នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ
ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត ២៤លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤
អាជ្ញាធរជាតិអប្សរា ត្រៀមភ្នាក់ងារទេសចរជាង៤០០នាក់ ទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

ភ្ញៀវទេសចរច្រើនកុះករសម្រុកចូលមកលេងខេត្ដព្រះសីហនុរហូតដល់កកស្ទះចរាចរណ៍

2022/10/16 11:45:07 am        714
ព្រះសីហនុ៖ ចាប់តាំងពីពេលដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានបើកឲ្យដំណើរការសាកល្បងប្រើប្រាស់មិនគិតលុយរយៈពេលមួយខែ នៅចុងសប្តាហ៍ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរធ្វើដំណើរចូលមកលេងលម្ហែកម្សាន្ដនៅក្រុងព្រះសីហនុច្រើនកុះករ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ដោយអន្លើៗ ដូចជាមុខផ្សារលើក្រុងព្រះសីហនុ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ។ល។

កម្មវិធីល្ខោនខ្មែរ ៖ រកឃើញហើយ កូនក្រុមទាំង៣ក្រុម របស់គ្រូបង្វឹកនីមួយៗ នៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

2022/10/15 12:06:22 pm        424
បន្ទាប់ពីទទួលបានបេក្ខជនផ្លូវការទាំង១២ក្រុម កាលពីសប្ដាហ៍កន្លងទៅ ពេលនេះកម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជួបជាមួយគណៈកម្មការហើយ។គណៈកម្មការមេប្រយោគទាំងបួន នឹងដើរតួនាទីជាគ្រូបង្វឹក ដែលនឹងបង្ហាត់បង្រៀនកូនក្រុមរបស់ខ្លួន ដែលក្នុងនោះគ្រូបង្វឹកមួយរូបៗនឹងទទួលបានកូនក្រុមម្នាក់ ៣ក្រុមស្មើៗគ្នា។ ក្នុងនោះ៖ -កូនក្រុមរបស់លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មាន៖ (១). ក្រុមពន្លកថ្មីនៃវប្បធម៌ (២).ក្រុម ល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ និង (៣). ក្រុម យុវជនមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។-កូនក្រុមរបស់លោកស្រីសាស្ត្រាចារ្យ សំ សត្យា មាន៖ (១). ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ (២). ក្រុម រស្មីនៃវប្បធម៌ (៣). ក្រុម ក្រឹស្ណរៈ។-កូនក្រុមរបស់ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង មាន៖ (១). ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប (២).ក្រុម សិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី (៣). ក្រុម ស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ។-កូនក្រុមរបស់លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន មាន៖ (១). ក្រុម នារីអង្គរ (២). ក្រុម វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (៣). ក្រុម ក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប។សូមបញ្ជាក់ផងដែរថា នៅវគ្គបន្ទាប់ កូនក្រុមរួមគ្រូ នឹងធ្វើការប្រកួតជាមួយគ្នាទៅវិញទៅមក ពោលគឺមិនប្រកួតឆ្លងក្រុមដែលមានគ្រូបង្វឹកផ្សេងៗនោះឡើយ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកទាំងអស់នឹងធ្វើការវាយតម្លៃទៅតាមការបញ្ចេញសមត្ថភាពជាក់ស្ដែង ហើយក្នុងនោះគ្រូបង្វឹកនីមួយៗនឹងសម្រេចចិត្តរើសបេក្ខជនតែ ២ ក្រុមប៉ុណ្ណោះ រីឯ ១ក្រុមទៀតនឹងត្រូវចាកចេញពីកម្មវិធី។ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ មានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាចតទៅ។ ហើយក៏មានការចាក់ផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕ “មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើពិធីដើរដង្ហែក្បួនឆ្ពោះទៅប្រាសាទព្រះវិហារ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នាចុងខែនេះ

2022/10/05 11:51:27 am        790
ព្រះវិហារ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA និងសមាគមទេសចរណ៍ថៃ មាន​ការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះវិហារ នឹងរៀបចំព្រឹត្តិការណ៍រួមគ្នាមួយ ឈ្មោះថា យាត្រាដើម្បីបេតិកភណ្ឌ (Tample Work) ដើរដង្ហែក្បួនពីជើងភ្នំ ឆ្ពោះទៅប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយបន្ថែម ពី​សក្ដានុពល​ទេសចរណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដោយប្រជាពលរដ្ឋអាចចូលរួមដោយសេរី ។ក្នុងពេលចុះសិក្សាដើម្បីរៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា យុទ្ធនាការនេះ គ្រោង​នឹង​មានមនុស្សប្រមាណជាង ១៥០០នាក់ចូលរួម ដោយក្នុងចំណោមនេះ មានជនជាតិថៃជាង ៥០០នាក់ តែពលរដ្ឋដ៏ទៀតអាចចូលរួមដោយសារសេរីបានផងដែរ និងអាច​សួរព័ត៌​មាន​បន្ថែម​ពី​ខាង​ PATA ។លោកបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤ ទី១. ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ បរិស្ថាន, ទី២. ការផ្សារភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម, ទី៣. ការរឹត​ចំណង​សាមគ្គី​ភាព​រវាងកម្ពុជា-ថៃ និងទី៤. ការផ្សព្វផ្សាយពីបេតិកភណ្ឌពិភពលោក ។តំណាងសមាគមទេសចរណ៍ភាគីថៃ បានលើកឡើងថា ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់ ក្នុងការងាររឹតចំណងមិត្តភាពរវាងកម្ពុជា និងថៃ ដែល​វា​នឹង​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​ទាំង​ពីរ​ប្រទេសកាន់តែល្អប្រសើរ តាមរយៈការដោះដូរពាណិជ្ជកម្ម និងការធ្វើទេសចរណ៍ជាដើម ។ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរព្រះវិហារ បានសម្ដែងនូវការគាំទ្រ ចំពោះ​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍នេះ ដោយរំពឹងថា នឹងធ្វើឲ្យកំណើនទេសចរណ៍មកលេងកម្សាន្ត នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ កាន់តែកើនឡើងវិញ បន្ទាប់ពីជួបផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ។ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនេះ អាជ្ញាធរព្រះវិហារ ក៏បានជួយផ្សព្វផ្សាយបន្ថែម ទៅកាន់​ប្រជា​ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរពីការរៀបចំព្រឹត្តិការណ៍នេះ ឲ្យកាន់តែទូលំទូលាយ តាមរយៈ​បណ្ដាញ​សង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ៕អត្ថបទ បាន សុខរិទ្ធិ

ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់

2022/09/25 01:42:11 pm        650
បាត់ដំបង៖ ថ្ងៃទី​១ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ជាង​ ៨​ម៉ឺន​នាក់​បាន​ចេញ​ដើរលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​បាត់ដំបង ខណៈ​មន្ទីរ​ទេសចរណ៍​ដាក់​ក្ដី​សង្ឃឹម​នឹង​ទទួល​បាន​ទេសចរ​ច្រើន​ក្នុង​ថ្ងៃ​ទី​២​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​ថ្ងៃ​ភ្ជុំ​ធំ​នេះ​។​ ​លោក ហម អរុណ ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបងបាន​ថ្លែងឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​សរុប ៨១,៨៦៩​នាក់ ក្នុង​នោះ​ភ្ញៀវទេសចរ​ជាតិ ៨១,៧៥៧នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ (​ទេសចរ​ផ្ទៃក្នុង​) ១១២នាក់​។​ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបងរំពឹងថា​ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ក្នុង​ថ្ងៃទី​២ ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នេះ ដោយសារ​អាកាសធាតុ​អំណោយផល​ល្អ​។​ មន្ទីរ​ទេសចរណ៍​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​បាត់ដំបង ​ឱ្យចូល​រួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ធានា​បាន​កុំ​ឱ្យ​មានការ​ចម្លង​ជំងឺ​កូ​វីដ-​១៩​។​​បាត់ដំបងគឺជា​ខេត្ត​ដែលមាន​សក្តានុពល​ដ៏​សំបូរ​បែប​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​កន្លែង​ដើរលេង​កម្សាន្ត ការ​ស្នាក់នៅ ការហូបចុក និង​មធ្យោបាយ​ធ្វើដំណើរ ពិសេស​គឺ​ធានាបាន​នូវ​សុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ខេត្ត​បាត់ដំបង​មាន​វិសាលភាព​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នៅ​ទូទាំង​ខេត្តទាំងអស់ចំនួន ​១១១​ទីតាំង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍​មាន​ចំនួន​ ២០​ទីតាំង សហគមន៍​ និង​អេកូ​ទេសចរណ៍​មាន​ចំនួន ៤​ទីតាំង គោលដៅ​ទេសចរណ៍​មាន​ចំនួន ​៥៤​ទីតាំង ទេសចរណ៍​សាសនា​មាន​ចំនួន​ ២៩​ទីតាំង និង​ក​សិ​ទេសចរណ៍​មាន​ចំនួន ​៤​ទីតាំង​៕ អត្ថបទ៖ នឿ​ត សុភ័ក្ត្រ

កម្ពុជាមានផ្ទៃដីគម្រប់ព្រៃឈើជាង ៨លានហិកតា និងមានសត្វព្រៃកម្រ​រស់នៅជា​ច្រើន​ប្រភេទ

2022/08/30 11:20:15 am        643
ភ្នំពេញ៖ នា​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​ចំនួន​ ៤៦,៨៦​ភាគរយ​ ​ដែល​ស្មើ​នឹង​៨,៥​លាន​ហិកតា​ ហើយ​នៅ​ក្នុង​តំបន់​ព្រៃឈើ​ទាំង​អស់​នោះ​ មាន​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​កំពុង​រស់​នៅ ​រួម​ទាំង​ជីវចម្រុះ​ជា​ច្រើន​ទៀត​ ដែល​បម្រើ​ដល់​វិស័​យទេសចរណ៍​ផង​ដែរ ​។ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ ​របស់​ក្រសួង​បរិស្ថាន​ រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​នៅថ្ងៃ​ទី​៣០​ ខែ​សីហា ​ឆ្នាំ២០២២ ឯកឧត្តម​ នេត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា ​គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​២០២២​ កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ ​និង​របៀង​អភិរក្ស​ជីវចម្រុះ ​ស្ថិតនៅ​ក្រោម​ក្រសួង​បរិស្ថាន​ មាន​ចំនួន​៧៦​កន្លែង ​គឺ​មាន​ន័យថា​ចាប់​ពី​ឆ្នាំ២​០១៦​មក​ កំណើត​ផ្ទៃដីការ​ពារ​ធម្មជាតិ​កើន​ពី​២៣​ មក​​៧​៦​តំបន់​ កើន​ពី​ផ្ទៃ​ដីពី​ ៣​លាន ២សែន​ហិកតា ​ទៅ​៧លាន ៣សែន​ហិកតា ​ស្មើនឹង​៤១ភា​គរយ​ នៃ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា​ ។ឯកឧត្តម​បន្ត​ថា ​បើប្រៀប​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ី​ កម្ពុជា​ដែល​មាន​ផ្ទៃ​ដី​អភិរ​ក្ស ​៤១​ភាគ​រយនេះ ​គឺ​មាន​ទំហំ​ធំ​ទី​២ ​បន្ទាប់​ពី​ប្រទេស​ប៊ូតង់ ​ហើយ​ផ្ទៃ​ដី​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹ​ង​គោល​ការណ៍​អភិរក្ស​ជីវ​ចម្រុះ ​ដែល​កំណត់​ដោយ​អាត់ស៊ី​ កម្ពុជា​មាន​ផ្ទៃ​ដី​អភិរក្ស​ធំ​ជាង​ ២ដង នៃការកំណត់ដោយគោលការណ៍អភិរក្សជីវចម្រុះ ដែលមានត្រឹមតែ១៧% ។ឯកឧត្តម នេត ភក្ត្រា បន្ថែមថា កម្ពុជាមានរបៀងអភិរក្សជីវចម្រុះមានចំនួន៣កន្លែង ហើយ​តំបន់​ការពារធម្មជាតិ ៧៣កន្លែងនោះ មានឧទ្យាជាតិចំនួន ១០តំបន់, ដែនជម្រកសត្វព្រៃចំនួន ១៩តំបន់, តំបន់ការពារទេសភាព ១៤តំបន់, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១០តំបន់, តំបន់​រ៉ាមសា​ចំនួន ៥តំបន់, តំបន់បេតិកភ័ណ្ឌធម្មជាតិចំនួន ១៣តំបន់ និងតំបន់ឧទ្យាជាតិសមុទ្រចំនួន ២តំបន់ ហើយគ្រោងបង្កើតឧទ្យាជាតិសមុទ្រមួយទៀត នៅក្នុងខេត្តកែប ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​ជា​ច្រើនប្រភេទ ។អ្នកនាំពាក្យក្រសួងបរិស្ថាន បន្តទៀតថា រយៈពេល៥ឆ្នាំមកនេះ ក្រសួង​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការពារ និងអភិរក្ស ដោយផ្ដោតទៅលើប្រសិទ្ធភាព ការរៀបចំនៃការការពារតំបន់ ក្នុង​នោះ​តំបន់​ការពារធម្មជាតិ និងរបៀងជីវចម្រុះ ទាំង៧៦ គឺត្រូវរៀបចំជាប្រព័ន្ធយ៉ាងប្រទាក់ក្រឡា ស្រប​តាម​គោលការណ៍គ្រឹះ នៃការរៀបចំតំបន់ការពារធម្មជាតិ សំដៅធានាសម្បូរបែប នៃ​ជីវិត​សត្វ​លោក​ជីវចម្រុះ និងការវិវឌ្ឍនៃជីវិត មុខងារសេវាកម្មរបស់អេកូឡូស៊ី ដែលរួមមាននិយ័តកម្មទឹក ជល​ផល ក៏ដូចជាគុណភាពដីជាដើម និងខឿនសេដ្ឋកិច្ច ។ឯកឧត្តម នេត ភក្ត្រា បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល​បាន​ផ្ទេរ​តំបន់​អភិរក្ស​ព្រៃ​ឈើ ១៣កន្លែង និងតំបន់ព្រៃផ្ដល់ផលចំនួន ៥កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មកក្រសួងបរិស្ថាន ហើយបានផ្ទេរគម្រោងដីសម្បទានសេដ្ឋកិច្ចចំនួន ៧៣កន្លែង ពី​ក្រសួង​បរិស្ថាន ទៅក្រសួងកសិកម្ម ។ តាមសំណើររបស់ក្រសួងបរិស្ថាន រាជ​រដ្ឋាភិបាល​បាន​ដាក់​តំបន់​ទាំង​១៨នេះ ទៅជាតំបន់ការពារធម្មជាតិ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា-អង់គ្លេស ប្តេជ្ញាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ឲ្យកាន់តែប្រសើរ

2022/08/19 10:36:39 am        133
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ខណៈដែលលោកជំទាវ បានបញ្ចប់អណតិ្តបេសកកម្មការទូតនៅកម្ពុជា។លោកជំទាវភឿង សកុណា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស តាមរយៈស្ថានទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងបច្ចេកទេសដល់វិស័យវប្បធម៌នៅកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ នៃការរាលដាលជំងឺកូវីដ-១៩ ដែលបានចូលរួមចំណែកអាចឲ្យកម្ពុជា បើកដំណើរការទាំងសេដ្ឋកិច្ច និងសង្គមឡើងវិញ។ទន្ទឹមនឹងនោះភាគីទាំងពីរ បានលើកឡើងអំពីសមិទ្ធផល នៃកិច្ចសហប្រតិបតិ្តវប្បធម៌រវាងកម្ពុជា-អង់គ្លេស ទាំងវប្បធម៌រូបី និងអរូបី ពិតមែនកម្ពុជា-អង់គ្លេស ឋិតនៅឆ្ងាយពីគ្នា ប៉ុន្តែយើងបានធ្វើកិច្ចការរួមគ្នាច្រើន លើវិស័យវប្បធម៌។ ជាក់ស្តែងអង់គ្លេស តែងបានរៀបចំព្រឹតិ្តការណ៍ប្រគុំតន្រី្ត រួមគ្នាជារៀងរាល់ឆ្នាំ ជាពិសេស គឺកិច្ចសហប្រតិបតិ្តរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ គឺមានវត្ថុបុរាណ ជាច្រើនបានបញ្ជូនពីអង់គ្លេស នូវសម្បតិ្តវប្បធម៌ទាំងនោះត្រឡប់មកមាតុភូមិកម្ពុជាវិញ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Tina Redshaw សំណូមពរគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសពីរ រីកចម្រើនជាបន្តបន្ទាប់៕

មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

2022/08/18 10:04:27 am        495
ភ្នំពេញ៖ ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់ ខណៈសិល្បករ-សិល្បការិនី ជិត ២០០នាក់ កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែងដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។លោក ឈី កុលបុត្រា ដែលជាប្រធានដឹកនាំក្រុមការងារនៃកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមជាអ្នកដឹកនាំរៀបចំកម្មវិធី ក្រោយឃើញសន្ទុះការគាំទ្រយ៉ាងផុលផុសនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា។លោកបានមានប្រសាសន៍ថា ពិតជាសប្បាយរីករាយណាស់ ដែលឃើញយុវជន យុវនារី សម័យនេះ បានយល់ច្បាស់ពីអ្វីដែលជាសម្បត្តិវប្បធម៌ និងប្រពៃណីខ្មែរយើង។លោកបានបន្ថែមថា ដោយស្រុកមានសន្តិភាព នាំឱ្យយុវជនមានឱកាសនៅក្នុងការគិតគូរ និងថែរក្សា ការពារ សិល្បៈ វប្បធម៌ខ្មែរ បន្សល់ទុកពីបុព្វបុរសខ្មែរ តាមរយៈការចូលរួមចំណែកជួយលើកស្ទួយទាំងអស់គ្នា ដូចកម្មវិធីមហោស្រពសិល្បៈរបាំក្បាច់បុរាណខ្មែរនេះជាដើម។ដោយសារសន្ទុះនៃការគាំទ្រកាន់តែកើនឡើងខ្លាំង ការលក់សំបុត្រក៏ដាច់អស់ច្រើនដែរ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ លោក កុលបុត្រា ក៏បានអំពាវនាវផងដែរថា៖ «ដោយសារមានការគាំទ្រច្រើន សំបុត្រក៏បានលក់អស់ច្រើនដែរ ហើយកន្លែងអង្គុយទស្សនាមានកំណត់។ ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើង ប្រញាប់ទិញសំបុត្រចូលទស្សនា ដើម្បីកុំឱ្យខកខានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ»។គួរឱ្យដឹងថា ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនឹងបង្ហាញខ្លួននៅសាលន្និសីទចតុម្មុខ នាថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី កំពុងតែបន្តលក់សំបុត្រជារៀងរាល់ថ្ងៃ។សំបុត្រមានលក់តាមរយៈអនឡាញតេឡេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ *កន្លែងមានកំណត់!តម្លៃសំបុត្រ៖សំបុត្រពិសេស (VIP) ១០០,០០០៛តំបន់ពណ៌បៃតង (Green Zone) ៤០,០០០៛តំបន់ពណ៌ខៀវ (Blue Zone) ២០,០០០៛សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកលេខ ០៧៧ ៤៤៤ ៣៣៥មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា!!!  

ឯកឧត្តម រដ្ឋ សារ៉ាវុធ ដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត

2022/07/27 11:05:13 am        471
ភ្នំពេញ៖ កាលពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ បានដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន អមដំណើរដោយអគ្គលេខាធិការរងអាស៊ាននិងសហការី ទៅបំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត។បេសកកម្មនេះ មានគោលបំណងវាយតម្លៃនូវវឌ្ឍនភាពរបស់ទីម័រខាងកើតក្នុងដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយពិនិត្យមើលគោលនយោបាយជាតិ បទប្បញ្ញត្តិ និងគំនិតផ្តួចផ្តើមនានា ដើម្បីឱ្យមានអនុលោមភាពស្របតាមគោលការណ៍អាស៊ាន។ភាគីទាំង២ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាពិសេសឱកាស បញ្ហាប្រឈម សក្តានុពល ក៏ដូចជាចំណុចខ្វះខាតនានារបស់ទីម័រខាងកើតដើម្បីអាចឱ្យអាស៊ានជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសផងដែរ។ ក្នុងនោះមានក្រសួងនិងស្ថាប័នរបស់ទីម័រខាងកើតចំនួន៨ ដែលដឹកនាំដោយឯកឧត្តម Domingos Lopes Antunes អនុរដ្ឋមន្រ្តីក្រសួងទេសចរ ពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ បានចូលរួមធ្វើបទបង្ហាញជូនដល់គណៈប្រតិភូដើម្បីទទួលបានព័ត៌មានបន្ថែម។ក្រសួងនិងស្ថាប័នទាំងនោះមានដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងនេសាទ ក្រសួងសាធារណការនិងទំនាក់ទំនង ក្រសួងប្រេងកាត និងរ៉ែ ក្រសួងទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម សភាពាណិជ្ជកម្មនិងឧស្សាហកម្ម អាជ្ញាធរគយ សមាគមសណ្ឋាគារ ព្រមទាំងវិស័យឯកជននានាផងដែរ។ឯកឧត្តមអគ្គនាយក ក៏បានដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិសម្រាប់ការងារនិងការបណ្តុះបណ្តាលជំនាញ កំពង់ផែឌីលី និងកំពង់ផែ Tibar Bay ដើម្បីពិនិត្យ និងវាយតម្លៃលើការបណ្តុះបណ្តាលកសាងធនធានមនុស្ស ក៏ដូចជាសក្តានុពលនៃការដឹកជញ្ជូនទំនិញរបស់ទីម័រខាងកើត ផងដែរ។ក្នុងអំឡុងបេសកកម្មនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Adaljiza Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត លោកស្រីទីប្រឹក្សាធនាគារ ADB និងលោកស្រី Maika Oshikawa ប្រធាននាយកដ្ឋានពិនិត្យនិងវាយតម្លៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ បន្ថែមទៀត។បេសកកម្មរយៈពេល៤ថ្ងៃនេះ បានប្រព្រឹត្តទៅដោយទទួលបានផ្លែផ្កាគាប់ប្រសើរ។ ប្រទេសទីម័រខាងកើត បានប្តេជ្ញាបន្តផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធជាមួយអាស៊ាន ដើម្បីពន្លឿននីតិវិធីក្នុងការស្នើសុំចូលជាសមាជិកអាស៊ាន៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់​ប្រាសាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/07/08 09:46:43 am        489
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បាន​ផ្ញើសារ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២​នេះជា​ខួប​៥​ឆ្នាំ​ហើយ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២២)។ការដាក់សម្បត្តិ​វប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹម​តែ​ទទួល​បាន​ការគាំពារ​ជា​អន្តរជាតិ​នោះ​ទេ​ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទ​បុរាណរបស់​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បាន​ក្លាយ​ជា​តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមចូលរួមថែរក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំង​អស់​នៅ​ទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

៥ឆ្នាំក្រោយសំបូរព្រៃគុក ចុះបញ្ជីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មន្រ្តីជំនាញ​រក​ឃើញ​ប្រាសាទ​ថ្មី​ៗ​ជា​បន្តបន្តាប់

2022/07/08 09:32:56 am        1257
ក្នុង​រយៈពេល៥ឆ្នាំ បន្ទាប់ពីអង្គការយូណេស្គូ សម្រេចដាក់​ប្រាសាទ​សំបូរ​ព្រៃគុក​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នា​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧​មក មន្រ្តីជំនាញ​បាន​បន្ត​រក​ឃើញ​ប្រាង្គ​ប្រាសាទ​បូរាណ​ថ្មីៗ​បន្ថែមទៀត ខណៈបច្ចុប្បន្នអាជ្ញាធរជាតិសំបូរព្រៃគុកបានកំពុងជួសជុលប្រាសាទមួយចំនួន ដើម្បីអភិរក្សមជ្ឈមណ្ឌលអរិយធម៌ដ៏មានតម្លៃមួយនេះ។ នេះបើតាមការអះអាងរបស់លោក ហេង ថាន អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​សំបូរព្រៃគុក។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV លោក ហេង ថាន បានលើកឡើងថា ប្រាសាទសំបូរ​ព្រៃគុក គឺមានប្រាង្គប្រាសាទរាប់រយប្រាង្គ ដោយ​ប្រាង្គ​នីមួយ​ៗ​មាន​ឆ្លាក់​ចារឹក​បែប​ប្រពៃណី វប្បធម៌ជាច្រើន ហើយ​បន្ទាប់​ពី​ប្រាសាទ​នេះ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​របស់​ពិភព​លោក​មក បានទាក់ទាញភ្ញៀវបរទេស ក្នុងមួយថ្ងៃៗជាងមួយពាន់នាក់ ខណៈភ្ញៀវជាតិជាច្រើនពាន់នាក់ មុនពិភពលោកផ្ទុះការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩។ប្រាសាទសំបូរ​ព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទ​នេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ​ភាគ​ឦសាន​ នៃ​ទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១​គីឡូម៉ែត្រពី​រាជ​ធានី​អង្គរ​នៃ​ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ និង​មានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរ​ព្រៃគុក​ជា​រមណីយ​ដ្ឋាន​វប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់​ស្តាំ​តាម​សាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែ​យើង​អាច​ធ្វើ​ដំណើរ​ឆ្ពោះទៅស្រុកសំបូរ​បានតែម្តង ដែលសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថាឥសានបុរៈ ពីសម័យ​នោះ​ជា​មជ្ឈ​មណ្ឌល​នៃ​ព្រាហ្មញ្ញ​សាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុម​ប្រាសាទ​នេះ​សាង​សង់​អំពី​ឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជា​ផ្ទាំងៗ​អំពី​ឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់​ទ្វារ​ធ្វើ​អំពី​ថ្មភក់ទាំងអស់។ ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុង សតវត្សរ៍​ទី​៧ (គ.ស៦១៦-៦៣៥) នាស័យចេនឡា។បើតាម លោក ហេង ថាន បានប្រាប់ទូរទស្សន៍BTVទៀតថា នាពេលបច្ចុប្បន្នប្រាង្គប្រាសាទនានា កំពុង​ធ្វើការជួសជុល អភិរក្ស និងអភិវឌ្ឍបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យរមណីយដ្ឋានមួយនេះ គង់វង្ស ស្ថិតស្ថេរយូរអង្វែងស្របទៅតាមគម្រោងរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទង​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិកាន់តែច្រើន ខណៈប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរប្រាសាទនេះ ប្រកប​ដោយ​សុខដុមរមនាបន្ថែមទៀតផងដែរ។ ដើម្បីអបអរសាទរខួប៥ឆ្នាំ ក្នុងការដាក់​ប្រាសាទ​ចូល​ជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក(៨ កក្កដា ឆ្នាំ២០១៧-៨កក្កដា ឆ្នាំ២០២២) លោក ហេង ថាន ក៏បានឲ្យដឹងផងដែរថាអាជ្ញាធរនឹងធ្វើការបៀបចំខួបនេះនៅក្នុងបរិវេនប្រាសាទផងដែរ បន្ទា​ប់​ពី​អាក់ខានប្រារព្ធអស់រយៈពេលពីរឆ្នាំដោយសារ តែបញ្ហា​នៃ​ការ​រីក​រាល​ដាល​នូវ​មេរោគ​កូវីដ​១៩​៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតីឱ្យយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ និងការប្រើថ្នាំគីមីដើម្បីបង្ការជំងឺមហារីក
05/05/2025 12:05 PM
សម្ដេចធិបតី៖ ការដាក់ឱ្យអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនៅថ្ងៃនេះ ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល
05/05/2025 12:05 PM
អ្នកភូមិឥណ្ឌានៅជិតព្រំដែនប៉ាគីស្ថាន ប្តេជ្ញាប្រមូលផ្តុំនៅពីក្រោយកងទ័ពឥណ្ឌា ក្នុងករណីមានជម្លោះ
05/05/2025 12:05 PM
អ្នកដំណើរបានជាប់គាំង នៅអាកាសយានដ្ឋានទីក្រុង Tel Aviv បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ួទី
05/05/2025 12:05 PM
ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសរុស្ស៊ីចំពោះការបន្តវាយប្រហារ ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ
05/05/2025 12:05 PM
ទូរទស្សន៍រដ្ឋ៖ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តការពង្រីកប្រតិបត្តិការសឹកនៅតំបន់ហ្កាហ្សា
05/05/2025 11:05 AM
អាស៊ានបូកជប៉ុន ចិន កូរ៉េខាងត្បូង បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះពាណិជ្ជកម្មសេរីពហុភាគី
05/05/2025 11:05 AM
លោក Trump បានបញ្ជាឱ្យសាងសង់និងបើកឡើងវិញពន្ធនាគារអាមេរិក Alcatraz ដែលលែងដំណើរការ
05/05/2025 11:05 AM
លោក Trump នឹងពន្យាពេលថ្ងៃផុតកំណត់ក្រុមហ៊ុន TikTok ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈានដល់នៅថ្ងៃទី១៩ ខែមិថុនា
05/05/2025 11:05 AM
កុមារហ្កាហ្សាជិត ២៩ម៉ឺននាក់ ស្ថិតលើ 'មាត់ជ្រោះនៃសេចក្ដីស្លាប់' ខណៈអ៊ីស្រាអែល បន្តរាំងខ្ទប់ជំនួយ
05/05/2025 11:05 AM