កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២

2026/04/03 11:45:48 pm        378
ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ ក្នុងជំនួបលើកទី៣ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងជើងឯកដ៏ស្ដួចស្ដើង ពិសេសការរក្សាកៅអីលេខ២ ដែលកំពុងប្រឈមការបាត់បង់។បន្ទាប់ពីធ្វើមិនបានល្អផ្ទួនៗ នាប៉ុន្មានប្រកួតចុងក្រោយ ភ្នំពេញក្រោន បានរបូតឱកាសប្រជែងជើងឯកពានធំៗចំនួន ២ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ដែលធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ហើយឱកាសដណ្ដើមជើងឯកលីគកំពូលកម្ពុជា ក៏ស្ទើរតែបាត់បង់ដែរ ។ មិនតែប៉ុណ្ណោះ សូម្បីកៅអីលេខ២ ក្នុងលីគ ក៏កំពុងរងសម្ពាធពីគូប្រជែង ដែលឈរនៅលេខរៀងបន្ទាប់ផងដែរ។បើធៀបនឹងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នភ្នំពេញក្រោន ចាញ់ប្រៀបរហូតដល់ ១២ពិន្ទុ ហើយបើធៀបនឹងក្រុមឈរលេខ៣ ណាហ្គាវើលដ៏ ពួកគេនាំមុខត្រឹម ៥ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះជំនួបទល់ក្រុមការពារជើងឯកថ្ងៃសៅរ៍នេះ ក្រៅពីត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសដណ្ដើមពានដ៏តិចតួចបំផុត ក៏ជារឿងចាំបាច់ ដែលពួកគេត្រូវខំប្រឹង ដើម្បីរក្សាកៅអីលេខ២ ដែលជាចំណាត់ថ្នាក់ មានឱកាសបានលេងពានរង្វាន់ទី២ ទ្វីបអាស៊ី នារដូវកាលថ្មីផងដែរ។សម្រាប់ក្រុមលោក McConkey Matthew វិញ គិតត្រឹមសប្ដាហ៍ទី២៦ ពួកគេត្រូវការត្រឹម ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគកម្ពុជា ជាថ្មី ដោយមិនខ្វល់ពីលទ្ធផលរបស់បេក្ខភាព Top-6 ផ្សេងទៀតឡើយ ពិសេសការប្រកួតទល់ភ្នំពេញក្រោន នាថ្ងៃស្អែកនេះ ប្រសិនបើពួកគេទទួលបានជ័យជម្នះ នោះភាគរយលើកពាននឹងកាន់តែខ្ពស់។យ៉ាងណាមិញអ្នកគាំទ្រកំពុងរង់ចាំមើលការប្រកួតនេះ ដ្បិតព្រះខ័នរាជស្វាយរៀង មានភារកិច្ចដ៏សំខាន់ កំពុងរង់ចាំនៅ ៤ថ្ងៃក្រោយការប្រកួតនេះ គឺជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26 ទល់នឹងក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីហ្វីលីពីន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ក្រៅពីជំនួបដ៏ធំប្រចាំសប្ដាហ៍ទី២៧ នេះ ក៏នឹងមានការប្រកួតរវាងបេក្ខភាព Top-6 ២ប្រកួតទៀត នាថ្ងៃសៅរ៍ស្អែកនេះ រួមមានក្រុមណាហ្គាវើលដ៏ ជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមអឹមអូអាយ កំពង់ដេវ៉ា ជួបក្រុមបឹងកេត នៅកីឡដ្ឋានវិសាខា។ ចំណែកនៅថ្ងៃអាទិត្យ នឹងមានការប្រកួត ២គូ រវាងក្រុមខាងក្រោមទាំង ៥ ក្នុងនោះក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ និងក្រុមកងយោធពលខេមរភូមិន្ទ បើកទ្វារផ្ទះទទួលក្រុមវិសាខា។គួរដឹងថា ក្នុងចំណោមបេក្ខភាព Top-6 បច្ចុប្បន្ន នៅសល់ ៦ប្រកួតក្នុងដៃ គ្រាដែលក្នុងតារាងពិន្ទុ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៩ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៣ មាន ៤២ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤១ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ៤០ពិន្ទុ និងអឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៣ពិន្ទុ៕ អត្ថបទ លី ឈុនឡា 

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញគ្រូបង្វឹក និងអត្តពលិក ស្វែងយល់ពីវិទ្យាសាស្ដ្រកីឡា

2026/04/03 09:31:09 pm        331
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​គណៈ​កម្មការ​អត្ត​ពលិក​កម្ពុជា បានជំរុញគ្រូបង្វឹក និងអត្តពលិកទាំងអស់ ស្វែងយល់រាល់ចំណេះដឹង ពាក់​ព័ន្ធ​នឹង​វិទ្យា​សាស្ដ្រកីឡា ដើម្បីលើកកម្ពស់ការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធ សុវត្ថិភាព ចៀស​វាង​នូវ​បញ្ហា​គ្រោះ​ថ្នាក់ផ្សេងៗ។ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិទ្យាសាស្ដ្រកីឡា ជូនដល់គ្រូបង្វឹក និង​អត្ត​ពលិកមកពីសហព័ន្ធកីឡាជាតិ ស្របពេលយុទ្ធនាការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា បាន​ចាប់​ផ្ដើម​នៅដើមខែមេសា ឆ្នាំ២០២៦។ឯកឧត្តមមានប្រសាសនន៍ថា វិទ្យាសាស្ដ្រកីឡា ពិតជាមានសារៈសំខាន់សម្រាប់គ្រូបង្វឹក និង​អត្ត​ពលិក​គ្រប់​រូប ដែលត្រូវយកចិត្តទុកដាក់ និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បី​ពង្រីក​ចំណេះ​ដឹងជួយឲ្យការបង្ហាត់ ក៏ដូចជាការហ្វឹកហាត់ ក្នុងន័យលើកកម្ពស់សមត្ថភាព និង​ប្រសិទ្ធ​ភាព ក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ នាពេលខាងមុខ។ឯកឧត្តមបន្ដថា ក្រសួងមានបំណងរៀបចំឲ្យបានញឹកញាប់ ពោលគឺអាចធ្វើឡើងជារៀងរាល់ខែ ដើម្បី​បញ្ជ្រាប​ចំណេះដឹងពីភាពទូលំទូលាយនៃវិទ្យាស្ត្រកីឡាឲ្យគ្រូបង្វឹក និងអត្តពលិក​កម្ពុជា​មាន​ចំណេះ​ដឹង​កាន់តែប្រសើរបន្តិចម្តងៗ ព្រោះការរៀបចំតែម្តង មិនអាចធ្វើឲ្យ​សិក្ខា​កាម​ចាប់​បាន​ទាំង​អស់​នោះ​ទេ។ ដូច្នេះតាមរយៈការរៀបចំវគ្គនេះ នឹងអាចជួយបង្កើន​ប្រសិទ្ធ​ភាព​ហ្វឹក​ហាត់​កាន់​តែ​ប្រសើរ ​ដោយការពារនូវសុវត្ថិភាពកំឡុងពេលហ្វឹកហាត់ ចៀសវាងនូវបញ្ហារបួសផ្សេងៗ។សូម​បញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្ដីពីវិទ្យាស្ត្រកីឡានេះ មានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ-កីឡា​ការិនីចូលរួមចំនួន ១១២នាក់ មកពី ៤០សហព័ន្ធកីឡាជាតិ ដោយមានការចូលរួមពីវាគ្មិន ដែល​ជាជំនាញការអន្ដរជាតិមានបទពិសោធន៍ជាង ១៥ឆ្នាំទៀតផង៕ អត្ថបទ លី ឈុនឡា 

NOCC ទទួលបានការកោតសរសើរពីអន្ដរជាតិ ក្នុងការផ្សព្វផ្សាយ និង​អប់រំ​គុណ​តម្លៃ​អូឡាំពិក​នៅ​កម្ពុជា

2026/04/03 09:11:09 pm        195
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពី​អង្គ​សាមគ្គី​អូឡាំពិក និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ចំពោះការផ្សព្វផ្សាយ និង​អប់រំ​ពី​គុណតម្លៃអូឡាំពិកនៅកម្ពុជា។នេះបើតាម​ការ​លើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្របពេលអង្គការកីឡាក្រៅរាជរដ្ឋាភិបាលនេះ បានចាប់ផ្ដើម​បន្ដ​យុទ្ធនា​ការ​រៀប​ចំ​កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ លើកដំបូង នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។មន្ដ្រី​ជាន់​ខ្ពស់រូបនេះ បន្ដថា កម្មវិធីគុណតម្លៃអូឡាំពិក ត្រូវបានដាក់​ក្នុង​ផែន​ការ​យុទ្ធសាស្ដ្រ​ប្រចាំ​ឆ្នាំ​មួយ​របស់ចលនាអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ដើម្បីបញ្ជ្រាបចំណេះដឹង និងអប់រំពីគុណតម្លៃ និងឧត្តមគតិអូឡាំពិក ដល់យុវជន ពិសេស​សិស្សា​នុសិស្ស ហើយយុទ្ធនាការនេះ ត្រូវបានមើលឃើញ និងមានការវាយ​តម្លៃ​ខ្ពស់​ពី​ស្ថាប័ន​ចលនា​អូឡាំពិក​អន្ដរជាតិ។គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិក រៀបចំជាច្រើន​ឆ្នាំ​មក​ហើយ ​តាមបណ្ដាលរាជធានី-ខេត្តជាច្រើន ក្រោមជំនួយពីអង្គការសាមគ្គីអូឡាំពិក និងក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង អំពីស្មារតី និងឧត្តមគតិអូឡាំពិក ក៏​ដូច​ជា​ជំរុញឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងការអភិវឌ្ឍ តាមរយៈ​សកម្ម​ភាព​កីឡា​ជា​ដើម​។សម្រាប់ឆ្នាំ២០២៦ នេះ បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា បានត្រៀមបន្ដការរៀបចំនៅតាមបណ្ដាខេត្តជាច្រើនទៀត ក្នុងគោលដៅ​ឆ្ពោះ​ទៅ​រក​ការរៀបចំតាមគ្រឹះស្ថានអប់រំ ឲ្យបានគ្រប់រាជធានី-ខេត្ត ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ ប៉ុន្ដែ​អ្វី​ដែល​ពិសេសឆ្នាំនេះ ក្នុងចំណោម​ខេត្ត​គោល​ដៅ​ត្រៀម​រៀប​ចំ ​NOCC ​បាន​ផ្ដោត​ជា​ពិសេស​ដល់​ខេត្ត​ជាយ​ដែនចំនួន ២ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃ គឺ​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏ដូច​ជា​ការ​នាំ​យក​នូវ​ជំនួយ​ជួយ​រៀបចំទីលាន និងសាលាមានការខ្វះខាតសម្ភារផ្នែកកីឡាទៀតផង៕ អត្ថបទ លី ឈុនឡា 

អវត្តមានពី World Cup បីព្រឹត្តិការណ៍ជាប់គ្នាស្មើនឹង ១២ឆ្នាំ អ្នក​គាំទ្រ​អ៊ីតាលី​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់

2026/04/02 09:59:14 pm        129
ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលី ជាថ្មីម្តងទៀតបានខកខានកៅអីបាល់ទាត់ពិភពលោក ៣ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីបរាជ័យទល់នឹងបូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៃវគ្គ Play-Off ផ្តាច់ព្រ័ត្រ។មិនដែលមានអតីតជើងឯកណាមួយធ្លាប់ខកខានកៅអី World Cup ៣ ព្រឹត្តិការណ៍​ជាប់​គ្នា​បែប​នេះ​ឡើយ បន្ទាប់ពីពួកគេខកខានឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា។អ្នកគាំទ្របាល់ទាត់អ៊ីតាលីបានបង្ហាញអារម្មណ៍ឈឺចាប់ តែទទួលយកការពិត៖អ្នកគាំ​ទ្រ៖ រឿងនេះតែងតែកើតឡើងមិនថាបាល់ទាត់រឿងអ្វីផ្សេងទេ នៅពេលដែល​អ្នក​ធ្វើ​អ្នក​នឹង​ជួប​បរាជ័យជៀសមិនផុត។ មុនខុសគ្នាទេ បាល់ទាត់ពេលខ្លះ​យើង​ឈ្នះ​ពេល​ខ្លះ​យើង​ចាញ់​។ ខ្ញុំ​នៅតែគិតថា Gennaro Gattuso ធ្វើបានល្អហើយ។អ្នកគាំទ្រស្រី៖ ខ្ញុំពិតជាសោកស្តាយ ទោះខ្ញុំមិនមែនជាអ្នកគាំទ្របាល់ទាត់ក៏ដោយ។ ខ្ញុំ​គិតថាអ៊ីតាលីធ្វើបានល្អហើយ គ្រាន់តែមិនមានសំណាង។ ខ្ញុំនឹងព្យាយាមទទួលយកការពិត និង​សង្ឃឹម​ថាពួកគេធ្វើបានល្អនៅពេលក្រោយ។ អ្នកគាំទ្រ៖ នេះជាបរាជ័យដ៏ធំមួយរបស់ពួកយើង ហើយមិនមែនជារឿងថ្មីដែរ ពួកយើង​ស្គាល់​អារម្មណ៍​ពីរលើកជាប់គ្នា ហើយឥឡូវបីលើកជាប់គ្នា។ World Cup ឆ្នាំនេះមានដល់ទៅ ៤៨ ក្រុម ហើយយើងមិនទទួលបានកៅអី នេះជារឿងឈឺចាប់បំផុតមួយ។ រំលឹកថា តាំងពីឈ្នះជើងឯកពិភពលោកលើកទី ៤ នៅឆ្នាំ​ ២០០៦ អ៊ីតាលី​ឆ្លង​មិន​ផុត​វគ្គ​ចែក​ពូល​ឡើយ​នៅ​ពីរព្រឹត្តិការណ៍បន្ទាប់ឆ្នាំ​ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២០១៤ នៅប្រេស៊ីល៕ អត្ថបទ៖នាង សុភាវុធ  

ប្រជាជនអ៊ីរ៉ាក់ជួបជុំគ្នាអបអរក្រុមជម្រើសរើសជាតិឈ្នះកៅអី World Cup លើកដំបូង​ក្នុងរយៈពេល ៤០ ឆ្នាំ

2026/04/02 09:48:25 pm        101
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានក្លាយជាក្រុមចុងក្រោយបំផុតដែលបំពេញកៅអី World Cup ដែលនៅសល់ បន្ទាប់ពីយកឈ្នះបូលីវៀ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ Play-Off អន្តរទ្វីប។ ការអបអរសាទរ មិនហត់នឿយ មិនស្រាកស្រានឡើយសម្រាប់ប្រជាជនអ៊ីរ៉ាក់នៅរដ្ឋធានី Baghdad ខណៈអ៊ីរ៉ាក់នឹងបង្ហាញខ្លួននៅ World Cup ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។ សំលេងស្រែកហ៊ោ ស៊ីផ្លេ ទង់ជាតិ លើកបដា និងរាំរែក ជាសកម្មភាពអបអររបស់ប្រជាជនអ៊ីរ៉ាក់ភ្លាមៗក្រោយស្នូកញ្ចែផ្លុំបញ្ចប់ការប្រកួតដែលអ៊ីរ៉ាក់យកឈ្នះបូលីវៀរ ២-១។Aymen Hussein ជាអ្នករកបានគ្រាប់បាល់ជ័យជំនះឱ្យក្រុមអ៊ីរ៉ាក់នៅវគ្គទីពីរ និងជាគ្រាប់បាល់ដែលបញ្ជាក់ថា អ៊ីរ៉ាក់ជាក្រុមទី ៤៨ ចុងក្រោយគេឈ្នះកៅអី World Cup ឆ្នាំនេះដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។អ៊ីរ៉ាក់ស្ថិតក្នុងពូល I ជាមួយក្រុមជើងឯកពីរសម័យបារាំង ន័រវេស និងសេណេហ្កាល់។រំលឹកថាអ៊ីរ៉ាក់បង្ហាញខ្លួនចុងក្រោយបំផុតនៅ World Cup តាំងពីឆ្នាំ ១៩៨៦ នៅពេលម៉ិកស៊ិកធ្វើម្ចាស់ផ្ទះនៅពេលនោះ៕ អត្ថបទ៖នាង សុភាវុធ

នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវសង្គ្រោះ Spurs គេចពីការកាត់ចេញ

2026/04/02 09:31:15 pm        137
ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Roberto de Zerbi ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ។អតីតអ្នកចាត់ការ Brighton រូបនេះ នៅសល់ ៧ ប្រកួតដើម្បីសង្គ្រោះក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះពីការកាត់ចេញទៅក្របខណ្ឌទីពីរ League Championship។ក្នុងរយៈពេលត្រឹម ២ ខែខាងមុខ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងក្លាយជាវីរបុរសរបស់ក្លិប រឺជាអ្នកនៅរួមរស់ជាមួយក្លិបនៅពេលធ្លាក់ទៅក្របខណ្ឌទីពីរ ហើយក៏មានឈ្មោះពាក់ព័ន្ធនឹង Spurs ក្នុងរដូវកាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តក្លិប។Roberto de Zerbi បានក្លាយជាគ្រូបង្វឹកទី ៣ នៅ Spurs ក្នុងរដូវកាលនេះបន្ទាប់ពី Thomas Frank និង Igor Tudor។ បច្ចុប្បន្នឈរលេខ ១៧ នៅ Premier League មួយពិន្ទុពីលើតំបន់គ្រោះថ្នាក់ Spurs មិនដែលឈ្នះមួយប្រកួតណាឡើយនៅ Premier League ក្នុងឆ្នាំ ២០២៦ នេះ។ Roberto de Zerbi ធ្លាប់ដឹកនាំ Brighton ឡើងទៅវគ្គជម្រុះក្របខណ្ឌអឺរ៉ុបនៅពេលដឹកនាំក្លិប Premier League មួយនេះពីឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលចាកចេញទៅ Marseille ដឹកនាំក្រុមបានលេខ ២ ក្នុងលីគរដូវកាលមុន។ ៧ ប្រកួតដែលនៅសល់សម្រាប់ Spurs រួមមាន ទៅផ្ទះ Sunderland សប្តាហ៍ក្រោយ មុនបន្តជួប Brighton, Leeds, Everton, Wolves, Aston Villa និង Chelsea៕ អត្ថបទ៖ នាង សុភាវុធ

បទចម្រៀង ១៣ឆ្នាំមុន “Take me to America” ល្បីឡើង​វិញ​ក្រោយ​បូស្នៀឈ្នះ​អ៊ីតាលី​ឡើង​លេង​ World Cup

2026/04/02 07:29:13 pm        144
ប្រជាជនបូស្នៀអបអរមិនសម្រាកឡើយ បន្ទាប់ពីបូស្នៀបានយកឈ្នះក្រុមជើងឯកបួន​សម័យ​អ៊ីតាលី​ដោយ​បាល់ ១១ ម៉ែត្រកាត់សេចក្តីទទួលបានកៅអីបាល់ទាត់ពិភពលោកនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។ការអបអរសាទរតាំងពីពេលយប់រហូតព្រលឹមឡើង នៅពេលកីឡាករវ័យក្មេងបូស្នៀ Esmir Bajraktarevic ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រចុងក្រោយ ហើយអ្នកចាំទីលំដាប់កំពូលពិភពលោក Gianluigi Donnarumma ជួយមិនបាន។ ប្រជាជនបូស្នៀបានជួបជុំគ្នារាំច្រៀង សប្បាយរីករាយមិននឿយហត់ និងនាំគ្នាច្រៀងបទចម្រៀង “Take me to America” ដែលច្រៀងដោយតារាចម្រៀងបូស្នៀ Dubioza Kolektic តាំងពី ១៣ ឆ្នាំមុន។ បទចម្រៀងនេះដែរ ត្រូវបានគេប្រើប្រាស់ជាបទចម្រៀងមិនផ្លូវ​ការ​មួយ​សម្រាប់​បូស្នៀ​ក្នុង​ដំណើរ​នៃ​វគ្គជម្រុះ បាល់ទាត់ពិភពលោកឆ្នាំនេះ។ព្រឹកព្រលឹកស្រាងៗនៅទីក្រុង Sarajevo អ្នកគាំទ្របាល់ទាត់បានបង្ហាញក្តីរីករាយ និងអបអរក្រុមជម្រើសជាតិពួកគេ៖ (អ្នកគាំទ្រស្រី)៖ សូមអបអរសាទរចំពោះក្រុមបាល់ទាត់រហ័សនាម នាគរាជរបស់យើង ..!ពិតជាអស្ចារ្យណាស់ ហើយខ្ញុំសូមជូនពរឱ្យ "នាគ" ជួបតែសំណាងល្អ ហើយសូមអរគុណសម្រាប់ការធ្វើរឿងនេះសម្រាប់បូស្នៀ និងហឺហ្សេហ្គោវីណា។(អ្នកគាំទ្រប្រុស)៖ "តើអ្នកដឹងទេ ប្រទេសដែលមានទុក្ខលំបាកនេះត្រូវការសុភមង្គល លទ្ធផលដ៏ល្អមួយប៉ុណ្ណា? យើងត្រូវចាំថា យើងត្រូវសប្បាយចិត្ត ហើយនៅទីនេះយើងឃើញពីរបៀបដែលអ្នកជិតខាងរបស់យើងគាំទ្រយើង។ មានតែភាពសុខដុមរមនា ការរួបរួម និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ - នោះហើយជាអនាគត ហើយខ្ញុំចង់ឱ្យបូស្នៀ និងហឺហ្សេហ្គោវីណារបស់យើងទទួលបានចំណាត់ថ្នាក់ល្អបំផុត។(អ្នកគាំទ្រស្រីក្មេង)៖ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងវគ្គជម្រុះ World Cup លើកនេះ ខ្ញុំពិតជាពេញចិត្ត ជាពិសេសចាប់តាំងពីយើងបានយកឈ្នះក្រុមខ្លាំងដូចជាអ៊ីតាលី ហើយខ្ញុំពិតជាគិតថា "នាគរាជ" របស់យើងអាចទទួលបានចំណាត់ថ្នាក់ល្អជាងការចូលរួមលើកដំបូង"។ជ័យជម្នះនេះបានផ្តល់ឱ្យជនជាតិបូស្នៀមានក្តីរីករាយ និងមោទកភាព បន្ទាប់ពីរយៈពេលដ៏លំបាកនៃការបែងចែកនយោបាយ និងភាពចលាចលនៅក្នុងប្រទេសដែលនៅតែជួបប្រទះឥទ្ធិពលនៃជម្លោះជនជាតិភាគតិចក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។យ៉ាងណាក្តី គេមិនឃើញមានរឿងនោះត្រូវបានបង្ហាញបន្ទាប់ពីការប្រកួតនោះទេ ខណៈប្រជាជនទាំងមូលត្រូវបានគេឃើញថាមានការរួបរួម ក្រោយជ័យជំនះដែលធ្វើឱ្យពួកគេមានមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទីពីរក្រោយខកខានរយៈពេល ១២ ឆ្នាំ។ ក្រោយជ័យជំនះលើអ៊ីតាលី បូស្នៀនឹងចូលក្នុងពូល B នៅ World Cup ឆ្នាំនេះជាមួយនឹងកាតា ស្វ៊ីស និងម្ចាស់ផ្ទះកាណាដា៕ អត្ថបទ៖ នាង សុភាវុធ 

MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំង​ប្រាក់រង្វាន់

2026/04/02 07:01:00 pm        124
ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក The Mobile Legends: Bang Bang Professional League–Cambodia ឬ MPL-Cambodia រដូវកាលទី១០ នឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ជាមួយកំណែទម្រង់កាន់តែអស្ចារ្យ ដែលមានការកើនឡើង ទាំងក្រុមចូលរួម និងប្រាក់រង្វាន់។ ការប្រកួតនឹងធ្វើឡើងនៅមជ្ឈមណ្ឌល MPL Cambodia Arena ក្រោមការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូឧបត្ថម្ភ ដូចជា Infinix និង Cellcard ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រៀមប្រជែងជើងឯក MPL Cambodia រដូវកាលទី១០ នេះ មាន ៦ក្រុម ជាបេក្ខភាពក្រុមខ្លាំង MPL រដូវកាលទី៩ រួមមានក្រុម CFU Gaming, Galaxy Legends, Pro E-Sports, Team Flash KH, ក្រុម See You Soon និងក្រុម Valhalla ហើយមាន ២ក្រុម ជាប់វគ្គជម្រុះ MPL KH គឺក្រុម... និង ២ក្រុមទៀត ជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament រួមមានក្រុម Evil Eye Esports ឡើងមកពីការប្រកួត T. Y Media Academy និងក្រុមកីឡាការិនី Galaxy Phoenix ឡើងមកពីការប្រកួត Queen Legends។ថ្លែងក្នុងសន្និសីទបើកការប្រកួត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ដួង មាសចំរើន អគ្គនាយរងនៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជាបច្ចុប្បន្ន ជាក់ស្ដែងការប្រកួត MPL Cambodia ដែលបានដំណើរការប្រកួតឈានដល់រដូវកាលទី១០ ជាមួយការប្រកួតប្រជែងដ៏អស្ចារ្យ រហូតផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ទៀតផង។ជាមួយគ្នា ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ខ្ពស់ ចំពោះការប្រកួត MPL រដូវកាលថ្មីនេះ នឹងផ្ដល់នូវទស្សនីភាព និងការប្រកួតប្រជែងកាន់តែស្វិតស្វាញ ពិសេសការបញ្ជូលក្រុមកីឡាការិនីមកពី Queen Legends ដែលនឹងជំរុញឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញថែមទៀត។ជាមួយគ្នាលោក Daniel Chew ប្រធានផ្នែកកីឡាអេឡិចត្រូនិក នៃស្ថាប័នMOONTON នៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសក្ដានុពល និងភាពរីកចម្រើននៃសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលជំរុញឲ្យឈានដល់ការច្របាច់បញ្ចូលគ្នា និងបញ្ជូលក្រុមកីឡាការិនីលើកដំបូងក្នុងការប្រកួត MPL ។ លោកសង្ឃឹមថា នេះជាការចាប់ផ្ដើមថ្មីមួយ ដើម្បីរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន។គួរដឹងថា រដូវកាលថ្មី នៃព្រឹត្តិការណ៍ MPL គឺជាកំណែទម្រង់ថ្មីសម្រាប់ការប្រកួត MLBB ជាពិសេសគឺ 3rd Party Tournament ដូចជា Queen Legends និង T.Y Media Academy Cup ដែលក្រុមជើងឯក ត្រូវបានទទួលកៅអីផ្ទាល់ដើម្បីចូលរួមនៅ MPL Cambodia ស្របតាមគោលបំណងដើម្បីបើកផ្លូវឱ្យកីឡាករថ្មីៗ មានឱកាសវិវត្តន៍ខ្លួនកាន់តែច្រើនជាងមុន និងបង្កើតបានធនធានកីឡាករ-កីឡាការិនីអាជីពកាន់តែច្រើន។ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍ MPL Cambodia ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំបានសម្រេចបង្កើនប្រាក់រង្វាន់សរុបរហូតដល់ ៥ម៉ឺនដុល្លារផងដែរ៕ អត្ថបទ លី ឈុនឡា 

FFC នឹងជំរុញការងារចម្បង៣ ដើម្បីបង្កើនការអភិវឌ្ឍបាល់ទាត់ និងជម្រើស​ជាតិ​កម្ពុជា​ខ្លាំង​គ្រប់​កម្រិត

2026/04/02 05:17:03 pm        168
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បាន​បង្ហាញ​ផែន​ការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកស្ទួយ និង​ជំរុញ​ការ​អភិវឌ្ឍ ពិសេសក្រុមជម្រើសជាតិកម្ពុជាឲ្យមានការប្រកួតប្រជែងខ្ពស់គ្រប់កម្រិត ក្នុ​ង​នោះ​កា​រងារចម្បង ៣ ដែលត្រូវពង្រឹង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។ការគូសបញ្ជាក់នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​កម្ម​វិធី​ «ការ​ធ្វើប​ទ​បង្ហាញ​ស្តីពី​ការ​អភិវឌ្ឍ​បាល់​ទាត់​រយៈ​ពេល​វែង​ ចាប់ពីកម្រិតមត្តេយ្យរហូតដល់ក្រុមជម្រើសជាតិ» កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយ​មាន​ការចូលរួ​មជា​វា​គ្មិន​ពី​អ្នក​ជំនាញ​អន្ដរជាតិ​លោក ​Byer​ Thomas Farncis ហើយក៏មានការចូលរួមពីតំណាងក្លិប ក៏ដូចជាគ្រូបង្វឹក តាមបណ្ដា​ក្លិប​ជា​ច្រើន​ផងដែរ។ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានបង្ហាញទស្សនវិស័យវែងឆ្ងាយ ក្នុងការជំរុញ​វិស័យ​បាល់​ទាត់​កម្ពុជា​ឱ្យ​រីកចម្រើនគ្រប់កម្រិត ទាំងផ្នែកបច្ចេកទេស និងគុណផល ដើម្បីអាច​ប្រកួត​ប្រជែង​យ៉ាង​មាន​ប្រសិទ្ធភាពលើឆាកអន្តរជាតិ។ ទោះបីជាកន្លងមកមហាគ្រួសារបាល់ទាត់កម្ពុជា សម្រេច​បាន​សមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល​ជា​លទ្ធផល​ពិសិដ្ឋ​ដែល​សហព័ន្ធ​ចង់បានបំផុត គឺជោគជ័យជាក់ស្តែងក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។ក្នុង​ស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់អាណត្តិថ្មី ឯកឧត្តមបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុង​ការ​ជំរុញ​ការងា​រច​ម្បងចំនួន៣ ដើម្បីឈានទៅពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏​ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានខ្លាំង ទី១-គឺការ​ពង្រឹង​ថ្នាល​បាល់​ទាត់​តាម​បណ្ដា​ខេត្ត​​​ឲ្យ​កាន់តែទូលំទូលាយ ទី២-បង្កើនប្រព័ន្ធប្រកួតឲ្យមានស្ថិរភាព និងទី៣-ការបញ្ជូន​មន្ដ្រី​បច្ចេក​ទេស​ចុះ​ពិនិត្យ វាយតម្លៃ និងយន្ដការជ្រើសរើស​កីឡាករ​ដោយ​ផ្ទាល់​ប្រកប​ដោយ​ប្រសិទ្ធភាព​។ឆ្លៀតឱកាសនោះដែរ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍវិស័យបាល់ទាត់ជាតិនេះដែរ ឯកឧត្តម សៅ សុខា ក៏បានជំរុញឲ្យអាណាព្យាបាលចូលរួមជំរុញ លើកទឹកចិត្ត និងបណ្ដុះ​ការ​ស្រលាញ់​បាល់​ទាត់ ​ដល់កុមារចាប់ពីអាយុ ៦ឆ្នាំឡើង ដែលស្របទៅ​នឹង​ផែន​ការ​បណ្ដុះ​កុមារ​លេង​បាល់​ទាត់​ពី​ថ្នាក់​មតេ្ដយ្យ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នា ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់ជាតិប្រកបដោយសុខដុមនីយកម្ម និងការអភិវឌ្ឍ តាមរយៈបាល់ទាត់ ដោយ​មិនរង់ចាំតែនណរម្នាក់ឡើយ៕ អត្ថបទ លី ឈុនឡា

គ្រាប់បាល់ចុងម៉ោងរបស់ Gyokeres ជួយស៊ុយអែតឈ្នះប៉ូឡូញ ៣-២ ឡើងលេង World Cup

2026/04/01 10:30:23 pm        258
ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតបានកក់កៅអីផ្លូវការហើយនៅ World Cup 2026 បន្ទាប់ពីជ័យជំនះប្រផិតប្រផើយ ៣-២ លើប៉ូឡូញនៅវគ្គផ្តាច់ព្រ័ត្រ Play-Off។ស៊ុយអែតបានឡើងមកកាន់វគ្គនេះតាមរយៈជ័យជំនះលើអ៊ុយក្រែន ៣-១ ដោយ Hat-Trick របស់ខ្សែប្រយុទ្ធ Arsnal, Viktor Gyokeres។ ជាថ្មីម្តងទៀតអតីតខ្សែប្រយុទ្ធ Sporting រូបនេះដដែល ជាអ្នកស៊ុតគ្រាប់បាល់ជ័យជំនះចុងម៉ោងឱ្យស៊ុយអែតនៅនាទីទី ៨៨ បន្ទាប់ពីប៉ូឡូញតាមស្មើស៊ុយអែតពីរលើក។ ស៊ុយអែតបង្ហាញខ្លួនចុងក្រោយនៅ World Cup នៅឆ្នាំ​ ២០១៨ នៅរុស្ស៊ីនៅពេលពួកគេធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយដោយចាញ់អង់គ្លេស។ មិនមានវត្តមាននៅ World Cup 2022 ប្រទេសកាតាឡើយ ខណៈ​World Cup 2026 នៅអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ស៊ុយអែតត្រូវចូលក្នុងពូល F ជាមួយទុយនីស៊ី ហូឡង់ និងជប៉ុន៕ អត្ថបទ៖ នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ
07/26/2026 12:07 PM