កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ឥណ្ឌាដករូបសំណាក Messi ចេញនៅទីក្រុង Kolkata ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព

2026/06/03 10:03:24 pm        286
អាជ្ញាធរក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា បានសម្រេចដករូបសំណាកដ៏ធំរបស់​កំពូល​តារា​បាល់​ទាត់​អាហ្សង់ទីន Lionel Messi ដែលមានកម្ពស់ជាង ២០ ម៉ែត្រ ចេញពីទីតាំង​សាធារណៈ​កា​ល​ពី​ថ្ងៃទី១ ខែមិថុនា បន្ទាប់ពីមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់សំណង់។យោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រជាពលរដ្ឋនៅតំបន់ Lake Town បាន​សង្កេត​ឃើញថា រូបសំណាកដ៏ធំនេះមានការរង្គើ និងយោលខ្លាំងនៅពេលមានខ្យល់បក់ខ្លាំង។ ក្រោយទទួលបានពាក្យបណ្តឹង មន្ត្រីនៃនាយកដ្ឋានសាធារណការ (PWD) បានចុះត្រួតពិនិត្យ និងរកឃើញបញ្ហាសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជនបាន។ រូបសំណាកនេះត្រូវបានរុះរើដោយប្រើរថយន្តស្ទូចធុនធ្ងន់ និងដឹកយកទៅរក្សាទុកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងពិចារណាទីតាំងថ្មីសម្រាប់ដំឡើងឡើងវិញ។ រំលឹកថារូបសំណាក Messi ត្រូវបានសម្ពោធនៅខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលដំណើរទស្សនកិច្ចរបស់ Messi មកកាន់ Kolkata ក្នុងកម្មវិធី “GOAT India Tour”។ រូបសំណាកដ៏ធំនេះត្រូវបានចាត់ទុកជានិមិត្តរូបនៃភាពល្បីល្បាញរបស់ Messi ក្នុងរដ្ឋ West Bengal ដែលជាតំបន់មានអ្នកគាំទ្របាល់ទាត់យ៉ាងច្រើន។ ទោះជាយ៉ាងណា បញ្ហាសុវត្ថិភាពបានធ្វើឱ្យអាជ្ញាធរត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក

2026/06/03 09:48:39 pm        238
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវិសាខា ដោយគណៈកម្មការត្រៀមរៀបចំនូវទស្សនីភាពជាច្រើន ពិសេសការប្រកៀកស្មាច្រៀងចម្រៀងជាតិ ដើម្បីជាការដាស់ស្មារតីជាតិដល់កូនខ្មែរ បន្ដលើកទឹកចិត្តដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកជានិច្ច។ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្រោយពិធីចាប់ពូល កាលពីថ្មីៗថា ការចូលរួមដ៏ច្រើនពីបណ្ដាក្រុម តំណាងក្រសួង-ស្ថាប័ន និងអង្គភាពនានា គឺជាការបង្ហាញនូវឆន្ទៈរួមមួយ ហើយគណៈកម្មការរៀបចំ ក៏នឹងមានអញ្ជើញសិល្បៈករល្បីៗជាច្រើន និងសិស្សសាលាវិចិត្រសិល្បៈ ចូលរួមសម្ដែងនូវអ្វីដែលជាការចងចាំរបស់កូនខ្មែរ ក្នុងនោះក៏មានការក្រោកឈរប្រកៀកស្មាគ្នា ច្រៀងចម្រៀងជាតិ ដើម្បីជាការដឹងគុណ ព្រមទាំងលើកទឹកចិត្តដល់វីរកងទ័ព និងជនភៀសសឹកនៅជួរមុខ ហើយឯកឧត្តមសង្ឃឹមថា នឹងមានប្រជាពលរដ្ឋ និងយុវជនច្រើនកុះករចូលរួម ដើម្បីបង្ហាញពីកម្លាំងសាមគ្គីខ្មែរ។គួរដឹងថា ព្រឹត្តិការណ៍ Soccer League ឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខភាពចូលរួមសរុប ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕ អត្ថបទ លី ឈុនឡា

FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas

2026/06/03 09:34:06 pm        620
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបើកដំណើរ​ការជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​អន្តរជាតិ​ (International Broadcast Centre - IBC) សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នៅកណ្តាលទីក្រុង Dallas រដ្ឋតិចសាសសហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រធាន FIFA​ លោក Gianni Infantino ខណៈ​អេក្រង់​ត្រួត​ពិនិត្យ​រាប់​រយ​គ្រឿង​ត្រូវ​បាន​ដំណើរ​ការ​នៅ​មជ្ឈ​មណ្ឌល​សន្និបាត Kay Bailey Hutchison Convention Center។មជ្ឈមណ្ឌល IBC នេះនឹងក្លាយជាទីតាំងស្នាក់ការសំខាន់សម្រាប់ស្ថាប័នសារព័ត៌មាន និងអ្នក​ផ្សាយ​បន្ត​ផ្ទាល់មកពីជុំវិញពិភពលោក។ ជាមួយគ្នានេះ វាក៏នឹងទទួល​បន្ទុក​គ្រប់​គ្រង​ប្រព័ន្ធ​ពិនិត្យ​វីដេអូ​ជំនួយអាជ្ញាកណ្តាល (VAR) សម្រាប់គ្រប់ការប្រកួតទាំងអស់ផងដែរ។លើសពីនេះ មជ្ឈមណ្ឌលនេះនឹងត្រួតពិនិត្យ និងគ្រប់គ្រងសញ្ញាកាមេរ៉ាពីទីលានប្រកួតទាំង ១៦ កន្លែង ដែលស្ថិតនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែលជាប្រទេសម្ចាស់ផ្ទះរួម។មជ្ឈ​មណ្ឌលដ៏ធំនេះមានផ្ទៃក្រឡាសរុបប្រមាណ ៤៥,០០០ ម៉ែត្រការ៉េ និងត្រូវ​បាន​ចាត់​ទុក​ជា​បេះដូង​នៃ​ប្រតិបត្តិការផ្សាយតាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បុគ្គលិកផ្នែកផ្សាយបន្តផ្ទាល់ប្រមាណ ២,០០០ នាក់ នឹងបំពេញការងារ​នៅ​ទីនេះ​ពេ​ញ​មួយ​ព្រឹត្តិការណ៍​។នេះគឺជាលើកទីពីរហើយដែលទីក្រុង Dallas ទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌល IBC បន្ទាប់​ពីធ្លាប់រៀបចំក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ១៩៩៤៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី

2026/06/03 09:04:15 pm        206
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២ នាក់លើវិញ្ញាសារ​(បុរស និងនារី)ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី មាន​ប្រទេស៨ចូលរួមប្រកួតប្រជែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៦។ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរំលឹកថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រមុនគេក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី១ នាឆ្នាំ២០២៥ ហើយនាពេលនោះ កម្ពជាទទួលបានជើងឯកមេដាយមាសទាំងពីរក្រុម។ដូច្នេះការចាកចេញទៅលើកនេះកម្ពុជានិងចូលរួមការប្រកួតលើកទី២របស់ខ្លួន ក្នុងការ ការពារតំណែងជើងឯកមេដាយមាសផង និងចូលរួមដកស្រង់បចេ្ចកទេសថ្មីៗ ព្រមទាំងកសាង មិត្តភាព សាមគ្គីភាពរវាង នៅក្នុងតំអាស៊ាន និង អាស៊ីផងដែរ ។អគ្គលេខាធិការរូនេះបានលើកឡើងបន្ថែមថា ក្រុមកីឡាករ កីឡាការិនី បានហ្វឹកហាត់ចំនួន៣ខែមុនចាកចេញ ដូច្នេះពួកគាត់ទាំង២ក្រុមប្តេជ្ញាចិត្តខ្ពស់ និងដាក់ក្តីសង្ឃឹម ក្នុងការ ការពារមេដាយមាសមកកម្ពុជាវិញ។ចំណែកសមាជិកក្រុមបាល់បោះអង្គុយនារី បានបង្ហាញថាក្រុមសង្ឃឹម១០០%នឹងអាចដណ្តើមមេដាយមាសជាលើទី២ជូនជាតិមាតុភូមិ ព្រោះថាការហ្វឹកហាត់កន្លងមកមានភាពរីកចម្រើនជាងមុន។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ២០២៦ នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេស។ ចំពោះវិញ្ញាសា ផ្នែកបុរសមានចំនួន៨ប្រទេសចូលរូម កម្ពុជាស្ថិតនៅពូលA រួមមាន ឥណ្ឌា បង់ក្លាដេស និងប៊ូតង់។ ឯផ្នែកនារីមានចំនួន៦ប្រទេស កម្ពុជា ស្ថិតនៅក្នុងពូលA រួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី និង ប៊ូតង់៕

ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup

2026/06/03 08:40:42 pm        184
ប្រធានាធិបតីបារាំង Emmanuel Macron បានអញ្ជើញជួប និងលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅថ្ងៃអង្គារម្សិលមិញ មុនពេលក្រុមធ្វើដំណើរទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោក 2026 FIFA World Cup ដែលនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក។នៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិ Clairefontaine លោក Macron ត្រូវបានស្វាគមន៍ដោយគ្រូបង្វឹកក្រុមជម្រើសជាតិលោក Didier Deschamps និងប្រធានក្រុម Kylian Mbappe។ ក្នុងឱកាសនោះ លោកក៏បានជួបក្រុមបាល់ទាត់ជម្រើសជាតិនារីបារាំងផងដែរ។ក្រុមបារាំងគ្រោងនឹងចេញដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ១០ ខែមិថុនា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត World Cup ដែលនឹងបើកឆាកនៅថ្ងៃទី ១១ ខែមិថុនា។បន្ទាប់ពីបរាជ័យក្រោមថ្វីជើងអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រកាលពី ៤ ឆ្នាំមុន បារាំងត្រូវបានគេចាត់ទុកថាជាក្រុមមួយមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គបន្ត និងជាបេក្ខភាពដណ្តើមពានជើងឯកលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ក្នុងវគ្គចែកពូល ក្រុមបារាំងស្ថិតនៅពូល I ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ន័រវេស និងសេណេហ្កាល់។ការប្រកួតបើកឆាករបស់បារាំង នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ទល់នឹងក្រុមសេណេហ្គាល់ នៅកីឡដ្ឋាន MetLife ខណៈដែលអ្នកគាំទ្រកំពុងរង់ចាំមើលថា តើក្រុមរបស់លោក Deschamps អាចឈានដល់ភាពជោគជ័យ និងនាំយកពាន World Cup មកកាន់ប្រទេសបារាំងជាលើកទី៣ បានឬយ៉ាងណា៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់

2026/06/03 08:25:23 pm        174
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពឡើងជុំទី២ ហើយ ក្រោយដំណើរការប្រកួតសន្សំពិន្ទុ ជុំទី១ រយៈពេលជាងកន្លះខែកន្លងមក ហើយ​មាន​បេក្ខភាព ​២ក្រុមត្រូវកាត់ចេញ គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង​ក្រុម​កង​ពល​ធំ​អន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។សម្រាប់ក្រុមខ្លាំង ៦ក្រុម ដែលត្រូវបន្ដការប្រកួតប្រជែងជុំទី២ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ក្នុងជុំទី១ ពោលគឺរកបាន ២០​ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា ។ រីឯក្រុមវិសាខា ឈរលេខ២ រកបាន ១៧ពិន្ទុ, ក្រសួង​មហា​ផ្ទៃ ឈរលេខ៣ រកបាន ១៤ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខ៤ រក​បាន ១២ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរលេខ៥ រកបាន ១១ពិន្ទុ និង​ក្រុម​ស្នងការដ្ឋាននគរបាលខេត្តកោះកុង រកបាន ៦ពិន្ទុ ឈរលេខរៀងទី៦។សម្រាប់​ដំណើរឆ្ពោះទៅការប្រកួតជុំទី២ ក្នុងចំណោមបេក្ខភាពទាំង ៦ នឹងត្រូវ​បន្ដ​ការ​ប្រកួត​សន្សំ​ពិន្ទុ​មួយ​ជុំទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗ ៤ក្រុមលំដាប់កំពូលតារាង ឡើងទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយជុំទី២ គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួត ក្រោយបញ្ចប់ជុំទី១ ក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យសម្រាក ក៏​ដូច​ជា​ធ្វើការរៀបចំក្រុម ខណៈសហព័ន្ធបានកំណត់លក្ខខណ្ឌឲ្យក្រុមនីមួយៗ មានសិទ្ធ​ផ្លាស់​ប្ដូរកី​ឡាក​រ​ថ្មី ​ទាំងខ្មែរ និងបរទេសចំនួន ៦រូប ដើម្បីពង្រឹងក្រុមប្រកួតប្រជែងកាន់តែប្រសើរ។គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្រុមឈរលេខ១ នឹងត្រូវជួបក្រុមឈរលេខ៤ គ្រាដែលក្រុមឈរលេខ២ និងត្រូវជួបក្រុមឈរលេខ៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតកាត់សេចក្ដីរកក្រុមជើងឯក តេជោលីគ រដូវកាលទី៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា

គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី

2026/06/03 12:02:45 am        421
លោក Yasuhiro Yashida គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំកូនក្រុមប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី។ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចាប់ផ្ដើមការប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Yasuhiro Yashida បានសម្ដែងក្ដីរីករាយ ក្នុងការដឹកនាំក្រុមចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី ហើយក្រុមទាំងមូល បានតាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ដោយប្ដេជ្ញានឹងប្រឹងប្រែងឲ្យដល់ទីបញ្ចប់ ហើយខិតខំនាំយកលទ្ធផលល្អជូនប្រទេសកម្ពុជា។គួរដឹងថា ការប្រកួតជើងឯកយុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៦ នេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U19 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមយុវជនអូស្ដ្រាលី និងហ្វីលីពីន។ ប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 ហ្វីលីពីន មុនគេ នាថ្ងៃទី៦ ក្រោយ ហ្វីលីពីន និងអូស្ដ្រាលី ត្រូវជួបគ្នាបើកឆាកពូលC នាថ្ងៃទី៣ ខែមិថុនាស្អែក។ រីឯជំនួបបញ្ចប់ពូល រវាងកម្ពុជា និងអូស្ដ្រាលី នឹងធ្វើឡើងនាថ្ងៃទី៩ ខែមិថុនាខាងមុខ៕ អត្ថបទ លី ឈុនឡា

Moisés Caicedo បំផុសក្តីស្រមៃកុមារអេក្វាឌ័រ តាមរយៈសាលាបាល់ទាត់ ដើម្បីប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម

2026/06/02 10:29:40 pm        198
កុមារ និងយុវជនជាច្រើននាក់នៅភាគខាងត្បូងនៃទីក្រុង Quito ប្រតេសអេក្វាដ័រ​កំពុង​សម្រុក​ចូល​ហ្វឹកហាត់បាល់ទាត់ជារៀងរាល់ថ្ងៃ ដោយទទួលបានការបំផុស​គំនិតពីតារាបាល់​ទាត់​ជម្រើស​ជាតិ​អេក្វាឌ័រ Moisés Caicedo និងមានក្តីស្រមៃចង់ក្លាយជាកីឡាករអាជីព ព្រមទាំងបាន​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោកដូចជាវីរបុរសរបស់ពួកគេ។កុមារដែលមានអាយុចន្លោះពី ៥ ដល់ ១៦ ឆ្នាំ កំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ Nino Moi 23 មួយក្នុងចំណោមសាលាជាច្រើនដែលត្រូវបានបង្កើតឡើងដោយ Caicedo និងគ្រួសាររបស់គាត់ នៅតំបន់ Guamaní ដែលជាសហគមន៍ប្រឈមនឹងបញ្ហាសន្តិសុខ និងអំពើឧក្រិដ្ឋកម្ម។ គម្រោងនេះមានគោលបំណងជួយឱ្យកុមារនៅឆ្ងាយពីគ្រឿងញៀន និងបទល្មើសផ្សេងៗ ព្រមទាំងបង្កើតឥទ្ធិពលវិជ្ជមានដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស។រដ្ឋាភិបាល Ecuador បានទទួលស្គាល់ថា មានករណីក្រុមឧក្រិដ្ឋជនទាក់ទាញ និងជ្រើសរើសកុមារ ឬយុវជនឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដោយសារតែភាពក្រីក្រ កង្វះឱកាសសិក្សា សកម្មភាពក្រៅម៉ោងសិក្សា និងការងារ ព្រមទាំងបញ្ហាភូមិសាស្ត្ររបស់គ្រួសាររបស់ពួកគេ។សាលាបាល់ទាត់ Nino Moi 23 ដែលបង្កើតឡើងដោយ Caicedo បច្ចុប្បន្នបានពង្រីកដល់ ៣៨ សាខាទូទាំងប្រទេស រួមទាំងនៅប្រជុំកោះ Galápagos ផងដែរ។ សាលាទាំងនេះផ្តល់ឱកាសឱ្យកុមារហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពតាមរយៈកីឡាបាល់ទាត់ ក្នុងបរិយាកាសមានសុវត្ថិភាព និងវិជ្ជមាន។Caicedo ដែលបច្ចុប្បន្នជាខ្សែបម្រើសំខាន់របស់តោខៀវ Chelsea និងក្រុមជម្រើសជាតិអេក្វាឌ័រ នឹងចូលរួមប្រកួត World Cup ជាលើកទី២ ក្នុងអាជីពរបស់ខ្លួន។ មុនឈានដល់កម្រិតកំពូលនេះ រូបគេបានចាប់ផ្តើមលេងបាល់ទាត់នៅទីលានដីធម្មតាមួយក្នុងសហគមន៍ក្រីក្រនៃទីក្រុង Santo Domingo។សម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ដែលជាការចូលរួមលើកទី៥របស់អេក្វាឌ័រ ពួកគេនឹងត្រូវជួបកូដឌីវ័រក្នុងពូល E នាថ្ងៃទី១៤ ខែមិថុនា នៅទីក្រុង Philadelphia មុនជួបគូរ៉ាសៅនៅទីក្រុង Kansas City នាថ្ងៃទី២០ ខែមិថុនា និងចុងក្រោយជួបអាល្លឺម៉ង់នៅរដ្ឋ New Jersey ប្រាំថ្ងៃក្រោយមក៕ អត្ថបទ៖នាង សុភាវុធ 

មន្រ្តីជាន់ខ្ពស់៖ ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់​ត្រូវ​ផ្អែក​ទៅ​លើ​យុទ្ធសាស្រ្ត ៥ចំណុច

2026/06/02 10:06:20 pm        182
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដើម្បី​ចូលរួម​ការ​ប្រកួត​ទទួល​បាន​ជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់ត្រូវផ្អែកទៅលើយុទ្ធសាស្រ្ត ៥ចំណុច ។ ការ​បញ្ជាក់បែបនេះ ក្នុងឪកាស ឯកឧត្តមចូលរួមបើកសិក្ខាសិលា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការ​ហាត់​ហ្វឹក​ហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡា​ជម្រើស​ជាតិ​ឆ្នាំ​២០២៦ នាថ្ងៃទី០១ ខែ មិថុនា នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡារាជធានីភ្នំពេញ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ធលេខាធិការក្រសួង និងជាគ្រូឧទេ្ទសផងដែរ បានផ្តល់​យុទ្ធសាស្រ្ត ៥​ចំណុច​ទៅ​សិក្ខាកាម រួមមាន៖ ទី១. គ្រូបង្វឹក គ្រូជំនួយ ត្រូវរៀបចំផែនការ ហាត់ហ្វឹកហ្វឺន ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ការធ្វើតេស្ត កីឡាករ កីឡាការិនី ស្របតាមលក្ខណបច្ចេកទេស និងវិទ្យាសាស្រ្តកីឡា។២.លោកគ្រូ អ្នកគ្រូត្រូវពង្រឹងលើកម្មវិធីហាត់ហ្វឹកហ្វឺន វិន័យ សីលធម៍ ណែនាំពីបទបញ្ជានៃការប្រកួតដល់ កីឡាករ កីឡាការិនី។៣.លោកគ្រូ អ្នកគ្រូត្រូវពិនិត្យលើរបបអាហាររបស់កីឡាករ កីឡាការិនី ទាំងមុនការប្រកួត កំឡុងពេល ប្រកួត ដូចជាអាហារដែលមានជាតិហឹល ជាតិហ្គាស អារហារដែលពិបាកក្នុងការរំលាយអាហារ ជាពិសេគឺអាហារ ភេជ្ជៈដែលប៉ះពាល់សុខភាព និងត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ។ល។៤.អត្តពលិកគ្រប់រូបត្រូវគោរពបទបញ្ជា នៃការប្រកួត មិនត្រូវប្រើប្រាស់សារធាតុលើកកម្លាំង Play True, Clean Sports & Fair Play.៥.អត្តពលិកគ្រប់រូប ត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ព្រោះនេះជាឳកាសល្អក្នុងការបង្ហាញ ស្នាដៃជូនជាតិ។ជាមួយនេះដែរ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនបានឲ្យដឹងថា ដោយទទួលការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ មជ្ឈមណ្ឌលបានដាក់ជា៣ដំណាក់កាល ដំណាក់កាលទី១ រយៈពេល០២ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅប្រទេសចិន កន្លងមកនេះ ទទួលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង។ដំណាក់កាលទី២ រយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងក្រុមកីឡាថ្នាល ០៩ខែ ចាប់បីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៦ និងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រៀមការប្រកួតអូឡាំពិក យុវជនរដូវក្ដៅ និងការប្រកួតអាស៊ីក្នុងសាល និងយុទ្ធគុនចម្រុះលើកទី៧ នៅអារ៉ាប់ប៊ីសាអូឌីត។សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ ធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ០២ ខែ មិថុនា មានសក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងវគ្គ ៥នាក់ គ្រូឧទ្ទេស ៥នាក់ អនុគណៈកម្មការសម្របសម្រួល ៣នាក់ អនុគណៈកម្មាការជំនួយការ ចំនួន៣នាក់ផងដែរ៕

លោក Conor ជាអ្នកបុកគ្រឹះ ខណៈ ធារី ជាអ្នកសាងសង់ ដើម្បីជំរុញភាពខ្លាំង ISI ត្រៀមរដូវកាលថ្មី

2026/06/02 09:06:48 pm        213
ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានតែងតាំងលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាគ្រូបង្គោលថ្មី ព្រមទាំងបាននាំចូលកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងស្មារតី និងរៀបចំយុទ្ធសាស្ត្រចាក់គ្រឹះដ៏រឹងមាំសម្រាប់ត្រៀមប្រកួតក្នុងរដូវកាលថ្មី។ពិធីបង្ហាញសមាសភាពបុគ្គលសំខាន់ទាំង ២រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយប្រធានក្លិបលោក កាំង សេន បានចាត់ទុកលោក Conor គឺជាអ្នកបុកគ្រឹះ និង ធារី ជាអ្នករួមចំណែកសាងសង់ក្លិបឲ្យបានរឹងមាំ ដើម្បីរើបម្រាសចេញពីតំបន់បាតតារាង នារដូវកាលក្រោយ។ថ្លែងក្នុងសន្និសីទដដែល លោក កាំង សេន ថា ឆ្នាំនេះ ពិតជាស័ក្ដិសមបំផុត ក្នុងការចាប់ផ្ដើមកសាងចាក់គ្រឹះឲ្យពិប្រាកដ ក្រោយស្គាល់រាក់ជ្រៅ បន្ទាប់ពីឡើងមកលេងលីគកំពូល ៣រដូវកាល។ ការណ៍នេះ ទើបលោកសម្រេចនាំចូលលោក Conor និង ធារី ដើម្បីរួមគ្នាបុកគ្រឹះ និងសាងសង់ក្លិបឲ្យបានខ្លាំង ។ មិនតែប៉ុណ្ណោះ លោកក៏បង្ហើបត្រៀមនាំកីឡាករមានបទពិសោធន៍ និងជាគំរូ ទាំងក្នុង និងក្រៅទីលាន ផ្សេងទៀត មកជួយក្រុមទៀតផង។ជាមួយគ្នាលោក Conor Nestor បានសម្ដែងក្ដីរីករាយ ដែលបានត្រឡប់មកកាន់ក្លិប ដែលលោកចាត់ទុកជាផ្ទះរបស់ខ្លួន ដ្បិតលោកធ្លាប់រួមចំណែកជួយ ISI តាំងពីនៅជាក្លិបពាក់កណ្ដាលអាជីព ។ ចំពោះមុខ ក្នុងការដឹកនាំក្រុមដំរីជ័យ លោកមិនសន្យាអ្វីនោះទេ តែលោកប្ដេជ្ញានឹងសាងសង់ក្លិប និងសហគមន៍ដ៏អស្ចារ្យមួយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ដោយឡែកកីឡាករ ធារី ចន្ថាប៊ីន ក្នុងវ័យ ៣៥ឆ្នាំរូបគេ បានអរគុណថ្នាក់ដឹកនាំក្លិប ISI សម្រាប់ការផ្ដល់ឱកាស និងផ្ដល់ទំនុកចិត្តដល់ខ្លួន ក្នុងការចូលរួមជាមួយក្លិប ហើយ ធារី ក៏បានតាំងចិត្តនឹងប្រើប្រាស់នូវបទពិសោធន៍ ក៏ដូចជាអ្វីដែលខ្លួនមាន ដើម្បីជួយក្លិបប្រកួតប្រជែង និងសម្រេចឲ្យបាននូវសមិទ្ធផលល្អប្រសើរ នារដូវកាលថ្មីខាងមុខផងដែរ។គួរដឹងថា ការបង្ហាញគ្រូបង្គោល និងប្រធានក្រុមថ្មីនេះ ធ្វើឡើងក្រោយ ISI ដង្កោសែនជ័យ បានធ្វើការរុះរើគ្រូ និងកីឡាករដ៏ធំកាលពីថ្មីៗ ក្នុងនោះក្រៅពីចែកផ្លូវជាមួយគ្រូបង្គោលលោក ទុំ សារ៉ាយ ក្លិបបានចែកផ្លូវជាមួយកីឡាកររហូតដល់ ១៥នាក់ ។ ប៉ុន្ដែបើតាមលោក កាំង សេន ក្រៅពីកីឡាករ ធារី ចន្ថាប៊ីន ក្លិបក៏នឹងបន្ដនាំចូលកីឡាករថ្មីៗ និងមានបទពិសោធន៍ផ្សេងទៀត មកជួយក្រុមផងដែរ។ក្រឡេកទៅចាប់អារម្មណ៍លោក Conor ធ្លាប់ដឹកនាំព្រះខ័នរាជស្វាយរៀង ៥រដូវកាល នៅចន្លោះឆ្នាំ២០១៨-២០២៣ មុនចាកចេញទៅបន្ដអាជីពនៅឥណ្ឌា និងម៉ាឡេស៊ី ហើយត្រឡប់មកដឹកនាំក្លិបបឹងកេត នៅកម្ពុជាវិញ នៅចន្លោះឆ្នាំ២០២៤-២០២៦ មុនបឹងកេត ប្រកាសចែកផ្លូវកាលពីថ្មីៗ។ ដូច្នេះ ISI គឺជាក្លិបទី៣ ដែលលោកដឹកនាំនៅកម្ពុជា។ចំណែកកីឡាករ ធារី ចន្ថាប៊ីន ជាកីឡាករមានបទពិសោធន៍ជោគជ័យ ទាំងនៅកម្ពុជា និងបណ្ដាក្លិបក្នុងតំបន់មួយចំនួន ហើយ ISI គឺជាក្លិបទី៦ ដែលខ្សែបម្រើការពារខ្មែរបារាំងរូបនេះ ត្រូវប្រកបអាជីព បន្ទាប់ពីធ្លាប់លេងឲ្យភ្នំពេញក្រោន, អគ្គិសនីកម្ពុជា, វិសាខា, ព្រះខ័នរាជស្វាយរៀង និងឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM