ភ្ញៀវទេសចរកោតសរសើរចំពោះការរៀបចំនៅតំបន់អង្គរ ដែលធ្វើឱ្យអ្នកបានទៅទស្សនារួចហើយ ចង់ទៅកម្សាន្តទៀត
ទេសចរបរទេស​ត្រៀមខ្លួនធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​បណ្ដា​ខេត្តនានា​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌​ម៉ារ៉ុក​នៅ​កម្ពុជា​ឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ

វប្បធម៌ និងទេសចរណ៍

ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»

2026/10/28 03:08:09 pm        362
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា នេះ ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីក្រោមឱវាទ បានប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខចម្រើន បើកដំណើរការសាងសង់«ភូមិហ្វ្រង់កូហ្វនី» ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ សិល្បៈ និងផលិតផល កម្ពុជា និងពិភពហ្វ្រង់កូហ្វូនី ទៅនៅសួនវត្តបុទុមវតី។ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅសល់រយៈពេល១៨ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ ចាប់ពី១៤ ដល់ថ្ងៃទី១៦ ខែវច្ឆិកា នឹងឈានចូលមកដល់ ហើយក្នុងរយៈពេលនេះ ក្រុមការងារអន្តរក្រសួង នឹងប្រើពេលជាងពីរសប្តាហ៍ពេញ បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី ឲ្យល្អឥតខ្ចោះ និងរៀបចំឲ្យហើយមុនពិធីបើកសម្ពោធជាផ្លូវការព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វនី»ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ឈានចូលមកដល់។ ឯកឧត្តមបណ្ឌិត បានបន្តថា ថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វនី» នឹងសាងសង់សម្រាប់រៀបចំកម្មវិធី សំខាន់ៗដូចជា៖ ទី១ រៀបចំទីតាំងពន្លាជាតិ សម្រាប់តាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និង អត្តសញ្ញាណរបស់បណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហូនី ។ ទី២ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ សម្រាប់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង-ស្ថាប័នរដ្ឋ ផលិតផលពីវិស័យឯកជន ។ ទី៣ រៀបចំទីតាំងភូមិម្ហូបអាហារ សម្រាប់ផ្តល់នូវបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ និងផលិតផលក្នុងស្រុកនានាទៀត និងទី៤ រៀបចំទីតាំងសម្ដែងសិល្បៈ និងវប្បធម៌ បង្ហាញទស្សនីយភាពចម្រុះជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ និងមានការរៀបចំសកម្មភាពអមផ្សេងៗជាច្រើនទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វនី» គឺជាបេះដូងវប្បធម៌នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលផ្ដល់ឪកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិ ប្រពៃណី សិល្បៈ និងផ្សព្វផ្សាយគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និងផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវអន្តរជាតិមកពីជាង ៨០ ប្រទេស ហើយក៏នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច ការពង្រីកទីផ្សារផលិតផលក្នុងស្រុក តភ្ជាប់ដៃគូរវាងសហគ្រិន សិប្បករ ផលិតករ និងសិល្បករកម្ពុជាទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វនី៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង

2026/10/28 11:07:20 am        217
បាត់ដំបង៖ ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ លោក គុន វិភា អគ្គាធិការរង សហការ​ជាមួយ​មន្ទីរទេសចរណ៍ខេត្តបាត់ដំបង​ ចុះអប់រំផ្សព្វផ្សាយ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុងបាត់ដំបង។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់ផលិតផលទេសចរណ៍ ជាពិសេសក្នុងវិស័យម្ហូបអាហារ ក្រសួងទេសចរណ៍ក្នុងនាមសមាជិកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ប្រតិបត្តិករទេសចរណ៍ ស្តីពីការការពារ ទប់ស្កាត់ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទាំងផលិតផលខូចគុណភាព ការក្លែងបន្លំម៉ាក និងផលិតផលហួសសុពលភាពជាដើម។ លោក ហម អរុណ សង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាកត្តាសំខាន់ខ្លាំងណាស់ព្រោះម្ហូបអាហារជាគុណតម្លៃក្នុងវិស័យទេសចរណ៍ ដូច្នេះការចុះអប់រំផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង។ លោក ហម អរុណ ឱ្យដឹងបន្ថែមថា ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបងមានឆន្ទៈខ្ពស់ក្នុងការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងបន្តពហិកាទំនិញរបស់ថៃ។ លោក ហម អរុណ បញ្ជាក់ថាក្នុងនាមក្រុងបាត់ដំបងជាសមាជិកទីក្រុងដែលមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ ម្ចាស់អាជីវកម្មទេសចរណ៍ប្ដេជ្ញាធ្វើយ៉ាងធានាឱ្យម្ហូបអាហារមានរសជាតិ គុណភាព និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរ៕

ក្រសួងទេសចរណ៍ ជំរុញកាត់បន្ថយគម្លាត​បណ្តុះបណ្តាលជំនាញ និង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​យុវជន

2026/10/27 01:57:50 pm        389
ក្រសួងទេសចរណ៍ ដៃគូម្ចាស់ជំនួយ​ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាជីវកម្ម​ទេសចរណ៍ និងដៃគូ​នានាទៀត បានសហការជំរុញកាត់បន្ថយគម្លាត ការ​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ជូនយុ​វជន និងតម្រូវការរបស់អាជីវកម្មទេសចរណ៍ និងការផ្តល់ឱកាស​ការងារ​ជូន​យុវជន​។នៅក្នុង​ពិភាក្សាពង្រឹងកិច្ចសហការសម្រាប់កម្លាំងពលកម្មជំនាញ និងសមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទេសចរណ៍ ថ្ងៃទី២៧ ខែតុលានេះ ក្រុមអ្នកជំនាញមកពីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីៈ ​និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានលើកឡើងថា គ្រប់ក្រុម​ហ៊ុន​អាជីវកម្ម​ដែល​មាន​ត្រូវ​ការ​កម្លាំងពលកម្ម និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនជាដើម គួរ​ត្រូវ​ពង្រឹង​អភិបាល​កិច្ច​សហការ បង្កើនការទំនាក់ទំនង ពិភាក្សាកាត់បន្ថយគន្លាត និងដោះស្រាយ​អំពី​តម្រូវ​ការ​នានា​របស់អាជីវកម្ម ការពង្រីកសមត្ថភាពបណ្តុះបណ្តាលជំនាញ និងការផ្តល់​ឱកាស​ការ​ងារ​របស់​យុវជន​ជាដើម ដើម្បីធនាថា អាជីវកម្មទទួល​បាន​ធន​ធាន​មនុស្ស​មាន​សមត្ថភាព​ជំនាញ​ការងារ​ខ្លាំង​ និងជំរុញអាជីវកម្មមានភាពរីកចម្រើន ផ្តល់សេវាកម្មមានគុណភាពខ្ពស់។នៅក្នុងឱកាសប្រារព្វពិធីបិទ ទិវាជំនាញហូកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងគម្រោងហូកា អង្គការដៃគូម្ចាស់ជំនួយ មន្ទីរ​ទេសចរណ៍​តាមខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងស្មារតីម្ចាស់ការ នវានុវត្តន៍ និង​កិច្ច​សហការ ដើម្បីពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ឱ្យកាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ និងបង្កើតឱកាសអាជីពកាន់តែប្រសើរសម្រាប់យុវជន និងអ្នក​ប្រកប​វិជ្ជាជីវៈ​ទេសចរណ៍​។ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ ត្រីមាសទី៣ ឆ្នាំ២០២៦, គម្រោង​ហូកា ​បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព យុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញ​កម្រិត​ទាប​ ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច សរុប ១០.៤៨៨នាក់ និង​បានពង្រីកវិសាលភាពរហូតដល់ ១៦ ខេត្តគោលដៅ។ព្រម​ជា​មួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បាន លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្ត​ពង្រឹង​កិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និង​អ្នក​ជំនាញ​ក្នុងឧស្សាហកម្ម ដើម្បីធានាថា ការអភិវឌ្ឍ​ជំនាញ​ត្រូវ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ និងអាចបង្កើតឱកាសការងារ និងការរីក​ចម្រើន​ក្នុង​អាជីព​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​ទេសចរណ៍​៕ ​អត្ថបទ ស៊ុម សុខជា

អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ ឲ្យរួចរាល់នៅ​​ចុងឆ្នាំនេះ

2026/10/22 03:06:41 pm        353
អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រា សាទ​ព្រះវិហារ​ ដំណាក់កាលទី២ ឲ្យរួចរាល់នៅចុងឆ្នាំ២០២៦ ដើម្បីបង្ការហានិភ័យផ្សេងៗ។ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៦​នេះ បានប្រាប់BTVថា ឥលូវនេះ​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​កំពុង​ធ្វើ​ការ​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រា​​​​សា​ទព្រះវិហារដំណាក់ទី២ ដោយខិតខំប្រឹងប្រែងធ្វើការងារនេះ ឲ្យរួចរាល់នៅ​អំឡុង​ខែ​វិច្ឆិកា ​ឬយ៉ាងយូរនៅក្នុ​​ងខែ​​ធ្នូ ឆ្នាំ២០២៦ ដើម្បីបង្ការកុំ​ឲ្យមាន​ភាពចៃដន្យ​ណា​មួយ​ដែល​បណ្តាល​ឱ្យបា​ក់បែ​កប្រា​សាទព្រះវិ​​ហា​​​រប​ន្ត​​ទៀត។ ​បន្ទាប់ពីការងារសង្គ្រោះបន្ទាន់រួចរាល់ អាជ្ញាធរជាតិ​ព្រះវិហារ​នឹង​ធ្វើកា​រសិ​​​ក្សា​​​​​វាយតម្លៃពីផលប៉ះ​​ពាល់ និងរបៀបជួសជុលប្រាសាទ​ព្រះវិហារ​ឡើង​វិញ​ក្នុង​កម្រិត​ណាមួ​យ ដើម្បីរក្សាតម្លៃ​​​​​នៃភាពលេចធ្លោ​​​​ជាសកលរបស់ប្រាសាទព្រះវិហារ។ ការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់ទី២ ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលចំនួន២៩ទីតាំងក្នុងនោះរួមមាន៖ គោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។ រីឯដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ រួចរាល់ចំនួន២៣ទីតាំង​​ ដោយចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ គួរបញ្ជាក់ដែរថា គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រ​​​វត្តិសា​ស្រ្ត​​​ ដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត៕ អត្ថបទ៖ទូច សោភ័ណ

សហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា

2026/10/18 12:33:12 pm        350
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកស្រីសហស្ថាបនិកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល ៤ខែ ដើម្បីផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូតទទួលបានជោគជ័យ។ លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេសប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយនឹងប្រជាជនដែលមានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វីដែលកម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយតែងតែចិញ្ចឹមចិត្តថានឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគត ដោយចាត់ទុកប្រទេសកម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានឮដោយផ្ទាល់នូវចំណាប់អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការណ៍នេះបង្ហាញអំពីភាពវិជ្ជមាននៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយជាពិសេស ខ្សែភាពយន្តដែលបានផលិតនៅកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្វែងយល់របស់ប្រជាជនកាហ្សាក់ស្ថានអំពីកម្ពុជាបន្ថែមទៀត ព្រមទាំងជួយទាក់ទាញទេសចរកាហ្សាក់ស្ថាន និងទេសចរសាសន៍ដទៃទៀត មកទស្សនាកម្ពុជាផងដែរ។ សម្ដេចធិបតីបានបន្តថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន Daubay Film Production និងប្រជាជនកាហ្សាក់ស្ថាន ហើយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ នឹងបន្តសម្របសម្រួល គាំទ្រ និងផ្ដល់ភាពងាយស្រួលដល់សកម្មភាពអាជីវកម្ម ដំណើរទេសចរណ៍ និងធុរកិច្ចនានារបស់ជនជាតិកាហ្សាក់ស្ថាននៅកម្ពុជា។ មុននឹងបញ្ចប់, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Daubay Film Production ដែលបានមកផលិតភាពយន្ត និងជួយផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈខ្សែភាពយន្ត ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតនាពេលខាងមុខ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រសួងស្ថាប័នកម្ពុជា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួលនានា៕ 

ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំ​ផ្តល់សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ជើង​ហោះ​ហើរ​រវាង​រដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ

2026/10/18 12:18:38 pm        369
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ក្នុងឱកាសនោះ, ក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ក្រុមហ៊ុនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ ព្រមទាំងបានគោរពជម្រាបជូនអំពីការដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ទីក្រុងព្រះសីហនុ ដែលធ្លាប់បានដំណើរការ មុននឹងផ្អាកសកម្មភាពនេះ កាលពីឆ្នាំ២០២៤។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូននេះឡើងវិញ ក៏ដូចជាស្វែងរកដំណោះស្រាយ, ការជួយគាំទ្រ និងការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសកម្មភាពអាជីវកម្មនេះអាចដំណើរការឡើងវិញដោយរលូន ព្រមទាំងទទួលបានប្រាក់ចំណេញសមរម្យ។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានណែនាំឱ្យក្រុមហ៊ុនពិភាក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍កម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានវត្តមាននៅក្នុងជំនួបនេះផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា និងកំណត់ប្រភេទផលិតផលទេសចរណ៍ជាកញ្ចប់ (packaged tourist products) ណាមួយ ដែលល្អ មានការទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាវិជ្ជមានជាមួយក្រសួងទេសចរណ៍។ សម្ដេចធិបតីបានគូសរំលេចថា កម្ពុជាមានសក្ដានុពលទេសចរណ៍ច្រើនប្រភេទ និងច្រើនទម្រង់ ដូចជាអេកូទេសចរណ៍, ទេសចរណ៍បែបឆ្នេរសមុទ្រ, វប្បធម៌ ប្រពៃណី និងប្រាសាទបុរាណ ជាដើម។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែផ្តល់ការគាំទ្រពេញលេញដល់គ្រប់តួអង្គ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍។មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកំណត់ប្រភេទផលិតផលទេសចរណ៍ឱ្យបានច្បាស់លាស់ និងបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយផែនការនេះ ឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យនៃអាជីវកម្ម៕ 

បញ្ចប់ជាស្ថាពរហើយ! ប្រាសាទមេបុណ្យខាងលិច​អាចឈររឹងមាំបានរយៈពេលជាង ១០០​ឆ្នាំ​ទៀត ក្រោយ​ចំណាយ​ពេល​ជួស​ជុល​អស់ ១៤ឆ្នាំ

2026/10/17 11:34:05 am        928
បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយ​ធំ​ក្រោម​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ស្មើភា​ពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ជាស្ថាពរហើយ ក្រោយពី​ចំណាយ​ពេល​ជួស​ជុល​​អស់ ១៤ឆ្នាំ ​ក្នុងទឹកប្រាក់ចំនួន ១២លានដុល្លារ។ តួប្រាង្គចំនួន១៦ ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ប្រវែង​ ១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធ​តួស្ពាន​ហាល​ឆ្ពោះ​បល្ល័ង្គ​ព្រះវិស្ណុ​ផ្ទុំ​នៅ​កណ្ដាល​ប្រាសាទ ​ដែលធ្លា​ប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរ​បង្ហាញ​ខ្លួន​យ៉ាង​រឹង​មាំឡើង​វិញ​ជាថ្មី​ នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយ នៃបារាយណ៍ទឹកថ្លា ដែលជា​អាង​ស្ដុក​ទឹក​យ៉ាង​សំខាន់​មួយនៅសម័យអង្គរ។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ពោរពេញ​ដោយ​ក្តី​ជឿ​ជាក់​ថា ​តាមបច្ចេកទេសជួសជុលប្រាសាទមេបុណ្យខាងលិច ជាទ្រង់ទ្រាយធំ ក្រោ​ម​កិច្ច​សហ​ប្រតិបត្តិការ​រវាងកម្ពុជា-បារាំងពេលនេះ គឺកំពែង និងតួប្រាង្គរបស់ប្រា​សាទ​អាច​នឹង​នៅ​ឈរ​រឹង​មាំ​បង្ហាញ​ភ្នែក​ទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោច​ណាស់​ក៏​៥០ ​ទៅ១​៥០​ឆ្នាំ​ខាងមុខ​ និងលើសនេះ បើមានការថែទាំជាប្រចាំ។ ឯកឧត្តម បញ្ជាក់ទៀតថា រយៈ​ពេល​១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​យ៉ាង​លំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់​មក​ដាក់​បំពេញ​នៅ​តាម​កន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេង មក​ដាក់​នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។ លើស​ពី​នេះ​ទៅ​ទៀត​អាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានា​ឱ្យ​ការដ្ឋាន​ជួស​ជុល​នោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ១២ខែ មិនឱ្យទឹកចូល​មក​រំខាន​បាន​ និងធានាឱ្យបានការស្រោចស្រពស្រែជាង៧០០០ ហិកតា ព្រមទាំងផ្គត់​ផ្គង​ក្នុង​ការ​ផលិត​ទឹក​ស្អាតសម្រាប់ក្រុងសៀមរាប។ ចំណែកឯកឧត្តម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកកិច្ចការអភិរក្ស និង​ជួស​ជុល​ប្រាសាទបុរាណនានា ឱ្យដឹងថា ការជួសជុលប្រាសាទមេបុណ្យខាងលិច រយៈ​ពេល​១៤​ឆ្នាំ​មក​នេះ គឺបានប្រើកម្លាំងកម្មករចំនួនប្រមាណជាង១០០នាក់ បំពេញកិច្ចការទៅ​តាម​ផ្នែក​សំខាន់​ៗ មានដូចជា ផ្នែកចម្លាក់ក្បាច់ ផ្នែកដាប់ថ្ម ផ្នែកកាត់ថ្ម ផ្នែករៀបចំផ្គុំថ្ម ផ្នែកដឹកជញ្ជូនថ្ម ឬ​សម្ភារៈ​ផ្សេងៗ។ចុងក្រោយក្រុមការងារផ្នែករៀបចំសោភ័ណភាពបរិស្ថាន និងរៀបចំ​ផ្លូវ​ដើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនាជាដើម។ ឯកឧត្តមបានបង្ហាញមោទនភាពយ៉ាងខ្លាំង នៅពេលឃើញ​ប្រាសាទ​មេ​បុណ្យខាងលិច ដែលធ្លាប់តែបែកបាក់ បានបង្ហាញរូបរាងដ៏ស្រស់ស្អាតឡើងវិញ នៅ​កណ្ដាល​ផ្ទៃ​ទឹកដ៏ធំល្វឹងល្វើយដូចនេះ។ ប្រាសាទមេបុណ្យខាងលិច កសាងឡើង​នៅ​អំឡុង​ពាក់​កណ្តាល​សតវត្សរ៍​ទី១១​នៃ​គ្រីស្ត​សក​រាជ​ក្នុង​រាជ្យ​ព្រះបា​ទ​ឧទយាទិត្យវរ្ម័នទី២ ទីតាំងស្ថិតនៅលើកោះ ចំកណ្តាលបារាយណ៍ទឹកថ្លា។ បច្ចុប្បន្ន ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យ និងលេច​ធ្លោ​របស់​ប្រាសាទ​មេ​បុណ្យ​ខាងលិច គឺមានរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ នៅចំកណ្ដាលស្រះនៃប្រាសាទ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង និងប្រាង្គចំនួន១៦។ ប្រាសាទមេបុណ្យខាងលិច ធ្លាប់បានជួសជុលម្ដ​ង​មក​ហើយ ​ដោយក្រុមអភិរក្សដ្ឋានបារាំងនៅក្នុងឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១២ បារាំងក៏បា​ន​សហ​ប្រតិ​បត្តិការជាមួយកម្ពុជា លើគម្រោងជួសជុលម្ដងទៀត ជាទ្រង់ទ្រាយធំ និងទើបតែ​បាន​បញ្ច​ប់ជា​ស្ថា​ពរ។ ពិធីសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ នៅប្រាសាទមេបុណ្យខាងលិច នឹងរៀបចំ​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ខាងមុខ៕

សេវារថយន្តក្រុងរដ្ឋបានជួយសម្រួលដល់ដំណើរទេសចរក្នុងស្រុកទៅកាន់បណ្ដាខេត្តនានាដោយក្ដីរីករាយ

2026/10/13 03:00:08 pm        338
ពលរដ្ឋមួយចំនួននៅតាមរាជធានី-ខេត្ត ទទួល​បាន​ឱកាស​ធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​តាម​គោល​ដៅ​ទេសចរ​ណ៍ផ្សេងៗ ដោយក្តីសប្បាយរីករាយបំផុត តាមរយៈ​ការ​​ធ្វើ​ដំណើរ​តាម​រថយ​ន្ត​ក្រុង ​ដោយមិនគិតថ្លៃ របស់រាជរដ្ឋាភិបាល។ សេវារថយន្តក្រុងនេះ បានជួយ​ពួក​គេ​ឱ្យ​សល់​សោហ៊ុយ​ដែល​នឹង​ត្រូវចំណាយលើការធ្វើដំណើរនេះទៅប្រើប្រាស់លើតម្រូវការអ្វីផ្សេង។ ពលរដ្ឋ​មកពីតាមខេត្តនានា បានថ្លែងប្រាប់BTV ចំណតរថយន្តក្រុងផ្លូវ២០០៤ ជិត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញចាស់ នៅថ្ងៃទី១២ ខែតុលានេះថា ក្នុងរយៈពេល៥ថ្ងៃមកហើយ ដែល​គេ​បាន​ប្រើ​ប្រាស់​សេវារថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយមិនមានការគិតថ្លៃ ធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​កាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ហើយថវិកា​ដែល​សល់​ពី​ការជិះរថយន្តក្រុងដោយមិនគិតថ្លៃនេះ គឺគេបានយក ជួលបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ទិញ​អាហារ​ហូបចុក ដើរកម្សាន្ត លំហែកាយ នៅតាមគោលដៅទេសចរណ៍នានា និង​បាន​ធ្វើ​ឲ្យ​​គេ​ស្គាល់​ទឹកដី សម្រស់ទេសភាពបៃតងដ៏ស្រស់ស្អាត និងភាពរីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានដាក់​ឱ្យប្រើ​សេវាដឹ​ក​ជញ្ជូន​សាធារណៈដោយមិនគិតថ្លៃនេះ ចំនួនប្រមាណ ៦០០គ្រឿង រយៈពេល៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។ បើតាមការ​ឲ្យ​ដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដឹងថា គិតចាប់ពីថ្ងៃទី៩ រហូត​ដល់​ថ្ងៃ​ទី១២ ខែតុលា ម្សិលមិញនេះ មានពលរដ្ឋជាង ៩ ១៩០០នាក់ បានធ្វើដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​អ្នក​ដំណើរដោយមិនគិតថ្លៃនេះ៕ អត្ថបទ៖ ស៊ុម សុខជា 

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ

2026/10/12 01:11:10 pm        515
សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុំករបានចូលទស្សនាប្រាសាទអង្គរវត្ត នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​និងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត ​នៃប្រាសាទអង្គរវត្ត ហើយបានសម្ដែងមោទនភាព ដែលពួកគេបាន​ឃើញ​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ ដើរកម្សាន្ដរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេស ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ។ អ្នកទេសចរណ៍មកពីខេត្ដរតនគិរី ខេត្ដស្វាយរៀង ក៏ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់​បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយ​ទេស​ភាព​ស្រស់​បំព្រង​នារ​ដូវភ្លៀងផងដែរ។ ពួកគាត់បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែ​ពេល​បាន​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជា​ពិសេស​បាន​ឃើញ​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​អភិរក្សប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើ​ក​ឡើង​ថា ​ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេល​បុណ្យ​ភ្ជុំ ក៏ដូចជានៅតាម​រមណី​យដ្ឋាន​ផ្សេង​ៗ​ទៀ​ត​។ ពួក​គាត់​បាន​កោត​សរសើរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​បានអភិឌ្ឍន៍​រមណីយ​ដ្ឋាន​អង្គរ​បានល្អ​ប្រសើរ និង​មាន​សន្ដិសុខ​សុវត្ថិភាព​ល្អ​ដល់​អ្នក​ទេសចរ។ បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យភ្ជុំ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៦នេះ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណជិត១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន៣៦៧៧នាក់ ខណៈដែលភ្ញៀវជាតិមានចំនួន៩៣ ៤៩៣នាក់៕ អត្ថបទ៖ ឈិត​ សាវី

ក្រសួងទេសចរណ៍ប្រកាស​ទទួលស្គាល់បញ្ហាប្រឈម បន្តបើកចំហស្តាប់មតិយោបល់ និង​ជំរុញ​ការ​អនុវត្តដំណោះស្រាយជាក់ស្តែង

2026/10/07 02:43:24 pm        475
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បាន​ប្រកាស​ទទួល​ស្គាល់​បញ្ហា​ប្រឈម បន្តបើកចំហស្តាប់មតិយោបល់ និងជំរុញការអនុវត្តដំណោះស្រាយជាក់ស្តែង។ តាមរយៈសារ​ទទួលស្គាល់​នៅលើបណ្ដាញសង្គម ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ មានការលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គម អំពី​ស្ថាន​ភាព​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ «ក្រសួងទេសចរណ៍ទទួលស្គាល់អំពីការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ក៏​ដូច​ជា​ការ​លំបាក​ដែល​ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​វិស័យ​នេះ​បាន និង​កំពុង​ជួបប្រទះនាពេលបច្ចុប្បន្ន»។ នេះបើតាម​សារ​របស់ក្រសួង។ ក្រសួងបានបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​អន្ត​រាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះ​រួម​មាន​កម្ម​វិធី​ជំរុញ​ការស្ដា​រ​ឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និង​ការ​លើក​ទឹក​ចិត្តផ្នែកពន្ធមួយចំនួន។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យ​ទេសចរណ៍ទាំងមូល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះទាំង៦ និងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុកនិងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍​តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងគោលដៅរួមដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។​ ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ។ ក្រសួងទេសចរណ៍បន្តបើកចំហទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ ក្រសួងចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និង ជាឱកាសសម្រាប់រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន៖ មិត្តដែកថែបកម្ពុជា-ចិន រឹងមាំ រីកចម្រើនគ្រប់កាលៈទេសៈ មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ តែធានាស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិផងដែរ
11/26/2026 09:11 PM
សម្ដេចតេជោ ផ្ដាំប្រតិភូយុវជន ឱ្យបង្ហាញ សក្ដានុពលយុវជនកម្ពុជា ទៅកាន់អន្តរជាតិ ដើម្បីលើកកិត្យានុភាពជាតិ
11/26/2026 08:11 PM
សម្ដេចតេជោ ពេញចិត្តចំពោះទំនាក់ទំនងរវាង កម្ពុជា និងសហរដ្ឋអាមេរិក កំពុងបោះជំហានទៅមុខ
11/26/2026 08:11 PM
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅស៊ែប៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ
11/26/2026 07:11 PM
កិច្ច​ចចារជាមួយ​ក្រុម​ឆ្វេងនិយម ចាប់ផ្ដើម​វិញ ខណៈដំណើរការបង្កើតរដ្ឋាភិបាល នៅ​អ៊ីស្រាអែល មានសន្ទុះ
11/26/2026 07:11 PM
វិមានក្រឹមឡាំងចោទអ៊ុយក្រែនថា ព្យាយាមពង្រីកតំបន់ជម្លោះទៅដល់សមុទ្រមេឌីទែរ៉ាណេ និងបាល់ទិក
11/26/2026 06:11 PM
មន្ត្រី៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់ នៅហ្កាហ្សា រួមមានអាជ្ញាធរតែងតាំងដោយក្រុមហាម៉ាសផង​ដែរ​
11/26/2026 06:11 PM
ជប៉ុន និងចិន ចោទប្រកាន់​គ្នាទៅវិញទៅមក ជុំវិញករណីនាវាស្ថិតនៅក្បែរប្រជុំ​កោះមានជម្លោះ
11/26/2026 06:11 PM
តំណាងរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរតំបន់នៃសមាជិកសភាអារ៉ាប់-អាស៊ីប្រចាំឆ្នាំនៅប្រទេសស្រីលង្កា
11/26/2026 05:11 PM
តុលាការកំពូលកូរ៉េខាងត្បូងបញ្ជាក់​​ភាព​គ្មាន​ទោសរបស់អតីតប្រធានាធិបតី ក្នុងករណី​ផ្តល់សក្ខីកម្មមិនពិត
11/26/2026 05:11 PM