សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

កោះតៃវ៉ាន់ប្រឈសម្ពាធឥតឈប់ឈរ ខណៈចិនបង្កើនសកម្មភាពយោធាមុនពិធីស្បថចូលកាន់តំណែងនៅកោះនេះ

2024/03/01 12:41:12 pm        143
កោះតៃវ៉ាន់កំពុងប្រឈមសម្ពាធពីប្រទេសចិនឥតឈប់ឈរមុនពិធីស្បថចូលកាន់តំណែងមេដឹកនាំបន្ទាប់របស់ខ្លួន នៅថ្ងៃទី២៤ខែឧសភា ដោយក្នុងនោះក្រុមមន្ត្រីក្នុងទីក្រុងតៃប៉ិ បារម្ភថាទីក្រុងប៉េកាំងនឹងដាក់សម្ពាធថែមទៀតតាមរយៈការធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលពិបាកនឹងបញ្ចៀសជម្លោះដោយផ្ទាល់បាន។ ចាប់តាំងពីមេដឹកនាំលំដាប់ទី២ បច្ចុប្បន្នលោក ឡៃ ឆឹង-ទ (Lai Ching-te) បានឈ្នះតំណែងជាមេដឹកនាំកាលពីនៅខែមករា ប្រទេសចិនចាត់ទុកលោក ឡៃ ជាអ្នកបំបែកខ្លួន ទីក្រុងប៉េកាំងបានដណ្តើមយកសម្ព័ន្ធមិត្តការទូត ផ្លាស់ប្តូរផ្លូវអាកាសនៅច្រកសមុទ្រតៃវ៉ាន់ដ៏តូចចង្អៀត និងបានចាប់ផ្តើមការល្បាតឆ្មាំឆ្នេរសមុទ្រជាទៀងទាត់ជុំវិញតំបន់កោះ គីនមិន (Kinmen)គ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលជាឆ្នេរសមុទ្រធំបំផុតរបស់ប្រទេសចិន។ចិន អះអាងសិទ្ធិកាន់កាប់លើកោះតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួនទោះមានការបដិសេធយ៉ាងដាច់អហង្ការពីកោះនេះក៏ដោយ។ដោយបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន តំណាងរាស្ត្រសហរដ្ឋអាមេរិកលោក ម៉ៃ ហ្គាឡាហ័រ (Mike Gallagher) បាននិយាយថា ការល្បាតរបស់ទីក្រុងប៉េកាំងនៅជុំវិញទីក្រុង Kinmen ដែលជាការជិះនាវាឆ្វែលចុះឆ្វែលឡើងពីទីក្រុងសាយមិន(Xiamen)និងទីក្រុងខ្វាងចូវ (Quanzhou)របស់ប្រទេសចិន គឺជាផ្នែកមួយនៃគំរូការដាក់សម្ពាធឥតឈប់ឈរលើកោះតៃវ៉ាន់។ មន្ត្រីបរទេសម្នាក់ដែលតាមដានបញ្ហាសន្តិសុខក្នុងតំបន់ បានពណ៌នាអំពីអ្វីដែលកំពុងកើតឡើងថាជា ការដាក់សម្ពាធឥតឈប់ឈរ ដោយរក្សាសារដែលថាទីក្រុងប៉េកាំងមិនចូលចិត្តលោកឡៃ ប៉ុន្តែដោយមិនបានរៀបចំល្បែងសង្គ្រាម ដូចដែលប្រទេសនេះបានធ្វើសកម្មភាពយោធាពីរដងនៅជុំវិញកោះកាលពីមួយឆ្នាំកន្លះកន្លងទៅ ឬបង្ខំឱ្យមានការប្រឈមដាក់គ្នាដោយយោធាដោយផ្ទាល់នោះឡើយ។ប្រទេសចិននិយាយថា សកម្មភាពល្បាតឆ្នេរ គឺដើម្បីធានាសុវត្ថិភាពរបស់អ្នកនេសាទរបស់ខ្លួន។ អ្នកនេសាទជនជាតិចិនពីរនាក់បានស្លាប់កាលពីខែមុន ព្រោះតែព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ បន្ទាប់ពីចូលទៅជិតកូនកោះ Kinmen ដែលមានការយាមកាមដ៏តឹងតែង៕

អាមេរិក មិនរំពឹងនោះទេថា នឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅប្រទេសអ៊ីរ៉ង់

2024/03/01 12:36:55 pm        115
អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា ទីក្រុងវ៉ាស៊ីនតោន ពុំមានការរំពឹងទុកនោះទេថា ការបោះឆ្នោតសភាក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១ ខែមីនានេះ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។លោក Miller បាននិយាយថា ពិភពលោកបានដឹងជាយូរមកហើយថា ប្រព័ន្ធនយោបាយរបស់ប្រទេស អ៊ីរ៉ង់ គ្មានប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធរដ្ឋបាល តុលាការ និងប្រព័ន្ធបោះឆ្នោត ប្រកបដោយតម្លាភាពនោះទេ។អ្នកបោះឆ្នោតអ៊ីរ៉ង់ ធ្វើដំណើរទៅបោះឆ្នោតដើម្បីជ្រើសរើសសភាបន្ទាប់របស់ប្រទេស និងសភាអ្នកជំនាញដ៏មានឥទ្ធិពល។ រៀងរាល់បួនឆ្នាំម្តង សាធារណជន ត្រូវទៅបោះឆ្នោតឱ្យសមាជិកសភាអ៊ីរ៉ង់ចំនួន ២៩០រូប។ សភា គឺជាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេស ហើយសមាជិករបស់ខ្លួន ទទួលខុសត្រូវលើការពង្រៀងច្បាប់ អនុម័តថវិកាប្រចាំឆ្នាំ និងសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិណាមួយ។ ប៉ុន្តែ មិនទទួលខុសត្រូវចំពោះគោលនយោបាយការបរទេស ឬនុយក្លេអ៊ែរនោះទេ។ទោះបីជាប្រជាជនអ៊ីរ៉ង់ អាចបោះឆ្នោតបានក៏ដោយ វាមានដែនកំណត់មួយចំនួនចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអ៊ីរ៉ង់។

UN និយាយថា ប្រទេសចំនួនប្រាំ សន្យាបញ្ជូនបុគ្គលិកសម្រាប់បេសកកម្មសន្តិសុខ នៅហៃទី

2024/03/01 12:31:34 pm        130
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស បាហាម៉ា បង់ក្លាដែស បាបាដូស បេនីន និងប្រទេសឆាត បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិ អំពីបំណងរបស់ពួកគេក្នុងការរួមចំណែកបុគ្គលិកដល់កងកម្លាំងអន្តរជាតិ ដើម្បីជួយដល់នគរបាលជាតិប្រទេសហៃទី ប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធ ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានថា ការរួមចំណែកថវិកាចំនួន ១០,៨លានដុល្លារ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងមូលនិធិ ដើម្បីជួយបេសកកម្មគាំទ្រសន្តិសុខពហុសាសន៍ផងដែរ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុញ្ញាត កាលពីខែតុលា ឲ្យមានបេសកកម្មសន្តិសុខបរទេសទៅកាន់ប្រទេសហៃទី រយៈពេលមួយឆ្នាំបន្ទាប់ពីប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ បានស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលហិង្សា ដែលបានវាយលុកនៅក្នុងរដ្ឋធានី ព័រអូប្រាំង។ ការឆ្លើយតបទៅនឹងសំណើសុំជំនួយរបស់ប្រទេសហៃទី ត្រូវបានពន្យារពេល ដោយសារតែការព្យាយាមដើម្បីស្វែងរកប្រទេសដែលមានឆន្ទៈដឹកនាំបេសកកម្មជំនួយសន្តិសុខ។ ប្រទេស កេនយ៉ា បានឈានមុខ កាលពីឆ្នាំមុនដោយការសន្យាសម្រាប់ការបញ្ជូននគរបាលចំនួន ១.០០០នាក់ ប៉ុន្តែក្រោយមក តុលាការក្នុងតំបន់ បានរារាំងចំណាត់ការនេះ ថាមិនស្របតាមរដ្ឋធម្មនុញ្ញ។ លោក Dujarric បាននិយាយថា ប្រទេសបេនី បានប្រាប់ថា ខ្លួនមានផែនការបញ្ជូនបុគ្គលិកប្រហែល ១.៥០០ នាក់។ អង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនប្រហែល ៥,៥ លាននាក់ នៅក្នុងប្រទេសហៃទី ជាចំនួនពាក់កណ្តាលនៃចំនួនប្រជាជន ត្រូវការជំនួយមនុស្សធម៌ ហើយប្រទេសនេះកំពុងអំពាវនាវសម្រាប់ជំនួយ៦៧៤លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះ។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិ បានទទួលជំនួយត្រឹមតែមួយភាគបីប៉ុណ្ណោះ ដែលស្ថាប័នបានស្នើសុំ។

ប្រមុខហិរញ្ញវត្ថុ G20 បរាជ័យក្នុងការឈានដល់សេចក្តីថ្លែងការណ៍រួម ដោយសារបញ្ហាហ្កាហ្សា និងអ៊ុយក្រែន

2024/03/01 12:26:52 pm        151
បណ្ដាមេដឹកនាំហិរញ្ញវត្ថុមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បានបរាជ័យក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមមួយ ខណៈពួកគេបានបញ្ចប់កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ដោយមានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន ដែលបានគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតការឯកភាពគ្នាលើការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលមកពីក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួនម្ភៃ (G20) បានចេញសេចក្តីសង្ខេបរបស់ខ្លួនជំនួសឱ្យសេចក្តីប្រកាសរួមមួយ។សេចក្តីសង្ខេបរបស់ប្រទេសប្រេស៊ីល ដែលស្របតាមពង្រាងសេចក្តីប្រកាសមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារនោះ បានលើកឡើងពីហានិភ័យសេដ្ឋកិច្ចនៃ «សង្រ្គាម និងការកើនឡើងនៃជម្លោះ» ប៉ុន្តែបានជំរុញឱ្យមានការពិភាក្សាលើបញ្ហាទាំងនោះនៅវេទិកាផ្សេងទៀត។ ឯកសារនោះក៏បានកត់សម្គាល់ផងដែរនូវហានិភ័យខ្ពស់នៃ «ភាពអន់ថយ» របស់សេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើឱ្យមានអតិផរណា។ក្រុមមន្ត្រីប្រេស៊ីល ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះបានព្យាយាមផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រ ប៉ុន្តែបណ្តាប្រទេសរួមទាំងអាល្លឺម៉ង់ បានជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួម ដែលនិយាយអំពីសង្គ្រាមនៅអ៊ុយក្រែន និងហ្កាហ្សា ជំនួសវិញ៕

សហរដ្ឋអាមេរិក មិនមានការចង្អុលបង្ហាញដែលថារុស្ស៊ី កំពុងរៀបចំប្រើអាវុធនុយក្លេអ៊ែរទេ

2024/03/01 12:20:27 pm        154
សហរដ្ឋអាមេរិក មិនមានសញ្ញាណាមួយដែលចង្អុលបង្ហាញថារុស្ស៊ី កំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថាទីក្រុងមូស្គូ មានអាវុធនុយក្លេអ៊ែរសម្រាប់វាយប្រហារគោលដៅលោកខាងលិច។លោក មីលឡឺ បានប្រាប់អ្នកយកព័ត៌មានថា នេះមិនមែនជាលើកទីមួយទេដែលគេ «បានមើលឃើញវោហាសាស្ត្រមិនទទួលខុសត្រូវពីលោក ពូទីន» ហើយនេះមិនមែនជាពាក្យសម្ដីដែលមេដឹកនាំនៃ «រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ» ត្រូវនិយាយនោះទេ។លោក ពូទីន បានប្រាប់បណ្តាប្រទេសលោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ថាពួកគេកំពុងប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយព្រមានថាទីក្រុងមូស្គូ មានអាវុធដើម្បីវាយប្រហារគោលដៅនៅលោកខាងលិច។ប្រធានាធិបតីរុស្ស៊ី បានចេញមុខព្រមានពីសង្រ្គាមនុយក្លេអ៊ែររបស់ខ្លួនជាមួយនឹងសេចក្តីយោងជាក់លាក់មួយចំពោះគំនិតរបស់ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃចន្ទ ដែលថាសមាជិកអង្គការណាតូអឺរ៉ុប នឹងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដោយនោះជាការលើកឡើងដែលត្រូវបានច្រានចោលភ្លាមៗដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសដទៃទៀត៕

លោក Trump ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈលំហូរជនអន្តោប្រវេសន៍ក្លាយជាបញ្ហាលេចធ្លោសម្រាប់អ្នកបោះឆ្នោត

2024/03/01 12:16:36 pm        101
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគ្រវីដៃ ទៅកាន់ក្រុមមនុស្ស ដែលកំពុងឈរនៅមាត់ទន្លេ រីអូ ហ្គ្រែនដេ (Rio Grande) ខាងប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានទៅពិនិត្យមើលព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក នៅទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាមួយអភិបាលរដ្ឋលោក ហ្គ្រេក អាបុត(Greg Abbott)។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និង លោក Trump បានធ្វើទស្សនកិច្ចនៅព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ខណៈលំហូរនៃជនអន្តោប្រវេសន៍ បានក្លាយជាបញ្ហាលេចធ្លោសម្រាប់អ្នកបោះឆ្នោត។ លោក Trump ដែលមើលទៅប្រឈមមុខជាមួយលោក Biden ក្នុងការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ត្រូវបានរាយការណ៍សង្ខេបដោយក្រុមមន្រ្តី ជាមួយលោក Abbott នៅទន្លេ Rio Grande។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រូវបានគ្របដណ្ដប់ដោយបទឧក្រិដ្ឋជនអន្តោប្រវេសន៍របស់លោក Biden នៅក្នុងភាសាដែលកំពុងឡើងកម្តៅខ្លាំង ដែលលោកបានប្រើដើម្បីនិយាយអំពីបញ្ហាព្រំដែន និងបានរិះគន់គោលនយោបាយរបស់គូប្រជែងលោក។ ទីក្រុង Eagle Pass នៅតែជាចំណុចសំខាន់មួយនៅក្នុងការជជែកដេញដោលគ្នារវាងគណបក្សទាំងពីរយ៉ាងក្តៅគគុក លើបញ្ហាសន្តិសុខព្រំដែន ទោះបីជាចំនួនជនអន្តោប្រវេសន៍ជាច្រើនត្រូវបានចាប់ខ្លួន ខណៈកំពុងឆ្លងកាត់ដោយខុសច្បាប់ បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងខែមករា និងខែកុម្ភៈក៏ដោយ។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួនខណៈកំពុងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ បានឈានដល់កំណត់ត្រាប្រចាំខែចំនួន ២៥០.០០០នាក់ នៅក្នុងខែធ្នូ ប៉ុន្តែបានធ្លាក់ចុះពាក់កណ្តាល នៅក្នុងខែមករា ជានិន្នាការមួយរបស់មន្ត្រីសហរដ្ឋអាមេរិក ដែលបានសន្និដ្ឋានថា មានការបង្កើនការអនុវត្តន៍ច្បាប់ របស់ប្រទេសម៉ិកស៊ិក និងនិន្នាការតាមរដូវកាល។

លោក Biden៖ ការបាញ់ប្រហារលើអ្នកចាំយកជំនួយ នឹងធ្វើឱ្យកិច្ចពិភាក្សាបទឈប់បាញ់ហ្កាហ្សា ស្មុគស្មាញ

2024/03/01 12:12:50 pm        112
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាសហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍របស់ទាហានអ៊ីស្រាអែល ដែលបានបាញ់ប្រហារទៅលើមនុស្សដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅហ្កាហ្សា ដោយបន្ថែមថា លោកជឿថាឧបទ្ទវហេតុដ៏បង្ហូរឈាមនេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចចរចាស្តីពីបទឈប់បាញ់ថ្មី។អាជ្ញាធរសុខាភិបាលនៅហ្កាហ្សាបាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយនៅជិតទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ និងរងរបួសចំនួន ២៨០ នាក់។លោក បៃដិន បាននិយាយថា «ឥឡូវនេះ យើងកំពុងពិនិត្យមើលលើបញ្ហានេះ ដោយសារមានរបាយការណ៍ប្រជែងគ្នាចំនួនពីរជុំវិញអ្វីដែលបានកើតឡើង ដូច្នេះយើងមិនទាន់មានចម្លើយនៅឡើយទេ ហើយបទឈប់បាញ់បណ្តោះអាសន្នប្រហែលជានឹងមិនកើតឡើងនៅថ្ងៃចន្ទ ដូចដែលយើងព្យាករកាលពីមុននោះទេ»។អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអ្នកសម្រុះសម្រួលកាតា ទាំងអស់បានកត់សម្គាល់ពីការប្រុងប្រយ័ត្នក្នុងសប្តាហ៍នេះ អំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សា ជាទីដែលអាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សជាង ៣០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕

សមាជិកសភាអាមេរិក ជំរុញលោក Biden និងលោក Blinken កុំឱ្យទទួលស្គាល់រដ្ឋាភិបាលប៉ាគីស្ថានថ្មី

2024/03/01 12:02:32 pm        160
សមាជិកសភាចំនួន ៣១ រូបនៃសភាអាមេរិក បានចុះហត្ថលេខាលើលិខិតមួយទៅកាន់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីងខិន (Antony Blinken) ដោយជំរុញឱ្យអ្នកទាំងពីរកុំទទួលស្គាល់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសប៉ាគីស្ថាន រហូតដល់ការស៊ើបអង្កេតអំពីការជ្រៀតជ្រែកការបោះឆ្នោតត្រូវបានធ្វើឡើង។គណបក្ស សម្ព័ន្ធមូស្លីមណាវ៉ាស់ប៉ាគីស្ថាន (PML-N) និងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះមួយ ទោះបីជាបេក្ខជនគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ទទួលបានអាសនៈច្រើនជាងគេក៏ដោយ។លិខិតរបស់សភាអាមេរិកនោះក៏បានជំរុញឱ្យលោក បៃដិន និងលោក ប្លីងខិន បញ្ជាក់ឱ្យច្បាស់ដល់អាជ្ញាធរប៉ាគីស្ថានថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើប្រាស់ឥទ្ធិពលលើវិស័យយោធា ហើយកិច្ចសហប្រតិបត្តិការផ្សេងទៀតអាចត្រូវបានបញ្ឈប់ ប្រសិនបើវិធានការពាក់ព័ន្ធមិនត្រូវបានធ្វើឡើង។ពលរដ្ឋប៉ាគីស្ថាន បានទៅបោះឆ្នោតកាលពីដើមខែនេះក្នុងការបោះឆ្នោតមួយដែលត្រូវបានរំខានដោយការបិទសេវាអ៊ីនធឺណិតតាមទូរស័ព្ទនៅថ្ងៃបោះឆ្នោត ការចាប់ខ្លួន ព្រមទាំងអំពើហិង្សា និងលទ្ធផលយឺតយ៉ាវខុសប្រក្រតី ដែលនាំឱ្យមានការចោទប្រកាន់ថាការបោះឆ្នោតនេះត្រូវបានគេលួចបន្លំ។សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលបានរាយការណ៍ ហើយបានជំរុញឱ្យមានការស៊ើបអង្កេត៕

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់មហាជនរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បី​សង្គម​មានសន្តិភាព និងការអភិវឌ្ឍន៍!

2024/03/01 10:24:32 am        169
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១ ខែមីនានេះ បានចេញសេចក្ដី​អំពាវនាវ​ដល់​មហាជន​ទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហេ្វសបុក Facebook TikTok Telegram ជាដើម។ ខណៈ​មួយ​រយៈនេះ​មាន​សកម្មភាព​ការ​បំផុស​បំផុល​ព័ត៌​មាន​ក្នុងប​ណ្តាញសង្គមជាច្រើនករណីដូចជា ករណីអេស្តាវាទ័រកិន​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ស្លាប់​ភ្លាម​ៗ គ្រាន់តែការពារដីខ្លួន ជាដើមដែលក្រុមប្រឆាំងជ្រុលនិយមបានយកករណីនេះ បំផុស​បំផុស បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បំពុល​សង្គម​ក្នុង​គោលដៅ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ ​និងធ្វើឱ្យអស្ថិរភាពនៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ។ក្រុម​យុវជនសង្គមស៊ីវិលសង្កេតឃើញថា ជាការពិតជាក់ស្ដែង ករណីនេះរដ្ឋបាលខេត្តកោះកុង និង​មន្រ្តី​ពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូច​ការ​លើក​ឡើង​រប​ស់​ក្រុម​ប្រឆាំង​បាន​ផ្សព្វ​ផ្សាយ​នោះទេ ហើយករណីនេះសមត្ថកិច្ចបានអនុវត្តការងារតាមនីតិវិធីច្បាប់រួចហើយ។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចូលរួមបញ្ចេញមតិ ឬចែកចាយព័ត៌មាននោះបន្ត។ដើម្បី​ជា​ផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្រុមយុវជនសង្គមស៊ីវិល បាន​សូម​ណូមពរដល់មហាជន៖ ១/. ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និង​ចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវ​កំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បិទ​ផែក​នោះ។​ ៣/.ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញ​សារព័ត៌មាន​នានា​ជា​បន្ទាន់​ដើម្បីបន្សាបព័ត៌មានប្រឌិត។ ៤/. អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រម​សីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ និង​៥/. បញ្ឍប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម ។ ក្រុម​យុវជនសង្គមស៊ីវិលអំពាវនាវអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមចូលរួមទាំងអស់គ្នា ដើម្បី​សង្គមជាតិយើងមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ​ បណ្តោយ​ឲ្យក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ឬប្រយោល ដោយសារព័ត៌មានមិនពិត៕

អបអរសាទរ! ខួបទី២៥ (១៩៩៩-២០២៤)​ នៃអនុសញ្ញាអូតាវ៉ា

2024/03/01 10:18:09 am        117
ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ ​ការ​ចូលជាធរ​មាន នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុង​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែង​បញ្ចប់​គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការ​ចាប់​ផ្តើម ​នៃ​អនុ​សញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោល​ដៅ​ការពារ​អាយុ​ជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និង​បុគ្គល​នានា​ជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែល​ជា​រឿយៗ​ប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និង​ការ​លះបង់​របស់​អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយ​សូម​ឱ្យ​យើង​បញ្ជាក់​​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួមក្នុង​ការ​បន្ត​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​គ្រាប់​មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និង​សន្តិសុខ​ជាង​មុន សម្រាប់មនុស្សជំនាន់ក្រោយ។កម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាន​និង​កំពុង​បំពេញ​កាតព្វ​កិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺ​ជា​សមិទ្ធផល​មួយ​ផ្នែក​ធំ​របស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹង​ការ​អបអរ​សាទរ​ខួប​ទី២៥ ​នៃអនុសញ្ញាអូតាវ៉ា កម្ពុជាត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំទ្រជ្រើសតាំងធ្វើជាប្រធាន និង​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា ដែល​កម្ពុជា​អាច​នឹង​ដឹក​នាំ​បង្កើត​ផែនការ​សកម្មភាព ៥ឆ្នាំសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ សម្រាប់​រដ្ឋ​ភាគី​ទាំងអស់​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM