កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

2026/08/24 07:42:54 pm        596
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ សម្ដេចបានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីបានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។នៅក្នុងឱកាសនោះ ឯកឧត្តម Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។បន្ថែមពីលើនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ សម្ដេចបានស្វាគមន៍បន្ថែមទៀតចំពោះការពិភាក្សារវាងឯកឧត្តមជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូរបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីជាពិសេសគឺតួនាទីរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។ជាមួយគ្នានេះឯកឧត្តម Andrey RUDENKO ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី ឯកឧត្តម វ្លាឌីមៀ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ៗខាងមុខនេះ។ជាការឆ្លើយតប សម្ដេចតេជោក៏បានលើកឡើងថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខហើយសម្ដេចក៏សូមបញ្ជាក់ផងដែរថាកម្ពុជាក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ដែលឯកឧត្តមដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ឯកឧត្តម និងប្រតិភូទាំងអស់ ឲ្យបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ៕

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

2026/08/24 06:49:23 pm        526
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។ ជាមួយគ្នានេះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោង​របស់​គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹង​មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង​​ វិនិយោគ។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះក៏មានអារ៉ាប៊ីសាអូឌីតផងដែរ។ សម្ដេចធិបតីបានបន្ថែមថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាមានជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិទៀតផង។មុននឹងបញ្ចប់, សម្តេចធិបតី និង ឯកឧត្តមឯកអគ្គរាជទូតក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍, កសិកម្ម, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗបន្ថែមទៀតក្នុងការបោះជំហានរួមគ្នានាពេលអនាគត៕

កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/08/24 05:23:10 pm        196
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយម​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត​។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀតដែល​ ប្រទេស​ទាំងពីរត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលជាច្រើនទៀត ​ឱ្យកាន់តែស៊ីជម្រៅ​។ ឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងបន្តជំរុញទំនាក់ទំនងកិច្ចប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត​ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​រួម​ចំណែក​ដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

2026/08/18 06:40:44 pm        362
នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។ក្នុង​ឱកាស​នោះ, លោក​ប្រធានក្រុមប្រឹក្សាភិបាល​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ ប្រព្រឹត្ត​ទៅ​ដោយរលូន​។ លោក​ប្រធានក្រុមប្រឹក្សាភិបាល​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា​ ដោយរោងចក្របង្គុំ​ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តេីមដំណេីរការបឋម​ នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀត​ថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ​។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។ ជាទីបញ្ចប់, សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕

ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ

2026/08/16 01:06:41 pm        383
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការណែនាំនិងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងមន្ត្រីគណបក្សរបស់យើង។ នៅក្នុងឱកាសអញ្ជើញចូលរួមលើកស្លាកគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទាំង១៥ ក្នុងស្រុកបាទី នៅសាលប្រជុំគណបក្សស្រុកបាទី នាព្រឹកថ្ងៃសៅរិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រទេសជាតិមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេលជាង៤០ឆ្នាំ កម្ពុជាបានប្រែប្រួលហួសពីការស្មាន ពោលកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានសង្រ្គាមបង្ហូរឈាមគ្នាទៅជាប្រទេសដែលមានសុខសន្តិភាព ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ការប្រែប្រួលទាំងអស់នេះនិងមិនបានកើតមានឡើងនោះទេ បើសិនគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានគណបក្សខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថា ដោយសារតែប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ទើបបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រដល់គណបក្សប្រជាជនកម្ពុជាគាំទ្រភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនអោយអស់ពីសមត្ថភាពតាមរយៈការបម្រើសេវាជូនពួកគាត់អោយបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាកនិងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ

2026/08/14 04:55:03 pm        1238
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចបានណែនាំរួចហើយក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់បណ្ដាមន្រ្ដីគណបក្សនៅមូលដ្ឋានឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប ហើយសម្ដេចក៏លើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះការបង្កើនចំនួនស្រ្ដីនៅក្នុងតួនាទីនៃរាជការស៊ីវិល ខណៈគិតត្រឹមឆ្នាំ២០២៥ អត្រាមន្រ្ដីរាជការជាស្រ្ដីមានចំនួន ៤២ភាគរយ នៃមន្រ្ដីរាជការស៊ីវិលសរុប។ ប៉ុន្ដែជាមួយគ្នានេះសម្ដេចក៏បានបញ្ជូនការណែនាំរបស់គណបក្សប្រជាជន ទៅគណបក្សនៅតាមមូលដ្ឋានរួចហើយ ក្នុងនោះមានការរៀបចំបេក្ខជន គឺកំណត់ឱ្យមានស្រ្ដីជាបេក្ខភាពជាប់ឆ្នោត។ សម្ដេចបន្តថា សម្ដេចបានសួរខេត្តខ្លះថាមានស្រ្ដីគ្រប់ជាបេក្ខភាព ប៉ុន្ដែមានគ្រប់នៅតែក្នុងបញ្ជីបោះឆ្នោត ប៉ុន្ដែមិនដាក់នៅលេខរៀងជាប់ឆ្នោតជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។ សម្ដេចបញ្ជាក់ថា ឥឡូវនេះគោលការណ៍ជារួម គឺត្រូវធ្វើម៉េចក្នុងមួយឃុំយ៉ាងហោចឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត។ ជាមួយគ្នានេះពាក់ព័ន្ធនឹងស្មៀនឃុំ សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្នចំនួនស្ត្រីជាស្មៀងឃុំ នៅមានចំនួនតិចតួចនៅឡើយដែលទាមទារឱ្យមានការគិតគូរបន្ថែម និងបើកឱកាសដល់ស្ត្រីចូលរួមជាសរសៃឈាមសម្រាប់ជាតិ។ សម្ដេចតេជោ បានណែនាំដល់គណបក្សទាំងអស់ត្រូវផ្ដល់ឱកាសដល់ស្ត្រីឈរឈ្មោះជាបេក្ខជនឱ្យបានច្រើនហើយស្ត្រីទាំងអស់ដែលបានឈរឈ្មោះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងអាចបម្រើប្រជាជនបាន។ដើម្បីលើកទឹកចិត្តដល់ស្ត្រី សម្ដេចតេជោ ហ៊ុន សែន នឹងដាក់ចេញគោលដៅឆ្នាំ២០៥០ កម្ពុជានឹងមានស្ត្រីជាស្មៀនឃុំ ៥០% និងផ្ដល់ឱកាសឱ្យប្រឡងនៅឃុំដែលខ្លួនរស់នៅ ជាពិសេសស្ត្រីដែលមកពីតំបន់ជនជាតិដើមភាគតិច៕

សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

2026/08/14 04:47:45 pm        284
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់ស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌ ជេរបញ្ចោរនៅលើបណ្ដាញសង្គម ដែលបង្កភាពអនាធិបតេយ្យ អសីលធម៌នៅក្នុងសង្គមខ្មែរ។ ​សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះ អនុសាសន៍ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ព្រមានធ្ងន់ៗ គឺត្រូវតែចាត់វិធានការម៉ឺងម៉ាត់លើបុគ្គលទាំងឡាយណា ដែលជេរប្រមាថលើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង។ ជាក់ស្ដែងករណីស្ត្រីអ្នកលក់ទូរស័ព្ទម្នាក់ ដែលបានជេរប្រមាថទៅលើកងទ័ពជួរមុខ ក៏មិនអាចព្រងើយកន្តើយបាននោះឡើយ។សម្ដេចតេជោ បានអះអាងថា ទង្វើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃសង្គម និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយកាន់តែមិនសមកើតមកជាមនុស្សជាតិថែមទៀត ដែលប្រើប្រាស់ពាក្យសម្ដីជេរប្រមាថគ្នាបែបនេះ នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ។សម្ដេចតេជោ ក៏បានស្នើដល់ស្ថាប័នតុលាការចាត់វិធានការដោយម៉ឹងមាត់លើសំណុំរឿងអសីលធម៌លើបណ្តាញសង្គមនេះផងដែរ។ សម្ដេចតេជោសង្កត់ធ្ងន់ថា សម្តេចហ៊ានអនុវត្តន៍វិធានការច្បាប់ចំពោះមនុស្សមួយចំនួន ហើយនេះក៏មិនមែនជារឿងផ្ដាច់ការ ឬបិទសិទ្ធិអ្វីនោះទេ ពោលគឺដើម្បីការពារមនុស្សរាប់លាននាក់ និងដើម្បីជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិដែលមិនអាចឲ្យអ្នកណាបំផ្លាញបានឡើយ។ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានណែនាំដល់ក្រសួងកិច្ចការនារី ត្រូវធ្វើជាដើមបណ្ដឹងចំពោះការជេរប្រមាថគ្នា ដើម្បីប្ដឹងទៅកាន់ស្ថាប័នតុលាការ ហើយសម្ដេចស្នើស្ថាប័នតុលាការជួយចាត់វិធានការលើបណ្ដឹងនេះដូចគ្នា ដើម្បីលើកកម្ពស់តម្លៃសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមកម្ពុជា។ សម្ដេចបានចាត់ទុកថា នេះជាការរំលោភសីលធម៌សង្គម ពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្ដីថ្លៃថ្នូរ។ ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះទៅ សម្ដេចតេជោ ក៏បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធបង្កើតក្រុមការងារមួយដើម្បីតាមដានករណីអសីលធម៌នៅក្នុងសង្គមនេះ។ សម្ដេចណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ពិភាក្សាគ្នាជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យតាមដាន និងការពារសេចក្ដីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់សីលធម៌ស្ដ្រីខ្មែរ៕

សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

2026/08/14 04:36:44 pm        217
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់លើការសាងសង់អន្តេវាសិកាដ្ឋាន ឬកន្លែងស្នាក់ នៅសម្រាប់សិស្សជាស្ត្រីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។សម្តេចតេជោថ្លែងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រី ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ បានសាងសង់ជិតរួចរាល់ហើយ។ កន្លែងស្នាក់នៅអាចឱ្យនិស្សិតស្នាក់នៅរហូតដល់ទៅ ៥០០នាក់។ សម្តេចតេជោ បន្តថា កម្ពុជា បានដើរចេញឆ្ងាយហើយពីស្ថានភាពអតីតកាលដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះពេលនេះ ត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី ដើម្បីអាបន្តការសិក្សាបានខ្ពង់ខ្ពស់ និងមានលទ្ធភាព និងសមត្ថភាពអាចចូលរួមធ្វើការងារ និងដឹកនាំនៅក្នុងសង្គមជាតិ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ ដែលពេលកន្លងទៅ បានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរស និងស្ត្រីមកពីតាមជនបទ មកស្នាក់នៅជាពិសេសក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ជឿជាក់ថា អត្រាប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២៦នេះ សិស្សជាស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរស ហើយកំណើនសិស្សជាស្រ្ដីមកស្នាក់នៅរាជធានីភ្នំពេញក៏មានកំណើនផងដែរ។សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តាំងតែពីនៅដឹកនាំជានាយករដ្ឋមន្រ្ដី រហូតមកទល់ពេលនេះជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិត និងសិស្សជាស្ត្រី ដើម្បីជំរុញសមភាពយេនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ កន្លងទៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ដីផ្ទាល់ខ្លួនទំហំ ២ហិកតា នៅខណ្ឌជ្រោយចង្វារ (អតីតស្ថានីយទូរទស្សន៍បាយ័ន) ដែលមានតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីដែលមកទល់ពេលនេះជិតរួចរាល់ហើយ។ អគារនេះមានកម្ពស់ ៤ជាន់ ស្មើនឹង ១២៦បន្ទប់, អាចទទួលនិស្សិតស្រីក្រីក្រមកពីបណ្តាខេត្តឱ្យស្នាក់នៅបានប្រមាណ ៥០០នាក់៕

សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

2026/08/12 06:44:59 pm        251
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតទីធ្លា និងសួនសាធារណៈនានា គឺធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីបម្រើដល់សុខុមាលភាព និងផាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាអាទិភាព មុននឹងឈានទៅទាក់ទាញភ្ញៀវទេសចរពីខាងក្រៅ។ សម្រាប់ទិសដៅអភិវឌ្ឍន៍ភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ឬ «កម្មវិធី​ SPIN» លើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលប្រើប្រាស់វិធានការគាំទ្រ និងជំរុញការវិនិយោគចំនួន៣៖ ទី១. វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ, និង ទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, កម្មវិធី SPINនេះ ទទួលបានគម្រោងស្នើសុំវិនិយោគសរុបចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគជិត ២,៧ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានជិត ៨​៣០០០ កន្លែង។ ដោយឡែក, ក្នុងក្របខណ្ឌទូទាំងប្រទេស, ដោយគិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ (៧ខែ ដើមឆ្នាំ២០២៦), កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២១៤ គម្រោង គិតជាទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ១៤០​ ០០០កន្លែង ដែលបញ្ជាក់ថា កម្ពុជានៅតែមានភាពទាក់ទាញការវិនិយោគខ្ពស់ តាមរយៈគោលនយោបាយច្បាស់លាស់ និងសក្តានុពលប្រកួតប្រជែង។ ជាមួយគ្នានេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលបច្ចុប្បន្នការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៩៥% ដែលក្នុងនោះ ខេត្តមណ្ឌលគិរីបានបញ្ចប់១០០%, ខណៈខេត្តរតនគិរីបានឈូសឆាយដល់គោលដៅរួចរាល់ ប៉ុន្តែបន្តកែសម្រួល និងបន្តសាងសង់សំណង់សិល្បការ និងស្ពាន។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង ឱ្យបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសឆ្លងដែន និងការរត់ពន្ធគ្រឿងញៀនឆ្លងដែន ដោយមិនត្រូវពាក់ព័ន្ធនឹង «សេដ្ឋកិច្ចពណ៌ខ្មៅ» ជាដាច់ខាត ក្រោមអនុសាសន៍ថា «កុំដើរជាន់ភក់ កុំយកភក់មកដាក់ជាប់ខ្លួន» និងត្រូវខិតខំបង្កើតសេដ្ឋកិច្ចពណ៌ស ទោះបីដើរយឺតបន្តិចក៏ដោយ។ជាចុងក្រោយ, សម្ដេចធិបតីបានរំលឹកពីគោលការណ៍ស្នូលក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកប្រជាជនជាគោល ហើយសម្រាប់សម្ដេចធិបតី កាតព្វកិច្ចចម្បងរបស់រាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋម្នាក់ៗមាន ៣ យ៉ាងគឺ៖ ទី (១) ធានាសុខភាព, ទី (២) ធានាឱ្យមានចំណេះដឹង និងបំណិន, និងទី (៣) ធានាជីវភាពរស់នៅឱ្យបានល្អប្រសើរ តាមរយៈការបង្កើតការងារ៕

គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

2026/08/07 06:43:35 pm        584
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានចំនួនប្រមាណជា ២០ក្រុមហ៊ុន ដែលដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូCGCC និង GBA Alliance បានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាសការវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗជាច្រើននៅកម្ពុជា ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។ជាការឆ្លើយតប សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ សម្តេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់ការលើកចិត្តផ្នែកពន្ធដារ លើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីកចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីបានបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការតភ្ជាប់ផ្លូវអាកាសជាមួយអន្តរជាតិ​ សំដៅកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគនៅកម្ពុជាគឺជាឱកាសក្នុងការបោះជំហានឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់, ភាពប្រកួតប្រជែង, និងសុខសុវត្ថិភាព។ជាទីបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូCGCC និង GBA Alliance ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងឧ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីចាប់យកឱកាសក្នុងការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM