ្រាដែលឥណ្ឌូនេស៊ី ក៏បាននាំចូលកីឡាការិនីចូលសញ្ជាតិថ្មីៗមួយចំនួន ។ រីឯទីម័រខាងកើត ទោះលោកខកខានឃើញពួកគេលេងប្រមាណ ១ឆ្នាំ តែលោកក៏រំពឹងទីម័រខាងកើត មានអ្វីប្រែប្រួលខ្លាំងទេ។ដោយសារការជឿជាក់លើកូនក្រុម បន្ទាប់ពីការប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិថ្មីៗកន្លងមក ក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើបានល្អ ទាំងឆន្ទៈ ស្មារតី និងបច្ចេកទេស គឺអាចប្រកួតប្រជែងបាន។ ការណ៍នេះ លោកបានដាក់គោលដៅក្នុងការប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 ឆ្នាំនេះ នឹងដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា ព្យាយាមលេងឲ្យបានយ៉ាងហោចដល់ថ្ងៃចុងក្រោយ។សូមរំឮកថា កាលពីឆ្នាំ២០២៤ ក្រុមជម្រើសជាតិនារីកម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះម្ដងមកហើយ ដោយទទួលបានជើងឯករង បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ជាមួយការប្រកួតនេះដែរ សម្រាប់ក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Championship ជាមួយបេក្ខភាព ៥ក្រុមទៀតកំពុងឈរចាំ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់

2026/06/22 08:35:28 pm        221
នៅខាងក្រៅកីឡដ្ឋាន SoFi ទីក្រុង Los Angeles ដែលកំពុងពោរពេញទៅដោយបរិយាកាសរំភើបនៃការប្រកួត បាល់ទាត់ពិភពលោក ជាងកាត់សក់ក្នុងតំបន់ម្នាក់បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ដោយផ្តល់សេវាកាត់សក់ឥតគិតថ្លៃដល់អ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោក។លោក Raul Arias ម្ចាស់ហាង Primos Barbershop បានឈរនៅជិតច្រកចូលកីឡដ្ឋានកាលពីថ្ងៃអាទិត្យ ដោយកាន់ផ្លាកសរសេរថា “Free Cutz, Welcome to LA” ដើម្បីស្វាគមន៍អ្នកគាំទ្រដែលកំពុងធ្វើដំណើរចូលទស្សនាការប្រកួត រួមទាំងអ្នកគាំទ្រក្រុមជម្រើសជាតិប៊ែលហ្ស៊ិកផងដែរ។ជាងកាត់សក់វ័យ ៣២ ឆ្នាំរូបនេះបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាការបន្តសកម្មភាពសហគមន៍ដែលលោកតែងតែធ្វើនៅតាមតំបន់នានាក្នុងទីក្រុង Los Angeles ប៉ុន្តែលើកនេះបានពង្រីកទៅកាន់ភ្ញៀវអន្តរជាតិដែលមកចូលរួមព្រឹត្តិការណ៍ World Cup។ លោកបញ្ជាក់ថា គោលបំណងសំខាន់គឺចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍កក់ក្តៅ និងទទួលបានការស្វាគមន៍ដូចជានៅផ្ទះរបស់ខ្លួន។ក្រុមជាងកាត់សក់បានរៀបចំកៅអីនៅទីធ្លាខាងក្រៅ និងផ្តល់សេវាកាត់សក់ក្រោមបរិយាកាសតុបតែងស្លាកសញ្ញា World Cup ខណៈមានអ្នកគាំទ្រជាច្រើនឈរទស្សនា និងចូលរួម។ សកម្មភាពនេះបានបន្តដំណើរការដោយរលូន បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ថា ជាសេវាឥតគិតថ្លៃ និងអនុញ្ញាតឱ្យពួកគេបន្តស្ថិតនៅជុំវិញបរិវេណកីឡដ្ឋាន។ម្ចាស់ហាងរូបនេះបានបន្ថែមថា លោកជ្រើសរើសចំណាយពេលវេលាក្នុងអំឡុងព្រឹត្តិការណ៍ដ៏មមាញឹកនេះ ដើម្បីបម្រើសហគមន៍ ជាជាងបន្តរកចំណូលនៅហាងរបស់ខ្លួន។ លោកជឿថា ការបង្កើតទំនាក់ទំនងល្អ និងអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រមានតម្លៃធំជាងប្រាក់ចំណេញ។អ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរចំពោះទឹកចិត្តសប្បុរសនេះ ដោយចាត់ទុកថាជាបទពិសោធន៍ដ៏ពិសេសមួយក្នុងអំឡុងពេល World Cup។ ខ្លះមានគម្រោងកាត់សក់ស្រាប់ ខណៈអ្នកខ្លះទៀតបានសម្រេចចិត្តចូលរួមភ្លាមៗ ហើយចាកចេញទៅកាន់កីឡដ្ឋានជាមួយម៉ូដសក់ថ្មី និងអារម្មណ៍រីករាយ។សកម្មភាពរបស់លោក Raul Arias បានក្លាយជារូបភាពវិជ្ជមានមួយនៅក្រៅកីឡដ្ឋាន SoFi ដោយបង្ហាញពីស្មារតីស្វាគមន៍ និងភាពរួសរាយរាក់ទាក់របស់ប្រជាជន Los Angeles ចំពោះអ្នកគាំទ្របាល់ទាត់មកពីគ្រប់ទិសទី៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM